២០១៨
របៀប​ដែល​ថ្នាក់​វិទ្យាស្ថាន​ជួយ​អ្នក​ឲ្យ​រៀន​ដំណឹង​ល្អ
January 2018


របៀប​ដែល​ថ្នាក់​វិទ្យាស្ថាន​ជួយ​អ្នក​ឲ្យ​រៀន​ដំណឹង​ល្អ

សូម​សាកល្បង​វិធី​បី​យ៉ាង​នេះ ដើម្បី​រៀន​បាន​កាន់តែ​ច្រើន មក​ពី​ថ្នាក់​វិទ្យាស្ថាន​សាសនា​របស់​អ្នក ។

អែលឌើរ អិមរ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៍​ថា « ពិភពលោក​សព្វថ្ងៃ​នេះ​កាន់តែ​មាន​ឧបសគ្គ​ជាង … កាល​ពីច្រើន​ឆ្នាំ​មុន ។ យុវជន និង​យុវនារី​របស់​យើង មាន​ការរំខាន​អារម្មណ៍​ក្នុង​ការរៀបចំ​ខ្លួន​បម្រើ​បេសកកម្ម និង​ជីវិត​អនាគត​ដ៏​រីករាយ​កាន់តែ​ច្រើន​ឡើង ។ ឥឡូវនេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវការ​រៀន​អំពី « របៀប​ស្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ការខ្សឹប​ប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​ងាយ​នឹង​ស្តាប់​ខាង​វិញ្ញាណ នោះ​សាសនាចក្រ​បាន​ផ្តល់​ថ្នាក់​វិទ្យាស្ថាន​សាសនា ។ ថ្នាក់វិទ្យាស្ថាន​អាច​ផ្តល់​ដល់​អ្នក​នូវ « បទពិសោធន៍​ដ៏​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​ព្រះបន្ទូល​នៃ​ព្រះ » ដោយ​ផ្ទាល់​ខ្លួន ។

ពេល​អ្នក​ចូល​រួម​ថ្នាក់​វិទ្យាស្ថាន អ្នក​អាច​ជ្រើសរើស​ចូលរៀន​ថ្នាក់​ជាច្រើន ។ គ្រូបង្រៀន​ដែល​យល់​ដឹង​អំពី​តម្រូវការ និង​សំណួរ​របស់​យុវមជ្ឈិមវ័យ​នឹង​ជួយ​អ្នក​ឲ្យ​រៀន​ពី​ព្រះគម្ពីរ និង ការបង្រៀន​របស់​ពួក​ព្យាការី​នៅ​ថ្ងៃ​ចុងក្រោយ ។

ឥឡូវ​នេះ ការផ្លាស់ប្តូរ​ថ្មីៗ​ផ្តល់​ឱកាស​ដល់​អ្នក​ឲ្យ​ប្រើប្រាស់ ( ១ ) វគ្គ​សិក្សា​សៀវភៅ​កំណត់ហេតុសិក្សា ( ២ ) វគ្គ​សិក្សា​សំណួរ និង ( ៣ ) គម្រោង​រៀន​សូត្រ​ផ្ទាល់ខ្លួន ដើម្បី​វាយ​តម្លៃ​ការរៀនសូត្រ និង​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ជម្រើស​សិក្សា​ទាំង​បី​នេះ​នឹង​ជួយ​ការសិក្សា​ដំណឹង​ល្អ និង​ការរៀន​សូត្រ​របស់​អ្នក ក្លាយ​ជា​ការសិក្សា និង​ការរៀនសូត្រ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ អំពី​របៀប​ដែល​ព្រះវិញ្ញាណ​ដំណើរការ​ជាមួយ​នឹង​អ្នក ។

វគ្គ​សិក្សា​សៀវភៅ​កំណត់​ហេតុសិក្សា

អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្តល់​អនុសាសន៍​ឲ្យ​កត់ត្រា​ការបំផុស​គំនិត​ខាង​វិញ្ញាណទៅក្នុងសៀវភៅ​កំណត់​ហេតុ ៖ « សូម​សរសេរ​ទុក​នៅ​កន្លែង​សុវត្ថិភាព នូវ​រឿង​សំខាន់ៗ ដែល​អ្នក​រៀន​ពី​ព្រះវិញ្ញាណ ។ អ្នក​នឹង​ឃើញ​ថា ពេល​អ្នក​សរសេរ​ទុក​នូវ​ការបំផុសគំនិត ដែល​មាន​តម្លៃ​នោះ នឹង​មាន​គំនិត​បន្ថែម​កើត​មក​ជា​បន្តបន្ទាប់​ទៀត » ។

សិស្ស​ប្រើ​សៀវភៅកំណត់ហេតុ ( ទោះជា​នៅលើ​ក្រដាស ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ​ក្តី ) នៅក្នុង​ថ្នាក់ និង​នៅ​ផ្ទះ​ ដើម្បី​កត់ត្រា​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​សិក្សា​ពី​ព្រះគម្ពីរ ។ ជែមី ដែន សិស្ស​ថ្នាក់​វិទ្យាស្ថាន​នៅប្រទេស​ហ្វីលីពីន បាន​ឃើញ​ពី​ប្រយោជន៍​ក្នុង​ការរក្សា​សៀវភៅ​កំណត់​ហេតុ​សិក្សា​ថា ៖ « ខុំត្រូវ​សរសេរ​វគ្គ​បទគម្ពីរ និង​សារលិខិត​ចេញ​មក​ពី​ព្រះគម្ពីរ ឬ​សុន្ទរកថា​របស់​ពួក​ព្យាការី ដោយសារ​វា​ពង្រីក​នូវ​ការរៀន​ដំណឹង​ល្អ​របស់​ខ្ញុំ » ។

បងប្រុស ស៊ីឈី សិស្ស​ថ្នាក់​វិទ្យាស្ថាន​នៅ​តាកាហាស៊ី នៅ​ទីក្រុង ណាហ្គោយ៉ា​ ប្រទេសជប៉ុន​ចូលចិត្ត​កត់ត្រា​ក្នុង​សៀវភៅ​កំណត់​ហេតុ ព្រោះ​វា​ធ្វើ​ឲ្យ « ដំណើរការ​រៀនសូត្រ​មាន​ភាព​រលូន​ទៅ​មុខ » ហើយ​ជួយ​សិស្ស​ឲ្យ​​មក​ថ្នាក់​រៀន កាន់តែ​មាន​ការរៀបចំ​ខ្លួន​​ដើម្បី​រៀន និង​ចូលរួម​ ។

តាយសៀ បាតូឡូម៉ៅ មកពី​ប្រទេស​អ៊ីតាលី​ភាគ​ខាង​ត្បូង​និយាយ​ថា « តាមរយៈ​ការកត់ត្រា​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន នោះ​ខ្ញុំ​អាច​ចងចាំ​បាន​កាន់តែ​ប្រសើរ​អំពី​គំនិត​នានា​ពេល​ខ្ញុំ​ត្រូវ​ការ » ។ ម៉ារៀធើរ៉ាសា សាន់តូរ៉ូ មិត្ត​រួម​ថ្នាក់​របស់​នាង​បន្ថែម​ថា « សៀវភៅ​កំណត់​ហេតុ​របស់​ខ្ញុំ​គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​អាច​បើក​មើល ដើម្បី​នឹក​ឃើញ​ឡើង​វិញ​នូវ​គំនិត​ខាង​វិញ្ញាណ​ជាក់លាក់ ឬ​វិវរណៈ​ផ្ទាល់​ខ្លួន » ។

វគ្គ​សិក្សា​សំណួរ

សំណួរ​ដែល​បាន​ផ្តល់​ឲ្យ​​ពេលចាប់​ផ្ដើមវគ្គ​សិក្សា ផ្តល់​ប្រធាន​បទដល់​សិស្ស​ឲ្យ​ពិចារណា និង​សិក្សា​ពេញ​មួយ​វគ្គ​សិក្សា ។ នៅ​ចុង​បញ្ចប់​វគ្គ​សិក្សា សិស្ស​បញ្ជូន​ចម្លើយ​​ផ្ទាល់ខ្លួន ដែល​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ទៅ​កាន់​គ្រូបង្រៀន​របស់​ពួកគេ ។

អ៊ីឡារៀ ប៊ែលឡូម៉ូ សិស្ស​​ម្នាក់នៅ​ប្រទេស​អ៊ីតាលី​ភាគ​ខាង​ត្បូង​ពន្យល់​ថា « សំណួរ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ជីវិត​របស់​ខ្ញុំ និង​គិត​លើ​សេចក្តីពិត​​ដែល​ខ្ញុំ​សិក្សា ដ្បិត​ថ្នាក់​វិទ្យាស្ថាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់​ឡើង » ។​

ជីនសៀព ជៀង សិស្ស​ថ្នាក់​វិទ្យាស្ថាន​នៅ​ប្រទេស​កូរ៉េ​និយាយ​ថា « សំណួរ​ជួយ​ខ្ញុំ​ឲ្យ​គិត​កាន់តែ​ស៊ីជម្រៅ និង​រំឭក​ឡើង​វិញ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។ វា​គឺ​ជា​ពេលវេលា​ដ៏​សំខាន់​ដើម្បីរំឭក​ឡើង​វិញ សញ្ជឹង​គិត និង​វិភាគ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន » ។

ភាពរីកចម្រើន​ខាង​វិញ្ញាណ​របស់​សិស្ស​ ប្រែកាន់តែ​ច្បាស់​ឡើង​នៅក្នុង​ចម្លើយ​របស់​ពួកគេ ។ បងស្រី សៀន​សីម កង គ្រូបង្រៀន​ថ្នាក់​វិទ្យាស្ថាន​ស្តេក​នៅប្រទេស​កូរ៉េ​និយាយ​ថា « វា​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​​សម្រាប់​ខ្ញុំ​ ដើម្បី​អាន និង​រៀន​អំពី​ទីបន្ទាល់ ព្រមទាំង​គំនិត​នានា​របស់​សិស្ស » ។

រូបភាព
learning project

គម្រោង​រៀន​សូត្រ​ផ្ទាល់​ខ្លួន

សិស្ស​ថ្នាក់​វិទ្យាស្ថាន​ជា​ច្រើន​នាក់​ជ្រើសរើស​ដោយ​ការអធិស្ឋាន​ ក្នុងការធ្វើ​គម្រោង​មួយ​ដែល​ប្រកប​ដោយ​អត្ថន័យ ។ អាស្រ័យ​លើ​ចំណាប់​អារម្មណ៍​របស់​ពួកគេ សិស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​បង្កើត​រូប​គំនូរ តន្ត្រី វីដេអូ និង​ការបង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់ទង​នឹង​ដំណឹង​ល្អ ។ គម្រោង​នេះ​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់ ។ ឧទាហរណ៍ សិស្ស​ម្នាក់​បាន​ជ្រើស​យក​ការលាប​រូបភាព​របស់​ព្រះអង្គសង្គ្រោះ​ ស្រប​ពេល​នឹង​វគ្គ​សិក្សា « ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប » ។

សិស្ស​ម្នាក់​ចូលរៀន​វគ្គ​សិក្សា « គ្រួសារ​អស់​កល្ប​ជានិច្ច » បាន​បង្កើត​គម្រោង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ដែល « នៅ​ទី​បំផុត​នៅក្នុង​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ជីដូន​របស់​ខ្ញុំ និង​សមាជិក​គ្រួសារ​ខ្ញុំ​ផ្ទាល់ ហើយ​ពួកយើង​បាន​រួមគ្នា​ធ្វើ​ការផ្សារភ្ជាប់​នៅ​ព្រះវិហារ​ច្រើន​ជាង ៤០ ដង ដែល​យើង​បាន​រៀបចំ​ពេញ​មួយ​ឆមាស​នោះ ។ ការណ៍​នេះ​នាំ​ឲ្យ​គ្រួសារ​របស់​យើង​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា » ។

ដូច សេនៀ អាវីឡា អ័រហ្គានីស សិស្ស​ថ្នាក់​វិទ្យាស្ថាន​សាសនា​នៅ ប៊ីខូល ប្រទេស​ហ្វីលីពីន បាន​លើក​ឡើង​ថា ការខិតខំ​ធ្វើ​គម្រោង​រៀនសូត្រ​ផ្ទាល់​ខ្លួន « ផ្តល់​ភាពបត់បែន » ដោយ​ផ្តល់​សេរីភាព​ដល់​សិស្ស ឲ្យ​រៀន​ព្រះបន្ទូល​របស់​ព្រះ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដោយ​ប្រើ​ទេពកោសល្យ​របស់​ពួកគេ​ផ្ទាល់ ។

លទ្ធផល​ដែល​បាន​វាយ​តម្លៃ

ដោយ​ប្រើ​វិធីសាស្ត្រ​នៃ​ការរៀនសូត្រ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ការសិក្សា​ដំណឹង​ល្អ​របស់​យើង​កាន់តែ​មាន​ភាពប្រសើរ​ឡើង ហើយ​ធ្វើ​ឲ្យ​ទីបន្ទាល់​យើង​កាន់តែ​ស៊ីជម្រៅ ។ តាមរយៈការខិតខំ​សិក្សា​ដំណឹង​ល្អ​ក្នុង​វគ្គសិក្សា​ថ្នាក់​វិទ្យាស្ថាន នោះ​អ្នក​អាច​យល់ដឹង​កាន់តែ​ច្បាស់​អំពី​របៀប​អនុវត្ត​ព្រះបន្ទូល​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ និង​របៀប​ប្រទាន​ពរ​ដល់​ជីវិត​មនុស្ស​ដទៃ​ទៀត ។

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ « The Greatest Generation of Young Adults » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៦៧ ។

  2. « Teaching with Power » lds.org/si/objective/elevate-learning/teaching-with-power ។

  3. រីឆាដ ជី ស្កត « To Acquire Knowledge and the Strength to Use It Wisely » Liahona, ខែ សីហា ឆ្នាំ ២០០២ ទំព័រ ១២ ។