២០១៨
សម្លឹង​មើល ហើយ​រស់នៅ
January 2018


សម្លឹង​មើល ហើយ​រស់នៅ

ពេល​យើង​ងាកបែរ​ទៅ​រក​ព្រះ នោះ​យើង​បង្កើត​ប្រភព​ខ្ជាប់ខ្ជួន​មួយ​នៃ​ការរំឭក​ឡើង​ជា​ថ្មី​ខាង​វិញ្ញាណ ។

រូបភាព
young man standing by broken down car

រចនា​រូបភាព​ដោយ ប៉ុល មេន

អំឡុងពេល​ខ្ញុំ​កំពុង​ពេញ​វ័យ ការបើកបរ​ឡាន​ពី​រដ្ឋ​កាលីហ្វូញ៉ា​ភាគ​ខាង​ជើង​ទៅ​កាន់​រដ្ឋ​យូថាហ៍​នៅ​​ស.រ.អា. គឺជាព្រឹត្តិការណ៍ទៀងទាត់មួយសម្រាប់គ្រួសារ​ខ្ញុំ ។ ការធ្វើ​ដំណើរ​ឆ្លង​កាត់​វាល​ខ្សាច់​នោះ ពុំ​មែន​ជា​អ្វី​ដែលធ្វើឲ្យ​យើង​រីករាយ​ឡើយ តែការបាន​ទៅដល់​ទីដៅ និង​អំណរ​ដែល​យើង​បាន​ជួប​សមាជិក​គ្រួសារ​យើង​នៅ​ទីនោះ​ទេ​ដែលវា​ធ្វើ​ឲ្យ​យើង​រីករាយ ។

នា​រដូវ​ក្តៅ​ពីមុន​ខ្ញុំ​ចេញ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​របស់​ខ្ញុំ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​ថ្មី​ម្តង​ទៀត​ទៅ​សួរសុខទុក្ខ​សាច់​ញាតិ​ខ្ញុំ​នៅ​រដ្ឋ​យូថាហ៍ ។ ប៉ុន្តែ​លើក​នេះ​មាន​តែ​ ដាវីឌ ជា​ប្អូនប្រុស​ខ្ញុំ និង​ខ្ញុំ​ប៉ុណ្ណោះ​​ដែល​ធ្វើ​ដំណើរទៅ​ទីនោះ ។ កាល​នោះ​យើង​មាន​អាយុ ១៦ ឆ្នាំ និង ១៨ ឆ្នាំ ។ យើង​ធ្លាប់​បាន​ធ្វើ​ដំណើរ​រយៈពេល ១០ ម៉ោងជាច្រើន​ដង​ជាមួយ​គ្រួសារ​យើង ដូច្នេះ​យើង​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​លើ​សមត្ថភាព​យើង​ថា​​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ស្រួល ។

យើង​បាន​ទៅ​សួរសុខទុក្ខ​ឪពុក​មា​របស់​យើង​ឈ្មោះ ខាយ ម្តាយ​មីង ដាយអិន និង​ប្អូនជីដូន​មួយ​យើង​ឈ្មោះម៊ីស្សែល ។ ក្រោយ​មក​ដោយសារ ដាវីឌ ពន្យារ​ពេល​បន្ត​ការសួរសុខទុក្ខ​របស់​គេ នោះ​ខ្ញុំ​ត្រូវ​ត្រឡប់​មក​រដ្ឋ​កាលីហ្វូញ៉ា​វិញ​តែ​ម្នាក់​ឯង ដើម្បី​ទៅតាម​ការណាត់​ជួប​របស់​ពេទ្យ​ធ្មេញ ។

សុរិយា​អស្តង់គត​ទៅ​ហើយ ពេល​ខ្ញុំ​ចាកចេញ​ពី ស្ពេនីស ហ្វក រដ្ឋ​យូថាហ៍ ដោយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ពេល​យប់ ។ អ្វីៗ​គ្រប់​យ៉ាង​ដំណើរការ​បាន​យ៉ាង​ល្អ​នា​ពេល​ចាប់ផ្តើម ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​បើក​ចេញ​ពី​មហា​វិថី​ជាតិ​ដែល​មាន​ទិស​ទៅ​ខាង​ត្បូង និង​ខាងជើង ហើយ​បើក​លើ​មហា​វិថី​ជាតិ​ដែល​មាន​ទិស​ទៅ​ខាង​កើត និង​ខាង​លិច ។ ខ្ញុំ​បាន​បើក​ភ្លើង​ហ្វា​ឡាន ហើយ​ប្រញាប់​បើក​ឆ្លង​កាត់​ទៅ​រដ្ឋ​យូថាហ៍​ភាគ​ខាង​លិច ។ នៅពេល​បើក​ឡាន​អស់​ជា​ច្រើន​គីឡូម៉ែត្រ​មក ហើយ​រាត្រីកាល​ប្រែ​កាន់តែ​ងងឹត​ខ្លាំង​ឡើងៗ នោះ​ខ្ញុំ​សម្គាល់​ឃើញ​ថា ខ្ញុំ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុងការមើល​ឃើញ​ផ្លូវ ។ ទីបំផុត​ខ្ញុំ​បាន​ដឹង​ថា ភ្លើង​ហ្វា​ឡាន​របស់​ខ្ញុំ​បាន​ប្រែជា​ពុំ​សូវ​ភ្លឺ ។ ហើយ​ភ្លើង​ហ្វា​ឡាន​របស់​ខ្ញុំ​បាន​ដាច់ ម៉ាស៊ីន​ឡាន​បាន​ខូច ហើយ​ឡាន​បាន​រំកិល​ទៅ​មុខ​យឺតៗ​រហូត​ដល់​វា​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ធំ​នោះ ។

អាគុយ​ឡាន​បាន​អស់ថាមពល​ភ្លើង ។ ឡាន​ពុំ​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​ឡើយ ។ ទោះបីជា​ខ្ញុំ​បាន​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រាកដ​ថា ខ្ញុំ​មាន​សាំង​គ្រប់គ្រាន់ ហើយ​ថែមទាំង​គ្រោង​ពី​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ឈប់​ចាក់សាំង​ក្តី ខ្ញុំ​ពុំ​បាន​ត្រៀម​សម្រាប់​ការអស់​​ថាមពលភ្លើង​អាគុយ​ទាំងស្រុង​ឡើយ ។

តើ​ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់​ជា​អ្វី ?

ខ្ញុំ​ត្រូវបាន​ចិញ្ចឹម​ដោយ​ឪពុក​ម្នាក់ ដែល​គាត់​មាន​សមត្ថភាព​​អាច​ថែទាំ​យានយន្ត​របស់​គ្រួសារ​យើង​បាន ។ គាត់​បាន​បង្រៀន​យើង​អំពី​របៀប​ដែល​យានយន្ត​ដំណើរការ ដូច្នេះ​ខ្ញុំ​បាន​ដឹង​ថា អាគុយ​ល្អ​នឹង​ពុំ​អស់​ភ្លើង​ឡើយ​ពេល​ឡានកំពុង​បើក​នោះ លុះត្រា​តែ​មាន​បញ្ហា​អ្វី​មួយ​ជាមួយ​នឹង​ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់ ។ ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់ គឺ​ជា​ម៉ាស៊ីន​ភ្លើង​ដែល​​ប្តូរ​ថាមពល​មេកានិក​ឲ្យ​ទៅ​ជា​ថាមពល​អគ្គិសនី ។ ម៉ាស៊ីន​នេះ​ប្រើ​ថាមពល​ចលនា​នៃម៉ាស៊ីនដែល​កំពុង​ដំណើរការ ដើម្បី​បង្កើត​ថាមពលមេកានិច ហើយ​ប្តូរ​ទៅ​ជា​អគ្គិសនី​បច្ចុប្បន្ន​ដែល​បន្ត​ផ្តល់​ចរន្ត​ទៅឲ្យ​អាគុយ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ភ្លើង​ហ្វា​ឡាន វិទ្យុ ម៉ាស៊ីនត្រជាក់ និង​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗ​ទៀត​ដំណើរការ​ដោយ​គ្មាន​ការកាត់ផ្តាច់ ។ វា​ក៏​​រក្សា​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ផងដែរ ។

ឥឡូវនេះ ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់​របស់​ឡាន​ខ្ញុំ​​បាន​ខូច ។ ខ្ញុំ​ត្រូវ​ជួសជុល ឬ​ប្តូរ​ម៉ាស៊ីន​នោះ​ថ្មី ពីមុន​ខ្ញុំ​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន ។

កាល​នោះ​ពុំ​ទាន់​មាន​ទូរសព្ទ​ដៃ​ប្រើ​នៅ​ឡើយ​ទេ ជម្រើស​តែ​មួយ​គត់​របស់​ខ្ញុំ​គឺ​ត្រូវ​ចាប់ផ្តើម​ដើរ ។ ទីបំផុត មាន​បុរស​ម្នាក់​បាន​ឲ្យ​ខ្ញុំ​ជិះ​ឡាន​ជាមួយ ហើយ​ដឹក​ខ្ញុំ​ទៅ​ទីក្រុង​នៅ​ជិត​នោះ ។ ខ្ញុំ​បាន​ទូរសព្ទ​រក​ឡាន​សណ្តោង​នៅ​ឯ​ទូរ​ទូរសព្ទ​បង់ប្រាក់ ។ ខ្ញុំ​បាន​អង្គុយ​នៅក្នុង​របាំង​មុខ​ឡាន​ជាមួយ​តៃកុង​ឡាន អំឡុង​ពេល​ធ្វើ​ដំណើរ​មួយ​ម៉ោង​ត្រឡប់​ទៅ​រក​ឡាន​របស់​ខ្ញុំ​វិញ ។ ក្រោយ​មក ខ្ញុំ​បាន​អង្គុយ​ជាមួយ​គាត់​ម្តង​ទៀត ពេល​យើង​បាន​ជិះ​ឡាន​ត្រឡប់​ទៅ​ទីក្រុង​តូច​នោះ​ជាមួយ​ឡាន​របស់​ខ្ញុំ​ដែល​នៅលើ​ឡាន​សណ្តោង​នោះ ។ ទីបំផុត អស់​រយៈពេល​បួន​ម៉ោង​បន្ទាប់​ពី​ខ្ញុំ​បាន​ចាកចេញ​ពី​ឡាន​របស់​ខ្ញុំ​លើក​ដំបូង នោះ​ខ្ញុំ​បាន​ត្រឡប់​ចូល​ក្នុង​ឡាន​វិញ ដោយ​ដេក​ក្នុង​ឡាន​នៅ​ខាង​មុខ​ស្ថានីយ​ជួសជុល​មួយ​កន្លែង​រហូត​ដល់​គេ​បើក​ទ្វារ ។

នៅពេល​អ្នក​គ្រប់គ្រង​បាន​មកដល់ គាត់​បាន​សើចចំអក​ចំពោះ​គំនិត​ដែល​ថា ទីក្រុង​តូច​របស់​គាត់​នេះ​នឹង​មាន​គ្រឿង​បន្លាស់​ដែល​ខ្ញុំ​ត្រូវការ​នោះ ។ គាត់​អាច​បញ្ជា​ទិញ​បាន ប៉ុន្តែ​គ្រឿង​បន្លាស់​នោះ​ពុំ​អាច​យក​មក​ដល់​ក្នុង​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​ឡើយ ។ បន្ទាប់មក គាត់​បាន​បង្ហាញ​ពី​ការសោកស្តាយ​ដែល​គាត់​ពុំ​អាច​ជួយ​ខ្ញុំ​បាន ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​បញ្ចូល​ភ្លើង​សាក​អាគុយ​របស់​ខ្ញុំ​រយៈពេល​បី​ម៉ោង ។ ការធ្វើ​បែប​នេះ​ ធ្វើ​ឲ្យ​អាគុយ​របស់​ខ្ញុំ​អាច​មាន​ភ្លើង​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ឡាន​ដំណើរការ​បើក​ទៅដល់​ទីក្រុង​បន្ទាប់​ទៀត​បាន ។ ប្រហែល​នៅ​ទីនោះ​ ពួកគេ​អាច​មាន​គ្រឿង​បន្លាស់​ដែល​ខ្ញុំ​ត្រូវការ ។

ជាមួយ​នឹង​អាគុយ​ដែល​សាក​ភ្លើង​ហើយ​នោះ ខ្ញុំ​បាន​ចាប់ផ្តើម​បើក​ឡាន​ចេញ​ទៅ ដោយ​ពុំ​បើក​ឧបករណ៍​អ្វី​​ទៀត​ ដែល​ធ្វើ​ឲ្យ​អស់​ភ្លើង​អគ្គិសនី​ដ៏​មាន​តម្លៃ​នោះ​ឡើយ ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​បន្ទាប់ ប៉ុន្តែ​ពួកគេ​ក៏​គ្មាន​គ្រឿង​បន្លាស់​ដែល​ខ្ញុំ​ត្រូវការ​នោះ​ផងដែរ ។ វដ្ត​នេះ​បាន​បន្ត — គឺ​ការបញ្ចូល​ភ្លើង​អាគុយ​រយៈពេល​បី​ម៉ោង ហើយ​អាច​ប្រើ​វា​បើកឡាន​បាន​ពីរ​ម៉ោង​ចេញ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​ទៀត ។ បន្ទាប់​ពី ការរកឃើញ​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​តាម​ទីក្រុង​ទាំង​នោះ​មក នៅ​ទីបំផុត​ខ្ញុំ​បាន​បើក​ឡាន​មក​ដល់​ផ្ទះ​ឪពុក​ម្តាយ​ខ្ញុំ ដោយ​អស់កម្លាំង​រលីង​បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់ ៣០ ម៉ោង​ប៉ុន្តែ​បាន​មក​ដល់​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។

នំ​ម៉ាន៉ា​ខាង​វិញ្ញាណ

មាន​រឿង​ប្រដូច​មួយ​រវាង​ការធ្វើ​ដំណើរ​របស់​ខ្ញុំ និង​ការធ្វើ​ដំណើរ​នៅ​វាល​ខ្សាច់​របស់​ពួក​សាសន៍​អ៊ីស្រាអែល នៅក្នុង​សម័យ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ពួក​សាសន៍​អ៊ីស្រាអែល​បាន​បន្ត​ទទួល​អាហារ​ពី​ស្ថានសួគ៌​ដែល​ហៅ​ថា នំ ម៉ាន៉ា អស់​រយៈពេល ៤០ ឆ្នាំ ។ ( សូមមើល និក្ខមនំ ជំពូក ១៦ និង ជនគណនា ជំពូក ១១ ) ។

រូបភាព
gathering of manna

ការប្រមូល​នំ​ម៉ាន៉ា ដោយ ជេមស៍ ធីសុទ្ធ

នៅក្នុង​ជំនាន់​យើង​សព្វ​ថ្ងៃ​នេះ យើង​ត្រូវការ​អាហារ​ស្រដៀង​គ្នា​នេះ​ពី​ស្ថានសួគ៌​ផងដែរ​គឺ​អាហារ​ខាង​វិញ្ញាណ ។ សំណាង​ល្អ យើង​អាច​បង្កើត « ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់​ខាង​វិញ្ញាណ » ដែល​នឹង « បង្កើត » នូវ « នំ​ម៉ាន៉ា​ខាង​វិញ្ញាណ » ដែល​យើង​ត្រូវការ ។ ដោយសារ​តែ​តម្រូវការ​ខាង​វិញ្ញាណ​របស់​យើង ត្រូវតែ​បំពេញ​តាមរយៈ​ការរក្សា​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​ និង​ជាមួយ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ គឺដូច​ជា​ពួក​សាសន៍​អ៊ីស្រាអែល​បាន​ចំណាយ​ពេល​រៀងរាល់​ថ្ងៃ​ប្រមូល​នំ​ម៉ាន៉ា នោះ​សព្វថ្ងៃ​នេះ​យើង​ត្រូវ​ប្រមូល​នំ​ម៉ាន៉ា​ខាង​វិញ្ញាណ​តាមរយៈ​ការអធិស្ឋាន ការសិក្សា​ដំណឹង​ល្អ និង​ការព្យាយាម​ឲ្យ​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​គូកន​យើង​ជានិច្ច ។

ទីបំផុត ពួកសាសន៍​អ៊ីស្រាអែល បាន​ព្យាយាម​ប្រមូល​នំ​ម៉ាន៉ា ហើយ « នឹក​ចង់​បាន » អ្វីៗ​ដែល​ពួកគេ​បាន​ទុក​ចោល​នោះ ( ជនគណនា ១១:៤ ) ។ ប្រសិនបើ​យើង​បណ្តោយ​ខ្លួន​ឲ្យ​ធុញទ្រាន់​នឹង​ការប្រមូល​នំ​ម៉ាន៉ា​ខាង​វិញ្ញាណ នោះ​យើង​អាច​ឃើញ​ថា ខ្លួន​យើង​ចង់​បាន​អ្វីៗ​ដែល​ពុំ​ផ្តល់​ប្រយោជន៍​ខាង​វិញ្ញាណ​ដល់​យើង ។ ដូច​ជា​ពួក​សាសន៍​អ៊ីស្រាអែល​ដ៏​លំបាក​នោះ​ដែរ យើង​ប្រថុយប្រថាន​នឹង​ការបាត់បង់​នូវ​ការដឹង​ពី​គោលបំណង​ដើម​របស់​យើង — គឺ​ការ​ទៅ​ឲ្យ​ដល់​ដែនដី​សន្យា ។ យើង​ថែម​ទាំង​អាច​ប្រាថ្នា​ថា យើង​ពុំ​គួរ​ចាកចេញ​ពី « ស្រុក​អេស៊ីព្ទ » របស់​យើង​ឡើយ ( សូមមើល ជនគណនា ១១:៥–៦ ) ។ ទីបំផុត ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់​ខាង​វិញ្ញាណ​របស់​យើង​ឈប់​ដំណើរការ ហើយ​យើង​ពុំ​អាច​រីកចម្រើន​ឡើយ ។ យើង​ឃើញ​ថា ខ្លួន​យើង​ជាប់​អន្ទាក់ ស្រេកឃ្លាន និង​ចង់​បាន​ការសង្គ្រោះ​យ៉ាង​ខ្លាំង ។

ការមើល​ឃើញ​ពី​អព្ភូតហេតុ

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) បាន​បង្រៀន​ថា « ជួនកាល​យើង​ហាក់​ដូច​ជា គ្មាន​អំណរគុណ​គ្រប់គ្រាន់​ចំពោះ​ព្រះគម្ពីរ ដោយសារ​យើង​គ្មាន​អំណរ​គុណ​ពេញ​លេញ​ថា តើ​យើង​ពិសេស​ខ្លាំង​ប៉ុណ្ណា​ដែល​មាន​ព្រះគម្ពីរ ហើយ​ថា​យើង​មាន​ពរ​ខ្លាំង​ប៉ុណ្ណា​ដែល​យើង​មាន​ព្រះគម្ពីរ​នោះ ។ យើង​ហាក់​ដូចជា​មាន​ភាពសុខស្រួល​ក្នុង​បទពិសោន៍​យើង​នៅក្នុង​ពិភពលោក​នេះ ហើយ​ប្រែ​ទៅ​ជា​ទម្លាប់​ខ្លួន​ឲ្យ​ស៊ាំ​ក្នុងការ​ស្តាប់​ដំណឹង​ល្អ​ដែល​បាន​បង្រៀន​ក្នុង​ចំណោម​ពួកយើងថា វា​ជា​រឿង​លំបាក​សម្រាប់​យើង​ក្នុងការ​ស្រមៃ​ថា ស្ថានភាព​ពិត​វា​ផ្ទុយ​ពី​អ្វី​ដែល​ដំណឹង​ល្អ​បាន​បង្រៀន » ។

យើង​ពុំ​គួរ​គ្មាន​អំណរគុណ​ចំពោះ​តម្រូវការ​យើង ក្នុងការ​សិក្សា​ព្រះគម្ពីរ អធិស្ឋាន និង​គោររព​ប្រតិបត្តិ​ជា​ទៀងទាត់​ឡើយ ដោយសារ​កិច្ចការ​ទាំង​នោះ​ជួយ​យើង​ឲ្យ​រក្សា​បាន​នូវ​ភាព​ជា​គូកន​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រសិនបើ​យើង​ព្រងើយ​កន្តើយ​នឹង​សកម្មភាព​នានា​ដែល​ផ្តល់​ថាមពល​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត ដោយ​ធុញទ្រាន់​នឹង​សកម្មភាព​ទាំងនោះ ឬ​កម្រ​ធ្វើ​វា​ឲ្យ​បាន​ជា​ទម្លាប់ នោះ​ម៉ាស៊ីន​បង្កើត​ចរន្ត​ឆ្លាស់​ខាង​វិញ្ញាណ​របស់​យើង​ពុំ​ដំណើរ​ការ​ពេញលេញ​ទាំងស្រុង​ឡើយ ។ យើង​អាច​ប្រែ​ជា​ទន់ខ្សោយ​ខាង​វិញ្ញាណ​បន្តិច​ម្តងៗ ប្រហែល​វា​ចាប់ផ្តើម​ដោយ​សន្សឹមៗ ដែល​យើង​ពិបាក​នឹង​ចាប់​អារម្មណ៍​ណាស់ ។ នៅក្នុង​គ្រា​បែប​នេះ របៀប​តែ​មួយ​គត់​ដើម្បី​ទទួល​បាន​អ្វីៗ​ទាំង​នោះ​វិញ គឺ​ត្រូវ​ងាក​បែរ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត ។ តាមរយៈ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​ដោយ​ស្មោះសរ នោះ​អ្វីៗ​គ្រប់​យ៉ាង​អាច​ត្រូវ​ស្តារ​ឡើង​វិញ ។

សម្លឹង​មើល ហើយ​រស់នៅ

នៅពេល​ពួក​សាសន៍​អ៊ីស្រាអែល​រអ៊ូរទាំ ពួកគេ​បាន​បាត់បង់​អំណរគុណ​ខ្លួន​ចំពោះ​ពរជ័យ​នៃ​ការចិញ្ចឹម​បីបាច់ ។ ជា​ការដាក់​ទោស « ព្រះយេហូវ៉ា​ទ្រង់​ចាត់​ពស់​ភ្លើង​មក​កណ្តាល​ពួក​ជន ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន » ( ជនគណនា ២១:៦ ) ។

ទីបំផុត « បណ្តាជន​ទាំងឡាយ​ក៏​មក​ឯ​ម៉ូសេ ជម្រាប​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះយេហូវ៉ា ហើយ​ទាស់​នឹង​លោក​ដែរ ដូច្នេះ​សូម​លោក​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ផង សូម​ទ្រង់​បន្ថយ​ពស់​ទាំង​នេះ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ នោះ​ម៉ូសេ​ក៏​អធិស្ឋាន​ឲ្យ​គេ ។

ហើយ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ម៉ូសេ​ថា ចូរ​ធ្វើ​ពស់​ភ្លើង​មួយ ភ្ជាប់​នៅ​លើ​បង្គោល​ទៅ ដើម្បី​កាល​ណា​អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក គេ​ក្រឡេក​មើល​ទៅ​ឃើញ នោះ​នឹង​បាន​រស់​នៅ ។

ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​មួយ​ពី​លង្ហិន ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​នោះ ដូច្នេះ​កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់​តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ​ក៏​បាន​រស់​វិញ » ( ជនគណនា ២១:៧–៩ ) ។

រូបភាព
brazen serpent

រូបភាព​ដកស្រង់​មក​ពី សត្វ​ពស់​លង្ហិន ដោយ ជេមស៍ ធីសុទ្ធ សារមន្ទីរ​ពួក​យូដា New York/Art Resource NY

ពស់​លង្ហិន​សម័យ​ទំនើប

ពស់លង្ហិន ឬ​ស្ពាន់​គឺ​ជា​និមិត្ត​រូប​នៃ​ព្រះគ្រីស្ទ ដែល​ត្រូវបាន​លើក​ឡើង​ទៅលើ​ឈើ​ឆ្កាង ( សូមមើល យ៉ូហាន ៣:១៤–១៥ ) ។ នៅពេល​យើង​ស្តាប់​តាម​ការទូន្មាន​របស់​ពួក​ព្យាការី​សម័យ​ទំនើប​នេះ យើង​កំពុង​ស្តាប់​តាម​ព្រះគ្រីស្ទ ដោយសារ​ពាក្យ​សម្តី​ទាំង​នោះ​ដឹកនាំ​ការផ្តោត​ចិត្ត​ទុកដាក់​របស់​យើង​ត្រឡប់​ទៅ​កាន់​ផែនការ​របស់​ព្រះវរបិតា​យើង​វិញ និង​ទៅកាន់​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បញ្ចូល​ភ្លើង​អាគុយ​ឡាន​របស់​ខ្ញុំ​ដែរ នោះ​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ដែល​កំពុង​រស់នៅ ផ្តល់​កម្លាំង​ខាង​វិញ្ញាណ​ដល់​យើង តាមរយៈ​ការរំឭក​យើង​ថា យើង​គឺ​ជា​កូន​ចៅ​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​ថា​នេះ​ជា « កិច្ចការ និង … សិរីល្អ​របស់​ទ្រង់ — គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ពួកលោក​បាន​ទូន្មាន​យើង​យ៉ាង​ជាក់លាក់​ថា នៅពេល​យើង​ថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​កាន់តែ​មាន​ប្រសិទ្ធភាព នោះ​យើង​នឹង​បង្កើន​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ និង​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ដង្វាយធួន​របស់​ទ្រង់ ។

រឿង​របស់​ម៉ូសេ និង​សត្វ​ពស់​លង្ហិន​ក៏​បាន​និយាយ​ផង​ដែរ​នៅក្នុង​ព្រះគម្ពីរ​មរមន នៅ​កន្លែង​ដែល​យើង​ត្រូវបាន​ប្រាប់​ថា « មនុស្ស​ជា​ច្រើន​បាន​សម្លឹង​មើល ហើយ​បាន​រស់នៅ » ( អាលម៉ា ៣៣:១៩ សូម​មើល​ផងដែរ​នៅ​ខ​ទី ២០–២២ ) ។ ប៉ុន្តែ មនុស្ស​ផ្សេង​ទៀត​បាន​បដិសេធ​មិន​សម្លឹង​មើល​ទេ ។ « ការ​ដែល​គេ​ត្រូវ​ធ្វើ​នោះ គឺ​គេ​គ្រាន់​តែ​ក្រឡេក​មើល​ប៉ុណ្ណោះ ហើយ​ដោយ​វិធី​នេះ​ងាយ​ពេក ឬ​ស្រួល​ពេក ទើប​មាន​មនុស្ស​ជាច្រើន​ត្រូវ​វិនាស » ( នីហ្វៃទី ១ ១៧:៤១ ) ។ តើ​ខគម្ពីរ​នេះ​អាច​និយាយ​អំពី​យើង​ថា ថ្ងៃ​ណា​មួយ​យើង​បដិសេធ​ពុំ​ស្តាប់​តាម​ពួក​ព្យាការី និង​ការទូន្មាន​របស់​ពួកលោក​ដោយ​ព្រោះ​ភាព​ងាយស្រួល​នៃ​ផ្លូវ​ដែរ​ឬ​ទេ ?

« បើ​សិន​ជា​អ្នក​រាល់​គ្នា​អាច​បាន​ជា ដោយ​គ្រាន់តែ​ចោល​ភ្នែក​មើល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ជា តើ​អ្នក​រាល់​គ្នា​មិន​មើល​ជា​យ៉ាង​ឆាប់​ទេ​ឬ​អី [ ? ] …

… លំដាប់​នោះ ចូរ​អ្នក​ចោល​ភ្នែក​មើល ហើយ​ចាប់​ផ្ដើម​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ចុះ » ( អាលម៉ា ៣៣:២១, ២២ ) ។

ខ្ញុំ​មាន​អំណរ​គុណ​សម្រាប់​ពរជ័យ​ដែល​កើត​មាន​ឡើង​ដល់​យើង នៅពេល​យើង​បន្ត​ដំណើរ​របស់​យើង​លើ « ផ្លូវ​ទៅ​កាន់​ស្ថានសួគ៌ » ហើយ​លើកចិត្ត​អ្នក​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ផងដែរ ។ ខ្ញុំ​ក៏​មាន​អំណរគុណ​ផងដែរ​ចំពោះ​ឱកាស ទម្លាក់​ចោល​នូវ​ទម្លាប់​អាក្រក់ៗ ពេល​យើង​វង្វេង​ធ្លាក់​ចេញ​ពី​ផ្លូវ ហើយ​ប្រែចិត្ត និង​ត្រឡប់​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​វិញ ។ ពរជ័យ​គឺ​មាន​ច្រើន​ដែល​ពុំ​អាច​វាស់វែង​បាន​ឡើយ ។

វគ្គប​ទគម្ពីរ​មួយ​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​ចែង​អំពី​បទពិសោធន៍​របស់ពួកសាសន៍អ៊ីស្រាអែលមាន « ហើយ​អស់​អ្នក​ណា​ដែល​សម្លឹង​មើល​ទៅ​ឯ​សត្វ​ពស់​នោះ បាន​រស់នៅ ម៉្លោះហើយ អស់​អ្នក​ណា​ដែល​នឹង​សម្លឹង​មើល​ទៅ​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដោយ​នូវ​សេចក្ដី​ជំនឿ ដោយ​មាន​វិញ្ញាណ​ទន់​ទាប​នឹង​អាច​រស់នៅ​ដែរ គឺ​មាន​ជីវិត​ដែល​នៅ​អស់​កល្ប​ជានិច្ច » ​( ហេលេមិន ៨:១៥ ) ។

ការស្តាប់​តាម​ការទូន្មាន​របស់​ពួក​ព្យាការី​សម័យ​ទំនើប បំពាក់បំប៉ន​ដួងចិត្ត​យើង​ឲ្យ​មាន​សេចក្តីជំនឿ ។ ពាក្យ​ពេចន៍​ទាំង​នោះ​ពង្រឹង​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​នានា នៅតាម​ផ្លូវ​នៃ​ដំណើរ​របស់​យើង គឺ​ដូច​ជា​ខ្ញុំ​បាន​ឈាន​ឆ្ពោះ​ទៅមុខ​នា​រាត្រី​ខែ​ក្តៅ​នៅក្នុង​វាល​ខ្សាច់​នោះ​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​សម្លឹង​មើល​ទៅ​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រកឃើញ​អត្ថន័យ និង​គោលបំណង​នៅក្នុង​ដំណើរ​ជីវិត​របស់​យើង ។

អ្នក​អាច​រក​ឃើញ​យោបល់​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​មក​ពី​អត្ថបទ​នេះ​នៅ​គេហទំព័រ lds.org/go/11811 ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ៦១ ។