២០១៨
ការមើល​ថែ​កូន​របស់​ខ្ញុំ​ដែល​មាន​ជំងឺ និង​ការហៅ​បម្រើ​របស់​ខ្ញុំ
January 2018


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការមើល​ថែ​កូន​របស់​ខ្ញុំ​ដែល​មាន​ជំងឺ និង​ការហៅ​បម្រើ​របស់​ខ្ញុំ

រូបភាព
Young Womanhood Recognition

កាល​ខ្ញុំ​ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​នៅក្នុង​អង្គការ​យុវនារី​របស់​វួដ​ខ្ញុំ ខ្ញុំ​បាន​ទទួល​យក​ការហៅ​នោះ ប៉ុន្តែ​ខ្ញុំ​មាន​កង្វល់​អំពី​របៀប​ដើម្បី​បំពេញ​ការហៅ​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​បាន​រៀបចំ​ខ្លួន ហើយ​ខ្ញុំ​កំពុងតែ​ទ្រាំទ្រ​នឹង​ការសាកល្បង ។

បីខែ​ពីមុន​ខ្ញុំ​ទទួល​ការហៅ​បម្រើ​នោះ បន្ទាប់​ពី​ការពរពោះ​ដែល​មាន​ការប្រថុយ​ប្រថាន​នោះ នីកូឡាស​កូន​ប្រុស​របស់​ខ្ញុំ​បាន​កើត​មក ។ គាត់​ត្រូវការ​ការមើល​ថែ​ពី​ផ្នែក​វេជ្ជសាស្ដ្រ​ជាប់​ជានិច្ច ។ ពីរបី​សប្តាហ៍​បន្ទាប់​ពី​គាត់​កើត ស្នាម​អុច​ក្រហម​តូច​មួយ​បាន​លេច​ឡើង​លើ​ត្របក​ភ្នែក​របស់​គាត់ ហើយ​វា​ចាប់ផ្តើម​រីក​ធំ​ឡើង​ដោយ​សន្សឹមៗ ។ វេជ្ជបណ្ឌិត​ផ្នែក​រោគ​កុមារ​របស់​យើង​បាន​ពន្យល់​ថា វា​គឺ​ជា​ដុំ​សាច់​ស្លូត ហើយ​វា​នឹង​រលុប​បាត់​ទៅ​វិញ ពេល​នីកូឡាយ​អាយុ​មួយ​ឆ្នាំ ។ ប៉ុន្តែ ដុំ​សាច់​នោះ​បាន​វិវឌ្ឍ​កាន់តែ​លឿន ។ វា​បាន​ដុះ​ធំ​លាត​លើ​រង្វង់​កែវ​ភ្នែក​របស់​គាត់ ហើយ​ទីបំផុត​បណ្តាល​ឲ្យ​ខូច​ភ្នែក​របស់​គាត់​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​ពុំ​ព្យាបាល​ទេ​នោះ ។

យើង​បាន​ធ្វើ​ការសម្រេច​ចិត្ត​យ៉ាង​ពិបាក​អំពី​ការចាប់ផ្តើម​ព្យាបាល​ដោយ​ការចាក់​ថ្នាំ​គីមី ។ រាងកាយ​ដែល​ដ៏​ទន់​របស់​នីកូឡាស​បាន​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​ការព្យាបាល ។ គាត់​ក្តៅ​ខ្លួន​រៀងរាល់​ថ្ងៃ មាន​ការបង្ក​រោគ​ជាប់​ជានិច្ច និង​ស្រក​ទម្ងន់ ។ ដំណើរការ​នេះ​ធ្វើ​ឲ្យ​គាត់​យំ​ច្រើន​ណាស់ ។ ការហៅ​បម្រើ​របស់​ខ្ញុំ​ប្រែ​កាន់តែ​ពិបាក​ឡើង ដើម្បី​បំពេញ​វា​ក្រោម​លក្ខខណ្ឌ​ទាំង​នេះ ។ ខ្ញុំ​ពុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​វា​ដោយ​របៀប​ណា​នោះ​ទេ ។

ដោយ​មាន​អំណរគុណ ស្វាមី​របស់​ខ្ញុំ​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ ។ រួម​ជាមួយ​គ្នា យើង​មាន​អារម្មណ៍​ថា ខ្ញុំ​គប្បី​បន្ត​ទៅ​មុខ​ទៀត ។ ប្រធាន​យុវនារី​ក៏​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ ។ គាត់​គឺ​ជា​ស្ត្រី​ដែល​ស្មោះត្រង់ និង​អត់ធ្មត់ ។ គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​គុណសម្បត្តិ ដែល​ខ្ញុំ​ពុំ​ដឹង​ថា ខ្ញុំ​មាន​ឡើយ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ស្វែងរក​វិធី​នានា​ដែល​ខ្ញុំ​អាច​បម្រើ​ដែល​ខ្ញុំ​ពុំ​បាន​គិត​ដល់​សោះ ។

ការនៅ​ជាមួយ​ពួក​យុវនារី​រៀងរាល់​សប្តាហ៍ បាន​ជួយ​ខ្ញុំ​ពុំ​ឲ្យ​ផ្តោត​ចិត្ត​លើ​ទម្លាប់​នៃ​ការចាក់ថ្នាំ ការពិនិត្យ និង​ការជួប​វេជ្ជបណ្ឌិត ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ពុំ​ចំណាយ​ពេល​មាន​អារម្មណ៍​តូចចិត្ត​ចំពោះ​ខ្លួន​ឯង ឬ​មាន​ចម្ងល់​ថា ហេតុអ្វី​រឿង​នេះ​កើត​ឡើង​ចំពោះ​ទេវតា​តូច​របស់​ខ្ញុំ​នេះ ។ ការហៅបម្រើ​របស់​ខ្ញុំ​គឺ​ជា​ពរជ័យ​មួយ ហើយ​ពីមុន​ខ្ញុំ​បាន​ដឹង​ពី​រឿង​នេះ នីកូឡាស​បាន​ធំ​ពេញ​វ័យ ហើយ​ការព្យាបាល​បាន​បញ្ចប់ ។ នីកូឡាស​ប្រែ​ជា​ក្មេង​រីករាយ និង​មាន​សុខភាព​ល្អ​ដែល​ពោរពេញ​ដោយ​កម្លាំង ។

ការបម្រើ​ពួក​បុត្រី​ដ៏​ក្លាហាន​ទាំង​នោះ​របស់​ព្រះវរបតិាសួគ៌ បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​លើ​អារម្មណ៍​នៃ​ការខ្វះ​សមត្ថភាព អភិវឌ្ឍ​ចំណង​មិត្តភាព​អស់កល្ប ស្វែងរក​ទេពកោសល្យ​របស់​ខ្ញុំ ហើយ​បង្កើន​ការទទួលខុសត្រូវ​របស់​ខ្ញុំ​ក្នុងនាម​ជា​ម្តាយ និង​ភរិយា ។

ព្រះអម្ចាស់​ពុំ​ដក​យក​ការសាកល្បង​ចេញ​ពី​ពួកយើង​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ​ថា ទ្រង់​មាន​ព្រះទ័យ​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ទប់ទល់​នឹង​ការសាកល្បង​ទាំង​នោះ​ជានិច្ច ។