២០២០
ការហៅ​បម្រើ​បេសកកម្ម​ដ៏​ភ្ញាក់​ផ្អើល
ខែ កក្កដា ឆ្នាំ ២០២០


គំរូ​ក្លាហាន

ការហៅ​បម្រើ​បេសកកម្ម​ដ៏​ភ្ញាក់​ផ្អើល

រូបភាព
The Surprise Mission Call

អែដវិន ដាម៉ារ៉ាជូ បាន​ញញឹម​កាល​ដែល​គាត់​បាន​ដើរ​ចេញ​ពី​ព្រលាន​យន្តហោះ ហើយ​ដើរ​ចូល​ក្នុង​ពន្លឺ​ព្រះអាទិត្យ ។ គាត់​អាច​ឃើញ​ដើម​ត្នោត​ជា​ជួរ​តាម​ផ្លូវ និង​ធុំ​ក្លិន​គ្រឿង​ទេស​ពី​ផ្សារ​នៅ​ជិត​នោះ ។ គាត់ និង​ភរិយា​គាត់ អែលស៊ី បាន​ត្រឡប់​មក​ប្រទេស​ឥណ្ឌា​វិញ ! ពួកគាត់​បានរស់នៅ​ក្នុង​ប្រទេស​សាម័រ ប៉ុន្តែ​ឥឡូវ​នេះ​ពួកគាត់​បាន​មក​ស្រុក​កំណើត​ម្ដង​ទៀត ។

ទោះ​ជា​យ៉ាង​ណា អែឌវិន និង​អែលស៊ី ពុំ​មែន​មក​ទីនេះ​ដើម្បី​គ្រាន់តែ​មក​លេង​នោះ​ទេ ។ ពួកគាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ អែដវិន​មាន​អារម្មណ៍​ភ័យ​បន្តិច ។ ប៉ុន្តែ​គាត់​ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​ពួកគាត់ ។ ព្រះវរបិតាសួគ៌​បាន​ជួយ​ពួកគេ​ជា​ច្រើន​រួច​មក​ហើយ ។

អែដវិន និង​ភរិយា​គាត់ អែលស៊ី បាន​កើត​នៅ​ប្រទេស​ឥណ្ឌា ។ ប៉ុន្តែ​អែដវិន​ដំបូង​ឡើយ​បាន​ឮ​ពី​សាសនាចក្រ​ពេល​កំពុង​ទៅ​រៀន​នៅ​សហរដ្ឋ ។ គាត់​បាន​​ទៅ​ព្រះវិហារ​នៅ​ទីនោះ​ម្ដង ។ គាត់​បាន​ទាំង​អាន​ព្រះគម្ពីរ​មរមន​ទៀត​ផង ។ ប៉ុន្តែ​ពេល​គាត់​ត្រឡប់​មក​ប្រទេស​ឥណ្ឌា​វិញ គាត់​បាន​ភ្លេច​ពី​ព្រះវិហារ ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អែដវិន និង​អែលស៊ី បាន​មាន​អារម្មណ៍​ថា​ពួកគាត់​គួរតែ​ប្ដូរ​ទៅ​នៅ​ប្រទេស​សាម័រ ។ អែដវិន​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​សត្វ​ល្អិត ហើយ​គាត់​បាន​ទទួល​ការងារ​មួយ​នៅលើ​កោះ​នោះ​ដោយ​ធ្វើ​ការស្រាវជ្រាវ ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​អែដវិន និង​អែលស៊ី​បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពេល​អែដវិន​បាន​អាន​ព្រះគម្ពីរ​មរមន​ម្ដង​ទៀត គាត់​បាន​ទទួល​អារម្មណ៍​ដ៏​ពិសេស​មួយ ។ អែលស៊ី​បាន​អាន​ព្រះគម្ពីរ​មរមន​ផង​ដែរ ។ ពួកគាត់​បានជ្រើសរើស​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក រួម​ទាំង​កូនប្រុស និង​កូន​ស្រី​ពួកគាត់​ផង ។

បន្ទាប់​ពី​ចូល​ព្រះវិហារ​ហើយ អ្វី​ដែល​អែដវិន​ចង់​ធ្វើ​បំផុត​គឺ​ដើម្បី​ឲ្យ​គ្រួសារ​គាត់​ដែល​នៅ​ប្រទេស​ឥណ្ឌា​បាន​រៀន​អំពី​ដំណឹងល្អ ។ បញ្ហា​នោះ​គឺ​ថា ពុំ​មាន​អ្នក​ផ្សព្វផ្សាយ​សាសានា​នៅក្នុង​ប្រទេស​ឥណ្ឌា​ដើម្បី​បង្រៀន​ពួកគេ​ទេ ! អែដវិន និង​អែលស៊ី​បាន​សរសេរ​លិខិត​ទៅ​ការិយាល័យ​កណ្ដាល​របស់​សាសនាចក្រ​ស្នើសូម​ឲ្យ​ពួកលោក​បញ្ចូន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ប្រទេស​ឥណ្ឌា ។

អ្វី​ដែល​កើត​ឡើង​បន្ទាប់​ទៀត​គឺ​ជា​ការភ្ញាក់​ផ្អើល​ដ៏​ធំ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ហៅ​ពួកគាត់​ឲ្យ​ទៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ប្រទេស​ឥណ្ឌា !

ហើយ​ឥឡូវ​នេះ ពួកគាត់​បាន​នៅ​ទីនេះ ។

កន្លែង​ដែល​ពួកគាត់​បាន​ឈប់​មុនគេ​គឺ​ផ្ទះ​បងប្រុស​របស់​អែដវិន ។ ឪពុក​ម្ដាយ និង​បងប្អូន​របស់​អែដវិន​បាន​នៅ​ទីនោះ​ផងដែរ ។ អែដវិន និង​អែលស៊ី​បាន​ចាប់ផ្ដើម​បង្រៀន​ពួកគេ​ភ្លាម ។ គ្រួសារ​របស់​ពួកគាត់​​សប្បាយ​ចិត្ត​ដែល​បាន​រៀន​ដំណឹង​ល្អ ។

ពីរបី​សប្ដាហ៍​ក្រោយ​មក អែដវិន និង​គ្រួសារ​គាត់​បាន​ប្រមូល​គ្នា​ជុំវិញ​អាង​ហែល​ទឹក​នៅក្នុង​ទីធ្លា​ផ្ទះ​របស់​បងប្រុស​គាត់ ។ អាងទឹក​នោះ​ត្រូវបាន​សម្អាត លាបពណ៌ និង​បំពេញ​ទឹកស្អាត​ពេញ ។ គ្រប់​គ្នា​ស្លៀកពាក់​ពណ៌ស ។ ស្ត្រីៗ​បាន​ស្លៀក​សារី​បក់​រំភើយ​ដែល​ធ្លាក់​ចុះ​ពី​ស្មា​របស់​ពួកគេ ។ បុរសៗ​បាន​ពាក់​អាវ​ឥណ្ឌា​រលុងៗ និង​ស្លៀក​ខោ ។

អែដវិន​បាន​ឈរ​នៅក្នុង​អាងទឹក​ជាមួយ​ឪពុក​គាត់ ។ អែដវិន​បាន​និយាយ​ថា « ដោយ​មាន​សិទ្ធិ​អំណាចដែល​បាន​ប្រទាន​ដល់ខ្ញុំ​ពី​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​អ្នក ដោយ​នូវ​ព្រះនាម​ព្រះ​វរបិតា និង​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ » ។

អែដវិន​បាន​ទទួល​អារម្មណ៍​រីករាយ​ពេល​គាត់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ឪពុក​គាត់ ។ អែដវិន​កាន់តែ​រីករាយ​ខ្លាំង​ទៀត​ពេល​គាត់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ម្ដាយ​គាត់ ។ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ អែដវិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស ១៨ នាក់ !

ថ្ងៃ​បន្ទាប់​ទៀត អែដវិន និង​អែលស៊ី​បាន​ជិះ​រត់ភ្លើង​អស់​ប្រាំមួយ​ម៉ោង ។ ពួកគាត់​បាន​ទៅ​ជួប​សមាជិក​គ្រួសារ​បន្ថែម​ទៀត ហើយ​​បាន​បង្រៀន​​អំពី​ដំណឹង​ល្អ ។ អែដវិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​សាច់ញាតិ​បួន​នាក់​បន្ថែម​ទៀត​នៅ​ស្ទឹង​ក្បែរ​នោះ ។

នៅទីបំផុត អែដវិន និង​អែលស៊ី​បាន​ជិះ​រត់ភ្លើង​ចំនួន ១៦ ម៉ោង​ដើម្បី​ទៅ​ជួប​ឪពុក​ម្ដាយ​របស់​អែលស៊ី ។ ឪពុក​របស់​អែលស៊ី​ជា​ថ្នាក់​ដឹកនាំ​ម្នាក់​នៅ​ព្រះវិហារ​មួយ​ផ្សេង​ទៀត ។ គាត់​ពុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ប៉ុន្តែ​បាន​គិត​ថា​ព្រះគម្ពីរ​មរមន​ជា​ព្រះគម្ពីរ​ដ៏​ល្អ​មួយ ។ គាត់​បានជួយ​បកប្រែ​ព្រះគម្ពីរ​មរមន​ទៅ​ជា​ភាសា​ថេគូលូ ជា​ភាសា​មួយ​ក្នុង​ចំណោម​ភាសា​ទាំងឡាយ​ដែល​និយាយ​នៅក្នុង​ប្រទេស​ឥណ្ឌា ។

នៅពេល​ដែល​អែដវិន និង​អែលស៊ី​បាន​បញ្ចប់​បេសកកម្ម​របស់​ពួកគាត់ នោះ​មាន​សមាជិក​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្ដើម​សាខា​ដំបូង​បំផុត​មួយ​របស់​សាសនាចក្រ​នៅ​ប្រទេស​ឥណ្ឌា ! អែដវិន និង​អែលស៊ី សប្បាយ​ចិត្ត​ពេល​ពួកគាត់​ត្រឡប់​ទៅ​ប្រទេស​សាម័រ​វិញ ។ ពួកគាត់​មាន​អំណរគុណ​ដែល​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ពួកគាត់​ទៅ​បេសកកម្ម​មួយ !