២០២០
មូលហេតុ​ដែល​ព្រះវរបិតា​មាន​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ទទួល​ការអប់រំ
ខែ កក្កដា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

មូលហេតុ​ដែល​ព្រះវរបិតា​មាន​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ទទួល​ការអប់រំ

មិន​ថា​អ្វី​ជា​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​បងប្អូន​នោះ​ទេ ព្រះវរបិតាសួគ៌​នឹង​ប្រទាន​មធ្យោបាយ​មួយ​សម្រាប់​បងប្អូន​ដើម្បី​សម្រេច​វា​បាន ។

រូបភាព
Gloria Cornelio

តាំង​ពី​ខ្ញុំ​នៅ​តូច ខ្ញុំ​តែងតែង​ចង់​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ និង​គ្រួសារ​បច្ចុប្បន្ន និង​អនាគត​គ្រួសារ​ខ្ញុំ​មាន​មោទនភាព ។ ខ្ញុំ​ចង់​ទទួល​បាន​ការអប់រំ​ទាំងអស់​ដែល​ខ្ញុំ​អាច​ទទួល​បាន ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​ជីវិត​ខ្ញុំ ។ 

នៅក្នុង​ប្រទេស​របស់​ខ្ញុំ​គឺ ប្រទេស​ពេរូ ការអប់រំ​ដ៏​មាន​គុណភាព​គឺ​ថ្លៃ​ណាស់ ហើយ​នៅ​តំបន់​ខ្លះ​គឺ​មិន​អាច​រកបាន​តែ​ម្ដង ។ គ្រួសារ​ខ្ញុំ​ក៏​ពុំ​មាន​គ្រប់​ធនធាន​ទាំងអស់​ដើម្បី​គាំទ្រ​ដល់​ការអប់រំ​របស់​ខ្ញុំ​ដែរ ។ ប៉ុន្តែ​ឪពុក​ម្ដាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា ការខិតខំ​ធ្វើការ ការឧស្សាហ៍​ព្យាយាម និង​ការទូល​សូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌ អាច​ជួយ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​សុចរិត​របស់​យើង​ក្លាយ​ជា​ការពិត​បាន ។ ហើយ​ខ្ញុំ​បាន​ដាក់​ផែនការ​ដើម្បី​ខិតខំ​ធ្វើការ ។

នៅក្នុង​ថ្នាក់​បឋម និង​វិទ្យាល័យ ខ្ញុំ​ឧស្សាហ៍​នៅក្នុង​ការសិក្សា​ដើម្បី​អាច​អភិវឌ្ឍ​ខ្លួនឯង​ជា​រៀងរាល់​ឆ្នាំ ។ បន្ទាប់​ពី​វិទ្យាល័យ ខ្ញុំ​ត្រូវបាន​ទទួល​ឲ្យ​ចូល​រៀន​ក្នុង​សាកលវិទ្យាល័យ​លំដាប់​ខ្ពស់​របស់​ប្រទេស​ពេរូ ហើយ​បាន​ទទួល​អាហារូបករណ៍​ដ៏​ល្អ​មួយ ។ ខណៈ​នៅទី​នោះ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​អង្គការ​មួយ​ចំនួន រួមមាន​ទាំង​ការចុះ​កម្មសិក្សា​ជាមួយ​នឹង​អង្គការ​ពិភពលោក​មួយ​ផងដែរ ហើយ​បាន​មាន​ឱកាស​ដឹកនាំ​គម្រោង​ផ្សេងៗ​ជា​ច្រើន​ប្រភេទ ។

អំឡុង​កម្មសិក្សា​នោះ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា វា​នឹង​​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ដើម្បី​ទទួល​ការអប់រំ​ជា​ភាសា​អង់គ្លេស ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់–អៃដាហូ ។ វា​មាន​អារម្មណ៍​គួរ​ឲ្យ​ភ័យ​ខ្លាច ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​គោលដៅ​នេះ—ខ្ញុំ​គ្រាន់តែ​ត្រូវ​ទុកចិត្ត​លើ​ទ្រង់ ហើយ​ធ្វើ​ផ្នែក​របស់​ខ្ញុំ ។

ការ​ផ្លាស់​ប្តូរ​ផែនការ

ខ្ញុំ​ត្រៀម​រួចរាល់​ដើម្បី​ទៅ​ប៊ី.វ៉ាយ.យូ–អៃដាហូ ប៉ុន្តែ​អំឡុង​ពេល​ដំណើរការ​នៃ​ការដាក់​ពាក្យ​ស្នើសុំ ខ្ញុំ​បាន​ទទួល​អារម្មណ៍​បំផុស​មួយ​យ៉ាង​ខ្លាំង​ថា ខ្ញុំ​គួរតែ​បម្រើ​បេសកកម្ម​សិន​មុន​នឹង​ផ្ទេរ​ទៅ​ទីនោះ ។ ដូច្នេះ​ខ្ញុំ​បាន​ធ្វើតាម​ព្រះរាជ​បំណង​របស់​ព្រះវរបិតាសួគ៌ ហើយ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​ទីក្រុង​ទ្រូហៀយ៉ូ ប្រទេស​ពេរូ ។ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ដាក់​ផែនការ​ដើម្បី​ត្រឡប់​ទៅ​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​ពេរូ​វិញ ដោយសារ​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​​ទទួល​បាន​សញ្ញាបត្រ​នៅទី​នោះ​ឆាប់​រហ័ស ។ ទោះជា​យ៉ាង​ណា ខ្ញុំ​បាន​រកឃើញ​ថា អាហារូបករណ៍​របស់​ខ្ញុំ​នៅ​ទីនោះ​ត្រូវបាន​ដកហូត ដោយសារ​តែ​ខ្ញុំ​បាន​ចាកចេញ​ពី​ការសិក្សា​របស់​ខ្ញុំ​យូរ​ជាង​មួយ​ឆ្នាំ​ដើម្បី​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ។

ខ្ញុំ​មាន​ចិត្ត​ខ្ទេចខ្ទាំ ហើយ​វង្វេង​វង្វាន់ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ឡើយ ។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ខ្ញុំ​ត្រូវបាន​បំផុស​ឲ្យ​បម្រើ​បេសកកម្ម ប្រសិន​បើ​វា​មានន័យ​ថា​ត្រូវ​បាត់បង់​ឱកាស​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​មហាវិទ្យាល័យ​មួយ​នោះ ។

ប៉ុន្តែ​ថ្ងៃ​មួយ ខ្ញុំ​បាន​ចងចាំ​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី BYU-Pathway Worldwide ។ គាត់​បាន​អញ្ជើញ​យើង​ឲ្យ​អភិវឌ្ឍ​ភាសា​អង់គ្លេស​របស់​យើង ហើយ​ដើម្បី​ឈោង​ចាប់​យក​ឱកាស​នេះ ពេល​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ—ហើយ​ខ្ញុំ​បាន​ធ្វើ​វា !

រូបភាព
graduates

ដំណើរ​របស់​ខ្ញុំ​ជាមួយ BYU-Pathway Worldwide

ខ្ញុំ​បាន​ដឹង​ថា ការដែល​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​អំពី BYU-Pathway មិនមែន​ជា​ការចៃដន្យ​នោះទេ ។ ពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​កម្មវិធី Pathway វា​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ជិត​បីម៉ោង​រៀងរាល់​សប្ដាហ៍​ដើម្បី​ជួប​ជាមួយ​នឹង​ក្រុម​របស់ខ្ញុំ ។ ខ្ញុំ​បាន​លះបង់​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ការទទួល​បាន​ការអប់រំ​គឺ​សំខាន់​ចំពោះ​ខ្ញុំ​ផង និង​ចំពោះ​ព្រះ​ផង ។ ហើយ​ការលះបង់​ទាំងនោះ​បាន​នាំ​មក​នូវ​ពរជ័យ​ទាំងឡាយ ។

BYU-Pathway Worldwide គឺ​ជា​ទ្វារ​នៃ​ឱកាស​ដែល​ខ្ញុំ​បានស្វែងរក ។ វា​បាន​ផ្ដល់​​ឲ្យ​ខ្ញុំ​នូវ​ការអប់រំ​ក្នុង​តម្លៃ​សមរម្យ អនុញ្ញាត​ឲ្យ​ខ្ញុំ​មានពេល​ដើម្បី​មាន​ការងារ​មួយ ហើយ​បាន​ជួយ​ខ្ញុំ​ទទួល​បាន​ការអប់រំ​ជា​ភាសា​អង់គ្លេស ។ ហើយ​តាមរយៈ​វា ខ្ញុំ​បាន​រកឃើញ​មិត្តភក្ដិ​ដ៏​ល្អៗ​ដែល​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ក្លាហាន ហើយ​បន្ត​ខិតខំ​ឆ្ពោះ​ទៅកាន់​គោលដៅ​ទាំងឡាយ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​រឹងមាំ​ខាង​វិញ្ញាណ ហើយ​បាន​ក្លាយ​ជា​សិស្ស​ដ៏កាន់តែ​ប្រសើរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ទី​បំផុត ខ្ញុំ​ជា​សិស្ស​អន្តរជាតិ​ដំបូង​គេ​ដែល​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​តាមរយៈ BYU-Pathway Worldwide ។ ការអប់រំ​បាន​បើក​ឱកាស​អស្ចារ្យ​នានា​ដល់​ខ្ញុំ ។ ឥឡូវ​នេះ​ខ្ញុំ​ជា​អ្នក​ជំនាញ​ផ្នែក​សុខុមាលភាព និង​ខ្លួន​ទីពឹង​ខ្លួន​សម្រាប់​តំបន់​ពាយព្យ​នៃ​អាមេរិក​ខាង​ត្បូង​របស់​សាសនាចក្រ ហើយ​ខ្ញុំ​ក៏​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ស្ម័គ្រ​ចិត្ត​សម្រាប់ BYU-Pathway នៅក្នុង​ប្រទេស​ពេរូ​ផងដែរ ។ ខ្ញុំ​បាន​ឃើញ​ពន្លឺ​ជា​ច្រើន​នៅក្នុង​និស្សិត​ម្នាក់ៗ ហើយ​ខ្ញុំ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅ​មុខ គឺ​ដូច​ជា​ខ្ញុំ​ត្រូវបាន​លើក​ទឹកចិត្ត​ដោយ​មិត្តភក្ដិ​របស់​ខ្ញុំ​ពេល​ខ្ញុំ​នៅ​រៀន​ដែរ ។ តាមរយៈ​ដំណើរ​នេះ ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​គង់​នៅ​ជាមួយ​ខ្ញុំ​គ្រប់​ជំហាន​ទាំងអស់​នៅតាម​ផ្លូវ ។

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ជោគជ័យ

ដំណើរ​របស់​ខ្ញុំ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ការអប់រំ ។ ហើយ​ខ្ញុំ​នៅតែ​ដាក់​ផែនការ​ដើម្បី​បន្ត​រីកចម្រើន និង​រៀន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន​រៀងរាល់​ថ្ងៃ ។ យើង​នៅលើ​ផែនដី​នេះ​ដើម្បី​រីកចម្រើន ដើម្បី​ទទួល​ការសាកល្បង ដើម្បី​លូតលាស់ ដើម្បី​បង្ហាញ​ថា​យើង​គោរព​ប្រតិបត្តិ និង​ដើម្បី​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ក្លាយ​ជា​សក្ដិសម​ដើម្បី​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។ ចំពោះ​ព្រះ « អស់​ទាំង​របស់​របរ​គ្រប់​យ៉ាង គឺជា​វិញ្ញាណ » ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៤ ) ។ បទពិសោធន៍​ទាំងអស់​ដែល​យើង​មាន និង​ចំណេះដឹង​ដែល​យើង​ទទួល​បាន​នៅលើ​ផែនដី​នេះ​នឹង​ជួយ​យើង​ឲ្យ​កាន់តែ​ដូច​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​នឹង​រៀបចំ​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​កាន់តែ​ល្អ ដើម្បី​បម្រើ​ពិភពលោក​នេះ​កាន់តែ​ប្រសើរ ហើយ​ដើម្បី​ធ្វើ​ជា​ឧបករណ៍​កាន់តែ​ល្អ​នៅក្នុង​ព្រះហស្ដ​ទ្រង់ ។

ការអប់រំ​ផ្ដល់​មធ្យោបាយ​មួយ​ដើម្បី​ទទួល​បាន​ចំណេះដឹង ហើយ​បន្ទាប់​មក​ធ្វើ ដើម្បី​ឈរ​សម្រាប់​សេចក្ដី​ពិត និង​សេចក្ដី​ត្រឹមត្រូវ ដើម្បី​មាន​ជីវិត​មួយ​ដែល​ព្រះវរបិតាសួគ៌​របស់​យើង​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន—ជា​ជីវិត​មួយ​ពេញ​ដោយ​អំណរ ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​របស់​យើង​ប្រទាន​ពរ​ដល់​ការប្រឹងប្រែង​របស់​យើង ជា​ពិសេស​ពេល​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​យើង​គឺ​ដើម្បី​រីក​ចម្រើន ហើយ​ដើម្បី​បម្រើ​ទ្រង់ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ពេល​ទ្រង់​ប្រទាន​ការណែនាំ​ដល់​បុត្រា​បុត្រី​ទ្រង់ « នឹង​រៀបចំ​ផ្លូវ​ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួក​គេ​ទុក​ជា​មុន​សិន » ( នីហ្វៃទី១ ៣:៧ ) ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ជោគជ័យ ។

យើង​ម្នាក់ៗ​គួរតែ​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​នីមួយៗ​សម្រាប់​ទទួល​បាន​ការអប់រំ និង​ការ​លូតលាស់​ ដែល​ព្រះអម្ចាស់​ដាក់​នៅ​តាម​ផ្លូវរបស់​យើង មិន​ថា​វា​តាមរយៈ BYU-Pathway ឬឱកាស​ការអប់រំ​ផ្សេងៗ​ទៀត​ណា​ក៏​ដោយ ។ ទ្រង់​ស្រឡាញ់​យើង ហើយ​នឹង​ណែនាំ​យើង​ជានិច្ច ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​រៀន​អ្វី​ទាំងអស់​ដែល​យើង​អាច​រៀន​នៅលើ​ផែនដី​នេះ ។ ហើយ​ខ្ញុំ​ដឹង​ថា យើង​អាច​ដក​ពិសោធន៍​នូវ​អព្ភូតហេតុ​កាន់តែ​ធំធេង កាលដែល​យើង​ធ្វើ​ការ​ដោយ​អំណរ និង​ដោយ​ឧស្សាហ៍ ហើយ​ទុកចិត្ត​លើ​ការណែនាំ​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ។