ឆ្នាំ ២០២៣
ការដកស្រង់​ចេញពី​សន្និសីទ​ទូទៅ​ពាក់​កណ្ដាល​ឆ្នាំ​លើកទី ១៩៣
ខែ វិច្ឆិកា ឆ្នាំ ២០២៣


សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

ការដកស្រង់​ចេញពី​សន្និសីទ​ទូទៅ​ពាក់​កណ្ដាល​ឆ្នាំ​លើកទី ១៩៣

កៅអី​របស់​ប្រធាន រ័សុល អិម ណិលសុន នៅ​ទទេ​ក្នុង​អំឡុង​ពេល​សន្និសីទ​ទូទៅ ប៉ុន្តែ​សមាជិក​សាសនាចក្រ​អរ​រីករាយ​ដែល​បាន​ទទួល​ដំបូន្មាន និង​ទីបន្ទាល់​មកពី​ព្យាការី​ដែល​មាន​អាយុ ៩៩ ឆ្នាំ​របស់​ពួកគេ នៅ​ចុង​បញ្ចប់​នៃ​សម័យ​ប្រជុំ​ចុងក្រោយ​តាមរយៈ​សារលិខិត​ដែល​បាន​ថតទុក​ជាមុន ។

ប្រធាន ណិលសុន បាន​ថ្លែង​អំពី​ការឈឺចាប់​ដែល​ទាក់ទង​នឹង​របួស​ខ្នង​ថ្មីៗ​ដែល​បាន​ធ្វើឲ្យ​លោក​មាន « អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​អំណោយទាន​នៃ​ដង្វាយធួន​របស់​ទ្រង់ ដែល​ហួសពី​ការយល់​បាន » ។ ក្នុង​ការលើក​ទឹកចិត្ត​សមាជិក​ឲ្យ « គិត​ដល់​សេឡេស្ទាល » លោក​បាន​ចែកចាយ​ពី​រឿង​ដែល​លោក​បាន​រៀន​អំពី « ផែនការ​ដ៏​ឥតខ្ចោះ » របស់​ព្រះវរបិតាសួគ៌ ៖

  • « ជា​អ្វីៗ​ដែល​នឹង​ធ្វើឲ្យ​ជីវិត រមែង​ស្លាប់ របស់​បងប្អូន​បាន​ប្រសើរ​បំផុត វា អាច​ជា​រឿង ដូចគ្នា ដែល​នឹង​ធ្វើឲ្យ​ជីវិត​នៅ ភាពអស់កល្ប​ជានិច្ច បងប្អូន​បាន​ប្រសើរ​បំផុត​តាម​ដែល ផែនការ​នេះ អាច​ធ្វើ​បាន ! »

  • « ការជ្រើសរើស​របស់​បងប្អូន​នៅ​ថ្ងៃនេះ​នឹង​កំណត់​ចំណុច​បី​យ៉ាង ៖ កន្លែង​ដែល​បងប្អូន​នឹង​រស់នៅ​អស់​ទាំង​ភាពអស់កល្ប​ជានិច្ច ប្រភេទ​រូបកាយ​ដែល​បងប្អូន​នឹង​រស់​ឡើងវិញ និង​អស់​អ្នក​ដែល​បងប្អូន​នឹង​រស់នៅ​ជាមួយ​ជារៀង​រហូត » ( ទំព័រ ១១៧ ) ។

ប្រធាន ដាល្លិន អេក អូក បាន​ថ្លែង​សាក្សី​អំពី​ភាពតម្កើង​ឡើង ដែល​រង់ចាំ​ដល់​ពួកបរិសុទ្ធ​ដ៏ស្មោះត្រង់ ( សូមមើល​ទំព័រ ២៦ ) ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែង​ទីបន្ទាល់​អំពី​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា​ដល់​ពួកបរិសុទ្ធ​ដែល​មាន​ភាពស័ក្តិសម​ទាំងឡាយ ( សូមមើល​ទំព័រ ៩២ ។ សូម​មើល​ផងដែរ អែលឌើរ ស្ទីវ៉ែនសុន ទំព័រ ៤២ ) ។ ហើយ​ប្រធាន អិម រ័សុល បាឡឺដ បាន​ថ្លែង​ទីបន្ទាល់​ដ៏មាន​អានុភាព​អំពី​ព្យាការី យ៉ូសែប ស៊្មីធ និង « ការទទួល​ខុសត្រូវ​ដ៏រុងរឿង​របស់​លោក​ក្នុង​ការក្លាយជា​ព្យាការី​ក្នុង … គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ » ( ទំព័រ ៧៤ ) ។

វាគ្មិន​ក្នុង​សន្និសីទ​ទាំងឡាយ​បាន​បង្រៀន​ថា ជម្រើស​ដ៏សំខាន់​បំផុត​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ផ្ដោត​សំខាន់​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ រួម​ទាំង​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ផងដែរ ( សូមមើល ប្រធាន ណិលសុន និង​អែលឌើរ អាន់ឌើរសិន ទំព័រ ១១៧ និង ៣២ ) ។ ពួកលោក​ក៏​បាន​បង្រៀន​ផងដែរ​ថា យើង​រកឃើញ​សុភមង្គល ការព្យាបាល និង​សេចក្ដី​សង្ឃឹម​តាមរយៈ​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ( សូមមើល​អែលឌើរ បែដណា, ហ្គូដយ, ហ្គ័រ និង ឃុក ទំព័រ ៦, ១៦, ៤៦ និង ៨២; បងប្រុស នូមែន ទំព័រ ៣៦ និង​បងស្រី រ៉ាយ, ហ្វ្រីមែន និង រូនៀ ទំព័រ ៩, ៧៦ និង ៦២ ) និង « បង្ហាញ​ការតាំងចិត្ត​ដើម្បី​ធ្វើតាម​សេចក្ដីសញ្ញ​សាក្រាម៉ង់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក តាមរយៈ​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ការរាប់អាន​គ្នា ទំនាក់ទំនង​ខាង​សង្គម និង​ការបម្រើ » ( អែលឌើរ ហ្គង ទំព័រ ១១១ ) ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ឱបក្រសោប « អំណោយ​នៃ​ការប្រែចិត្ត » ( អែលឌើរ រិនឡាន់ ទំព័រ ៩៦ ។ សូមមើល​ផងដែរ ប្រធាន អាវរិង និង​អែលឌើរ អុជដូហ្វ ទំព័រ ៩២ និង ៨៦ ) ។ ពួកលោក​បាន​បង្រៀន​ថា ការស្ដារ​ឡើងវិញ​បាន​ផ្ដល់​ពន្លឺ​ដល់ « និស្ស័យ និង​កេរដំណែល និង​សក្តានុពល​នៃ​ព្រះ » របស់​យើង ( អែលឌើរ សូរ៉េស ទំព័រ ៧០ ។ សូមមើល​ផងដែរ​អែលឌើរ ហ្វីលីប, ជីរ៉ត-ខរៀល និង សាប៊ីន ទំព័រ ៤៩, ១១៤ និង ៥៦ ) ។ ហើយ​ពួកលោក​បាន​រំឭក​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ថា « ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល យើង​ត្រូវការ​អ្នកផ្សព្វផ្សាយ​សាសនា—ឲ្យ​ច្រើន​ជាង​អ្នក​កំពុង​បម្រើ » ជាពិសេស​ដៃគូ​រៀមច្បង ( អែលឌើរ រ៉ានបាន ទំព័រ ៥២ ។ សូមមើល​ផងដែរ អែលឌើរ ផារ៉ែលឡា ទំព័រ ៨០ ) ។

ក្នុង​ការប្រកាស​អំពី​ផែនការ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ២០ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ការបម្រើ និង​ការថ្វាយ​បង្គំ​របស់​បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យគិត​ដល់​សេឡេស្ទាល » ( ទំព័រ ១១៧ ។ សូមមើល​ផងដែរ អែលឌើរ គ្រីស្តូហ្វឺសិន និង អេសព្លីន ទំព័រ ១៩ និង ១០៨ ) ។