ឆ្នាំ ២០២៣
អែលឌើរ អាឡិចហ្សានដឺ ឌូស្សគូ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« អែលឌើរ អាឡិចហ្សានដឺ ឌូស្សគូ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

អែលឌើរ អាឡិចហ្សានដឺ ឌូស្សគូ

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

ឪពុក​ម្តាយ​របស់​អែលឌើរ អាឡិចហ្សានដឺ ឌូស្សគូ បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅ​ទីក្រុង បូស្តុន រដ្ឋ ម៉ាសាឈូសេត សហរដ្ឋ​អាមេរិក បន្ទាប់ពី​បាន​ទៅ​ទស្សនា​ការតាំង​ពិព័រណ៍​ពិភពលោក​នៅ​ទីក្រុង ញូវ យ៉ក ក្នុង​ឆ្នាំ ១៩៦៤ ។ ឪពុក​របស់​លោក​បាន​រំភើប​ខាង​វិញ្ញាណ ដោយសារ​អ្វី​ដែល​គាត់​បាន​រៀន​អំពី​ដំណឹងល្អ​នៅក្នុង​ត្រសាល​ដែល​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ ហើយ​គាត់​បាន​អញ្ជើញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​មក​បង្រៀន​គាត់ និង​អនាគត​ភរិយា​របស់​គាត់ ។

ឪពុក​ម្ដាយ​របស់​លោក​គឺជា​សមាជិក​ថ្មី​នៅក្នុង​សាសនាចក្រ នៅពេល​លោក​កើត ប៉ុន្តែ​អែលឌើរ ឌូស្សគូ បាន​និយាយ​ថា លោក​តែងតែ​ដឹង​ថា លោក​នឹង​ទៅ​បម្រើ​បេសកកម្ម ។

អែលឌើរ ឌូស្សគូ ដែល​បាន​បម្រើ​នៅក្នុង​បេសកកម្ម ព័រទុយហ្គាល់ លីសបោន ពី​ឆ្នាំ ១៩៨៦ ដល់​ឆ្នាំ ១៩៨៨ បាន​ថ្លែង​ថា « វា​មិន​បាន​យល់​ច្បាស់​ទេ រហូត​ដល់​ខ្ញុំ​បាន​ទៅ​បេសកកម្ម​របស់​ខ្ញុំ ទើប​ខ្ញុំ​ចាប់ផ្តើម​យល់​យ៉ាង​ពិត​ប្រាកដ​អំពី​សិរីល្អ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ហើយ​ថា​តើ​វា​អាច​មាន​អានុភាព​ខ្លាំង​ប៉ុណ្ណា​នោះ ។ វា​បើក​ភ្នែក​ខ្ញុំ​យ៉ាង​ច្បាស់​ទែង​ឲ្យ​ដឹងពី​នគរ​ព្រះ ព្រមទាំង​អត្ថន័យ​នៃ​ការណ៍​នេះ » ។

អែលឌើរ ឌូស្សគូ ជឿ​ថា សមាជិកភាព​ក្នុង​សាសនាចក្រ​មាន​សក្តានុពល​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ពិភពលោក​នេះ ។

លោក​បាន​ពោល​ថា « ខណៈ​ដែល​ចំនួន​សមាជិកភាព​របស់​យើង​អាច​នៅ​តិច​នៅឡើយ ប៉ុន្ដែ​ចំនួន​នេះ​មាន​អត្ថន័យ និង​អានុភាព​យ៉ាងខ្លាំង ។ យើង​ដើរ​ជាមួយ​ព្រះគ្រីស្ទ ដោយ​ដៃ​កាន់​ជាប់​គ្នា ។ ហើយ​បន្ទាប់​មក យើង​ដើរ​ជាមួយ​គ្នា ។ ខ្លួន​យើង​ផ្ទាល់​នឹង​ក្លាយជា​ព្រះហស្ដ និង​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ក្នុង​ការលើកស្ទួយ និង​ពង្រឹង​ដល់​អ្នកដទៃ » ។

លោក អាឡិចហ្សានដឺ ឌូស្សគូ បាន​កើត​នៅ​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ១៩៦៦ ជា​កូនប្រុស​របស់​លោក នីកូឡាស និង​លោកស្រី ដូណា លី ឌូស្សគូ នៅ​ទីក្រុង ហ្វែរហ្វៀល រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ។ អែលឌើរ ឌូស្សគូ បាន​រៀបការ​ជាមួយ ជេនីហ្វឺ ប៊ឺនហាំ នៅ​ឆ្នាំ ១៩៨៨ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ ពួកលោក​មាន​កូន​ប្រាំបី​នាក់ និង​ចៅ​ប្រាំ​បួន​នាក់ ។

អែលឌើរ ឌូស្សគូ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​មកពី​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុង​ឆ្នាំ ១៩៩០ ។ លោក​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​យុត្តាធិការ​មកពី​សាលា​ច្បាប់ ចេ រ៉ូប៊ីន ក្លាក នៃ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. នៅ​ឆ្នាំ ១៩៩៣ ។ លោក​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ច្បាប់​ដែល​បម្រើ​ដល់​ផលប្រយោជន៍​សាធារណៈ​ថ្នាក់​ជាតិ​មួយ និង​បាន​ធ្វើជា​ក្រឡាបញ្ជី​នៅ​តុលាការ​ឧទ្ធរណ៍​សហរដ្ឋ​អាមេរិក​សម្រាប់ Seventh Circuit មុនពេល​ការងារ​ចុងក្រោយ​បំផុត​របស់​លោក​ជាមួយ​នឹង​ក្រុមហ៊ុន​ច្បាប់ Kirton McConkie នៅ​ទីក្រុង សលត៍ លេក ដែល​ជា​កន្លែង​ដែល​លោក​ផ្តោតលើ​វិសោធនកម្ម​លើក​ទី​មួយ​នៃ​រដ្ឋធម្មនុញ្ញ និង​សេរីភាព​ខាង​សាសនា​របស់​សហរដ្ឋ​អាមេរិក ។

អែលឌើរ ឌូស្សគូ កំពុង​បម្រើ​ជា​ប្រធាន​ស្តេក នៅពេល​លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ក្នុង​ការហៅ​របស់​លោក ។ លោក​ក៏​បាន​បម្រើ​ជា​ប៊ីស្សព ទីប្រឹក្សា​ជាន់ខ្ពស់ ទីប្រឹក្សា​គណៈប៊ីស្សព និង​ជា​ប្រធាន​កូរ៉ុម​អែលឌើរ​ផងដែរ ។