ឆ្នាំ ២០២៣
ពួក​សាវក និង​ព្យាការី​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកបរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ពួក​សាវក និង​ព្យាការី​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកបរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

ព័ត៌មាន​សាសនាចក្រ

ពួក​សាវក និង​ព្យាការី​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកបរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក

នៅ​ទិវា​អភ័យទោស​អន្ដរជាតិ នៅ​ខែ​កក្កដា ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​សារលិខិត​មួយ​អំពី​ការអភ័យទោស​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ លោក​បាន​ថ្លែង​ថា « ការអភ័យទោស​មិនមែន​គ្រាន់តែ​ជា​ទង្វើ​តែមួយ​ដង​នោះ​ទេ ប៉ុន្តែ​ជា​ដំណើរការ​ជា​បន្ត​បន្ទាប់ ដែល​ទាមទារ​ឲ្យ​មាន​ការអត់ធ្មត់ សេចក្ដី​អាណិត​អាសូរ និង​ការយល់យោគ ។ វា​មិន​មែន​ងាយស្រួល​ជានិច្ច​ទេ ដើម្បី​អភ័យទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើឲ្យ​យើង​ឈឺចាប់​នោះ ។ បងប្អូន​អាច​ទទួល​បាន​កម្លាំង​មកពី​ព្រះយេស៊ូវ​គ្រីស្ទ » ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ជំរុញ​ដល់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​កាលពី​ថ្ងៃទី ២១ ខែ ឧសភា ឲ្យ​បន្ដ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច កាល​ពួកគេ​រស់នៅ​ក្នុង « គ្រា​ដ៏តានតឹង » នៅ​សព្វថ្ងៃ​នេះ ។

ប្រធាន អូក បាន​ថ្លែង​ថា « មិន​ថា​យើង​មាន​ការប្រែប្រួល​យ៉ាងណា​ទេ​នៅក្នុង​ភាពចម្រុះ​នៃ​ការបង្ក​បង្កើត​របស់​ព្រះវរបិតាសួគ៌ គឺ​ទ្រង់​ស្រឡាញ់​យើង​ទាំងអស់​គ្នា ហើយ​ផែនការ​នៃ​សុភមង្គល​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ គឺ​មាន​កន្លែង​មួយ​សម្រាប់​មនុស្ស​ទាំងអស់ ។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ដោយ​ការរក្សា​បទបញ្ញត្តិ​របស់​ទ្រង់ រួម​ទាំង​សេចក្ដី​ស្រឡាញ់​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​ផងដែរ » ។

ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឲ្យ​ចូលរួម​ក្នុង​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ សារ៉ាថូហ្គា ស្រ្ពីងស៍ យូថាហ៍ នៅ​ថ្ងៃទី ៣១ ខែ សីហា ដើម្បី​ឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ និង​ថាមពល​ទៅកាន់​ព្រះដំណាក់​ថ្មី​របស់​ព្រះអម្ចាស់ ។

ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា សមាជិក​សាសនាចក្រ « បាន​ទទួល​ព្រះវិហារ​បរិសុទ្ធ​នេះ​ជា​សញ្ញាសម្គាល់​នៃ​ការទុកចិត្ត​របស់​ព្រះអម្ចាស់ … និង​ទំនុក​ចិត្ត​របស់​ទ្រង់​ថា [ ពួកគេ ] នឹង​ឆ្លើយតប​ដោយ​សេចក្តី​ជំនឿ និង​ថាមពល​ដ៏​កាន់តែ​ខ្លាំង ។ ព្រះវិហារ​បរិសុទ្ធ​នេះ​គឺជា​កន្លែង​ដែល​ក្មួយៗ​អាច​ទទួល​បាន​អំណាច​ច្រើន​ជាងមុន ជា​អំណាច​នៃ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​ដឹង​ពីចិត្ត​របស់​ក្មួយៗ ។ ទ្រង់​ជ្រាបពី​បំណង​ប្រាថ្នា​របស់​ក្មួយៗ ដើម្បី​បាន​លើកស្ទួយ និង​ក្លាយជា​មនុស្ស​ដែល​សុចរិត​ជាងមុន—កាល​ដែល​ពិភពលោក​នេះ​កាន់តែ​មាន​ជម្លោះ​ទាស់ទែង និង​ធ្លាក់ចុះ​កាន់តែ​ខ្លាំង​ឡើង » ។

ប្រធាន អិម រ័សុល បាឡឺដ ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា នៅពេល​ដែល​សមាជិក​និយាយ និង​ចែកចាយ​សារលិខិត​អំពី​ការស្តារ​ឡើងវិញ នោះ​អ្នកផ្សេងទៀត​នឹង​ទទួល​អារម្មណ៍​ពី​សេចក្ដីពិត​នៃ​ពាក្យសម្តី​របស់​ពួកគេ ។ លោក​បាន​ថ្លែង​ថា « រឿង​ដ៏អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ​ពិភពលោក​នេះ​បាន​កើតឡើង​នៅក្នុង​ព្រៃ​ពិសិដ្ឋ​នៅ​ឆ្នាំ ១៨២០ ។ ស្ថានសួគ៌​បាន​បើកឡើង » ។

​ថ្លែង​ទៅកាន់​សមាជិក​ទាំងឡាយ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ទីក្រុង តូរ៉ុនតូ រដ្ឋ អន់តារីអូ កាលពី​ខែ មេសា ប្រធាន បាឡឺដ បាន​ថ្លែង​ទីបន្ទាល់​អំពី​ការហៅ​ជា​ព្យាការី​របស់ យ៉ូសែប ស្ម៊ីធ ។ លោក​បាន​ប្រាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ថា « វា​ច្បាស់ជា​មាន​អ្វីមួយ​ដែល​បាន​ជ្រៀតចូល​ទៅក្នុង​ខ្លួន​របស់​លោក​ហើយ—ចាប់ពី​ចុង​សក់​ដល់​ចុង​ជើង​របស់​លោក—នៅពេល​លោក​បាន​ស្ដាប់ឮ​ព្រះវរបិតា​សួគ៌​របស់​យើង​ហៅ​ឈ្មោះ​លោក​ថា ‹ យ៉ូសែប នេះ​ជា​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! › [ សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ] ។ នោះ​គឺជា​សារលិខិត​របស់​យើង » ។

នៅ​ខែ មេសា អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង អេហ្ស៊ីប និង​អ៊ីស្រាអែល ។ លោក​បាន​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​នៅ​ប្រទេស​អេហ្ស៊ីប បាន​និយាយ​ទៅកាន់​សិស្ស​នៅ​មជ្ឈមណ្ឌល​យេរូសាឡិម​នៃ​សាកលវិទ្យាល័យ ព្រីកហាំ យ៉ង់ និង​បាន​ទៅ​ទស្សនា​ទីកន្លែង​ដ៏បរិសុទ្ធ​នានា ។

លោក​បាន​មាន​ប្រសាសន៍​ថា « វា​គឺជា​អារម្មណ៍​ដ៏​រីករាយ​មួយ​ដែល​មិន​អាច​ថ្លែង​បាន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើជា​សិស្ស​ម្នាក់​របស់​ទ្រង់​នៅ​គ្រា​នេះ ។ ប្រាកដ​ណាស់ យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើជា​សិស្ស ហើយ​យើង​ត្រូវតែ​រស់នៅ​ស្របតាម​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ ។

ប៉ុន្តែ​ការនៅ​ទីនេះ និង​ថ្លែង​ជា​សាក្សី​ក្នុងនាមជា​សិស្ស ដូច​ពួកសាវក​បាន​ធ្វើ​នៅ​សម័យ​បុរាណ​ដែរនោះ វា​គឺជា​អ្វីមួយ​ដែល​ធ្វើឲ្យ​ចិត្ត​ខ្ញុំ​កក់ក្ដៅ ហើយ​លើក​ខ្ញុំ​ឡើង​ទៅក្នុង​មជ្ឈដ្ឋាន​មួយ ដែល​មិន​អាច​នឹកស្មាន​ដល់ ។ ហើយ​ដោយ​មាន​អារម្មណ៍​បន្ទាបខ្លួន​យ៉ាងខ្លាំង ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ទុកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើជា​សាក្សី​ម្នាក់​សម្រាប់​ទ្រង់ និង​ព្រះនាម​របស់​ទ្រង់ ។ ឱ វា​ជា​អំណរ​ណាស់​ដើម្បី​ដើរ​នៅ​កន្លែង​ដែល​ពួកសាវក​របស់​យើង​បាន​រស់នៅ និង​បាន​ដើរ​ដែរ » ។

អែលឌើរ ដេវីឌ អេ បែដណា បាន​ឧទ្ទិស​ឆ្លង​ផ្ទះ​ដែល​បាន​ស្តារ​ឡើងវិញ​របស់ យ៉ូសែប និង អិមម៉ា ស្ម៊ីធ នៅ​ទីក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ នៅ​ថ្ងៃទី ២៦ ខែ សីហា ។ អែលឌើរ បែដណា បាន​ប្រាប់​ក្រុម​មនុស្ស​ប្រហែល ៣០០ នាក់ រួមទាំង​ថា្នក់ដឹកនាំ​ជា​កិត្តិយស​ក្នុង​សហគមន៍ និង​ថ្នាក់ដឹកនាំ​សាសនា​ថា « ផ្ទះ​នេះ​គឺ​លើសពី​អគារ​មួយ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្នុង​ប្រវត្តិសាស្ដ្រ​ទៅ​ទៀត ។ ផ្ទះ​នេះ​គឺ​ពិតជា​ផ្ទះ​មួយ​របស់ យ៉ូសែប និង អិមម៉ា ស្ម៊ីធ មែន—ជា​កន្លែង​ដែល​ពួកលោក​បាន​រស់នៅ​ជាមួយ​គ្នា​យូរ​បំផុត មុន​មរណភាព​របស់ យ៉ូសែប » ។

អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ឡើង​ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​សាកលវិទ្យាល័យ​ប្រចាំ​ឆ្នាំ​របស់​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ខែ​សីហា ។ លោក​បាន​កត់​សម្គាល់​ថា ក្រុម​អ្នកជំនាញ​ខាង​ភាពចាស់ទុំ​ផ្លូវចិត្ត​បាន​លើកឡើង​ថា ការបម្រើ​បេសកកម្ម​ផ្ដល់​នូវ​ដំណើរការ​នៃ​ភាពចាស់ទុំ​សម្រាប់​ការរៀនសូត្រ ដែល​ជា​ការរៀបចំ​ខ្លួន​មួយ​សម្រាប់​ការអប់រំ​កម្រិត​ឧត្តម ។

អែលឌើរ ឃុក បាន​និយាយ​ថា ជាង​ពីរ​ភាគ​បី​នៃ​និស្សិត​នៅ ប៊ី.វ៉ាយ.យូ. បាន​បម្រើ​បេសកកម្ម ។ « អាស្រ័យ​ទៅលើ​ឆមាស យើង​មាន​អ្នកត្រឡប់​មកពី​បេសកកម្ម​វិញ​លើសពី ២១,០០០ នាក់ ។ សូម​គិត​អំពី​កម្លាំង​ដែល​និស្សិត ប៊ី.វ៉ាយ.យូ. ទាំងនេះ​បាន​ធ្វើ​នៅ​ទូទាំង​ពិភពលោក ។ ជា​ថ្នូរ​មកវិញ សូម​ពិចារណា​អំពី​របៀប​ដែល​បទពិសោធន៍​បេសកកម្ម​របស់​ពួកគេ​បាន​ពង្រឹង​ដល់​មជ្ឈដ្ឋាន​រៀនសូត្រ​នៅក្នុង​បរិវេណ​នេះ » ។

ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នូវវែលសេឡង់ និង​ប្រទេស​អូស្ត្រាលី​កាលពី​ខែ ឧសភា អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​អញ្ជើញ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ប្រទេស​នូវវែលសេឡង់ ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ អូកលែន នៅ​ឆ្នាំ ២០២៤ ដោយ​ការកាន់តែ​មាន​ភាពបរិសុទ្ធ និង​ដូចជា​ព្រះគ្រីស្ទ​ខ្លាំង​ឡើង ។

លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដែល​នឹង​ធ្វើឲ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​កាន់តែ​បរិសុទ្ធ អំណោយ​ដ៏ប្រសើរ​អ្វី​ពី​ខ្លួនខ្ញុំ​ដើម្បី​ថ្វាយ​ដល់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ឧទ្ទិស​ឆ្លង​នោះ ? »

អែលឌើរ នែល អិល អាន់ឌើរសិន បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​អំឡុង​ការចាត់តាំង​មួយ​ទៅកាន់​ទ្វីប​អាស៊ី​នៅ​ខែ កញ្ញា ។ លោក​បាន​ថ្លែង​ថា « បទពិសោធន៍​របស់​ខ្ញុំ​ក្នុងនាមជា​សាវក​របស់​ព្រះអម្ចាស់​បាន​ផ្តល់ឲ្យ​ខ្ញុំ​នូវ​សាក្សី​មួយ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​ថា​ទ្រង់​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ​តាមរយៈ​ព្យាការី​របស់​ទ្រង់ និង​តាមរយៈ​ពួកសាវក​របស់​ទ្រង់ » ។ អែលឌើរ អាន់ឌើរសិន បាន​បម្រើ​ក្នុង​សាសនាចក្រ​នៅ​តំបន់​អាស៊ី​ខាងជើង​ដើម្បី​ជួប​ជាមួយ និង​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស​កូរ៉េ ម៉ុងហ្គោលី និង​ជប៉ុន ។

នៅ​ថ្ងៃទី ២២ ខែ មេសា អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ជួប​ជាមួយ​អនុប្រធាន​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង លោក ផល ម៉ាសហាធីល ដែល​ជា​មេបញ្ជាការ​ទី​ពីរ​របស់​ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។ នេះ​គឺជា​លើក​ដំបូង​ដែល​អ្នកដឹកនាំ​សាសនាចក្រ​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ខ្ពស់​បែប​នេះ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។

ថ្នាក់ដឹកនាំ​បាន​ឆ្លុះបញ្ចាំង​ពី​វិធី​មួយ​ចំនួន ដែល​សាសនាចក្រ​បាន​ជួយ​សម្រាល​ទុក្ខ​របស់​មនុស្ស និង​ពង្រឹង​ដល់​ប្រជាជន​នៅ​អាហ្វ្រិក​ខាងត្បូង ដែល​ជំនួយ​នេះ​មាន​ទឹកប្រាក់​ចំនួន ២៤០ លាន ( ជាង ១៣ លាន​ដុល្លារ​អាមេរិក ) ចាប់​តាំងពី​ឆ្នាំ ២០១៨ មក ។ ការបរិច្ចាគ​មាន​តាំងពី​ការជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការគាំទ្រ​ដល់​ការផ្តួចផ្តើម​ធ្វើ​ការងារ​របស់​យុវវ័យ កម្មវិធី​កសិកម្ម​ចិញ្ចឹម​ជីវិត និង​ការធ្វើ​អន្តរាគមន៍​អំពើហិង្សា​លើ​ផ្លូវ​ភេទ​ជាដើម ។

អែលឌើរ រ៉ាសបាន បាន​និយាយ​ថា លោក​សង្ឃឹម​ថា កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​បង្ហាញ​ថា សាសនាចក្រ​គឺ​មក « ទីនេះ​ក្នុង​រយៈពេល​យូរ​អង្វែង ។ យើង​ធ្វើ​ការណ៍​នេះ ដើម្បី​ធ្វើតាម​បទបញ្ញត្តិ​ធំ​ពីរ​របស់​ព្រះអម្ចាស់ ៖ គឺ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​មនុស្សជាតិ​របស់​យើង » ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខែ កញ្ញា ទៅកាន់​ប្រទេស​អ៊ីស្លង់ ស្កុតឡង់ និង​អង់គ្លេស អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ដើម្បី​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន « ចិត្ត​តែមួយ និង​គំនិត​តែមួយ » ( ម៉ូសេ ៧:១៨ ) ដោយ « រស់នៅ​ផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ » ហើយ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើតាម​ទ្រង់ ។ អម​ដំណើរ​ដោយ​ភរិយា​របស់​លោក លីសា អែលឌើរ ស្ទីវ៉ែនសុន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង រ៉ៃក្យាវិក ប្រទេស​អ៊ីស្លង់ នៅ​ថ្ងៃទី ៧ ខែ កញ្ញា មុនពេល​បន្ដ​ទៅ​ទីក្រុង អេឌិនប៊ឺក ប្រទេស​ស្កុតឡង់ និង​ទីក្រុង ណតហេមថុន ប្រទេស​អង់គ្លេស នៅ​ថ្ងៃទី ៩–១០ ខែ កញ្ញា ។

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​នៅ​មជ្ឈមណ្ឌល​ម៉ារីអុត​ក្នុង​អំឡុង​សប្តាហ៍​អប់រំ​របស់​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ថ្ងៃទី ២២ ខែ សីហា អែលឌើរ ឌែល ជី រិនឡាន់ បាន​ធ្វើ​ទេសនកថា​ដ៏​ស៊ីជម្រៅ​មួយ​អំពី​របៀប​ដែល​ការសង្កេត​មើល ហេតុផល និង​សេចក្ដី​ជំនឿ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រប​សម្រួល​ឲ្យមាន​វិវរណៈ ។ អែលឌើរ រិនឡាន់ បាន​បង្រៀន​ថា បើ​មាន​តែ​ម្នាក់ៗ​ឯង នោះ​ការសង្កេត​មើល​ ហេតុផល និង​សេចក្ដី​ជំនឿ​គឺ​មិន​គួរឲ្យ​ទុកចិត្ត​បាន​ឡើយ ។ ចំណុច​ទាំងបី​នេះ​ត្រូវតែ​ធ្វើការ​រួមគ្នា ។

« សេចក្តី​ជំនឿ ‹ ដែល​ឥត​មាន​ការប្រព្រឹត្ត​តាម › [ យ៉ាកុប ២:២០ ] នឹង​មិន​រឹងមាំ​ឡើយ ។ សេចក្ដី​ជំនឿ​នឹង​រីកចម្រើន​ឡើង​បាន តែ​តាមរយៈ​ការសង្កេត​មើល និង​ការមាន​ហេតុផល ដោយ​គួបផ្សំគ្នា​ជាមួយ​នឹង​កិច្ចការ​ខាង​វិញ្ញាណ​ផ្សេងទៀត​តែ​ប៉ុណ្ណោះ ។ លើស​ពីនេះ​ទៅទៀត ជារឿយៗ ការសង្កេត​មើល ហេតុផល និង​សេចក្ដី​ជំនឿ​តែងតែ​ជា​កិច្ចតម្រូវ​ជាមុន មិន​ត្រឹមតែ​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​យល់ពី​វិវរណៈ​នោះ​ផងដែរ » ។

នៅ​ថ្ងៃទី ១៥ ខែ មិថុនា អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​ជួប​ជាមួយ​លោក អេមីណិមស៍ សេក អូសមេន នូហ៊ូ ស្សារូប៊ូធូ ដែលជា​លោកសង្ឃ​ចាម​ធំ​ថ្នាក់​ជាតិ និង​ជា​ចៅក្រម​ច្បាប់​សាសនា​មូស្លីម​ធំ​នៃ​សាធារណរដ្ឋ​ហ្គាណា ។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​លំនៅដ្ឋាន​របស់​ចៅក្រម​ច្បាប់​សាសនា​មូស្លីម​ធំ​រូប​នេះ​នៅ​ទីក្រុង អាក្រា ។

អែលឌើរ ហ្គង បាន​ចែកចាយ​អំពី​របៀប​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឲ្យ​តម្លៃ​ដល់​ឪពុក​ម្ដាយ​ទីមួយ​របស់​យើង​គឺ លោក​អ័ដាម និង​នាង​អេវ៉ា ដូចជា​ពួកមូស្លីម​ដែរ ៖ « យើង​ក៏​ជឿ​ដែរ​ថា យើង​កើតពី​ឪពុក​ម្ដាយ​ដូចគ្នា ហើយ​គួរតែ​រស់នៅ​ដោយ​សុខដុម​នឹង​គ្នា​ជា​គ្រួសារ​មួយ » ។ អែលឌើរ ហ្គង បាន​កត់​សម្គាល់​ថា យើង​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​នៃ​ព្រះ គឺ​ប្រធាន រ័សុល អិម ណិលសុន ដែល​ផ្ដល់​ការបង្រៀន​ស្រដៀង​គ្នា​ទៅនឹង​ការបង្រៀន​របស់​លោកសង្ឃ​ចាម​ដែរ ។ « ព្យាការី​របស់​យើង​បង្រៀន​យើង​ឲ្យ​ទុក​ឲ្យ​ព្រះ​ឈ្នះ លោក​បង្រៀន​ថា យើង​ទាំងអស់​គ្នា​គួរតែ​ធ្វើជា​អ្នកផ្សះផ្សា​គេ លោក​បង្រៀន​ថា យើង​គួរតែ​ជួយ​យុវវ័យ​របស់​យើង​ឲ្យ​ទទួល​បាន​ការអប់រំ និង​ការបំពាក់បំប៉ន ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ហើយ​លោក​បង្រៀន​យើង​ឲ្យ​ពង្រឹង​ស្ដ្រី និង​ជំនាន់​កំពុង​ពេញវ័យ​របស់​យើង ។ ទាំងនេះ​គឺជា​រឿង​ទាំងអស់ ដែល​ខ្ញុំ​បាន​ស្ដាប់​ឮ​ពី​លោក​នៅ​ថ្ងៃនេះ » ។

អែលឌើរ អូលីសេស សូរ៉េស បាន​ធ្វើ​ដំណើរ ១០ ថ្ងៃ​ទៅកាន់​ប្រទេស ស៊ីលី អ៊ុយរូហ្គាយ និង​អាហ្សង់ទីន កាលពី​ខែ មិថុនា ។ ពេលវេលា​របស់​លោក​នៅ​ប្រទេស​អាហ្សង់ទីន​រួមមាន ការពិភាក្សា​មួយ​នៅក្នុង​សន្និសីទ​អន្តរ​ជំនឿ បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​អាហ្សង់ទីន​ដ៏​ល្បីល្បាញ​ម្នាក់ និង​ការងារ​បម្រើ​ដល់​សមាជិក​នៃ​សាសនាចក្រ ។

អែលឌើរ សូរ៉េស បាន​ប្រាប់​អ្នកដែល​បាន​ជួបជុំគ្នា​ទាំងនោះ​នៅក្នុង​ការប្រជុំ​សភា​អន្ដរ​ជំនឿ​ទូទាំង​ពិភពលោក និង​ការសន្ទនា​អន្ដរ​វប្បធម៌​នៅក្នុង​ទីក្រុង ប៊ុយណូស៊ែ ថា « សេចក្ដី​សុខសាន្ដ​ចាប់ផ្ដើម​ដោយ​ការគោរព​ដល់​ភាពពិសេស​របស់​បុគ្គល​ម្នាក់ៗ ។ គោលគំនិត​នៃ​ភាពថ្លៃថ្នូរ​របស់​មនុស្ស​អាច​មាន​ភាពខុសគ្នា​ពី​វប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ ប៉ុន្តែ​វា​មាន​ភាពថេរ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ចលាចល និង​ការផ្លាស់ប្ដូរ ។ សិទ្ធិ​មនុស្ស​ដកចេញ​នូវ​ការមិន​មាន​តុល្យភាព​នៃ​ឯកសិទ្ធិ ទ្រព្យសម្បត្តិ និង​ឱកាស ។ ហើយ​សិទ្ធិ​ទាំងនោះ​ត្រូវតែ​អនុវត្ត​ជា​សកល » ។