ឆ្នាំ ២០១០-២០១៩
ដោយ​គោលការណ៍​នៃ​សេចក្ដីសុចរិត​ប៉ុណ្ណោះ
មេសា 2012


ដោយ​គោលការណ៍​នៃ​សេចក្ដីសុចរិត​ប៉ុណ្ណោះ

ឪពុកម្ដាយ​ដែល​ឆ្លាត​រៀបចំ​កូនៗ​របស់​គេ​ឲ្យ​ចុះសម្រុង​គ្នា​ដោយ​គ្មាន​ពួកគេ ។ ពួកគេ​ផ្ដល់​ឱកាស​សម្រាប់​ការរីកចម្រើន ពេល​ដែល​កូនៗ​ទទួល​បាន​ការធំធាត់​ខាង​វិញ្ញាណ​ដើម្បី​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​គេ​ដោយ​សមស្រប ។

ប្រហែល​ជា​មួយ​ខែ​ក្រោយ​ពី​យើង​បាន​រៀបការ ភរិយា​ខ្ញុំ និង ខ្ញុំ បាន​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​មួយ​តាម​ឡាន ។ នាង​កំពុង​បើក​ឡាន ហើយ​ខ្ញុំ​ព្យាយាម​សម្រាក ។ ខ្ញុំ​និយាយ​ថា ព្យាយាម ពីព្រោះ​ផ្លូវ​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​នោះ​ល្បី​ខាង​ប៉ូលិស​ចាប់​អ្នក​បើក​ហួស​ល្បឿន ហើយ​ភរិយា​ខ្ញុំ​ប្រហែល​ជា​បាន​បើក​លឿន​បន្ដិច​នៅពេល​នោះ ។ ខ្ញុំ​បាន​និយាយ​ថា « អូន​បើក​លឿន​ពេក​ហើយ ។ បន្ថយ​ល្បឿន​បន្តិច​ទៅ » ។

កូនក្រមុំ​ថ្មី​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា « មែន​ហើយ ខ្ញុំ​បាន​បើកបរ​ជិត 10 ឆ្នាំ​ហើយ ហើយមាន​តែ​គ្រូ​បង្រៀន​បើកបរ​ខ្ញុំប៉ុណ្ណោះ​ ក្រៅ​ពីគ្មាន​​នរណា​ម្នាក់​ប្រាប់​ខ្ញុំ​ពី​របៀប​បើក​ឡាន​ពី​មុន​មក​ទេ ។ » ដូច្នេះ គាត់​បាន​ឆ្លើយ​ថា « តើ​បង​មាន​សិទ្ធិ​អ្វី​មក​ប្រាប់​ខ្ញុំ​ពី​របៀប​បើក​ឡាន ? »

និយាយ​តាម​ត្រង់​ទៅ ​សំណួរ​របស់​នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ។ ដូច្នោះ ដោយ​ព្យាយាម​​អស់​ពី​លទ្ធភាព​ ដើម្បី​​កាន់​តួនាទី​ថ្មី​របស់ខ្ញុំ​ជា​បុរស​ដែល​រៀបការ​រួច ខ្ញុំក៏​បាន​និយាយ « បង​មិន​ដឹង​ទេ ដោយសារ​បង​ជា​ស្វាមី​របស់​អូន ហើយ​បង​កាន់​បព្វជិតភាព » ។

បងប្អូនប្រុស នោះ​ជា​វិធី​លឿន​មួយ ៖ ប្រសិនបើ​អ្នក​ធ្លាប់​នៅក្នុង​ស្ថានភាព​ដូចគ្នា រឿង​នោះ​មិនមែន​ជា​ចម្លើយ​ត្រឹមត្រូវ​នោះ​ទេ ។ ហើយ​ខ្ញុំ​រីករាយ​ដើម្បី​ប្រាប់​ថា វា​គឺជា​ពេល​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ធ្វើ​កំហុស​បែប​នោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា បាន​ពន្យល់​ថា សិទ្ធិ​ក្នុង​ការប្រើ​បព្វជិតភាព​នៅ​ផ្ទះ ឬ កន្លែង​ណា​ផ្សេង​ត្រូវ​ប្រើ​ភា្ជប់​នឹង​ភាពសុចរិត​ក្នុង​ជីវិត​យើង​ដោយ​ផ្ទាល់ ៖ « អំណាច​នៃ​ស្ថានសួគ៌ ពុំ​អាច​ត្រួតត្រា ឬ កាន់កាប់​បានឡើយ លើកលែង​តែ​ដោយ​គោលការណ៍​នៃ​សេចក្ដីសុចរិត​ប៉ុណ្ណោះ » ។1 វា​បន្ដ​ថា យើង​បាត់បង់​អំណាច​នោះ ​នៅពេល​ដែល​យើង « អនុវត្ត​ការត្រួតត្រា ឬ ការគ្រប់គ្រង ឬ ការបង្ខិតបង្ខំ​ទៅ​លើ​ព្រលឹង​នៃ​កូនចៅ​មនុស្ស​ដោយ​នូវ​សេចក្ដី​ដ៏​ឥត​សុចរិត​ណាមួយ » ។1

ព្រះគម្ពីរ​នេះ បាន​ចែង​ថា យើង​ត្រូវ​តែ​ដឹកនាំ​ដោយ « គោលការណ៍​នៃ​សេចក្ដី​សុចរិត » ។ គោលការណ៍​បែប​នោះ អនុវត្ត​ចំពោះ​អ្នកដឹកនាំ​ទាំងអស់​នៅក្នុង​សាសនាចក្រ ក៏​ដូចជា​ឪពុក និង អ្នក​ម្ដាយ​ទាំងអស់​នៅ​ផ្ទះ​ពួកគេ ។3 យើង​បាត់បង់​សិទ្ធិ​យើង​ចំពោះ​ព្រះវិញ្ញាណ​នៃ​ព្រះ និង ចំពោះ​សិទ្ធិ​អំណាច​អ្វី​ក៏​ដោយ​ដែល​យើង​មាន​ពី​ព្រះ នៅពេល​យើង​អនុវត្ត​ការត្រួតត្រា​លើ​មនុស្ស​ផ្សេង​នៅក្នុង​របៀប​ដ៏​ឥត​សុចរិត ។4 យើង​អាច​គិត​ពី​របៀប​អស់​នោះ​ថា​ល្អ​សម្រាប់​អ្នក​ដែល​ត្រូវ​បាន « ត្រួតត្រា » នោះ ។ ប៉ុន្ដែ​នៅពេល​ណា​ដែល​យើង​ព្យាយាម​បង្ខំ​នរណា​ម្នាក់​ឲ្យ​ធ្វើ​អំពើ​សុចរិត​ដែល​គាត់​អាចគួរតែ​អនុវត្ត​សិទ្ធិជ្រើសរើស​ខាង​សាច់ឈាម​ខ្លួន​គាត់​ផ្ទាល់ នោះ​យើង​កំពុង​តែ​ធ្វើ​អំពើ​មិន​សុចរិត​ហើយ ។ នៅពេល​ដែល​ការដាក់​កំហិត​ដ៏​រឹតត្បិត​លើអ្នកដទៃ​ជា​បញ្ជា នោះកំហិត​ទាំងនោះ​ត្រូវ​តែ​ធ្វើ​ដោយ​ក្ដីអត់ធ្មត់​ដោយ​ក្ដី​ស្រឡាញ់ និង ក្នុង​របៀប​មួយ​ដែល​បង្រៀន​គោលការណ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ជា​ធម្មតា យើង​មិន​អាច​​បង្ខំ​អ្នកដទៃ​ឲ្យ​ធ្វើអ្វី​ដែល​​ត្រូវ​នោះ​ទេ ។ ព្រះគម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា នេះ​មិនមែន​ជា​របៀប​​របស់​ព្រះ​នោះ​ទេ ។ ការបង្ខិតបង្ខំ បង្កើត​អារម្មណ៍​អន់ចិត្ត ។ វា​មាន​ន័យ​ថា មិនត្រូវ​បាន​គេ​ទុកចិត្ត ហើយ​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថាគ្មាន​សមត្ថភាព ។ ឱកាស​នៃការរៀន​ត្រូវ​បាន​បាត់បង់ នៅពេល​ដែល​មនុស្ស​ចូលចិត្ត​ត្រួត​គេ​ស្មាន​ដោយ​អំនួត​ថា ពួកគេ​មាន​ចម្លើយ​ត្រូវ​ទាំងអស់​សម្រាប់​អ្នកដទៃ ។ ព្រះគម្ពីរ​បាន​ចែង​ថា « វា​ជា​ធម្មជាតិ និង និស្ស័យ​នៃ​មនុស្ស​ស្ទើរ​គ្រប់រូប » ដើម្បី​ចាប់ផ្ដើម​អនុវត្ត​អំណាច​គ្រប់គ្រង​ដោយ​ឥត​សុចរិត​នេះ5 ដូច្នេះ​យើង​គួរ​ដឹង​ថា វា​ងាយស្រួល​ក្នុង​ការធ្វើ​ខុស ។ ស្រ្ដី​ក៏​អាច​ធ្វើ​នូវ​ការគ្រប់គ្រង​ដ៏​ឥត​សុចរិត​នេះ​បាន​ដែរ ទោះបី​ជា​ព្រះគម្ពីរ​បានរក​ឃើញ​បញ្ហា​នេះ ជាពិសេស​ជាមួយ​បុរស​ក៏​ដោយ ។

ការគ្រប់គ្រង​ដ៏​ឥត​សុចរិត ជាញឹកញាប់​អម​ដោយ​ការរិះគន់​ឥត​ឈប់ឈរ និង ការដក​យក​ការព្រមព្រៀង ឬ សេចក្ដី​ស្រឡាញ់ ។ អ្នកដែល​ដល់ទីបំផុត​ មាន​អារម្មណ៍​ថា​ពួកគេ​មិន​អាច​ធ្វើឲ្យ​អ្នកដឹកនាំ ឬ ឪពុកម្ដាយ​បែបនោះ​រីករាយ​បាន​ទេ ហើយ​ថា​ពួកគេ​តែងតែ​បរាជ័យ​ជានិច្ច ។ ឪពុកម្ដាយ​ដែល​ឆ្លាត​ដឹងត្រូវ​ថ្លឹងថ្លែងថា ​នៅពេលណា​​កូន​អាច​ចាប់ផ្ដើម​អនុវត្ត​សិទ្ធិជ្រើសរើស​ផ្ទាល់​ខ្លួន​គេ​នៅក្នុង​ផ្នែក​​ជាក់លាក់​ណាមួយ​នៅក្នុង​ជីវិត​ពួកគេ ។ ប៉ុន្ដែ​ប្រសិនបើ​ឪពុកម្ដាយ​កាន់ខ្ជាប់​នូវ​អំណាច​ក្នុង​ការធ្វើការ​សម្រេច​ចិត្ត​ទាំងអស់ ហើយ​យល់​ថា​វា​ជា « សិទ្ធិ » របស់​ពួកគេ គេ​កំពុង​តែ​កម្រិត​យ៉ាង​ធ្ងន់ធ្ងរ​លើ​ការរីកចម្រើន និង ការអភិវឌ្ឍ​កូនៗ​របស់​គេ ។

កូនៗ​របស់​យើង នៅក្នុង​ផ្ទះ​យើង​ក្នុង​រយៈពេល​មួយ​កំណត់ ។ ប្រសិន​បើ​យើង​រង់ចាំ​រហូត​ដល់​ពួកគេ​ចេញ​ក្រៅ​ផ្ទះ ទើប​យើង​ឲ្យ​គេ​ប្រើ​សិទ្ធិជ្រើសរើស​ខាង​សាច់ឈាម​របស់​ពួកគេ នោះយើង​រង់ចាំ​យូរ​ពេក​ហើយ ។ ពួកគេ​នឹង​មិន​អាច​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​សម្រេច​ចិត្ត​ប្រកប​ដោយ​គតិបណ្ឌិត​បាន​ភ្លាមៗ​នោះ​ទេ ប្រសិនបើ​ពួកគេ​មិន​ដែល​បាន​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​ណាមួយ​អំឡុងពេល​ដែល​គេ​នៅ​ផ្ទះ​យើង​នោះ ។ កូនៗ​បែប​នោះ ជាញឹកញាប់​អាច​ប្រឆាំង​នឹង​ការបង្ខិតបង្ខំ​នេះ ឬ ត្រូវ​បាន​កម្រិត​ដោយ​អសមត្ថភាព​ក្នុង​ការសម្រេច​ចិត្ត​លើ​រឿង​គេ​ផ្ទាល់ ។

ឪពុកម្ដាយ​ដែល​ឆ្លាត​រៀបចំ​កូនៗ​របស់​គេ​ឲ្យ​ចុះសម្រុង​គ្នា​ដោយ​គ្មាន​ពួកគេ ។ ពួកគេ​ផ្ដល់​ឱកាស​សម្រាប់​ការរីកចម្រើន ពេល​ដែល​កូនៗ​ទទួល​បាន​ការធំធាត់​ខាង​វិញ្ញាណ​ដើម្បី​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​គេ​ដោយ​សមស្រប ។ មែនហើយ នេះ​មានន័យ​ថា ពេលខ្លះ​កូនៗ​នឹង​ធ្វើ​ខុស ហើយ​ពួកគេ​រៀន​ពី​កំហុស​ទាំងនោះ​វិញ ។

គ្រួសារ​របស់​យើង មាន​បទពិសោធន៍​ដែល​បាន​បង្រៀន​យើង​អំពី​ការជួយ​កូន​ឲ្យ​អភិវឌ្ឍ​នូវ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការជ្រើសរើស ។ កូនស្រី​របស់​យើង ម៉ារី ​ជា​អ្នកលេង​ដ៏​ល្អម្នាក់​ពេល​ធំ​ឡើង ។ រយៈពេល​មួយ​ឆ្នាំ​​ ក្រុមនាង​ឈ្នះ​​ពានរង្វាន់​ជាច្រើន ហើយអ្វី​ដែល​យើង​មិនបាន​គិត​នោះ គឺ​ពួកគេ​បាន​រៀបចំ​ការប្រកួត​​នោះ​នៅ​ថ្ងៃអាទិត្យ ។ ជា​ក្មេង​ជំទង់​ម្នាក់ ម៉ារី ទទួល​បាន​ការបង្រៀន​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ថា ថ្ងៃបរិសុទ្ធ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក និង ជា​ថ្ងៃ​សម្រាប់​ពង្រឹង​ខាង​វិញ្ញាណ មិនមែន​ជា​ពេល​ដើរ​សប្បាយ​ទេ ។ ប៉ុន្ដែ​នាង​នៅតែ​មាន​អារម្មណ៍​រង​សំពាធ​ពី​គ្រួបង្វឹក និង មិត្ត​រួម​ក្រុម​របស់​នាងឲ្យ​ទៅ​លេង ក៏​ដូចជា​បំណង​មិន​ចង់​ឲ្យ​ក្រុម​នាង​អន់ចិត្ត ។

នាង​បាន​សួរ​យើង​ថា តើ​នាង​គួរ​តែ​ធ្វើ​អ្វី​ទៅ ? ភរិយា​ខ្ញុំ និង ខ្ញុំ​អាច​សម្រេចចិត្ត​ឲ្យ​នាង​បាន​ដោយ​ងាយស្រួល ។ ទោះ​យ៉ាង​ណា​ក្ដី យើង​បានសម្រេច​ចិត្ត​ក្រោយ​ពី​បាន​ពិចារណា​ដោយ​អធិស្ឋាន​ថា ក្នុង​ស្ថានភាព​នេះ កូនស្រី​របស់​យើង អាច​ទទួល​យក​ទំនួលខុសត្រូវ​ខាង​វិញ្ញាណ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ហើយ ។ យើងបាន​​អាន​ព្រះគម្ពីរ​ខ្លះ​ជាមួយ​នាង ហើយ​យើង​លើកទឹកចិត្ត ម៉ារី ឲ្យ​អធិស្ឋាន ហើយ​គិត​អំពី​វា ។

ពីរ​បី​ថ្ងៃ​ក្រោយមក នាង​បាន​ប្រកាស​ពី​ការសម្រេច​ចិត្ត​របស់​នាង ។ នាង​នឹង​ទៅ​ការប្រកួត​នៅ​ថ្ងៃអាទិត្យ ។ ឥឡូវ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៅ ? ក្រោយពី​ការពិភាក្សា និង ទទួល​បានការបញ្ជាក់​ពី​ព្រះវិញ្ញាណ​ក្រោយ​មក យើង​បាន​ធ្វើ​ដូច​ដែល​យើង​បាន​សន្យា ហើយ​អនុញ្ញាត​ឲ្យ​នាងធ្វើ​តាម​ការ​ជ្រើសរើស​លេងរបស់​នាង ។ បន្ទាប់​ពី​ការប្រកួត​បាន​បញ្ចប់ ម៉ារី ក៏​បាន​ដើរ​យឺតៗ​មក​រក​ម្ដាយ​ដែល​កំពុង​ចាំ​នាង ។ « ម៉ាក់ » នាង​និយាយ « ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ ។ ខ្ញុំ​មិន​ចង់​មាន​អារម្មណ៍​បែប​នោះ​ម្ដងទៀត​នោះ​ទេ ។ ខ្ញុំ​នឹង​មិន​មក​ប្រកួត​នៅ​ថ្ងៃបរិសុទ្ធ​ទៀត​ទេ » ។ ហើយ​នាង​មិន​ដែល​ធ្វើ​ទៀត​ឡើយ ។

ឥឡូវ ម៉ារី បាន​យល់​ដោយ​ផ្ទាល់ខ្លួន​អំពី​គោលការណ៍​នៃ​ការរក្សា​ថ្ងៃសិល្ប៍​ទុក​ជា​បរិសុទ្ធ ។ ប្រសិនបើ​យើង​បាន​បង្ខំ​នាង​មិន​ឲ្យ​លេង​បាល់ នោះ​យើង​បាន​ដក​ហូត​នូវ​បទពិសោធន៍​ជាមួយ​នឹង​ព្រះវិញ្ញាណ​នៃ​ការរៀនសូត្រ​ដ៏​មាន​តម្លៃ និង មាន​ឥទ្ធិពល​របស់​នាង​ហើយ ។

ដូចដែល​អ្នក​អាច​ដឹង ការជួយ​កូនៗ​ឲ្យ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ឲ្យ​សមស្រប ត្រូវការ​ការបង្រៀន​ពួកគេ​ពី​របៀប​អធិស្ឋាន និង ការទទួល​បាន​នូវ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ។ វា​ត្រូវតែ​មាន​ការបង្រៀន​ពី​តម្លៃ និង គោលបំណង​នៃ​ការគោរព​ប្រតិបត្តិ​តាម ក៏ដូចជាពី​គោលការណ៍​សំខាន់ៗ​នៃ​ដំណឹង​ល្អ​ផ្សេង​ទៀត ។6

ក្នុង​ការចិញ្ចឹម​គ្រួសារ​របស់​យើង យើងបាន​​សម្រេច​ចិត្ត​ថា គោលដៅ​សំខាន់​បំផុត​របស់​យើង គឺ​ជួយ​កូនៗ​យើង​បង្កើត​ទំនាក់ទំនង​ផ្ទាល់ខ្លួន​គេ​ទៅ​ស្ថានសួគ៌ ។ យើង​ដឹង​ថា នៅ​ទីបញ្ចប់​ពួកគេ​នឹង​ត្រូវការ​ពឹងពាក់​លើ​ព្រះអម្ចាស់ មិនមែន​យើង​នោះ​ទេ ។ ព្រិកហាំ យ៉ង់ បាន​និយាយ​ថា « ប្រសិន​បើ​ខ្ញុំ​ត្រូវ​បែងចែក​កាតព្វកិច្ច​ទាំងអស់​ដែល​តម្រូវ​ឲ្យ ... កូនចៅ​មនុស្ស ... ខ្ញុំ​សូម​ដាក់​កាតព្វកិច្ច​ទី​មួយ និង សំខាន់​បំផុត​នៃ​ការស្វែងរក ... ចំពោះ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង រហូត​ដល់​យើង​បើក​ផ្លូវ​ទំនាក់ទំនង​ពី​ស្ថានសួគ៌​មក​ផែនដី—ពី​ព្រះ​មក​ព្រលឹង​របស់​យើង​ផ្ទាល់ » ។7

ម៉ារី បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​នាង​នៅក្នុង​ស្ថានភាព​ពីមុន​ផ្សេង​ទៀត ដូច្នេះហើយ​យើង​ទុកចិត្ត​លើ​កូនស្រី​របស់​យើងថា បាន​អភិវឌ្ឍ​ផ្លូវ​ទំនាក់ទំនង​ជាមួយ​នឹង​ស្ថានសួគ៌​នៅក្នុង​ជីវិត​របស់​នាង ។ ដូច្នេះ នាង​បាន​រៀន​អ្វី​មួយ​វិជ្ជមាន​ពី​បទពិសោធន៍​នាង និង បាន​ត្រៀម​ចំពោះ​ជម្រើស​ប្រសើរ​ជាង​នៅពេល​អនាគត ។ បើ​គ្មាន​ទំនាក់ទំនង​​ជាមួយ​នឹង​ព្រះវិញ្ញាណ កូនៗ និង ឪពុកម្ដាយ​ដូចគ្នា នឹង​កាត់​បន្ថយ​ការសម្រេច​ចិត្ត​ដែល​មិន​ល្អ​គ្រប់​ប្រភេទ​ក្នុង​នាម​នៃ​ការអនុវត្ត​សិទ្ធិជ្រើសរើស​របស់​ពួកគេ ។ សេចក្ដី​សន្យា​ក្នុង​ព្រះគម្ពីរ​គឺ​ថា « ពួកអ្នក​ណា​ដែល​មាន​ប្រាជ្ញា ... ហើយ​បាន​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នកណែនាំ​របស់​ខ្លួន ... ﹝ពុំ​ត្រូវ​គេ﹞ បញ្ឆោត » ។8

ឥទ្ធិពល​បន្ថែម និង អន្ដរាយ​នៃ​ការគ្រប់គ្រង​ដ៏​ឥត​សុចរិត អាច​បាត់បង់​ការទុកចិត្ត​លើ​សេចក្ដីស្រឡាញ់​របស់​ព្រះ ។ ខ្ញុំ​ស្គាល់​មនុស្ស​មួយ​ចំនួន​ដែល​នៅ​ក្រោម​អំណាច​របស់​អ្នកដឹកនាំ ឬ ឪពុកម្ដាយ​ដែល​ទាមទារ និង ត្រួតត្រា ហើយ​ពួកគេ​ពិបាក​ដើម្បី​មាន​អារម្មណ៍ពី​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ពី​ព្រះវរបិតា​សួគ៌ា​របស់​ពួកគេ​ដែល​នឹង​ទ្រទ្រង់​ពួកគេ ហើយ​ជម្រុញ​ពួកគេ​ឲ្យ​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សុចរិត ។

ប្រសិន​បើ​យើង​នឹង​ជួយ​អ្នកដែល​នៅក្រោម​ការត្រួតត្រា​ធ្វើការ​ទំនាក់ទំនង​ដ៏​សំខាន់​ជាមួយ​នឹង​ស្ថានសួគ៌ យើង​ត្រូវតែ​ជា​ប្រភេទ​ឪពុកម្ដាយ និង អ្នកដឹកនាំ​ដែល​បាន​ពណ៌នា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា កណ្ឌ​ទី 121 ។ យើង​ត្រូវតែ​ធ្វើ « ដោយ​ការលួងលោម ដោយ​ការអត់ធ្មត់ ដោយ​ការទន់ភ្លន់ និង ដោយ​ការស្លូតបូត និង ដោយ​ការស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ » ។9 ប្រធាន ហិនរី  ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​ចំណោម​ជំនួយ​ទាំងអស់​ដែល​យើង​អាច​ជួយ ... យុវជន ជា​អ្នក​អស្ចារ្យ​បំផុត នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ពី​ទំនុកចិត្ត​របស់​យើង​ថា ពួកគេ​នៅ​លើ​ផ្លូវ​ទៅ​ផ្ទះ​ឆ្ពោះទៅព្រះ ហើយ​ថា​ពួកគេ​អាច​ធ្វើ​វា​បាន » ។10

នៅពេល​ដែល​យើង​គិត​អំពី​គោលការណ៍​ទាំងនេះ​ដែល​អាច​ណែនាំ​យើង​នៅក្នុង​សាសនាចក្រ និង នៅក្នុង​ផ្ទះ ខ្ញុំ​សូម​បិទ​ដោយ​ឧទាហរណ៍​មួយ​ពី​ជីវប្រវិត្ត​របស់​ប្រធាន ថូម៉ាស  អេស. ម៉នសុន ។ អាន ឌីប ជា​កូនស្រី​របស់​ប្រធាន ម៉នសុន បាន​និយាយ​ថា មក​ដល់​ថ្ងៃ​នេះ នៅពេល​ដែល​នាង​ចូល​មក​​មុខ​ទ្វារ​ផ្ទះ​ដែល​នាង​បាន​ធំ​ឡើង ឪពុក​នាង​នឹង​និយាយ​ថា ៖ « អូ៎ មើល​នែ៎ តើ​នរណា​មក​ហ្នឹង ? ហើយ​តើ​យើង​មិន​សប្បាយ​ចិត្ត​ទេ​ឬ ? ហើយ​តើ​នាង​មិន​ស្អាត​ទេ​ឬ ? » នាង​បន្ដ​និយាយ​ថា « ឪពុកម្ដាយ​របស់​ខ្ញុំ​តែងតែ​សរសើរ​ខ្ញុំ​ជានិច្ច ។ វា​មិនមាន​បញ្ហា​ថា​ខ្ញុំ​មើល​ទៅ​ដូចមេ្ដច ឬ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ទេ ... នៅពេល​ដែល​ខ្ញុំ​ទៅ​លេង​ឪពុកម្ដាយ​ខ្ញុំ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​បាន​គាត់​ស្រឡាញ់ ខ្ញុំ​ត្រូវ​បាន​គាត់​សរសើរ ខ្ញុំ​ត្រូវ​បាន​គាត់​ស្វាគមន៍ ហើយ​ខ្ញុំ​បាន​នៅ​ផ្ទះ » ។11

បងប្អូន​ប្រុស​ស្រី នេះ​គឺជា​ផ្លូវ​របស់​ព្រះអម្ចាស់ ។ ទោះបី​ជា​អ្នក​ត្រូវ​បាន​គេ​ធ្វើបាប​កាលពី​មុន​ក៏​ដោយ ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​មក​រក​ទ្រង់ ។12 អ្នក​ទាំងអស់​គ្នា​ ត្រូវ​បាន​ស្រឡាញ់ ។ អ្នក​ទាំងអស់​គ្នា​ត្រូវ​បាន​ស្វាគមន៍ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។