ឆ្នាំ ២០១០-២០១៩
ឥឡូវនេះ​ជា​ពេល​វេលា​ដើម្បី​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ!
មេសា 2012


ឥឡូវនេះ​ជា​ពេល​វេលា​ដើម្បី​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ !

ក្នុង​នាម​ជា​បុត្រី​នៃ​ព្រះ អ្នក​កើតមក​ដើម្បី​ដឹកនាំ។

តាម​បង្អួច​ការិយាល័យ​យុវនារី​របស់​ខ្ញុំ ខ្ញុំ​​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ព្រះវិហារ​បរិសុទ្ធ សលត៍ ឡេក ។ រាល់​ថ្ងៃ ខ្ញុំ​មើល​រូប​ទេវតា​មរ៉ូណៃ ឈរ​នៅ​លើ​កំពូល​ព្រះវិហារ​បរិសុទ្ធ ជា​និមិត្ត​សញ្ញា​ដ៏​ចែងចាំង មិន​ត្រឹម​តែ​ពី​សេចក្ដី​ជំនឿ​របស់​លោក​ប៉ុណ្ណោះ​ទេ តែ​របស់​យើង​ផងដែរ ។ ខ្ញុំ​ស្រឡាញ់​មរ៉ូណៃ ព្រោះ​នៅក្នុង​សង្គម​ដ៏​ទុច្ចរិត​មួយ លោក​បាន​បន្ត​មាន​ភាពបរិសុទ្ធ និង​សេចក្តី​ពិត ។ លោក​ជា​វីរបុរស​របស់​ខ្ញុំ ។ លោក​ឈរ​តែ​ឯង ។ ពុំ​ដឹង​យ៉ាង​ម៉េច​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា លោកឈរ​នៅលើ​កំពូល​ព្រះវិហារ​បរិសុទ្ធ​សព្វថ្ងៃនេះ គឺកំពុង​បក់ដៃ​ហៅ​យើង​ឲ្យ​មាន​ក្ដី​ក្លាហាន, ឲ្យ​ចងចាំ​ថា​យើង​ជា​នរណា, និង​ឲ្យ​មាន​ភាពសក្ដិសម​នឹង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ---ដើម្បី ​« ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ »1 ដើម្បី​ឈរ​ឲ្យ​ខ្ពស់​ជាង​សម្លេង​របស់​លោកិយ, និង​ដើម្បី​ធ្វើ​ដូច​ជា​អ្វី​ដែល​អេសាយ​បាន​ព្យាករណ៍​ថា « ចូរ​យើង​ឡើង​ទៅ​ឯភ្នំ​នៃ​ព្រះយេហូវ៉ា »2---គឺជា​ព្រះវិហារ​បរិសុទ្ធ ។

អ្នក​ដែល​ជួបជុំ​គ្នា​ថ្ងៃនេះ​គឺ​ជា​បុត្រី​ដ៏​ជម្រើស​នៃ​ព្រះអម្ចាស់ ។ គ្មាន​ក្រុម​ដ៏​មាន​ឥទ្ធិពល​ជាង​នេះ​ទៀត ដែល​កំពុង​ឈរ​តំណាង​ឲ្យ​សេចក្ដី​ពិត និង​សុចរិតភាព នៅក្នុង​ពិភពលោក ជាង​យុវនារី និង​ស្ត្រី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឡើយ ។ ខ្ញុំ​ឃើញ​ពី​ភាព​ថ្លៃថ្នូរ​របស់​អ្នក ហើយ​ស្គាល់​ពី​អត្តសញ្ញាណ និង​វាសនា​ដ៏ទេវភាព​របស់​អ្នក ។ អ្នក​បាន​ទទួល​កិត្តិយស​សម្រាប់​ខ្លួន​ឯង​នៅក្នុង​ជីវិត​មុន​ផែនដី ។ ត្រកូល​អ្នក​នាំ​មក​ជាមួយ​នូវ​សេចក្ដី​សញ្ញា និង​ការសន្យា​នានា ។ អ្នក​បាន​ទទួល​កេរមរតក​នៃ​លក្ខណៈ​ខាង​វិញ្ញាណ​របស់​ពួក​លោក​អយ្យកោ​ដ៏​ស្មោះត្រង់​គឺ អ័ប្រាហាំ, អ៊ីសាក, និង​យ៉ាកុប ។ មាន​ម្ដង​នោះ ព្យាការី​ម្នាក់​របស់​ព្រះ​បាន​ចាត់ទុក​អ្នក​រាល់​គ្នា​ដែល​បាន​ប្រជុំ​គ្នា​នៅទីនេះ​ថាជា « ក្ដី​សង្ឃឹម​ដ៏​ចែងចាំង​មួយ »3 របស់​អនាគត ។ ហើយ​ខ្ញុំ​យល់​ស្រប ! ក្នុង​ពិភពលោក​ដ៏​ពោរពេញ​ដោយ​ឧបសគ្គ ពន្លឺ​របស់​អ្នក​ជះ​ចែងចាំង ។ ពិតណាស់ មាន « ថ្ងៃ​ទាំងឡាយ​ដែល​យើង​មិនដែល​ភ្លេច » ។4មាន​ថ្ងៃ​ទាំងឡាយ​របស់អ្នក ហើយ​ឥឡូវនេះជា​ពេល​សម្រាប់​យុវនារី​គ្រប់ទីកន្លែង ដើម្បី « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញទៅ ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​អ្នក​អាច​បាន​ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា » ។5

« បទដ្ឋាន​មួយ​គឺជា​បន្ទាត់​វាស់​មួយ ដែល​មនុស្ស​ម្នាក់​ប្រើ​សម្រាប់​កំណត់​ពី​ភាពត្រឹមត្រូវ និង​ភាពឥតខ្ចោះ » ។6 យើង​ត្រូវ​ធ្វើ​ជា​បទដ្ឋាន​នៃ​ភាព​បរិសុទ្ធ ដើម្បី​ពិភពលោក​ឃើញ​យើង ! កូនសៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវវ័យ​ដែល​បាន​កែថ្មី មិនត្រឹមតែមាន​បទដ្ឋាន​ទាំងឡាយ​ដើម្បី​រស់​នៅ​ដោយ​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ តែ​មាន​នូវ​ពរជ័យ​ដែល​បាន​សន្យា​ផងដែរ បើ​សិន​អ្នក​ធ្វើ​តាម​នោះ ។ ពាក្យ​ដែល​មាន​ក្នុង​កូនសៀវភៅ​ដ៏​សំខាន់​នេះ គឺ​ជា​បទដ្ឋាន​សម្រាប់​ពិភពលោក ហើយ​ការ​រស់​នៅ​តាម​បទដ្ឋាន​ទាំងនេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ត្រូវធ្វើ ដើម្បី​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ និង​មាន​ភាពរីករាយ​នៅក្នុង​ពិភពលោក​ដែល​កាន់តែ​ងងឹត និង​ទុច្ចរិត​នេះ ។ ការរស់នៅ​តាម​ដទដ្ឋាន​នៅក្នុង​កូនសៀវភៅ​នេះ នឹង​ជួយ​អ្នក​មាន​ភាពសក្ដិសម​សម្រាប់​ភាព​ជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​នៅ​ក្នុង​ពិភពលោក​ដែល​អ្នក​កំពុង​រស់នៅ​នេះ អ្នក​នឹង​ត្រូវការ​ភាពជាដៃគូ​នោះ ក្នុងការ​ធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ ដែល​នឹង​កំណត់​ភាពជោគជ័យ និង​សុភមង្គល​ភាគច្រើន​បំផុត​ក្នុង​ពេល​អនាគត​របស់​អ្នក ។ ការរស់នៅ​តាម​បទដ្ឋាន​ទាំងនេះ នឹង​ជួយ​អ្នក​គ្រប់គ្នា​ឲ្យ​មាន​ភាពសក្ដិសម ដើម្បី​ចូល​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ហើយ​នៅទីនោះ អ្នក​ទទួល​ពរជ័យ និង​អំណាច​ដែល​រង់ចាំ​អ្នក កាលដែល​អ្នក​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។7

កាល​ពី​កូនស្រី​របស់​យើង អេមី នៅ​តូច នាង​ចូលចិត្ត​មើល​គ្រប់​សកម្មភាព​របស់​ខ្ញុំ ពេល​ខ្ញុំ​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ ។ បន្ទាប់​ពី​បាន​សង្កេត​ពី​ទម្លាប់​ខ្ញុំ នាង​សិត​សក់​នាង ហើយ​ស្លៀកពាក់ បន្ទាប់មក នាង​តែង​សុំ​ខ្ញុំ​ឲ្យ​លាប​ក្រែម​លាបមុខ​ភ្លឺរលោង ។ ក្រែមភ្លឺរលោង​ដែល​នាង​ហៅ​នោះ គឺ​ជា​ក្រែម​ខាប់ ដែល​ខ្ញុំ​ប្រើ​ដើម្បី​ការពារ​កុំឲ្យ​មាន​ស្នាម​ជ្រួញ ។ ដោយ​នាង​សុំ នោះ​ខ្ញុំ​ដាក់​វា​លើ​ថ្ពាល់ និង​លើ​បបូរមាត់ អេមី បន្ទាប់មក​នាង​ញញឹម ហើយ​និយាយថា « ឥឡូវ យើង​រៀបចំ​រួច​ហើយ ! » អ្វី​ដែល អេមី មិនបានដឹង គឺ​ថា នាង​មាន​ភាពភ្លឺរលោង​រួចហើយ ។ មុខ​របស់នាង​ភ្លឺ​ព្រោះ​នាង​បរិសុទ្ធ​យ៉ាង​ខ្លាំង និង​គ្មានកំហុស ហើយ​ល្អ ។ នាង​មាន​ព្រះវិញ្ញាណ​ជាមួយ​នាង ហើយ​វាបាន​បង្ហាញ​ចេញ​មក ។

ខ្ញុំ​ប្រាថ្នា​ថា យុវនារី​គ្រប់​រូប​ដែល​ជួបជុំ​គ្នា​នារាត្រី​នេះ ដឹង ហើយ​យល់​ពី​ភាព​ស្រស់ស្អាត​របស់​អ្នក---គឺ « ពន្លឺ​ចែងចាំង » របស់​អ្នក---ថា​វា​មិន​មែន​ដោយសារ​ម្ស៉ៅ, ក្រែម​ស្អិត, ឬ​សម្លៀកបំពាក់ និង​ម៉ូត​សក់​ទាន់​សម័យ​បំផុត​នោះទេ ។ វា​នៅ​ក្នុង​ភាពបរិសុទ្ធ​ផ្ទាល់​ខ្លួន​អ្នក ។ ពេល​អ្នក​រស់នៅ​តាម​បទដ្ឋាន ហើយ​សក្ដិសម​សម្រាប់​ភាពជាដៃគូ​ដ៏​ខ្ជាប់​ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​អាច​ជះឥទ្ធិពល​ដ៏​មាន​អានុភាព​ដល់​ពិភពលោក ។ គំរូ​អ្នក គឺ​ពន្លឺ​ក្នុង​ភ្នែកអ្នក នឹង​ជះឥទ្ធិពល​ដល់​អ្នក​ដទៃទៀត ដែល​ឃើញ « ពន្លឺ​ចែងចាំង » របស់​អ្នក ហើយ​ពួកគេ​នឹង​ចង់​ក្លាយ​ដូច​អ្នក​ដែរ ។ តើ​អ្នក​បាន​ពន្លឺ​នេះ​មក​ពីណា ? ព្រះអម្ចាស់​ជា​ពន្លឺ « ហើយ​ព្រះវិញ្ញាណ​បំភ្លឺ​គ្រប់​មនុស្ស​ពាសពេញ​លោកិយ ដែល​ប្រុងស្ដាប់​តាម​សម្លេង​នៃ​ព្រះវិញ្ញាណ » ។8 ពន្លឺ​ដ៏​ទេវភាព​មួយ​ចូល​មកក្នុង​ភ្នែក និង​ទឹកមុខ​របស់​យើង ពេល​យើង​ខិតជិត​ព្រះបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នោះ​ជា​របៀប​ដែល​យើង​ទទួល « ពន្លឺចែងចាំង » ! ក្រៅពីនោះ ដូចដែល​អ្នក​ទាំងអស់​គ្នា​អាច​ឃើញ​ហើយ​ថា « ក្រែម​រលោង » នោះ​មិន​សូវ​ជា​មាន​ប្រសិទ្ធភាព​ចំពោះ​ស្នាមជ្រួញ​របស់​ខ្ញុំ​នោះ​ទេ !

ការហៅ​ឲ្យ « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ទៅ » ជា​ការហៅ​មួយ​ដល់​អ្នកគ្រប់​គ្នា ដើម្បី​ដឹកនាំ​ពិភពលោក ក្នុង​របៀប​មួយ​ដ៏​អស្ចារ្យ---ដើម្បី​លើក​ទង់​ឥស្សរភាព---ដើម្បី​ដឹកនាំ​ជំនាន់​នេះ ក្នុង​គុណធម៌, បរិសុទ្ធភាព, និង​មាន​ភាពសក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ។ បើ​អ្នក​មាន​បំណង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​ក្នុង​ពិភពលោក​នេះ អ្នក​ត្រូវតែ​ផ្ទុយ​ពី​ពិភពលោក ។ ខ្ញុំ​សូម​បន្លឺ​តាម​ពាក្យ​របស់ប្រធាន យ៉ូសែប  អេហ្វ. ស្ម៊ីធ ដែល​បាន​និយាយ​ដល់​ពួកស្ត្រី​ក្នុង​ជំនាន់​លោក​ថា ៖ « វា​មិនមែន​ដើម្បី​ឲ្យ​អ្នក​ត្រូវ​ដឹកនាំ​ដោយ [ យុវនារី ] នៃ​លោកិយ​នេះ​ទេ តែ​អ្នក​ត្រូវដឹកនាំ ... [ យុវនារី ] នៃ​លោកិយ​នេះ​វិញ នៅក្នុង​អ្វី​គ្រប់​យ៉ាង​ដែល ... ធ្វើ​ឲ្យ​កូនចៅ​នៃ​មនុស្ស​បាន​បរិសុទ្ធ » ។9 ពាក្យ​ទាំងនេះ​នៅ​តែ​ពិត​ដល់​សព្វថ្ងៃនេះ ។ ក្នុង​នាម​ជា​បុត្រី​នៃ​ព្រះ អ្នក​កើតមក​ដើម្បី​ដឹកនាំ ។

ក្នុង​ពិភពលោក​ដែល​យើង​រស់នៅ​នេះ សមត្ថភាព​ក្នុងការដឹកនាំ​របស់​អ្នក​នឹង​តម្រូវ​ឲ្យ​មាន​ការណែនាំ និង​ភាពជាដៃគូ​យ៉ាង​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​ប្រាប់អ្នក​នូវ « គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ »10 ពេល​ដែល​អ្នក​ស្គាល់ និង​ពឹង​លើ​ការណែនាំ និង​ការបំផុស​របស់​ទ្រង់ ។ ហើយ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំគង់​នៅ​ក្នុង​ព្រះវិហារ​ដែល​ឥត​បរិសុទ្ធ នោះ​យើង​ម្នាក់ៗ​នឹង​ត្រូវគិត​ពី​ទម្លាប់ និង​ដួងចិត្ត​របស់​យើង ។ យើង​ទាំងអស់​គ្នា​ត្រូវ​ផ្លាស់ប្ដូរ---គឺ​ប្រែចិត្ត ។ ដូច​ដែល​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​បាន​មាន​បន្ទូល​ក្នុង​ព្រះគម្ពីរ​មរមន​ថា « ទូលបង្គំ​នឹង​បោះបង់ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ » ។11 តើយើង គឺ​អ្នក និង​ខ្ញុំ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ដូចគ្នា​នោះ​ដែរឬទេ ?

យុវវ័យ​មួយក្រុម​នៅ ឃ្វីន ក្រិច, រដ្ឋអារីស្សូណា បាន​ប្ដេជ្ញា​ដើម្បី « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » និង​ដើម្បី​ដឹកនាំ​យុវវ័យ​ក្នុង​សហគមន៍​របស់​គេ រស់នៅ​តាម​បទដ្ឋាន​​ក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ ពួកគេ​ម្នាក់ៗ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ ពី​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍ថា មិន​បាន​ធ្វើ​ឲ្យ​គេ​រីកចម្រើន ឬ​អ្វី​ដែល​ពួក​គេ​ចង់​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​គេ បន្ទាប់មក​ពួកគេ​បានជីក​រណ្ដៅ​មួយ ។ ពួកគេ​បាន​ជួបជុំ​គ្នា, បាន​ហែក​ទំព័រ​សៀវភៅ​កំណត់ហេតុ, ហើយ​បាន​បោះ​វា​ទៅ​ក្នុង​រណ្ដៅ​នោះ គឺដូចជា​ប្រជាជន​អាំម៉ូន​បាន​ធ្វើ​ចំពោះ​គ្រឿងសឹក​របស់​ពួកគេ នៅក្នុង​ព្រះគម្ពីរ​មរមន ។12 បន្ទាប់មក​ពួកគេ​បាន​កប់​ទំព័រ​ទាំងនោះ​ចោល ហើយ​ថ្ងៃនោះ ពួកគេ​ម្នាក់ៗ​បាន​ធ្វើ​ការតាំងចិត្ត​មួយ​ដើម្បី​ផ្លាស់ប្ដូរ ។ ពួកគេ​បាន​ប្រែចិត្ត ។ ពួកគេ​បានប្ដេជ្ញា​ដើម្បី​ក្រោកឡើង !

តើ​អ្នក​មាន​អ្វី​ក្នុង​ជីវិតអ្នក ដែល​អ្នក​ត្រូវការ​ផ្លាស់​ប្ដូរ​ទេ ? អ្នក​អាច​ធ្វើ​ដូចនេះ ។ អ្នក​អាចប្រែចិត្ត ដោយសារ​ការបូជា​ដ៏ធួន​បំផុត​របស់​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​វាកើតឡើង​សម្រាប់​អ្នក និង​ខ្ញុំ ដើម្បី​ផ្លាស់ប្ដូរ, ដើម្បី​ក្លាយ​ជា​បរិសុទ្ធ និង​ស្អាត​ម្ដងទៀត, និង​ដើម្បី​ក្លាយ​ដូច​ជាទ្រង់ ។ ហើយ​ទ្រង់​បាន​សន្យា​ថា ពេល​យើង​ធ្វើ​ដូច្នោះ ទ្រង់​នឹង​មិន​ចាំ​ពី​អំពើបាប និង​កំហុស​យើង​ទៀតឡើយ ។13

ជួនកាល វា​ហាក់ដូចជា​ស្ទើរតែ​មិន​អាច​ទៅ​រួច​សោះ ដើម្បី​បន្ត​បញ្ចាំង​ពន្លឺ​ចេញទៅ ។ អ្នក​ជួប​នូវ​ឧបសគ្គ​ជាច្រើន ដែល​ធ្វើ​ឲ្យ​ងងឹត​ដល់​ប្រភព​នៃ​ពន្លឺ​ទាំងអស់ គឺ​ព្រះអង្គ​សង្គ្រោះ ។ ជួនកាល​ផ្លូវ​នោះ​ពិបាកពេក ហើយ​ពេលខ្លះ វា​ហាក់ដូចជា​មាន​អ័ព្ទ​ដ៏​ក្រាស់​មក​បាំង​ពន្លឺ​នោះ ។ នោះ​ជា​ករណី​មួយ​របស់​យុវនារី​ម្នាក់​ឈ្មោះ ប្ល័រិន ឆាតវិក ។ កាលពី​អាយុ 10 ឆ្នាំ ប្ល័រិន បាន​ដឹង​ថា នាង​ជា​អ្នក​ហែលទឹក​ដ៏​ប៉ិន​ប្រសប់ ។ នាង​បាន​ហែល​កាត់​ឈូងសមុទ្រ​អង់គ្លេស ក្នុង​កំណត់ត្រា​ថេរៈវេលា 13 ម៉ោង និង 20 នាទី ។ ប្ល័រិន ចូលចិត្ត​អ្វី​ដែល​ពិបាក ហើយ​ក្រោយមក​នាង​មានបំណង​ហែល​ពី​ជួរសមុទ្រ កាលីហ្វូញ៉ា ទៅ​កោះ កាតាលីណា---ចម្ងាយ​ប្រហែល 34 km ។ ក្នុង​ការហែល​នេះ នាង​បាន​ចុះ​ខ្សោយ​បន្ទាប់ពី​ហែល​បាន 15 ម៉ោង ។ អ័ព្ទ​ដ៏​ក្រាស់​បាន​គ្របបាំង​ជួរសមុទ្រ​នោះ ។ ម្ដាយ​នាង​បាន​ជិះទូក​ក្បែរ​នាង​ជាប់ ហើយ ប្ល័រិន បាន​ប្រាប់​ម្ដាយ​នាង​ថា នាង​គិតថា​នាង​មិន​អាច​បញ្ចប់​វា​បានទេ ។ ម្ដាយ និង​គ្រូបង្វឹក​នាង​បាន​លើកទឹកចិត្ត​នាង​ឲ្យ​បន្ត តែ​អ្វី​ដែល​នាង​អាច​មើល​ឃើញ គឺ​មាន​តែ​អ័ព្ទ​ប៉ុណ្ណោះ ។ នាង​បានបោះបង់​ការហែល​របស់នាង តែ​ពេល​ចូលដល់ក្នុង​ទូក នាង​បានដឹង​ថា គឺ​នៅតែ 1 គីឡូ 600 ម៉ែត្រ ទៀត​ប៉ុណ្ណោះ គឺ​ដល់​ច្រាំង​ហើយ ។ ក្រោយមក ពេល​សម្ភាសន៍​គេ​សួរ​ថា ហេតុអ្វី​នាង​បាន​បោះបង់​ការហែល​របស់​នាង នាង​បាន​សារភាព​ថា វា​មិន​មែន​ដោយ​សារ​ទឹកត្រជាក់ ហើយ​ក៏​មិនមែន​ដោយសារ​ចម្ងាយ​ដែរ ។ នាងបាន​និយាយថា « ខ្ញុំ​ត្រូវបាន​បោកបញ្ឆោត​ដោយ​អ័ព្ទ » ។14

ក្រោយមក នាង​ព្យាយាម​ហែល​ម្ដងទៀត ហើយ​មាន​អ័ព្ទដ៏ក្រាស់​ទៀត ។ តែ​លើកនេះ នាង​បន្ត​ហែល រហូត​ទៅ​ដល់​ទី​ដោយ​ជោគជ័យ ។ ពេល​នេះ ពេល​នាង​ត្រូវបាន​សួរ​ថា តើ​វាខុសគ្នា​យ៉ាង​ណា ? នាង​បាន​និយាយ​ថា នាង​បាន​រក្សា​រូបភាព​ច្រាំង​នៅក្នុង​គំនិត​នាង ឆ្លងកាត់​អ័ព្ទ​ដ៏​ក្រាស់ និង​រយៈ​ចម្ងាយ​នៃ​ការហែល​របស់​នាង ។15

សម្រាប់ ប្ល័រិន ឆាតវិក ច្រាំង​សមុទ្រ​គឺ​ជា​គោលដៅ​នាង ។ សម្រាប់​យើង​ម្នាក់ៗ ព្រះវិហារ​បរិសុទ្ធ​ជា​គោលដៅ​យើង ។ យុវនារី សូម​បន្ត​យកចិត្តទុកដាក់ ។ សូម​កុំ​វង្វែង​ពី​គំហើញ​នៃ​គោលដៅ​របស់​អ្នក​ឡើយ ។ សូម​កុំ​ឲ្យ​អ័ព្ទ​ដ៏ក្រាស់​នៃ​ការបំពុល​ខាង​សីលធម៌ និង​សម្លេង​នៃ​ការ​បាក់ទឹកចិត្ត​របស់​ពិភពលោក​រារាំង​អ្នក​ពីការ​សម្រេច​គោលដៅ​អ្នក​ឡើយ, ចូររស់នៅ​តាម​បទដ្ឋាន, ចូររីករាយ​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ, ហើយ​ចូរ​មាន​ភាពសក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ចូររក្សា​ទស្សនៈ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​សង្គ្រោះ នៅក្នុង​ដួងចិត្ត និង​គំនិត​អ្នក​ជានិច្ច ។

ប៉ុន្មាន​សប្ដាហ៍​កន្លង​មក ខ្ញុំ​បាន​ឈរ​នៅក្នុង​បន្ទប់​សេឡេស្ទាល​ក្នុង​ព្រះវិហារ​បរិសុទ្ធ រីណូ ណាវ៉ាដា ។ ពន្លឺ​ដែល​ជះ​ចូល​ក្នុង​បន្ទប់​នោះ គឺ​ចែងចាំងណាស់ ហើយ​កាន់តែ​ចែងចាំងទៀត ជាមួយ​នឹង​ចង្កៀង​គ្រីស្ទាល់ ដែល​ចាំង​ពន្លឺ​លើ​ក្បូរក្បាច់​ជាច្រើន​របស់​វា ហើយ​ធ្វើ​ឲ្យ​កើតមាន​ជាពន្លឺ​ឥន្ទធនូ​គ្រប់ទីកន្លែង ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ណាស់ ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ជា « ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក »16 ថាវា​ជា​ពន្លឺ​ទ្រង់​ដែល​យើង​ត្រូវ​តោង​ជាប់ និង​គិតដល់ ។ យើង​ជា​គ្រីស្ទាល់​ដ៏​តូច ដែល​ឆ្លុះ​បញ្ចាំង​ពន្លឺ​ទ្រង់ ហើយ​ដើម្បី​ធ្វើ​ដូច្នោះ យើង​ត្រូវ​តែ​ស្អាតស្អំ និង​គ្មាន​ប្រឡាក់​ធូលី​នៃ​លោកិយ ។ កាលដែល​ខ្ញុំ​បាន​ឈរ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ថ្ងៃនោះ ខ្ញុំ​បាន​ឮ​ក្នុង​គំនិត​ខ្ញុំ​ម្ដងទៀត នូវ​ការហៅ​របស់​មរ៉ូណៃ ចំពោះ​យើង---ជា​បុត្រី​នៃ​ស៊ីយ៉ូន​ថា ៖ « ចូរ​ភ្ញាក់ឡើង និង​ចូរក្រោក​ឡើង​ពី​ធូលី​ដី » ។17 « ហើយ​កុំ​ប៉ះពាល់​ដល់​អំណោយទាន​អាក្រក់ ឬ​វត្ថុ​ដែល​ពុំ​ស្អាតឡើយ » ។18 « ចូរ​ភ្ញាក់ឡើង ហើយ​ក្រោកឡើង  …  ឱ​កូនស្រី​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរប្រដាប់​ដោយ​សម្លៀកបំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ  … , ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​នៃ​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​ធ្វើ​ដល់​អ្នក អាច​បាន​បំពេញ » ។19

ពរជ័យ​ដែល​បាន​សន្យា​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ មិនត្រឹម​តែ​មាន​ដល់​អ្នក​ប៉ុណ្ណោះទេ តែ​ដល់​គ្រប់​ជំនាន់​ទាំងអស់ ។ ពេល​អ្នក​ដាក់​ព្រះវិហារ​បរិសុទ្ធ​ជា​គោលដៅ​របស់​អ្នក នោះ​ឥទ្ធិពល​សម្រាប់​ក្ដី​ល្អ​របស់​អ្នក នឹង​មាន​លើសលុប​គ្រប់ពេល និង​ទីន្លែង ហើយ​កិច្ចការ​ដែល​អ្នក​ធ្វើ​សម្រាប់​ពួកអ្នក​ដែល​បាន​ស្លាប់ទៅហើយ នឹង​ក្លាយ​ជា​ការបំពេញ​ដល់​ដល់​ការព្យាករណ៍ !

នៅ​សន្និសីទ​ទូទៅ​ចុងក្រោយ​នេះ ខ្ញុំ​រំភើប​ជាខ្លាំង ពេល​ខ្ញុំ​បាន​ស្ដាប់ អែលឌើរ ដេវីឌ  អេ. ប៊ែតណា អញ្ជើញ​អ្នក​គ្រប់គ្នា​ឲ្យ​ឧស្សាហ៍​ចូលរួម​ក្នុង​ការធ្វើ​ពង្សប្រវត្តិ​គ្រួសារ​អ្នក​ផ្ទាល់ និង​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួកអ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​បាន​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។20 ពេល​លោក​ដាក់​ចេញ​នូវ​ការអញ្ជើញ​នេះដល់​អ្នក បេះដូង​ខ្ញុំ​លោត​កញ្រ្ជោល​នៅខាងក្នុង ។ ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា យើង​អាន​ថា « ពួកវិញ្ញាណ​ជម្រើសៗ​ឯទៀត ដែល​បាន​រក្សាទុក​ឲ្យ​មក​នៅ​ពេល​ពេញ​កំណត់ ដើម្បី​ចូលរួម​ក្នុង​ការ​ដាក់គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ​នៅ​ថ្ងៃ​ចុងក្រោយ ព្រមទាំង​ការកសាង ... ព្រះវិហារ [ បរិសុទ្ធ ] ទាំងឡាយ និង​ការប្រព្រឹត្តិ​នៃ​ពិធី​ទាំងឡាយ​នៅ​ទីនោះ សម្រាប់​សេចក្ដី​ប្រោសលោះ​ដល់ពួក​អ្នក​ស្លាប់ » ។21 នេះ​ជា​ពេល​របស់​អ្នក ហើយ​កិច្ចការ​របស់​អ្នក​បាន​ចាប់​ផ្ដើម​ហើយ ! ឥឡូវនេះ​ជាពេល​ដើម្បី​មាន​ភាពសក្ដិសម និង​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ ។ កាលអ្នក​ធ្វើ​កិច្ចការ​នេះ អ្នក​នឹង​ក្លាយ​ជា​ពួកអ្នក​ដែល​បានសង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន ។22

អែលឌើរ រ័សុល  អិម ណិលសុន បាន​មាន​ប្រសាន៍​ពី​អ្នក​ថា « ឥទ្ធិពល​របស់​យុវនារី​នៃ​សាសនាចក្រ ដូចជា​យក្ស​ដែល​កំពុង​ដេក, នឹងដាស់​ឲ្យ​ភ្ញាក់ឡើង, ក្រោកឡើង, និង​បំផុស​ដល់​មនុស្ស​ជាតិ​ទាំងឡាយ​លើ​ផែនដី ដូច​ជា​កម្លាំង​ដ៏​មហិមា​មួយ​សម្រាប់​ភាពសុចរិត » ។23 យុវនារី​ចូរក្រោកឡើង ហើយ​ដាក់​ខ្លួន​អ្នក​នៅ​កន្លែង​ដ៏​រុងរឿង ដែល​នឹង​សម្រាំង​អនាគត​អ្នក និង​អនាគត​នៃ​ពិភពលោក​នេះ ។ ដល់ពេល​ហើយ !

« នៅលើកំពូលភ្នំ​ខ្ពស់ មាន​ទង់​មួយ​ត្រូវ​លើកឡើង ។ ប្រជាជាតិគន់​មើល​ឃើញ ទង់បក់​ទៅ​គ្រប់​ប្រទេស ! »24យុវនារី​អើយ អ្នក​ជា​ទង់​នោះ ! ចូរ​ប្រកប​ដោយគុណធម៌ និង​បរិសុទ្ធ, ចូរ​ស្វែងរក​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ, ចូរកប់​ចោល​អំពើ​បាប និង​អំពើ​រំលង​របស់​អ្នក, ចូរ​បន្ត​យកចិត្តទុកដាក់ ហើយ​កុំ​ឲ្យ​អ័ព្ទ​នៃ​ការបំពុល​ខាង​សីលធម៌​បាំងបិទ​គោលដៅ​អ្នក​ឡើយ ។ ចូរ​មាន​ភាពសក្ដិសម​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ចូរ​ពាក់ « ពន្លឺ​ចែងចាំង » របស់​អ្នក ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អស់​ពី​ដួងចិត្ត​ខ្ញុំ​ថា ព្រះ​មាន​ព្រះជន្ម​រស់នៅ ហើយ​ថា​ទ្រង់​នឹង​បំភ្លឺ​ជីវិត​អ្នក ពេល​ដែល​អ្នក​ខិត​កាន់​តែ​ជិត​ព្រះរាជ្របុត្តា​សំណព្វ​របស់​ទ្រង់---ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូចជា​មរ៉ូណៃ​ដែរ ខ្ញុំ​សូម​អធិស្ថាន​ថា យើង​នឹង « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញទៅ ប្រយោជន៍​ឲ្យ​ពន្លឺ [ របស់យើង ] អាច​បាន​ជា​បមាណីយ​ដល់​សាសន៍​នានា » ! 25 ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។