ឆ្នាំ ២០១០-២០១៩
ការមាន​ទស្សនៈវិស័យ​ដើម្បី​ធ្វើ
មេសា 2012


ការមាន​ទស្សនៈវិស័យ​ដើម្បី​ធ្វើ

បើ​យើង​ត្រូវ​រីកចម្រើន​ឡើង ជាជាង​ការ​ត្រូវ​វិនាស នោះ​យើង​ត្រូវតែ​មើល​ឃើញ​ខ្លួន​យើង ដូចជាព្រះអង្គ​សង្គ្រោះ​មើល​ឃើញ​យើង ។

ដូច​ជា​ឪពុកម្ដាយ​ល្អ​ទាំងអស់​ដែរ ឪពុកម្ដាយ​ខ្ញុំ​ចង់​បាន​អនាគត​ភ្លឺស្វាង​សម្រាប់​កូនចៅ​ពួកលោក ។ ឪពុក​ខ្ញុំ​មិនមែន​ជា​សមាជិកទេ ហើយ​ដោយសារ​តែ​កាលៈទេសៈ​ខុសធម្មតា​ដែល​កើតមាន​នាពេល​នោះ នោះ​ឪពុកម្ដាយ​ខ្ញុំ​បាន​សម្រេច​ថា ឲ្យ​បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ និង​ខ្ញុំ គួរតែ​ចាកចេញ​ពី​កោះ​កំណើត​យើង គឺ​កោះ អាមេរិកកាំង​សាម័រ ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង ហើយ​ធ្វើដំណើរ​ទៅ​សហរដ្ឋ ដើម្បី​ទៅ​សាលារៀន ។

ការសម្រេចចិត្ត​ដើម្បី​រស់នៅ​បែក​ពី​ពួកយើង គឺ​ពិបាក​សម្រាប់​ឪពុកម្ដាយ​ខ្ញុំ ជាពិសេស​ម្ដាយ​ខ្ញុំ ។ ពួកលោក​បាន​ដឹង​ថា នឹងមាន​ឧបសគ្គ​ដែល​មិន​ដឹង​ជា​មុន ពេល​យើងនៅ​កន្លែង​ថ្មី ។ ទោះ​ជាយ៉ាងណា ដោយមាន​​ក្ដី​ជំនឿ និង​ការប្ដេជ្ញា​ចិត្ត ពួកលោក​បានឆ្ពោះ​ទៅមុខ​ជាមួយ​ផែនការ​នេះ ។

ដោយសារ​ត្រូវបានចិញ្ចឹម​បីបាច់​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ម្ដាយ​ខ្ញុំ​ស្គាល់​គោលការណ៍​ទាំងឡាយ​នៃ​ការ​តមអាហារ និង​អធិស្ឋាន ហើយ​ឪពុកម្ដាយ​ខ្ញុំ​ទាំងពីរនាក់ ​បានមានអារម្មណ៍​ថា ពួកលោក​ត្រូវការ​ពរជ័យ​ពី​ស្ថានសួគ៌​ ដើម្បី​ជួយ​កូនៗ​ពួកលោក ។ ដោយ​បំណង​នោះ ពួកលោក​បាន​ចាប់ផ្ដើម​ចាត់ថ្ងៃ​មួយ​ក្នុង​មួយ​សប្ដាហ៍​ដើម្បីតមអាហារ និង​អធិស្ឋាន​សម្រាប់​យើង ។ គោលដៅ​របស់​ពួកលោក ​គឺ​ដើម្បី​រៀបចំ​កូនៗ​ឲ្យ​មាន​អនាគត​ល្អ ។ ពួកលោក​បាន​ធ្វើ​តាម​គោលដៅ​នោះ នៅ​ពេល​បានអនុវត្ត​ជំនឿ​ពួកលោក ដោយ​ការស្វែងរក​ពរជ័យ​ពី​ព្រះអម្ចាស់ ។ តាមរយៈ​ការតមអាហារ និង​ការអធិស្ឋាន ពួកលោក​បានទទួល​ការអះអាង, ការលួងលោម, និង​ក្ដី​សុខសាន្ត ថា​អ្វី​ទាំងអស់​នឹង​មិន​អី​ទេ ។

ដោយ​ស្ថិត​នៅ​កណ្ដាល​ឧបសគ្គ​នៃ​ជីវិត​យើង តើ​យើងទទួល​បាន​ការបើកសម្ដែង​ដែល​ចាំបាច់ ដើម្បី​ធ្វើ​អ្វីៗ​ដែល​នាំ​យើង​ឲ្យ​ខិត​កាន់តែជិត​ព្រះអង្គ​សង្គ្រោះ ដោយ​របៀបណា ? និយាយ​ពី​ការបើក​សម្ដែង ព្រះគម្ពីរ​សុភាសិត បង្រៀន​សេចក្ដី​ពិត​នេះ​ថា ៖ « គ្រាណា​ដែល​ឥតមាន​ការ​បើក​សម្ដែង នោះ​បណ្ដាជន​រមែង​លែងទប់ចិត្ត » ( សុភាសិត 29:18 ) ។ បើ​យើង​ត្រូវ​រីកចម្រើន​ឡើង ជាជាង​ការ​ត្រូវ​វិនាស នោះ​យើង​ត្រូវតែ​មើល​ឃើញ​ខ្លួន​យើង ដូចជាព្រះអង្គ​សង្គ្រោះ​មើល​ឃើញ​យើង ។

ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ​សក្ដានុពល​ក្នុង​ពួក​អ្នកនេសាទ​ដ៏​រាបទាប​ទាំងនោះ ដែល​ទ្រង់​បាន​ហៅ​ឲ្យ​ដើរ​តាម​ទ្រង់ ច្រើនជាង​អ្វី​ដែល​ពួកគេ​មើលឃើញ​ខ្លួនឯង​ពីដំបូង ទ្រង់​បាន​ឃើញ​ថា​ពួកគេ​អាច​ក្លាយ​ជា​នរណា ។ ទ្រង់​បាន​ដឹង​ពី​សេចក្ដី​ល្អ និង​សក្ដានុពល​ពួកគេ ហើយ​ទ្រង់​បាន​ហៅ​ពួកគេ ។ ពី​ដំបូង ពួកគេ​គ្មាន​បទពិសោធន៍​ទេ តែ​កាលដែល​ពួកគេ​ដើរតាមទ្រង់ ពួកគេ​បានឃើញ​គំរូ​ទ្រង់, ស្គាល់​ការបង្រៀន​ទ្រង់, ហើយ​បានក្លាយ​ជា​សិស្ស​ទ្រង់ ។ មាន​ពេលខ្លះ ​សិស្ស​របស់​ទ្រង់មួយ​ចំនួន​​បាន​ចាកចេញ​ពី​ទ្រង់ ដោយសារ​តែ​អ្វី​ដែល​គេ​បានឮ ពិបាកយល់ពេក​សម្រាប់​ពួកគេ ។ ដោយ​ជ្រាប​ថា អ្នកផ្សេង​ទៀត​ក៏​អាច​ចាកចេញ​ដែរ​នោះ ព្រះយេស៊ូវ​បាន​សួរ​ពួក​ដប់ពីរនាក់​ថា « អ្នករាល់គ្នា​ចង់​ថយ​ទៅ​ដែរឬ ? » ( យ៉ូហាន 6:67 ) ។ ចម្លើយ​របស់​ពេត្រុស ឆ្លុះ​បញ្ចាំង​ពី​របៀប​ដែល​គាត់​បាន​ផ្លាស់ប្ដូរ ហើយ​បាន​ទទួល​ការយល់ដឹង និង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​ជានរណា ។ គាត់​បាន​ឆ្លើយថា « តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯអ្នកណា​វិញ ? គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( យ៉ូហាន 6:68 ) ។

ជាមួយ​នឹង​ការយល់ដឹង​នោះ សិស្ស​ដ៏​ស្មោះត្រង់ និង​មានការលះបង់​ទាំងនេះ អាច​ធ្វើ​កិច្ចការ​ដ៏​លំបាក​បាន កាលដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្សាយ​ពី​ដំណឹងល្អ និង​ទៅ​ស្ថាបនា​សាសនាចក្រ បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចេញទៅ ។ ទីបំផុត ពួកគេ​ខ្លះ​បាន​ទាំង​លះបង់​ជីវិត​ខ្លួន​សម្រាប់​ទីបន្ទាល់​របស់​ពួកគេ​ផង ។

មាន​គំរូ​ផ្សេងទៀត​ក្នុង​ព្រះគម្ពីរ ពី​ពួកអ្នក​ដែល​បាន​ទទួល​ការយល់ដឹង និង​ទីបន្ទាល់​ពី​ដំណឹងល្អ ហើយ​បន្ទាប់មក​បាន​ចេញទៅ​ធ្វើតាម​អ្វី​ដែល​គេ​ដឹង​នោះ ។ ព្យាការី​អាលម៉ា​បានទទួល​ការយល់ដឹង ពេល​លោក​បានឮ​អ័ប៊ីណាដៃ​បង្រៀន និង​ថ្លែងទីបន្ទាល់​យ៉ាង​មុតមាំ នៅ​ចំពោះ​មុខ​ស្ដេច​ណូអេ ។ អាលម៉ា​បាន​ធ្វើ​តាម​ការបង្រៀន​របស់​អ័ប៊ីណាដៃ ហើយ​បាន​ទៅ​បង្រៀន​នូវ​ការណ៍​ទាំងឡាយ​ដែល​លោក​បាន​រៀន, ជ្រមុជទឹក​ដល់​មនុស្ស​ជាច្រើន​ដែល​បានជឿ​ពាក្យ​លោក ( សូមមើល ម៉ូសាយ 17:1–4; 18:1–16 ) ។ ខណៈ​ដែល​មាន​ការ​ធ្វើទុក្ខ​ដល់​ពួកបរិសុទ្ធ​ពី​ដំបូងៗ សាវក​ប៉ុល​បាន​ប្រែចិត្ត​ជឿ​នៅលើ​ផ្លូវ​ទៅក្រុង​ដាម៉ាស បន្ទាប់​មក​បាន​អនុវត្ត​ការបង្រៀន និង​ទីបន្ទាល់​ពី​ព្រះគ្រីស្ទ ( សូមមើល កិច្ចការ 9:1–6, 20–22, 29 ) ។

ក្នុង​ជំនាន់​របស់​យើង​ផ្ទាល់ បុរស, ស្ត្រី​វ័យក្មេង, និង​ប្ដីប្រពន្ធ​ចំណាស់ៗ​ជាច្រើន បាន​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់​ព្យាការី​នៃ​ព្រះ ដើម្បី​បម្រើ​បេសកកម្ម ។ ដោយ​ជំនឿ និង​ក្ដីក្លាហាន ពួកគេ​ចាកចេញ​ពី​ផ្ទះ​គេ និង​ពី​អ្វីៗ​ដែល​ពួកគេ​ធ្លាប់ធ្វើ ដោយសារ​ជំនឿ​នៅក្នុង​សេចក្ដី​ល្អ​ដ៏​អស្ចារ្យ ដែល​ពួកគេ​អាចធ្វើ​ក្នុង​នាម​ជាអ្នក​ផ្សព្វផ្សាយ ។ កាលដែល​ពួកគេ​ធ្វើតាម​ទស្សនៈវិស័យ​របស់​ពួកគេ គឺ​ទៅ​បម្រើ នោះ​ពួកគេ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ជាច្រើន ហើយ​នៅក្នុង​នោះ ក៏​បាន​ផ្លាស់ប្ដូរ​ជីវិត​ពួកគេ​ផ្ទាល់​ផងដែរ ។ ក្នុង​សន្និសីទ​​ទូទៅ​លើកមុន ប្រធាន ម៉នសុន បាន​អរគុណ​យើង​សម្រាប់​ការបម្រើ​ដែល​យើង​ផ្ដល់​ដល់​គ្នា​ទៅវិញ​ទៅមក ហើយ​បានរំឭក​យើង​ពី​ទំនួលខុសត្រូវ​របស់​យើង ដើម្បី​ធ្វើ​ជា​ព្រះហស្ត​នៃ​ព្រះ​ក្នុង​ការ​ផ្ដល់​ពរជ័យ​ដល់​កូនចៅ​ទ្រង់​នៅ​លើ​ផែនដី​នេះ ( សូមមើល «កាល​ដែល​យើងជួប​គ្នា​ម្ដង​ទៀត» លីអាហូណា និង Ensign, ខែ​វិច្ឆិកា ឆ្នាំ 2011, ទំព័រ 108 ) ។ ពេលបំពេញ​ភារកិច្ច​នេះ​ធ្វើ​ឲ្យ​ដួងចិត្ត​កក់ក្ដៅ​ណាស់ ក្នុងនាម​ជាសមាជិក​នៃ​សាសនាចក្រ​ ដែល​បាន​ធ្វើ​តាម​ទស្សនៈ​របស់​ទ្រង់ ។

ដោយ​យល់​ថា យើង​ត្រូវការ​ជំនួយ នោះ​មុនពេល​ព្រះអង្គ​សង្គ្រោះ​បាន​ចាកចេញទៅ ទ្រង់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​មិន​ចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មកឯ​អ្នករាល់​គ្នាវិញ » ( យ៉ូហាន 14:18 ) ។ ទ្រង់​បានបង្រៀន​ពួកសិស្ស​ទ្រង់​ថា « ព្រះដ៏​ជាជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់គ្នា ពី​គ្រប់សេចក្ដី​ទាំងអស់ ក៏​នឹង​រំឭក​ពី​គ្រប់​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់ដល់​អ្នករាល់គ្នាដែរ » ( យ៉ូហាន 14:26 ) ។ នេះ​ជាព្រះវិញ្ញាណ​បរិសុទ្ធ​ដដែល ដែល​អាច​ផ្ដល់​អំណាច និង​ជម្រុញ​យើង​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ និង​ព្យាការី និង​ពួកសាវក​សម័យ​ទំនើប​របស់​យើង​បង្រៀន ។

ពេល​យើង​ធ្វើតាម​ការបង្រៀន​របស់​អ្នកដឹកនាំ​យើង នោះ​យើង​នឹង​ទទួល​ការយល់ដឹង​កាន់តែ​ជ្រាលជ្រៅ ពី​ទស្សនៈវិស័យ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​សម្រាប់​យើង ។ ក្នុង​សន្និសីទ​នេះ យើង​បានទទួល​ដំបូន្មាន​ដែល​ពេញ​ដោយ​ការបំផុស​គំនិត មកពី​ព្យាការី និង​ពួកសាវក ។ ចូរ​សិក្សា​ការបង្រៀន​របស់​ពួកលោក ហើយ​ចូរ​ពិចារណា​ក្នុង​ចិត្ត​អ្នក ខណៈ​ដែល​ស្វែងរក​វិញ្ញាណ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ទទួល​ការយល់ដឹង និង​ទីបន្ទាល់​ពី​ការបង្រៀន​ទាំងនេះ ក្នុង​ជីវិត​អ្នក ។ ជាមួយ​នឹង​ការយល់ដឹង និង​ទីបន្ទាល់​នោះ ចូរ​អនុវត្ត​សេចក្ដី​ជំនឿ​អ្នក ដោយ​ធ្វើតាម​ដំបូន្មាន​របស់​ពួកលោក ។

ចូរ​ស្រាវជ្រាវ និង​សិក្សា​ព្រះគម្ពីរ ដោយ​គំនិត​មួយ​ដែល​នឹង​ទទួល​យក​ពន្លឺ និង​ការចេះដឹង​បន្ថែម​ទៀត ពី​សារដំណឹង​របស់​ពួកលោក​សម្រាប់​អ្នក ។ ចូរ​ពិចារណា​សារ​ទាំងនោះ​ក្នុង​ចិត្ត​អ្នក ហើយ​ឲ្យ​សារ​ទាំងនោះ​បំផុតគំនិត​អ្នក ។ បន្ទាប់មក ចូរ​ធ្វើតាម​ការបំផុស​ដែល​អ្នក​មាន ។

ពេល​យើង​បាន​រៀន​ជា​ក្រុមគ្រួសារ នោះ​យើង​អនុវត្ត ពេល​យើង​តមអាហារ និង​អធិស្ឋាន ។ អាលម៉ា​បាននិយាយ​ពី​ការតមអាហារ និង​ការអធិស្ឋាន​ថា ជា​របៀប​មួយ​ក្នុងការ​ទទួលបាន​ការធានា​អះអាង ពេល​លោក​បាននិយាយ​ថា « ខ្ញុំ​បាន​តមអាហារ ហើយ​បាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ ដើម្បី​ខ្ញុំ​អាច​ដឹង​នូវ​រឿង​ទាំងនេះ​ដោយ​ខ្លួន​ខ្ញុំ » ( អាលម៉ា 5:46 ) ។ ដូចគ្នាដែរ យើង​អាចដឹង​ពី​របៀប​ប្រឈម​នឹង​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​យើង​បាន តាមរយៈ​ការតមអាហរ និង​ការអធិស្ឋាន ។

យើង​ទទួលបទពិសោធន៍​លំបាកៗ​ក្នុង​ជីវិត​យើង ដែល​ពេលខ្លះ អាច​បង្អាក់​ទស្សនៈវិស័យ និង​ជំនឿ​របស់​យើង ក្នុង​ការធ្វើអ្វី​ដែល​យើង​គួរ​ធ្វើ ។ យើង​រវល់ពេក ដែល​ជាញឹកញាប់ យើង​មានអារម្មណ៍​ថា​ធ្ងន់​ពេក ហើយ​មិនអាច​ធ្វើ​អ្វី​ថែមទៀត​បានទេ ។ ដោយ​យើង​ម្នាក់ៗ​ខុសគ្នា នោះ​ខ្ញុំ​សូម​ផ្ដល់​យោបល់​ដ៏​រាបទាប​ថា យើង​ត្រូវតែ​ផ្ដោត​ទស្សនៈ​យើង​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់​ទ្រង់ ។ តើ​អ្វី​ដែល​ទ្រង់​បាន​ឃើញ​ក្នុង ពេត្រុស, យ៉ាកុប, និង​យ៉ូហាន និង​ពួកសាវក​ផ្សេងទៀត ដែល​បំផុស​ឲ្យ​ទ្រង់​អញ្ជើញ​ពួកគេ​ឲ្យ​មកតាមទ្រង់​នោះ ? ដូចជា​ទស្សនៈ​របស់​ទ្រង់​អំពី​​ពួកគេ ព្រះអង្គ​សង្គ្រោះ​មាន​នូវ​ទស្សនៈ​យ៉ាងអស្ចារ្យ​ថា យើង​អាចក្លាយ​ជា​នរណា ។ យើង​នឹង​ត្រូវ​មាន​ជំនឿ និង​ក្ដីក្លាហាន​ដូចគ្នា​នោះ ដែល​ពួកសាវក​ដំបូងៗ​នោះ​មាន ដើម្បី​យើង​ផ្ដោត​ជាថ្មី​ទៅលើ​អ្វី​ដែល​សំខាន់​បំផុត ក្នុង​ការ​នាំមក​នូវ​សុភមង្គល​ដ៏​គ្មានទីបំផុត និង​ក្ដីអំណរ​ដ៏​អស្ចារ្យ ។

ពេល​យើង​សិក្សា​ពី​ជីវិត​ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​ការបង្រៀន​របស់​ទ្រង់ យើង​ឃើញ​ទ្រង់​នៅ​ក្នុង​ចំណោម​ប្រជាជន បង្រៀន, អធិស្ឋាន, ពង្រឹង, និង​ព្យាបាល ។ កាលដែល​យើង​ព្យាយាម​ក្លាយ​ដូចទ្រង់ ហើយ​ធ្វើ​អ្វីៗ​ដែល​យើង​ឃើញ​ទ្រង់​ធ្វើ នោះ​យើង​ចាប់ផ្ដើម​មាន​ទស្សនៈវិស័យ​មួយ​ថា យើង​អាច​ក្លាយ​ជា​នរណា ។ អ្នក​នឹង​ទទួល​ពរជ័យ​នៃ​ការយល់ដឹង តាមរយៈ​ជំនួយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ធ្វើ​ការណ៍​ល្អ​កាន់តែ​ច្រើនឡើង ។ ការផ្លាស់ប្តូរ​នឹងចាប់ផ្ដើម​កើតមាន ហើយ​អ្នក​នឹង​នាំ​មក​នូវ​ទម្លាប់​ខុសប្លែក​មួយ​ដល់​ជីវិត​អ្នក ដែល​នឹង​ផ្ដល់ពរ​ដល់​អ្នក និង​គ្រួសារ​អ្នក ។ អំឡុង​ការបម្រើ​របស់ទ្រង់​ក្នុងចំណោម​ពួក​នីហ្វៃ ព្រះអង្គ​សង្គ្រោះ​បានសួរ​ថា « តើ​អ្នក​រាល់គ្នា​គួរ​ធ្វើ​ជាមនុស្ស​បែបណា​ទៅ ? » ទ្រង់​បាន​តប​ថា « ត្រូវឲ្យ​ដូច​ជាយើង » ( នីហ្វៃទី 3 27:27 ) ។ យើង​ត្រូវការ​ជំនួយ​ទ្រង់ ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ហើយ​ទ្រង់​បានបង្ហាញ​យើង​ពី​របៀប ៖ « ដូច្នេះ ចូរសូម ហើយ​អ្នក​នឹងទទួល ចូរគោះ នោះ​តែង​នឹងបើក​ឲ្យ​អ្នក ត្បិត​អ្នកណា​ដែល​សូម នោះ​នឹង​បានទទួល រីឯ​អ្នកណា​ដែល​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក​នោះ » ( នីហ្វៃទី 3 27:29 ) ។

ខ្ញុំ​ដឹង​ថា កាលដែល​យើង​មានទស្សនៈវិស័យ​ពី​ខ្លួនយើង ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​ឃើញ​យើង ហើយ​កាលដែល​យើង​អនុវត្ត​តាម​ទស្សនៈវិស័យ​នោះ នោះ​ជីវិត​យើង​នឹង​បានពរជ័យ ក្នុង​របៀប​ដែល​យើង​មិន​បាន​រំពឹង​ទុក ។ ដោយ​សារ​តែ​ទស្សនៈ​នៃ​ឪពុកម្ដាយ​ខ្ញុំ នោះ​ជីវិត​ខ្ញុំ​មិនត្រឹម​តែ​ត្រូវបាន​ប្រទានពរ​ជាមួយ​នឹង​ការអប់រំ​ប៉ុណ្ណោះទេ តែ​ខ្ញុំ​ត្រូវបាន​ដាក់​ឲ្យ​នៅក្នុង​កាលៈទេសៈ​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រកឃើញ និង​អោបក្រសោប​ដំណឹងល្អ ។ សំខាន់​ជាងនោះទៀត ខ្ញុំ​បាន​រៀន​ពី​សារសំខាន់​នៃ​ឪពុកម្ដាយ​ល្អ និង​ស្មោះត្រង់ ។ ដោយ​ទង្វើ​ដ៏​សាមញ្ញ នោះ​ជីវិត​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ជារៀង​រហូត ។

គឺ​ដូចជា​ទស្សនៈវិស័យ​មួយ​ដែល​បាននាំ​ឲ្យ​ឪពុកម្ដាយខ្ញុំ​តមអាហារ និង​អធិស្ឋាន​សម្រាប់​សុខុមាលភាព​កូនៗ​ពួកលោក ហើយ​ដូចជា​ទស្សនៈវិស័យ​របស់​ពួកសាវក​ពី​មុន បាននាំ​ពួកលោក​ឲ្យ​ដើរតាម​ព្រះអង្គ​សង្គ្រោះ ទស្សនៈវិស័យ​ដូចគ្នា​នោះ​ក៏​មាន​ដើម្បី​បំផុស និង​ជួយ​យើង​ឲ្យ​ធ្វើ​ផងដែរ ។ បងប្អូនប្រុសស្រី យើង​ជា​ប្រជាជន​ដែល​មាន​ប្រវត្តិ​នៃ​ទស្សនៈវិស័យ និង​ក្ដីជំនឿ និង​ក្ដីក្លាហាន ដើម្បី​ធ្វើ ។ ចូរ​ក្រឡេក​មើល​ពី​កន្លែង​ដែល​យើង​មក និង​ពរជ័យ​ដែល​យើង​បានទទួល ! ចូរ​ជឿ​ថា ទ្រង់​អាច​ប្រទានពរ​អ្នក​ជាមួយនឹង​ទស្សនៈវិស័យ​ក្នុង​ជីវិត​អ្នក និង​ក្ដី​ក្លាហាន​ដើម្បី​ធ្វើ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ដល់​អ្នក ពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះបំណង​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​ត្រឡប់ទៅ​ទ្រង់​វិញ ។ ដើម្បី​ធ្វើ​ដូច្នោះ យើង​ត្រូវតែ​មាន​ជំនឿ​ដើម្បី​ធ្វើ---ដើម្បី​ធ្វើតាម និង​ក្លាយ​ដូច​ទ្រង់ ។ ឆ្លងកាត់​ពេល​វេលា​ខុសៗគ្នា​ក្នុង​ជីវិត​យើង ទ្រង់​ហុច​ព្រះហស្ត​ទ្រង់​មក ហើយ​អញ្ចើញ​យើង​ថា ៖

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង ។

« ពីព្រោះ​នឹម​ខ្ញុំ​ងាយទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ( ម៉ាថាយ 11:29–30 ) ។

ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បានឃើញ​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​ក្នុង​ពួកសិស្ស​ទ្រង់​ពីមុន ទ្រង់​ក៏​ឃើញ​ដូចគ្នា​ដែរ​ក្នុង​ពួកយើង ។ ចូរ​យើង​មើលឃើញ​ខ្លួន​យើង ដូច​ព្រះអង្គ​សង្គ្រោះ​ឃើញ​យើង​ដែរ ។ ខ្ញុំ​អធិស្ឋាន​ថា​យើង​នឹង​មាន​ទស្សនៈវិស័យ​នោះ ដោយ​ក្ដីជំនឿ និង​ក្ដី​ក្លាហាន​ដើម្បី​ធ្វើ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។