ឆ្នាំ ២០១០-២០១៩
ការរត់ប្រណាំង​នៃ​ជីវិត
មេសា 2012


ការ​រត់ប្រណាំង​នៃ​ជីវិត

តើ​យើង​បាន​មក​ពី​ណា ? ហេតុអ្វី​យើង​នៅ​ទីនេះ ? តើ​យើង​នឹង​ទៅ កន្លែង​ណា​បន្ទាប់​ពី​យើង​ចាក​ចេញ​ពី​ជីវិត​នេះ ?​ឈប់​ជា​សំណួរ​ទូទៅ​ដែល​គ្មាន​ចម្លើយ​ទៀត​ហើយ ។

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ នា​ព្រឹកនេះ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច-- ជា​សេចក្ដី​ពិត​ទាំងឡាយ​ដែលលម្អ​ជីវិត​របស់​យើង និង​មើល​ឃើញ​យើង​ទៅ​កាន់​ផ្ទះ​ដោយ​សុវត្ថិភាព ។

មនុស្សមានភាព​ប្រញាប់ប្រញាល់​នៅ​គ្រប់ទីកន្លែង ។ យន្ដហោះ​ ហោះ​ហើយ​ដឹក​អ្នក​ធ្វើ​ដំណើរ​ដ៏​មាន​តម្លៃ​របស់​ពួកគេ​ឆ្លង​កាន់​ទ្វីប និង​មហាសមុទ្រធំៗ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ការ​ប្រជុំ​អាជីវកម្ម​របស់ពួកគេ, បំពេញ​កាតព្វកិច្ច, រីករាយ​វិស្សមកាល, ឬ​សួរសុខទុក្ខគ្រួសារ ។ ផ្លូវ​គ្រប់​ទីកន្លែង-- រួមទាំង​មហាវិថី, ផ្លូវជាតិ និង​​ផ្លូវ​រថយន្ដ-- បាន​ទ្រ​រថយន្ដ​រាប់​លានគ្រឿង ដែល​មានដឹក​​មនុស្ស​រាប់​លាន​នាក់ នៅ​ពេល​យើង​រួសរាន់​ទៅ​ធ្វើ​កិច្ចការ​រាល់​ថ្ងៃ ហាក់​ដូចជា​មាន​លំហូរ​ឥត​ឈប់ឈរ ហើយ​មាន​មូលហេតុ​ផ្សេងៗ​គ្នា ។

នៅ​ក្នុងដំណើរ​ដ៏​លឿន​នៃ​ជីវិត តើ​យើង​ធ្លាប់​ឈប់ផ្អាក​មួយសន្ទុះ​ដើម្បី​សញ្ជឹកគិត -- ឬ​គិត​​អំពី​សេចក្ដីពិត​គ្មាន​ទី​បំផុត​ឬ​ទេ ?

នៅ​ពេល​ប្រៀប​ធៀប​ទៅ​នឹង​សេចក្ដី​ពិត​ដ៏អស់កល្ប សំណួរ​ និង​កង្វល់​ភាគច្រើន​នៃ​ជីវិត​ប្រចាំ​ថ្ងៃ គឺ​ពិត​ជាតូច​តាច​ណាស់ ។ តើ​យើង​គួរ​មាន​អ្វី សម្រាប់អាហារពេលល្ងាច ? តើ​យើង​គួរ​លាប​​បន្ទប់ទទួលភ្ញៀវ​របស់​យើង​ពណ៌អ្វី ? តើ​គួរ​ឲ្យ Johnny លេង​ក្នុង​ក្រុម​បាល់​ទាល់​ដែល​បាន​រៀបចំឬ​ទេ ? សំណួរ​ទាំងនេះ និង​សំណួរដទៃ​ទៀតរាប់មិនអស់ដូច​នេះ ពុំ​សូវ​មានសារៈសំខាន់​ទេ នៅពេល​គ្រា​នៃ​វិបត្តិ​កើត​ឡើង នៅ​ពេល​មនុស្ស​ជាទីស្រឡាញ់​ត្រូវ​ឈឺចាប់ ឬ​រងគ្រោះ នៅ​ពេលនរណា​ម្នាក់​ឈឺភ្លាមៗ នៅ​ពេល​នរណាម្នាក់​ឈឺ និង​គំរាមគំហែង​ដោយ​សេចក្ដី​ស្លាប់ ។ គំនិត​របស់​យើង​ត្រូវ​បាន​ដុះខាត់ ហើយ​យើង​អាច​កំណត់​យ៉ាង​ងាយ​ នូវ​អ្វី​ដែល​សំខាន់​ពិត និង​អ្វី​ដែល​មិន​សូវ​សំខាន់ ។​

ថ្មីៗ​នេះ​ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​ស្ត្រី​ម្នាក់ ដែល​មាន​ជម្ងឺ​គំរាម​គំហែង​ដល់​ជីវិត​កាល​ពី​ពីរ​ឆ្នាំ​មុន ។ គាត់​បាន​ប្រាប់​ថា មុន​ពេល​គាត់ឈឺ ជីវិត​របស់​គាត់​មាន​ពេញ​ទៅ​ដោយ​សកម្មភាព ដូចជា​សម្អាត​ផ្ទះ​យ៉ាងស្អាត ហើយ​ដាក់តុបតែងពេញ​ដោយ​​គ្រឿង​សង្ហារឹមដ៏​​​ស្រស់ស្អាត ។ គាត់​ទៅ​ធ្វើ​សក់​ពីរ​ដង​ក្នុង​មួយអាទិត្យ ចំណាយ​ប្រាក់ និង​ចំណាយ​ពេល​រាល់​ខែ ទិញ​សម្លៀកបំពាក់ ។ ចៅៗ​របស់​គាត់ ពុំ​សូវ​បាន​ឲ្យ​ទៅ​លេង​ញឹកញាប់ទេ ។ ព្រោះ​គាត់​តែងតែ​បារម្ភ​ថា ទ្រព្យ​មានតម្លៃ​របស់​គាត់​ អាច​នឹង​បាក់បែក ឬ​ខូច​ដោយ​សារ​ដៃ​ក្មេង​មិន​ចេះ​ប្រយ័ត្ន ។

បន្ទាប់​មក​គាត់​បាន​ទទួល​ដំណឹង​ដ៏ភ្ញាក់ផ្អើល​ថា ជីវិត​របស់​គាត់ នឹង​ត្រូវ​ស្លាប់ ហើយ​ថា​គាត់​អាច​មាន​ពេល​តិច​ណាស់ ។ គាត់​បាន​និយាយថា ​នៅ​គ្រា​ដែលគាត់​បានស្ដាប់​ឮ​រោគវិនិច្ឆ័យ​របស់​វេជ្ជបណ្ឌិត ​គាត់​បាន​ដឹង​ភ្លាម​ថា គាត់​នឹង​ចំណាយ​ពេល​ទាំងប៉ុន្មាន​ដែល​គាត់​មាន​ជាមួយគ្រួសារ មិត្តភក្ដិ និង​ដំណឹងល្អ សំខាន់​ក្នុង​ជីវិត​គាត់ ត្បិត​អ្វី​ទាំង​នេះ តំណាង​ឲ្យ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​គាត់ ។ ពេល​ដូច្នោះ​​នឹង​កើត​មាន​ចំពោះ​យើងទាំងអស់គ្នា បើ​មិន​ពេល​នេះ​ ក៏​ពេល​ផ្សេងដែរ ប៉ុន្តែ​ប្រហែល​ជា​មិន​មាន​ស្ថានភាពដ៏អាក្រក់​ដូច្នេះ​ជានិច្ច​នោះ​ទេ ។

ពេល​ដូច្នោះ​​នឹង​កើត​មាន​ចំពោះ​យើងទាំងអស់គ្នា បើ​មិន​ពេល​នេះ​ ក៏​ពេល​ផ្សេងដែរ ប៉ុន្តែ​ប្រហែល​ជា​មិន​មាន​ស្ថានភាពដ៏អាក្រក់​ដូច្នេះ​ជានិច្ច​នោះ​ទេ ។ យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ថា អ្វី​មាន​សារៈសំខាន់​ពិត​ក្នុងជីវិត​របស់​យើង ហើយ​យើង​គួរ​តែ​រស់នៅ​តាម​របៀប​ណា ។

ព្រះអង្គសង្គ្រោះ​មាន​បន្ទូលថា ៖

«​កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី​ជា​កន្លែង​ដែល​មានកន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ​ ហើយចោរ​ទំលុះ​​​ប្លន់​នោះ​ឡើយ ។

«តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សម្រាប់​ខ្លួន​ឯង​នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ៖

«ពីព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ» ។ 1

ក្នុង​ជំនាន់​របស់​យើង មាន​ការ​គិត ឬតម្រូវ​ការ​ធំបំផុត ​ស្វែង​រក​ចម្លើយ​ដ៏ទេវភាព ចំពោះ​សំណួរ​ដ៏​ធំបំផុត​នៃ​ជីវិត អំពីព្រលឹង​មនុស្ស​អាច​ទៅកាន់​ស្ថានសួគ៌ ៖ តើ​យើង​បាន​មក​ពី​ណា ? ហេតុអ្វី​យើង​នៅ​ទីនេះ ? តើ​យើង​នឹង​ទៅ កន្លែង​ណា​បន្ទាប់​ពី​យើង​ចាក​ចេញ​ពី​ជីវិត​នេះ ?​

ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ពុំ​មាន​នៅ​ក្នុង​សៀវភៅ​អាន​នៅ​សាកលវិទ្យាល័យ​ ឬ​តាម​ការ​ស្រាវជ្រាវ​ក្នុងអ៊ិនធើរណិត ។ សំណួរ​ទាំងនេះ ហួសពី​ជីវិតរមែងស្លាប់ ។ វា​ស្ដី​អំពី​ភាពអស់កល្បជានិច្ច ។

តើ​យើងបាន​​មក​ពី​ណា ? ​សំណួរ​នេះ គឺ​ជា​គំនិត​ជាក់លាក់ បើ​មិន​និយាយ​ដោយ​មនុស្ស​គ្រប់គ្នា​ទេ ។

សាវក​ប៉ុល បាន​ប្រាប់​ដល់​ប្រជាជន​ក្រុង​អាថែន​នៅ​លើ​ភ្នំ​អើ​រីយ៉ូស ថា «យើង​រាល់​គ្នា​ជា​ពូជ​ព្រះ» ។ 2 ដោយ​សារ​យើង​ដឹង​ថា រូបកាយ​របស់​យើង​ជា​ពូជ​របស់​ឪពុក​ម្ដាយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង យើង​ត្រូវ​តែ​ស្រាវជ្រាវ​អំពី​អត្ថន័យ​នៃ​ការ​ថ្លែង​របស់​ប៉ុល ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា «​ហើយ​វិញ្ញាណ និង​រូបកាយ គឺ​ជា​ព្រលឹង​នៃ​មនុស្ស» ។ 3 ដូច្នេះ​វិញ្ញាណ​គឺ​ជា​ពូជ​របស់​ព្រះ ។ អ្នក​សរសេរ​គម្ពីរ​ហេព្រើរ សំដៅ​ថា ទ្រង់​ជា «​ព្រះវរបិតា​ខាង​វិញ្ញាណ» ។ 4 ព្រលឹង​នៃ​មនុស្ស​ទាំងអស់ គឺ​ជា​ «បុត្រា និង​បុត្រី​សំណប់​» របស់​ទ្រង់ ។5

ត្បិត​ការ​សិក្សា​របស់​យើង​អំពី​ប្រធានបទនេះ យើង​យល់​កំណាព្យ​ដែល​បំផុស​គំនិត​នោះ បាន​សរសេរ​នូវ​សារលិខិត​ដ៏​បំផុសគំនិត ហើយ​បាន​កត់​ត្រា​គំនិត​ដ៏អស្ចារ្យ ។ វិល្លាម វើតស្វើស បាន​សរសេរ​សេចក្ដីពិតថា ៖

កំណើត​យើង​ដូចជា​ការ​គេង ហើយក៏​​ភ្លេចបាត់ ៖

ព្រលឹង​ដែល​រស់ឡើង​នឹង​យើង ជា​ផ្កាយនៃ​​ជីវិត​យើង

មាន​ជីវិត​តាំង​ពី​មុន​យើង​ចាប់​កំណើត

ហើយ​មក​ពី​ទី​ដ៏​ឆ្ងាយ​ ៖

យើង​ពុំ​បាន​ភ្លេច​អ្វីៗ​ទាំង​អស់​ទេ

ពុំ​មែនទទេស្អាត​នោះ​ឡើយ

ព្រោះ​យើង​កើត​មក​មាន​ទេវភាព​ជាប់​នឹង​យើង

មក​ពីព្រះ ដែល​ជា​ផ្ទះ​របស់​យើង ៖

នាម​ជាទារកតូច​យើង​នៅ​តែ​ជាប់នឹង​ស្ថានសួគ៌! 6

ឪពុកម្ដាយ​ពិចារណា​អំពី​ការទទួលខុសត្រូវ​របស់​ពួកគេ​ដើម្បី​បង្រៀន បំផុសគំនិត និង​ផ្ដល់​ការ​ដឹកនាំ​ និង​ធ្វើ​ជា​គំរូ​ ។ ខណៈ​ដែល​ឪពុក​ម្ដាយ​ពិចារណា នោះ​កូនៗ-- ជាពិសេស​យុវវ័យ-- ត្រូវ​បាន​សុំឲ្យ​សួរ​សំណួរ​ដ៏​សំខាន់​នេះ​ថា «​ហេតុអ្វី​យើង​នៅ​ទីនេះ ?» ជា​ធម្មតា វា​និយាយ​ស្ងាត់ៗ​នៅ​ក្នុង​ព្រលឹង​នូវ​ឃ្លា​នេះ​ថា «ហេតុអ្វី ខ្ញុំ នៅទីនេះ ?»

យើង​មានអំណរគុណ​ណាស់ ដែល​អង្គបង្កបង្កើត​ដ៏​ឈ្លាសវៃ បាន​បង្កើត​ផែនដី ហើយ​ដាក់​យើង​នៅ​ទីនេះ ដោយ​មាន​វាំងនន​នៃ​ការ​ភ្លេច អំពី​ជីវិត​ពី​មុន​របស់​យើង ដើម្បី​យើង​អាច​មាន​បទពិសោធន៍​ក្នុង​គ្រា​នៃ​ការ​សាកល្បង ជា​ឱកាស​ដើម្បី​បង្ហាញ​ខ្លួន​យើងថា មានភាពសក្ដិសម​ចំពោះ​អ្វីៗ​ទាំងអស់ ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​យើង​ទទួល ។

គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​របស់​យើង​លើ​ផែនដី គឺ​ដើម្បី​ទទួល​សាច់ឈាម និង​ឆ្អឹង ។ យើង​ក៏​បាន​ទទួលអំណោយ​ទាន​នៃ​ការ​ជ្រើសរើស​ផងដែរ ។ យើង​មាន​ឯកសិទ្ធិ​ជ្រើសរើសរាប់​ពាន់​វិធី​សម្រាប់​ខ្លួន​យើង ។ នៅ​ទីនេះ​យើង​រៀន​​ចេញ​មកពី​តម្រូវ​ការ​ដ៏​ពិបាក​ក្នុង​បទពិសោធន៍​ផ្ទាល់​ខ្លួន ។ យើង​ដឹង​រវាង​ល្អ និង​អាក្រក់ ។ យើង​ញែកដឹង​អ្វី​ល្វីងជូចត់ និង​ ផ្អែមល្ហែម ។ យើង​រក​ឃើញ​ថា មាន​លទ្ធផល​ទាក់ទង​នឹង​សកម្មភាព​របស់​យើង​ផងដែរ ។

តាម​រយៈ​ការ​គោរពប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​របស់​ព្រះ យើង​អាច​មាន​ភាពសក្ដិសម​ចំពោះ «ដំណាក់» ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល នៅពេលទ្រង់​ប្រកាស​ថា ៖ «នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតាខ្ញុំ មាន​ទី​លំនៅ​ជាច្រើន... ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នករាល់គ្នា... ប្រយោជន៍​ឲ្យ​អ្នករាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ» ។ 7

ទោះ​ជា​យើង​មក​ក្នុង​ជីវិត​រមែងស្លាប់​នេះ «ពពក​នៃ​សិរីល្អ» រំកិល​ទៅ​មុខ​ឥតឈប់ឈរ ។ ចាប់​ពីកុមារភាពដល់​យុវវ័យ ហើយភាព​​ធំដឹងក្ដី​កើត​មាន​ដោយ​សន្សឹមៗ ។ ចេញ​មក​ពី​បទពិសោធន៍ យើង​ដឹង​ថា យើង​ត្រូវ​​ការជំនួយពី​ស្ថានសួគ៌ នៅ​ពេល​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​ជីវិត​របស់​យើង ។

ព្រះ ជាព្រះវរបិតា​របស់​យើង និង​ព្រះយេស៊ូវគ្រីស្ទ​ ជាព្រះអម្ចាស់​យើង បាន​គូស​ផ្លូវ​ទៅ​កាន់​ភាព​ល្អឥតខ្ចោះ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាមសេច​ក្ដី​ពិត​ដ៏អស់កល្ប ហើយ​ប្រែក្លាយ​ជា​ឥតខ្ចោះ ដូចជា​ទ្រង់​ល្អ​ឥតខ្ចោះ ។ 8

សាវក​ប៉ុល​ប្រដូច​ជីវិត​ទៅ​នឹង​ការ​រត់ប្រណាំង ។ គាត់​បាន​ជម្រុញ​ដល់​ពួក​ហេព្រើរ​ថា «ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង... ​អំពើបាប ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទីប្រណាំង​ដែល​នៅ​មុខ​យើង​ ដោយ​អំណត់​» ។ 9

ដោយ​ចិត្ត​ក្លៀវក្លា​របស់​យើង ចូរ​យើង​កុំ​មើល​រំលង​ដំបូន្មាន​ដ៏​ឈ្លាស​វៃ​មក​ពី​សាស្ដា​ថា ៖ «ការ​រត់​ប្រណាំ​មិន​សម្រេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចម្បាំង​មិន​សម្រេច​នឹង​មនុស្ស​ដែល​មាន​កម្លាំង​ដែរ» ។ 10 ជាការពិតណាស់ រង្វាន់​គឺ​បាន​ទៅលើ​អ្នក​ដែល​ប្រកាន់ខ្ជាប់​ដល់​ទីបំផុត ។

នៅ​ពេល​ខ្ញុំ​គិត​អំពី​ការរត់ប្រណាំ​ង​នៃ​ជីវិត ខ្ញុំ​ចាំ​អំពី​ការ​រត់​ប្រណាំង​មួយ​ប្រភេទ​ទៀត តាំង​ពី​កុមារភាព ។ មិត្ត​របស់​ខ្ញុំ និង​ខ្ញុំ​នឹង​យក​កំបិត​​ទៅ​ជាមួយ​យើង ទៅ​កាប់​​ដើម​ឈើសូល​ទន់ៗ ឆ្លាក់ធ្វើ​ជា​ទូក​តូច​មួយ ។ ដោយ​មាន​ដាក់​ក្រណាត់​រាងត្រីកោណ​ធ្វើ​ក្ដោង យើង​ម្នាក់ៗ​បាន​ដាក់​ទូក​ក្នុង​ទឹកទន្លេ​ប្រូវ៉ូ​​រដ្ឋ​យូថាហ៍ ដែល​ហូរ​យ៉ាង​ខ្លាំង​ប្រណាំងគ្នា ។ យើង​នឹង​រត់​បណ្ដោយ​តាម​ច្រាំងទន្លេ មើល​ទូក​តូច​នោះ ពេល​ខ្លាំង​វាត្រូវ​មុជងើបៗ​នៅ​ក្នុង​ចរន្ដ​ទឹក​ហូរ​យ៉ាង​ខ្លាំង​នោះ ហើយ​ជួន​កាល​អណ្ដែត​យ៉ាង​ស្ងប់​ស្ងាត់​ ។

អំឡុង​ពេល​ការប្រណាំងនោះ​ យើង​កត់​សម្គាល់​ថា ទូក​មួយ​នាំ​មុខ​ទូក​ទាំងអស់​ទៅ​កាន់​ទី​ផ្ដាច់ព្រាត់ ។ រំពេច​នោះ ចរន្ដ​ទឹក​នាំ​វា​ទៅ​ជិត​នឹង​ទឹក​គួច​ដ៏​ធំ ហើយ​ទូក​បាន​ក្រឡាប់ ។ វា​វិលជុំវិញក្នុងទឹកគួច ​មិន​អាច​ត្រឡប់​មក​ចរន្ដ​ទឹក​ធម្មតា​ទេ ។ ទីបំផុត វាពុំ​​ស្រួល​ចិត្ត​​ដើម្បី​មើល​ឃើញ​ទូក​ត្រូវ​​ខ្ទេចខ្ទី​ ដែល​នៅ​ជាប់​នឹង​ស្លែពណ៌បៃតង ។ ​

ទូក​តូច​កាល​ពីកុមារភាព នោះ​ពុំ​មាន​អ្វី​ទប់​លំនឹងទេ គ្មាន​ចង្កូត​ដើម្បី​តម្រង់​ទិស ហើយ​គ្មាន​ប្រភព​ថាមពល​ទេ ។ ជោគ​វាសនា​របស់​វា​គឺ​ចុះ​ទៅ​តាម​ខ្សែទឹក​ដែល​ពុំ​អាច​ចៀសរួច-- ផ្លូវ​មាន​​ការ​តស៊ូ​តិចតួច ។

យើងត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អាកប្បកិរិយា​ដ៏​ទេវភាព ដើម្បី​ដឹក​នាំ​ដំណើរ​របស់​យើង ពុំ​ដូចជា​ទូក​តូច​នោះ​ទេ ។ យើង​ចូល​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ពុំ​មែន​ដើម្បី​អណ្ដែត​តាម​ចរន្ដ​ទឹក​ហូរ​នៃ​ជីវិត​នោះ​ទេ ប៉ុន្តែ​ដោយ​មាន​អំណាច​ដើម្បី​គិត រកមូលហេតុ និង​ដើម្បី​សម្រេចជោគជ័យ ។

ព្រះវរបិតាសួគ៌​របស់​យើង ពុំ​ដាក់​ឲ្យ​យើង​​​ធ្វើ​ដំណើរ​ដ៏អស់កល្ប​ ដោយ​គ្មាន​ផ្ដល់​មធ្យោបាយ ដើម្បី​យើង​អាច​ទទួល​ការ​ណែនាំ​មក​ពី​ទ្រង់ ដើម្បី​ប្រាកដ​ថា យើង​ត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព​នោះ​ទេ ។ ខ្ញុំ​និយាយ​អំពី​ការ​អធិស្ឋាន ។ ខ្ញុំ​និយាយ​ផងដែរ​អំពី​ការ​ខ្សឹប​ប្រាប់​មក​ពី​សម្លេង​តូច​រហៀង ហើយ​ខ្ញុំ​ពុំ​ភ្លេច​អំពី​ព្រះគម្ពីរដ៏​បរិសុទ្ធ​ទាំងឡាយ​ទេ ដែល​មាន​នូវ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ និង​ពាក្យ​របស់​ពួក​ព្យាការី-- ដែល​ផ្ដល់​ឲ្យ​យើង​ដើម្បី​ជួយ​យើង​ទៅ​ដល់​ទីផ្ដាច់​ព្រាត់​ដោយ​ជោគ​ជ័យ ។

នៅ​ក្នុង​បេសកកម្ម​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង យើង​មានការ​បោះ​​ជំហាន​ដែល​ពុំ​ច្បាស់​លាស់ ស្នាម​ញញឹម​ដោយ​នឿយ​ហត់​ ការឈឺចាប់​ដោយ​សារជម្ងឺ-- ពេល​ខ្លះ​មាន​នូវ​ការ​ផ្លាស់​ពី​រដូវ​ក្ដៅ​ទៅ​ជា​រដូវ​ស្លឹក​ឈើជ្រុះ រួច​រដូវ​រងារ ហើយ​​ជួប​នឹង​បទពិសោធន៍​ដែល​យើង​ហៅ​ថា​សេចក្ដី​ស្លាប់ ។

គ្រប់​មនុស្សគិតបារម្ភ បាន​សួរ​ខ្លួន​គេ​នូវ​សំណួរ​ដែល​យ៉ូប​ពីបុរាណ​បាន​សួរ​យ៉ាង​ល្អ​ថា ៖ «​បើ​មនុស្ស​ស្លាប់ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ​ទៀត​​ឬ ?» 11 ទោះ ជា​យើង​ព្យាយាម​​យ៉ាង​ខ្លាំង ដក​សំណួរ​នោះ​ចេញ​ពី​គំនិត​យើង​ក្ដី ក៏​វា​មាន​ត្រឡប់​មក​វិញ​ដែរ​ ។ សេចក្ដី​ស្លាប់​កើត​មា​ន​ចំពោះ​មនុស្ស​គ្រប់​គ្នា ។ វា​កើត​មក​ចំពោះ​មនុស្ស​ចាស់ នៅ​ពេល​ពួកគេ​ដើរ​លែង​នឹង ។ ការ​កោះ​ហៅ​របស់​សេចក្ដី​ស្លាប់ ត្រូវ​បានអ្នក​ទាំងឡាយ​ដែល​បាន​ឈាន​ចូល​ដល់​ពាក់កណ្ដាល​នៃ​ដំណើរ​ជីវិត​របស់​ពួកគេ​ស្ដាប់​ឮ ។ ​ជួនកាល​សេចក្ដី​ស្លាប់​ បាន​បិទ​សំណើច​របស់​កុមារតូចៗ ។

ប៉ុន្ដែ​តើ​មាន​ការមានជីវិត​ក្រោយ​ពី​សេចក្ដី​ស្លាប់​ឬទេ ? តើ​សេចក្ដី​ស្លាប់​គឺ​ជាទី​បញ្ចប់នៃអ្វី​គ្រប់​យ៉ាង​ឬ ? រ៉ូប៊ើត ប្លាចហ្វត, នៅ​ក្នុង​សៀវភៅ God and My Neighbor, របស់​គាត់ បាន​​វាយ​ប្រហារយ៉ាង​ខ្លាំង ទៅ​លើ​ជំនឿ​ពួកគ្រីស្ទាន​ដែល​ទទួល​ជឿ ព្រះ, ព្រះយេស៊ូវ, ការអធិស្ឋាន និង​ជាពិសេស​ជីវិត​អមត ។​ គាត់អះអាង​ដោយ​មុតមាំ​ថា សេចក្ដី​ស្លាប់​គឺ​ជា​ទីបញ្ចប់​នេះ​ជីវិត​របស់​យើង ហើយ​គ្មាន​នរណា​ម្នាក់​អាច​​បញ្ជាក់​ថា​ពុំ​មែន​នោះ​ទេ ។ បន្ទាប់មក​មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង ។ ជញ្ជាំង​នៃការ​សង្ស័​របស់​គាត់​ត្រូវ​បាន​រលំចុះ​ដល់​ដី​មួយ​រំពេច ។ គាត់​ត្រូវ​បានទុក​ចោល ហើយ​គ្មាន​អ្វី​ការពារ ។ គាត់​បាន​ចាប់​ផ្ដើម​មាន​អារម្មណ៍​ ​ត្រឡប់​ទៅ​រក​សេចក្ដី​ជំនឿ​ ដែល​គាត់​ចំអក និងបោះបង់​ចោល​វិញ​​ដោយយឺតៗ ។ តើ​អ្វី​បាន​បណ្ដាល​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុងទស្សនៈ​គាត់យ៉ាង​ខ្លាំង​នោះ ? ភរិយា​របស់​គាត់​បាន​ស្លាប់ ។ ដួង​ចិត្ត​របស់​គាត់​ឈឺ​ចាប់ គាត់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ដាក់​របស់​របរ​របស់នាង ។ គាត់​បាន​មើល​​មុខ​មនុស្ស​ដែល​គាត់​ស្រឡាញ់​យ៉ាង​ខ្លាំងម្ដង​ទៀត ។ គាត់ចេញ​មក​វិញ ​បាន​និយាយ​ទៅ​មិត្ត​ម្នាក់​ថា ៖ «​គឺ​ជា​នាង ប៉ុន្តែ​ពុំ​មែន​ជា​នាង​ទេ ។ អ្វីៗ​បាន​ផ្លាស់​ប្ដូរ​ហើយ ។ អ្វី​មួយ​ដែល​នៅ​ទីនោះពីមុន​បាន​ដក​យក​ចេញ​ហើយ ។ នាង​មិន​ដូច​មុន​ទេ ។ តើ​អ្វី​អាចចេញ​ទៅ​បាន បើ​មិន​មែន​ជា​ព្រលឹង​នោះ ?»

ក្រោយមក​គាត់​សរសេរ​ថា៖ «​សេចក្ដី​ស្លាប់ គឺ​ពុំ​មែន​ជា​អ្វី​ដែល​មនុស្ស​ខ្លះ​នឹក​គិត​ដល់​ទេ ។ វា​គ្រាន់​តែ​ដូច​ជា​ទៅ​ក្នុ​ងបន្ទប់​មួយ​ទៀត​ប៉ុណ្ណោះ ។ នៅ​បន្ទប់​មួយ​ទៀត​នោះ យើង​នឹង​រក​ឃើញ … ស្ត្រី​ និង​បុរស និង​កូនៗ​បាន​ស្លាប់​ទៅ ​ដែល​យើង​ស្រឡាញ់ និង​បាត់​បង់​នោះ» ។ 12

បងប្អូនប្រុសស្រី​របស់​ខ្ញុំ យើង​ដឹង​ថា សេចក្ដី​ស្លាប់​ពុំ​មែន​ជាទីបញ្ចប់​នោះ​ទេ ។ សេចក្ដី​ពិត​បាន​បង្រៀន​តាមរយៈ​ពួក​ព្យាការី​នៅ​រស់ គ្រប់​ជំនាន់ ។ វា​ក៏​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ដ៏បរិសុទ្ធ​របស់​យើង​ផង​ដែរ ។ នៅ​ក្នុង​គម្ពីរមរមន យើង​អាន​នូវ​ពាក្យ​លួងលោមជាក់លាក់​ថា ៖

«ឥឡូវ​នេះ ស្ដី​អំពី​ស្ថានភាព​នៃ​ព្រលឹង​នៅ​ក្នុង​ចន្លោះ​រវាង​សេចក្ដី​ស្លាប់ និង​ដំណើរ​រស់​ឡើង​វិញ-- មើល​ចុះ មាន​ទេវតា​បាន​ប្រាប់​ឲ្យ​ឪពុក​ដឹង​ថា វិញ្ញាណ​របស់​មនុស្ស​ទាំងអស់ នៅ​មួយ​រំពេច​ដែល​ចាក​ចេញ​ពី​រូបកាយ​សាច់ឈាម​នេះ​ទៅ មែន​ហើយ​វិញ្ញាណ​របស់​មនុស្ស​ទាំងអស់​ ទោះ​ជា​គេ​ល្អ ឬ​អាក្រក់​ក្ដី នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ទៅ​ជួប​នឹង​ព្រះ ដែល​ទ្រង់​បាន​ប្រទានជីវិត​ដល់គេ ។

«ហើយ​បន្ទាប់​មក ហេតុ​ការណ៍​នឹង​កើត​ឡើង​ថា វិញ្ញាណ​របស់​ពួកសុចរិត នឹង​បាន​ទទួ​ល​ស្ថានភាព​នៃ​សុភមង្គល ដែល​ជា​ស្ថានបរមសុខ ដែល​ជា​ស្ថានភាព​ឈប់​សម្រាក ស្ថានភាព​សុខសាន្ដ ជាកន្លែង​ដែល​គេ​នឹង​បាន​សម្រាក​ពី​អស់​ទាំង​កង្វល់ ពី​អស់​ទាំង​ការ​បារម្ភ និង​ពី​ទុក្ខព្រួយ» ។ 13

បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​ត្រូវ​ឆ្កាង ហើយ​​រូបកាយ​របស់ព្រះយេស៊ូវ​បាន​ដាក់​នៅ​ក្នុង​ផ្នូរ​សម្រាប់​រយៈ​ពេល​បី​ថ្ងៃ នោះ​វិញ្ញាណ​បាន​ចូល​មក​វិញ ហើយ​ព្រះប្រោសលោះ​ដែល​​រស់​ឡើងវិញ បាន​យាង​ដើរ ​ដោយ​រូបកាយ​សាច់​ឈាម​ និង​ឆ្អឹង​នៃ​ជីវិត​អមត ។

ចម្លើយ​ចំពោះ​សំណួរ​របស់​យ៉ូប «បើ​មនុស្ស​ស្លាប់ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ​ទៀត​​ឬ ?» បាន​ទទួល​នៅ​ពេល​ម៉ារ៉ា និង​អ្នក​ដទៃ​ទៀត បាន​ទៅ​ផ្នូ ហើយ​ឃើញ​មនុស្ស​ពីរ​នាក់​ប្រកប​ដោយ​រស្មី​​បាន​ថ្លែង​ទៅ​កាន់​ពួកគេ​ថា «ហេតុអ្វី​បាន​ជា​មក​រក​ព្រះអង្គ ដែល​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ? ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ» ។ 14

ជា​លទ្ធផល​នៃ​ជ័យ​ជំនះ​របស់​ព្រះគ្រីស្ទ​លើ​សេចក្ដី​ស្លាប់ នោះ​យើង​ទាំងអស់គ្នា​នឹង​បាន​រស់​ឡើង​វិញ ។ នេះ​គឺ​ជា​ការ​ប្រោស​លោះ​នៃ​ព្រលឹង ។ ប៉ុល​បាន​សរសេរ​ថា ៖ «ក៏​មាន​រូបកាយ​សម្រាប់​ស្ថានសួគ៌ ហើយ​មាន​រូបកាយ​សម្រាប់​ផែនដី​ដែរ តែ​សិរី​របស់​រូប​កាយ​នៅស្ថានសួគ៌ នឹង​របស់​រូប​កាយនៅ​ផែនដី​នោះទីទៃពីគ្នា» ។ 15

យើង​ស្វែង​រកសិរីល្អ​សេឡេស្ទាល ។ យើង​មាន​បំណង​រស់នៅ​ក្នុង​ទី​វត្តមាន​របស់​ព្រះ ។ យើង​ចង់​មាន​គ្រួសារ​ដ៏​អស់កល្បជានិច្ច ។ ពរជ័យ​ដូច្នេះ ត្រូវ​តែ​ស្វែងរក ។

តើ​យើង​បាន​មក​ពី​ណា ? ហេតុអ្វី​យើង​នៅ​ទីនេះ ? តើ​យើង​នឹង​ទៅ កន្លែង​ណា​បន្ទាប់​ពី​យើង​ចាក​ចេញ​ពី​ជីវិត​នេះ ?​ ឈប់​ជា​សំណួរ​ទូទៅ​ដែល​គ្មាន​ចម្លើយ​ទៀត​ហើយ ។ ចេញ​មក​ពី​ក្រអៅ​បេះ​ដូង​របស់​ខ្ញុំ និងដោយ​​ក្ដី​រាបសារ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា រឿង​ទាំង​នោះ ដែល​ខ្ញុំ​បាន​និយាយ​ជា​ការ​ពិត ។

ព្រះវរបិតាសួគ៌​របស់​យើង​រីករាយ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។ ទ្រង់​ក៏​ព្រួយព្រះទ័យ​ចំពោះ​កូន​ដែលវង្វេង, យុវវ័យយឺតយ៉ាវ, យុវវ័យ​ចចេស និង​ឪពុកម្ដាយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ផងដែរ ។ លោក​ចៅ​ហ្វាយ​មាន​បន្ទូល​ដោយ​ទន់​ភ្លន់​ទៅ​អ្នក​ទាំង​នេះ ប្រាកដណាស់​ចំពោះ​មនុស្ស​ទាំងអស់​ថា ៖ «ចូរ​ត្រឡប់មកវិញ ។ ត្រឡប់មក​ផ្ទះវិញ ។ មក​រក​យើង​ចុះ» ។ ក្ដី​អំណរ​អស់កល្ប​រង់​ចាំ​យើង នៅ​ពេល​យើង​ទទួល​​ការអញ្ជើញ​ដ៏​ទេវភាព​របស់​ទ្រង់ ទៅ​រក​ភាព​តម្កើង​ឡើង ។

នៅ​ក្នុង​មួយ​សប្ដាហ៍​ទៀត យើង​នឹង​ប្រារព្ធ​ពិធីបុណ្យ​អ៊ីស្ទើរ ។ គំនិត​របស់​យើង​នឹង​បែរ​ទៅ​រក​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ការសុគត​ និង​ការរស់​ឡើងវិញ​របស់​ទ្រង់ ។ ក្នុង​នាម​ជាសាក្សី​ពិសេស​របស់​ទ្រង់ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ទៅ​អ្នក​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​កំពុង​រង់​ចាំ​យើងត្រឡប់​ទៅវិញ​ដោយ​ជោគជ័យ ។ ការត្រឡប់​ទៅ​វិញ​នោះ នឹង​ជា​របស់​យើង ខ្ញុំ​អធិស្ឋាន​ដោយ​រាបសារ​នៅ​ក្នុ​ងព្រះនាម​ដ៏​ពិសិដ្ឋទ្រង់ -- ជា​ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ​ និង​ព្រះប្រោសលោះ​របស់​យើង អាមែន ។