ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣


មេរៀន​ទី ១១

គោលលទ្ធិ និង សេចក្តីសញ្ញា ៣

បុព្វកថា

យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣ បន្ទាប់មកម៉ាទីន ហារីស បាន​ធ្វើឲ្យ​បាត់ ១១៦ ទំព័រ​នៃ​កំណត់ត្រា​សរសេរ​ដោយដៃ​ដែល​យ៉ូសែប បាន​បកប្រែ​ចេញមកពី​ផ្ទាំង​ចំណារ​មាស ។ នៅ​ក្នុងវិវរណៈនេះ​ព្រះអម្ចាស់​មានបន្ទូល​ថា កិច្ចការ​របស់ទ្រង់ នឹង​ទទួល​បាន​ជោគជ័យ​លើ​សេចក្ដីទុច្ចរិត​របស់មនុស្ស ។ ព្រះអម្ចាស់ ក៏​បាន​បន្ទោស​ដល់​យ៉ូសែប ហើយ​បាន​ព្រមាន​លោក​អំពី​អ្វី​នឹង​កើត​ឡើង បើ​លោក​ពុំ​ប្រែចិត្ត ។ ទីបំផុត ព្រះអម្ចាស់ បាន​ពន្យល់អំពី គោលបំណង​របស់ទ្រង់​ក្នុង​ការ​នាំ​មកនូវ​ព្រះគម្ពីរ​មរមន ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១-៣

យ៉ូសែប ស៊្មីធ បាន​រៀន​ថា កិច្ចការ​របស់ព្រះ ពុំ​មែនជា​កិច្ចការ​ស្មុគស្មាញ​ទេ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ស្ថានភាព​ដែលពួកគេ​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​ស្ដាប់​តាម​មិត្ត​ភក្ដិ ជាជាង​ធ្វើតាម​បទបញ្ញតិ្ត ឬ​ការ​ប្រឹក្សា​របស់​ឪពុក​ម្ដាយ ឬ​ថ្នាក់ដឹកនាំ​របស់ពួកគេ ។

  • ហេតុអ្វី​បានជា​ពេល​ខ្លះវា​ពិបាក​ដើម្បី​បដិសេធ​នឹង​មិត្តភក្ដិ នៅពេល​ពួកគេ​ព្យាយាម​មានឥទ្ធិពល​មក​លើ​យើងឲ្យ​ធ្វើ​អ្វី​ដែល​ខុស ?

សូម​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែលពួកគេ​ដឹង​អំពី​ព្រឹត្តការ ដែល​នាំ​ទៅរក​ការ​បាត់បង់​ព្រះគម្ពីរ​មរមន ចំនួន ១១៦ សន្លឹក​ដែលជា​ការ​បកប្រែ​សរសេរ​ដោយ​ដៃ​នោះ ។

នៅពេល​សិស្ស​ឆ្លើយ​តប នោះ​អ្នកអាច​បន្ថែម​ពីលើ​ចម្លើយ​របស់ពួកគេ​ជាមួយ​នឹង​ព័ត៌មាន​លម្អិត​មួយចំនួន​ដូច​ខាង​ក្រោម ៖

ចាប់តាំងពីពាក់កណ្ដាល​ខែ មេសា ឆ្នាំ ១៨២៨ រហូត​ដល់​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ ១៨២៨ នោះព្យាការី យ៉ូសែប ស៊្មីធ កំពុង​បកប្រែ​ផ្ទាំង​ចំណារ ខណៈដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ហាម៉ូនី រដ្ឋផែនសិលវេញ៉ា ។ កសិករ អ្នកជំនួញ​ស្តុកស្ដម​ម្នាក់​ឈ្មោះ ម៉ាទីន ហារិស បាន​ធ្វើ​ជា​អ្នកសរសេរ​ឲ្យ​យ៉ូសែប ខណៈពេល​ដែល​លោក​បកប្រែ ។ ម៉ាទីន មានវ័យ​ចាស់ជាង យ៉ូសែប ២២ ឆ្នាំ ហើយ​បាន​ឲ្យ​ប្រាក់​ដល់ យ៉ូសែប និង អិមម៉ា ៥០ ដុល្លារ ( ជា​ចំនួន​ទឹកប្រាក់ដ៏​ច្រើន​នៅជំនាន់​នោះ ) ដើម្បីជួយ​ពួក​គេ​ឲ្យ​ផ្លាស់​ទៅកាន់ ភូមិ ហាម៉ូនី រដ្ឋ​ផែនផែនសិលវេញ៉ា ( ជា​កន្លែង​ដែល​គ្រួសារ​អិមម៉ា​រស់នៅ) ដូច្នេះ​វា​បានជួយ​គាំទ្រ​ដល់​យ៉ូសែប ខណៈពេ​ល​លោក​បកប្រែ​ផ្ទាំង​ចំណារ ។ នៅ​ខែ កុម្ភៈ ឆ្នាំ ១៨២៨ យ៉ូសែប បាន​លើក​ទឹកចិត្ត​ឲ្យ​ម៉ាទីន យក​ច្បាប់​ចម្លង​នៃ​តួអក្សរ​មកពី​ផ្ទាំងមាស​ទៅ​ជួប​សាស្ត្រាចារ្យ​នៅ​រដ្ឋ នូវ យ៉ោក ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៣–៦៥ ) ។ លូស៊ី ហារិស ជា​ភរិយា​របស់​ម៉ាទីន បាន​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​ចំណាប់​អារម្មណ៍​របស់ម៉ាទីន និង​ការចូល​រួម​ខាង​ហិរញ្ញវត្ថុ​នៅក្នុង​ការ​បកប្រែ​ផ្ទាំង​ចំណារ ។ គាត់ និង​អ្នក​ដទៃ​ទៀត បាន​ចាប់​ផ្ដើម​បង្ខំ​ឲ្យ​ម៉ាទីន រកភស្ដុតា​នៃ​វត្តមាន​របស់​ផ្ទាំង​ចំណារ​នោះ ។ ដើម្បី​រម្ងាប់​កង្វល់​របស់ពួកគេ នោះ​នៅពាក់កណ្ដាល​ខែ​មិថុនា ម៉ាទីន បាន​ស្នើរសុំ​ដល់​យ៉ូសែប ដើម្បី​អនុញ្ញាត​ឲ្យ​គាត់​យក​ការ​បកប្រែ​ដែលសរសេរ​ដោយ​ដៃ​ចំនួន ១១៦ ទំព័រ ដែល​ពួកគេ​បាន​បញ្ចប់នោះ ទៅ​បង្ហាញ​ជាភស្ដុតាង ។

សូមអញ្ជើញ​សិស្ស​ឲ្យ​នឹកគិត​អំពី​ស្ថានភាព​លំបាក​ដែល​ព្យាការី​មាន ពេល​ម៉ាទីន ហារិស បាន​សុំ​ដើម្បី​យក​ឯកសារ​សរសេរ​ដោយ​ដៃ​ទៅ​នោះ ។ ដើម្បីជួយ​ជាមួយ​នឹង​បរិបទ សូមពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើរ​រឿង​ដូច​ខាង​ក្រោម ចេញមកពី​ប្រវត្តិ​របស់ព្យាការី យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« [ ម៉ាទីន ] មានបំណងចង់​ឲ្យ​ខ្ញុំ​សូម​ដល់​ព្រះអម្ចាស់​តាមរយៈ​យូរីម និង​ធូមីម បើ​គាត់​មិន​អាច [ យក​ឯកសារ​​សរសេរ​ដោយ​ដៃ​នោះទៅផ្ទះ ហើយ​បង្ហាញ​វាដល់​គេ ] នោះ​ទេ ។ ខ្ញុំ​បាន​ទូល​សូម​ហើយ​ចម្លើយ​គឺ​ថា គាត់​មិន​ត្រូវ​យកទៅ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ពុំ​ស្កប់ចិត្ត​នឹង​ចម្លើយ​នេះ​ឡើយ ហើយ​ប្រាថ្នា​ចង់​ឲ្យ​ខ្ញុំ​សូម​ម្ដងទៀត ។ ខ្ញុំ​បាន​ទូលសូមហើយ​ចម្លើយ​គឺ​ដូចគ្នា​នឹង​លើក​មុន ។ តែ​គាត់​នៅ​តែ​ពុំ​អាចស្កប់ចិត្ត ហើយ​នៅតែ​ទទូច​ថា​ឲ្យ​ខ្ញុំ​ទូល​សូម​ម្ដងទៀត » ( នៅក្នុង ប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ១:២១ ) ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យ៉ូសែប ស៊្មីធ បានទូល​សូម​ដល់ព្រះ​នូវ​សំណួរ​ដដែលៗ​ទោះ​ជា​បាន​ទទួល​ចម្លើយ​យ៉ាង​ច្បាស់​ហើយដូច្នោះ ?

សូម​ពន្យល់​ថា បន្ទាប់​ពី​ការ​ទទូច​អង្វរ​ជាច្រើន​ដង​មកពី ម៉ាទីន នោះ​យ៉ូសែប បាន​សូម​ដល់​ព្រះអម្ចាស់​ជា​លើកទីបី ហើយ​ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ម៉ាទីន យក​ឯកសារ​​សរសេរ​ដោយដៃ​នោះ « នៅ​ឱកាស​ជាក់លាក់ » ( ប្រវត្តិសាស្ត្រ នៃ​សាសនាចក្រ១:២១ ) ។ ម៉ាទីន បាន​សន្យា​ថា គាត់​នឹង​បង្ហាញ​ឯកសារ​​សរសេរ​ដោយដៃ​នោះ តែ​ចំពោះ​ភរិយា​របស់គាត់ និង​សមាជិក​គ្រួសារ​តែប៉ុន្មាន​នាក់​ទៀត​ប៉ុណ្ណោះ ។ ម៉ាទីន បាន​ត្រឡប់ទៅ​រដ្ឋ នូវ យ៉ោក ជាមួយ​នឹង​ឯកសារ​សរសេរដោយដៃ​នោះ ។ ក្រោយ​ពី ម៉ាទីន បាន​ចេញ​ទៅ​មិន​យូរ​ប៉ុន្មាន​អិមម៉ា ស៊្មីធ បាន​ផ្ដល់​កំណើត​កូន​ប្រុស​ម្នាក់ ឈ្មោះ អាលវិន ដែល​បាន​ស្លាប់​នៅមិនយូរប៉ុន្មាន​បន្ទាប់ពី​បានកើត​មក ។ អិមម៉ា ស្ទើរ​តែ​ស្លាប់​ហើយ​យ៉ូសែប បាន​នៅជិត​នាង​អស់រយៈពេល​ពីរ​សប្ដាហ៍ ។ ពេល​នេះ ម៉ាទីន បាន​ទៅ​អស់រយៈពេល​បីសប្ដាហ៍ ហើយ​ពួកគេ​ពុំ​បាន​ឮ​ដំណឹងអ្វី​ពីគាត់​សោះ ។ អិមម៉ា បាន​ជាសះស្បើយឡើង​វិញ​បន្ដិច ហើយ​បាន​បញ្ចុះបញ្ចូល​យ៉ូសែប ឲ្យ​ទៅ​រដ្ឋ នូវ យ៉ោក ដើម្បីមើល​ថា​ហេតុអ្វី​ក៏ ម៉ាទីន ពុំ​ប្រាប់​ដំណឹងអ្វី​មួយ​ម៉ាត់មក​វិញសោះ​នោះ ។ យ៉ូសែប បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ឪពុក​ម្ដាយ​លោក ហើយ​ពេល​ទៅដល់​ទីនោះ លោក​បានហៅ​ម៉ាទីន​ឲ្យ​មក ។ ម៉ាទីន បាន​ចំណាយពេល​ពេញ​មួយព្រឹក​ដើម្បី​ធ្វើដំណើរ​មក ។ នៅពេល​គាត់​បាន​មកដល់ គាត់​បាន​បរិភោគ​អាហារ​ជាមួយ​គ្រួសារ​ស្ម៊ីធ ប៉ុន្តែ​រំពេច​នោះ​បាន​ទម្លាក់​ស្លាបព្រាចុះ ។ នៅពេល​ដែល​គេ​សួរ​ថា លោក​មាន​រឿង​អ្វី លោក​បាន​យំ ហើយ​ទីបំផុត​បាន​សារភាព​ថា លោក​បាន​ធ្វើ​ឲ្យ​បាត់​ឯកសារ​ដែល​សរសេរ​ដោយដៃ​ចំនួន ១១៦ ទំព័រ​នោះហើយ ។ ( សូម​មើលHistory of Joseph Smith by His Mother,បាន​បោះពុម្ព​ដោយ Preston Nibley [ ឆ្នាំ១៩៥៨ ], ១២៤–២៩ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​រឿង​នេះ ) ។

  • សូម​ពិចារណា​អំពី​ស្ថានភាព​លំបាក​ទាំងនេះ​ចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ ។ តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច​ក្នុង​ស្ថានភាពបែប​នេះ ?

សូម​ប្រាប់​ដល់​សិស្ស​ថា នៅពេល​ត្រឡប់មកដល់ភូមិ ហាម៉ូនីវិញ​ដោយ​គ្មាន​ឯកសារ​សរសេរ​ដោយដៃ​ចំនួន ១១៦ ទំព័រ​នោះ យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​សុំ​ការ​អភ័យទោស ។ ដោយសារ​យ៉ូសែប បាន​« ធ្វើឲ្យ​ព្រះអម្ចាស់​ធុញ​ថប់ ចំពោះ​ការទទូច​សុំឯកសិទ្ធិ​ឲ្យ ម៉ាទីន ហារិស យក​ការ​សរសេរ​នោះ​ទៅ » ( History of the Church,១:២១ ) មរ៉ូណៃ បាន​ដក​យក យ៉ូរីម និង​ធូមីម ហើយ​យ៉ូសែប បាន​បាត់បង់​អំណោយទាន​នៃ​ការ​បកប្រែ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មរ៉ូណៃ បាន​សន្យា​ថា យ៉ូសែប អាច​ទទួល​បាន​វា​ម្ដងទៀត បើ​លោក​នឹង « រាបសារ ហើយភ្ញាក់ខ្លួន » History of Joseph Smith by His Mother, ១៣៤ ) ។ ក្រោយមក យ៉ូសែប បាន​ទទួល​វិវរណៈ ដែល​ឥឡូវ​ត្រូវ​បាន​គេ​ស្គាល់ថា​ជា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១-៣ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យផ្ទៀង​តាម​រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​ចង់​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ យល់ ។

  • តើ​អ្នក​នឹង​សង្ខេប​អំពី​សារលិខិត​របស់​ព្រះអម្ចាស់ ចំពោះ​យ៉ូសែប ស៊្មីធ ក្នុង​ខទាំង​នេះ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់ពួកគេ សូម​គូសបញ្ជាក់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ គោលបំណង​នៃ​ព្រះ ពុំ​អាច​ស្មុគ​ស្មាញ​ទេ ។ អ្នក​អាច​នឹង​ឲ្យ​យោបល់​សិស្ស​គូសចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង ខ១ ។ វា​អាច​នឹង​ជាជំនួយ​ដើម្បី​ពន្យល់​ថា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១ ពាក្យ ស្មុគស្មាញ មានន័យ​ថា រារាំង​មិន​ឲ្យ​សម្រេច​ជោគជ័យ ) ។

  • តើការ​ពិត​នេះ បាន​ជួយ​ដល់​យ៉ូសែប ស៊្មីធ អំឡុង​គ្រា​លំបាក​នេះ​យ៉ាង​ដូចម្ដេច ? ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ទាំងអស់គ្នា ដើម្បី​យល់​ពី​សេចក្ដីពិត​នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤-១៥

ព្រះអម្ចាស់ បន្ទោស​ដល់​យ៉ូសែប ស៊្មីធ ហើយ​បាន​ដាស់តឿន​លោក​ឲ្យ​ប្រែចិត្ត

សូម​ពន្យល់​ថា ទោះ​បីជាព្រះ មាន​បន្ទូល​ថា កិច្ចការ​របស់​ទ្រង់​ពុំ​អាច​ស្មុគស្មាញ​ក្ដី ក៏​ទ្រង់​ចង់​ឲ្យ​ព្យាការី ដឹង​ផងដែរ​អំពី​កំហុស​ដែល​លោក​បាន​ធ្វើ ហើយ​នឹង​លទ្ធផល​នៃ​កំហុស​ទាំងឡាយនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:៤-៦ ឲ្យឮៗ ។ សូម​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យផ្ទៀង​តាម ប្រាប់ពាក្យ និង​ឃ្លា ដែល​អាច​នឹង​ពិបាក​ដើម្បី​ឲ្យ​យ៉ូសែប ស្ម៊ីធ ស្ដាប់ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​នូវ​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពួកគេ​រកឃើញ ហើយ​ហេតុអ្វី ។

  • តើ​យ៉ូសែប « បាន​ទៅតាម​ការ​បញ្ចុះបញ្ចូល​ទាំងឡាយ​នៃ​មនុស្ស​លោក » តាម​របៀប​ណា ? ( គ. និង ស. ៣:៦ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១២-១៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​ឃ្លា​ទាំងឡាយ ដែល​គូស​បញ្ជាក់​ពី​មូលហេតុ​ដែល​សកម្មភាព​របស់​យ៉ូសែប គឺ​ធ្ងន់ធ្ងរ​បំផុត​នោះ ។ បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៧ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ប្រាប់នូវអ្វី​ដែល​ព្រះអម្ចាស់ បាន​មានបន្ទូល​ទៅ​យ៉ូសែប ស៊្មីធ គួរ​តែ​ធ្វើ នៅពេល​លោក ស្ថិតនៅ​ក្រោម​សម្ពាធ​របស់​ម៉ាទីន ហារិស ។ ( មុនពេល​សិស្ស​អាន អ្នកអាច​នឹង​ពន្យល់​ថា នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ពាក្យ មនុស្ស​លោក គឺ​សំដៅ​ទៅ​មនុស្ស​លោក​ទាំងអស់ ) ។ បន្ទាប់ពី​សិស្ស​ប្រាប់​អំពី​ការ​ទូន្មាន​របស់​ព្រះអម្ចាស់ សូម​សរសេរ​នូវគោលការណ៍​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖ យើង​គួរ​តែ​ខ្លាច​ព្រះ​ជាជាង​ខ្លាច​មនុស្ស ។ ( អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំពាក្យ ឬ​ឃ្លា​នៅក្នុង​ខទី ៧ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ) ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា ដើម្បី​ខ្លាច​ព្រះ ជាជាង​ខ្លាច​មនុស្ស​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អត្ថន័យ​នៃការ​ខ្លាច​ព្រះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​កា​រពន្យល់​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« មាន​កន្លែង​ជា​ច្រើន​ក្នុង​ព្រះគម្ពីរ ដែល​ទូន្មានរបស់​មនុស្ស​ឲ្យ​ខ្លាច​ដល់ព្រះ ។ នៅជំនាន់​របស់​យើង ជាទូទៅយើង​បាន​បកប្រែពាក្យ ខ្លាច ថា​ជា « គោរព » ឬ « គារវភាព » ឬ « ស្រឡាញ់ » ដែលថា ការ​ខ្លាច​ដល់ព្រះ មានន័យ​ថា ស្រឡាញ់​ព្រះ ឬ​គោរព​ដល់ទ្រង់ និង​ក្រឹត្យវិន័យ​របស់ទ្រង់ ។ ជាញឹកញាប់ នោះ​អាច​ជាការ​អាន​ដ៏ត្រឹមត្រូវ​មួយ ប៉ុន្តែ​ខ្ញុំ​ងឿង​ឆ្ងល់​ពេល​ខ្លះ បើពាក្យ ខ្លាច ពុំមានន័យពិត​ថាជា ខ្លាច នៅពេល​ពួកព្យាការី​និយាយ​អំពី​ការ​ភ័យខ្លាចធ្វើឲ្យព្រះអាក់អន់ព្រះទ័យ ដោយការ​មិនគោរពបទបញ្ញត្តិ​របស់ទ្រង់នោះ ។…

« …យើង​គួរ​តែ​ស្រឡាញ់ និងមានគារវភាព​ចំពោះ​ទ្រង់ ដែល​យើង​ខ្លាច​ក្នុងការ​ធ្វើអ្វីមួយខុស​នៅចំពោះ​ព្រះនេត្រទ្រង់ មិន​ថា​អាចនឹង​មានទស្សនៈ ឬ​សម្ពាធ​មកពី​អ្នក​ដទៃ​យ៉ាងណា​នោះទេ » ( « A Sense of the Sacred » [ CES fireside for young adults, ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៤ ], ៦–៧, LDS.org សូមមើល ផងដែរ speeches.byu.edu ) ។

  • ស្របតាម​អែលឌើរ គ្រីស្តូហ្វឺសិន តើការ​ខ្លាច​ព្រះ​មានន័យ​យ៉ាងណា ?

  • តើ​ការ​ខ្លាច​ព្រះ ដូច​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​ពន្យល់ អាចជួយ​យើង​ធ្វើ​ការ​សម្រេចចិត្ត​ត្រូវ ទោះ​ជា​ពេល​យើង​មាន​ការ​ដាក់សម្ពាធ​មកពី​មិត្តភក្ដិ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:៨ ដោយ​ស្ងាត់ស្ងៀម ស្វែងរកមើល​អ្វី​ដែល​ព្រះ នឹង​បាន​ធ្វើ បើ​យ៉ូសែប ស្ម៊ីធ បាន​ស្ដាប់​តាម​ចម្លើយ​ពីដំបូង​ចំពោះ​ការ​សុំ​របស់ ម៉ាទីន នោះ ។ សូម​អញ្ជើញសិស្ស​ឲ្យ​សង្ខេប​នូវ​អ្វី​ដែល​យើង​អាច​រៀន​មកពី​ខនេះ ។ សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​យល់​ថា បើ​យើង​មានភាព​ស្មោះត្រង់ចំពោះព្រះបញ្ញត្តិ​របស់ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​គាំទ្រ​យើង អំឡុង​គ្រា​លំបាកទាំងឡាយ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ ពេល​ដែល​ពួកគេ​ធ្វើ​តាម​បញ្ញត្តិ​របស់ព្រះអម្ចាស់ ជាជាង​ធ្វើតាមការ​ដាក់សម្ពាធ ឬ​ឥទ្ធិពល​របស់​មនុស្ស​ដទៃទៀត ។ សូម​អញ្ជើញសិស្ស​មួយចំនួនឲ្យចែកចាយ​អំពីរបៀប​ដែលពួកគេ​បាន​ទទួល​ការគាំទ្រ​របស់ព្រះអម្ចាស់​ចំពោះការ​គោរពប្រតិបត្តិរបស់ពួកគេ ។

សូម​រំឭកសិស្ស​ថា នៅដើម​មេរៀន អ្នកបានសុំ​ឲ្យ​ពួកគេ​គិតអំពី​ស្ថានភាព​ដែលពួកគេ​អាច​នឹង​ត្រូវ​បានល្បួង​ឲ្យ​ស្ដាប់​មិត្តភក្ដិ​ជាជាង​ការគោរពប្រតិបត្តិ ។ សូម​ទាញចំណាប់​អារម្មណ៍​របស់​សិស្ស​ផ្ដោត​ទៅលើ​សេចក្ដីពិត ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​សេចក្ដីពិតនេះ ជួយ​អ្នក​នៅពេល​អ្នក​ត្រូវ​បាន​ល្បួង​ដោយមិត្តភក្ដិ​ម្នាក់​ឲ្យ​ធ្វើ​នូវរឿង​មួយដែល​អ្នកដឹង​ថា​មិនត្រឹមត្រូវ​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​ក្នុង​សៀវភៅ សរសេរ​របស់​ពួកគេ ឬ​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ អំពី​របៀប​ដែលពួកគេ​អាច​អនុវត្ត​សេចក្ដីពិតនេះ​ចំពោះ​ទំនាក់ទំនង​បច្ចុប្បន្ន​របស់ពួកគេ​ជាមួយ​នឹង​មិត្តភក្ដិ និង​គ្រួសារ ។

បន្ទាប់ពី​ឲ្យ​ពេល​គ្រប់គ្រាន់ហើយ សូមឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៩-១០ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀងតាម រកមើល​ការសន្យា​ដែលព្រះអម្ចាស់ បាន​ប្រទានដល់ យ៉ូសែប ស៊្មីធ ទោះ​ជាយ៉ូសែប បាន​ធ្វើ​កំហុសធ្ងន់ធ្ងរ​ក្ដី ។ ( អ្នក​អាច​នឹង​ផ្ដល់​យោបល់​ដល់សិស្ស​ឲ្យ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ) ។

  • តើ​ការ​សន្យា​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ? តើ​ការសន្យា​នេះ​អនុវត្ត​ចំពោះយើង​យ៉ាងដូចម្ដេច ? ( សិស្ស​អាច​ឲ្យយោបល់​នូវគោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​បា្រកដ​គូសបញ្ជាក់ថា ប្រសិនបើ​យើង​ប្រែចិត្តពីអំពើបាប​របស់យើង នោះ​យើង​នឹង​ទទួលបាន​សេចក្ដីមេត្តាករុណា​របស់ព្រះអម្ចាស់ ) ។

  • សូម​ចាំ​ក្នុង​ចិត្ត​នូវអ្វី​ដែលព្រះអម្ចាស់​បាន​មានបន្ទូល​ទៅកាន់​យ៉ូសែប នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:៤–៦ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច បន្ទាប់ពី​ស្ដាប់ឮការសន្យានេះ​មកពីព្រះអម្ចាស់ បើអ្នក​គឺជា​យ៉ូសែបវិញ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:៩, ១១ ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់ពីការ​ព្រមាន​ដែល​ព្រះអម្ចាស់ បាន​ផ្ដល់​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ ។

  • ហេតុអ្វី​ក៏ការ​ព្រមាន​ទាំងនេះ សំខាន់​ដើម្បីរំឭក​យើង នៅពេល​យើង​ប្រែចិត្ត​ពីអំពើបាប​របស់យើង ហើយស្វែងរក​សេចក្ដីមេត្តាករុណា​របស់ព្រះអម្ចាស់​នោះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:១៦-២០

ព្រះអម្ចាស់ ពន្យល់អំពី គោលបំណង​របស់ទ្រង់​ក្នុង​ការ​នាំ​មកនូវ​ព្រះគម្ពីរ​មរមន

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១៦-២០ ដោយ​ស្ងាត់ស្ងៀម រួច​ប្រាប់​អំពី​គោលបំណង​ដែល​ព្រះអម្ចាស់​ប្រទាន​ព្រះគម្ពីរមរមន​មក​នោះ ។

  • ហេតុអ្វី​ក៏កិច្ចការ​ដែល​យ៉ូសែប ស្ម៊ីធ និង ម៉ាទីន ហារិស កំពុងធ្វើ​នោះ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះអម្ចាស់ និងរាស្ត្រ​ទ្រង់​ដូច្នេះ ?

សូម​បញ្ចប់មេរៀននេះ ដោយ​ការ​អញ្ជើញសិស្ស​ពីរបីនាក់​ឲ្យចែកចាយ​នូវ​អ្វី ដែល​ពួកគេ​បាន​រៀន ហើយ​ទទួលអារម្មណ៍​នៅថ្ងៃនេះ និង​របៀប​ដែលពួកគេ​អាច​អនុវត្តសេចក្ដីពិត ដែលពួកគេ​បានរៀន ។ សូម​ចែកចាយទីបន្ទាល់​របស់អ្នក​ផ្ទាល់​អំពី​សេចក្ដីមេត្តាករុណា​របស់ព្រះអម្ចាស់ នៅពេល​យើង​ប្រែចិត្តពីអំពើបាប​របស់យើង ។ អ្នក​ក៏អាច​ប្រាប់​ដល់​សិស្ស​ទាំងអស់ថា នៅ​ក្នុង​មេរៀន​ក្រោយ ពួកគេ​នឹង​រៀន​អំពី​របៀប​ដែលព្រះអម្ចាស់​បាន​សង​នូវការ​បាត់បង់​នៃ​ឯកសារសរសេរ​ដោយដៃ​ចំនួន ១១៦ ទំព័រ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី សញ្ញា ៣ ។ លូស៊ី ហារិស

លូស៊ី ម៉ាក ស្ម៊ីធ បានកត់ត្រា​ថា ភរិយា​របស់​ម៉ាទិន ហារិស ឈ្មោះ លូស៊ី « គឺ​ជា​ស្ត្រី​ដ៏​ចម្លែក​ម្នាក់ ជា​មនុស្ស​ម្នាក់​ដែល​មាន​ចារិក​ច្រណែនឈ្នានីស​ពីធម្មជាតិ… ហើយ​នៅពេល​អ្វី​មួយ ត្រូវបាន​និយាយ ដែល​គាត់​ស្ដាប់​ឮ​ពុំ​សូវ​ច្បាស់ នោះ​គាត់​សង្ស័យ​ថា វា​មាន​អាថ៌កំបាំង​ខ្លះៗ ដែល​លាក់​បាំងពីគាត់ » ។ លូស៊ី ហារិស បាន​សង្ស័យ​អំពី យ៉ូសែប ស៊្មីធ ហើយ​មាន​បំណង​ចង់​មើល​ផ្ទាំង​ចំណារ ។ នៅ​ពេល ម៉ាទីន បានទៅ​ជួប​នឹង​យ៉ូសែប អំពី​កិច្ចការ​នៃ​ការ​បកប្រែ នោះ​លូស៊ី ហារិស បាន​ទៅជាមួយ ហើយ​បាន​សួរ​យ៉ូសែប អំពី​ផ្ទាំង​ចំណារ ដោយ​ទាមទារ​ចង់​មើល​ឃើញ​នឹង​ភ្នែក ។ លោក​បានប្រាប់គាត់​ថា ពុំអាច​មើល​បានទេ « ដ្បិត​លោក​ពុំ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បង្ហាញ​វា​ទៅ​នរណា​ម្នាក់​ទេ លើក​លែង​តែ​អ្នកទាំងឡាយ​ដែលព្រះអម្ចាស់ គួរ​តែងតាំង​ឲ្យ​ថ្លែង​ទីបន្ទាល់អំពី​វាប៉ុណ្ណោះ » ។

នៅយប់​បន្ទាប់ពី យ៉ូសែប បាន​ប្រាប់ លូស៊ី ហារិស អំពី​រឿងនេះ នោះ…​គាត់​មាន​សុបិន្ដ​មួយ ដែលនាងបាន​ប្រាប់ទៅគ្រួសារ​ស្ម៊ីធ នៅព្រឹកឡើងថា ៖ « មាន​ទេវតា​មួយអង្គ បាន​លេច​មកមក​គាត់ ដែល​ប្រាប់គាត់​ថា នៅពេល​គាត់​បាន​ទាស់នឹង​អ្នកបម្រើ​របស់ព្រះអម្ចាស់ នោះ​គាត់​បាន​ធ្វើ​រឿង​ពុំ​ត្រឹមត្រូវ​នៅក្នុង​ព្រះនេត្រ​របស់ព្រះហើយ ។ បន្ទាប់មក​លោក​បាន​មានប្រសាសន៍ទៅ​គាត់ថា ‹ មើលចុះ នេះ​គឺជា​ផ្ទាំង​ចំណារ សូម​មើល​ហើយជឿចុះ › » ។ លូស៊ី បាន​ប្រាប់ យ៉ូសែប ថា គាត់ចង់​ជួយ​គាំទ្រ​ដល់​ការ​បកប្រែ ។

ជាអកុសល ការ​ផ្លាស់ប្រែដួងចិត្ត​របស់​លូស៊ី ហារិស ពុំ​មាន​យូរអង្វែងទេ ហើយ​ភ្លាមៗនោះ គាត់បាន​ទាមទារ​បះមើល​ផ្ទាំង​ចំណារ​ម្ដងទៀត ។ មិនយូរប៉ុន្មាន យ៉ូសែប និង អិមម៉ា បាន​ផ្លាស់ទៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផេនសិលវេញ៉ា​វិញ ដែល​ម៉ាទីន បាន​ទៅតាម​ដោយគ្មានប្រាប់​ដល់ភរិយា​របស់គាត់​ថា គាត់​ចាកចេញទៅ​នោះ​ឡើយ ។ នៅពេល​គាត់​បាន​ដឹង នោះគាត់បានខឹង​ថា ស្វាមី​របស់គាត់ បាន​ចំណាយពេល​យ៉ាងច្រើន​នៅ​ឆ្ងាយពីគាត់ ហើយ​កាន់​តែ​ខ្វាយខ្វល់​ថា គ្រួសារ​ស្ម៊ីធ កំពុង​ព្យាយាម​បោកបញ្ឆោតគាត់ ។

មិន​យូរប៉ុន្មាន ម៉ាទិន បាន​ត្រឡប់ទៅ​រដ្ឋនូវយ៉ោក​វិញ ប៉ុន្តែ​នៅពេល​គាត់​បាន​រៀបចំ​ដើម្បី​ទៅ​ភូមិ ហាម៉ូនី​ម្ដងទៀត នោះ​លូស៊ី ហារិស បានទទូច​ចង់ទៅជាមួយ​គាត់ ។ នៅពេល​ពួកគេ​បានទៅដល់​ផ្ទះរបស់ យ៉ូសែប និង អិមម៉ា គាត់បាន​ប្រកាស​ថា គាត់​នឹង​មិនទៅណា​ទេ ទាល់តែគាត់បាន​ឃើញ​ផ្ទាំងចំណារ​សិន ។ គាត់បាន​ដើរ​កកាយ​រុក​រកពេញនៅក្នុង​ផ្ទះ តែ​គាត់រក​ពុំឃើញ​ទេ ។ ចាប់តាំងពីពេល​នោះមក គាត់បាន​ប្រកាស​ថា ប្ដីរបស់គាត់ ត្រូវ​បាន​បញ្ឆោត​ដោយ « អ្នក​បោកប្រាស់​ដ៏​ឆ្នើម » ។ បន្ទាប់ពីនេះ​ពីរសប្ដាហ៍ ម៉ាទីន បាន​នាំ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដោយ​ពុំ​គិត​ពី​ការ​ប៉ុនប៉ង​បញ្ចុះបញ្ចូល​របស់​ប្រពន្ធ កុំ​ឲ្យគាត់ធ្វើ​ដូច្នោះ គាត់​បាន​ត្រឡប់​ទៅ​ភូមិ ហាម៉ូនីវិញ ដើម្បី​ជួយ​ដល់​យ៉ូសែប ។ ពេល​អវត្តមាន​របស់​ម៉ាទិន លូស៊ី បាន​បន្ដ​ទៅ « ពីផ្ទះមួយ​ទៅ​ផ្ទះមួយ ប្រាប់​អំពី​ទុក្ខសោក​របស់គាត់ ហើយ​បាន​ប្រកាស​ថា យ៉ូសែប ស៊្មីធ កំពុង​តែ​ធ្វើការ​បោក​បញ្ឆោត​ដល់មនុស្ស » ។ ( សូមមើលHistory of Joseph Smith by His Mother,បាន​បោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ១១៤–២២ ) ។

គោលលទ្ធិ និង សេចក្តី សញ្ញា ៣ ។ ភាពសោក​សៅ​ក្នុង​ចិត្ត​ចំពោះការ​បាត់​ឯកសារ​សរសេរ​ដោយដៃ

មិន​យូរ​ប៉ុន្មាន បន្ទាប់ពី ម៉ាទីន ហារិស បាន​ចាកចេញទៅ​ដោយ​មាន ឯកសារ​សរសេរ​ដោយដៃ​ចំនួន ១១៦ ទំព័រ​នោះ អិមម៉ា ស៊្មីធ បាន​កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាលវិន ដែល​គាត់​បាន​ស្លាប់​នៅថ្ងៃ​ដែល​គាត់បានកើត​មកនោះ ។ អិមម៉ា ស្ទើរ​តែ​ស្លាប់​ហើយ​យ៉ូសែប បាន​នៅជិត​នាង​អស់រយៈពេល​ពីរ​សប្ដាហ៍ ។ ពេល​នេះ ម៉ាទីន បាន​ទៅ​អស់រយៈពេល​បីសប្ដាហ៍ ហើយ​ពួកគេ​ពុំ​បាន​ឮ​ដំណឹងអ្វី​ពីគាត់​សោះ ។ យ៉ូសែប បាន​បារម្ភ​អំពី​ឯកសារ​ដែល​សរសេរ​ដោយដៃ​នោះ ប៉ុន្តែ​ពុំ​បាន​និយាយ​អ្វី​ទៅ​អិមម៉ា ទេព្រោះ​ខ្លាច​ថា​នាង​ធ្លាក់ខ្លួន​ឈឺទៀត ។

« ប៉ុន្មានថ្ងៃក្រោយមក [ អិមម៉ា ] បាន​និយាយ​អំពី​រឿង​នោះ​ដោយ​ខ្លួន​ឯង ហើយ​បាន​ចង់​ឲ្យ​ប្ដី​នាង​ទៅ ហើយទុក​ឲ្យ​នាង​នៅ​ជាមួយម្ដាយចុះ ខណៈដែល​លោកធ្វើ​ដំណើរ​ទៅកាន់ បាល់ម៉ៃរា [ រដ្ឋ​នូវយ៉ោក ] ក្នុង​គោលបំណង​ដើម្បី​ដឹង​ថា តើ​លោក ហារិស អវត្តមាន​ដោយសារ​មូលហតុអ្វី ។ ពីដំបូង​ឡើង យ៉ូសែប បាន​បដិសេធ ប៉ុន្តែ​នៅពេល​មើលឃើញ​ថា​នាងសប្បាយចិត្ត ហើយ​មានឆន្ទៈចង់ឲ្យ​លោក​ទៅ នោះទីបំផុត​លោក​ក៏យល់ព្រម ។

« ជំហានដំបូង លោក​បាន​ចេញដំណើរ​តាម​រទេះសេះ​ទៅកាន់ បាល់ម៉ៃរា ហើយ​នៅពេល​លោក​នៅ​តែឯង នោះ​លោក​បាន​ចាប់​ផ្ដើម​សញ្ជឹងគិត​អំពី​បុព្វហេតុ​ដែល​ម៉ាទីន​បាន​យក​ឯកសារទៅ ហើយ​នឹង​ភាព​ប្រថុយប្រថាន ដែលលោក ( យ៉ូសែប ) ធ្វើ ដែលបាន​អនុញ្ញាត​ឲ្យ​ឯកសារ​សរសេរ​ដោយដៃនោះ​ចេញ​ពី​ដៃ​របស់លោកទៅ… ហើយថា ដោយការ​ការ​ទទូច​សុំ​របស់លោកចំពោះព្រះអម្ចាស់ នោះ​លោក​ប្រហែលជា​បានធ្លាក់ទៅក្នុង​ការ​រំលង ហើយ​ដោយហេតុនោះ ដែល​ធ្វើ​ឲ្យ​បាត់បង់​ឯកសារ​សរសេរ​ពីដៃនោះ » ។

បន្ទាប់ពី​បានចុះពី​រទេះសេះ ដើរថ្មើជើង​ចម្ងាយ ៣២.១៩ គីឡូម៉ែត្រ​នាពេល​យប់ នោះ​ទីបំផុត យ៉ូសែប បានទៅ​ដល់​ផ្ទះ​របស់​ឪពុក​ម្ដាយលោក នៅម៉ានឆេសស្ដើរ ។ « នៅពេល យ៉ូសែប បាន​ស្រស់ស្រូប​អាហារ​បន្ដិចបន្ដួច​ហើយ…នោះ​លោក​បាន​សុំ​ឲ្យ​យើង​ទៅ​ហៅ ហារិស​មក​ភ្លាម ។ ពួក​យើង​បាន​ធ្វើ​ភ្លាម​ពុំបង្អង់ឡើយ ។… យើង​បានចាប់​ផ្ដើម​រៀបចំ​អាហារ​ពេល​ព្រឹក​សម្រាប់គ្រួសារ ហើយ​យើង​បាន​គិតស្មាន​ថា ហារិស នឹង​មកទីនោះ ពេល​ដែលអាហារ​ឆ្អិន រួច​យើង​នឹង​បរិភោគ​ជាមួយគ្នា ព្រោះជាទូទៅ គាត់នឹង​មកដល់យ៉ាង​ឆាប់ ពេល​ដែល​គេទៅហៅ ។ នៅ​ម៉ោង​ប្រាំបី យើង​បាន​រៀបចំ​អាហារ​ដាក់នៅលើ​តុ ដែល​យើង​រំពឹង​ថា​គាត់​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ។ យើង​បាន​រង់ចាំ​រហូត​ដល់​ម៉ោង​ប្រាំបួន តែ​ពុំឃើញ​គាត់មក--រហូត​ដល់​ម៉ោង​ដប់ ក៏គាត់មិនទាន់ឃើញ​មកដល់--​រហូតដល់​ម៉ោងដប់មួយ គាត់នៅតែពុំទាន់​មក ។ ប៉ុន្តែ​នៅម៉ោង​ដប់ពីរ​កន្លះ យើង​បាន​ឃើញ​គាត់​ដើរ​មក​យឺតៗ មួយៗ​មក​ផ្ទះយើង ដែល​ភ្នែក​របស់គាត់​មើល​ឥតព្រិច​ទៅលើ​ដី ។ នៅពេលមកដល់​ច្រកទ្វារ គាត់បាន​ឈប់ គាត់​ពុំបានដើរ​ចូល​តាមច្រក​ទ្វារទេ តែ​បែរ​ជា​ឡើងទៅលើ​របង ហើយ​អង្គុយ​នៅទីនោះ​មួយ​រយៈ​ដោយពាក់មួក​បាំង​ភ្នែក​របស់គាត់ ។ អស់មួយ​សន្ទុះ ទើ​ប​គាត់ដើរ​ចូល​ផ្ទះ ។ ខណៈពេល​ដែលគាត់ចូល​អង្គុយ​កន្លែង​តុ​បាយ ហារីស បាន​នៅ​ជាមួយ​នឹង​យើង​ទាំងអស់គ្នា ។ គាត់​បាន​ចាប់​លើក​កាំបិត និង​សមឡើង បម្រុង​នឹងបរិភោគ​អាហារ តែ​ភ្លាម​នោះ បែរ​ជា​ទម្លាក់វា​ចេញពី​ដៃទៅវិញ ។ ហៃរ៉ុម​បាន​សង្កេត​ឃើញ​ការណ៍នេះ រួច​បាន​និយាយ​ថា ‹ ម៉ាទីន ហេតុអ្វី​ក៏​បង​មិន​ទទួលទាន​អាហារ​សោះអញ្ចឹង តើ​បង​ឈឺ​ឬ ? › ពេល ហារិស បាន​លើកដៃខ្ទប់​សៀតផ្កា របស់គាត់ គាត់បាន​យំដោយ​សំឡេង​ដែល​មានការ​សោក​ស្ដាយ​បំផុត​ថា ‹ ខ្ញុំ​បាន​បាត់​វិញ្ញាណ​ហើយ ! ខ្ញុំ​បាន​បាត់​វិញ្ញាណ​ហើយ ! ›

« យ៉ូសែប ដែល​ពុំ​បង្ហាញ​ពី​ភាពភ័យខ្លាច​របស់លោក​រហូតមក​ដល់ពេល​នេះ បាន​ក្រោកឈរឡើង​ហើយ​និយាយ​ថា ‹ ម៉ាទីន តើ​អ្នក​បាន​ធ្វើ​ឲ្យ​បាត់​ឯកសារ​ដែល​សរសេរ​ដោយដៃ​នោះ​មែនទេ ? តើ​អ្នក​បាន​ភ្លេច​សម្បថ ហើយ​បាន​នាំ​បណ្ដាសារ​ធ្លាក់មក​លើ​ក្បាល​ខ្ញុំ និងអ្នក​មែនទេ ?

ម៉ាទីន​បន្លឺ​តប​ថា « ‹ បាទ វា​បាន​បាត់​ហើយ ហើយ​ខ្ញុំ​ពុំ​ដឹង​ថា​វា​នៅ​ឯ​ណា​ទេ › ។

« យ៉ូសែប បាននិយាយថា …‹ បាត់​អស់​ហើយ ! បាត់​អស់​ហីយ ! › តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងម៉េចទៅ ? ខ្ញុំ​មាន​បាប​ហើយ-- គឺខ្ញុំនេះ​ឯង​ដែល​បានល្បង​ព្រះពិរោធ​របស់ព្រះ ។ ខ្ញុំ​គួរ​តែ​ស្កប់ស្កល់​នឹង​ចម្លើយ​ទីមួយ ដែល​ខ្ញុំ​បាន​ទទួល​មកពីព្រះអម្ចាស់ ដ្បិត​ទ្រង់​បាន​ប្រាប់ខ្ញុំ​ថា វា​ពុំ​មាន​សុវត្ថិភាព​ទេ ដែលឲ្យ​ការសរសេរ​នោះ​ចេញពីដៃ​របស់ខ្ញុំទៅនោះ › ។ លោក​បាន​យំត្អូញត្អែរ ហើយ​ដើរ​ទៅវិញ​ទៅមក ។

« មួយ​សន្ទុះ លោកបាន​ប្រាប់ ម៉ាទិន ឲ្យ​ត្រឡប់​ទៅ​រកមើល​ម្ដង​ទៀត ។

« ម៉ាទិន ឆ្លើយ​ថា ‹ ទេ វា​គ្មាន​ប្រយោជន៍​ឡើយ ព្រោះ​ខ្ញុំ​បាន​រុករើ​រកមើល​នៅលើ​គ្រែ ក្រោម​ខ្នើយ [ រកមើល​ឯកសារ​សរសេរ​ដោយដៃនោះ ] ហើយ​ខ្ញុំ​ដឹង​ថា​វាពុំ​នៅទីនោះ​ទៀត​ទេ › ។

« យ៉ូសែប បាន​និយាយ​ថា ‹ តើ​ខ្ញុំ​ត្រូវ​ត្រឡប់ទៅ​ជាមួយ​នឹង​រឿង​ដូច្នេះ​ឬ ? ខ្ញុំ​ពុំ​ហាន​ទេ ។ ហើយ​តើ​ខ្ញុំ​ទៅជួប​នឹង​ព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​ខ្ញុំ​សមនឹង​ការ​បន្ទោស​មក​ពីទេវតា​នៃ​ព្រះដ៏​ខ្ពស់​បំផុត​យ៉ាង​ណា ?

« នៅ​ព្រឹកឡើង លោក​បានត្រឡប់ទៅផ្ទះវិញ ។ យើង​បាន​បែកពីគ្នា​ដោយ​ដួងចិត្ត​សោកសៅ​ជា​ខ្លាំង ដ្បិត​ឥឡូវវា​បង្ហាញ​ថា អ្វីៗ​ដែលយើង​បាន​រំពឹង​ដោយ​រីករាយបំផុត ដែល​ជា​ប្រភព​នៃការ​ពេញចិត្ត​ដ៏​ពិសិដ្ឋ​បំផុត បាន​បាត់ទៅ​មួយពព្រិច​ភ្នែក បាត់ទៅជា​រៀងរហូត » ( លូស៊ី ម៉ាក ស្ម៊ីធHistory of Joseph Smith by His Motherបាន​បោះពុម្ព​ដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ​១២៥–២៩ ) ។