ថ្នាក់​សិក្ខាសាលា
មេរៀន​ទី១៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា១១-១២


មេរៀនទី១៨

គោលលទ្ធិ និង សេចក្តី​សញ្ញា១១:-១២ 

បុព្វកថា

មិនយូរប៉ុន្មាន​បន្ទាប់ពីការ​ស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន ក្នុង​ខែ ឧសភាព ឆ្នាំ១៨២៩ បុរស​ពីរនាក់​បាន​មក​ជួប​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ភូមិ​ហាម៉ូនី រដ្ឋផែនសិលវេញ៉ា ៖ បងប្រុស​របស់​យ៉ូសែប ស្ម៊ីធ ឈ្មោះ​ហៃរ៉ុម និង យ៉ូសែប ណៃត ស៊ីញ្ញ័រ ។ បុរស​ទាំងពីរនាក់​បាន​បង្ហាញពី​បំណង​ដើម្បី​បម្រើ​ព្រះ ហើយ​ជួយ​នៅក្នុងការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា១១ កត់ត្រា​វិវរណៈ​របស់​ព្រះអម្ចាស់​ទៅកាន់​ហៃរុម​ស្ម៊ីធ ស្ដីអំពី​របៀប​ដែលគាត់​អាច​ស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា១២ កត់ត្រា​វិវរណៈ​របស់ព្រះអម្ចាស់​ទៅកាន់​យ៉ូសែប​ណៃត ស៊ីញ្ញ័រ និង​របៀប​ដែ​ល​គាត់​អាច​ជួយ​ស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន​ផងដែរ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១-១៤

ហៃរុម ស៊្មីធ បាន​រៀន​អំពី​របៀប​ដែល​គាត់ អាច​ជួយ​ស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន

សូម​ឲ្យ​សិស្ស​គិត​អំពី គ្រាមួយ​ដែលពួកគេ​ចង់ចូលរួម ឬ​រួមចំណែក​នៅក្នុង​សកម្មភាព​ឬ​បុព្វហេតុ​ដ៏​មានប្រយោជន៍​មួយ ដូចជា​ការ​រៀបចំផែនការ​សកម្មភាព​សាសនាចក្រ​មួយ ការ​ធ្វើ​ការ​បម្រើ​ដល់​នរណាម្នាក់​ដែល​ខ្វះខាត ឬ​ការ​ចូលរួម​ចំណែក​នៅក្នុង​ក្លឹប​សាលា ឬ​អង្គការ​មួយ ។

  • តើ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចូលរួម​នៅក្នុង​សកម្មភាព ឬ​បុព្វហេតុ​នោះ ? ( សិស្ស​អាច​ឲ្យ​យោបល់​រឿង​ដូចជា​ចុះឈ្មោះ បំពេញ​ទម្រង់បែបបទ និយាយ​ទៅ​នរណា​ម្នាក់​ដែល​គ្រប់គ្រង ឬ​សកម្មភាព​ដទៃទៀត​ដែល​បង្ហាញ​ពី​បំណង​ចូលរួម​របស់ពួកគេ ) ។

សូម​អញ្ជើញសិស្ស​ឲ្យអាន​ក្បាល​កណ្ឌ​គោលលទ្ធិ និង សេចក្តីសញ្ញា១១ និង ១២ រកមើល​ឈ្មោះ​របស់​បុគ្គល​ពីររូប​ដែល​មានបំណងចង់​ចូលរួម​ក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ។ បន្ទាប់​មក​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:២៧ និង ១២:៧ ដោយ​ស្ងាត់ស្ងៀម ហើយ​ចង្អុលបង្ហាញ​នរណា​ផ្សេងទៀត​ដែលព្រះអម្ចាស់​បាន​អញ្ជើញ​ឲ្យ​មក​ជួយ​កិច្ចការ​របស់​ទ្រង់ ។

  • តើ​នរណា​ផ្សេងទៀត ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ​ឲ្យ​មកជួយ​កិច្ចការ​របស់ទ្រង់ ? ( គឺអស់អ្នកទាំងឡាយ​ដែល​មានបំណង​ជួយ​ទ្រង់ ) ។

ដើម្បីជួយសិស្ស​យល់​បរិបទ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា១១ សូម​ពន្យល់​ថា វិវរណៈ​ក្នុង​កណ្ឌ​នេះ ត្រូវ​បាន​ផ្ដល់​ទៅកាន់​ហៃរុម ស្ម៊ីធ ដែល​មក​ពី​ប៉ាលម៉ៃរា រដ្ឋ​នូវយ៉ោក ទៅកាន់​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ដើម្បី​ជួប​នឹង​ប្អូន​ប្រុស​របស់លោក យ៉ូសែប ។ ហៃរុម​ទំនង​ជា​បាន​ដឹង​ជាមុន​អំពីព្រឹត្តការ​ថ្មីៗ ដូចជា​ការ​រីកចម្រើន​នៅ​ក្នុង​ការ​បកប្រែ​ព្រះគម្ពីរមរមន ។ គាត់​ចង់ដឹង​អំពី​របៀប​ដែល​គាត់អាច​ជួយ​យ៉ូសែប​នៅក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ។ យ៉ូសែប បាន​ទូលសូមដល់​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​នេះ ។ ( ដើម្បី​ជួយសិស្ស​ស្គាល់ពី​សារៈសំខាន់ នៃបំណង​ប្រាថ្នា ដែលដើរតួយ៉ាង​សំខាន់​ក្នុង​កិច្ចការ​របស់ព្រះអម្ចាស់ នោះអ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់ពួកគេឲ្យ​គូស​ចំណាំ​ពាក្យ បំណងចង់, ប្រាថ្នា និង ចង់បាន នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:៣, ៨,១០,១៤,១៧, ២១, ២៧ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:៥-៩ ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាលថ្នាក់​ប្រាប់​អំពី​ពរជ័យទាំងឡាយ​ដែលព្រះអម្ចាស់​បាន​សន្យា​ដល់​ហៃរុម ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត ឲ្យប្រាប់អំពីអ្វី​ដែល​ហៃរុម នឹង​ត្រូវ​ធ្វើ​ដើម្បី​ទាមទារ​ពរជ័យទាំងនេះ ។ ( នៅពេល​សិស្ស​ឆ្លើយតប អ្នកអាច​នឹង​ចាំបាច់​ត្រូវ​បញ្ជាក់ថា « សេចក្ដីអាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ » [ គ. និង ស.១១:៧ ] គឺ​ជា​សេចក្ដីពិត​ខាង​វិញ្ញាណ​ដែល​ត្រូវ​បាន​ស្គាល់​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ ) ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើងអាច​រៀន​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:៨​អំពី​បំណងចង់ធ្វើកិច្ចការ​របស់​ព្រះអម្ចាស់ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​គូសបញ្ជាក់​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ (១) យើងអាច​ទទួលបាន​ពរជ័យ​មកពីព្រះ ស្របតាម​បំណងប្រាថ្នា​សុចរិត​របស់យើង ។ (២) បើយើង​មាន​បំណង​ចង់ធ្វើកិច្ចការ​របស់ព្រះ នោះយើង​នឹង​ទៅ​ជា​មធ្យោបាយ​នៃការ​ធ្វើ​ល្អដ៏ច្រើន ។

សូម​សរសេរ​សំណួរ​ដូចខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី « នឹងក្លាយ​ទៅ​ជា​មធ្យោបាយ​នៃការ​ធ្វើ​ល្អដ៏ច្រើន »​ក្នុង​ជំនាន់​របស់​ខ្ញុំ ?

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗ​គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:១០-១៤ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម​រកមើល​ការ​ប្រឹក្សា​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់​ហៃរុម ដែល​នឹង​ជួយ​ទ្រង់សម្រេច​ការ​ល្អ​ដ៏ច្រើននេះ ។ នៅពេល​សិស្ស​បញ្ចប់​ការ​អាន សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​សរសេរ​អ្វី​ដែលពួកគេ​រកឃើញ តាម​សំណួរ​លើ​ក្ដារខៀន ។ ( អ្នកអាច​នឹង​ចង់​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យ​ចម្លង​បញ្ជី​នេះ​ដាក់​ក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ) ។ ( ពួកគេ​នឹង​បន្ថែម​ក្នុង​បញ្ជី​ពេល​បន្ដមេរៀន​ទៅមុខទៀត ) ។

  • តើ​អ្នក​គិត​ថា​វាមានន័យ​យ៉ាង​ណា ដើម្បី​ដាក់​ទីទុកចិត្ត​របស់អ្នកលើ​ព្រះវិញ្ញាណ ?

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:១២–១៣ តើ​អ្នក​អាច​ស្គាល់​ឥទ្ធិពល​នៃព្រះវិញ្ញាណ​បានយ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ (១) ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ដឹកនាំ​យើង​ឲ្យ​ធ្វើ​ល្អ រាបសារ និង​វិនិច្ឆ័យ​ដោយសុចរិត ។ ( ២) ព្រះវិញ្ញាណ​បំភ្លឺ​គំនិត​របស់​យើង ហើយ​បំពេញ​ព្រលឹង​របស់​យើង​ដោយ​សេចក្ដីអំណរ ) ។

នៅពេល​អ្នកពិភាក្សា​ពីសេចក្ដីពិតទាំងនេះ អ្នកអាច​នឹង​ចង់​អញ្ជើញសិស្ស​ឲ្យ​រំឭក​ចំណេះចំណាន​ខគម្ពីរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២–៣ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​ឲ្យ​សរសេរ​សេចក្ដីយោង​ចំណេះ​ចំណាន​ខគម្ពីរ នៅក្នុងរឹម​ទំព័រជិត​នឹង គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:១២–១៤ ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:១២–១៣ តើ​ព្រះវិញ្ញាណ​អាច​មាន​ឥទ្ធិពល​មក​លើ​គំនិត​និង​ដួងចិត្ត​យើង​តាម​របៀប​មួយចំនួនអ្វីខ្លះ ?

  • តើអ្នកធ្លាប់មានបទពិសោធន៍​ពីឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​តាម​របៀប​មួយនៃ​របៀប​ទាំងនេះ​នៅពេល​ណា ? តើ​បទពិសោធន៍​នេះ​នាំ​អ្នក​ឲ្យ « ធ្វើល្អ » យ៉ាង​ដូចម្តេចខ្លះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា១១ :១៥-៣០

ព្រះអម្ចាស់ បញ្ជា​ហៃរុម ស្ម៊ីធ ឲ្យ​រៀបចំ​ខ្លួន​សម្រាប់ការ​ហៅ​ឲ្យ​ផ្សព្វផ្សាយ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:១៥-១៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អ្វី ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ យ៉ូសែប ស៊្មីធ និងដៃគូរ​របស់​លោក​ធ្វើ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ហៃរុម ស៊្មីធ ពុំ​ត្រូវបាន​បញ្ជា​ឲ្យ​ផ្សព្វផ្សាយ​ឡើយ​រហូត​ដល់​លោក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​សិន ។

  • ស្របតាម​ខគម្ពីរ​នេះ ហេតុអ្វី​ហៃរុម ស៊្មីធ ត្រូវ « ចាំបន្ដិច » មុន​ពេល​គាត់ត្រូវ​បាន​ហៅ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អដូច្នេះ ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ឃ្លា « លុះ​ត្រា​អ្នក​នឹង​បាន​ព្រះបន្ទូល​របស់​យើង ថ្មដារបស់​យើង សាសនាចក្រ​របស់​យើង និង​ដំណឹងល្អ​របស់​យើង » សំដៅទៅលើ​កត្តា​ពិត​ថា សាសនាចក្រ​ពុំ​ទាន់ត្រូវបាន​រៀបចំ ហើយ​ព្រះគម្គីរ​មរមន ពុំ​ទាន់បាន​ឃើញ​មាន​បោះពុម្ព​នៅឡើយ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:១៧–២០ ឲ្យឮៗ នៅពេល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែលព្រះអម្ចាស់​បាន​មានបន្ទូល​ទៅ​ហៃរុម ថា​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ដំណឹងល្អ​ដ៏​មានប្រសិទ្ធភាព ។ អ្នក​អាច​នឹង​ចង់​បន្ថែម​ពីលើ​ចម្លើយ​របស់សិស្ស ចូល​ក្នុង​​តារាង​នៅលើ​ក្ដារខៀន ។ អ្នកអាច​ចង់អញ្ជើញសិស្ស​ដើម្បី​សរសេរ​ចម្លើយ​របស់ពួកគេទុក ។

  • តើអ្នក​គិត​ថា ការ​នៅ​ជាប់នឹង​ព្រះអម្ចាស់​ដោយ​អស់​ពីដួង​ចិត្ត​​របស់អ្នក​នោះ វាមានន័យ​យ៉ាង​ណា ? ( អ្នក​អាច​ចាំបាច់​ត្រូវ​ពន្យល់​ថា បរិបទ​នេះ ពាក្យ នៅជាប់ មានន័យ​ថា គោរពតាម​អ្វី​មួយ​ដោយ​ម៉ឺងម៉ាត់ ឬ​ពុំ​រារែក ) ។

  • តើ​ឃ្លា​អ្វីខ្លះ ត្រូវបាន​ថ្លែងដដែលៗ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:១៨ និង ២០ ? ( អ្នកអាចនឹង​ចង្អុលបង្ហាញផងដែរ​ថា ឃ្លា « ការ​រក្សា​បទបញ្ញត្តិ​របស់ខ្ញុំ » ក៏​មាន​នៅក្នុង​ខ ៦ និង ៩ផងដែរ ) ។

សូមសរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ការ​រក្សា​បទបញ្ញត្តិ​រៀបចំ​យើង​ខាង​វិញ្ញាណ​ដើម្បីធ្វើកិច្ចការ​របស់​ព្រះអម្ចាស់ ។

  • តើ​ការ​រក្សា​បទបញ្ញត្តិ​នៅថ្ងៃនេះ រៀបចំ​អ្នក​សម្រាប់​ការ​បម្រើ​ផ្សព្វផ្សាយ​សាសនា អាពាហ៍ពិពាហ៍ និង​ការបម្រើ​ក្នុង​សាសនាចក្រ​នៅ​ឆ្នាំ​ខាងមុខៗ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:២១–២២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ផ្សេងទៀត​ដែល ហៃរុម ចាំបាច់​ត្រូវធ្វើ​ដើម្បី​ជួយ​គាត់​អាចក្លាយជា​អ្នក​ផ្សព្វផ្សាយ​ដំណឹងល្អ​កាន់តែ​មានប្រសិទ្ធភាព ។

  • តើ​ព្រះអម្ចាស់​ប្រាប់​ហៃរុម​ថា គាត់នឹង​ត្រូវការ​ធ្វើ​អ្វីខ្លះ ដើម្បី​អាច​ប្រកាស​ព្រះបន្ទូលទ្រង់​ចំពោះ​ប្រជាជន ? ( អ្នក​អាច​នឹង​ចង់​បន្ថែម​ការ​សិក្សា​ព្រះគម្ពីរ ចូល​ក្នុង​​តារាង​នៅលើ​ក្ដារខៀន) ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​ដើម្បី​ស្គាល់ព្រះបន្ទូលព្រះ ខុសគ្នា​ពីការ​គ្រាន់តែ​អាន​ព្រះគម្ពីរ​យ៉ាង​ណា ?

  • តើ​ព្រះអម្ចាស់​បានសន្យាជាមួយ​ហៃរុម និង​អ្នកដទៃ​ដែល​ធ្វើ​តាម​គំរូ ដែលបាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:២១–២២ អ្វីខ្លះ ? ( សិស្ស​គួរ​តែ​ប្រាប់​គោលការណ៍​ដូច​ខាង​ក្រោម ៖ អ្នក​ទាំងឡាយដែល​សិក្សា​ព្រះបន្ទូល​របស់ព្រះអម្ចាស់ នឹង​ទទួល​ព្រះវិញ្ញាណ​ទ្រង់ និង​អំណាច​ដើម្បី​បញ្ចុះ​បញ្ចូល​អ្នកដទៃ​ឲ្យជឿ​សេចក្ដីពិត​នៃ​ដំណឹងល្អ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា១២

ព្រះអម្ចាស់ ប្រឹក្សា​ដល់​យ៉ូសែប ណៃត អំពី​របៀប​ស្ថាបនា​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន

បង្ហាញ​សិស្ស​នូវ​ឈ្មោះ​របស់បុគ្គល​ល្បីៗពីរបីនាក់ ។ សួរ​ប្រសិនបើ​ពួកគេធ្លាប់​ឮ​អំពី​បុគ្គល​ម្នាក់ៗ​ដែល​អ្នកបាន​ប្រាប់ ហើយពន្យល់​សង្ខេបៗ​អំពី​មូលហេតុ​ដែល​ពួកគេ​ល្បីល្បាញ ។ រួច​សួរ​ប្រសិនបើ​ពួកគេ​ធ្លាប់​ឮ​ឈ្មោះ​បុរស​ម្នាក់​ឈ្មោះ យ៉ូសែប ណៃត ស៊ីញ្ញ័រ ។

  • សូម​គិត​អំពី​បុគ្គល​ម្នាក់ៗ​ក្នុង​វួដ​ឬសាខា​របស់​អ្នក​ដែល​បម្រើ​ដោយស្មោះត្រង់ និង​ដោយ​ស្ងប់ស្ងាត់ ។ តើ​ពួកគេ​កំពុង​ជួយយ៉ាង​ដូចម្តេច ដើម្បីស្ថាបនា​នគរ​របស់​ព្រះ ?

ដើម្បីជួយសិស្ស​រៀន​អំពី​យ៉ូសែប ណៃត ស៊ីញ្ញ័រ និង​ការ​បរិច្ចាគ​របស់គាត់ ចំពោះ​ការ​ស្ដារឡើងវិញ​នៃដំណឹងល្អ សូម​អញ្ជើញសិស្ស​ឲ្យអាន​ឮៗ​ក្នុង​សេចក្ដី​ផ្ដើម​កណ្ឌ គោលលទ្ធិ និង សេចក្ដី​សញ្ញា១២ ។ សូម​ពន្យល់​ថា យ៉ូសែប ណៃត ស៊ីញ្ញ័រ ពុំ​សូវ​មានគេ​ស្គាល់នៅ​សព្វថ្ងៃ​នេះ​ទេ ប៉ុន្តែ​គាត់​បាន​ផ្គត់ផ្គង់​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នូវ​ម្ហូបអាហារ និង​សម្ភារ​ដទៃទៀត អំឡុង​ពេលធ្វើការ​ដ៏សំខាន់​នៃ​ការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា១២ កត់ត្រា​វិវរណៈ​មួយ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស៊្មីធ សម្រាប់​យ៉ូសែប ណៃត ស៊ីញ្ញ័រ ក្នុង​ខែ​ឧសភា ឆ្នាំ១៨២៩ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា១២:៦-៨ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុងថ្នាក់ផ្ទៀង​តាម ប្រាប់អំពី​លក្ខណៈសម្បត្តិ​សុចរិត​នៃ​អ្នកទាំងឡាយ​ដែលចង់​ជួយ​ក្នុងកិច្ចការ​របស់ព្រះអម្ចាស់ គួរ​តែ​មាន ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា១២:៨ តើ​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​ចំពោះ​អ្នកទាំងឡាយ​ដែល​ចង់​ជួយ​ក្នុងកិច្ចការ​របស់ទ្រង់ ?

  • តើ​អ្នក​អភិវឌ្ឍ​លក្ខណៈសម្បត្តិ​ទាំងនេះ​ក្នុងជីវិត​របស់អ្នក​ដូចម្ដេច ?

សូម​ប្រាប់​សិស្ស​ថា យ៉ូសែប ណៃត ស៊ីញ្ញ័រ បាន​ព្យាយាម​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​លក្ខណៈសម្បត្តិ​សុចរិត​ទាំងនេះ ។ គាត់​បាន​ផ្ដល់​ជំនួយ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដល់​យ៉ូសែប ស៊្មីធ ក្នុងអំឡុងពេលនៃការ​បម្រើ​របស់ព្យាការី ។ ជា​ច្រើន​ឆ្នាំ​បន្ទាប់ពី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា១២ លោក​បានកត់ត្រា​ដូច​ខាងក្រោម ស្ដីអំពី​សេចក្ដីស្មោះត្រង់​របស់ យ៉ូសែប ណៃត ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« យ៉ូសែប ណៃត ស៊ីនញ្ញ័រ… បាន​ស្មោះ ហើយ​ពិត ហើយជា​គំរូ​ល្អ និង​ល្អ​ចំពោះ​មនុស្ស​គ្រប់រូប ប្រកបដោយគុណធម៌ និង​ចិត្ត​ល្អ ពុំ​ដែល​ងាក​រេ​ឡើយ ។… គាត់​ជា​មនុស្ស​សុចរិត​ម្នាក់ » ( History of the Church,៥:១២៤ ) ។

ដើម្បី​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​នឹកគិត និង​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅថ្ងៃ​នេះ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​នូវ​របៀប​ដែល​ពួកគេ​បញ្ចប់​ឃ្លា​ដូច​ខាង​ក្រោម​នេះ ៖ « ដើម្បី​ជួយ​ព្រះអម្ចាស់​នៅក្នុងកិច្ចការ​របស់ទ្រង់ ខ្ញុំ​នឹង… »

អ្នក​ក៏​អាច​ចង់​បញ្ចប់​ដោយ​ការ​បង្ហាញ​ពី​របៀប​ដែលអ្នក​នឹង​បញ្ចប់​ឃ្លា​នេះ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា១១:២ ។ ព្រះបន្ទូល​នៃ​ព្រះ​គឺ « មុត​ជាង​ដាវ​ណាមាន​មុខ​ពីរ​ »

អែលឌើរ អួរសុន ប្រាត្ត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​អំពី​អំណាច​នៃ​ព្រះបន្ទូល​របស់​ព្រះ​ថា ៖

រូបភាព
អែលឌើរ អួរសុន ប្រាត្ត

« សារលិខិត​នៃ​សេចក្ដីពិត​សាមញ្ញ នៅពេល​បញ្ជូន​មកពីព្រះ--​នៅពេល​បាន​បោះពុម្ព​ដោយ​សិទ្ធិអំណាច​ដ៏​ទេវភាព តាមរយៈ​បុរស​ដ៏បំផុសគំនិត​ដ៏ទេវភាព ចាក់​ទម្លុះ​គំនិត​ដូចជា​ដាវ​មុខ​ពីរ ហើយ​កាត់ជ្រៀកបំផ្លាញ​នូវអំណាច​នៃ​ទំនៀមទម្លាប់​ខុសឆ្គង​ពីបុរាណ ដែលមាន​ក្នុង​ខ្លួន​មនុស្ស ដែល​គេ​គិត​ថា​ពិសិដ្ឋ​ដោយ​សារ​វា​មានជាយូរលង់មក ដែល​ប្រាជ្ញា​មនុស្ស​ធ្វើ​ឲ្យ​មាន​ប្រជាប្រិយភាព​នោះ ។ វា​បំបែក​ចេញ​នូវ​សេចក្ដីពិត​ដ៏​ត្រឹមត្រូវ​ចេញពី​ភាព​ខុសឆ្គង-- រវាង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​គោលលទ្ធិ​របស់មនុស្ស វា​បន្ទន់​ការ​ឈ្លោះទាស់ទែង​នៃ​ការ​រៀនសូត្រ​របស់​មនុស្ស​ទាស់​នឹងសេចក្ដីពិត​ដ៏ទេវភាព​ទាំងអស់បាន​យ៉ាង​ងាយ ។ គំនិត​យោបល់ ការ​ជឿទាំងឡាយ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​គ្មានការ​បំផុសគំនិត ហើយ​គោលលទ្ធិទាំងឡាយ​ដែល​បាន​បង្កើតឡើងនៅក្នុង​សាលា​សាសនា ត្រូវវិនាស​ទាំងអស់ ដូចជា​ទឹក​សន្សើម​នៅពេល​ព្រឹក​ព្រលឹម--​អ្វី​គ្រប់យ៉ាង​លិច​ទៅក្នុងភាព​គ្មានន័យ នៅពេល​ប្រៀបធៀប​ទៅនឹង​សារលិខិត​មួយ​ដែល​បាន​ដឹកនាំ​មកពី​ស្ថានសួគ៌ » ( « Divine Authority—or was Joseph Smith Sent of God ? »កិច្ចការ​របស់​អួរសុន ប្រាត្ត នៅក្នុង​គោលលទ្ធិ​នៃ​ដំណឹងល្អ [ ឆ្នាំ១៩៤៥ ],១:១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា១១:៩ ។ តើ​ពាក្យ « សូម​កុំ​ថា​អ្វី​ដល់​តំណរ​នេះឡើយ លើក​លែង​តែ​ការ​ប្រែចិត្ត » មានន័យ​យ៉ាង​ណា ?

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានមាន​ប្រសាសន៍​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« នៅពេល​ព្រះអម្ចាស់​ប្រាប់​ដល់​ពួក​អ្នក​បម្រើ​របស់ទ្រង់​កុំ​ឲ្យ​ថា​អ្វី​សោះ លើកលែង​តែ​ការ​ប្រែចិត្ត នោះ​ពុំ​មែន​មានន័យ​ថា ពួកគេ​កុំ​ថា​អ្វី​អំពី​ពិធីបុណ្យជ្រមុជទឹក ហើយកុំ​ហៅ​ឲ្យ​មនុស្ស​គោរព​បទបញ្ញត្តិ​របស់ព្រះ​នោះទេ ប៉ុន្តែ​ទ្រង់​មានព្រះទ័យ​ចង់​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​ពួកគេ​និយាយ និង​ធ្វើ គឺ​ស្ថិត​នៅក្នុងវិញ្ញាណ​នៃ​ការ​នាំ​មនុស្ស​ឲ្យ​ប្រែចិត្ត ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ណា ដែល​ពុំ​បាន​ធ្វើ​ដូចនេះ​នៅក្នុង​ការ​បម្រើ​របស់​ខ្លួន គឺពុំ​បំពេញ​កាតព្វកិច្ច​ខ្លួនឡើយ » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ១៩៥៣ ],១:៥៧ ) ។

កូនសៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ បង្រៀន​អំពី​ការ​ប្រែចិត្ត​ដូចខាង​ក្រោម​ថា ៖

« ការ​ប្រែចិត្ត​គឺ​ជា​គោលការណ៍​មួយ​នៃ​គោលការណ៍​ទាំងឡាយ​នៃដំណឹងល្អ ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ១:៤ ) ។ វា​សំខាន់​ចំពោះ​សុភមង្គល​របស់​អ្នក​នៅក្នុង​ជីវិត​នេះ និង ពេញ​ទាំង​ភាពអស់កល្ប ។ ការប្រែចិត្ត​គឺវា​សំខាន់​ជាង​ការគ្រាន់តែ​ដឹង​ពី​ការធ្វើខុស ។ វា​គឺ​ជា​ការ​ផ្លាស់​ប្តូរ​នៃ​គំនិត និង ចិត្តដែល​ផ្តល់​ដល់​យើង​នូវ​ការ​យល់​ដឹង​ថ្មី​អំពី​ព្រះ អំពី​ខ្លួន​របស់​យើង​ផ្ទាល់ និង​អំពី​ពិភព​លោក​នេះ ។ វា​រួម​មាន​ការ​បែរ​ចេញ​ពី​អំពើ​បាប​ហើយ​បែរ​ទៅ​រក​ព្រះ​សម្រាប់​ការ​អភ័យ​ទោស ។ វា​ត្រូវបាន​ជម្រុញ​ដោយ​សេចក្ដីស្រឡាញ់​ដល់​ព្រះ និង បំណង​ដ៏​ស្មោះត្រង់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អ[ ឆ្នាំ ២០០៤ ], ទំព័រ ១៣២ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា១១:២៥ ។ « សូម​កុំ​បដិសេធ​វិញ្ញាណ​នៃវិវរណៈ »

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ថា ការ​ប្រឹក្សា​ចំពោះ ហៃរុម ស្ម៊ីធ នឹង​បម្រើជា « ដំបូន្មាន​ល្អ​សម្រាប់​យើង​ទាំងអស់គ្នាក្នុងពេល​បច្ចុប្បន្ន​នេះ ។ មាន​សមាជិក​នៃ​សាសនាចក្រ​មួយចំនួន​ដែលរអ៊ូរទាំ​ដោយសារ​ព្រះ​អម្ចាស់ ពុំ​ប្រទាន​វិវរណៈ​ដើម្បី​ដាក់​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដូច​កាល​ពី​ដំបូង ហើយ​ពួកគេ​សួរ​ថា ហេតុអ្វី​ក៏​ឈប់មាន​វិវរណៈ​នៅក្នុង​សាសនាចក្រ ។ តាម​ធម្មតា វា​ជាករណី​ដែលថា អ្នក​រិះគន់​ទាំងនេះ គឺ​ពុំ​រក្សា​បទបញ្ញត្តិ​ដែល​ព្រះអម្ចាស់​​បាន​ប្រទាន​មករួច​ហើយ​នោះ​ដោយ​ស្មោះត្រង់ទេ ហើយភ្នែក​របស់ពួកគេ​មើលពុំឃើញ​ភាពពិត​ដែលវិវរណៈ និងការ​ដឹកនាំ​របស់ព្រះអម្ចាស់ គឺ​ត្រូវ​បាន​ចាត់​ទៅឲ្យ​សាសនាចក្រ​ដោយខ្ជាប់ខ្ជួន​ឡើយ ។ គ្មាន​នរណា​ម្នាក់ដែល​មានវិញ្ញាណ​នៃ​ការ​ញែកដឹង ពុំ​អាច​មើល​ឃើញ​ថា ព្រះហស្ត​របស់ព្រះអម្ចាស់ បាន​ដឹកនាំ​រាស្ត្រ​របស់ទ្រង់​តាំងពីការ​ចាប់​ផ្ដើមមក ហើយដែល​ការដឹកនាំ​នេះ ត្រូវ​បាន​សម្ដែង​ឲ្យឃើញនាសព្វ​ថ្ងៃនេះ ក៏​ដូចជា​នៅក្នុង​ជំនាន់​ផ្សេងៗ​ដល់​មនុស្ស​ទាំងអស់​ដែល​រាបសារ ហើយ​មាន​វិញ្ញាណ​សង្រេងនោះឡើយ ។ ( សូម​មើល យ៉ាកុប ៤:៨ ) » ។ Church History and Modern Revelation, វ៉ុល ២ [ ឆ្នាំ១៩៥៣ ],១:៥៧ សូមមើល​ផងដែរ សៀវភៅ​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​សិស្ស បាន​បោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ],ទំព័រ ២៦ ) ។