ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១២


មេរៀនទី ១២០

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២

បុព្វកថា

នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ សម្រាប់ ថូម៉ាស ប៊ី ម៉ាស្ស ដែលក្រោយមក​គឺ​ជា​ប្រធាន កូរ៉ុម នៃពួកសាវកទាំងដប់ពីរនាក់ ។ ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ព្រះអម្ចាស់​បាន​ប្រទាន​ការ​ទូន្មាន​ទាក់ទង​នឹង​ទំនួល​ខុសត្រូវ​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១-១៣

ព្រះអម្ចាស់​ប្រទាន​ការ​ទូន្មាន និង​សន្យា​ថាប្រទានពរជ័យ​ដល់ ថូម៉ាស ប៊ី ម៉ាស

សូម​សរសេរ​ពាក្យ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ខឹង ខកចិត្ត អាក់អន់​ចិត្ត ច្រណែន ។ សូម​អញ្ជើញ​សិស្សឲ្យ​គិត​អំពី​ពេល ដែល​ពួកគេ​អាច​មាន​បទពិសោធន៍​ទទួល​អារម្មណ៍​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿង​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ស្ថានភាព​ដែល ថូម៉ាស ប៊ី ម៉ាស បាន​ជួបប្រទះ​ដែល​បាន​នាំលោក​ឲ្យ​ទទួល​បទពិសោធន៍​នៃ​អារម្មណ៍ទាំង​នោះ ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី ថូម៉ាស ប៊ី ម៉ាស ត្រូវ​បាន​ហៅ​ជា​សាវក​ក្នុង​ឆ្នាំ ១៨៣៥ លោក​ត្រូវ​បាន​តែងតាំ​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ នៅ​និទាឃរដូវ​ឆ្នាំ ១៨៣៧ ប្រធាន ម៉ាស បាន​ដឹង​ថា​មាន​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ដប់ពីរ​នាក់ គឺ​អែលឌើរ បាលី ភី ប្រាត្ត បាន​រៀបចំ​ចេញ​បេសកកម្ម​ទៅ​ប្រទេស​អង់គ្លេស​ដោយ​គ្មាន​ការ​ដឹកនាំ​ពី​ប្រធាន ម៉ាស ។ ប្រធាន ម៉ាស ដែល​ពេល​នោះ​នៅ​រដ្ឋ មិសសួរី បាន​សរសេរ​ទៅ​អែលឌើរ ប្រាត្ត និង​សមាជិក​ដទៃ​នៃ​ពួក​ដប់ពីរ​នាក់ ហើយ​បាន​អញ្ជើញ​ពួកគេ​មក​ជួបលោក​នៅ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៣៧ ដូច្នេះ​ពួកគេ​អាច​រួបរួម​តែមួយ​ក្នុង​ការ​រៀបចំ​សម្រាប់​បេសកកម្ម ។ ប៉ុន្តែ មួយ​ខែ​មុន​ការ​ប្រជុំ​នោះ​កើត​ឡើង សមាជិក​នៃ​ពួក​សាវក​ពីរនាក់​ទៀត​គឺ អែលឌើរ ហ៊ីប៊ឺ ស៊ី ឃឹមបឹល និង​អួរសុន ហៃឌ បាន​ចាកចេញ​ទៅ​ប្រទេស អង់គ្លេស​បន្ទាប់​ពី​បាន​ទទួល​ការហៅបម្រើ​ពី​ព្យាការី យ៉ូសែប ស៊្មីធ ។ ប្រធាន ម៉ាស្ស មាន​ការ​អន់ចិត្ត​ដែល​សមាជិក​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ចេញ​ទៅ​ផ្សាយ​ដំណឹងល្អ​នៅ​ប្រទេស អង់គ្លេស ដោយ​គ្មាន​ការ​ចូលរួម​ពី​លោក ។

  • នៅ​ក្នុង​ស្ថានភាព​នេះ តើ​ប្រធាន ម៉ាស្ស អាច​ធ្វើ​អ្វី​បាន​ដើម្បី​ចៀសវាង​ពី​អារម្មណ៍​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ? តើ​គ្រោះថ្នាក់​អ្វី​ខ្លះ​អាច​កើតឡើង​នៅពេល​យើង​អនុញ្ញាត​ឲ្យ​អារម្មណ៍​បែប​នោះ​គ្រប់គ្រង​គំនិត និង​ទង្វើ​របស់​យើង ?

សូម​ពន្យល់​ថា​ប្រធាន ម៉ាស្ស បាន​ចែកចាយ​ការ​ព្រួយបារម្ភ​របស់​លោក​ជាមួយ​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​សូម​ការ​ប្រឹក្សា ។ ក្នុង​ការ​ឆ្លើយតប ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១-៣ ឲ្យឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​រក​មើល​ការ​ព្រមាន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ថា​ប្រធាន ម៉ាស្ស បាន​ធ្វើ ។ ( មុន​ពេល​សិស្ស​អាន អ្នកអាច​នឹង​ចង់ពន្យល់​ថា​ពាក្យ បន្ទាបខ្លួន នៅ​ក្នុង ខ ៣ មានន័យ​ថា ប្រធាន ម៉ាស បាន​បន្ទាប​ខ្លួន​លោក ) ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការ​ព្រមាន​អ្វី​ដល់ ថូម៉ាស ប៊ី ម៉ាស្ស ?

  • តើ​រឿង​ល្អ​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា​ប្រធាន ម៉ាស្ស បាន​ធ្វើ ?

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការ​ទូន្មាន​បន្ថែម​ដល់​ប្រធាន ម៉ាស្ស ហើយ​បាន​បើក​សម្ដែង​ពី​ពរជ័យ​មួយ​ចំនួន​ដែល​ប្រធាន ម៉ាស្ស អាច​ទទួល​បាន​សម្រាប់​ការ​ស្មោះត្រង់​របស់លោក ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អានឲ្យ​ឮៗពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:៤-១០ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើល​ការ​សន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ថូម៉ាស ប៊ី ម៉ាស្ស ។ សូម​ពិចារណាអញ្ជើញ​សិស្សឲ្យ​សរសេរ​ការ​សន្យា​ទាំងនេះ នៅលើ​ក្ដារខៀន​ពេល​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​អ្នក​អាច​និយាយ​ឡើងវិញ​នូវការ​បង្រៀន​របស់ព្រះអម្ចាស់​នៅក្នុង ខ ១០ ដោយ​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​បន្ទាប​ខ្លួន នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង ហើយ​ប្រទាន​ចម្លើយចំពោះ​ការ​អធិស្ឋាន​របស់​យើង ) ។

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការ​បន្ទាបខ្លួន​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ការ​ដឹកនាំ​ពី​ព្រះអម្ចាស់ ?

  • តើនៅពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ដឹកនាំ ដោយ​ព្រះអម្ចាស់​បន្ទាប់​ពី​អ្នក​បន្ទាប​ខ្លួន​នោះ ?

សូម​ពន្យល់​ថា ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣៧ នៅពេល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នេះ សាសនាចក្រ​កំពុង​ជួបប្រទះ​ការ​បែកបាក់​សាមគ្គី ការ​ឈ្លោះប្រកែក​គ្នា និង​ការ​ក្បត់​សាសនា ។ ភាព​អំនួត និង​ភាព​លោភលន់ បាន​នាំ​សមាជិក​សាសនាចក្រ​មួយ​ចំនួន រិះគន់​ព្យាការី យ៉ូសែប ស៊្មីធ ដោយ​ចំហរ ហើយ​មាន​មន្ទិល​ពី​សិទ្ធិអំណាច​របស់​លោក ។ សមាជិក​សាសនាចក្រ​មួយ​ចំនួន រួមទាំង​ពួកសាវក​ដប់ពីរនាក់​មួយ​ចំនួន បាន​ព្យាយាម​ដក យ៉ូសែប ស៊្មីធ ចេញ​ពី​ប្រធាន​សាសនាចក្រ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១១-១៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ប្រធាន ម៉ាស្ស ធ្វើ​ដើម្បី​ជួយ​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​ដែល​កំពុង​ជួប​បញ្ហា ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:​១៤- ៣៤

ព្រះអម្ចាស់​បង្រៀន ថូម៉ាស ប៊ី ម៉ាស្ស ពី​កាតព្វកិច្ច​របស់​ពួកសាវក​ដប់ពីរ​នាក់

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស ​នូវ​ទំនួលខុស​ត្រូវ​សំខាន់ៗ​ជាច្រើន ។ សូម​សរសេរ​សំណួរ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ តើ​អ្វី​ទៅ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ការ​បន្ទាប​ខ្លួន នៅពេល​អ្នក​ទទួល​បាន​ទំនួល​ខុសត្រូវ ឬ​ការ​ទទួលស្គាល់ដ៏​សំខាន់នោះ ? សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹងគិត​ពី​សំណួរ​នេះ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ជួយ ថូម៉ាស ប៊ី ម៉ាស្ស ឲ្យ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​ទំនួល​ខុសត្រូវ​របស់លោក​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ខណៈបន្ត​រំឮកលោក​ឲ្យ​បន្ទាប​ខ្លួន ។ សូមចម្លង តារាង នៅ​លើ​ក្ដារខៀន ឬ​រៀបចំ​វា​ជា​ក្រដាស​ចែក ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ដែល​បាន​ចាត់​ឲ្យ ហើយ​បំពេញ​តារាង​ជា​ដៃគូ ( ឬ​បំពេញ​វា​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ) ។

គ. និង ស. ១១២:១៤-២២ ២៨-៣៣

ឃ្លា​ទាំង​នេះ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនួល​ខុសត្រូវ​របស់​ប្រធាន ម៉ាស្ស និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។

ឃ្លា​ដែល​រំឭក​ប្រធាន ម៉ាស្ស និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​ពី​តម្រូវការ​ឲ្យ​មាន​ការ​បន្ទាប​ខ្លួន ។

ក្រោយពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញ​តារាង​នេះ​ហើយ សូម​សួរសំណួរ​ខាងក្រោម ៖

  • តើ​ឃ្លា​អ្វី​ដែល​អ្នក​រកឃើញ​ថា គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនួល​ខុសត្រូវ​របស់​ប្រធាន ម៉ាស្ស ។

  • ស្របតាម ខ ១៦-១៧តើ​កូនសោរ​អ្វី​ដែល​ត្រូវ​បាន​កាន់​ដោយ​ប្រធាន​នៃ​កូរ៉ុម​សាវក​ដប់ពីរ​នាក់ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ កាន់​កូនសោរ​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ពួក​ដប់ពីរ​នាក់ ក្នុង​ការ​ប្រកាស​ដំណឹងល្អ​ដល់​គ្រប់​ប្រជាជាតិ ។)

  • ស្រប​តាម ខ ៣០-៣២តើ​ព្រះអម្ចាស់​បង្រៀន​អ្វី​ដល់ ថូម៉ាស ប៊ី ម៉ាស្ស អំពី​កូនសោ​បព្វជិតភាព​ដែល​លោក​កាន់​នោះ ? ( សិស្ស​អាច​បា្រប់ពីគោលការណ៍​ផ្សេងៗ ប៉ុន្ដែ​សូម​ប្រាកដ​ថា​ពួកគេ​ប្រាប់​ពីសេចក្ដីពិត​ដូច​ខាង​ក្រោម ៖ កូនសោ​បព្វជិតភាព​ដែល​ត្រូវ​បាន​ស្ដារឡើង​វិញ​ជាលើក​ចុងក្រោយ​ក្នុង ការ​កាន់កាប់​ត្រួតត្រា នៅពេល​ពេញ​កំណត់ ។ អ្នក​អាច​រំឮក​ឡើងវិញ​យ៉ាង​សង្ខេប​ពី អត្ថន័យ​នៃ​ពាក្យ ការ​កាន់កាប់​ត្រួតត្រា [ សូម​មើល Bible Dictionary, « Dispensations » ] ) ។

  • តើ​ឃ្លា​អ្វី​ដែល​អ្នក​រកឃើញ ហើយ​រំឭក​អ្នក​ថា​ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស ត្រូវ​បន្ទាប​ខ្លួន​នោះ ?

  • តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខ ១៥ និង ខ ៣០ បង្រៀន​អ្វីខ្លះ​ពី​ទំនាក់​ទំនង​រវាង​ទំនួល​ខុសត្រូវ​របស់​ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ទំនួល​ខុសត្រូវ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ជា​ប្រធាន​នៃ​សាសនាចក្រ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ថូម៉ាស ប៊ី ម៉ាស្ស​ មាន​បញ្ហា​ក្នុង​ការ​ធ្វើតាម​ការ​ទូន្មាន​ដែល​លោក​បាន​ទទួល​នៅ​ក្នុង​វិវរណៈ​នេះ សូមអញ្ជើញ​សិស្សឲ្យ​អាន​ឃ្លា​ដូច​ខាង​ក្រោម ៖

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២ ត្រូវ​បាន​ប្រទាន ថូម៉ាស ប៊ី ម៉ាស្ស បាន​ប្រាប់ វីឡេត គិមបឹល ថា អែលឌើរ ហ៊ីប៊ឺ ស៊ី គិមបឹល ជា​ស្វាមី​របស់​គាត់​ នឹង​គ្មាន​ប្រសិទ្ធិភាពក្នុង​បេសកកម្ម​របស់​គាត់​នៅ​ប្រទេសអង់គ្លេស​ឡើយ ។ ពិតណាស់ ប្រធាន ម៉ាស្ស មាន​អារម្មណ៍​ថា ដោយសារ​ការ​ប្រកាស​ដំណឹងល្អ​នៅ​បរទេស គឺ​ជា​ទំនួល​ខុសត្រូវ​របស់​លោក នោះ​ឱកាស​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អង់គ្លេស នឹង​មិន​អាច​បើក​ទាល់តែលោក​បញ្ជូន​នរណា​ម្នាក់ដោយផ្ទាល់ ឬ​លោក​ទៅ​ដោយ​ខ្លួន​ឯង ។

  • តើ​ព្រឹត្តិការណ៍​នេះ បង្ហាញ​ថា​ប្រធាន ម៉ាស្ស អាច​មាន​បញ្ហា​ក្នុង​ការ​បន្ទាប​ខ្លួន យ៉ាង​ដូចម្ដេច ?

សូមយោងទៅលើ​សំណួរ ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្សឲ្យ​ឆ្លើយ​សំណួរ ។ ក្នុង​ផ្នែក​នៃ​ការពិភាក្សានេះ សូម​គិត​ពីការប្រើសេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« យើង​មិន​រកឃើញ​ការ​បន្ទាប​ខ្លួន​ដោយ ការ បន្ទាប​បន្ថោក​ខ្លួន​យើង​នោះ​ឡើយ តែយើង​រកឃើញ​ការ​បន្ទាប​ខ្លួន ដោយការ មិន​ផ្ដោត​លើ ខ្លួន​យើង ។ វាកើត​ឡើង​ពេល​យើង​ធ្វើ​ការ​ដោយ​មាន អាកប្បកិរិយា​នៃ​ការ​បម្រើ​ព្រះ និង​បងប្អូន​យើង ។

«… នៅពេល​ដែល​យើង​ឈប់​ឈ្លក់វង្វេង​នឹង​ខ្លួន​យើង ហើយ​ភ្លេច​ខ្លួន​យើង​ក្នុង​ការ​បម្រើ នោះភាពអំណួត​របស់​យើង​នឹង​ថយចុះ ហើយ​ចាប់​ផ្ដើម​បាត់បង់​ទៅ ( Pride and the Priesthood »Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៨ ) ។

សូម​រំឭកសិស្ស​ពី​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ប្រធាន ម៉ាស្ស ( សូមមើល គ. និង ស. ១១២:៤-១០ ) ។ អ្នក​អាច​ឲ្យ​សិស្ស​សរសេរ​ពរជ័យ​ទាំងនេះ​នៅ​លើ​ក្ដារខៀនជាមុន។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:៣៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយប្រាប់ពីអ្វី​ដែល​ប្រធាន ម៉ាស្ស ត្រូវធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ បន្ទាប់​មក សូម​សរសេរ​គោលការណ៍​ដូច​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ យើង​ត្រូវ​តែ​ស្មោះត្រង់ ដើម្បី​ទទួល​បាន​ពរជ័យ​សន្យា​របស់​ព្រះអម្ចាស់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​គោលការណ៍​នេះ សូម​អាន ឬ​សង្ខេប​រឿង​នៃ​ការ​ធ្លាក់​ចេញ​ពី​សាសនាចក្រ និង​ការ​ត្រឡប់​មកវិញ​របស់ ថូម៉ាស ប៊ី ម៉ាស្ស ៖

មាន​ពេល​មួយ ប្រធាន ម៉ាស្ស ​បាន​ធ្វើ​តាម​ការ​ទូន្មាន​ដែលលោក​បាន​ទទួល ។ គាត់​បាន​ខិតខំ​ពង្រឹង​សាសនាចក្រ ហើយ​គាំទ្រ យ៉ូសែប ស៊្មីធ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មិន​យូរ​ប៉ុន្មាន​គាត់​បាន​ត្រឡប់​ជា​មាន​អារម្មណ៍​ជំទាស់​នឹង​របៀប​ដែល​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ទៅ​វិញ ។ អារម្មណ៍​ទាំងនេះ​បូក​ផ្សំ​ជាមួយ​នឹង​កង្វល់​អំពី​ទំនាស់​រវាង​សមាជិក​សាសនាចក្រ​ដែល​ពុំ​គោរពប្រតិបត្តិ និង ឈ្លានពាន ព្រមទាំង​អ្នក​ជិត​ខាង​របស់​ខ្លួន​នៅ​រដ្ឋ មិសសួរី ។ ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣៨ កាល​គាត់​ត្រូវបាន​ជុំជិត​ដោយ​គំនិត​ក្បត់សាសនា នោះ​ភរិយា​របស់​គាត់ អេលីស្សាបែត បាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​មួយ ។ គាត់ និង ស្ត្រី​មា្នក់​ទៀត ទាំងពីរ​នាក់​គឺ​ជា​សមាជិក​សាសនាចក្រ បាន​ព្រមព្រៀង​គ្នា​ដោះដូរ​ទឹកដោះគោ​ជា​ប្រចាំ ដើម្បី​មាន​ទឹកដោះគោ​គ្រប់គ្រាន់​ក្នុង​ការធ្វើ​ឈីស ប៉ុន្តែ​បងស្រី ម៉ាស្ស បាន​ប្ដឹង​គាត់​ថា​ល្មើស​នឹង​កិច្ចព្រមព្រៀង ដោយ​បាន​ទុក​ចំណែក​ទឹកដោះគោ​ដែល​មាន​សារធាតុ​ខ្លាញ់​ទឹកដោះ​ច្រើន ។ បញ្ហា​នេះ​ត្រូវបាន​នាំ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ជា​ច្រើន​ដង ។ វា​ក៏​ត្រូវបាន​នាំ​ទៅ​ដល់ គណៈប្រធាន​ទី​មួយ​ផងដែរ ។ រាល់​ពេល វា​ត្រូវ​បាន​សម្រេច​ថា បងស្រី ម៉ាស្ស ពិត​ជា​ខុស​មែន ។ ប្រធាន ម៉ាស្ស មាន​ការ​ខឹងសម្បារ និង​មិនពេញចិត្ត​នឹង​ការ​សម្រេចចិត្ត​ទាំងនេះ ( សូមមើល George A. Smith, « Discourse » Deseret News, ខែ មេសា ឆ្នាំ ១៨៥៦ ទំព័រ ៤៤ ) ។ បញ្ហា​នេះ មិន​បាន​នាំលោក​ឲ្យ​ចាកចេញ​ពី​សាសនាចក្រ​ទេ ប៉ុន្តែ​វា​គរ​បន្ថែម​លើ​ការ​ខកចិត្ត​ដទៃ​ទៀត ។ លោក​ទិតៀន​ដល់​អ្នកដឹកនាំ​សាសនាចក្រ​កាន់​តែ​ខ្លាំង ហើយ​នៅ​ទីបំផុត​លោក​បាន​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ ។ ក្រោយ​មកលោក​បាន​រំឮក​ឡើងវិញ​ថា « ខ្ញុំ​មាន​ការ​ច្រណែន​នឹង​ព្យាការី … ហើយ​មើល​រំលង​អ្វី​គ្រប់​យ៉ាង​ដែល​ត្រឹមត្រូវ ហើយ​ចំណាយ​ពេល​ទាំង​អស់​របស់​ខ្ញុំផ្តោតលើ​រឿង​អាក្រក់ៗ​ទៅវិញ » ( « Remarks » Deseret News, ថ្ងៃ​ទី ១៦ ខែ កញ្ញា ឆ្នាំ ១៨៥៧ ទំព័រ ២២០ ) ។

ក្នុង​ខែ តុលា ឆ្នាំ ១៨៣៨ ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស បាន​ស្បថ​ចំពោះ​មុខ​អង្គចៅក្រម​ថា យ៉ូសែប ស៊្មីធ និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​សត្រូវ​របស់​រដ្ឋ មិសសួរី ។ លិខិត​ថ្លែង​សច្ចា​នេះ បាន​រួម​ចំណែក​ដល់​ការ​ចេញ​បញ្ជា​ពី​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ប្រល័យ ដែល​ធ្វើ​ឲ្យ​មាន​ពួកបរិសុទ្ធ​ច្រើន​ជាង ១៥,០០០​នាក់​ត្រូវ​បណ្ដេញចេញ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​រដ្ឋ មិសសួរី ។

ដប់​ប្រាំបី​ឆ្នាំ​បន្ទាប់​ពី ថូម៉ាស ប៊ី ម៉ាស្ស បាន​ចាកចេញ​ពី​សាសនាចក្រ លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដោយ​បន្ទាប​ខ្លួន ទៅ​កាន់​ប្រធាន ហ៊ីប៊ឺ ស៊ី គិមបឹល នៃ​គណៈប្រធាន​ទីមួយ សូម​ការ​អភ័យទោស និង​សុំអនុញ្ញាត​ដើម្បី​ចូល​ក្នុង​សាសនាចក្រ​វិញ ។ លោក​បាន​ពន្យល់​ថា លោក​បាន​រៀន​ពី​កំហុស​ខ្លួន​ឯង​ថា ៖ « ព្រះអម្ចាស់​អាច​ធ្វើ​កិច្ចការ​ទោះបី​ជា​គ្មាន​ខ្ញុំ ហើយ​ទ្រង់​មិន​បាត់បង់​អ្វី​ដោយ​ការ​ធ្លាក់​ចេញ​របស់​ខ្ញុំ​ដែរ ប៉ុន្តែ តើ​ខ្ញុំ​បាន​បាត់បង់​អ្វី​ខ្លះ​ទៅ ? » ! ( Thomas B. Marsh letter to Heber C. Kimball, ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ១៨៥៧, Brigham Young Collection, Church History Library, as quoted in Kay Darowski, « The Faith and Fall of Thomas Marsh » Revelations in Context, history.lds.org ) ។

សូម​យោងទៅលើ​គោលការណ៍​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ថូម៉ាស ប៊ី ម៉ាស្ស បាន​ស្វាគមន៍​ឲ្យ​ត្រឡប់​មក​ជា​សមាជិក​សាសនាចក្រ​វិញ ។ ប៉ុន្តែ ដោយ​សារ​លោក​មិន​បាន​ធ្វើ​តាម​ការទូន្មាន​ឲ្យ​បន្ទាប​ខ្លួន និង​ស្មោះត្រង់​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​នៃ​កូរ៉ុមនៃពួកសាវកដប់ពីរ​នាក់ នោះលោកមិន​បាន​ទទួលពរជ័យដែលបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:៤–១០ទេ ។

សូម​ឲ្យ​សិស្ស​ពីរបី​នាក់​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ ។ សូមអញ្ចើញ​សិស្សឲ្យ​ជ្រើសរើស​វិធី​មួយ​ដែល​ពួកគេ​អាច​មាន​ការ​បន្ទាប​ខ្លួន និង​មាន​ភាព​ស្មោះត្រង់​កាន់​តែ​ខ្លាំង ហើយ​សរសេរ​គោលដៅ​មួយ​ដើម្បី​ធ្វើ​តាម ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:៣០ ។ « គណៈប្រធាន​ទីមួយ … ត្រូវ​បាន​តែងតាំង … ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់អ្នក និងជាមេដឹកនាំ​របស់​អ្នក »

សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ម្នាក់ៗ កាន់​កូនសោ​នៃ​នគរ ។ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​កាន់​កូនសោ ឬ​សិទ្ធិអំណាច ដើម្បី​ដឹកនាំ​កិច្ចការ​នៃ​ពួក​ដប់ពីរ​នាក់ ក្នុង​ការ​ប្រកាស​ដំណឹងល្អ​ដល់​គ្រប់​ប្រជាជាតិ​នៃ​លើ​ផែនដី ( សូមមើល គ. និង ស. ១១២:១៦ ) ។ ប៉ុន្តែ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​សាវក​ម្នាក់ៗ អនុវត្ត​កូនសោ​បព្វជិតភាព​របស់​ខ្លួន​តែ​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​ប្រធាន​សាសនាចក្រ និង​ទីប្រឹក្សា​របស់​លោក​ក្នុង​គណៈប្រធាន​ទីមួយ​ប៉ុណ្ណោះ ។ ដូច្នោះ​ហើយ ព្រះអម្ចាស់​បាន​ដាស់តឿន ថូម៉ាស ប៊ី ម៉ាស្ស និង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដទៃ​ទៀត​ឲ្យ​ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់ យ៉ូសែប ស្ម៊ីធ ក្នុង​ការ​ធ្វើ​ជា​អធិបតី​លើ​ពួកគេ ( សូមមើល គ. និង ស. ១១២:១៥–២០ ) ។ សិទ្ធិអំណាច​ធ្វើ​ជា​អធិបតី​ក្នុង​នាម​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ យ៉ូសែប ស្ម៊ីធ មាន​សិទ្ធិអំណាច​ដើម្បី​ហៅ​សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហ៊ីប៊ឺ ស៊ី គិមបឹល និង អួរសុន ហៃឌ ឲ្យ​ទៅ​បម្រើ​បេសកកម្មនៅប្រទេសអង់គ្លេស និង ថូម៉ាស ប៊ី ម៉ាស្ស ជាប្រធាននៃកូរ៉ុមនៃពួកដប់ពីរនាក់ ហើយ​ជាអ្នកកាន់កូនសោនៃការប្រកាសដំណឹងល្អរបស់​ពួកដប់ពីរនាក់ផ្ទាល់ក៏ដោយ ។