ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤១


មេរៀន​ទី ៤៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១

បុព្វកថា

នៅក្នុង​ខែ​ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់ បានបញ្ជា​ដល់​ពួកបរិសុទ្ធ​ឲ្យ​ផ្លាស់​ទៅរដ្ឋ អូហៃអូ ជាកន្លែង​ដែលពួកគេ​នឹង​ទទួល​ក្រឹត្យវិន័យ​របស់ទ្រង់ ( សូមមើលគ. និង ស. ៣៧:៣,៣៨:៣២ ) ។ លីម៉ាន ខូព្លី ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ ក្នុង​រដ្ឋ អូហៃអូ បាន​ផ្តល់​ឲ្យដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន និង​ក្រុមគ្រួសារ​របស់ពួកគេនូវ « ផ្ទះ និង​ស្បៀង​អាហារ » ( សេចក្ដី​ផ្ដើម កណ្ឌគ. និង ស. ៤១ ) ។ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១នៅថ្ងៃទី ៤ ខែ​កុម្ភៈ ឆ្នាំ ១៨៣១ មិនយូរប៉ុន្មាន​បន្ទាប់ពី​លោកបាន​មកដល់​រដ្ឋ អូហៃអូ ។ នៅ​ក្នុងវិវរណៈ​នេះ ព្រះអម្ចាស់ បាន​ណែនាំ​ព្យាការី និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត​ឲ្យ​អធិស្ឋាន​ដើម្បី​ទទួល​ក្រឹត្យវិន័យ​របស់ទ្រង់ ។ បន្ថែម​ពី​លើ​នោះ ទ្រង់​បាន​បញ្ជាក់ពី​កន្លែងដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន គួរ​រស់​នៅ ហើយ​បាន​ហៅ អែតវឺត ប៉ាទ្រិច ឲ្យ​ធ្វើជា​ប៊ីស្សព​ទីមួយ​នៃ​សាសនាចក្រ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១-៦

ព្រះអម្ចាស់​បង្រៀន​ថា ពួកសិស្សដ៏​ពិត​នឹង​រក្សា​ក្រឹត្យវិន័យ​របស់ទ្រង់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែលនាំមកនូវក្តីរីករាយ ឬ​ស្វែងរក​សេចក្ដីអំណរ​នៅក្នុងការ​ធ្វើ​រឿង​អ្វីមួយ ។

  • តើ​អ្នក​រីករាយ ឬ​ពេញ​ចិត្ត​ក្នុងការ​ធ្វើអ្វីខ្លះ ?

  • តើ​អ្នកគិត​ថាព្រះអម្ចាស់​សព្វព្រះហឬទ័យនៅ​ក្នុងការ​ធ្វើអ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:១ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយ​ប្រាប់​អំពី​អ្វី​ដែលព្រះអម្ចាស់ សព្វព្រះហឬទ័យ​នៅក្នុងការ​ធ្វើ​នោះ ។

  • តើ​ព្រះអម្ចាស់​មានបន្ទូល​ថា ទ្រង់សព្វព្រះហឬទ័យ​ក្នុងការ​ធ្វើ​អ្វី ? ( ប្រទានព​រដល់រាស្ត្រ​ទ្រង់ « ព្រះពរ​ដ៏​ប្រសើរ​បំផុត ជា​ង​ព្រះពរ​ទាំងអស់ » ) ។

នៅពេលសិស្ស​ឆ្លើយតប សូម​សរសេរ​សេចក្ដីថ្លែងការ​មិនពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់ សព្វព្រះហឬទ័យ​ប្រទានពរ​ដល់យើង នៅពេល…

  • យោងតាមខ ១ តើ​យើងត្រូវធ្វើ​អ្វីខ្លះ ដើម្បីទទួល​ពរជ័យ​ទាំងឡាយ ដែលព្រះអម្ចាស់​មានព្រះទ័យ​ប្រទានដល់​យើង ? ( អ្នក​អាច​ចាំបាច់​ត្រូវ​ពន្យល់​ថាប្រុងស្ដាប់មាន​ន័យ​ថា ស្ដាប់​ដោយយកចិត្តទុកដាក់ ហើយគោរពតាម ។ សូម​ប្រើ​ចម្លើយ​របស់សិស្ស បំពេញ​គោលការណ៍​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​សព្វព្រះហឬទ័យ​ប្រទានពរ​ដល់យើង នៅពេល​យើងស្ដាប់ ហើយគោរព​តាម​ទ្រង់ ។ អ្នកអាច​នឹង​ចង់​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែលបង្រៀន​នូវ​គោលការណ៍​នេះ​នៅក្នុងគម្ពីរ​របស់ពួកគេ ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​ថា​តើពួកគេ​ធ្លាប់មានបទពិសោធន៍នៃ​ក្ដីអំណរ ជា​លទ្ធផល​មកពីការ​ធ្វើអ្វីមួយ​សម្រាប់អ្នកដទៃ​ម្នាក់ទៀត​ដែរឬ​ទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។

  • តើ​វាមានន័យ​យ៉ាង​ណាចំពោះ​អ្នក ដែល​ព្រះអម្ចាស់​សព្វព្រះហឬទ័យ​ប្រទាន​ពរ​ដល់អ្នក ចំពោះការ​ស្ដាប់​តាមទ្រង់​នោះ ?

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់ បានបញ្ជា​ឲ្យពួកបរិសុទ្ធ​ទៅ​ប្រមូលគ្នីគ្នា​នៅក្នុង​រដ្ឋ អូហៃអូ ។ ពួកបរិសុទ្ធ​មួយចំនួន​ដែល​ផ្លាស់ទៅ​រដ្ឋ អូហៃអូ បាន​ធ្វើដូច្នោះ​ដោយការ​លះបង់ ។ ពួកគេ​បានលក់​ទ្រព្យសម្បត្តិ​របស់ពួកគេ​ក្នុង​តម្លៃ​ថោក ឬ​ចាក​ចេញ​ពីផ្ទះ និង​ទ្រព្យសម្បត្តិ​ដោយ​ពុំ​បានលក់ដូរសោះ ហើយ​ចេញ​ទៅរដ្ឋ​អូហៃអូ ដោយការ​គោរពប្រតិបត្តិ​តាម​បញ្ជា ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ តាមរយៈ​ព្យាការី​របស់ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន​ឲ្យ​ឮៗនូវ​ដំណើរ​រឿង​ដូច​ខាង​ក្រោម អំពី លូស៊ី ម៉ាក ស្ម៊ីធ ( ម្ដាយ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ) ហើយនឹង​ក្រុម​មួយ​នៃ​សមាជិក​សាសនាចក្រ ដែល​គាត់​បាន​ដឹកនាំ​ទៅកាន់​រដ្ឋ អូហៃអូ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ស្ដាប់​មើល​គំរូ​មួយ​អំពី​របៀប​ដែលព្រះអម្ចាស់​ប្រទាន​ពរ​ដល់ពួកបរិសុទ្ធ នៅពេល​ពួកគេ​បាន​ស្ដាប់​តាម​បញ្ជា​របស់ទ្រង់ ដើម្បីផ្លាស់ទីទៅរដ្ឋ អូហៃអូ ៖

លូស៊ី ម៉ាក ស្ម៊ីធ បានដឹកនាំ​ក្រុមមួយ​ដែលមានសមាជិក​សាសនាចក្រ​ចំនួន ៨០ នាក់​ចេញពី ភូមិ ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក ទៅកាន់រដ្ឋ អូហៃអូ ។ នៅពេលពួកគេ​ធ្វើដំណើរ​តាមទូក​នៅតាម​ព្រែកជីក កាយូកា និង សេនីកា ទៅ បាហ្វាឡូ រដ្ឋ នូវ យ៉ោក នោះ​លូស៊ី បាន​រំឭក​ដល់ពួកបរិសុទ្ធ​ថា ពួកគេ​កំពុង​ធ្វើដំណើរ​តាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ដូចជា​លីហៃ​ពីជំនាន់ដើម ពេល​គាត់បាន​ចាក​ចេញពី​យេរូសាឡិម ។ គាត់បាន​ឲ្យ​ដំបូន្មាន​ដល់​ពួកបរិសុទ្ធ​ថា បើ​ពួកគេ​នឹង​ស្មោះត្រង់ នោះ​ពួកគេ « មាន​មូលហេតុ​ដូចគ្នា ដើម្បីរំពឹង​ទុក​នូវ​ពរជ័យ​ទាំងឡាយ​នៃព្រះ » ( សូមមើលHistory of Joseph Smith by His Mother,បានបោះពុម្ព​ដោយ Preston Nibley [ឆ្នាំ ១៩៥៨], ទំព័រ ១៩៥–៩៦;Church History in the Fulness of Times Student Manual,បានបោះពុម្ព​ជា​លើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ៩១ ) ។

នៅពេល​ពួកគេ​បានធ្វើដំណើរ​ទៅដល់ បាហ្វាឡូ ពួកគេ​បាន​រកឃើញ​ថា​កំពង់ផែ​ត្រូវបាន​ស្ទះ​ដោយទឹកកក រារាំង​មិន​ឲ្យ​ទូក​ចេញ​ចូល​បាន ។ « បន្ទាប់ពី​អស់រយៈពេល​ដ៏រន្ធត់​ជាច្រើនថ្ងៃ​នៅ បាហ្វាឡូ នោះ​កុមារ​តូចៗ​មួយចំនួន​ចាប់ផ្តើម​ឈឺ ហើយ​មនុស្ស​ជាច្រើន​ក្នុងក្រុម​បាន​ស្រេកឃ្លាន ហើយ​បាក់ទឹកចិត្ត ។ ពួកគេ​បាន​បង់​ថ្លៃ​ដើម្បី​អង្គុយ​នៅលើ​ដំបូល​ទូក ដោយ​ដាក់​ឥវ៉ាន់​របស់ពួកគេ​នៅលើ​ទូក ហើយ​បាន​ទទួល​កន្លែង​ជ្រក​បណ្ដោះ​អាសន្ន សម្រាប់​ស្ត្រី និង​កុមារ​តូចៗ រហូត​ដល់​ព្រឹក​ស្អែក​ឡើង ។ នៅពេល​ពួកគេ​ត្រឡប់មក​ទូក​វិញ លូស៊ី បាន​បញ្ចុះបញ្ចូល​ដល់​ក្រុម​ដែល​កំពុង​តែ​នៅទួញសោក សុំឲ្យ​ព្រះអម្ចាស់​បំបាក់​ផ្ទាំង​ទឹកកក​កម្រាស់ម្ភៃ​ហ្វីត ដែល​កក​នៅ​កំពង់ផែ​នោះ » (Church History in the Fulness of Times Student Manual,៩២ ) ។

លូស៊ី បាន​ដាស់តឿន​ដល់​ក្រុម​របស់គាត់​ឲ្យ​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះ ហើយ​បាន​សន្យា​ថា បើពួកគេ​នឹង​មានសាមគ្គីភាព​នៅក្នុង​ការ​អធិស្ឋាន ហើយសុំ​ឲ្យ​ព្រះ​បំបែក​ផ្ទាំង​ទឹកក​ក ដែល​កក​កំពង់ផែនោះ នោះ​វា​នឹង​បាន​សម្រេច ។ លូស៊ី បាន​ពិពណ៌​នា​អំពីអ្វី​ដែល​បាន​កើតឡើង​បន្ទាប់ទៀត​ថា ៖ « រំពេច​នោះ មាន​សំឡេង​មួយបន្លឺឡើង ដូចជា​ផ្គរលាន់ ។ អ្នកបើក​ទូក​បាន​ស្រែក​ថា ‹ អ្នកគ្រប់គ្នា​សូមទៅកាន់កន្លែង › ។ ដុំ​ទឹកកក​នោះ​បាន​បែក​ប្រេះ​ចេញ ដោយ​ទុក​ច្រក​តូច​មួយ​សម្រាប់ទូក ហើយ​នៅ​ពេល​ទូក​បាន​ឆ្លង​កាត់​តាម​ផ្លូវ​តូច​ចង្អៀត​នោះ ពោង​ទឹក​បាន​រហែក​ដោយសារ​តែ​ទង្គិច​នឹង​មុខ​បែក​របស់​ទឹកកក ។… យើង​បាន​ឆ្លង​ផុត​តែ​បន្ដិច មុន​ពេល​ដែល​ទឹកកក​មកជាប់គ្នា​វិញ​ម្ដងទៀតនោះ » ( សូមមើលHistory of Joseph Smith by His Mother,ទំព័រ ១៩៧-២០៥ ) ។

  • តើ​ពួកបរិសុទ្ធ​ទាំងនេះ​បង្ហាញ​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់​នៅក្នុង​ស្ថានភាព​លំបាក​នេះ​យ៉ាង​ដូចម្ដេច ? តើ​ស្ថានភាព​នេះ​បង្ហាញ​ថា ព្រះអម្ចាស់​បានដឹង​ជាមុន​អំពី​យើង ហើយ​នឹង​ជួយ​យើង​យកឈ្នះ​លើ​ការ​លំបាក​ទាំងនោះយ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:២-៤ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលនូវការណែនាំ ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួក​អែលឌើរនៃ​សាសនាចក្រ ។

  • តើ​ព្រះអម្ចាស់​បញ្ជា​ឲ្យពួក​អែលឌើរ​នៃ​សាសនាចក្រ​ធ្វើ​អ្វីខ្លះ ? ( ទ្រង់​បាន​បញ្ជា​ពួកគេ​ឲ្យ​ជួបជុំគ្នា​ដើម្បីធ្វើសេចក្តីព្រមព្រៀងគ្នា អធិស្ឋាន​ដោយសេចក្ដីជំនឿ ទទួល​ក្រឹត្យវិន័យ​របស់ទ្រង់ ហើយ​មើល​ថា​ក្រឹត្យវិន័យ​របស់ទ្រង់​ត្រូ​វបាន​រក្សា​ដោយ​សមាជិក​នៃ​សាសនាចក្រ ) ។

  • យោងតាមខ ៣ តើ​គោលបំណង​នៃ​ក្រឹត្យ​វិន័យ​ដែលពួក​អែលឌើរ​ត្រូវ​ទទួល​គឺជា​អ្វី ?

  • តើ​ការ​ទទួល​ក្រឹត្យវិន័យ​របស់ព្រះអម្ចាស់ អាចជា​ពរជ័យ​មួយ​ចំពោះ​ពួកបរិសុទ្ធ​នៅក្នុង​រដ្ឋ អូហៃអូ យ៉ាង​ដូចម្ដេច ?

សូម​ចង្អុល​បង្ហាញ​ថា « ក្រឹត្យវិន័យ » ដែលព្រះអម្ចាស់​សំដៅទៅលើ​នោះ គឺ​ក្រិត្យវិន័យ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ ជាក្រឹត្យវិន័យ នៃ​ព្រះអម្ចាស់​ចំពោះ​សាសនាចក្រ ។ សូម​ពន្យល់​ដល់សិស្ស​ថា ពួកគេ​នឹង​សិក្សា​ក្រឹត្យវិន័យ​នេះ​លម្អិត​នៅក្នុង​មេរៀន​ក្រោយ ។

ដើម្បី​រៀបចំសិស្ស​ឲ្យ​ពិពណ៌នា​អំពី​សេចក្ដីពិត​សំខាន់​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:៥​សូម​សរសេរ​ពាក្យ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ អ្នកជឿនិងពួកសិស្ស ។

  • តើ​គោលគំនិត​ទាំង​ពីរ​នេះ​ដូចគ្នា​តាម​របៀប​ណា ? តើ​វា​អាច​ខុសគ្នា​តាមរបៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥ ឲ្យឮៗ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានមាន​បន្ទូល​អំពី​ពួក​សិស្ស​របស់​ទ្រង់ ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​លក្ខណៈ​មួយ​របស់ពួកសិស្ស​នៃ​ព្រះអង្គសង្គ្រោះ​គឺ​ជា​អ្វី ? ( អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ដល់សិស្ស​ឲ្យ​គូស​ចំណាំពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែលបង្រៀន​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ពួក​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ទទួលបាន​ក្រឹត្យវិន័យ​របស់ទ្រង់ ហើយ​គោរព​តាម ) ។

  • ហេតុអ្វី​បាន​ជាវា​សំខាន់ ដែលពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវថែរក្សា​បទបញ្ញត្តិ ហើយ​ពុំ​គ្រាន់តែ​បានដឹង​ពី​បទបញ្ញត្តិ​នោះ ?

ដើម្បីជួយសិស្ស​អនុវត្ត​គោលការណ៍​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​បទដ្ឋាន​នៅក្នុង​កូនសៀវភៅដើម្បី​កម្លាំង​នៃ​យុវជន​ដោយខ្លួន​គេ​ផ្ទាល់ ។ សូម​ឲ្យ​ពួកគេ​ជ្រើសរើស​បទដ្ឋាន​មួយ ហើយ​សរសេរ​នៅក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ អំពីអ្វីដែល​ពួកគេ​ចង់ធ្វើ​ដើម្បី​រស់នៅ​តាម​បទដ្ឋាន​នោះ​បាន​កាន់​តែ​ប្រសើរ​ជាង​មុនបន្ដិច ។ ( សូម​អះអាង​នឹង​សិស្ស​ថា នេះ​គឺ​ជា​សកម្មភាព​ផ្ទាល់ខ្លួន​មួយ ហើយ​ពួកគេ​នឹង​ពុំ​សុំ​ឲ្យ​ចែកចាយ​ចម្លើយ​របស់ពួកគេ​ជាមួយអ្នកដទៃ​ទេ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៧-៨

ព្រះអម្ចាស់ ណែនាំ​ពួកបរិសុទ្ធ​ឲ្យ​ស្ថាបនា​គេហដ្ឋាន​មួយ ដែល​ព្យាការី​អាច​រស់នៅ ហើយ​បកប្រែ

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:៧-៨ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ពួកបរិសុទ្ធ​ឲ្យ​ផ្គត់ផ្គង់​គេហដ្ឋាន​មួយ ដែល​ព្យាការី និង​គ្រួសារ​របស់លោក អាច​រស់នៅ ហើយ​យ៉ូសែប អាច​បន្ដ​កិច្ចការ​របស់​លោក​ក្នុង​ការ​បក​ប្រែ​ព្រះគម្ពីរ​ប៊ីប ។ ព្រះអម្ចាស់​ក៏​ផ្ដល់​នូវការ​ណែនាំ​សង្ខេប​ផងដែរ​ចំពោះ​ស៊ីឌនី រិកដុន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៩-១២

ព្រះអម្ចាស់​ហៅ អែតវើត ប៉ាទ្រិច ឲ្យធ្វើ​ជា​ប៊ីស្សព​ទីមួយ​នៃ​សាសនាចក្រ

សូម​អញ្ជើញសិស្ស​ឲ្យ​នឹក​ស្រម៉ៃ​ថា វួដ​របស់ពួកគេ​ត្រូវការ​ប៊ីស្សព​ថ្មីម្នាក់ ។ សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:៩-១០​ដោយខ្លួនគេ រកមើល​អ្វី​ដែល​ជាប់ទាក់ទង​នៅក្នុង​ការ​ហៅ​បម្រើ​ជា​ប៊ីស្សព​ម្នាក់ ។

  • យោងតាម​ខគម្ពីរ​នេះ តើ​មានអ្វីខ្លះ ដែលជាប់​ទាក់ទង​នឹង​ការ​ហៅបម្រើ​នៃ​ប៊ីស្សព​ថ្មី ? ( ប៊ីស្សព ត្រូវ​បាន​ហៅ​ដោយ​ព្រះ បាន​គាំទ្រ​ដោយ​សំឡេង​របស់​សមាជិក ហើយ​បាន​តែងតាំង​ដោយ​សិទ្ធិអំណាច​ត្រឹមត្រូវ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ។ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ប៊ីស្សព​ក្នុង​វួដ​សព្វថ្ងៃ​នេះ ពុំត្រូវ​បាន​បញ្ជា​ឲ្យ​ចំណាយពេល​ទាំងអស់​របស់ពួកគាត់ « ធ្វើការ​ឲ្យ​ព្រះវិហារ » ដូច​ដែល​ព្រះអម្ចាស់​បាន​ហៅ អែតវឹត ប៉ាទ្រិច​ឲ្យធ្វើ​នោះទេ ) ។

  • តើ​ដែលត្រូវបាន « តែងតាំង​ដោយ​សំឡេង​នៃ​សាសនាចក្រ » មានន័យ​យ៉ាង​ណា ? ( វាមានន័យ​ថា សមាជិក​នៃ​សាសនាចក្រ បាន​ផ្ដល់ការគាំទ្រ​របស់ពួកគេ ឬ​គាំទ្រ​មនុស្ស​ដែល​ត្រូវ​បាន​ហៅ​ដោយព្រះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:១១ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​លក្ខណៈ​ដែល​អែតវឹត ប៉ាទ្រិច មាន ដែលនឹង​ជួយគាត់​នៅក្នុងការ​ហៅ​របស់គាត់ ។

  • តើ​មានលក្ខណៈ​អ្វីខ្លះ ដែល​អែតវឹត ប៉ាទ្រិច មាន ដែល​អាច​ជួយគាត់នៅ​ក្នុងការ​ហៅ​បម្រើរបស់​គាត់ ? ( នៅពេលសិស្ស​ឆ្លើយ អ្នកអាច​នឹង​ចាំបាច់ត្រូវ​ពន្យល់​ថា ឧបាយកលគឺ​ប្រកបដោយ​ការ​បោកបញ្ឆោត ឬ​ការ​លាក់ពុត ។ ហេតុដូច្នោះ​ហើយ ការ « គ្មានឧបាយកល » មានន័យ​ថា​ជាការ​ស្មោះត្រង់ និង​ដោយស្មោះអស់ពីចិត្ត ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១:១២ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ព្រមាន ដែល​ព្រះអម្ចាស់​បានប្រទានឲ្យ​នៅ​ចុង​បញ្ចប់​នៃ​វិវរណៈ​នេះ ។

  • តើ​អ្នក​គិត​ថា វាមានន័យយ៉ាង​ណា ដើម្បី​ប្រយ័ត្ន​ក្នុង​របៀប​ដែល​យើង​កាន់ភ្ជាប់នូវ​ព្រះ​បន្ទូលទាំងឡាយ​របស់​ព្រះអង្គសង្គ្រោះ​នោះ? ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា ចំពោះ​យ៉ូសែប ស៊្មីធ និង​អ្នកដទៃ នេះ​គឺ​ជា​បទបញ្ញត្តិ​មួយ​ដើម្បី​រក្សា​បទគម្ពីរ ) ។ តើ​ការណ៍​នេះ​ទាក់ទង​នឹង​អ្វី​ដែល​យើង​បានរៀន​អំពី​ពួកសិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទយ៉ាង​ដូចម្ដេច ?

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យឮៗ ៖ « រាល់ថ្ងៃ​យើង​សម្រេច​ចិត្ត​ទៅលើ​កម្រិត​នៃ​ភាព​ជា​សិស្ស​របស់យើង » (My Servant Joseph, »Ensignខែ ឧសភា ឆ្នាំ ១៩៩២, ទំព័រ ៣៩ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​អំពី​របៀប​ដែល​សេចក្ដីពិតទាំងឡាយ ដែលពួកគេ​បាន​រៀន​នៅក្នុងមេរៀន​នេះ អាចជួយ​ពួកគេ​ក្លាយជា​សិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ល្អ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

យ៉ូសែប ស៊្មីធ បាន​មក​ដល់ទីក្រុង​ខឺតឡង់

នៅ​ចុង​ខែ​មករា ឆ្នាំ ១៨៣១ យ៉ូសែប និង អិមម៉ា ស៊្មីធ បានចាក​ចេញ​ពី​រដ្ឋ នូវ យ៉ោក ដើម្បីធ្វើដំណើរ​ជិត ៣០០ ម៉ែល តាម​គាវ​ទឹកកក​ទៅកាន់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅពេល​យ៉ូសែប និង អិមម៉ា បាន​មកដល់​ទីក្រុង​ខឺតឡង់ នោះ​ពួកគេ​បាន​ឈប់​នៅ​ខាង​មុខ​ហាង​របស់ ហ្គីលប៊ើត និង វីតនី ៖

« [ យ៉ូសែប ] ប្រញាប់ប្រញាល់​ដើរ​ចូល​ទៅក្នុងហាង កន្លែង​ដែល​ដៃគូ​ជុញ្ញ័រ​កំពុង​ឈរ ។ លោក​បាន​បន្លឺ​សំឡេង​ឡើង ដោយ​ហុច​ដៃ​របស់​លោក​ទៅ​យ៉ាង​រីករាយ ដូចជា​ធ្វើ​ចំពោះ​មិត្ត​ចាស់ ដែល​ស្គាល់​ជិតស្និត​ដូច្នោះ​ដែរ​ថា ‹ នូវែល ឃេ វីតនី ! លោក​គឺ​ជា​បុរស​ម្នាក់​នោះ​ហើយ ! › [ នូវែល ឃេ វីតនី ] បាន​តប​ថា ‹ លោកមាន​ប្រៀប​លើ​ខ្ញុំ​ហើយ › កាល​ដែល​គាត់​លូក​ចាប់​ដៃ​លោក​វិញ ‹ ខ្ញុំ​មិន​អាច​ហៅ​ឈ្មោះ​លោក​បាន ដូច​ដែល​លោក​បាន​ហៅ​ឈ្មោះ​ខ្ញុំ​នោះ​ទេ › ។ ‹ ខ្ញុំ​គឺ យ៉ូសែប ជា​ព្យាការី › មនុស្ស​ប្លែក​មុខ​នោះ​បាន​និយាយ​ដោយ​ញញឹម ។ ‹ អ្នក​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំមកទីនេះ ឥឡូវ​តើ​អ្នក​ចង់បាន​អ្វីពី​ខ្ញុំ ? › » (សូមមើលHistory of the Church,១:១៤៥-៤៦ ) ។

យ៉ូសែប បាន​ពន្យល់​ថា លោក​បាន​ទទួល​ការនិមិត្ត​មួយ​កាលពីមុន ថា នូវែល​បាន​អធិស្ឋាន​សុំ​ឲ្យ​លោក​ទៅ​ទីក្រុង​ខឺតឡង់ ។ វីតនី បាន​ទទួល យ៉ូសែប និង អិមម៉ា ស្ម៊ីធ ដោយ​សណ្ដានចិត្ត​ល្អ ហើយ យ៉ូសែប និង អិមម៉ា បាន​រស់នៅ​ជាមួយពួកគេ​មួយរយៈ ។ ( សូមមើលChurch History,១:១៤៦; សូមមើលផងដែរ Church History in the Fulness of Times Student Manualបោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣],​ទព័រ ៩០-៩១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១១។ « ចិត្ត​គាត់​បរិសុទ្ធ »

ការ​មានឆន្ទៈ​របស់ អែតវឹត ប៉ាទ្រិច ដើម្បី « លះបង់​ជំនួញ​របស់គាត់ » (គ. និង ស. ៤១:៩) ហើយ​បាន​ចំណាយពេល​នេះ​ស្ថាបនា​សាសនាចក្រ ត្រូវ​បាន​បញ្ជាក់​នៅក្នុង​ដំណើរ​រឿង​ដូច​ខាង​ក្រោម ៖

« កូនស្រី​របស់ អែតវឹត ក្រោយ​មក​បាន​រំឭក​ថា បន្ទាប់​ពី​វិវរណៈ​នេះ ត្រូវ​បានកត់ទុក ឪពុក​របស់​នាង​បាន​លក់​ទ្រព្យ​សម្បត្តិ ហើយ ‹ ទទួលបាន​ប្រាក់​តែ​បន្ដិចបន្តួច › ពី​ការលក់ដូរនោះ ។ គាត់បាន​បន្ថែម​ថា ‹ ឪពុក​របស់ខ្ញុំសម្រេចចិត្ត​ដើម្បី​ចូលរួម​ក្នុង​សាសនាមរមន ហើយ​បាន​លះបង់​ទ្រព្យសម្បត្តិ​របស់គាត់ ដែលបាន​បណ្ដាល​ឲ្យមិត្ត​របស់គាត់​ក្នុងលោកិយ​គិត​ថា​គាត់ឆ្កួត​ហើយ › ។ ពួកគេ​ពុំ​អាចគិត​ឃើញ​ពីអ្វី​ដែលមាន​នៅក្នុង​សាសនា ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់នេះ លះបង់​រាល់​អ្វីៗ​ទាំងអស់​ដែល​លោកិយ​គិត​ចង់បាន ›» (Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ​មិថុនា ឆ្នាំ ១៨៣១វ៉ុល​ទី ១ of the Documents series ofThe Joseph Smith Papers[ ឆ្នាំ ២០១៣ ],ទំព័រ ២៤៤) ។

អែតវឹត ប៉ាទ្រិច និង ស៊ីឌនី រិកដុន បានធ្វើដំណើរ​ទៅ​រដ្ឋ នូវ យ៉ោក ដើម្បីជួប​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ « យោង​តាម ភីឡូ ឌីបល ប៉ាទ្រិច ក៏បាន​ទៅ​ជំនួស​អ្នក​ផ្សេង​ទៀត​ផងដែរ ។ [ ភីឡូ ឌីបល ] ត្រូវ​បាន​ប្រាប់​ពី​អ្នក​ជិតខាង​ម្នាក់ថា ‹ យើង​បាន​បញ្ជូន​បុរស​ម្នាក់​ឲ្យ​ទៅ​រដ្ឋ នូវ យ៉ោក ដើម្បី​ស្វែងរក​ការពិត​អំពីកិច្ចការ​នេះ ហើយ​គាត់​ជា​បុរស​ម្នាក់​ដែ​ល​ពុំ​កុហក​ឡើយ › ។ [ឌីបល « Philo Dibble’s Narrative » ទំព័រ ៧៧ » ] ។ (Church History in the Fulness of Times Student Manual,បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ៨២ ) ។ យ៉ូសែប បាន​ពិពណ៌នា​អំពី អែតវឹត ជា « គំរូ​នៃគុណធម៌​មួយ ហើយ​ជាបុរស​ដ៏អស្ចារ្យ​ម្នាក់​របស់​ព្រះអម្ចាស់ » ( នៅក្នុង​History of the Church,១:១២៨) ។