ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៤០ នៅ​រដ្ឋ​អូហៃអូ ( មេរៀន​ទី ៩ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦–៤០; នៅ​រដ្ឋ​អូហៃអូ ( មេរៀន​ទី ៩ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៦-៤០ និង « នៅ​រដ្ឋ អូហៃអូ » ( មេរៀន​ទី ៩ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៣៧)

តាមរយៈ​វិវរណៈ​មួយ​ទៅ​កាន់ អែតវើត ប៉ាទ្រិច ពីមុន​បុណ្យ​ជ្រមុជទឹក​របស់​គាត់ សិស្ស​បាន​រៀន​ថា​អ្នក​កាន់​បព្វជិតភាព ត្រូវបាន​ហៅ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ហើយ​ត្រូវតែ​មាន​ភាព​ស្អាតស្អំ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨)

នៅពេល​សិស្ស​បាន​សិក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដែល​ឲ្យ​ពួកបរិសុទ្ធ​ប្រមូល​គ្នីគ្នា​ទៅ​រដ្ឋ អូហៃអូ នោះ​ពួកគេ​បាន​ឃើញ​ថា​ព្រះអម្ចាស់​ជ្រាបដឹង​ការណ៍​គ្រប់​យ៉ាង ថា​ទ្រង់​អាច​ព្រមាន​យើង​អំពី​គ្រោះថ្នាក់ ហើយ​ថា​ទ្រង់​ប្រទាន​បទបញ្ញត្តិ​ដល់​យើង​សម្រាប់​ជា​ការការពារ​ខ្លួន​យើង ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកបរិសុទ្ធ​ថា ប្រសិនបើ​ពួកគេ​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ពួកគេ​នឹង​ត្រូវបាន​រៀបចំ ហើយ​នឹង​ពុំ​ខ្លាច​ឡើយ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០)

ព្រះអម្ចាស់​បាន​ដឹកនាំ​អាចារ្យ​ប្រូតេស្ដង់​ឈ្មោះ យ៉េម្ស ខូវ៉ល ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ផ្សាយ​អំពី​ភាពពោរពេញ​នៃ​ដំណឹងល្អ ។ ចេញ​ពី​កាណែនាំ​នេះ សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​នូវ​អំណាច​ដើម្បី​ក្លាយ​ទៅ​ជាបុត្រា និង បុត្រី​របស់​ទ្រង់ ។ សិស្ស​ក៏បាន​ឃើញផងដែរ​ថា​ពរជ័យ​ដែល​បានសន្យា​របស់​ព្រះអម្ចាស់ គឺ​ស្រប​ទៅ​តាម​ការស្ដាប់​តាម​សំឡេង​របស់​ទ្រង់ ។ យ៉េម្ស ខូវ៉ល បាន​បដិសេធ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជ្រមុជទឹក ។ សិស្ស​បាន​រៀន​ថា ភាពភ័យខ្លាច និង​ភាពខ្វល់ខ្វាយនៃ​លោកិយ អាច​បណ្ដាល​ឲ្យ​យើង​បដិសេធ​ព្រះបន្ទូល​របស់ព្រះ ។

មេរៀនទី ៤ ( នៅ​រដ្ឋ​អូហៃអូ )

មេរៀន​នេះ​នឹង​ផ្ដល់​ទស្សនៈ​មួយ​ដល់​សិស្ស អំពី​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​នៅក្នុង​រដ្ឋ​អូហៃអូ ពី​ឆ្នាំ ១៨៣១ ដល់ ឆ្នាំ ១៨៣៨ ។ សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកបរិសុទ្ធ​នៅ​ក្នុង​រដ្ឋ​អូហៃអូ​ថា ទ្រង់​នឹង​បើក​សម្តែង​ក្រឹត្យវិន័យ​របស់​ទ្រង់ និង ប្រទានអំណាចពីស្ថាន​ខ្ពស់​ដល់​ពួកគេ ។ ក្រៅ​ពី​នោះ ព្រះអម្ចាស់​បាន​ប្រកាស​ថា​ទ្រង់​នឹង​ហៅ​ពួកបរិសុទ្ធ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅទូទាំង​ពិភពលោក ។ សិស្ស​បាន​រៀន​ពី របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈជាច្រើន​ដល់​ពួក​បរិសុទ្ធ ហើយ​បាន​បំពេញ​សេចក្តីសន្យា​របស់​ទ្រង់ ទោះបី​ជា​មាន​សេចក្តី​ទំនាស់ និង ការបៀតបៀន​ក៏​ដោយ ។ ពួកគេ​ក៏​បាន​រៀនផងដែរ​អំពី​ព្រឹត្តិការណ៍ និង សេចក្តី​ទំនាស់​ដ៏អកុសល​មួយ​ចំនួន ដែល​ពួកបរិសុទ្ធ​បាន​ជួប​ប្រទះអំឡុង​ពេល​នៅ​ក្នុង​រដ្ឋ​អូហៃអូ ។

សេចក្តីផ្ដើម

ព្រះអម្ចាស់​ពុំ​គ្រាន់តែ​ណែនាំ​ពួកបរិសុទ្ធ​ឲ្យ​ប្តូរ​ទីលំនៅ​ទៅ​រដ្ឋ​អូហៃអូ​តែប៉ុណ្ណោះ​ទេ ទ្រង់​ក៏​បានប្រទានព្រះ​ឱវាទ​ដល់​ពួកគេ​នូវ​របៀប​ប្រាស្រ័យ​ទាក់ទង​គ្នា​នឹង​គ្នា ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​អំពី​ការបញ្ជា​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​មាន​សាមគ្គីភាព ហើយ​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ដទៃ​ដូច​យើង​ផ្តល់​តម្លៃ​ដល់​ខ្លួន​ឯង​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៦-៣៨

ពួកបរិសុទ្ធ​ត្រូវបាន​បញ្ជា​ឲ្យ​មាន​សាមគ្គីភាព

សូម​ចែក​សិស្ស​ជា​ពីរ​ក្រុម ហើយ​ឲ្យ​វត្ថុ​ចម្រុះផ្សេង​គ្នា​ដល់​ក្រុម​និមួយៗ ដែល​អាច​ប្រើ​វា​ដើម្បី​សាងសង់​អគារ ( វត្ថុ​ទាំង​នោះ​រួមមាន​ដូចជា ឈើ​ដុំ​តូចៗ ពែង​ក្រដាស ឬ ប្រអប់​ទទេ​តូចៗ ) ។ សូម​ប្រាកដ​ថា​មាន​មួយ​ក្រុម​ត្រូវ​ទទួល​វត្ថុ​ទាំង​នោះ​ច្រើនជាង ឬ ធំ​ជាង​ក្រុម​ផ្សេង​ទៀត ។

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ សូម​ធ្វើ​ប៉ម​មួយ​ឲ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​បាន​ដោយ​ប្រើ​វត្ថុ​ទាំង​នេះ ។ សូម​កុំ​និយាយ​ថា​សកម្មភាព​នេះ​គឺ​ជា​ការប្រកួត ឬ និយាយ​ឲ្យ​ពួកគេ​សាងសង់​ប៉ម​ពីរ​ឡើយ ។ សិស្ស​ទំនង​ជា​គិត​ថា ក្រុម​ទាំងពីរ​កំពុង​ប្រកួត​ប្រជែង​គ្នា ។ ប្រសិនបើ​ពួកគេ​សួរ​សំណួរថា តើ​ពួកគេ​គួរតែ​ធ្វើ​ការរួម​គ្នា ឬ ធ្វើការតែ​តាម​ក្រុម​រៀងៗ​ខ្លួន នោះ​គ្រាន់តែ​ប្រាប់​ពួកគេ​ថា​នូវ​គោលបំណង​នោះ​ម្តង​ទៀត​ថា ៖ ពួកគេ​ត្រូវ​សាងសង់​ប៉ម​មួយ​ឲ្យ​បាន​ខ្ពស់​តាម​តែ​អាច​ធ្វើបាន ។

សូម​ទុក​ពេល​មួយ​នាទី​ដើម្បី​ឲ្យ​ពួកគេ​បញ្ចប់​កិច្ចការ​នេះ ។ បន្ទាប់​ពី​សកម្មភាព​នេះ សូម​ឲ្យ​ពួកគេ​វាយតម្លៃ​ថា​តើ​នរណា​គឺ​ជា « អ្នក​ឈ្នះ » ។ បន្ទាប់​ពី​សិស្ស​បាន​ចែកចាយ​គំនិត​របស់​ខ្លួន​ហើយ សូម​ប្រាប់​ពួកគេ​ថា ដើម្បីកំណត់​ថា​ពួកគេ​បាន​ជោគជ័យ​ប៉ុណ្ណា​នៅក្នុង​សកម្មភាព​នេះ នោះពួកគេ​នឹង​ត្រូវតែ​សិក្សា​ឱវាទ​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ពួក​បរិសុទ្ធ នៅពេល​ពួកគេ​ត្រូវបាន​រៀបចំ​ខ្លួន​ឲ្យ​ប្តូរ​ទី​លំនៅ​ទៅ​រដ្ឋ អូហៃអូ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​រកមើល​ការយល់​ដឹង​ពី​សកម្មភាព​នេះ ទៅនឹង​ជីវិត​របស់​ពួកគេ​ផងដែរ នៅពេល​ពួកគេ​សិក្សា​ការណែនាំ​របស់​ព្រះអម្ចាស់ ​ចំពោះ​ពួក​បរិសុទ្ធ​កាល​ពី​ជំនាន់​មុន ។

សូម​ឲ្យ​សិស្ស​នឹក​ឡើង​វិញ​អំពី​មូលហេតុ​ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​ឲ្យប្រមូល​ផ្តុំ​គ្នា​ទៅ​រដ្ឋអូហៃអូ ។ ( ប្រសិនបើ​ចាំបាច់ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រំឭក​ការកត់ចំណាំ​របស់​ខ្លួន​នៅក្នុង គោល​លទ្ធិ និង សេចក្តីសញ្ញា ៣៧–៣៨ និង នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ) ។ ចម្លើយ​របស់​សិស្ស​គួរតែ​រួម​មាន​ទាក់ទងនឹង គ្រោះថ្នាក់​ដែល​ពួកបរិសុទ្ធ​កំពុង​ជួប​ប្រទះ​នៅ​ទីក្រុង​នូវ យ៉ោក ព្រមទាំង​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា ប្រទាន​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​នៅពេល​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​រដ្ឋ​អូហៃអូ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ពួកបរិសុទ្ធទាក់ទង​នឹង​ការប្តូរ​ទីលំនៅ​របស់​ពួកគេ​ទៅ​រដ្ឋ​អូហៃអូ នោះ​ទ្រង់​បានប្រទាន​ព្រះឱវាទ​ដល់​ពួកគេ​ស្តី​ពី​របៀប​ដែល​ពួកគេ​ត្រូវ​ប្រព្រឹត្តិ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៣-២៥ ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​នូវ​ឃ្លា​មួយ ដែល​បង្រៀន​ពី​របៀប ដែល​យើង​អាច​ប្រព្រឹត្តិ​ចំពោះ​មនុស្ស​ដទៃ​ទៀត ។

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ឲ្យ​យើង​គួរតែ​ប្រព្រឹត្តិ​ចំពោះមនុស្ស​ដទៃ​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​គិត​ថា ការគោរព​បងប្អូន​ខ្លួនដូច​ជា​ខ្លួនឯងផ្ទាល់ មានន័យ​យ៉ាង​ដូចម្ដេច ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូមសរសរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ យើង​ត្រូវឲ្យ​តម្លៃ​អ្នកដទៃ​ឲ្យ​បាន​ច្រើន​ដូចជា​យើង​ឲ្យ​តម្លៃ​ដល់ខ្លួន​យើង​ដែរ )

  • តើ​មានអ្វីកើតឡើង​ខ្លះ​ពេល​មនុស្ស​គិត​ថា ខ្លួន​គេ​មាន​តម្លៃ​ច្រើនជាង ឬ​ល្អ​ប្រសើរ​ជាង​អ្នកដទៃ​នោះ ?

  • តើពរជ័យ​អ្វី​ខ្លះ​អាច​ត្រូវបាន​ប្រទាន​មក​ដល់​យើង ក្នុង​នាម​ជា​សាសនាចក្រ​ទាំងមូល ឬ ជា​បុគ្គល​ផ្ទាល់ នៅពេល​យើង​ពុំ​ចាត់ទុក​ខ្លួន​យើង​ថា​មានតម្លៃ​ជាង​អ្នកដទៃ​នោះ ?

សូម​លើក​ក្រណាត់​ស្អាត​ និង កន្ទប​មួយ​ដុំ​ឡើង​ ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ចង់​យក​ក្រណាត់​ណា​មួយ​មក​ស្លៀក ? សូម​ពន្យល់​ថា ដើម្បី​ជួយ​ពួកប​រិសុទ្ធ​ឲ្យ​យល់​ពី​គោលការណ៍​នេះ ព្រះអម្ចាស់​បានប្រទាន​បាន​ប្រទាន​នូវ​រឿង​ប្រៀបប្រដូច​មួយ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយរក​មើល​របៀប​ដែល​បុរស​ក្នុង​រឿងប្រដូច​នេះ បានប្រព្រឹត្ត​ចំពោះ​កូនប្រុសៗ​របស់ខ្លួន ។

  • តើ​អ្នក​មានអារម្មណ៍​យ៉ាង​ណា ប្រសិនបើ​អ្នកគឺ​ជា​កូន​ប្រុស​ដែល​ទទួល​បាន​កន្ទប​នោះ ?

  • តើ​កូនប្រុស​ដែល​ទទួល​បានសម្លៀកបំពាក់​អាច​ធ្វើអ្វីខ្លះ​ដើម្បី​កែលម្អ​ស្ថានភាព​នេះ​បាន ? ( គាត់​គួរតែ​ចែក​រំលែក​នូវ​អ្វី​ដែល​គាត់​មាន​ជាមួយ​នឹង​កូន​ប្រុស​ដែល​ទទួល​បាន​តិច​ជាង​ខ្លួន ) ។

  • តើ​អ្នកគិត​ថា​មាន​សារលិខិត​អ្វី​ដែល​ព្រះអម្ចាស់បង្រៀន​ពួក​យើងនៅ​ក្នុង​រឿង​ប្រដូច​នេះ ?

សូមឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៧ ដោយ​ស្ងាត់​ស្ងៀម ហើយរកមើល​គោលការណ៍​មួយ ដែលព្រះអម្ចាស់​ចង់​ឲ្យ​យើង​យល់ចេញពី​រឿង​ប្រដូច​នេះ ។ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ក្បែរ​គោលការណ៍​ទីមួយ​ដែល​អ្នក​បាន​សរសេរ ៖ ប្រសិនបើ​យើង​មិនរួម​គ្នាតែ​មួយ​ទេ នោះ​យើង​មិនមែន​ជា​ប្រជារាស្ត្រ​របស់​ទ្រង់​ឡើយ ។ អ្នក​អាច​នឹង​ចង់ឲ្យ​យោបល់​ដល់សិស្ស​គូស​ចំណាំ ពាក្យ​នៅក្នុង​គម្ពីរ​របស់ពួកគេ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ។

  • នៅក្នុង​បរិបទ​នៃ ខ ២៧តើ​ពាក្យ « រួម​គ្នា​តែ​មួយ » មាន​ន័យ​យ៉ាង​ណា​ ? ( ដើម្បី​មានសាមគ្គីភាព​នឹង​មនុស្ស​ដទៃ នឹង​ជាមួយព្រះអម្ចាស់​នៅក្នុង​សេចក្ដីសុចរិត ) ។

  • តើ​ការ​ឲ្យ​តម្លៃ​អ្នកដទៃ​ឲ្យ​ច្រើន​ដូចជាយើងឲ្យ​តម្លៃ​លើ​ខ្លួន​យើង អាចជួយ​យើងឲ្យ​ប្រែក្លាយទៅ​ជា​រួមគ្នា​តែ​មួយ​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ​អាច​ជួយ​យើង​ក្លាយទៅជា​រួមគ្នា​តែ​មួយ​នឹង​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា យើង​ពុំ​អាច​ក្លាយជា​រាស្ត្រ​របស់ព្រះអម្ចាស់បានឡើយ ប្រសិនបើ​យើង​ពុំ​បាន​រួមគ្នា​តែ​មួយ​នោះ ?

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ​ជំនាន់​មុន ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​ឯ​រដ្ឋ អូហៃអូ គឺមាន​ជីវប្រវត្តិ​ផ្សេងៗ​គ្នា ។ អ្នកខ្លះ​ជា​ម្ចាស់​ចម្ការ​ដ៏មានជោគជ័យ ហើយ​ត្រូវ​បាន​គេ​គោរព​រាប់អាន​នៅក្នុង​សហគមន៍របស់ពួកគេ ខណៈ​ដែល​អ្នកដទៃ​ទៀត​មាន​ទ្រព្យ​បន្ដិចបន្ដួច ហើយ​ត្រូវ​បាន​ចាត់ទុក​ថា​មានវណ្ណៈទាប​ក្នុង​សង្គម ។

  • តើ​គោលការណ៍​ទាំងឡាយ​នៅលើ​ក្ដារខៀន បាន​ប្រទាន​ពរ​ដល់ពួកបរិសុទ្ធ​នៅពេល​ដែលពួកគេ​ប្រមូល​គ្នីគ្នា​ជាមួយ​នឹង​សមាជិក​ដទៃទៀត​នៃ​សាសនាចក្រ​នៅក្នុង​រដ្ឋ​អូហៃអូ យ៉ាង​ដូចម្ដេច ?

សូម​និយាយ​ពី​សកម្មភាពនៃ​ការសាងសង់​ប៉ម នៅពេល​ចាប់​ផ្ដើម​មេរៀន ។ សូម​ឲ្យ​សិស្ស​និយាយ​ពី​គោលបំណងនៃ​ការសាងសង់​ប៉ម​នោះ​ឡើង​វិញ ( សាងសង់​ប៉ម​ឲ្យ​ខ្ពស់​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ) ។

  • តើ​យើង​បាន​សាងសង់​ប៉ម​ ឲ្យ​ខ្ពស់តាម​ដែល​យើងអាចធ្វើបានដែរ​ឬទេ ? ( ប្រសិនបើ​ក្រុម​ទាំងពីរ​បញ្ចូល​បំណែក​របស់​ខ្លួន​ចូលគ្នា នោះពួកគេ​អាច​សង់​ប៉ម​បាន​ខ្ពស់​មែន ។ ប្រសិនបើក្រុម​មួយៗ​ធ្វើ​ការរៀង​ខ្លួន នោះពួកគេ​ប្រហែលជាអះអាង​ថា​ ពួកគេ​បាន​សាងសង់ប៉ម​របស់​ខ្លួន​បាន​ខ្ពស់​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ) ។

  • ផ្អែក​លើ​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ដល់​ពួកបរិសុទ្ធ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨, តើ​របៀប​ដ៏​ល្អបំផុត​អ្វីខ្លះ​ដែល​ប្រើប្រាស់ដើម្បី​សាងសង់​ប៉ម​ឲ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​បាន​ ? ( ចូលរួម​គ្នា​ជា​ក្រុមតែ​មួយ ហើយ​បញ្ចូល​នូវ​អ្វី​ៗដែលយើងត្រូវ​បាន​ផ្តល់​ឲ្យ​ ដើម្បី​កសាង​ប៉ម​មួយ ) ។ 

  • តើ​ស្ថានភាព​មួយ​ចំនួន​ណា​ខ្លះ​នៅក្នុង​ជីវិត​នេះ ដែល​យើង​អាច​ត្រូវបានល្បួង​ឲ្យ​គិត​តែ​ពីផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាជាង​ស្វែងរក​ការស្ថាបនា និង លើក​ស្ទួយមនុស្ស​ដទៃ​ដែល​នៅជុំវិញខ្លួន​យើង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮនូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្តាប់ពី​របៀប​ដែល​បទបញ្ញត្តិ​ឲ្យ​រួមគ្នា​តែមួយ ទាក់ទង​ទៅនឹង​បទបញ្ញត្តិ​របស់​ព្រះ​សម្រាប់​រាស្ត្រ​របស់ទ្រង់​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​ ។ ​អ្នក​អាច​ផ្ដល់ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែង​ការណ៍​នេះ ឲ្យ​សិស្ស​ម្នាក់ៗ​ដើម្បី​ពួកគេ​អាចផ្ទៀង​តាម ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« យើង​បាន​ដឹង​មកពី​បទបពិសោធន៍​ដែល​ថា​ក្ដីអំណរ​កើត​មាន នៅពេល​យើង​ត្រូវ​បាន​ប្រទាន​ពរ​ជាមួយនឹង​ភាព​សាមគ្គី​គ្នា ។… បំណង​ប្រាថ្នា [ ព្រះវរបិតា​សួគ៌​របស់​យើង ] គឺ​ត្រូវ​បាន​ប្រទាន​ដល់​យើង​នូវ​បំណង​ដ៏ពិសិដ្ឋ​ឲ្យ​មាន​សាមគ្គីភាព​ដែលវា​ចេញមកពី​ក្ដីស្រឡាញ់របស់ទ្រង់​ចំពោះ​យើង ។

« ទ្រង់​ពុំ​អាច​ប្រទានវា​ដល់​យើង​ម្នាក់ៗ​នោះទេ ។ ក្ដីអំណរ​នៃ​សាមគ្គីភាព ដែលទ្រង់​ចង់​ប្រទាន​ឲ្យ​យើង​យ៉ាង​ខ្លាំង​នោះ គឺ​មិនឲ្យយើងតែ​ម្នាក់​ឯង​ទេ ។ យើង​ត្រូវ​តែ​ស្វែង​រក​វា ហើយ​នឹង​មាន​លក្ខណៈសម្បត្តិគ្រប់​គ្រាន់​សម្រាប់មាន​វា ជាមួយ​នឹង​អ្នកផ្សេងទៀត ។ វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេដែល​ព្រះ​ជម្រុញ​យើង​ឲ្យ​ប្រមូល​ផ្ដុំគ្នា ដូច្នេះ​ទើបទ្រង់​អាច​ប្រទាន​ពរ​ដល់​យើង ។ ទ្រង់​ចង់ឲ្យ​យើង​រួបរួម​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ ។ ទ្រង់​បាន​បង្កើត​ថ្នាក់ វួដ និង​សាខា​ជា​ច្រើន ហើយ​បាន​បញ្ជាយើង​ឲ្យ​ជួប​ជុំ​គ្នា​ជា​រឿយៗ ។ នៅក្នុង​ការ​រួបរួមគ្នាទាំង​នោះ ដែលព្រះ​បាន​រៀបចំ​សម្រាប់​យើង នោះជា​ឱកាស​ដ៏អស្ចារ្យ​របស់​យើង ។ យើង​អាច​អធិស្ឋាន​ហើយ​ធ្វើ​ការ​ស្វែង​រក​ភាព​សាមគ្គី ​ដែល​នឹង​នាំ​យើង​នូវ​សេចក្ដី​អំណរ និង​ពង្រីក​អំណាច​របស់​យើង​ដើម្បី​បម្រើ​ » (« Our Hearts Knit as One » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦៩ ) ។

  • យោងតាម​ប្រធាន អាវរិង ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​រួបរួមគ្នា ?

  • តើលោក​បាន​មាន​ប្រសាសន៍​ថាសាមគ្គី​ភាព​នាំ​ពរជ័យ​អ្វី​ខ្លះ​មក​កាន់​យើង ?

  • តើ​សេចក្ដីថ្លែងការ​របស់ប្រធាន អាវរិង ជួយ​យើង​ឲ្យយល់​ពី​មូលហេតុ​ដែល​យើងត្រូវ​រួបរួមគ្នា​ជា​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច ? ជា​សមាជិក​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? ជា​សិស្ស​ថ្នាក់សិក្ខាសាលា​មួយ​យ៉ាង​ដូចម្ដេច ?

  • តើ​ពរជ័យ​អ្វីខ្លះ ដែល​កើត​មាន​មកពី​ការប្រមូល​ផ្តុំ​គ្នា​ជាមួយ​មនុស្ស​ដទៃ​ដែល​អ្នក​បាន​ទទួល​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយពេល​ពីរបីនាទី ដើម្បីសរសេរ​នៅក្នុង​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ខ្លួន អំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ ដើម្បី​រួមគ្នា​តែ​មួយ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់ពួកគេ ជាមួយ​យុវជន និង​យុវនារី​នៅក្នុង​កូរ៉ុម និង​ថ្នាក់រៀន​នៅព្រះវិហារ​របស់ពួកគេ ហើយនឹង​ជាមួយ​ព្រះអម្ចាស់ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។ អ្នកអាច​នឹង​ចង់ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពីពរជ័យ​នៃ​ការួបរួមគ្នា​តែ​មួយ​ជាមួយ​គ្នា និង ការផ្តល់​តម្លៃ​ដល់​មនុស្ស​ដទៃ ដូច​ដែល​យើង​ផ្តល់​តម្លៃ​ឲ្យ​ខ្លួន​យើង ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៩-៤០

ព្រះអម្ចាស់​ផ្តល់ការ​អញ្ជើញទៅដល់ យ៉េម្ស ខូវិល

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​ថា​ នរណា​គឺ​ជាយ៉េម្ស ខូវិល ហើយ​ថា​តើ​មាន​អ្វី​បាន​កើត​ឡើង​ចំពោះ​គាត់ ដោយ​ការអាន​ក្បាល​កណ្ឌ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩ និង ៤០ ។ នៅ​ថ្ងៃ​ទី ៥ ខែ មករា ឆ្នាំ ១៨៣១ យ៉េម្ស ខូវិល ត្រូវបាន​បញ្ជា​ដោយ​ព្រះអម្ចាស់​ឲ្យទទួល​បុណ្យ​ជ្រមុជទឹក ( សូមមើល គ. និង ស. ៣៩:១០) ។ ប៉ុន្តែ​គាត់​ពុំ​បាន​គោរព​តាម​ការសន្យា​របស់​ខ្លួន​ដើម្បី​ធ្វើ​តាម​ការបញ្ជា​របស់​ព្រះ​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤០:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​និយាយ​ពី​មូលហេតុ​ដែល យ៉េម្ស ខូវិល បាន​បដិសេធ​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ចំពោះ​គាត់ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​អំពី​សារៈសំខាន់​នៃ​ការរក្សា​សេចក្តីសញ្ញា​ ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​ព្រះអម្ចាស់ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤១-៤៤)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​នៅ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១-៤៤, អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​សំណួរ​ខាង​ក្រោម ៖ តើ​គ្រោះថ្នាក់​នៃ​ការ​តម្រេក​សម្រើប​ចង់​បាន​មាន​អ្វី​ខ្លះ ? តើ​យើងគួរតែ​បង្រៀន​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​សេចក្តី​ស្លាប់​នឹង​មាន​រសជាតិ​យ៉ាង​ដូចម្តេចចំពោះ​អស់​អ្នក​ដែលសុចរិត ? សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​មាន​ឱកាស​រៀន​ពី​ចម្លើយ​របស់​ព្រះអម្ចាស់ ចំពោះ​សំណួរ​ទាំង​នេះ ​ព្រមទាំង​រៀន​អំពី​ក្រឹត្យវិន័យនៃការថ្វាយ​របស់ព្រះអម្ចាស់ ។