មេរៀនទី ៣៤
គោលលទ្ធិ និង សេចក្ដី សញ្ញា ២៨
បុព្វកថា
នៅក្នុងឆ្នាំ ១៨៣០ ព្យាការីយ៉ូសែប ស្ម៊ីធ បានជួបនឹងបញ្ហាមួយ ដោយសារសមាជិកសាសនាចក្រពុំយល់អំពីលំដាប់នៃវិវរណៈនៅក្នុងសាសនាចក្រ ។ ហៃរាំ ភេច បានប្រកាសថាទទួលវិវរណៈសម្រាប់សាសនាចក្រ តាមរយៈរូបអារក្សនៃថ្មពិសេសមួយ ហើយសមាជិកសាសនាចក្រមួយចំនួន រួមទាំង អូលីវើរ ខៅឌើរី ផងក៏បានជឿគាត់ផងដែរ ។ មិនយូរប៉ុន្មានមុនពេលសន្និសីទសាសនាចក្រមួយ ដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ១៨៣០ នោះព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិត ដែលបានជួយអូលីវើរ ខៅឌើរី និងអ្នកដទៃទៀតឲ្យយល់អំពីលំដាប់នៃវិវរណៈនៅក្នុងសាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១-៧
ព្រះអម្ចាស់ ប្រកាសថា ប្រធាននៃសាសនាចក្រ គឺជាមនុស្សតែម្នាក់គត់ ដែលអាចទទួលវិវរណៈដើម្បីគ្រប់គ្រងសាសនាចក្រ ។
សូមសរសេរពាក្យក្លែងក្លាយនៅលើក្ដារខៀន ។
-
តើឧទាហរណ៍មួយចំនួននៃរឿងដែលគ្រាន់តែជាការក្លែងក្លាយមានអ្វីខ្លះ ? ( ជាចំណែកនៃការពិភាក្សានេះ អ្នកអាចនឹងចង់បង្ហាញឧទាហរណ៍មួយអំពីវត្ថុមួយដែលក្លែងក្លាយ ដូចជារូបគំនូរថតចម្លង លុយក្លែងក្លាយ ឬផ្លែឈើជ័រមួយចំណិតជាដើម ) ។
-
ហេតុអ្វីក៏ការយល់ខុសថា វត្ថុក្លែងក្លាយជាវត្ថុពិត អាចជារឿងប្រកបដោយគ្រោះថ្នាក់ដូច្នេះ ?
សូមឲ្យសិស្សម្នាក់អានការព្រមានដូចខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« អារក្សគឺជាបិតានៃការកុហក ហើយវាអន្ទះសារធ្វើឲ្យស្មុគស្មាញដល់កិច្ចការរបស់ព្រះ តាមរយៈការក្លែងបន្លំដ៏ ឆ្លាតវៃរបស់វា » ( Two Lines of Communication, »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៤ ) ។
សូមអញ្ជើញឲ្យសិស្សម្នាក់អានឲ្យឮៗនូវការណែនាំ នៃក្បាលកណ្ឌសម្រាប់គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីរឿងក្លែងក្លាយដែលសាតាំងបានប្រើដើម្បីបញ្ឆោតដល់សមាជិកមួយ ចំនួនក្នុងសាសនាចក្រកាលពីជំនាន់មុន ។
-
តើរឿងក្លែងក្លាយដែលសាតាំងបានប្រើដើម្បីបញ្ឆោតដល់សមាជិកសាសនាចក្រគឺជាអ្វី ? ( បើសិស្សពុំបានប្រាប់ពីភាពស្រដៀងគ្នារវាងថ្មរបស់ហៃរាំ ជាមួយយូរិម និងធូមីម ដែលយ៉ូសែបស្ម៊ីធ បានប្រើពេលខ្លះនោះ សូមចង្អុលបង្ហាញពីភាពស្រដៀងគ្នានេះ ) ។
សូមពន្យល់ថា សមាជិកសាសនាចក្រមួយចំនួនបានជឿវិវរណៈក្លែងក្លាយដែលសាតាំងបានបញ្ឆោត ហៃរាំ ភេច ។ នៅពេលសិស្សសិក្សា ហើយពិភាក្សាអំពីវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨សូមលើកទឹកចិត្តដល់ពួកគេឲ្យរកមើលសេចក្ដីពិតដែលអាចជួយពួកគេចៀសវាងពីការបញ្ឆោត ដោយសារការក្លែងបន្លំរបស់សាតាំង ។ សូមប្រាប់សិស្សថា អ្នកនឹងសរសេរសេចក្ដីពិតទាំងនេះនៅលើក្ដារខៀន នៅពេលពួកគេរកឃើញវានៅក្នុងមេរៀន ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សសរសេរសេចក្ដីពិតទាំងនេះនៅគែមព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១-៤ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យប្រាប់អំពីទំនួលខុសត្រូវរបស់អូលីវើរ ខៅឌើរី នៅក្នុងសាសនាចក្រគឺខុសពីទំនួលខុសត្រូវរបស់ យ៉ូសែប ស៊្មីធ ដោយរបៀបណា ។
-
តើទំនួលខុសត្រូវរបស់អូលីវើរ ខៅឌើរី ខុសពីយ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ? ( យ៉ូសែប គឺទទួលខុសត្រូវដើម្បីទទួលបញ្ញត្តិ និងវិវរណៈសម្រាប់សាសនាចក្រ ) ។ អូលីវើរ គឺទទួលខុសត្រូវដើម្បីបង្រៀនតាមរយៈអង្គលួងលោមចិត្ត ទាក់ទងនឹងបទបញ្ញត្តិ និងវិវរណៈទាំងឡាយ ដែលយ៉ូសែប បានទទួល ) ។
-
តើសេចក្ដីពិតសំខាន់អំពី ប្រធានសាសនាចក្រដែលយើងអាចរៀនមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:២ មានអ្វីខ្លះ ? ( សិស្សគួរប្រាប់អំពីគោលលទ្ធិដូចខាងក្រោម ៖ ប្រធាននៃសាសនាចក្រគឺជាមនុស្សតែម្នាក់គត់ដែលអាចទទួលវិវរណៈ សម្រាប់សាសនាចក្រទាំងមូល ។ សូមសរសេរសេចក្ដីថ្លែងការនេះនៅលើក្ដារខៀន ) ។
-
តើចំណេះដឹងរបស់យើងអំពីសេចក្ដីពិតនេះ ជួយយើងចៀសវាងពីការត្រូវបានបោកបញ្ឆោតយ៉ាងដូចម្ដេច ?
នៅពេលសិស្សពិភាក្សាអំពីសំណួរទាំងនេះ អ្នកអាចនឹងចង់មើលឲ្យប្រាកដថាពួកគេអាចទុកចិត្តជានិច្ចទៅលើការបង្រៀន និងការទូន្មានរបស់ប្រធាននៃសាសនាចក្រ ដោយសារតែព្រះអម្ចាស់នឹងពុំដែលអនុញ្ញាតឲ្យប្រធានដឹកនាំយើងឲ្យវង្វេងនោះទេ ។ ( កំណត់ចំណាំថា ការសន្យានេះគឺរកបាននៅក្នុងសេចក្ដីថ្លែងការមួយដោយប្រធាន វិលហ្វូឌ វូឌដ្រុព្វ ។ សេចក្ដីថ្លែងការណ៍នោះ គឺមានបញ្ចូលនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា នៅក្នុងឯកសារបន្ថែមបន្ទាប់ពីការប្រកាសជាផ្លូវការទី ១ ) ។
សូមពន្យល់ថា មិនយូរប៉ុន្មាន ពីមុនពេលព្រះអម្ចាស់បើកសម្ដែងសេចក្ដីពិត ដែលឥឡូវនេះត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨ អូលីវើរ ខៅឌើរី បានធ្វើអ្វីមួយ ដែលបង្ហាញថា គាត់ពុំទាន់យល់ដឹងពេញលេញអំពីភាពខុសគ្នា រវាងទំនួលខុសត្រូវរបស់គាត់នៅក្នុងសាសនាចក្រ និងទំនួលខុសត្រូវរបស់យ៉ូសែប ស្ម៊ីធ ក្នុងនាមជាប្រធាននៃសាសនាចក្រនៅឡើយទេ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោម ៖
យ៉ូសែប ស៊្មីធ រស់នៅក្នុងភូមិ ហាម៉ូនី រដ្ឋផែនសីលវេញ៉ា នៅពេលលោកបានទទួលសំបុត្រមួយមកពី អូលីវើរ ខៅឌើរី ដែលនៅភូមិហ្វាយ៉ែត រដ្ឋនូវយ៉ោក ដែលមានចម្ងាយប្រហែលជា ១០០ ម៉ែល ( ១៦០ គ.ម ) ពីគ្នា ។ អូលីវើរ បានមានប្រសាសន៍ថា គាត់បានរកឃើញកំហុសឆ្គងមួយនៅក្នុងវិវរណៈ ដែលយើងឥឡូវហៅថា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០ ។ អូលីវើរ បានសរសេរថា ៖ « ខ្ញុំបញ្ជាអ្នកនៅក្នុងនាមនៃព្រះឲ្យលុបពាក្យទាំងឡាយនោះចោល » ។ យ៉ូសែប បានធ្វើដំណើរទៅភូមិ ហ្វាយ៉ែត ហើយបានដឹងថា គ្រួសារ វិតមើរ បានយល់ព្រមជាមួយនឹង អូលីវើរ អំពីកំហុសឆ្គងដែលគិតស្មាននៅក្នុងវិវរណៈ ។ យ៉ូសែប បានសរសេរថា « បើគ្មានការខិតខំធ្វើការ និងការអត់ធន់នោះទេ ខ្ញុំពុំអាចយកឈ្នះលើពួកគេណាម្នាក់ ឲ្យគិតអំពីហេតុផលដោយស្ងប់ស្ងាត់អំពីប្រធានបទនោះទេ » ។ នៅទីបំផុត ព្យាការី « បានទទួលជោគជ័យក្នុងការនាំគ្រួសារ វិតមើរ ថែមទាំង…អូលីវើរ ខៅឌើរី ផង មកកាន់ចំណេះដឹងដែលពួកគេបានមានកំហុសឆ្គងនោះ » (Histories, វ៉ុលទី ១: ឆ្នាំ ១៨៣២–១៨៤៤,វ៉ុលទី ១ of the Histories series ofThe Joseph Smith Papers[ ឆ្នាំ ២០១២], ទំព័រ ៤២៦; សូមមើលផងដែរទំព័រ ៤២៤–២៥ ) ។
សូមសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៦-៧ដោយស្ងាត់ស្ងៀម រកមើលការដឹកនាំរបស់ព្រះអម្ចាស់ទៅកាន់អូលីវើរ ខៅឌើរី ។
-
តើព្រះអម្ចាស់បានបង្រៀនដល់ អូលីវើរ ខៅឌើរី អ្វីខ្លះ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ បុគ្គលម្នាក់ៗពុំទទួលវិវរណៈដើម្បីដឹកនាំនរណាម្នាក់ ដែលធ្វើជាអធិបតីលើពួកគេឡើយ ) ។
-
តើសេចក្ដីពិតនេះ ទាក់ទងនឹងដំណើររឿងដែលយើងទើបតែអានយ៉ាងដូចម្ដេច ?
-
តើសេចក្ដីពិតនេះ អាចជួយយើងនៅសព្វថ្ងៃយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨-១០
ព្រះអម្ចាស់ បានហៅអូលីវើរ ខៅឌើរី ឲ្យផ្សព្វផ្សាយដំណឹងល្អទៅកាន់ពួកសាសន៍លេមិន
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨-១០ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ ប្រាប់ពីអ្វីដែលព្រះអម្ចាស់ បានហៅឲ្យអូលីវើរឲ្យធ្វើនោះ ។
-
តើព្រះអម្ចាស់ហៅឲ្យអូលីវើរ ឲ្យធ្វើអ្វីខ្លះ ? ( ផ្សាយដំណឹងល្អនៅក្នុងចំណោមពួកសាសន៍លេមិន ) ។
-
តើយើងអាចរៀនវិវរណៈផ្ទាល់ខ្លួនអ្វីខ្លះមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨ ? ( បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរនូវគោលលទ្ធិដូចខាងក្រោម នៅលើក្ដារខៀន ៖ យើងអាចទទួលវិវរណៈសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង និងដើម្បីជួយយើងនៅក្នុងការហៅបម្រើ និងការចាត់តាំងដែលបានប្រគល់ដល់យើង ) ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងអាចទទួលបានវិវរណៈផ្ទាល់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ លុះត្រាតែយើងត្រូវបានញែកចេញទៅតំណែងអធិបតីមួយចំនួនប៉ុណ្ណោះ នោះយើងនឹងពុំទទួលបានវិវរណៈទាក់ទងនឹងអ្វីដែលអ្នកដទៃគួរធ្វើនោះឡើយ … ។
« បទពិសោធន៍ខាងវិញ្ញាណខុសប្រក្រតីមួយ ពុំគួរគិតថាជាការហៅផ្ទាល់ខ្លួនឲ្យដឹកនាំអ្នកដទៃនោះទេ ។ ការជឿជាក់របស់ខ្ញុំគឺថា បទពិសោធន៍ពិសេសមួយ ដែលមានលក្ខណៈពិសិដ្ឋគឺជាលក្ខណៈបុគ្គល ហើយគួរតែរក្សាទុកសម្រាប់ខ្លួនឯង » ( « Revelation in a Changing World, »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ១៤-១៥ ) ។
ពីមុនចាប់ផ្ដើមថ្នាក់រៀន សូមសរសេរតួនាទី និងការហៅដូចខាងក្រោម នៅលើសន្លឹកក្រដាសផ្សេងគ្នា ៖ ឪពុកម្ដាយ អ្នកដែលមានសិទ្ធិអំណាចទូទៅ ប៊ីស្សប អ្នកផ្សព្វផ្សាយសាសនា គ្រូបង្រៀនសាលាថ្ងៃអាទិត្យ ប្រធានម៉ៃម៉េត គ្រូបង្រៀនតាមផ្ទះ គ្រូបង្រៀនសួរសុខទុក្ខ ។ ដាក់ក្រដាសចូលក្នុងប្រអប់មួយ ។
សូមអញ្ជើញសិស្សឲ្យជ្រើសរើសក្រដាសមកពីប្រអប់ ហើយអានវាទៅកាន់សិស្សក្នុងថ្នាក់ម្ដងមួយៗ ។ នៅពេលក្រដាសនិមួយៗត្រូវបានអាន សូមឲ្យសិស្សផ្ដល់យោបល់អំពីប្រភេទនៃវិវរណៈ ដែលបុគ្គលម្នាក់ៗអាចទទួលបាន ដើម្បីជួយពួកគេបំពេញនូវតួនាទី ឬការហៅបម្រើនោះ ។
អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ ដែលពួកគេបានទទួលវិវរណៈនៅក្នុងការចាត់តាំង ឬការទទួលខុសត្រូវមួយ ។ អ្នកក៏អាចនឹងចង់ចែកចាយបទពិសោធន៍មួយ ដែលអ្នកបានទទួលវិវរណៈដើម្បីជួយអ្នកនៅក្នុងការហៅ ឬការចាត់តាំងមួយ ។ សូមរំឭកសិស្សថា បទពិសោធន៍មួយចំនួន គឺពិសិដ្ឋ ឬផ្ទាល់ខ្លួនណាស់ ពុំគួរចែកចាយ ។
សូមលើកទឹកចិត្តដល់សិស្សឲ្យអធិស្ឋានសូមវិវរណៈ ដើម្បីជួយពួកគេនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គេ និងនៅក្នុងការហៅបម្រើក្នុងសាសនាចក្រ និងការចាត់តាំងទាំងឡាយរបស់ពួកគេ ។ ក៏សូមលើកទឹកចិត្តពួកគេឲ្យអធិស្ឋានសូមឲ្យអ្នកដឹកនាំសាសនាចក្រ នឹងត្រូវបានប្រទានពរឲ្យមានសុខភាពល្អ និងសុវត្ថិភាព ហើយមានការបំផុសគំនិត ដែលពួកលោកត្រូវការ ដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកលោក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១១-១៦
ព្រះអម្ចាស់ដឹកនាំ អូលីវើរ ខៅឌើរី ឲ្យកែតម្រូវ ហៃរាំ ភេច ហើយជួយរៀបចំសាសនាចក្រឲ្យមានរបៀបរៀបរយ
សូមរំឭកសិស្សអំពីវិវរណៈក្លែងក្លាយ ដែលហៃរាំ ភេច បានបង្ហាញដល់សមាជិកសាសនាចក្រមួយចំនួន ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១១-១៤ដោយស្ងាត់ស្ងៀម ដើម្បីរកមើលអ្វីដែលព្រះអម្ចាស់បានដឹកនាំ អូលីវើរ ខៅឌើរី ឲ្យធ្វើ ដើម្បីជួយដោះស្រាយបញ្ហាលំបាកនេះ ។
-
តើព្រះអម្ចាស់បញ្ជាឲ្យ អូលីវើរ ធ្វើអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាជាមួយនឹង ហៃរាំ ភេច ?
-
តើយើងអាចរៀនអ្វីបានខ្លះពីខគម្ពីរទាំងនេះ អំពី ការទទួលខុសត្រូវរបស់អ្នកដឹកនាំសាសនាចក្រ ? ( សិស្សអាចប្រាប់អំពីគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា អ្នកគូសបញ្ជាក់ដូចខាងក្រោមនេះ ៖ អ្នកដឹកនាំសាសនាចក្រ មានទំនួលខុសត្រូវដើម្បីកែតម្រូវអ្នកទាំងឡាយណា ដែលកំពុងដឹកនាំអ្នកដទៃឲ្យវង្វេង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើយើងអាចរៀនអ្វីខ្លះ មកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១៣អំពីរបៀបដែលព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែសូមប្រាកដថា ពួកគេប្រាប់អំពី គោលការណ៍ដូចខាងក្រោម ៖ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ អ្វីៗគ្រប់យ៉ាង ត្រូវតែមានរបៀបរៀបរយ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមពន្យល់ថា របៀបមួយដែលយើងធ្វើគ្រប់ការណ៍ទាំងអស់ « តាមរបៀបរៀបរយ និងតាមការយល់ព្រមទូទៅ » គឺថាយើងគាំទ្រដល់បុគ្គលម្នាក់ៗជាសាធារណៈនៅក្នុងការហៅបម្រើសាសនាចក្រ ។
-
ហេតុអ្វីក៏អ្នកគិតថាវាសំខាន់ ចំពោះបុគ្គលម្នាក់ៗ ត្រូវបានគាំទ្រជាសាធារណៈនៅក្នុងការហៅបម្រើរបស់ពួកគេដូច្នេះ ?
ដើម្បីជួយសិស្សក្នុងថ្នាក់យល់អំពីរបៀបយល់ព្រមទូទៅ ផ្ដល់នូវរបៀបរៀបរយ និងការការពារដល់សាសនាចក្រ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ផាកកឺ ៖
« វិវរណៈក្នុងសាសនាចក្រ កើតមានដល់អ្នកទាំងឡាយដែលត្រូវបានហៅ បានគាំទ្រ បានតែងតាំង ឬបានញែកចេញដោយត្រឹមត្រូវ ។ ឧទាហរណ៍ ប៊ីស្សពម្នាក់ នឹងពុំទទួលវិវរណៈណាទាក់ទងនឹងវួដជិតខាងទេ ដោយសារវាស្ថិតនៅក្រៅតំបន់របស់គាត់ ។
« កម្រមានមនុស្សម្នាក់ណា នឹងប្រកាសខ្លួនថាបានទទួលសិទ្ធិអំណាចដើម្បីបង្រៀន និងប្រទានពរដោយពុំត្រូវបានហៅ និងញែកចេញណាស់ ។…
« នោះជាមូលហេតុដែលដំណើរការនៃការគាំទ្រដល់អ្នកទាំងឡាយ បានហៅឲ្យកាន់តំណែង គឺត្រូវបានការពារយ៉ាងខ្លាំងបំផុតក្នុងសាសនាចក្រ-- ដើម្បីឲ្យមនុស្សអាចដឹងថា នរណាមានសិទ្ធិអំណាចដើម្បីបង្រៀន និងប្រទានពរ » ( « Revelation in a Changing World, » ទំព័រ ១៥ ) ។
-
យោងតាម ប្រធាន ផាកកឺ ហេតុអ្វីក៏យើងគាំទ្រអ្នកទាំងឡាយដែលបានទទួលការហៅបម្រើក្នុងសាសនាចក្រជាសាធារណៈដូច្នេះ ?
-
បន្ទាប់ពីយើងបានលើកដៃដើម្បីនិយាយថា យើងនឹងគាំទ្រដល់អ្នកទាំងឡាយក្នុងការហៅបម្រើរបស់ពួកគេ តើយើងគួរធ្វើអ្វីខ្លះ ដើម្បីបង្ហាញថាពិតជាបានគាំទ្រដល់ពួកគេពិតមែន ?
ដើម្បីជួយសិស្សអនុវត្តគោលការណ៍ដែលពួកគេបានរៀននៅក្នុងមេរៀនថ្ងៃនេះ សូមអានស្ថានភាពដូចខាងក្រោមឲ្យឮៗ ហើយសួរពួកគេអំពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងគោលការណ៏នីមួយៗ ៖
-
អ្នកទទួលបានសារទំនាក់ទំនងអេឡេចត្រូនិចមួយ ប្រកាសថាជាវិវរណៈថ្មី ។ វាមាននូវការបង្រៀនដែលពុំត្រូវតាមបទគម្ពីរ ឬពាក្យសម្ដីរបស់ព្យាការីនៅរស់ ។
-
អ្នកកត់សម្គាល់ឃើញថា សមាជិកម្នាក់ក្នុងវួដរបស់អ្នក បានធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលពុំត្រឹមត្រូវតាមគោលលទ្ធិ នៅពេលនាងថ្លែងទីបន្ទាល់របស់នាង អំឡុងការប្រជុំសាក្រាម៉ង់ ។ អ្នកបារម្ភបើសិនជាសារលិខិតនោះខុសពីសេចក្ដីពិត វាអាចនឹងមានឥទ្ធិពលប៉ះពាល់បំផ្លាញអ្នកដទៃ ។ តើនរណាគួរកែតម្រូវសមាជិកដែលកំពុងនិយាយខុសឆ្គងនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១៥-១៦ឲ្យឮៗ ហើយសួរដល់សិស្សក្នុងថ្នាក់ឲ្យប្រាប់អំពី ការទូន្មានចុងក្រោយរបស់ព្រះអម្ចាស់ ទៅកាន់អូលីវើរ ខៅឌើរី នៅក្នុងវិវរណៈ ។
ចូរពន្យល់ថា បន្ទាប់ពី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ លោកបានចាប់ផ្ដើមធ្វើសន្និសីទមួយ ហើយបានរៀបចំសាសនាចក្រតាមរបៀបរៀបរយ ។ នៅក្នុងសន្និសីទ « បងប្រុស ភេច ក៏ដូចជាសាសនាចក្រទាំងមូល ដែលមានវត្តមាននៅទីនោះ បានបដិសេធនឹងថ្មចេះនិយាយ ព្រមទាំងអ្វីៗទាំងអស់ ដែលបានជាប់ទាក់ទងនឹងរឿងនោះ » ( Histories, វ៉ុលទី ១: ១៨៣២–១៨៤៤,៤៥២ ) ។ ដើម្បីបញ្ចប់មេរៀននេះ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលអ្នកបានពិភាក្សា និងតម្លៃរបស់ពួកគេក្នុងការជួយយើងឲ្យចៀសផុតពីការបញ្ឆោត ។