ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩-៥៦ ( មេរៀន​ទី ១២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩-៥៦ ( មេរៀន​ទី ១២ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩-៥៦ ( មេរៀន​ទី ១២) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩)

សិស្ស​បាន​សិក្សា​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ លីម៉ាន ខូព្លី និង អ្នក​ផ្សេង​ទៀត​ឲ្យ​បង្រៀន​ពួកសេកើរ ៖ ថា​ប្រសិនបើ​យើង​ដឹង​ពី​ទីសម្គាល់​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ នោះ​យើង​នឹង​មិន​ចាញ់​បោក ការប្រកាសបោកប្រាស់​ឡើយ ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជា​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ហៅម​នុស្សឲ្យ​ជឿ​លើ​ទ្រង់ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ថា​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​ស្វាមី និង ភរិយា​ទាំងឡាយ​ត្រូវបាន​បាន​បញ្ជាឲ្យ​រួម​គ្នា​តែ​មួយ ហើយ​បង្កើត​កូនចៅ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥០)

សិស្ស​បាន​រៀន​ថា វិញ្ញាណ​ក្លែងក្លាយ​បាន​បោក​បញ្ឆោត​ពួកបរិសុទ្ធ​ជំនាន់​ដើម​មួយ​ចំនួន ។ ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ទាំង​នេះ​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​អង្គ​លួងលោមចិត្ត ហើយ​ថា​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​សេចក្ដីពិត ។ ព្រះអម្ចាស់​ក៏​បាន​បង្រៀន​ផងដែរ​ថា អ្វី​ដែល​មក​ពីព្រះ​ជា​ពន្លឺ ហើយ​ស្អាង​ឡើង តែ​អ្វី​ដែល​មិន​មកពីព្រះ នាំ​ឲ្យ​មាន​ការ​ច្របូក​ច្របល់ និង​ភាព​ងងឹត ។ សិស្ស​បាន​ឃើញ​ថា នៅពេល​យើង​បង្រៀន និង​រៀន​ដោយព្រះវិញ្ញាណ នោះ​យើង​យល់​ពីគ្នា​ទៅវិញ​ទៅមក ហើយ​យើង​ត្រូវ​បាន​ស្អាងឡើង ហើយ​ត្រេក​អរជាមួយគ្នា ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥១–៥២)

សិស្ស​បាន​រៀន​ថា ដើម្បី​ចៀសវាង​ពី​ការត្រូវបាន​បញ្ឆោត​ដោយ​សាតាំង បុគ្គល​ម្នាក់​ត្រូវតែ​ធ្វើតាម​ការណែនាំ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ហើយ​រស់នៅ​តាម​វិវរណៈ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ពួកសិស្ស​របស់ព្រះយេស៊ូវ​គ្រីស្ទ​ឃ្លាំមើល និង​ថែទាំ ដល់​អ្នក​ទាំងឡាយ​ដែល​ក្រីក្រ ខ្វះខាត ឈឺ និង​រង​ទុក្ខ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥៣-៥៦)

ខណៈ​កំពុង​សិក្សា​អំពី​ពួក​បរិសុទ្ធ​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទឹកដីលីម៉ាន ខូព្លី នោះ​សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​សេចក្ដីមេត្តាករុណា ។ នៅពេល​សិស្ស​បាន​សិក្សា​ពី​បរិបទ​នៃ​ការហៅបម្រើ​របស់​វិលាម ដ័បុលយូ ហ្វែប្ស ឲ្យ​សរសេរ និង បោះពុម្ព​សម្រាប់​សាសនាចក្រ នោះពួកគេ​បាន​រៀន​ថា ព្រះអម្ចាស់​អាច​ប្រើ​ទេពកោសល្យ ជំនាញ និង សមត្ថភាព​របស់​យើង​ដើម្បី​ប្រទាន​ពរ​ដល់​នគរ​របស់​ទ្រង់ ។ នៅពេល​ពួកគេ​បាន​រៀន​អំពីអែសរ៉ា ធេយ័រ នោះពួកគេ​បាន​ឃើញ​ថា ព្រះអម្ចាស់​អាច​ប្រទាន​បទ​បញ្ញត្តិមួយ ឬ​ដក​បទបញ្ញត្តិ​នោះចេញ​ពេលទ្រង់​ទត​ឃើញ​ថា​សមស្រប ។

សេចក្តីផ្ដើម

នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ជា​ច្រើន ដោយ​អំពាវនាវ​ឲ្យ​ពួកបរិសុទ្ធ​នៅរដ្ឋ​អូហៃអូ ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ។ មេរៀន​នេះ​ផ្តោតលើ​ទំនាក់ទំនង​រវាង​ការគោរព​ប្រតិបត្តិតាម និង ការទទួល​វិវរណៈ​បន្ថែម​មក​ពី​ព្រះអម្ចាស់ ។ មេរៀននេះ​ក៏​នឹង​និយាយ​ផងដែរ​ពី​អត្ថន័យ​នៃ​ឃ្លា « ផ្ទុក​ឈើ​ឆ្កាង [ របស់​យើង ] » ( សូមមើល គ. និង ស. ៥៦:២) ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១-១៣, ២២-៣៦

ព្រះអម្ចាស់​បាន​បញ្ជាព្យាការី និង​ពួកអែលឌើរ​ដទៃទៀត ឲ្យ​ធ្វើដំណើរ​ទៅ​រដ្ឋ​មិសសួរី ហើយ​ផ្សាយ​ដំណឹងល្អ​អំឡុងពេល​នៃការ​ធ្វើដំណើរ​របស់ពួកគេ

ពីមុនថ្នាក់​ចាប់ផ្ដើម សូម​រៀបចំ​តម្រុយ​ចំនួន​បី ដែលតម្រុយនិមួយៗ​នាំ​ទៅរក​តម្រុយ​មួយទៀត ។ ឧទាហរណ៍ តម្រុយទីមួយ​អាច​នឹងនាំ​សិស្ស​ឲ្យ​ស្វែងរកតម្រុយទីពីរ​នៅក្រោម ឬ​នៅ​ក្នុង​វត្ថុ​មួយ នៅកន្លែង​ណាមួយក្នុង​ថ្នាក់រៀន ។ តម្រុយទីពីរ​អាច​នឹង​នាំ​ពួកគេ​ឲ្យ​ស្វែងរកតម្រុយទីបី​នៅកន្លែង​ផ្សេង​ក្នុងថ្នាក់រៀន ។ តម្រុយទីបី​គួរ​តែ​និយាយ​ថា « អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១-៦ ។ សូមរក​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ទៅនឹង​សកម្មភាព​នេះ » ។

សូមបិទ​តម្រុយទីមួយ​នៅលើក្ដារខៀន ហើយសរសេរ​ការណែនាំ​ដូច​ខាង​ក្រោម​នៅជិត​វា ៖ ធ្វើតាម​តម្រុយ​នេះ ​ដើម្បី​រៀន​អំពី​របៀប​ទទួលបានការ​ណែនាំ​ជាបន្ដបន្ទាប់មកពីព្រះ​អម្ចាស់ ។

បន្ទាប់ពីសិស្ស​អាន​តម្រុយទីមួយ សូម​អញ្ជើញពួកគេឲ្យ​ធ្វើតាម​ការណែនាំ​ដើម្បីរក​តម្រុយ​ទីពីរ ។ បន្ទាប់​មក​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ការណែនាំ​នៅតម្រុយទីពីរ ហើយ​ស្វែងរក​តម្រុយ​ទីបី ។

ពីមុន​សិស្ស​ធ្វើតាម​ការដឹកនាំ​ទៅ​តម្រុយទីបី សូម​ពន្យល់​ថា​វគ្គបទគម្ពីរ ដែលពួកគេ​នឹង​ស្វែងរក គឺមាន​ការ​ណែនាំ​ដែលបាន​ប្រទានឲ្យ​ព្យាការី ​យ៉ូសែប ស្ម៊ីធ និង​អ្នកដឹកនាំ​បព្វជិតភាព​ដទៃទៀត នៅ​ក្នុង​សន្និសីទ​មួយ​របស់សាសនាចក្រ ដែលបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ក្នុង​ខែ​មិថុនា ឆ្នាំ ១៨៣១ ។ សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​បើកសម្ដែង​ពី​មុនមក​ថា ពួកបរិសុទ្ធ​នឹង​បង្កើត​ទីក្រុង​មួយ ហៅថា ស៊ីយ៉ូន ( សូមមើល គ. និង ស. ២៨:៩) ប៉ុន្តែ​ទ្រង់ពុំ​ទាន់​បាន​បើក​សម្ដែង​ពីទីតាំង​នោះទេ ។

សូម​អញ្ជើញសិស្ស​ឲ្យធ្វើតាម​ការ​ណែនាំ​នៅក្នុង​តម្រុយ​ទីបី ។ សូមអញ្ជើញ​សិស្ស​ពីរបីនាក់​ឆ្លាស់វេន​គ្នា​អានចេញពី ​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១-៦ឲ្យ​ឮៗ ។ សូមអញ្ជើញសិស្ស​ឲ្យ​ផ្ទៀងតាម រកមើល​គោលការណ៍​មួយដែល​ស្រដៀងគ្នា​ទៅនឹង​សកម្មភាព ដែលពួកគេ​ទើបតែបាន​បំពេញ ។

  • យោងតាម ខ ៤-៥, តើ​អ្វីខ្លះ​អាច​កើតឡើង នៅពេល​យើង​ស្មោះត្រង់​ចំពោះ​ការណែនាំ​របស់ព្រះ ? (នៅពេល​យើង​ធ្វើតាម​ការណែនាំ​របស់​ព្រះ​ដោយស្មោះត្រង់ នោះទ្រង់នឹង​បើក​សម្ដែង​ព្រះទ័យ​ទ្រង់​កាន់តែ​ច្រើន​ដល់​យើង ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។ អ្នកក៏​អាចឲ្យ​យោបល់​ដល់សិស្សឲ្យ​សរសេរ​វា​នៅ​គែមនៃ​ព្រះគម្ពីរ​របស់​ពួកគេផងដែរ ) ។

  • តើ​សកម្មភាព​នេះ​ស្រដៀង​គ្នា​នឹង​គោលការណ៍​នេះ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ធ្វើតាម​ការណែនាំ​នីមួយៗ នោះពួកគេ​បានទទួល​ការដឹកនាំ​បន្ថែម ដែលទីបំផុត​នាំ​ពួកគេ​ទៅរក​ចម្លើយ ដែល​ពួកគេ​កំពុង​ស្វែងរក ) ។

  • តើ​អ្នកមានអារម្មណ៍​យ៉ាងណា ដែលមនុស្ស​មួយចំនួន​ទទួល​បានការណែនាំ និង​សេចក្ដីពិត​របស់ព្រះ​អម្ចាស់​បន្ដិចម្ដងៗ ជាជាង​បានទទួលម្ដងទាំងអស់នោះ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៣

ព្រះអម្ចាស់​ហៅ ស៊ីឌនី គិលបឺត ឲ្យ​ធ្វើ​ជា​អែលឌើរ ហើយ​ធ្វើ​ដំណើរ​ជាមួយ យ៉ូសែប ស៊្មីធ ទៅ​រដ្ឋ​មិសសួរី

ដូច​ជា​ឧទាហរណ៍​បន្ថែម​មួយ​អំពី​សេចក្តីពិតដែល​បាន​រកឃើញ​ខាង​លើ សូម​ពន្យល់​ថា អ្នក​ផ្លាស់ប្រែចិត្តជឿ​ថ្មីម្នាក់​ឈ្មោះ ស៊ីឌនី ហ្គីលប៊ើត បានដឹងថា គាត់ពុំ​រាប់បញ្ចូល​ជា​អ្នកផ្សព្វផ្សាយ​ម្នាក់​នៃ​អ្នកផ្សព្វផ្សាយ​ទាំងអស់​ ដែល​បានហៅ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ។ គាត់​បាន​ទៅ​ជួប​ព្យាការី​យ៉ូសែប ស៊្មីធ ហើយ​បាន​សួរ​ថា តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​អ្វី ។ ព្យាការី បាន​ទូល​សួរ ហើយ​បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣ ។ វិវរណៈ​បាន​ណែនាំបងប្រុស គិលបឺត​ឲ្យ​បោះបង់​ពិភពលោក​ចោល ត្រូវបាន​តែងតាំង​ជា​អែលឌើរ ហើយ​ធ្វើដំណើរ​ទៅរដ្ឋ​មិសសួរី ដើម្បីជួយ​ធ្វើ​ជា​ភ្នាក់ងារ​ចំពោះ​សាសនាចក្រ ( សូមមើល គ. និង ស. ៥៣:១–៥) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣:៦-៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ពេលវេលា​ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ប្រទាន​ការណែនាំ​ដែល​នៅសល់​ទាំង​ប៉ុន្មាន ( « នៅសល់ » ) ។ ( អ្នកអាច​ពន្យល់​ថា ព្រះអម្ចាស់មាន​បន្ទូល​សំដៅ​លើ​បញ្ជី​នៃ​ការណែនាំ​នេះថា​ជា « ពិធីបរិសុទ្ធ » ។ ពាក្យ ពិធីបរិសុទ្ធ ពេល​ខ្លះ​សំដៅទៅលើ​ច្បាប់​មួយ ឬ ព្រះរាជក្រឹត​មួយ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីយើង​ត្រូវតែ​គោរព​តាម​ការណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ពីមុន​យើង​អាច​ង់​រំពឹង​ទទួល​បាន​បន្ថែម​ទៀត ?

សូម​អញ្ជើញសិស្ស​ដែល​មាន​បទពិសោធន៍​មួយ​ជាមួយនឹង​គោលការណ៍​នេះ ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ពួកគេ ឬ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​ពេញលេញ​ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​ ឬទីបន្ទាល់របស់​អ្នក​ផង​ដែរ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យសរសេរ​សំណួរ កង្វល់ ឬ​ការសម្រេចចិត្ត​មួយ ដែលពួកគេ​កំពុង​ជួប ដែល​ពួកគេ​ចង់​ទទួលបានជំនួយ និងការ​ដឹកនាំ​របស់ព្រះអម្ចាស់ ។ បន្ទាប់​មក​ អញ្ជើញពួកគេ​ឲ្យពិចារណា និង​សរសេរ​នូវ​ការណែនាំ​នានា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកគេ ដែលពួក​គេ​អាច​នឹង​ប្រុងស្ដាប់​កាន់តែ​ច្រើន ដើម្បី​អញ្ជើញ​ឲ្យ​មានការ​ដឹកនាំ​បន្ថែម​មកពី​ទ្រង់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៦:១-៨

ព្រះអម្ចាស់​បាន​លុបចោល​នូវ​ការ​ហៅ​បម្រើ​បេសកកម្ម​របស់​អែសរ៉ា ធេយ័រហើយ​ព្រមាន​ដល់គាត់​ឲ្យ​ប្រែចិត្ត

សូម​សួរ​សិស្ស​ប្រសិនបើ​ពួកគេ​មាន​ស្គាល់​នរណា​ម្នាក់​ដែលលះបង់​អ្វី​ដែល​សំខាន់​ ដើម្បី​គោរព​តាម​បទបញ្ញត្តិ​មួយ​របស់ព្រះអម្ចាស់ ។ ( ឧទាហរណ៍ អាច​រួម​មាន​ទាំង​នរណា​ម្នាក់​ដែល​ពលិកម្ម ​ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ ទៅ​បេសកកម្ម ឬ​គោរព​តាម​បទដ្ឋាន​ជាក់លាក់​របស់​សាសនាចក្រ ) ។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយគំរូ​របស់ពួក​គេ ។ បន្ទាប់មក​សូម​ឲ្យ​សិស្សសង្ខេប​ពីអ្វី​ដែល​ពួក​គេ​បាន​រៀន​អំពី អែសរ៉ា ធេយ័រ នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦ ។ ( ប្រសិនបើ​ពួកគេ​ត្រូវការជំនួយ សូម​រំឭក​ពួកគេ​ថា អែសរ៉ា ធេយ័រ ត្រូវបាន​បញ្ជា​ឲ្យ​បម្រើ​បេសកកម្ម​ជាមួយ​ថូម៉ាស ប៊ី ម៉ាស្ស ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​នៃ​ភាពឆ្មើងឆ្មៃ និង អាត្មានិយម គាត់​ពុំ​បាន​ត្រៀមខ្លួន​រួចរាល់​ឡើយ នៅពេលការ​ចេញ​ដំណើរ​មក​ដល់ ។​

សូមអញ្ជើញ​សិស្សម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:១-២ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នកទាំង ឡាយ ដែលបាន​បដិសេធ​ក្នុង​ការ​គោរព​តាមបទបញ្ញត្តិ​របស់ទ្រង់ ។

  • តើ​ព្រះអម្ចាស់​បាន​មានបន្ទូល​អ្វីខ្លះ អំពី​អ្នកទាំងឡាយណា​ដែល​បដិសេធ​មិន​គោរពតាម​បញ្ញត្តិ​របស់ទ្រង់ ?

  • យោង​តាម ខ២, តើ​យើង​ត្រូវធ្វើ​អ្វី​ខ្លះ​ដើម្បី​ត្រូវបាន​សង្គ្រោះ ? (ដើម្បី​បាន​សង្គ្រោះ នោះ​យើង​ត្រូវ​តែ​ផ្ទុក​ឈើ​ឆ្កាង​របស់​យើង ធ្វើ​តាម​ព្រះអង្គ សង្គ្រោះ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើ​អ្នក​គិត​ថា « ​ផ្ទុក​ឈើ​ឆ្កាង ​[ របស់​យើង ] » មានន័យ​យ៉ាង​ដូចម្ដេច ? ( យ៉ូសែប ស្ម៊ីធ បកប្រែ​ម៉ាថាយ ១៦:២៤ បាន​ផ្តល់​និយមន័យ​នៃ​ឃ្លា​នេះ​តាមរបៀប​នេះ ៖ « ហើយ​ឥឡូវ​សម្រាប់​មនុស្ស​ម្នាក់​ដែល​ផ្ទុក​ឈើ​ឆ្កាង​លើ​ខ្លួន នោះ​គឺ​បាន​បដិសេធ​នូវ​រាល់​សេចក្ដី​អាក្រក់ និង​តណ្ហា​នៃ​លោកិយ​ទាំងអស់ ហើយ​រក្សា​បទបញ្ញត្តិ​របស់​យើង » [ម៉ាថាយ ១៦:២៤, លេខយោង ] ។ ការនិយាយ​ពីឈើឆ្កាង​គឺ​ជា​ការរំឭក​មួយ​នៃប្តេជ្ញាចិត្តរបស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ។ យើង​ផ្ទុក​ឈើឆ្កាង​របស់​យើង ដោយ​បង្ហាញ​ឆន្ទៈ​របស់​យើង​ដើម្បី​គោរព​ព្រះបញ្ញត្តិ​របស់​ព្រះ​អម្ចាស់ ហើយ « បដិសេធ​ខ្លួន​យើង » ឬ លះបង់​នូវ​អ្វីៗ​ដែល​ចាំបាច់​ដើម្បី​គោរពតាម​ព្រះ ) ។

  • តើ​បទបញ្ញត្តិ​អ្វី​ខ្លះ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដែល​តម្រូវ​ឲ្យ​អ្នក​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​ធ្វើ​ការ​លះបង់​ដើម្បីគោរពប្រតិបត្តិ ? ( គំរូ​មួយចំនួន​អាចរក​បាន​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ) ។

សូម​អាន​គំរូ​ខាង​ក្រោម ( ឬ​ បង្កើត​គំរូ​មួយ​ចំនួន​ដែល​ត្រូវ​ច្រើន​ទៅនឹង​ស្ថានភាពរបស់​សិស្ស​នៅក្នុងថ្នាក់​របស់​អ្នក ) ហើយ​សួរ​ពីរបៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​ផ្ទុក​ឈើឆ្កាង​ខ្លួន ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ៖

  1. យុវជន​ម្នាក់​កំពុង​ឈាន​ចូល​ដល់​អាយុ ដែល​គាត់​អាចនឹង​បម្រើ​បេសកកម្មបាន ។ គាត់​បារម្ភ​អំពី​អ្វីៗ​ដែលគាត់​នឹង​ទុកចោល នៅពេល​គាត់​ចេញ​ទៅ​បម្រើ ។

  2. យុវនារី​ម្នាក់​ដឹង​ថា យុវវ័យនៅក្នុង​វួដ​នាង​នឹង​ទៅ​ទស្សនា​ព្រះវិហារបរិសុទ្ធ​ក្នុង​រយៈពេលពីរ​បីខែ​ទៀត ប៉ុន្តែ​នាង​ពុំ​មាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ទេ ។ មាន​អ្វី​មួយកើតឡើងក្នុងជីវិត​របស់នាង​ក្នុងពេលនេះ ដែល​រារាំង​នាង​មិនឲ្យ​ទទួលបាន​ប័ណ្ណនោះ ។

សូមពន្យល់​ថា ប្រសិន​បើ​យើង​ជ្រើសរើស​មិន​ផ្ទុក​ឈើ​ឆ្កាង​របស់​យើងទេ នោះ​យើង​អាច​នឹង​បាត់បង់​ឱកាស​ដើម្បី​ប្រទាន​ពរ​ដល់អ្នកដទៃ ហើយ​ទទួលពរជ័យ​សម្រាប់​ខ្លួន​យើង ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៦:៣-៨ ដោយ​រំឭក​សិស្ស​ថា ដោយសារ អែសរ៉ា ធេយ័រ ពុំ​បាន​គោរព​ធ្វើ​តាម នោះ​បេសកកម្ម​របស់​គាត់​ត្រូវបានលុបចោល ហើយ​គាត់​បាត់បង់​ឱកាស​ដើម្បី​បម្រើ​នៅពេល​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណាពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បីផ្ទុក​ឈើ​ឆ្កាង​របស់​គេ ហើយគោរព​តាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​ទទួល ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧-៥៩)

សូម​សួរសិស្ស​ថា តើ​វា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ដូចម្តេច​ដែរ ដើម្បី​រស់​នៅក្នុង​សហគមន៍​មួយ​ដែល​មនុស្ស​គ្រប់គ្នា​សុចរិត មានសន្តានចិត្ត​ល្អ និង មាន​ចិត្ត​សប្បុរស ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩ យើង​រៀន​ពី​របៀប​ដែល​យើង​គួរតែ​រស់នៅ ដើម្បី​សម​នឹង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ដើម្បី​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ។