ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៣៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:១-៣៣


មេរៀនទី ៦៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-៣៣

បុព្វកថា

នៅ​ថ្ងៃទី ១ ខែ​សីហា ឆ្នាំ ១៨៣១ តិចជាង​ពីសប្ដាហ៍​បន្ទាប់ពី​ព្រះអម្ចាស់​បាន​កំណត់ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ជាចំណុចកណ្ដាល​នៃ​ស៊ីយ៉ូន នោះ​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែល​មាន​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨ ។ វិវរណៈនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​ជា​ចម្លើយតបចំពោះ​អ្នកទាំងឡាយ​ណា​ដែល​រំភើប​ចិត្ត​ចង់​ដឹង​អំពី​ព្រះហឬទ័យ​របស់ព្រះ ស្ដីអំពី​ពួក​គេ​ស្ថិត​នៅក្នុង​ទឹកដីថ្មី​នេះ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ទូន្មាន​ដល់ពួកបរិសុទ្ធ​ឲ្យ​ស្មោះត្រង់ ទោះស្ថិតនៅ​ក្នុង​ទុក្ខ​វេទនា​របស់ពួកគេក្តី ហើយ​បាន​ពន្យល់​ថា ហេតុអ្វី​បានជា​ទ្រង់​បញ្ជូន​ពួកបរិសុទ្ធ​ឲ្យ​ទៅស៊ីយ៉ូន ។ ព្រះអម្ចាស់​ក៏​បាន​លើក​ទឹកចិត្ត​ដល់ពួកបរិសុទ្ធ​ឲ្យ​ប្រើ​សេរីភាព​របស់ពួកគេ​ដើម្បី​នាំ​មកនូវ​សេចក្ដីសុចរិត​ផងដែរ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-៥

ព្រះអម្ចាស់​ទូន្មានដល់ពួកបរិសុទ្ធ​ឲ្យ​ស្មោះត្រង់ទោះស្ថិត​នៅក្នុង​ទុក្ខ​វេទនា​របស់ពួកគេក្តី

មុនពេល​ថ្នាក់​ចាប់​ផ្ដើម សូម​សរសេរ​ពាក្យបច្ចុប្បន្ននិងអនាគតនៅលើ​ក្ដារខៀន ។

សូម​ចាប់​ផ្ដើម​ថ្នាក់រៀន​ដោយ​ការ​សុំ​ឲ្យ​សិស្ស​គិត​អំពី​ឧបសគ្គ​ដ៏បំផុត ដែលពួកគេ​កំពុង​ប្រឈមមុខ​ក្នុងពេលថ្មីៗ​នេះ​ក្នុងជីវិត​ពួកគេ ។

  • តើការ​គិត​អំពី​អនាគត​របស់អ្នក នៅក្នុង​ជីវិត​នេះ និងជីវិត​បន្ទាប់ អាច​ជួយ​អ្នក​ឲ្យ​ដោះស្រាយចំពោះ​ឧបសគ្គ​ទាំងឡាយ​ដែល​អ្នកកំពុង​ប្រឈមមុខ​នាពេល​នេះ​យ៉ាង​ដូចម្ដេច ?​

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​អំពីឧបសគ្គ​ទាំងឡាយ​ដែលពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី បាន​ជួប​ប្រទះ​ក្នុង​ឆ្នាំ ១៨៣១ ដែល​អាច​នឹង​បណ្ដាល​ឲ្យពួកគេ​មួយចំនួន​មានការបាក់ទឹកចិត្ត ។

នៅ​ក្នុង​ខែ​មករា ឆ្នាំ ១៨៣១ ពួកអ្នកផ្សពផ្សាយសាសនា​បាន​រក​ឃើញ អាមេរិកកាំងដើម ដេឡាវែ កំពុង​រស់នៅ​ក្នុង​ទឹក​ដី​ជនជាតិអាមេរិកកាំ​ងដើមហួស​ទៅភាគ​ខាង​លិច​នៃ​ព្រំប្រទល់​រដ្ឋ មិសសួរី ។ អាមេរិកកាំងដើម ដេឡាវែ មានចំណាប់អារម្មណ៍​រៀន​ដំណឹងល្អ​ដែលមាននៅក្នុង​ព្រះគម្ពីរមរមន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែពួក​អ្នកផ្សព្វផ្សាយសាសនា​ពុំ​ទទួលបាន​ការ​អនុញ្ញាត ដើម្បី​ចូល​ទៅក្នុង​ទឹកដី​អាមេរិកកាំ​ងដើម ហើយ​ផ្សាយ​ដំណឹងល្អ និង​ដោយសារ​តែ​មានការ​ជំទាស់​មកពី​ភ្នាក់​ងារ​អាមេរិកកាំងដើម ក្នុង​មូលដ្ឋាន និង​ពួកគ្រូគង្វាល នោះ​ពួកអ្នកផ្សព្វផ្សាយសាសនា​មកពី​សាសនាចក្រ ត្រូវ​បាន​បង្ខំ​ឲ្យចាក​ចេញពី​ទឹកដី​នោះ ។ ពេលនោះ​ពួកអ្នកផ្សព្វផ្សាយសាសនា​បាន​ប៉ុន​ប៉ង​បង្រៀន​ដល់​អ្នក​តាំង​លំនៅ​ជនជាតិស្បែក​ស​នៅក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី និង​តំបន់​នៅជុំវិញ ប៉ុន្តែ​មាន​អ្នក​ផ្លាស់ប្រែចិត្តជឿ​តិចជាង​ដប់នាក់ បានចូលរួមក្នុង​សាសនាចក្រ​នៅត្រឹម​ខែ កក្កដា ឆ្នាំ ១៨៣១ ។ នៅពេលពួក​អែលឌើរ នៃ​សាសនាចក្រ​មកពី​អូហៃអូ បានចាប់​ផ្ដើម​ទៅដល់​រដ្ឋ មិសសួរី នៅខែ កក្កដា ឆ្នាំ ១៨៣១ នោះ​ពួកគេ​មួយចំនួន​បាន​ខក​ចិត្ត​ចំពោះ​អ្វី​ដែលពួកគេ​រកឃើញ ។ ពួកគេ​មួយចំនួន​បាន​រំពឹង​ថានឹង​មើល​ឃើញ​សហគមន៍​នៃ​អ្នកជឿ រីកចម្រើន​យ៉ាង​ឆាប់រហ័ស និងមាន​ទីលំនៅ​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​ទទួល​សមាជិក​សាសនាចក្រ​ដែលបាន​ធ្វើ​អន្ដោប្រវេសន្ដ៍​ចូលមក ។ ពួកគេ​មួយចំនួន​តូច​សម្ដែង​អំពី​កង្វល់​ដោយសារ​តែ​ដែនដី​នៅក្នុងអ៊ិនឌីប៉ែនដែនស៍ ពុំ​បាន​អភិវឌ្ឍ ។ បន្ថែមពីលើ​នោះ មាន​បងប្អូនប្រុស​មួយចំនួន បាន​លើក​ទឹកចិត្ត​ឲ្យ​ស្នាក់នៅ​ក្នុង​រដ្ឋ​មិសសួរី ហើយ​ទិញ​ដី​ដើម្បីរៀបចំ​ស៊ីយ៉ូន​សម្រាប់ពួក​បរិសុទ្ធ​ដែល​នឹង​មក​ដល់ពេលក្រោយ​ទៀត ។

  • ហេតុអ្វី​អ្នកគិតថា​ស្ថានភាព​នេះ អាច​ធ្វើ​ឲ្យ​បាក់ទឹកចិត្ត​ដល់​សមាជិក​សាសនាចក្រ​មួយចំនួន​យ៉ាងដូច្នេះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:១-២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវអ្វី​ដែល​ព្រះអម្ចាស់​បានប្រាប់ដល់ពួកអែលឌើរ ដែលអាច​នឹង​បានជួយ​ពួកគេ​ឲ្យដោះស្រាយ​បញ្ហា​ដែលពួកគេ​ប្រឈមមុខ ។

  • តើ​ព្រះអម្ចាស់​បានប្រាប់​អ្វី​ខ្លះដល់ពួក​អែលឌើរ ?

  • តើអ្នក​នឹង​សង្ខេប​សេចក្ដីពិត​នៅក្នុង​ខ ២ យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​តែ​ប្រាប់​អំពីគោលការណ៍​ដូចខាង​ក្រោម ៖យើង​នឹង​ត្រូវបាន​ប្រទានពរ បើ​យើង​រក្សា​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ។ រង្វាន់​ដ៏អស់កល្បជានិច្ច​របស់​យើង នឹង​មាន​កាន់តែ​ច្រើន បើ​យើង​បន្ដ​ស្មោះត្រង់​នៅក្នុង​ទុក្ខវេទនា ។ អ្នក​ក៏អាច​ឲ្យ​យោបល់ដល់​សិស្ស​គូសចំណាំ​ឃ្លា​ដែល​បង្រៀន​គោលលទ្ធិ​ទាំង​នេះ នៅខ ២ ) ។

សូម​យោង​ទៅលើ​ពាក្យបច្ចុប្បន្ននិងអនាគតនៅលើ​ក្ដារខៀន ។ សូមអញ្ជើញ​សិស្សម្នាក់​​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣-៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់ពួក​អែលឌើរ​អំពី​បច្ចុប្បន្នភាព និងអនាគតភាព​របស់រាស្ត្រ​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • ស្របតាមខ ៣ តើ​ជាញឹកញាប់​យើង​មើលពុំ​ឃើញ ឬពុំយល់​អ្វី​ខ្លះ នៅពេល​យើង​ឆ្លងកាត់​សេចក្ដីទុក្ខ​វេទនា ?

សូម​ចង្អុល​បង្ហាញ​ថា ខគម្ពីរ​ទាំងនេះ​ហាក់ដូចជា​បញ្ជាក់ថា ព្រះអម្ចាស់​ចង់​ឲ្យពួកអែលឌើរ​មើល​រំលង​នូវ​ការ​សាកល្បង​ទាំងឡាយ ដែលពួកគេ​កំពុង​ស៊ូទ្រាំ ហើយ​ឲ្យ​ផ្ដោត​ទៅលើ​អនាគត​ដ៏រុងរឿង ដែលពួកគេ​នឹង​ទទួលពិសោធន៍​ជំនួស​វិញ បើ​ពួកគេ​នៅ​ស្មោះត្រង់ ។ សារលិខិត​របស់ព្រះអម្ចាស់​ចំពោះ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី អាចជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ឧបសគ្គនានា តាមរយៈ​ការ​រក្សា​ផ្ដោត​ការ​យកចិត្តទុកដាក់​របស់​យើង​ទៅលើ​ពរជ័យ​ទាំងឡាយ​ដែលបាន​សន្យា​ដល់អ្នកទាំងឡាយ​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្ដីទុក្ខ​វេទនា​ដោយស្មោះត្រង់ ។

  • តើ​ការ​ទុកចិត្ត​ថា​ព្រះអម្ចាស់​នឹ​ង​ប្រទាន​ពរ​ដល់អ្នក ជួយអ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្ដីទុក្ខវេទនា​ដោយស្មោះត្រង់​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេលណា ដែលអ្នក​មានអារម្មណ៍​ថា អ្នក​ត្រូវ​បាន​ប្រទានពរ​ចំពោះ​ការ​នៅស្មោះត្រង់​អំឡុង​ពេល​មានសេចក្ដីទុក្ខវេទនា​នោះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​អំពីឧបសគ្គ​ដ៏ធំបំផុត ដែល ពួកគេ​កំពុងតែ​ជួប​ក្នុងពេលថ្មីៗ​នេះ​ម្ដងទៀត ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​នៅស្មោះត្រង់​ចំពោះ​ដំណឹងល្អ ទោះជាមាន​ឧបសគ្គ​នានាក្ដី ដើម្បីពួកគេ​អាច​ទទួលបាន​រង្វាន់​ដែលព្រះអម្ចាស់​មាននៅក្នុង​ឃ្លាំង​សម្រាប់ពួកគេ ទាំង​ក្នុងពេលនេះ និង​នៅក្នុងភាពអស់កល្បជានិច្ច ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៦-១៣

ព្រះអង្គ​សង្គ្រោះ​ពន្យល់​អំពី​មូលហេតុ​ដែលទ្រង់​បានបញ្ជូន​ពួកបរិសុទ្ធ​ទៅស៊ីយ៉ូន

សូម​សួរ​សិស្ស​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើអ្នកធ្លាប់​ត្រូវបាន​គេ​សុំ​ឲ្យធ្វើ​អ្វីមួយ ប៉ុន្តែ​អ្នក​ពុំ​យល់​ពីមូលហេតុ​ដែលអ្នក​ត្រូវ​បាន​សុំ​ឲ្យធ្វើ​រឿងនោះដែរឬទេ ? តើ​រឿងនោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ?

  • ផ្ទុយទៅវិញ តើ​អ្នកធ្លាប់មាននរណាម្នាក់​មក​សុំ​ឲ្យអ្នកធ្វើ​អ្វីមួយ ហើយ​ក៏បានជួយអ្នក​ឲ្យយល់​ពីមូលហេតុ​ដែលត្រូវ​ធ្វើ​ដូច្នោះ​ដែរឬទេ ? តើការ​ដឹង​ពីមូលហេតុ​ធ្វើឲ្យមានភាព​ខុសគ្នាយ៉ាងណា ?​

សូម​ពន្យល់​ថា ព្រះអម្ចាស់​បានបើក​សម្ដែង​នូវ​មូលហេតុ​មួយចំនួន​របស់​ទ្រង់ ដែលបញ្ជូល​មនុស្ស​ឲ្យ​ទៅ​ចាក់គ្រឹះ​នៃ​ស៊ីយ៉ូន ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៦-៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​មូលហេតុ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ក្នុងការ​បញ្ជូន​មនុស្ស​ឲ្យទៅ​ចាក់គ្រឹះ​នៃ​ស៊ីយ៉ូន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៩-១៣ដោយពន្យល់ថា មូលហេតុ​មួយ​ដែលព្រះអម្ចាស់​បញ្ជូន​មនុស្ស​ឲ្យទៅ​ចាក់គ្រឹះ​នៃ​ស៊ីយ៉ូន គឺ​ដើម្បី​រៀបចំ​ផែនដី​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ​របស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ខទាំងនេះ ព្រះអម្ចាស់ បាន​សំដៅ​ទៅលើ​រឿង​ប្រៀបធៀប​ព្រះគម្ពីរសញ្ញាថ្មី ដែលបង្រៀន​ថា មនុស្ស​នៅគ្រប់​ជាតិសាសន៍​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យមក​ទទួលទាន​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។

  • តើ​ការ​ដឹង​ថា​ពួកគេ​កំពុង​រៀបចំ​ផែនដី​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ បានជួយពួកអែលឌើរ​ឲ្យ​នៅស្មោះត្រង់​នៅក្នុង​សេចក្ដីទុក្ខវេទនា​របស់ពួកគេ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤-២៣

ព្រះអម្ចាស់​ពិពណ៌នា​អំពី​ទំនួលខុសត្រូវ​របស់ប៊ីស្សព ហើយ​បញ្ជា​ឲ្យពួកបរិសុទ្ធ​រក្សា​ច្បាប់​ដែនដី

រូបភាព
អែតវឹត ប៉ាទ្រិច

សូម​រំឭកសិស្ស​ថា​ព្រះអម្ចាស់​បាន​ហៅ​ប៊ីស្សព អែតវឹត ប៉ាទ្រិច ឲ្យ​ដឹកនាំ​កិច្ចខិតខំ​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ ។ ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ប៊ីស្សព ប៉ាទ្រិច និង ស៊ីឌនី ហ្គីលប៊ើត ឲ្យ​បន្ដ​នៅ​ក្នុង​រដ្ឋ មិសសួរី ដើម្បី​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​សាសនាចក្រ ហើយទិញ​ដី​នៅក្នុង និង​នៅជុំ​វិញ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥៧:៧-៨ ) ។ សូម​ពន្យល់​ថា នៅពេល​ពួកបរិសុទ្ធ​បាន​រៀបចំ​ដើម្បីទិញ​ដី នោះ​ប៊ីស្សព ប៉ាទ្រិច បាន​ទាស់​សម្ដី​នឹង យ៉ូសែប ស៊្មីធ អំពី​គុណភាព​ដី​ដែលត្រូវ​បានជ្រើស​រើស ។ គាត់​មានអារម្មណ៍ថាដី​នៅ​កន្លែង​ផ្សេង គួរ​តែ​ត្រូវ​បាន​ទិញ​ជំនួស​វិញ ។ ការ​ពុំ​ចុះសម្រុង​គ្នានេះ​នាំ​ឲ្យព្រះអម្ចាស់ ​ស្តី​បន្ទោស​។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:១៤-១៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអម្ចាស់​បានប្រាប់​ដល់​ប៊ីស្សព ប៉ាទ្រិច ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • សូម​នាំ​​សិស្ស​ឲ្យ​ត្រឡប់ទៅគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣។ តើ​សេចក្ដីពិត​ដែលបាន​បើក​សម្ដែង​នៅក្នុង​ខ​គម្ពីរ​នោះ​បាន​ជួយ​ប៊ីស្សព ប៉ាទ្រិច ជ្រើសរើស​ប្រែចិត្ត​ឈប់​ទាស់​សម្ដី​នឹង​ព្យាការី អំពី​ដីចំណែក​ណា​ដែល​គួរ​តែ​ទិញ​យ៉ាងដូចម្ដេច ?

ចូ​រពន្យល់​ដល់សិស្ស​ក្នុង​ថ្នាក់​ថា ប៊ីស្សព ប៉ាទ្រិច បានទទួល​យក​ការ​ស្ដីបន្ទោស​របស់ព្រះអម្ចាស់​ដោយរាបសា ហើយ​បាបរបស់គាត់ត្រូវ​បាន​អភ័យទោស។

  • តើ​សេចក្ដីពិត​ដែលបានបើកសម្ដែង​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣ អាចជួយ​យើង​ឆ្លើយតប​ចំពោះ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ដោយសេចក្ដីជំនឿ ជាជាង​ដោយការ​មិនជឿ និងសេចក្ដីងងឹត​នៅក្នុង​ដួងចិត្តបាន​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:១៦-២០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ដល់​ប៊ីស្សព ប៉ាទ្រិច អំពី​តួនាទី​របស់​គាត់ ក្នុងនាមជា​ប៊ីស្សព និង​ទំនួល​ខុសត្រូវ​របស់គាត់​ដើម្បីជួយ​ស្ថាបនា​ស៊ីយ៉ូន ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ទំនួលខុសត្រូវ​របស់​ប៊ីស្សព​គឺ​ជា​អ្វី ?

  • តើ​វិធី​មួយចំនួនអ្វីខ្លះ ដែល​ពួក​ប៊ីស្សព​ត្រូវ​វិនិច្ឆ័យ​ដល់​រាស្ត្រ​របស់ព្រះអម្ចាស់នាពេល​សព្វថ្ងៃនេះ ?

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២១-២៣ដោយ​ពន្យល់​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​រក្សា​ច្បាប់​នៃ​ដែនដី រហូត​ដល់ទ្រង់​យាងមក ហើយ​គ្រងរាជ្យ​អំឡុង​សហសវត្សរ៍ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៤-៣៣

ព្រះអម្ចាស់ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​ប្រើ​សិទ្ធិជ្រើសរើស​របស់ពួកគេ​ដើម្បីធ្វើ​ល្អ

សូម​បង្ហាញ​ស្ថានភាព​ដូច​ខាង​ក្រោម​ទៅដល់​សិស្ស​ក្នុង​ថ្នាក់ ៖

សូម​ស្រម៉ៃថា នៅពេល​អ្នក​កំពុង​ដើរ​តាមផ្លូវ អ្នក​បាន​ឃើញមនុស្ស​ចំណាស់​ម្នាក់ដួល ។ តើ​ចំនុច​ខាង​ក្រោម​ណា​មួយ ដែលអ្នកគួរ​ធ្វើ ?

  1. រង់ចាំ​ឲ្យព្រះវិញ្ញាណបំផុសគំនិត​អ្នកឲ្យជួយ ។

  2. រង់ចាំ​ឲ្យនរណា​ម្នាក់​ទៀត​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើអ្វីខ្លះ ។

  3. រង់ចាំ​មើល​បើសិនជា​មាននរណា​ម្នាក់ផ្សេងទៀតនឹង​មកជួយ ។

  4. ជួយ​ដល់​មនុស្ស​ដែល​ដួល​នោះភ្លាមៗ ។

បន្ទាប់ពីសិស្ស​បាន​ឆ្លើយ​តប​រួច​ហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​ក៏វា​សំខាន់ដើម្បីជួយមនុស្ស​ម្នាក់​ដោយពុំ​ចាំបាច់​រង់ចាំ​ការដឹកនាំ​ពីមនុស្ស​ម្នាក់ផ្សេងទៀត ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៦-២៨ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​គោលការណ៍​ទាំងឡាយ​ដែលព្រះអម្ចាស់​បាន​បង្រៀន​ពួកបរិសុទ្ធ នៅពេល​ពួកគេ​ជួប​នឹង​ការលំបាក​ក្នុងការ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។ ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា ឃ្លា « អ្នកណា​ដែល​ត្រូវ​គេ​បង្ខំនូវ​គ្រប់​អ្វីៗ​ទាំងអស់ » [គ. និង ស. ៥៨:២៦] សំដៅទៅលើ​នរណា​ម្នាក់​ដែល​ពុំ​ធ្វើសកម្មភាព ចាំរហូតទាល់តែ​ពួកគេ​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ ) ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​រក​ឃើញ​នៅក្នុងខ ២៦-២៨ ? ( សិស្ស​អាច​នឹង​ឆ្លើយតប ជាមួយសេចក្ដីពិត​ដូចខាង​ក្រោម​ថា ៖ យើង​មានអំណាច​ដើម្បីជ្រើសរើស​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​យើង ។ បើ​យើងរង់​ចាំ​ព្រះអម្ចាស់​ប្រាប់​អ្វីៗគ្រប់យ៉ាង​ដល់​យើង​ថា​គួរ​ធ្វើ​អ្វី​នោះ នោះយើង​នឹង​បាត់បង់​រង្វាន់​យើង​ហើយ ។ បើ​យើងប្រើសិទ្ធិ​ជ្រើសរើស​របស់យើង​ដើម្បីធ្វើ​រឿង​ទាំងឡាយ​ដែល​នាំ​មកនូវ​សេចក្ដីសុចរិត នោះ​យើង​នឹង​ទទួលបាន​រង្វាន់ ។ សូម​ប្រើ​ពាក្យ​របស់សិស្ស សរសេរ​សេចក្ដីពិតទាំងនេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ខគម្ពីរ​ទាំង​នេះ​សំដៅទៅលើ « រង្វាន់​» អ្វីខ្លះ ? តើ​ការ​ធ្វើ​អ្វីៗ​ដែលល្អៗ​ដោយ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​យើង ជះឥទ្ធិពល​លើរបៀប​ដែល​យើង​ទទួល​ជីវិត​អស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

  • តើ​វិធីមួយចំនួន​ដែល​អ្នកអាច​ប្រើ​ដោយអន្ទៈ​សារក្នុងការធ្វើល្អ​នៅ​គេហដ្ឋាន​មានអ្វីខ្លះ ? នៅសាលា​មានអ្វីខ្លះ ? នៅក្នុងវួដ ឬ​សាខា​របស់អ្នក​មានអ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​បទពិសោធន៍​ដែលពួកគេ​មាន នៅពេលពួកគេ​ត្រូវ​បានប្រទានពរ​ឲ្យ​ប្រើសិទ្ធិ​ជ្រើសរើស​របស់ពួកគេ​ដើម្បីធ្វើល្អ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៩-៣៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​កើតឡើង​ចំពោះអ្នកទាំងឡាយ​ដែល​ពុំ​ប្រើ​សិទ្ធិជ្រើសរើស​របស់ពួកគេ​ដើម្បីធ្វើ​ល្អ ឬ​នរណា​ដែល​សង្ស័យ​ចំពោះ​បទបញ្ញត្តិ​របស់ព្រះ ។

  • តើមាន​អ្វីខ្លះ​កើតឡើង​ចំពោះអ្នកទាំងឡាយ​ដែល​ពុំ​ប្រើ​សិទ្ធិជ្រើសរើស​របស់ពួកគេ​ដើម្បីធ្វើ​ល្អ ឬ​នរណា​ដែល​សង្ស័យ​ចំពោះ​បទបញ្ញត្តិ​របស់ព្រះ ?

  • តើ​មនុស្ស​មួយ​ចំនួន​ឆ្លើយ​តបយ៉ាង​ដូចម្ដេច នៅពេលពួកគេពុំ​ទទួលបានពរជ័យ ដោយសារ​តែ​ភាពខ្ជិល​ច្រអូស ឬ​ការ​មិនគោរពប្រតិបត្តិ​របស់ពួកគេនោះ ? តើមាន​ការ​ព្រមាន​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់បុគ្គល​ជាក់​លាក់​ក្នុងខ ៣៣?

សូម​ថ្លែងទីបន្ទាល់អំពី​សារៈសំខាន់​នៃ​ការ​ប្រើសិទ្ធិ​សេរីភាព​របស់​យើង​ដើម្បីធ្វើ​ល្អ ។ សូម​អញ្ជើញសិស្ស​ឲ្យ​ប្រើ​សិទ្ធិជ្រើសរើស​របស់ពួកគេ​ដើម្បីធ្វើអ្វីមួយ​ល្អ ពីមុន​ជួប​គ្នា​ម្ដងទៀត ។ សូម​ប្រាប់សិស្ស​ថា ពួកគេ​នឹង​មាន​ឱកាស​មួយ​ដើម្បី​ចែកចាយ​នូវអ្វី​ដែលពួកគេ​បានធ្វើ​ជា​ចំណែក​នៃ​មេរៀន​ក្រោយ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:២-៤។ « សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ បន្ទាប់ពី​មាន​សេចក្ដីវេទនា​ដ៏ច្រើន » 

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន​ដូច​ខាង​ក្រោម អំពី​ការ​មាន​ទស្សនៈវិស័យ​ដ៏​អស់កល្ប​មួយ និង​អំពី​សិរីល្អ​ដែល​កើត​មាន​ចំពោះ​មនុស្ស​ស្មោះត្រង់​ថា​ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« យើង​និយាយអំពី​ការសាកល្បង និង​បញ្ហានានា​របស់​យើងនៅទីនេះ​ក្នុង​ជីវិត​នេះ ប៉ុន្តែ​សូម​គិត​ថា អ្នកអាច​មើល​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​រាប់ពាន់ ឬ​រាប់លាន​ឆ្នាំ​ទៀត បន្ទាប់ពី​អ្នក​បាន​បង្ហាញ​នូវ​ភាព​ស្មោះត្រង់​ចំពោះ​សាសនារបស់​អ្នក អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដ៏​ខ្លី​នៅក្នុង​ពេល​នេះ ហើយ​បាន​ទទួល​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច និង​បំពាក់មកុដ​នៃ​សិរីល្អ​នៅក្នុង​វត្តមាន​របស់ព្រះវិញ​នោះ ? រួច​មើល​ត្រឡប់មក​ក្នុងជីវិត​អ្នក​នៅទីនេះ ហើយ​មើល​ឃើញ​នូវការ​បាត់បង់ ការលីឈើឆ្កាង និង​ការ​ខកចិត្ត​ជាច្រើន … អ្នក​នឹងត្រូវ​បង្ខំ​ចិត្ត​ឲ្យ​សួរ​ថា ‹ អ្វី​ៗទាំង​នោះ​ជាអ្វី​ហ្នឹង ? រឿង​ទាំងនោះ​កើត​មានតែ​មួយ​ភ្លែត​ទេ ហើយ​យើង​នៅទីនេះ​ក្នុងពេល​នេះ ។ យើង​មានភាព​ស្មោះត្រង់អំឡុង​គ្រា​មួយភ្លែត​នេះ​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង រួច​ហើយ​ឥឡូវ​យើង​រីករាយ​នឹង​ជីវិត​ដ៏អស់កល្ប និង​សិរីល្អ » ( « Remarks »Deseret Newsថ្ងៃ​ទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៨៥៩ ទំព័រ ១ ) ។ ( សូមមើល​ផងដែរDoctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual, ២០០១], ទំព័រ ១១៩– ២០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣។ « អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែក​ធម្មតា​របស់អ្នកឡើយ …នូវ​គម្រោងការណ៍នៃព្រះរបស់អ្នក »

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ចែកចាយ​សេចក្ដីថ្លែង​ការណ៍​មួយ​ដោយ ស៊ី.អេស. លូវិស ដែលបានពន្យល់​ថា យើង​ពុំ​ដឹង​នូវអ្វី​ដែល​ព្រះ​មានទុក​ក្នុង​ឃ្លាំង​សម្រាប់​យើង​នោះ​ជានិច្ច​ទេ ៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« ស៊ី.អេស. លូវិស នៅក្នុងសៀវភៅ​របស់គាត់Mere Christianity (គ្រាន់តែ​ជា​គ្រីស្ទាន)ពិពណ៌នា​អំពីទំនាក់​ទំនងរបស់​យើង​នឹង​ព្រះ​តាម​វិធី​មួយដ៏ពិសេស ដែល​អាច​ជួយយើង​មានអំណរគុណ​ចំពោះរបៀប​ដើម្បី​ចុះចូល​ខ្លួនយើង​ទៅ​តាម​ព្រះទ័យទ្រង់ គឺជាវិធី​តែ​មួយគត់​ដែល​ការរីកចម្រើន​ខាង​វិញ្ញាណ​អាច​កើត​ឡើង​បាន ៖

« សូម​ស្រម៉ៃ​ថា​ខ្លួន​អ្នក​ជាផ្ទះ​រស់ ។ ព្រះ​យាងមក​ហើយ​សាងសង់​ផ្ទះ​នោះ​ឡើងវិញ ។ ដំបូង ប្រហែលជា​អ្នកអាច​នឹង​យល់​ពីអ្វី​ដែលទ្រង់កំពុង​ធ្វើ ។ ទ្រង់​បាន​រៀប​ទទឹក​ឲ្យ​ត្រូវ ហើយ​បិទ​កន្លែង​លិច​ទឹក​នៅលើ​ដំបូល ជាដើម ៖ អ្នកដឹង​ថា ការងារ​ទាំងនោះ​ចាំបាច់​ត្រូវ​ធ្វើ ហើយ​ដូច្នេះ​អ្នក​ពុំ​ភ្ញាក់​ផ្អើល​ទេ ។ ប៉ុន្តែឥឡូវ​ទ្រង់​បាន​ចាប់​ផ្ដើមកែផ្ទះ​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​រង្គោះ​រង្គើរ​យ៉ាង​ខ្លាំង ហើយ​វា​មើល​ទៅមិនសម​ហេតុផល​ទេ ។ តើ​ទ្រង់កំពុង​ធ្វើអ្វី​ហ្នឹង ? ការពន្យល់​គឺ​ថា ទ្រង់​កំពុង​សាងសង់​ផ្ទះមួយផ្សេង​ទៀតដែលមិនដូចគំនិតរបស់អ្នក--ទ្រង់​ដាក់​បង្អួច​ថ្មី​នៅទីនេះ ដាក់​កម្រាល​ឥដ្ឋ​បន្ថែម​នៅទីនោះ បន្ថែមជាន់​ធ្វើ​ជា​ប៉មឡើង ហើយ​ធ្វើ​រាន​ហាន ។ អ្នក​បាន​គិត​ថា​អ្នក​នឹង​ត្រូវ​រស់​នៅ​ក្នុង​ខ្ទម​តូច​មួយ ៖ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ទ្រង់​កំពុង​សាងសង់​ព្រះ​រាជវាំង​មួយ » …’ ( New York: The Macmillan Company ឆ្នាំ ១៩៥២ ទំព័រ ១៦០ ) » ។ « The Value of Home Life » Ensign, ខែ កុម្ភៈ ឆ្នាំ ១៩៧២, ទំព័រ ៥ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:៨-១១។ « ព្រះចេស្ដារបស់ព្រះអម្ចាស់ »

« និមិត្តរូប​នៃ​ការ​ជប់លៀងដ៏ធំពីរ ដកស្រង់ចេញមកពី​គម្ពីរសញ្ញា​ចាស់ អនុវត្ត​បានចំពោះ​ព្រះចេស្ដា​របស់ព្រះអម្ចាស់ ៖ ‹ ម្ហូប​ដ៏​មាន​ឱជារស​យ៉ាង​វិសេស › និង ‹ ស្រាទំពាំង​បាយជូរ​សម្រាំង​យ៉ាង​ល្អ › ។ រឿង​ទាំងពីរនេះ គឺ​ជា​ទីសម្គាល់នៃ​ភាព​បរិបូរណ៍ ដែល​ចង្អុល​បង្ហាញ​ថា ពិធីជប់លៀង បាន​ថ្លែង​នៅទីនេះ គឺ​មានសារៈសំខាន់​យ៉ាង​ខ្លាំង ( សូម​មើល​ផងដែរ គ. និង ស. ៥៧:៥-១៤,៦៥:៣,ម៉ាថាយ ២២:១-១៤,វិវរណៈ ១៩:៧-៩) » ( [Church Education System manual, ២០០១ ], ទំព័រ ១២០ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:១៤-១៥។ ប៊ីស្សព ប៉ាទ្រិច បានប្រែចិត្តពីអំពើបាបរបស់គាត់

ប៊ីស្សព ប៉ាទ្រិច បានទាស់សម្ដី​នឹង យ៉ូសែប ស៊្មីធ អំពីគុណភាពនៃដី ដែល​ត្រូវ​បានជ្រើសរើស​នៅក្នុង​រដ្ឋ មិសសួរី ។ គាត់​មានអារម្មណ៍ថាដី​នៅ​កន្លែង​ផ្សេង គួរ​តែ​ត្រូវ​បាន​ទិញ​ជំនួស​វិញ ។ ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​ប៊ីស្សព ប៉ាទ្រិច ចំពោះ​ឥរិយាបទ​របស់គាត់បែប​នេះ​ ។

ប៊ីស្សព ប៉ាទ្រិច បាន​ទទួលយក​ការ​ស្ដីបន្ទោសពីព្រះអម្ចាស់ នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨ដោយចិត្ត​រាបសា ។ គ្រាន់តែ​រយៈពេល​ប៉ុន្មានថ្ងៃ បន្ទាប់ពី​វិវរណៈ​នេះ ត្រូវ​បាន​ប្រទាន​ឲ្យ គាត់​បានសរសេរសំបុត្រ​ទៅ​កាន់ភរិយា​គាត់​ថា ៖ « អូនដឹង​ទេ​ថា បង​ឈរ​នៅក្នុង​កន្លែង​ដ៏សំខាន់មួយ ហើយ​នៅពេលត្រូវ​បាន​វាយផ្ចាល​ម្ដងម្កាល ពេល​ខ្លះ​បង​មានអារម្មណ៍​ដូចជា​បង​ច្បាស់ជា​បរាជ័យ មិន​លះបង់​បុព្វហេតុ ប៉ុន្តែ​បង​ភ័យ​ខ្លាច​ថា​កន្លែង​បង​គឺ​នៅ​ខ្ពស់ជាង​អ្វីដែល​បង​អាច​ធ្វើកិច្ចការ​ដើម្បី​ឲ្យ​ព្រះវរបិតាសួគ៌​របស់បង​អាច​ទទួលយក​បង​បាន » ( ​សំបុត្រ​ទៅកាន់ លីឌៀ ប៉ាទ្រិច ថ្ងៃទី ៥-៧ ខែ សីហា ឆ្នាំ ១៨៣១ បណ្ណាល័យ​ប្រវតិ្ត​សាសនាចក្រ ទីក្រុង សលត៍ លេក ) ។ កំណត់ហេតុនៅក្នុងការ​ប្រជុំ​មួយនៅ​ក្រុង​ស៊ីយ៉ូន ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ការ​ទាស់​សម្ដី​រវាង​ព្យាការី យ៉ូសែប និង ប៊ីស្សព ប៉ាទ្រិច ដែល​កត់ត្រាថា ប៉ាទ្រិច បាន​និយាយ​ថា « គាត់សុំទោស ហើយ​សុំទោសជានិច្ច » ចំពោះ​ការ​មិន​ចុះសម្រុងនោះ ( Minute Book ២, Mar. 1០, ១៨៣២, ២៣, Church History Library, Salt Lake City; សូមមើលផងដែរ josephsmithpapers.org) ។ វិវរណៈ​មួយត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៨៣១ បានចង្អុលបង្ហាញ​ថា ប៉ាទ្រិច ត្រូវ​បានអភ័យទោសចំពោះទង្វើររបស់គាត់ (Documents, Volume ២: ខែ កក្កដា ឆ្នាំ ១៨៣១–ខែមករា ឆ្នាំ ១៨៣៣វ៉ុលទី ២ នៃ the Documents series នៃThe Joseph Smith Papersឆ្នាំ ២០១៣ ], ទំព័រ៦២ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:២៧-២៨។ « ប្រព្រឹត្ត​អ្វីៗ​ជាច្រើន តាម​បំណង​ចិត្ត​របស់ខ្លួន »

គំរូវិជ្ជមាន​មួយអំពីការធ្វើតាមការ​ទូន្មានឲ្យ « ឧស្សាហ៍ចូលរួមក្នុង​ប្រយោជន៍ល្អ » (គ. និង ស. ៥៨:២៧) គឺ​មាន​នៅក្នុង​បទពិសោធន៍​មួយ ដែល​អែលឌើរ វ៉ុន ជេ ហ្វីឌើរស្តូន នៃ​ពួក​ចិតសិប​នាក់​បានចែកចាយ​ថា ៖

រូបភាព
អែលឌើរ វ៉ុន ជេ ហ្វីឌើរស្តូន

« ពេល​ខ្ញុំ​មានអាយុប្រហែល​ជា​ដប់ ឬ​ដប់មួយឆ្នាំ បងប្អូន​យើងជាច្រើន​បានមក​លេង​ផ្ទះ ។ មានប្រហែលជា ៣៥ ឬ ៤០ នាក់ ។ ម្ដាយ​ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​មក​បរិភោគ​អាហារ​ពេលល្ងាច ។ បន្ទាប់ពី​ស្រស់ស្រូប​អាហារ​ពេលល្ងាច​ហើយ គ្រប់គ្នា​បាន​ទៅ​បន្ទប់មួយទៀត ហើយ​អង្គុយ​សួរសុខទុក្ខ​គ្នាលេង ។ មាន​ឆ្នាំង​ចាន​ប្រឡាក់​គរជាគំនរ​នៅគ្រប់កន្លែង ។ អាហារ​ពុំទាន់​រៀបចំ​ទុកដាក់ ហើយ​មាន​ឆ្នាំង​ចាន​ប្រឡាក់ៗ​ពុំ​ទាន់លាង​ជាច្រើនតាំង​ពីពេលរៀប​ធ្វើអាហារ​មក ។

« ខ្ញុំ​ចាំ​ពី​ការគិត​មួយ ថា បន្ទាប់ពី​គ្រប់គ្នា​បាន​ត្រឡប់ទៅវិញ នោះ​ម្ដាយ​ខ្ញុំ​នឹង​ត្រូវ​លាងសម្អាតចានឆ្នាំងទាំង​នោះ ។គំនិត​មួយ​បាន​កើត​ឡើងភ្លាម ។ គំនិត​មួយ​បាន​ដក់​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​បានចាប់​ផ្ដើមធ្វើការ​សម្អាត ។ នោះជា​ជំនាន់​មុនពេល​មាន​ម៉ាស៊ីនលាងចាន ។ ម្ដាយខ្ញុំ​តែងតែ​ស្អាត​ជានិច្ច ហើយ​គាត់​បាន​បង្រៀន​យើង​ពី​របៀប​ដើម្បី​លាង និង​ជូត​ចាន​ដោយ​ត្រឹមត្រូវ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ដ៏​ច្រើន​នេះ ។ ទីបំផុត ប្រហែលជា​បី​ម៉ោង​ក្រោយមក ខ្ញុំ​បាន​បង្ហើយ​ការជូត​ចាន​ចុង​ក្រោយ​គេ ។ ខ្ញុំ​បាន​រៀប​ចំទុកដាក់​អាហារ​ទាំងអស់ សម្អាត​តុបាយ និង​កន្លែង​លាងចាន និង​កម្រាល​ឥដ្ឋទាំងអស់ ។ ចង្ក្រាន​បាន​ស្អាត​ភ្លឹង ។

« ខ្ញុំ​ពុំអាចបំភ្លេច​បាន​នូវ​ផ្ទៃ​មុខ​របស់ម្ដាយ​ខ្ញុំ ក្រោយពេល​ដែល​ភ្ញៀវ​ទាំងអស់​បាន​ត្រឡប់ទៅវិញ​នាយប់នោះអស់ គាត់​បាន​មក​ចង្ក្រាន​បាយ​លាង​សម្អាត ។​ ខ្ញុំ​បានទទឹក​ជោគ តាំងពី​ដើមទ្រូងដល់ជង្គង់ ។ រាល់ការ​ខិតខំ​ទាំងអស់​គឺមានតម្លៃ ពេលខ្ញុំ​មើល​ទៅ​ទឹកមុខ​ម្ដាយខ្ញុំ ។ វា​គឺ​ជា​អារម្មណ៍​ចម្រុះគ្នាលាយឡំ អារម្មណ៍​ធូរស្រាល និង មោទនភាព ។ ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​មួយ​នាពេលនោះ​ថា ខ្ញុំ​នឹង​ព្យាយាម​រំពឹងគិតពី​ទឹកមុខ​គាត់​ម្ដងហើយ​ម្ដង​ជានិច្ច » (We Love Those We Serve, » New Eraខែ មិនា ឆ្នាំ ១៩៨៨, ទំព័រ ១៩) ។