មេរៀនសិក្សានៅផ្ទះ
កន្លែងកណ្ដាលនៃស៊ីយ៉ូន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧-៥៩ ( មេរៀនទី ១៣ )
សេចក្តីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យ យល់គោលការណ៍នៃការប្រែចិត្តនេះឲ្យបានកាន់តែប្រសើរឡើង ។ នៅពេលសិស្សរៀនពីគោលការណ៍ទាំងនេះ នោះពួកគេអាចពិចារណាពីអ្វីដែលពួកគេត្រូវតែធ្វើដើម្បីប្រែចិត្ត និង របៀបដែលការសន្យានៃអភ័យទោសរបស់ព្រះអម្ចាស់អាចប្រទានពរជ័យដល់ជីវិតរបស់ពួកគេ ។ ដូចដែលចំណុចមួយចំនួននេះត្រូវបានរៀបរាប់នៅក្នុងមេរៀនប្រចាំថ្ងៃ នោះមេរៀននេះផ្តល់ឱកាសដល់អ្នកឲ្យជួយសិស្សរបស់ខ្លួនយល់កាន់តែប្រសើរឡើង នូវគោលការណ៍នានានៃការប្រែចិត្ត និង របៀបដើម្បីអនុវត្តគោលការណ៍នោះនៅក្នុងជីវិតខ្លួន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៤៣
ព្រះអម្ចាស់បានប្រទានការណែនាំស្ដីអំពីស៊ីយ៉ូន ហើយបង្រៀនគោលការណ៍នៃការប្រែចិត្ត
មុនពេលចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើការប្រែចិត្តមានន័យដូចម្តេច ? តើខ្ញុំអាចដឹងថា ខ្ញុំបានប្រែចិត្តទាំងស្រុងដោយរបៀបណា ? នៅពេលចាប់ផ្ដើមថ្នាក់ សូមសួរសិស្សពីរបៀបដែលពួកគេនឹងឆ្លើយសំណួរទាំងនោះ ។
សូមសរសេរឈ្មោះខាងក្រោមនៅលើក្ដារខៀន ៖ ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្ស និង សេបា ភីតើសុន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៨–៤១, ៦០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព្រះឱវាទដែលព្រះអម្ចាស់បានប្រទានដល់បុរសទាំងនោះ នៅពេលពួកគេបានរៀបចំដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។ នៅពេលសិស្សឆ្លើយតបចំពោះសំណួរដូចខាងក្រោម សូមសរសេរចម្លើយរបស់ពួកគេនៅក្រោមឈ្មោះត្រឹមត្រូវនៅលើក្ដារខៀន ។
-
តើអំពើបាបអ្វីខ្លះដែលព្រះអម្ចាស់មានបន្ទូលថាជាកំហុសរបស់ ម៉ាទីន ហារីស ? តើព្រះអម្ចាស់ប្រាប់គាត់ឲ្យធ្វើអ្វីខ្លះ ?
-
តើអំពើបាបអ្វីខ្លះ ដែលព្រះអម្ចាស់មានបន្ទូលថាជាកំហុសរបស់ វិលាម ដ័បុលយូ ហ្វែប្ស ? តើព្រះអម្ចាស់ប្រាប់គាត់ឲ្យធ្វើអ្វីខ្លះ ? ( អ្នកអាចចាំបាច់ត្រូវពន្យល់ថា ឃ្លា « ស្វែងរកដើម្បីតម្កើងខ្ពស់ » [ខ ៤១] ពុំមានន័យថាធ្វើ ឬព្យាយាមដើម្បីកែលម្អដោយអស់ពីលទ្ធភាពរបស់យើងទេ ។ តែឃ្លានេះចង់សំដៅទៅលើបំណងប្រាថ្នាឥតសុចរិត និងប្រកបដោយអំនួត ដើម្បីបង្ហាញថាល្អប្រសើរ ឬសំខាន់ជាងមនុស្សដទៃទៀត ) ។
-
តើសេបា ភីតើសុន ព្យាយាមធ្វើអ្វីខ្លះជាមួយនឹងអំពើបាបរបស់គាត់ ?
សូមចង្អុលបង្ហាញថា អំពើបាបទាំងឡាយរបស់មនុស្សទាំងនេះបានគំរាមគំហែងដើម្បីរារាំងពួកគេពីការជួយស្ថាបនាស៊ីយ៉ូន ។
-
តើអំពើបាបរបស់យើងអាចនឹងដាក់កំហិតលើសមត្ថភាពរបស់យើងដើម្បីបម្រើព្រះអម្ចាស់តាមវិធីមួយចំនួនណាខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីការប្រែចិត្ត ។
-
យោងតាមខគម្ពីរនេះ តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់យើង បើយើងប្រែចិត្តពីអំពើបាបរបស់យើង ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះអម្ចាស់នឹងអភ័យទោសដល់យើង ហើយពុំចងចាំអំពើបាបរបស់យើងទៀតឡើយ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចឲ្យយោបល់សិស្សឲ្យគូសចំណាំឃ្លាដែលបង្រៀនគោលលទ្ធិទាំងនេះនៅក្នុង ខ ៤២ ) ។
-
តើអំពើបាបរបស់យើងមួយណា ដែលការសន្យានេះត្រូវបានអនុវត្ត ? ( អំពើបាបទាំងអស់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យ អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកពាក្យ ឬឃ្លាដែលទាក់ទងទៅនឹងគោលការណ៍ដែលបានសរសេរនៅលើក្ដារខៀន ។
« មិនថាការរំលងរបស់យើងជាអ្វីនោះទេ មិនថាសកម្មភាពរបស់យើងធ្វើឲ្យអ្នកដទៃឈឺចាប់យ៉ាងណាទេ កំហុសទាំងនោះអាចត្រូវបានលុបចោល ។ ចំពោះខ្ញុំ ឃ្លាដែលល្អបំផុតនៅក្នុងបទគម្ពីរស្ទើរទាំងអស់ គឺនៅពេលព្រះអម្ចាស់មានបន្ទូលថា ‹ មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់ មិនចាំពីអំពើបាបទាំងនោះទៀតទេ › ។ [គ. និង ស. ៥៨:៤២] ។
« នោះគឺជាការសន្យានៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួន » (« The Atonement, » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។
-
តើការដឹងថាអ្នកអាចត្រូវបានអភ័យទោសចំពោះអំពើបាបរបស់អ្នកទាំងអស់ ប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមពន្យល់ថា មនុស្សមួយចំនួនបានគិតដោយខុសឆ្គងថា បើពួកគេអាចនៅតែចងចាំអំពើបាបរបស់ខ្លួន នោះពួកគេពុំទាន់បានប្រែចិត្តពេញលេញនៅឡើយ ។ សូមប្រាកដថាការចងចាំពីអំពើបាបរបស់ខ្លួន អាចជួយពួកគេចៀសវាងពីការធ្វើនូវកំហុសដដែលនោះម្តងទៀត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធាន ហារ៉ូល ប៊ី លី ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលលោកបានបង្រៀន អំពីភាពសុខសាន្តនៃសតិសម្បជញ្ញៈ ដែលបានទទួលតាមរយៈការប្រែចិត្ត ។
« ប្រសិនបើពេលនោះមកដល់ នៅពេលអ្នកបានធ្វើនូវអ្វីៗទាំងអស់ដែលអ្នកអាចធ្វើដើម្បីប្រែចិត្តចេញពីអំពើបាបរបស់អ្នក មិនថាអ្នកជានរណា អ្នកនៅកន្លែងណា ហើយបានធ្វើការសងថ្លៃ និង ការជួសជុលសងវិញអស់ពីសមត្ថភាពរបស់អ្នក ប្រសិនបើវាជាអ្វីមួយដែលប៉ះពាល់ដល់សមាជិកភាពរបស់អ្នកនៅក្នុងសាសនាចក្រហើយអ្នកបានទៅរកអ្នកមានសិទ្ធិអំណាចត្រឹមត្រូវ បន្ទាប់មក អ្នកនឹងចង់បានចម្លើយនៃការបញ្ជាក់នោះ ថាតើព្រះអម្ចាស់បានទទួលយកអ្នកឬក៏អត់ ។ នៅក្នុងព្រលឹងដែលខ្វាយខ្វល់របស់អ្នក ប្រសិនបើអ្នកស្វែងរក ហើយអ្នករកឃើញសេចក្ដីសុខសាន្ដក្នុងសតិសម្បជញ្ញៈ ដោយការបញ្ជាក់នោះ អ្នកអាចដឹងថា ព្រះអម្ចាស់បានទទួលយកការប្រែចិត្តរបស់អ្នក » (Stand Ye in Holy Places [ ឆ្នាំ ១៩៧៤ ] ទំព័រ ១៨៥ ) ។
សូមចង្អុលបង្ហាញថា ការសន្យាដែលបានសរសេរនៅលើក្ដារខៀន គឺមានលក្ខខណ្ឌ ។ យើងអាចទទួលបានការអភ័យទោសពីព្រះអម្ចាស់ ប្រសិនបើជាយើងធ្វើនូវអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីប្រែចិត្តពីអំពើបាបរបស់យើងដោយពេញលេញតែប៉ុណ្ណោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមមកពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលចំណុចនានា ដែលពួកគេអាចរៀនអំពីអត្ថន័យនៃការប្រែចិត្ត ។
« ការប្រែចិត្តគឺសំខាន់ជាងការទទួលស្គាល់កំហុសដ៏សាមញ្ញ ។ វាជាការផ្លាស់ប្តូរនៃគំនិត និង ដួងចិត្ត ។ វារួមមានការបែរចេញពីអំពើបាប ហើយបែរទៅរកព្រះសម្រាប់ការអភ័យទោស ។ វាត្រូវបានជម្រុញដោយសេចក្ដីស្រឡាញ់ដល់ព្រះ និង បំណងដ៏ស្មោះត្រង់ក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ » (ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៨ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរឿងពីរយ៉ាងដែលយើងត្រូវធ្វើដើម្បីប្រែចិត្តយ៉ាងពេញលេញពីអំពើបាបរបស់យើង ។
-
យោងតាមខគម្ពីរនេះ តើចំណុចពីរយ៉ាងដែលយើងត្រូវធ្វើដើម្បីប្រែចិត្តពីអំពើបាបរបស់យើងទាំងស្រុងមានអ្វីខ្លះ ? ( សូមសរសេរគោលលទ្ធិខាងក្រោមនេះលើក្តារខៀន ៖ ដើម្បីប្រែចិត្ត យើងត្រូវតែសារភាព ហើយលះបង់ចោលនូវអំពើបាបទាំងឡាយរបស់យើង) ។
-
តើគោលលទ្ធិនេះជួយយើងឲ្យឆ្លើយចំពោះសំណួរថា « តើយើងអាចដឹងថាយើងបានប្រែចិត្តបានទាំងស្រុងដោយរបៀបណា ? » ( សូមជួយសិស្សឲ្យយល់ថា ការសារភាព និងការលះបង់ចោលអំពើបាបទាំងឡាយ គឺសំខាន់ចំពោះការប្រែចិត្តទាំងស្រុង ) ។
-
តើការសារភាពអំពើបាបរបស់យើងមានន័យដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរអំពីអត្ថន័យនៃការសារភាពអំពើបាបរបស់យើង សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការសារភាព និងការលះបង់ចោល គឺជាគោលគំនិតដ៏មានអានុភាព ។ វាមានន័យច្រើនជាងពាក្យថា ‹ ខ្ញុំព្រមទទួលកំហុស ខ្ញុំសូមទោស › ។ ការសារភាព គឺជាការទទួលស្គាល់ដោយអស់ពីចិត្ត ពេលខ្លះ ដោយការឈឺចាប់ចំពោះកំហុស និងការធ្វើទាស់នឹងព្រះ និងមនុស្ស » (« The Divine Gift of Repentance » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤០ ) ។
-
តើការសារភាពអំពើបាបរបស់យើងជួយយើងងាកចេញពីអំពើបាប ហើយបែរទៅរកព្រះសុំការអភ័យទោសយ៉ាងដូចម្ដេច ?
ជាចំណែកនៃការពិភាក្សានេះ សិស្សអាចនឹងងឿងឆ្ងល់ថា អំពើបាបអ្វីខ្លះដែលចាំបាច់ត្រូវសារភាព ហើយត្រូវសារភាពដល់នរណា ។ សូមពន្យល់ថា យើងចាំបាច់ត្រូវសារភាពអំពើបាបទាំងអស់របស់យើងចំពោះព្រះវរបិតាសួគ៌ ។ អំពើបាបធ្ងន់ធ្ងរ ដូចជាអំពើរំលងខាងផ្លូវភេទ ( រួមមានការប្រើប្រាស់ការណ៍អាសគ្រាម ) គួរតែត្រូវសារភាពដល់ប៊ីស្សព ឬប្រធានសាខាផងដែរ ។
សូមនាំសិស្សទៅកាន់គោលលទ្ធិចុងក្រោយដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
-
តើការលះបង់ចោលអំពើបាបរបស់យើងមានន័យដូចម្ដេច ? ( ដើម្បីងាកចេញពីអំពើបាបទាំងស្រុង ហើយឈប់ធ្វើវាតទៅទៀត ) ។
សូមថ្លែងទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងគោលការណ៍នានានៃការប្រែចិត្ត និងការអភ័យទោសដែលអ្នកបានពិភាក្សា ។ សូមអញ្ជើញសិស្សឲ្យពិចារណាថា តើពួកគេមានអំពើបាបណាដែលពួកគេចាំបាច់ត្រូវប្រែចិត្តឬទេ ហើយលើកទឹកចិត្តពួកគេឲ្យប្រែចិត្តដោយការធ្វើតាសេចក្ដីពិតដែលពួកគេបានរៀន ។
សូមរំឭកសិស្សថា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២-៤៣ គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ពីរបៀបដែលពួកគេកំពុងធ្វើក្នុងកិច្ចខិតខំរបស់ខ្លួនដើម្បីទន្ទេញចាំវា ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦៤)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០-៦៤, អ្នកក៏អាចអញ្ជើញពួកគេឲ្យពិចារណាសំណួរខាងក្រោម ៖ ប្រសិនបើមនុស្សម្នាក់ពុំបានអភ័យទោសឲ្យបុគ្គលម្នាក់ទៀតចំពោះកំហុសដែលគាត់បានធ្វើនោះ តើនរណាគេគឺជាអ្នកមានទោសនៃអំពើបាបខ្លាំងជាងគេ ? សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេឆ្លើយតប នៅពេលពួកគេមានការឈើចាប់ដោយសារសកម្មភាព ឬ ពាក្យសម្តីរបស់បុគ្គលណាម្នាក់ ។ ទោះបីជាមានករណីខុសឆ្គងដ៏ធ្ងន់ធ្ងរក្តី តើយើងតម្រូវឲ្យសុំការអភ័យទោសពីនរណា ? សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ សិស្សនឹងបានរៀនពីអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីបញ្ហានេះ និង របៀបដើម្បីឆ្លើយតបចំពោះការរវាតចិត្តដោយសារតែមនុស្សដទៃ ។