ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២-៥ ( មេរៀន​ទី ២២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២-១០៥ ( មេរៀនទី ២២ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេបនៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និងគោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៤៣-១០១; ១០២-១០៥ ( មេរៀន​ទី ២២ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ៖ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១១០២)

សិស្ស​បាន​សិក្សា​រឿង​ប្រៀបធៀប​បី​ដែល​ព្រះអម្ចាស់​បាន​ប្រើ ​ដើម្បី​បង្រៀន​ពួក​បរិសុទ្ធ​ពី​ព្រះឆន្ទៈ​របស់​ទ្រង់​ទាក់ទង​នឹង​សេចក្តី​ប្រោសលោះ​នៃ​ស៊ីយ៉ូន ។ នៅពេល​ពួកគេ​បាន​សិក្សា នោះ​សិស្ស​បាន​រៀន​គោលការណ៍​ខាង​ក្រោម​នេះ ៖ តាមរយៈ​កិច្ចការនៃ​ព្រះវិហារ​បរិសុទ្ធ ការរស់នៅ​ដោយ​សុចរិត ហើយ​ធ្វើតាម​ព្យាការី នោះ​យើង​ត្រៀម​ខ្លួន​ដើម្បី​ទប់ទល់​នឹង​សេចក្តីវេទនា នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​ត្រូវបាន​ពង្រឹង​ឲ្យ​ទប់ទល់​នឹង​មារសត្រូវ​ខាង​វិញ្ញាណ​ និង ខាង​រូបកាយ នៅពេល​យើង​មកជួបជុំគ្នាដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​ទទួល​បាន​ការការពារ ហើយ​ត្រៀម​ខ្លួន​យើង​សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ព្រះ​បាន​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​យើង អំណាច​ដើម្បី​ជ្រើសរើស ប៉ុន្តែ​យើង​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ជម្រើ​ស​នានារបស់​យើង ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣)

នៅពេល​សិស្ស​បាន​សិក្សា​ការណែនាំ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹងសេចក្តី​ប្រោសលោះ​នៃ​ស៊ីយ៉ូន នោះពួកគេ​បាន​រកឃើញ​ពរជ័យ​ដែល​យើង​ទទួល​នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង លទ្ធផល​ដែល​កើត​ឡើង​នៅពេល​យើង​ពុំ​បាន​គោរព​តាម ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា កូនសិស្ស​របស់​ព្រះ​ព្រះយេស៊ូវគ្រីស្ទ​មាន​ឆន្ទៈ​ថ្វាយ​ជីវិត​របស់​ខ្លួន​ដោយ​ព្រោះ​ព្រះនាម​របស់​ទ្រង់ ហើយ​ថា​អស់​ទាំង​ជ័យ​ជំនះ និង សិរីល្អត្រូវបាន​ធ្វើ​ឲ្យ​សម្រេច​ដល់​យើង​តាមរយៈ​សេចក្តី​ឧស្សាហ៍ សេចក្តីស្មោះត្រង់ និង ពាក្យ​អធិស្ឋាន​ទាំងឡាយ​នៃ​សេចក្តីជំនឿ​របស់​យើង ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤)

ចេញពី​ការណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ​ការរៀបចំ​ឡើង​វិញ​នូវ​សហសមាគម​ ( ជាញឹកញាប់​ត្រូវ​បាន​ហៅ​ថា​ជាសណ្តាប់ធ្នាប់​សមាគម ) នោះ​សិស្ស​បានរៀន​ថា​ព្រះអម្ចាស់​បាន​បង្កើ​ត​ផែនដី​នេះ ហើយ​ថាអ្វីៗ​ទាំងអស់​ដែល​នៅលើ​ផែនដី​នេះ​គឺ​ជា​របស់​ទ្រង់ ។ ពួកគេ​បាន​រកឃើញ​គោលការណ៍​ថា យើង​ត្រូវ​ទទួល​ខុសត្រូវ​ដើម្បី​ប្រើប្រាស់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​ដើម្បី​ជួយ​មនុស្ស​ដទៃ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​អំពីពរជ័យ​នានា​ ដែល​យើង​ទទួល​បាន​ពីការបន្ទាបខ្លួន និង ភាពស្មោះ​ត្រង់ ព្រមទាំង​ការអំពាវ​នាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥)

បន្ទាប់​ពីក្រុម​ជំរំ​ស៊ីយ៉ូន​បាន​ទៅដល់​រដ្ឋ​មិសសួរី នោះ​ព្រះអម្ចាស់​បាន​បើក​សម្តែង​ថា ក្រុង​ស៊ីយ៉ូន​នឹង​ពុំ​ត្រូវបាន​ប្រោសលោះ​នៅពេល​នោះ​ឡើយ ។ ចេញ​ពី​ការណែនាំ​របស់​ព្រះអម្ចាស់ចំពោះ​ពួក​បរិសុទ្ធ នោះ​សិស្ស​បាន​រៀន​នូវ​គោលការណ៍​ខាង​ក្រោម ៖ យើង​ត្រូវតែ​រួបរួមគ្នា ហើយ​គោរព​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះ​ស្នើសុំ ដើម្បី​ឲ្យ​ទីក្រុង​ស៊ីយ៉ូន​ត្រូវបាន​បង្កើត​ឡើង ព្រះ​បាន​រៀបចំ​ពរជ័យ​ដ៏​មហិមា​សម្រាប់​អ្នក​ដែល​ស្មោះត្រង់​ដោយ​ឆ្លងកាត់​ការសាកល្បង​របស់​ពួកគេ ហើយ​ប្រសិន​បើ​យើង​ស្វែងរកបង្កើត​សន្តិភាព​ជាមួយ​មនុស្ស​ដទៃ នោះ​គ្រប់​ការណ៍​ទាំង​អស់​នឹង​ផ្សំគ្នា​សម្រាប់​សេចក្តីល្អ​ដល់​យើង ។ ជាញឹកញាប់ កាលវិភាគ​របស់​ព្រះអម្ចាស់គឺ​ខុស​ពី​កាលវិភាគ​ផ្ទាល់​របស់​យើង ។​

សេចក្តីផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យអនុវត្ត​មេរៀននានា​នៃ​ជំរំស៊ីយ៉ូន​នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៥

ព្រះអម្ចាស់​បើក​សម្ដែង​នូវ​អ្វីៗ​ដែល​ពួក​បរិសុទ្ធ​ត្រូវតែ​ធ្វើ​ ទាក់ទង​នឹង​ឧបសគ្គ​នានា​នៅក្នុងដែនដី​ស៊ីយ៉ូន

ពីមុន​ចាប់ផ្តើម​ថ្នាក់, សូម​ស្វែងរក​ពែង​ក្រដាសមួយ កៅស៊ូកងមួយ និង ខ្សែបី​ចង្វាយ។ រង្វង់​របស់​កៅស៊ូកង​ត្រូវតែ​តូច​ជាង​រង្វង់​របស់​ពែងក្រដាស ។ សូម​ចង​ខ្សែទាំង​នោះ​ជាប់​នឹង​កៅស៊ូ​កងដោយ​ប្រវែង​ស្មើគ្នា ។

រូបភាព
ពែង​ក្រដាស កៅស៊ូកង ខ្សែ

សូម​ចាប់ផ្ដើមមេរៀន​ដោយសូម​អ្នក​ស្ម័គ្រចិត្ត​បី​នាក់ ។ សូម​ដាក់​ពែង​នៅលើ​ផ្ទៃ​រាបស្មើ ហើយ​បង្គាប់​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ​ចាប់លើក​ពែង​ឡើង​ដោយ​ប្រើ​តែ​កៅស៊ូ​កង និង ខ្សែ​នោះ​ប៉ុណ្ណោះ ។ សូម​ប្រាប់​ពួកគេ​ថា​ពួកគេ​ពុំ​អាច​បះ​កៅស៊ូកង​ឡើយ ពួកគេ​ត្រូវតែ​កាន់តែ​ខ្សែ ។ ( ដើម្បី​សម្រេច​កិច្ចការ​នេះ សិស្ស​នឹង​ត្រូវធ្វើការ​ជាមួយ​គ្នា ហើយ​ទាញខ្សែ​រៀងៗ​ខ្លួន​ព្រម​គ្នា ដោយ​ប្រើ​កម្លាំង​ឲ្យ​ស្មើគ្នា ដើម្បីពង្រីក​កៅស៊ូកង​ឲ្យ​ធំ​ល្មមដើម្បី​ដាក់​វា​ជុំវិញពែងនោះ ហើយ​លើក​វា​ឡើង ) ។

បន្ទាប់ពីសិស្ស​បានបំពេញ​សកម្មភាព​នេះ​ហើយ​សូម​សួរសំណួរ​ខាង​ក្រោម ៖

  • តើការរួបរួមគ្នា​ដើរតួ​យ៉ាង​ណា​ខ្លះ​នៅក្នុង​ការសម្រេច​នូវ​កិច្ចការ​នេះ ?

សូម​រំឭក​សិស្ស​ថា អំឡុង​ពេល​ការសិក្សា​របស់​ពួកគេ​កាល​ពី​សប្តាហ៍​មុន នោះ​ពួកគេ​បាន​មាន​ឱកាស​សិក្សា​វិវរណៈ​ពី​ព្រះអម្ចាស់​ទាក់ទង​នឹង​ជំរំស៊ីយ៉ូន និង បេសកកម្ម​របស់​វា​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ដែល​និរទេសនៅ​ក្នុង​ទីក្រុងស៊ីយ៉ូន ។ សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​រក​មើលការរួបរួមគ្នា​ដើរតួនៅក្នុង​ការព្យាយាម​របស់​ពួក​បរិសុទ្ធ ដើម្បី​ទទួល​កម្មសិទ្ធិ​វិញ​នៃ​ដែនដី​ស៊ីយ៉ូន​តាមរយៈ​មេរៀន​ថ្ងៃ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពី​រឿង​នៃ​ជំរំ​ស៊ីយ៉ូន ដោយ​ផ្អែកលើ​អ្វីដែល​ពួកគេ​បាន​អាន​នៅក្នុង​ការសិក្សា​របស់​ពួកគេ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ និង ១០៥។ សំណួរ​ខាង​ក្រោមនេះ​អាច​ត្រូវបានសួរ​ ដើម្បី​ជួយ​សិស្ស​នៅពេល​ពួកគេ​រំឮក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ៖

  • ហេតុអ្វី​ពួក​បរិសុទ្ធ​នៅក្នុង​ទីក្រុង​ស៊ីយ៉ូន ( ​ឃុំចាកសុន រដ្ឋ​មិសសួរី ) ត្រូវការជំនួយ? ( ពួកគេ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពីដែនដី​របស់​ខ្លួនដោយ​ពួក​ជន​កំណាច ) ។

  • តើជំរំស៊ីយ៉ូន​គឺ​ជា​អ្វី ? ( ក្រុមមួយ​ដែល​មាន​បុរសជាង ២០០​នាក់ ស្ត្រី ១២​នាក់ និង កូនក្មេង ៩​នាក់​—បាន​ស្ម័គ្រចិត្ត ហើយជ្រើសរើស—ដឹកនាំ​ដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​បាន​រៀបចំ​ឡើង​តាម​ការគោរព​ចំពោះ​ការណែនាំ​របស់​ព្រះអម្ចាស់ ) ។

  • តើគោលបំណងចម្បង​របស់​ជំរំស៊ីយ៉ូន​គឺ​ជា​អ្វី ? ( នាំ​យក​ធនធាន​ដ៏​ចាំបាច់​នានា​ទៅកាន់​ពួកបរិសុទ្ធ​ដែល​និរទេសនៅ​រដ្ឋ​មិសសួរី ហើយ​ជួយ​ពួកគេ​ក្នុងការទាមទារមកវិញ​នូវ​ដែនដី​របស់​ពួកគេ​នៅក្នុង​ឃុំ​ចាកសុន ) ។

សូម​រំឭក​សិស្ស​ថា​វិវរណៈដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥ ត្រូវបាន​ប្រទាន​ឲ្យ​នៅថ្ងៃ​ទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ បន្ទាប់​ពីក្រុម​ជំរំស៊ីយ៉ូន​កំពុង​ធ្វើ​ដំណើរ​អស់​ជិត​ប្រាំពីរ​សប្តាហ៍ និង បានចម្ងាយ​ប្រមាណ​តែ ១០ ទៅ ២០ ម៉ាយ ( ប្រហែល ១៥–៣០គីឡូម៉ែត្រ ) ពី​ឃុំ​ចាកសុន ។ សូមសួរ​សិស្សប្រសិន​បើ​មាន​នរណា​ម្នាក់​អាច​ប្រាប់​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​ ដែល​បាន​ប្រទាន​ឲ្យ​នៅ​ពេល​នោះ​ដល់​ក្រុម​ជំរំស៊ីយ៉ូន​ទាក់ទង​នឹង​សេចក្តី​ប្រោសលោះ​នៃ​ស៊ីយ៉ូន ។ ( ពួកគេ​ត្រូវ​រង់ចាំ​ជួយ​ពួក​បរិសុទ្ធ​ដែលនិរទេសឲ្យទាមទារយកវិញនូវ​ដែនដី​ស៊ីយ៉ូន​វិញ ។ ប្រសិនបើសិស្សត្រូវការ​ជំនួយ​ពីការចងចាំ​ពី​ព័ត៌មាន​លម្អិត​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៩) សារចុះ​សារឡើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៣-៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រំឭក​ពី​ហេតុផល​មួយ​ចំនួន​ដែលព្រះអម្ចាស់​បាន​ប្រទាននូវ​ការពន្យា​ពេលនៃ​សេចក្តី​ប្រោសលោះ​នៃ​ស៊ីយ៉ូន ។

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទានចំពោះ​ការពុំ​ស្តារ​ឡើងវិញ​ដល់​ពួក​បរិសុទ្ធ​នូវ​ដែនដី និង ផ្ទះ​សម្បែង​របស់​ខ្លួន​នៅក្នុង​ក្រុង​ស៊ីយ៉ូន​នៅពេលនោះ ?

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើងអាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ អំពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន​នោះ ? ( សិស្ស​អាច​ផ្តល់​គោលការណ៍​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​គោលការណ៍​ខាងក្រោម​នេះ ៖ យើង​ត្រូវតែ​រួបរួមគ្នា ហើយ​គោរព​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះ​ស្នើសុំ ដើម្បី​ឲ្យ​ទីក្រុង​ស៊ីយ៉ូន​ត្រូវបាន​ស្ថាបនាឡើង ។ អ្នក​អាច​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ឡើង​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្តាប់​ការពន្យល់​របស់​អែលឌើរ គ្រីស្តូហ្វឺសិន​អំពីអត្ថន័យ​នៃ​ក្រុង​ស៊ីយ៉ូន និង អ្វី​ដែល​ត្រូវតែកើត​ឡើង​ចំពោះ​វា ដើម្បី​វា​ត្រូវបាន​ស្ថាបនា​ឡើង ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ស៊ីយ៉ូន​គឺ​ជាទីតាំង​ផង និង ជា​មនុស្ស​ផង ។…

« ស៊ីយ៉ូន គឺ​ជាក្រុង​ស៊ីយ៉ូន​ដោយសារ​តែ​ចរិត លក្ខណៈ និង ភាព​ស្មោះត្រង់​របស់​ពលរដ្ឋ​នៃ​ក្រុង​នោះ ។ សូម​ចងចាំ​ថា ‹ ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង គំនិត​តែ​មួយ រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ › (ម៉ូសេ ៧:១៨) ។ ប្រសិន​បើ​យើង​នឹង​ស្ថាបនា​ស៊ីយ៉ូន​នៅក្នុងគេហដ្ឋាន​សាខា វួដ និង ស្ដេក​របស់​យើង នោះ​យើងត្រូវ​តែចាប់​យកបទដ្ឋាន​នេះ ។ វា​នឹង​ចាំបាច់ (១) ដើម្បី​មានសាមគ្គីភាព​ក្នុងដួងចិត្ត ហើយ​គំនិត​តែមួយ (២) ដើម្បី​ប្រែក្លាយជា​រាស្ត្រ​ដ៏បរិសុទ្ធ​ទាំង​ជា​បុគ្គល និង ជា​រួមព្រមទាំង (៣) ដើម្បី​មើល​ថែ​ដល់អ្នក​ទ័លក្រ និង ទុគ៌ត ដោយ​មាន​ប្រសិទ្ធភាព​ដូច្នេះ ដើម្បី​យើង​លុបបំបាត់​ភាពក្រីក្រ​នៅក្នុង​ចំណោម​ពួកយើង ។ យើង​ពុំ​អាច​រង់ចាំ​រហូត​ដល់​ក្រុងស៊ីយ៉ូនមកដល់ ដើម្បីមាន​អ្វីៗ​ទាំងនេះ​កើតឡើង​នោះទេ—ក្រុង​ស៊ីយ៉ូន នឹង​មក​ដល់​តែ​ពេល​ដែល​អ្វីៗ​ទាំងនេះ​កើតឡើង​ហើយ​ប៉ុណ្ណោះ » (Come to Zion » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៣៧, ៣៨ ) ។

សូម​គិត​ពី​ការសួរសំណួរ​ខាងក្រោមមួយ​ចំនួន ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​កាន់តែជ្រៅជ្រះអំពី​ក្រុង​ស៊ីយ៉ូន ៖

  • តើស៊ីយ៉ូន​គឺ​ជា​អ្វី ?

  • តើអ្វី​ខ្លះ​ត្រូវតែ​កើត​ឡើង​ដើម្បី​ស្ថាបនាក្រុង​ស៊ីយ៉ូន ?

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជាការរួបរួមគ្នា និង ការគោរពប្រតិបត្តិ ត្រូវបាន​តម្រូវ​ឲ្យ​មាន​ដើម្បី​ឲ្យ​ស៊ីយ៉ូន​ត្រូវបាន​ស្ថាបនា​ឡើង ?

  • យោងតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៣–៥, មនុស្ស​ដែលរួប​រួម​គ្នា​កំពុង​គោរព​តាម​ក្រឹត្យ​វិន័យ​នៃនគរ​នៃ​សិរីល្អ​ណា​មួយ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​សាមគ្គីភាព​នៅក្នុង​គ្រួសារ ថ្នាក់​រៀន​ក្នុង​សាសនាចក្រ ឬ កូរ៉ុម​របស់​អ្នក ? តើ​អ្នក​អាច​លើក​ទឹកចិត្ត​មនុស្ស​ដទៃ​នៅក្នុង​ក្រុម​ទាំង​នេះ​ឲ្យ​រួបរួមគ្នា ហើយ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

  • តើការធ្វើ​នូវ​កិច្ចការ​ទាំងនេះ​ជួយអ្នក និង មនុស្ស​ដទៃឲ្យ​ស្ថាបនា​ស៊ីយ៉ូន​យ៉ាង​ដូចម្តេច ?

  • តើ​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យយល់ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​នៅក្នុង​ក្រុម ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​មួយដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ពង្រឹង​សាមគ្គីភាព​នៅក្នុង​ក្រុមគ្រួសារ ឬ ថ្នាក់​រៀន​ក្នុង​សាសនាចក្រ ឬ កូរ៉ុម​របស់​ពួកគេ ? សូម​ឲ្យ​សិស្ស​ពិភាក្សា​ជាមួយ​ដៃគូ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការមាន​ភាពសាមគ្គី និង​ការគោរព​ប្រតិបត្តិ ពេល​យើង​ព្យាយាម​សម្រេច​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បានរួម​បញ្ចូល​វិវរណៈ​នេះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥ ដោយ​ណែនាំ​ពួក​បរិសុទ្ធ​ពីរបៀបដែលពួកគេ​គប្បីឆ្លើយតបចំពោះ​មារសត្រូវរបស់​ខ្លួន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៣៨-៤១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ជ្រើសរើស​ឃ្លា មួយ​ចេញ​ពី​ខគម្ពីរ​ទាំង​នោះ ដែល​សង្ខេប​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​បរិសុទ្ធឲ្យ​ធ្វើ ក្នុង​ការឆ្លើយតប​នឹងពួក​អ្នក​សង្កត់សង្កិន​ខ្លួន ។ បន្ទាប់មក​សូម​ឲ្យ​សិស្សពន្យល់​ពី​មូលហេតុ​ដែល​ពួកគេបាន​ជ្រើសរើស​ឃ្លា​ទាំង​នោះ ។

  • ដោយ​ផ្អែកទៅលើ​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ តើ​ពរជ័យ​អ្វី​ខ្លះអាច​ត្រូវបាន​ប្រទាន​ឲ្យ​ប្រសិន​បើ​យើង​ព្យាយាម​បង្កើតសន្តិភាព​ជាមួយ​មនុស្ស​ដទៃ​នោះ ? ( សូម​គិត​ពីការអញ្ជើញ​សិស្ស​ឲ្យ​គូស​ពាក្យ ឬ ឃ្លា​នានា​ដែល​បង្រៀននូវ​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ព្យាយាម​បង្កើតសន្តិភាព​ជាមួយ​មនុស្ស​ដទៃ នោះការណ៍​គ្រប់យ៉ាង​នឹង​ផ្សំគ្នា​សម្រាប់​ជា​សេចក្តី​ល្អ​ដល់​យើង) ។

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​ពរជ័យ​អ្វី​ខ្លះ​ដែល​បានទទួល នៅពេល​អ្នក ឬ នរណា​ម្នាក់ដែល​អ្នក​ស្គាល់​ព្យាយាម​ធ្វើ​ជា​អ្នក​ផ្សះផ្សារ​គេ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ព្យាយាម​បង្កើត​សន្តិភាព ​នៅក្នុង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦-១០៨; ១៣៧)

​សូមសួរ​សិស្ស​ប្រសិន​បើពួកគេ​ធ្លាប់ឆ្ងល់​ពី​អ្វី​នឹង​កើតឡើង​ដល់​មនុស្ស​ដែល​ស្លាប់ទៅ ដោយ​ពុំបាន​ជ្រមុជទឹក ឬ ដោយ​ពុំ​បាន​ឮ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ ពួកគេ​នឹងរកឃើញ​ចម្លើយ​ចំពោះ​សំណួរ​នោះ ។ ពួកគេ​ក៏​នឹង​រៀន​ផងដែរ​អំពី​ឈ្មោះ​ដើម​នៃបព្វជិតភាពមិលគីស្សាដែក និង មុខងារ​នៃ​តំណែង​បព្វជិតភាព ។