ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨:១-២២


មេរៀនទី ១០១

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១-២២

សេចក្ដី​ផ្ដើម

នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ មាន​ក្រុម​ប្រជាជន​រដ្ឋ​មិសសួរី​ចំនួន ៤០០ ទៅ ៥០០​នាក់ បាន​ទាមទារ​ថា មិន​ឲ្យ​ពួកបរិសុទ្ធ​ផ្លាស់​ទៅ​រស់​នៅ​ឃុំ ចាកសុន​ទៀត​ទេ ហើយ​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ឃុំ​នោះ​រួច​ហើយ ត្រូវ​តែ​ចាកចេញ ។ មុន​ពេល​ដែល​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី អាច​ឆ្លើយ​តប​បាន ក្រុម​ពួក​មនុស្ស​កំណាច​បាន​ចាប់​ផ្ដើម​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ហើយ​គំរាម​កំហែង​ដល់​អាយុជីវិត​របស់​ពួកគេ ។ នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨ក្នុង​នោះ​គឺ​ជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ពួក​បរិសុទ្ធ អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការ​បៀតបៀន ។ ទោះបី​ជា​ព័ត៌មាន​នៃ​បញ្ហា​មួយ​ចំនួន​ក្នុង​រដ្ឋ មិសសួរី ប្រហែល​ជា​បាន​ឮដល់​ព្យាការី​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ដែល​មាន​ចម្ងាយ​ប្រហែល ១៤៥០ គីឡូម៉ែត្រ ក្ដីក៏​លោក​អាច​យល់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​តាម​រយៈ​វិវរណៈ​ដែរ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ជ្រាប​ពី​ការ​រងទុក្ខ​របស់​ពួក​បរិសុទ្ធ​ក្នុង​រដ្ឋ មិសសួរី និង​រដ្ឋ អូហៃអូ ។ ទ្រង់​បាន​ទូន្មាន​ពួកគេ​ឲ្យ​ធ្វើ​តាម​ច្បាប់​រដ្ឋធម្មនុញ​នៃ​ដែនដី ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១-៣

ព្រះអម្ចាស់ បាន​អះអាង​នឹង​ពួកបរិសុទ្ធ​ក្នុង​ពេល​ពួកគេ​កំពុង​រងទុក្ខ

មុនពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នេះ នៅ​លើក្ដារខៀន ៖ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស គិត​ពី​អារម្មណ៍​ដែល​ពួកគេ​អាចមាន បើ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាពបែបនេះ ។

នៅ​ថ្ងៃ សៅរ៏​ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ មាន​ប្រជាជន​ខឹងសម្បា​ក្នុង​រដ្ឋ មិសសួរី ប្រមាណ​ជា ៤០០ ទៅ ៥០០​នាក់ បាន​ជួបជុំ​គ្នា​នៅ​សាលា​ក្តី​ក្នុង​ក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ។ ពួកគេ​បាន​ជ្រើសរើស​គណៈកម្មការ​មួយ ដើម្បី​ព្រៀងឯកសារ​មួយ​ដែល​សង្ខេប​ពី​ការទាមទារ​ចង់​បាន​របស់​ខ្លួន​ពី​ពួក​មរមន ។ ពួកគេបាន​ទាមទារ​ថា ពុំអនុញ្ញាត​ឲ្យ​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ឃុំចាកសុន​ទៀត​ឡើយ ហើយ​បាន​និយាយ​ថា​អស់​អ្នក​ដែល​កំពុង​រស់នៅ​ទីនោះ​ត្រូវតែ​សច្ចា​ថា​ចាកចេញ​ពីទី​នោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ។ លើសពីនោះ​ទៀត ពួកគេ​បាន​ទាមទារ​សាសនាចក្រ​ឲ្យ​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​កាសែត ។ នៅពេល​ការទាមទារ​នេះ​ត្រូវបាន​ដាក់​បង្ហាញ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​រដ្ឋ​មិសសួរី ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ការភ្ញាក់ផ្អើល ហើយ​បាន​ស្នើសុំ​រយៈពេល​បីខែ​ដើម្បី​ពិចារណា​ពី​សំណើ​នោះ និង ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​នៅក្នុង​រដ្ឋ​អូហៃអូ ។ ក្រុម​ប្រជាពលរដ្ឋ​នៃ​រដ្ឋ​មិសសួរី​បាន​បង្ហាញ​ពី​ការទាមទារ​ដែល​បដិសេធ​នឹង​ការស្នើសុំ​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ ក្រោយមក​ពួកបរិសុទ្ធ​បាន​ស្នើសុំ​រយៈពេល ១០​ថ្ងៃ ប៉ុន្តែ​ពួកគេបាន​អនុញ្ញាត​ឲ្យ​រយៈពេលតែ ១៥​នាទី​ប៉ុណ្ណោះ​ដើម្បី​ឆ្លើយ​តប ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៣២-៣៣ ) ។

សូម​ឲ្យ​សិស្ស​មើល​សំណួរ​នៅ​លើ​ក្ដារខៀន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​មានអារម្មណ៍​យ៉ាង​ណា បើ​អ្នក​ជា​ពួកបរិសុទ្ធ​ម្នាក់​រស់​នៅ​ក្នុង​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី នៅ​ពេល​នោះ ?

បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន​នូវ​ឃ្លា​ដូច​ខាង​ក្រោម​ឲ្យឮៗ ៖

ប្រជាជន​រដ្ឋ មិសសួរី ដែល​ជួបជុំ​គ្នា​នៅ​សាលាក្ដី​ក្នុង​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ បាន​ក្លាយ​ជា​ពួក​មនុស្ស​កំណាច​យ៉ាង​រហ័ស ហើយ​បាន​សម្រេច​ថា​ត្រូវ​កំទេច​ការិយាល័យ​បោះពុម្ព និង​ម៉ាស៊ីន​បោះពុម្ព​ចោល ។ ពួកគេ​បាន​ទំលុះ​ចូល​ការិយាល័យ​បោះពុម្ព បោះ​គ្រឿង​សង្ហារឹម​ចេញ​ទៅ​លើ​ផ្លូវ និង​លើ​សួន​ច្បារ កំទេច​ម៉ាស៊ីនបោះពុម្ពកម្ចាយ​របស់របរ ហើយ​បំផ្លាញ​កិច្ចការ​បោះពុម្ព​ស្ទើ​តែ​ទាំងអស់ រួម​ទាំង​សន្លឹក​គម្ពីរ​នៃ​ព្រះបញ្ញត្តិ​ដែល​មិន​ទាន់​បាន​ផ្គុំ​បញ្ចូល​គ្នា​ទៀងផង ។ បន្ទាប់​មក ក្រុម​ពួក​មនុស្ស​កំណាច​បាន​ទៅ​កំទេច​ហាង​របស់​ហ្គីលប៊ើត និង វីតនី ទៀត ។ ប៉ុន្តែ ស៊ីឌនី ហ្គីលប៊ើត បាន​ជួប​ពួក​មនុស្ស​កំណាច​មុន​ពេល​ពួកគេ​អាច​ចាប់ផ្ដើម​សកម្មភាព ហើយ​បាន​សន្យា​ថា​គាត់​នឹង​រើ​ឥវ៉ាន់​ចេញ​ក្នុង​រយៈពេលបីថ្ងៃ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៣៣ ) ។

សូមឲ្យសិស្សចែកចាយចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នៅលើ​ក្ដារខៀន ដែល​ទាក់ទង​ទៅ​នឹង​រឿង​នេះ ។ ក្រោយពី​សិស្ស​បាន​ចែកចាយ​គំនិត​របស់ពួកគេ​ហើយ សូម​ឲ្យ​សិស្ស​ទី​បី​អាន​ឃ្លា​ខាង​ក្រោម​នេះ ៖

បី​ថ្ងៃ​ក្រោយ​មក នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ក្រុម​ពួកមនុស្ស​កំណាច​បាន​មក​ឃុំ ចាកសុន រដ្ឋ មិសសួរី ម្ដង​ទៀត ម្ដងនេះ​ពួកគេ​មានកាន់​កាំភ្លើង​វែង កាំភ្លើង​ខ្លី ខ្សែតី និង​ដំបង ។ ពួកគេ​បាន​ដុត​ភ្នក់​ចំបើង និង​ស្រែ ហើយ​បាន​កំទេច​ផ្ទះ ជង្រុក​ស្រូវ និង​កន្លែង​រកស៊ី​មួយ​ចំនួន ។ ចុងក្រោយ​ពួកគេ​បាន​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​ប្រាំមួយ​នាក់ ដែល​ឃើញ​ថា​ទ្រព្យសម្បត្តិ និង​ជីវិត​របស់​ពួកបរិសុទ្ធ​កំពុង​ស្ថិត​ក្នុង​ភាព​អន្តរាយ ហើយ​បាន​ស្នើ​ដាក់​ជីវិត​របស់​ពួកគេ​ជា​ការ​លោះ​វិញ ។ ពួកគេ​បាន​បដិសេធ​ការ​ស្នើសុំ​នោះ ហើយ​ពួកអ្នក​ដឹកនាំ​ក្រុម​មនុស្ស​កំណាច​បាន​គំរាម​គំហែងថា​ត្រូវ​វាយ បុរស ស្រ្តី និង​កុមារ​រហូត​ដល់​ពួកគេ​ព្រម​ចេញ​ពី​ភូមិ​នោះ ។ ដោយ​ស្ថិត​នៅ​ក្រោម​សំពាធ បងប្អូន​ប្រុស​បាន​ចុះហត្ថលេខា​លើ​ការ​ព្រមព្រៀង​ចាកចេញ​ពី​ឃុំ ចាកសុន ។ សមាជិក​សាសនាចក្រ​ពាក់កណ្ដាល និង​ថ្នាក់​អ្នក​ដឹកនាំស្ទើរតែ​ទាំងអស់ នឹង​ចាកចេញ​នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៨៣៤ ហើយ​អ្នក​ដែល​នៅ​សល់​នឹង​ចាកចេញនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ១៨៣៤ ។ ក្រុម​ពួក​មនុស្ស​កំណាច​អនុញ្ញាត​ឲ្យ យ៉ូហាន ខូរីល និង ស៊ីឌនី ហ្គីលប៊ើត នៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​ពួក​បរិសុទ្ធ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៣៤ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​អ្វី​ដែល​បានបំផុស​ដល់​វិវរណៈ​នេះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពី​ចម្លើយ​របស់​ពួកគេ ។

  • ស្រប​ទៅ​តាម​សេចក្ដី​ណែនាំ​អំពី​កណ្ឌ តើ​អ្វី​ទៅ​ដែល​គួរ​ឲ្យ​កត់សម្គាល់​ពី ពេលវេលា​នៃ​វិវរណៈ​នេះ ?

សូម​ពន្យល់ថា ពួក​បរិសុទ្ធ​នៅ​ក្នុង​រដ្ឋ អូហៃអូ ក៏​បាន​ជួប​ប្រទះ​ការ​បៀតបៀន​ក្នុង​ពេល​នេះផង​ដែរ ។ គោលការណ៍​នៅ​ក្នុង​វិវរណៈ​នេះ បាន​អនុវត្ត​ចំពោះ​ពួកគេ ហើយ​វា​ក៏​អាច​អនុវត្ត​ចំពោះ​យើង​ដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១-២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​ការ​ប្រឹក្សា ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ពួក​បរិសុទ្ធ ។ ( វា​អាច​មាន​ប្រយោជន៍ ដើម្បី​ពន្យល់​ថា សាបោត, នៅ​ក្នុង ខ ២, គឺ​ជា​ពាក្យ​ក្នុង​ភាសា​ហេព្រើរ ដែល​មាន​ន័យ​ថា « អ្នក​មើលថែ » ឬ « កងទ័ព » ។ វា​ត្រូវ​បាន​ប្រើ​នៅ​ទីនេះ ដើម្បី​បញ្ជាក់​ថា​ព្រះអម្ចាស់​ត្រួតត្រា​ការពារ​ពួកពល​ទេវតា ឬ អ្នក​មើល​ថែ និង​កងទ័ព​អ៊ីស្រាអែល ឬ​ពួកបរិសុទ្ធ ។ [ សូមមើល Bible Dictionary, « Sabaoth » ] ) ។

  • តើព្រះអម្ចាស់​បានប្រទាន​ព្រះឱវាទ​អ្វី​ខ្លះដល់ពួកបរិសុទ្ធ ? ( សូមសរសេរចម្លើយរបស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​ថ្លែង​អំណរគុណ​អំឡុង​គ្រា​ដ៏​លំបាក​នេះ ?

  • តើ​អ្នក​គិត​ថាដោយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់ មាន​ន័យ​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​ស្ដាប់​រក​អត្ថន័យ​នៃ​ឃ្លា ដោយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់ ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« អញ្ចឹង​តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី​រង់ចាំ​ព្រះអម្ចាស់​នោះ ? នៅក្នុង​ព្រះគម្ពីរ​ពាក្យ រង់ចាំ មានន័យ​ថា សង្ឃឹម ចូលរួម និង ទុកចិត្ត ។ សង្ឃឹម និង ទុក​ចិត្តលើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​សេចក្តីជំនឿ ការអត់ធ្មត់ ការបន្ទាបខ្លួន ភាពស្លូតបូត ការអត់ទ្រាំ រក្សា​ព្រះបញ្ញត្តិ ហើយ​កាន់ខ្ជាប់ដរាបដល់ចុងបំផុត » (« Waiting upon the Lord: Thy Will Be Done » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧២ ) ។

  • ហេតុអ្វី​បាន​ជា​ព្រះឱវាទ​ដើម្បី​អត់ឱន​រង់ចាំ​ព្រះអម្ចាស់​មាន​សារៈសំខាន់ចំពោះ​ពួក​បរិសុទ្ធ​នៅក្នុង​រដ្ឋ​មិសសួរី ?

  • តើ​ពាក្យ​លួងលោម​ចិត្ត ដែល​អ្នក​ឃើញនៅក្នុង ខ ២មានអ្វី​ខ្លះ ?

សូម​សរសេរ​ឃ្លា​ដែល​មិន​ពេញលេញ​ខាងក្រោម​នេះ នៅលើ​ក្ដារខៀន ៖ បើ​យើង​ថ្លែង​អំណរគុណ​ក្នុង​គ្រប់​ការណ៍ទាំងអស់ ហើយ​រង់ចាំ​ដោយ​អត់ធ្មត់​លើ​ព្រះអម្ចាស់ នោះ …

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:៣ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើលពី​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា​ចំពោះ​ពួក​បរិសុទ្ធ ប្រសិន​បើ​ពួកគេ​គោរព​តាមព្រះឱវាទ​របស់​ទ្រង់ ។

  • តើអ្នក​នឹង​បំពេញ​គោលការណ៍​នៅ​លើក្ដារខៀន ដោយ​ផ្អែក​ទៅលើ ខ ៣យ៉ាង​ដូចម្ដេច ? ( នៅខាង​ក្រោមនេះ គឺ​ជា​វិធីមួយដែល​សិស្ស​អាច​បំពេញនូវ​គោលការណ៍នោះ ៖ បើ​យើង​ថ្លែង​អំណរ​គុណ​ក្នុង​គ្រប់​ការណ៍ទាំងអស់ នោះព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​ការ​រងទុក្ខ​របស់​យើង ធ្វើ​ការ​រួមគ្នា​សម្រាប់​ការណ៍​ល្អ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ជា​អ្នក​ដែល​រង់ចាំ​ព្រះអម្ចាស់​ដោយ​ការ​អត់ធ្មត់​ លើ​ព្រះអម្ចាស់​ក្នុងគ្រា​លំបាក ហើយ​បាន​រកឃើញ​ហេតុផល​មួយ ដើម្បីមានអំណរគុណ ។

  • តើការរងទុក្ខ នាំ​មកនូវសេចក្ដី​ល្អក្នុងជីវិត​របស់​បុគ្គល​នោះ​តាម​វិធី​ណា​ខ្លះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៤-១០

ព្រះអម្ចាស់​ទូន្មាន​ពួកបរិសុទ្ធ ឲ្យគាំទ្រ​ក្រឹត្យវិ​ន័យ​របស់​ដែនដី

សូម​ពន្យល់​ថា បន្ថែម​ពីលើ​ការ​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​រង់ចាំ​ដោយ​អត់ធ្មត់ នោះព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ទ្រង់ ( សូមមើល គ. និង ស. ៩៨:៤ ) ហើយ​មាន​បន្ទូល​ថា​ពួកគេ​ត្រូវ​បាន​រាប់​ថា​សុចរិត « ក្នុងការ​គាំទ្រ​ក្រឹត្យវិន័យ​នោះ ដែល​ជា​ក្រឹត្យវិន័យ​ត្រឹមត្រូវនៃ​ដែនដី » ( គ. និង ស. ៩៨:៦ ) ទ្រង់​បាន​ពន្យល់​ថា ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ដែនដី​គាំទ្រ « គោលការណ៍​នៃ​សេរីភាព​នោះ ក្នុងការ​ទ្រទ្រង់​សិទ្ធិ និង​ឯកសិទ្ធិ​ទាំងឡាយ » នោះ​គឺ​សម្រាប់​« មនុស្ស​ទាំងអស់ » ( គ. និង ស. ៩៨:៥ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:៩-១០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអម្ចាស់​បានមាន​បន្ទូលអំពី ពួកអ្នក​ដឹកនាំ​រដ្ឋាភិបាល ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពី​ការ​រកឃើញ​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១១-១៨

ព្រះអម្ចាស់​ណែនាំ​ពួក​បរិសុទ្ធ ឲ្យ​រក្សា​សេចក្ដី​សញ្ញា ទោះ​ជានៅ​ក្នុងគ្រា​លំបាក​ក្ដី

សូម​ឲ្យ​សិស្ស​ពិចារណាពី​សំណួរ​ខាងក្រោម ៖

  • តើ​រង្វាន់​អ្វី​ដែល​កើត​មាន​ចំពោះ​អ្នក​ដែល​ដាក់​ជីវិត​ខ្លួន សម្រាប់​បុព្វហេតុ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះនាម​របស់​ទ្រង់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១១-១៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ចម្លើយ​ចំពោះ​សំណួរ​នោះ និង​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ដល់​ពួកបរិសុទ្ធ​អំពី​ការ​សាកល្បង និង​ការពិសោធន៏ ។

  • តើ​ ព្រះអម្ចាស់​បានប្រទានបទបញ្ញត្តិ អ្វី​ខ្លះ​ដល់​ពួកបរិសុទ្ធ ? ( សូម​មើល គ. និង ស. ៩៨:១១-១២ ) ។

  • យោង​ទៅ​តាម ខ ១៣–១៥, តើ​ហេតុផល​អ្វី​ដែល​ព្រះអម្ចាស់​ត្រូវ​សាកល្បង​យើង ? ( បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ នៅ​លើ​ក្ដារខៀន ៖ ព្រះអម្ចាស់​សាកល្បង​យើង ដើម្បី​ឃើញ​ថា​តើ​យើង​រក្សា​សេចក្ដី សញ្ញា​របស់​យើង​បាន​ឬទេ ទោះ​បី​វា​ពិបាក​ធ្វើ​ក៏ដោយ) ។

  • តើ​ហេតុអ្វី​បាន​ជា​វា​អាច​មាន​សារៈសំខាន់ សម្រាប់​ពួក​បរិសុទ្ធ​ដែល​រស់​នៅ​រដ្ឋ មិសសួរី ក្នុង​ឆ្នាំ ១៨៣៣ ក្នុង​ការ​ដឹង​ការ​ពិត​នេះ ? តើ​ហេតុអ្វី​បាន​ជា​ការ​ពិត​នេះ មាន​សារៈសំខាន់​សម្រាប់​ឲ្យ​យើង​ចងចាំ​នៅ​សព្វថ្ងៃ​នេះ ?

សូម​ឲ្យ​សិស្ស​គិតអំពី​នរណា​ម្នាក់ដែល​ពួកគេ​ស្គាល់ ដែល​ជា​គំរូ​ល្អ​នៃ​ការ​រក្សា​សេចក្ដី​សញ្ញា​ក្នុង​គ្រា​លំបាកនានា ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។

សូម​សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​នៅ​តែ​រឹងមាំ និង​រក្សា​សេចក្ដី​សញ្ញា​ពួកគេ ទោះ​ជា​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​វា​ក្ដី ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:16-18 ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាប់​បង្គាប់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពី​ការ​រកឃើញ​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១៩-២២

ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ពួកបរិសុទ្ធ​នៅ​ទីក្រុង ខឺត​ឡង់ ឲ្យ​ប្រែចិត្ត

សូម​ពន្យល់​ថា ក្នុង​ពេល​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នេះ ពួកបរិសុទ្ធ​ក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ក៏​បាន​ជួបប្រទះ​នឹង​ការ​លំបាកនានា​ផង​ដែរ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១៩–២២, យើង​បាន​អាន​សារលិខិត​របស់​ព្រះអម្ចាស់​សម្រាប់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១៩-២២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ពួកបរិសុទ្ធ​ក្នុង​ទីក្រុង​ខឺតឡង់ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អំពី​ពួកបរិសុទ្ធ​ក្នុង​ទីក្រុង​ខឺតឡង់ ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​ទ្រង់​បានប្រាប់​ដល់​ពួក​បរិសុទ្ធ​នៅ​ក្នុង​រដ្ឋ មិសសួរី យ៉ាងដូម្តេច ? ( សូមមើល គ. និង ស. ៩៨:១១ ) ។

  • តើ​សារលិខិត​របស់ព្រះអម្ចាស់ នៅក្នុង ខ ១១ អាចអនុវត្ត​ចំពោះ​យើងរបៀបណា ? ( សូម​ជួយសិស្ស​ឲ្យយល់​ថា ការ​« កាន់ខ្ជាប់ » ខាង​សេចក្ដី​ល្អ គឺ​ជា​ការ​ប្ដេជ្ញា​ដោយ​មិន​ងាករេ ) ។

សូម​បញ្ចប់​ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​គោលការណ៍​ទាំងឡាយ​ដែល​យើង​បានពិភាក្សា​នៅ​ថ្ងៃ​នេះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​លះបង់​ចោល​នូវ​អំពើបាប​របស់ពួកគេ ហើយ​កាន់ខ្ជាប់​ខាង​សេចក្ដី​ល្អ​វិញ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ៩៨ ។ មូលហេតុ​នៃ​ការ​រងទុក្ខ​ក្នុង​ឃុំ ចាកសុន

« ប្រជាជន​ចាស់​រស់​នៅ​ក្នុង​តំបន់​នោះ មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ចំនួន​សមាជិក​សាសនាចក្រ​ក្នុង​ឃុំ ចាកសុន កើន​ឡើង​យ៉ាង​រហ័ស ។ មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យខ្លាច​ថា មិនយូរ​មិន​ឆាប់​ពួកគេ​នឹង​មាន​ចំនួន​តិច​ជាង​ក្រុម​ជឿ​សាសនា​ដែល​យាត្រា​មក​ពី​ភាគ​ខាង​កើត ។ ‹ ប្រជាជន​ចាស់ › មាន​ប្រវត្តិ​ខុស​ពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ចូល​មក ហើយ​វា​ជា​រឿង​ធម្មតា​ដែល​វប្បធម៌ នយោបាយ សាសនា និង​សេដ្ឋកិច្ច មាន​សណ្ឋាន​ខុសគ្នា​នោះ ។

« ប្រជាជន​រស់​នៅ​ក្នុង​ឃុំ ចាកសុន ជា​ក្រុម​គ្រោតគ្រាត ហើយ​យង់ឃ្នង ពួកគេ​មក​ពី​តំបន់​ភ្នំ​នៃ​រដ្ឋ​ភាគ​ខាង​ត្បូង​រហូត​ដល់​ចុង​ខាង​លិច​នៃ​សហរដ្ឋ ដើម្បី​ស្វែងរក​សេរីភាព​ពី​ការ​គាបសង្កត់​នៃ​សង្គម ។ ពួកគេ​ភាគច្រើន មិន​បាន​រៀនសូត្រ ហើយ​ខ្វះ​ការ​រីកចម្រើន​ខាង​វប្បធម៌ ហើយ​រឿងនេះ​កើត​មាន​ភាគច្រើន​នៅ នូវ អ៊ីងលែន និង​នៅ​ភាគ​ខាង​កើត ។ ពួកគេ​ភាគ​ច្រើន​ចូលចិត្ត​ប្រើ​ពាក្យ​ប្រមាថ មិន​គោរព​ថ្ងៃ​ឈប់សម្រាក ជាអ្នកប្រណាំងសេះ បាញ់​សត្វ ខ្ជិលច្រអូស ប្រមឹក លេង​ល្បែងភ្នាល់ និង​ប្រើ​អំពើ​ហឹង្សា ។…

« ប្រជាជន​ចាស់ មើល​ឃើញ​ថា​ការ​កើន​ឡើង​នៃ​ចំនួន​ពួកបរិសុទ្ធ គឺ​ជា​ការ​គំរាម​កំហែង​ខាង​នយោបាយ ទោះ​ជា​សមាជិក​សាសនាចក្រ​គ្មាន​តំណែង​ក្នុង​រដ្ឋាភិបាល ឬ​បោះឆ្នោត​ជា​ក្រុម​ក្នុង​ពេល​ដែល​ពួកគេ​ស្នាក់​នៅ​ឃុំ ចាកសុន ក្នុង​រយៈពេល​ខ្លី​នោះ​ក៏ដោយ ។ នៅ​ខែ កក្កដា ឆ្នាំ ១៨៣៣ ចំនួន​ប្រជាជន​មរមន​នៅ​ក្នុង​ភូមិ​នោះ​កើន​ឡើង​ជិត​ដល់​មួយ​ពាន់ពីររយ​នាក់ ហើយ​មក​ជា​បន្ត​បន្ទាប់​រាល់​ខែ ។ សមាជិក​មួយ​ចំនួន​អួតអាង​ថា មាន​ច្រើន​ពាន់​នាក់​ទៀត​មក​រស់​នៅ​ក្នុង​ភូមិនេះ ។… ប្រជាជន​ក្នុង​តំបន់​នោះ យល់​ឃើញ​តាំង​ពីដំបូង លើ​ទស្សនៈ​វិស័យ​ខាង​សាសនាថា ការព្យាករ​ថា​ពួក ‹ សាសន៍ដទៃ › (ដែល​មិនមែន​ជា​ពួក​មរមន ) នឹង​ត្រូវ​កាត់​ចេញ​ពេល​ដែល​នគរ​សហស្សវត្សរ៍​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឃុំ ចាកសុន ។

« អ្នក​បង្រៀន​និកាយ​ប្រូតេស្ដង់ ក៏​មិន​ពេញចិត្ត​និង​ការ​មកដល់​របស់​ពួក​មរមន​ក្នុង​ភូមិ​នោះ​ដែរ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវ​បាន​ដាក់​ងារ​ថា​ជា​ពួក​ងប់ងុល និង​ជា​ពួក​ឆបោក ហើយ​ត្រូវ​បាន​ថ្កោល​ទោស​ថា​ជា​ពួក​ឆាប់ជឿ​ការ​បោក​បញ្ឆោត និង​ជា​ពួក​ល្ងង់ខ្លៅ ព្រោះថា​ពួកគេ​ជឿ ហើយថា​បានឃើញ​អព្ភូតហេតុ ការព្យាករណ៍ ការ​ព្យាបាល វិវរណៈ និង​ការ​និយាយ​តែមាត់ ជា​ញឹកញាប់ ។ ការ​ច្រណែន និង​ការ​ភ័យខ្លាច​បាត់បង់​សមាជិក​របស់​ពួកគេ បាន​បន្ថែមឲ្យ​មាន​បដិបក្ខ​និយម​ក្នុង​ចំណោម​អ្នក​ដឹកនាំ ។…

« លើស​ពី​នេះ​ទៀត ពួក​ឈ្មួញ និង​អ្នក​ជំនួញ​មរមន​បាន​ដណ្ដើម​យក​ប្រាក់​កម្រៃ​មួយ​ផ្នែក​ពី​ពាណិជ្ជកម្ម សាន់តា ហ្វេ ទ្រែល ដែល​ពីមុន​ត្រូវ​បាន​ត្រួតត្រា​ភាគច្រើន​ដោយ​ប្រជាជន​រដ្ឋ មិសសួរី ។ ប្រជាជន​ចាស់​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច​ថា សមាជិក​សាសនាចក្រ​មាន​បំណង​ចង់​ដណ្ដើម​យក​ដី និង​ជំនួញ​របស់​ពួកគេ ។ លើស​ពីនេះ​ទៀត ពួកបរិសុទ្ធ​មិន​ទិញ​ទំនិញ​ពី​ឈ្មួញ​ក្នុង​តំបន់​ទេ ព្រោះ​ពួកគេ​គ្មាន​ប្រាក់ ប៉ុន្តែ​ដូរ​ទំនិញ​គ្នា​ទៅវិញ​ទៅមក​នៅ​ឯ​ឃ្លាំង​របស់​សាសនាចក្រ ។… ប្រជាជន​ចាស់​មួយ​ចំនួន បាន​លក់​ដីធ្លី​ឲ្យ​ពួក​មរមន ហើយ​បាន​ផ្លាស់​ទៅ​រស់​នៅ​ឆ្ងាយ ។ វា​បាន​ន័យ​ថា មាន​អតិថិជន​តិចទៅៗ នៅ​ក្នុង​ហាង នោះ​ប្រជាជន​ចាស់​ដែល​នៅ​សល់ នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ​នា​ពេល​អនាគត [ T. Edgar Lyon « Independence, Missouri, and the Mormons, ១៨២៧–១៨៣៣ » BYU Studies, autumn ១៩៧២,ទំព័រ ១៧–១៨ ] ។

« បន្ថែម​ពី​លើ​រឿង​ស្មុគស្មាញ​នោះ នៅ​និទាឃរដូវ​ក្នុង​ឆ្នាំ ១៨៣៣ មាន​ទឹកជំនន់​នៅ​រដ្ឋ មិសសួរី វា​បាន​បំផ្លិចបំផ្លាញ​ដី​នៅ​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ ហើយ​បាន​បង្វែរ​ផ្លូវ​ទឹកហូរ​ចេញ​ឆ្ងាយ​ពី​សហគមនម៍ ។ ទីក្រុង​ថ្មី​មួយ គឺ​ទីក្រុង វែសផត ដែល​មាន​ទីតាំង​ល្អ​ជាង​បាន​បង្កើត​ឡើង​តាម​បណ្ដោយ​ទន្លេ ហើយ​ជំនួញ​នៅ​ក្នុង​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ ត្រូវ​បាន​បដិសេធ ។ សហគ្រិន​នៅ​ក្នុង​ទីក្រុង អ៊ិនឌីប៉ែនដែនស៍ បាន​បន្ទោស​ពួក​មរមន​សម្រាប់​ស្ថានភាព​នេះ ។ ដោយ​មើល​ឃើញ​ជាមុន​ពី​អនាគត​ថានឹង​ទៅ​ជា​យ៉ាងណា នោះប្រជាជន​ចាស់​មួយ​ចំនួន​ចង់​លក់​ដីធ្លី​ឲ្យ​ពួក​បរិសុទ្ធ ។ សមាជិក​សាសនាចក្រ​ចង់​ទិញ​ចំការ និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត ប៉ុន្តែ​ពុំ​មាន​ដើម​ទុន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដូច្នោះ​ទេ ។ វា​បាន​ធ្វើ​ឲ្យ​ប្រជាជន​រដ្ឋ មិសសួរី មាន​ការ​ក្ដៅក្រហាយ ហើយ​ពួកគេ​បាន​ផ្សាយ​ពាក្យចចាម​អារ៉ាម​ថា​ពួក​មរមន​ក្រតោកយ៉ាក​ដល់​កម្រិត​ណា ។

« អ្នក​រស់​នៅ​ព្រំប្រទល់​រដ្ឋ មិសសួរី ខ្លាច ហើយ​ស្អប់​ពួក​ឥណ្ឌា ។ ការ​ស្អប់ខ្ពើម​របស់​ពួកគេ​កើន​ឡើង​ក្នុង​ឆ្នាំ ១៨៣០ ពេល​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ឲ្យ​ពួក​កុលសម្ព័ន​មក​ពី​ភាគ​ខាងកើត​រស់​នៅ​លើ​ដី​ដែល​នៅ​ឈាងខាងលិចនៃទីក្រុង អ៊ិនឌីប៉ែនដែនស៍ ។ បន្ទាប់ពីសង្គ្រាមដែលដឹកនាំ​ដោយ ប្លេក ហក នៅឆ្នាំ ១៨៣២ ប្រជាជននៅ​ភាគ​ខាងលិច​នៃ​រដ្ឋ មិសសួរី បាន​ទាមទារ​ឲ្យ​សភា​បង្កើត​ប៉ុស្ដិ៍​ទាហាន ដើម្បី​ការពារ​ពួកគេ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មរមន​ដំបូង​បំផុត បាន​លូកដៃ​ចូល​ក្នុង​ស្ថានភាព​តានតឹង​នេះ ដោយ​ប្រកាសអំពី​ទំនាញនៃ​ជោគវាសនា​របស់​ប្រជាជន​អាមេរិក​ដើម ។ ប្រជាជន​ចាស់​ភ័យ​ខ្លាច​ថា ពួកបរិសុទ្ធ​នឹង​ប្រើ​ពួក​ឥណ្ឌា​មក​ជួយ​ពួកគេ​ដណ្ដើម​យក​តំបន់ សម្រាប់​ទីក្រុង​យេរូសាឡឹមថ្មី​របស់​ពួកគេ ។ បញ្ហា​កាន់​តែ​ស្មុគស្មាញ​ទៅៗ ដោយសារ​អ្នក​បង្រៀន​និកាយ​ប្រូតេស្ដង់​ដែល​ច្រណែន​នឹង​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ផ្សព្វផ្សាយ​ដល់​ពួក​ឥណ្ឌា ។

« ជម្លោះ​រវាង​ពួកបរិសុទ្ធ និង​ប្រជាជន​ចាស់ បាន​ផ្ទុះ​ឡើង​ដោយសារ​បញ្ហា​ទាសករ ។ រដ្ឋ មិសសួរី បាន​ចូល​ក្នុង​សហភាព​ជា​រដ្ឋ​ទាសករ ក្រោម​កិច្ច​ព្រមព្រៀង​ដ៏ល្បី ក្នុង​ឆ្នាំ ១៨២០ ។ ប៉ុន្តែ ការ​ត្រួតត្រា​ទាសករ​គឺ​នៅមាន​កម្រិត ។ ទោះ​ជា​មាន​ការ​បញ្ឈប់​ទាសករ​ក្ដី ក៏​ប្រជាជន​នៅតែ​ប្រកាន់​សិទ្ធិ​ត្រួតត្រា​ទាសករ​ដែរ ។ ពួកបរិសុទ្ធ​មួយ​ចំនួន បាន​នាំយក​អារម្មណ៍​លុបបំបាត់​ទាសករ​មក​ពី​ភាគខាងជើង និង​ភាគ​ខាងកើត ហើយ​ពេលនោះ ពេញ​ទាំង​ភាគ​ខាង​ត្បូង​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច​នឹង​ការ​រើបម្រះ​របស់​ពួក​ស្បែកខ្មៅ​ផង ។ ក្នុង​ឆ្នាំ ១៨៣១ ការបះបោរ​របស់​ពួក​ទាសករ​ដែល​ដឹកនាំ​ដោយ ណាត ធឺនន័រ ក្នុង​រដ្ឋ វើរជីញ៉ា បាន​នាំ​មកនូវ​ការ​ស្លាប់​ជនជាតិ​ស្បែកស​ចំនួន​ជាង​ចិតសិបនាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​មួយរយ​នាក់ ។ ការ​ភ័យ​ខ្លាច​មិន​សមហេតុផល​នៃ​ការ​បះបោរ បាន​គ្រប​ដណ្ដប់​លើ​រដ្ឋ​ដែល​មាន​ទាសករ ។ ដូច្នេះ ហើយ​ប្រជាជន​រដ្ឋ មិសសួរី មាន​ការ​ច្រួលច្របល់​ជា​ខ្លាំង​នៅ​ដើម​ឆ្នាំ ១៨៣២ ដោយសារ​ពាក្យ​ចចាមអារ៉ាម​ថា ពួកបរិសុទ្ធ​ព្យាយាម​បញ្ចុះបញ្ចូល ពួក​ទាសករ​ឲ្យ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន ឬ​រត់​គេច ។

« ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​អាចាម​អារ៉ាម​ស្ងាត់ទៅវិញ​នៅ​ខែ​កក្កដា ឆ្នាំ ១៨៣៣ ក្រុម​ហ៊ុន​កាសែត Evening and Morning Star បាន​បោះពុម្ព​អត្ថបទ​មួយណែនាំ​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ប្រយ័ត្ន​កុំ​ផ្សព្វផ្សាយ​ដល់​ពួក​ទាសករ និង​ដល់​ពួក​ដែល​ធ្លាប់​ជា​ទាសករ ដែល​បានស្គាល់​ថា ‹ សេរីភាព​មិន​ប្រចាំ​ពណ៌​សម្បុរ › ។ ជា​អកុសល ប្រជាជន​រដ្ឋ មិសសួរី យល់​ច្រឡំ​ការ​ទូន្មាន​នេះ​ថា បងប្រុស ហ្វែប្ស បាន​អញ្ជើញ​ជនជាតិ​ស្បែកខ្មៅ​ដែល​មាន​សេរីភាព​ឲ្យ​ចូលរួម​ជាមួយ​ពួក​មរមន​ក្នុង​ឃុំ ចាកសុន ។ អត្ថបទ​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ខឹងសម្បារ ដែល​បណ្តាល​ឲ្យ ហ្វែប្ស ចុះផ្សាយ​អត្ថបទ ‹ មួយទៀត › ពន្យល់​ថា​សាសនាចក្រ​គ្មាន​បំណង​អញ្ជើញ​ជនជាតិស្បែកខ្មៅ​ដែល​មាន​សេរីភាព​មក​រដ្ឋ មិសសួរី ឡើយ ប៉ុន្តែ​ការ​បដិសេធ​របស់​គាត់​គ្មាន​ប្រយោជន៍​ទេ » ( Church History in the Fulness of Times Student Manual, បោះពុម្ពជាលើក​ទី ២ [Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ១៣០-៣២ ) ។