មេរៀនទី ១២០
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២
បុព្វកថា
នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ សម្រាប់ ថូម៉ាស ប៊ី ម៉ាស្ស ដែលក្រោយមកគឺជាប្រធាន កូរ៉ុម នៃពួកសាវកទាំងដប់ពីរនាក់ ។ ក្នុងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ព្រះអម្ចាស់បានប្រទានការទូន្មានទាក់ទងនឹងទំនួលខុសត្រូវនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១-១៣
ព្រះអម្ចាស់ប្រទានការទូន្មាន និងសន្យាថាប្រទានពរជ័យដល់ ថូម៉ាស ប៊ី ម៉ាស
សូមសរសេរពាក្យដូចខាងក្រោមនៅលើក្ដារខៀន ៖ ខឹង ខកចិត្ត អាក់អន់ចិត្ត ច្រណែន ។ សូមអញ្ជើញសិស្សឲ្យគិតអំពីពេល ដែលពួកគេអាចមានបទពិសោធន៍ទទួលអារម្មណ៍ទាំងនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកស្ថានភាពដែល ថូម៉ាស ប៊ី ម៉ាស បានជួបប្រទះដែលបាននាំលោកឲ្យទទួលបទពិសោធន៍នៃអារម្មណ៍ទាំងនោះ ដែលបានសរសេរនៅលើក្ដារខៀន ។
មិនយូរប៉ុន្មានបន្ទាប់ពី ថូម៉ាស ប៊ី ម៉ាស ត្រូវបានហៅជាសាវកក្នុងឆ្នាំ ១៨៣៥ លោកត្រូវបានតែងតាំជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅនិទាឃរដូវឆ្នាំ ១៨៣៧ ប្រធាន ម៉ាស បានដឹងថាមានសាវកម្នាក់ក្នុងចំណោមសាវកដប់ពីរនាក់ គឺអែលឌើរ បាលី ភី ប្រាត្ត បានរៀបចំចេញបេសកកម្មទៅប្រទេសអង់គ្លេសដោយគ្មានការដឹកនាំពីប្រធាន ម៉ាស ។ ប្រធាន ម៉ាស ដែលពេលនោះនៅរដ្ឋ មិសសួរី បានសរសេរទៅអែលឌើរ ប្រាត្ត និងសមាជិកដទៃនៃពួកដប់ពីរនាក់ ហើយបានអញ្ជើញពួកគេមកជួបលោកនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៣៧ ដូច្នេះពួកគេអាចរួបរួមតែមួយក្នុងការរៀបចំសម្រាប់បេសកកម្ម ។ ប៉ុន្តែ មួយខែមុនការប្រជុំនោះកើតឡើង សមាជិកនៃពួកសាវកពីរនាក់ទៀតគឺ អែលឌើរ ហ៊ីប៊ឺ ស៊ី ឃឹមបឹល និងអួរសុន ហៃឌ បានចាកចេញទៅប្រទេស អង់គ្លេសបន្ទាប់ពីបានទទួលការហៅបម្រើពីព្យាការី យ៉ូសែប ស៊្មីធ ។ ប្រធាន ម៉ាស្ស មានការអន់ចិត្តដែលសមាជិកនៃពួកសាវកដប់ពីរនាក់បានចេញទៅផ្សាយដំណឹងល្អនៅប្រទេស អង់គ្លេស ដោយគ្មានការចូលរួមពីលោក ។
-
នៅក្នុងស្ថានភាពនេះ តើប្រធាន ម៉ាស្ស អាចធ្វើអ្វីបានដើម្បីចៀសវាងពីអារម្មណ៍ដែលបានសរសេរនៅលើក្ដារខៀន ? តើគ្រោះថ្នាក់អ្វីខ្លះអាចកើតឡើងនៅពេលយើងអនុញ្ញាតឲ្យអារម្មណ៍បែបនោះគ្រប់គ្រងគំនិត និងទង្វើរបស់យើង ?
សូមពន្យល់ថាប្រធាន ម៉ាស្ស បានចែកចាយការព្រួយបារម្ភរបស់លោកជាមួយព្យាការី យ៉ូសែប ស៊្មីធ ហើយសូមការប្រឹក្សា ។ ក្នុងការឆ្លើយតប ព្រះអម្ចាស់បានប្រទានវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១-៣ ឲ្យឮៗ ។ សូមសូមឲ្យសិស្សពាក់កណ្ដាលថ្នាក់រកមើលការព្រមាន ដែលព្រះអម្ចាស់បានប្រទានដល់ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតរកមើលអ្វីដែលព្រះអម្ចាស់បានថាប្រធាន ម៉ាស្ស បានធ្វើ ។ ( មុនពេលសិស្សអាន អ្នកអាចនឹងចង់ពន្យល់ថាពាក្យ បន្ទាបខ្លួន នៅក្នុង ខ ៣ មានន័យថា ប្រធាន ម៉ាស បានបន្ទាបខ្លួនលោក ) ។
-
តើព្រះអម្ចាស់បានប្រទានការព្រមានអ្វីដល់ ថូម៉ាស ប៊ី ម៉ាស្ស ?
-
តើរឿងល្អអ្វីដែលព្រះអម្ចាស់មានបន្ទូលថាប្រធាន ម៉ាស្ស បានធ្វើ ?
សូមពន្យល់ថា ព្រះអម្ចាស់បានប្រទានការទូន្មានបន្ថែមដល់ប្រធាន ម៉ាស្ស ហើយបានបើកសម្ដែងពីពរជ័យមួយចំនួនដែលប្រធាន ម៉ាស្ស អាចទទួលបានសម្រាប់ការស្មោះត្រង់របស់លោក ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:៤-១០ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលការសន្យាដែលព្រះអម្ចាស់បានប្រទានដល់ ថូម៉ាស ប៊ី ម៉ាស្ស ។ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរការសន្យាទាំងនេះ នៅលើក្ដារខៀនពេលដែលពួកគេរកឃើញ ។
-
តើអ្នកអាចនិយាយឡើងវិញនូវការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង ខ ១០ ដោយពាក្យសម្ដីផ្ទាល់របស់អ្នកយ៉ាងដូចម្ដេច ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួររកឃើញនូវគោលការណ៍ដូចខាងក្រោម ៖ បើយើងបន្ទាបខ្លួន នោះព្រះអម្ចាស់នឹងដឹកនាំយើង ហើយប្រទានចម្លើយចំពោះការអធិស្ឋានរបស់យើង ) ។
-
តើហេតុអ្វីបានជាអ្នកគិតថា ការបន្ទាបខ្លួនអាចជួយយើងឲ្យទទួលបានការដឹកនាំពីព្រះអម្ចាស់ ?
-
តើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថាត្រូវបានដឹកនាំ ដោយព្រះអម្ចាស់បន្ទាប់ពីអ្នកបន្ទាបខ្លួននោះ ?
សូមពន្យល់ថា ក្នុងខែ កក្កដា ឆ្នាំ ១៨៣៧ នៅពេលព្រះអម្ចាស់បានប្រទានវិវរណៈនេះ សាសនាចក្រកំពុងជួបប្រទះការបែកបាក់សាមគ្គី ការឈ្លោះប្រកែកគ្នា និងការក្បត់សាសនា ។ ភាពអំនួត និងភាពលោភលន់ បាននាំសមាជិកសាសនាចក្រមួយចំនួន រិះគន់ព្យាការី យ៉ូសែប ស៊្មីធ ដោយចំហរ ហើយមានមន្ទិលពីសិទ្ធិអំណាចរបស់លោក ។ សមាជិកសាសនាចក្រមួយចំនួន រួមទាំងពួកសាវកដប់ពីរនាក់មួយចំនួន បានព្យាយាមដក យ៉ូសែប ស៊្មីធ ចេញពីប្រធានសាសនាចក្រ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១១-១៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យប្រធាន ម៉ាស្ស ធ្វើដើម្បីជួយសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ដែលកំពុងជួបបញ្ហា ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១៤- ៣៤
ព្រះអម្ចាស់បង្រៀន ថូម៉ាស ប៊ី ម៉ាស្ស ពីកាតព្វកិច្ចរបស់ពួកសាវកដប់ពីរនាក់
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់បានប្រទានឲ្យប្រធាន ថូម៉ាស ប៊ី ម៉ាស្ស នូវទំនួលខុសត្រូវសំខាន់ៗជាច្រើន ។ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើអ្វីទៅដែលអាចជួយអ្នកឲ្យមានការបន្ទាបខ្លួន នៅពេលអ្នកទទួលបានទំនួលខុសត្រូវ ឬការទទួលស្គាល់ដ៏សំខាន់នោះ ? សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសំណួរនេះ។
សូមពន្យល់ថា ព្រះអម្ចាស់បានជួយ ថូម៉ាស ប៊ី ម៉ាស្ស ឲ្យទទួលស្គាល់សារៈសំខាន់នៃទំនួលខុសត្រូវរបស់លោកជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខណៈបន្តរំឮកលោកឲ្យបន្ទាបខ្លួន ។ សូមចម្លង តារាង នៅលើក្ដារខៀន ឬរៀបចំវាជាក្រដាសចែក ។ សូមឲ្យសិស្សអានខគម្ពីរដែលបានចាត់ឲ្យ ហើយបំពេញតារាងជាដៃគូ ( ឬបំពេញវាជាមួយសិស្សក្នុងថ្នាក់ ) ។
ឃ្លាទាំងនេះ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនួលខុសត្រូវរបស់ប្រធាន ម៉ាស្ស និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ | |
ឃ្លាដែលរំឭកប្រធាន ម៉ាស្ស និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពីតម្រូវការឲ្យមានការបន្ទាបខ្លួន ។ |
ក្រោយពីសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីបំពេញតារាងនេះហើយ សូមសួរសំណួរខាងក្រោម ៖
-
តើឃ្លាអ្វីដែលអ្នករកឃើញថា គូសបញ្ជាក់ពីសារៈសំខាន់នៃទំនួលខុសត្រូវរបស់ប្រធាន ម៉ាស្ស ។
-
ស្របតាម ខ ១៦-១៧តើកូនសោរអ្វីដែលត្រូវបានកាន់ដោយប្រធាននៃកូរ៉ុមសាវកដប់ពីរនាក់ ? ( សិស្សអាចប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួររកឃើញសេចក្ដីពិតដូចខាងក្រោម ៖ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ កាន់កូនសោរដើម្បីដឹកនាំកិច្ចការរបស់ពួកដប់ពីរនាក់ ក្នុងការប្រកាសដំណឹងល្អដល់គ្រប់ប្រជាជាតិ ។)
-
ស្របតាម ខ ៣០-៣២តើព្រះអម្ចាស់បង្រៀនអ្វីដល់ ថូម៉ាស ប៊ី ម៉ាស្ស អំពីកូនសោបព្វជិតភាពដែលលោកកាន់នោះ ? ( សិស្សអាចបា្រប់ពីគោលការណ៍ផ្សេងៗ ប៉ុន្ដែសូមប្រាកដថាពួកគេប្រាប់ពីសេចក្ដីពិតដូចខាងក្រោម ៖ កូនសោបព្វជិតភាពដែលត្រូវបានស្ដារឡើងវិញជាលើកចុងក្រោយក្នុង ការកាន់កាប់ត្រួតត្រា នៅពេលពេញកំណត់ ។ អ្នកអាចរំឮកឡើងវិញយ៉ាងសង្ខេបពី អត្ថន័យនៃពាក្យ ការកាន់កាប់ត្រួតត្រា [ សូមមើល Bible Dictionary, « Dispensations » ] ) ។
-
តើឃ្លាអ្វីដែលអ្នករកឃើញ ហើយរំឭកអ្នកថាប្រធាន ថូម៉ាស ប៊ី ម៉ាស្ស ត្រូវបន្ទាបខ្លួននោះ ?
-
តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង ខ ១៥ និង ខ ៣០ បង្រៀនអ្វីខ្លះពីទំនាក់ទំនងរវាងទំនួលខុសត្រូវរបស់ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងទំនួលខុសត្រូវរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ជាប្រធាននៃសាសនាចក្រ ?
ដើម្បីជួយសិស្សឲ្យឃើញថា ថូម៉ាស ប៊ី ម៉ាស្ស មានបញ្ហាក្នុងការធ្វើតាមការទូន្មានដែលលោកបានទទួលនៅក្នុងវិវរណៈនេះ សូមអញ្ជើញសិស្សឲ្យអានឃ្លាដូចខាងក្រោម ៖
មិនយូរប៉ុន្មានបន្ទាប់ពីវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២ ត្រូវបានប្រទាន ថូម៉ាស ប៊ី ម៉ាស្ស បានប្រាប់ វីឡេត គិមបឹល ថា អែលឌើរ ហ៊ីប៊ឺ ស៊ី គិមបឹល ជាស្វាមីរបស់គាត់ នឹងគ្មានប្រសិទ្ធិភាពក្នុងបេសកកម្មរបស់គាត់នៅប្រទេសអង់គ្លេសឡើយ ។ ពិតណាស់ ប្រធាន ម៉ាស្ស មានអារម្មណ៍ថា ដោយសារការប្រកាសដំណឹងល្អនៅបរទេស គឺជាទំនួលខុសត្រូវរបស់លោក នោះឱកាសផ្សព្វផ្សាយសាសនានៅប្រទេសអង់គ្លេស នឹងមិនអាចបើកទាល់តែលោកបញ្ជូននរណាម្នាក់ដោយផ្ទាល់ ឬលោកទៅដោយខ្លួនឯង ។
-
តើព្រឹត្តិការណ៍នេះ បង្ហាញថាប្រធាន ម៉ាស្ស អាចមានបញ្ហាក្នុងការបន្ទាបខ្លួន យ៉ាងដូចម្ដេច ?
សូមយោងទៅលើសំណួរ ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរ ។ ក្នុងផ្នែកនៃការពិភាក្សានេះ សូមគិតពីការប្រើសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« យើងមិនរកឃើញការបន្ទាបខ្លួនដោយ ការ បន្ទាបបន្ថោកខ្លួនយើងនោះឡើយ តែយើងរកឃើញការបន្ទាបខ្លួន ដោយការ មិនផ្ដោតលើ ខ្លួនយើង ។ វាកើតឡើងពេលយើងធ្វើការដោយមាន អាកប្បកិរិយានៃការបម្រើព្រះ និងបងប្អូនយើង ។
«… នៅពេលដែលយើងឈប់ឈ្លក់វង្វេងនឹងខ្លួនយើង ហើយភ្លេចខ្លួនយើងក្នុងការបម្រើ នោះភាពអំណួតរបស់យើងនឹងថយចុះ ហើយចាប់ផ្ដើមបាត់បង់ទៅ ( Pride and the Priesthood »Ensignឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៨ ) ។
សូមរំឭកសិស្សពីពរជ័យ ដែលព្រះអម្ចាស់បានសន្យាដល់ប្រធាន ម៉ាស្ស ( សូមមើល គ. និង ស. ១១២:៤-១០ ) ។ អ្នកអាចឲ្យសិស្សសរសេរពរជ័យទាំងនេះនៅលើក្ដារខៀនជាមុន។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:៣៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីអ្វីដែលប្រធាន ម៉ាស្ស ត្រូវធ្វើដើម្បីទទួលបានពរជ័យទាំងនេះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ បន្ទាប់មក សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ យើងត្រូវតែស្មោះត្រង់ ដើម្បីទទួលបានពរជ័យសន្យារបស់ព្រះអម្ចាស់ ។
ដើម្បីជួយសិស្សឲ្យយល់គោលការណ៍នេះ សូមអាន ឬសង្ខេបរឿងនៃការធ្លាក់ចេញពីសាសនាចក្រ និងការត្រឡប់មកវិញរបស់ ថូម៉ាស ប៊ី ម៉ាស្ស ៖
មានពេលមួយ ប្រធាន ម៉ាស្ស បានធ្វើតាមការទូន្មានដែលលោកបានទទួល ។ គាត់បានខិតខំពង្រឹងសាសនាចក្រ ហើយគាំទ្រ យ៉ូសែប ស៊្មីធ ។ ទោះជាយ៉ាងណាក៏ដោយ នៅមិនយូរប៉ុន្មានគាត់បានត្រឡប់ជាមានអារម្មណ៍ជំទាស់នឹងរបៀបដែលសាសនាចក្រត្រូវបានដឹកនាំទៅវិញ ។ អារម្មណ៍ទាំងនេះបូកផ្សំជាមួយនឹងកង្វល់អំពីទំនាស់រវាងសមាជិកសាសនាចក្រដែលពុំគោរពប្រតិបត្តិ និង ឈ្លានពាន ព្រមទាំងអ្នកជិតខាងរបស់ខ្លួននៅរដ្ឋ មិសសួរី ។ ក្នុងខែ កញ្ញា ឆ្នាំ ១៨៣៨ កាលគាត់ត្រូវបានជុំជិតដោយគំនិតក្បត់សាសនា នោះភរិយារបស់គាត់ អេលីស្សាបែត បានពាក់ព័ន្ធនឹងជម្លោះមួយ ។ គាត់ និង ស្ត្រីមា្នក់ទៀត ទាំងពីរនាក់គឺជាសមាជិកសាសនាចក្រ បានព្រមព្រៀងគ្នាដោះដូរទឹកដោះគោជាប្រចាំ ដើម្បីមានទឹកដោះគោគ្រប់គ្រាន់ក្នុងការធ្វើឈីស ប៉ុន្តែបងស្រី ម៉ាស្ស បានប្ដឹងគាត់ថាល្មើសនឹងកិច្ចព្រមព្រៀង ដោយបានទុកចំណែកទឹកដោះគោដែលមានសារធាតុខ្លាញ់ទឹកដោះច្រើន ។ បញ្ហានេះត្រូវបាននាំទៅដល់ថ្នាក់ដឹកនាំសាសនាចក្រ ជាច្រើនដង ។ វាក៏ត្រូវបាននាំទៅដល់ គណៈប្រធានទីមួយផងដែរ ។ រាល់ពេល វាត្រូវបានសម្រេចថា បងស្រី ម៉ាស្ស ពិតជាខុសមែន ។ ប្រធាន ម៉ាស្ស មានការខឹងសម្បារ និងមិនពេញចិត្តនឹងការសម្រេចចិត្តទាំងនេះ ( សូមមើល George A. Smith, « Discourse » Deseret News, ខែ មេសា ឆ្នាំ ១៨៥៦ ទំព័រ ៤៤ ) ។ បញ្ហានេះ មិនបាននាំលោកឲ្យចាកចេញពីសាសនាចក្រទេ ប៉ុន្តែវាគរបន្ថែមលើការខកចិត្តដទៃទៀត ។ លោកទិតៀនដល់អ្នកដឹកនាំសាសនាចក្រកាន់តែខ្លាំង ហើយនៅទីបំផុតលោកបានប្រឆាំងនឹងពួកបរិសុទ្ធ ។ ក្រោយមកលោកបានរំឮកឡើងវិញថា « ខ្ញុំមានការច្រណែននឹងព្យាការី … ហើយមើលរំលងអ្វីគ្រប់យ៉ាងដែលត្រឹមត្រូវ ហើយចំណាយពេលទាំងអស់របស់ខ្ញុំផ្តោតលើរឿងអាក្រក់ៗទៅវិញ » ( « Remarks » Deseret News, ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៨៥៧ ទំព័រ ២២០ ) ។
ក្នុងខែ តុលា ឆ្នាំ ១៨៣៨ ប្រធាន ថូម៉ាស ប៊ី ម៉ាស្ស បានស្បថចំពោះមុខអង្គចៅក្រមថា យ៉ូសែប ស៊្មីធ និងពួកបរិសុទ្ធថ្ងៃចុងក្រោយជាសត្រូវរបស់រដ្ឋ មិសសួរី ។ លិខិតថ្លែងសច្ចានេះ បានរួមចំណែកដល់ការចេញបញ្ជាពីរដ្ឋាភិបាលឲ្យមានការប្រល័យ ដែលធ្វើឲ្យមានពួកបរិសុទ្ធច្រើនជាង ១៥,០០០នាក់ត្រូវបណ្ដេញចេញពីផ្ទះរបស់ខ្លួននៅរដ្ឋ មិសសួរី ។
ដប់ប្រាំបីឆ្នាំបន្ទាប់ពី ថូម៉ាស ប៊ី ម៉ាស្ស បានចាកចេញពីសាសនាចក្រ លោកបានសរសេរសំបុត្រមួយច្បាប់ដោយបន្ទាបខ្លួន ទៅកាន់ប្រធាន ហ៊ីប៊ឺ ស៊ី គិមបឹល នៃគណៈប្រធានទីមួយ សូមការអភ័យទោស និងសុំអនុញ្ញាតដើម្បីចូលក្នុងសាសនាចក្រវិញ ។ លោកបានពន្យល់ថា លោកបានរៀនពីកំហុសខ្លួនឯងថា ៖ « ព្រះអម្ចាស់អាចធ្វើកិច្ចការទោះបីជាគ្មានខ្ញុំ ហើយទ្រង់មិនបាត់បង់អ្វីដោយការធ្លាក់ចេញរបស់ខ្ញុំដែរ ប៉ុន្តែ តើខ្ញុំបានបាត់បង់អ្វីខ្លះទៅ ? » ! ( Thomas B. Marsh letter to Heber C. Kimball, ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ១៨៥៧, Brigham Young Collection, Church History Library, as quoted in Kay Darowski, « The Faith and Fall of Thomas Marsh » Revelations in Context, history.lds.org ) ។
សូមយោងទៅលើគោលការណ៍នៅលើក្ដារខៀន ។ សូមពន្យល់ថា ថូម៉ាស ប៊ី ម៉ាស្ស បានស្វាគមន៍ឲ្យត្រឡប់មកជាសមាជិកសាសនាចក្រវិញ ។ ប៉ុន្តែ ដោយសារលោកមិនបានធ្វើតាមការទូន្មានឲ្យបន្ទាបខ្លួន និងស្មោះត្រង់ក្នុងការធ្វើជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នោះលោកមិនបានទទួលពរជ័យដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:៤–១០ទេ ។
សូមឲ្យសិស្សពីរបីនាក់សង្ខេបពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។ សូមអញ្ចើញសិស្សឲ្យជ្រើសរើសវិធីមួយដែលពួកគេអាចមានការបន្ទាបខ្លួន និងមានភាពស្មោះត្រង់កាន់តែខ្លាំង ហើយសរសេរគោលដៅមួយដើម្បីធ្វើតាម ។