ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៣០ ៖ ការកសាងទីក្រុងណៅវូ


មេរៀនទី ១៣០

ការកសាង​ទីក្រុង ណៅវូ

បុព្វកថា

បន្ទាប់​ពី​ការបណ្តេញ​ពួក​បរិសុទ្ធ​ចេញ​ពី​រដ្ឋ មិសសួរី​មក ពួកគេ​បាន​ដើរ​ឆ្លង​វាលភក់​ល្បប់​តាម​ដងទន្លេ មីស៊ីស៊ីពី ​ចូល​ក្នុង​ទីក្រុង​ណៅវូ​ទឹកដី​ដ៏ស្រស់ត្រកាល ។ ទីក្រុង​ណៅវូ រដ្ឋ អិលលីណោយបាន​ក្លាយ​ជា​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ​ពីឆ្នាំ ១៨៣៩ ដល់ ១៨៤៦ ។ សមាគមសង្គ្រោះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ទីនោះ ហើយ​ចេញ​ពី​ទីក្រុងណៅវូ ទីស្នាក់ការកណ្តាល​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្សព្វផ្សាយ​កាន់តែ​ច្រើន​លើ​ផែនដី ។

កំណត់ចំណាំ ៖ មេរៀន​នេះ ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​សិស្ស​ពីរនាក់​ឡើង​មក​បង្រៀន ។ សូម​ជ្រើសរើស​សិស្ស​ពីរ​នាក់​ឲ្យ​បាន​ពីរបី​ថ្ងៃ​មុន​មេរៀន​នេះ ហើយ​ផ្តល់​ច្បាប់​ចម្លង​នៃ​ផ្នែក​ដែល​បាន​ចាត់តាំង​ដើម្បី​ពួកគេ​អាច​រៀបចំ​មេរៀន​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

ពួក​បរិសុទ្ធ​បាន​កសាង​ទីក្រុងណៅវូ

រូបភាព
ផែនទី រដ្ឋមិសសួរី និង អិលលីណោយ

រំឭក​សិស្ស​ថា ពួកបរិសុទ្ធ​ត្រូវបាន​បណ្តេញ​ចេញ​ពី​រដ្ឋ មិសសួរី អំឡុង​ពេល​នៃ​រដូវ​រងា​ឆ្នាំ ១៨៣៨–៣៩ ខណៈ​យ៉ូសែប ស្ម៊ីធ ជាប់​ឃុំឃាំង​នៅ​ក្នុង​គុក​លីបើធី ។

  • តើ​អ្នក​គិត​ថា​ពួក​បរិសុទ្ធអាចមានអារម្មណ៍បែបណានៅពេល​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញ​ពី​រដ្ឋ មិសសួរី ? ( ចម្លើយ​អាច​រួម​មាន​ថា ពួកបរិសុទ្ធ​ឆ្ងល់​ថា​តើ​ពួកគេ​នឹង​ត្រូវទៅ​ទីណា ) ។

សូម​ពន្យល់​ថា​បន្ទាប់ពី​ការបណ្តេញ​ពួកបរិសុទ្ធ​ចេញ​ពី​រដ្ឋមិសសួរី ពួកគេ​បាន​រកឃើញ​ទីជម្រក​នៅ ឃ្វីនស៊ី រដ្ឋ អិលលីណោយ និង តាម​សហគម​តូចៗ​ផ្សេង​ទៀត ។ សូមអញ្ចើញ​សិស្សឲ្យ​ប្រាប់​ពី ទីតាំង​នៃ ឃ្វីនស៊ី​ នៅ​ក្នុង​ផែនទី ៦ (« ការប្តូរទីលំនៅ​ទៅភាគ​ខាង​លិច​នៃ​សាសនាចក្រ ») នៅក្នុង​ផ្នែក​ផែនទី​ប្រវត្តិសាសនាចក្រ​នៃ​ព្រះគម្ពីរ​របស់​ពួកគេ ។ នៅថ្ងៃ​ទី ១៥ ខែ មេសា ឆ្នាំ ១៨៣៩ យ៉ូសែប ស៊្មីធ និង មិត្តភក្តិ​ដែល​ជាប់​ទោស​ជាមួយ​លោក​ត្រូវបាន​ប្រាប់​ថា ពួកគេ​នឹង​ប្តូរ​ទៅទីតាំង​មួយ​ផ្សេង​ទៀត ។ នៅតាម​ផ្លូវ​ទៅ​ទីតាំង​ថ្មីនេះ ពួកអ្នក​យាម​របស់​ពួកលោក​បាន​ឲ្យ​ពួកលោករត់គេច ដោយ​ដឹង​ពី​ភាព​អយុត្តិធម៌​នៃ​ការបង្ខាំង​ទុក​ពួកលោក​ជា​យូរមកនោះ ។ ប្រហែលជាមួយសប្ដាហ៍ក្រោយមក យ៉ូសែប ស៊្មីធ បានជួបជុំជាមួយគ្រួសាររបស់លោកវិញនៅឃ្វីនស៊ី ។ ក្រោមការដឹកនាំរបស់យ៉ូសែប ស្ម៊ីធ សាសនាចក្របានទិញ​ដី​នៅសងខាង​ទន្លេ មីស៊ីស៊ីពី ​ភាគ​ខាង​ជើង​នៃ​ឃ្វីនស៊ី ។ ភាគ​ខាង​លិច​នៃ​ទន្លេ​នោះ​គឺ​ជា​ផ្នែក​មួយ​ទឹកដី​រដ្ឋ អៃអូវ៉ា ហើយ​ភាគ​ខាង​កើត​គឺ​ផ្នែក​មួយ​នៃ​រដ្ឋ អិលលីណោយ ។ ពួកបរិសុទ្ធ​បាន​កសាង​ទីស្នាក់ការកណ្តាល​ថ្មី​មួយ​របស់​សាសនាចក្រ​នៅ​ផ្នែក​ម្ខាងនៃរដ្ឋ អិលលីណោយ នៅកន្លែង​មួយ​ដែល​ហៅថា ខមមើស ដែល​ក្រោយមកពួកគេ​បាន​ដាក់​ឈ្មោះ​ថ្មីហៅថាណៅវូ ។

សូមអញ្ចើញ​សិស្ស​ទីមួយឲ្យ​ដែល​ត្រូវ​បង្រៀន​ចេញមក ហើយ​បង្រៀន​ខ្លីៗ​ដល់​សិស្ស​អំពី​ការកសាង​ទីក្រុង​ណៅវូ ។

សិស្ស​ដែល​ត្រូវបង្រៀន​ទី ១ ៖ ពួក​បរិសុទ្ធ​បាន​ប្តូរ​ឈ្មោះ ខមមើស រដ្ឋ អិលលីណោយ ទៅជា ណៅវូ—ទឹកដី​ដ៏ស្រស់ត្រកាល ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​មាន​កាលៈទេសៈ​ណា​ខ្លះ​នៅក្នុង​ជីវិត​អ្នក​ក្នុង​ពេល​នេះ​ដែល​ពិបាក ឬ មិន​រីករាយ ? សូម​ទុកពេល​ឲ្យ​សិស្ស​ពិចារណា​អំពី​សំណួរ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យស្វែងរក​ការយល់​ដឹង​អំពី​របៀប​ដែល​ពួកគេ​អាច​ដោះស្រាយ​ជាមួយ​កាលៈទេសៈ​ដែល​លំបាក ឬ មិន​រីករាយ នៅពេល​ពួកគេ​រៀន​អំពី​ពួកបរិសុទ្ធ​ដែល​បាន​កសាង​ទីក្រុង​ណៅវូ ។

សូម​ពន្យល់​ថា​សមាជិក​សាសនាចក្រ​បាន​ប្តូរ​ឈ្មោះ​ទឹកដី​តូច​មួយ​ដែល​ហៅថា ខមមើស ទៅជា​ណៅវូ​វិញ ដែល​ភាសា​ហេព្រើរមានន័យថា​ស្រស់ស្អាត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ការពិពណ៌នា​ខាងក្រោម​នេះ​អំពី​ស្ថានភាព​នៃ​តំនប់​នេះ​កាល​ពេល​បរិសុទ្ធ​បាន​ទៅដល់​ទីនោះ​លើក​ដំបូង​នៅក្នុង​ឆ្នាំ ១៨៣៩ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ ហើយ​ពិចារណា​ពី​ប្រតិកម្ម​របស់​ពួកគេ​អំពី​ស្ថានភាព​នៃ​តំបន់​នោះ ។

នៅពេល​ពួកបរិសុទ្ធ​បាន​ទៅ​ដល់​កន្លែង​មួយ​ដែល​ពួកគេ​នឹង​ហៅថា ណៅវូ ភាគច្រើន​នៃ​ដី​នោះ​គឺ​ជា​វាលភក់​ល្បប់​ដែល​មាន​សុទ្ធតែ​មូស ។ មូស​ទាំង​នោះ​ចម្លង​ជំងឺ​មួយ​ហៅ​ថា​គ្រុនចាញ់ ដែល​បណ្តាល​ឲ្យ​មាន​ការក្តៅ​ខ្លួន​ខ្លាំង និង រងា​ញាក់ ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ។ ពួកបរិសុទ្ធ​ជា​ច្រើន​បាន​ឆ្លង​ជំងឺ​នោះ​ហើយ​ធ្លាក់​ខ្លួន​ឈឺ ។ អ្នក​ជំងឺ​មួយ​ចំនួន​ឈឺ​កាន់តែ​ធ្ងន់ ពួកគេបានត្រឹមតែលូនក្នុងការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក ហើយ​ពួកគេ​មួយ​ចំនួន​បាន​ស្លាប់ ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពលើកទី ២ [Church Educational System manual ឆ្នាំ ២០០៣] ទំព័រ ២១៧-១៨ ) ។

  • តើ​អ្នក​នឹង​ហៅ​ទីនោះ​ថា​ជា​ទឹកដី​ដ៏ស្រស់ត្រកាល​ដែរ​ឬ​ទេ ? ហេតុអ្វី​អ្នក​គិត​ថា ព្យាការីយ៉ូសែប ស៊្មីធ​បាន​ជ្រើសរើស​ហៅ​វាល​ភក់​ល្បប់​នេះ​ថា​ជា​ទឹកដី​ដ៏ស្រស់ត្រកាលទៅវិញ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ខាង​ក្រោម ដែល​ពន្យល់​ពីរបៀប​ដែល​ពួកបរិសុទ្ធ​ឆ្លើយតប​នឹង​ឧបសគ្គ​ដែល​ពួក​គេ​បាន​ជួបប្រទះ​ក្នុងកន្លែង​ដែល​ជាគេហដ្ឋាន​ថ្មី​របស់​ពួកគេ ។

យ៉ូសែប ស៊្មីធ​ក៏​បាន​កើត​ជំងឺ​គ្រុន​ចាញ់​ផងដែរ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ឈឺ​មក លោក​បាន​ជា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ ១៨៣៩ ហើយ​បានពោរពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ។ លោក​បាន​ប្រសិទ្ធពរ​អ្នក​ជំងឺ​ជា​ច្រើន​នៅ​ក្បែរ​ផ្ទះ​របស់​លោក ។ មាន​ពេល​មួយ​នោះ យ៉ូសែប បាន​ទៅដល់​តង់​មួយ​ដែល​ជា​កម្មសិទ្ធ​របស់​សមាជិក​សាសនាចក្រ ឈ្មោះ ហិនរី ជី ស៊ើវួឌ ដែល​ហៀប​នឹង​ស្លាប់​ទៅ​ហើយ ។ នៅពេល​ព្យាការី​បាន​បញ្ជា​ឲ្យ​គាត់​ក្រោក​ឡើង ហើយ​ចេញ​ពីតង់​បងប្រុស ស៊ីវួឌ​បាន​ធ្វើតាម ហើយ​បាន​ជា​សះស្បើយ ។

យ៉ូសែប​បាន​ឆ្លង​ទន្លេ​ទៅ​ផ្នែក​ម្ខាងទៀតនៃ​រដ្ឋ អៃអូវ៉ា ហើយ​បន្ត​ប្រសិទ្ធពរ​ដល់​អ្នក​ឈឺ ។ នៅពេល​យ៉ូសែប​កំពុង​រៀបចំ​ត្រឡប់​មក​ខាង​រដ្ឋ អិលលីណោយ​វិញ​នោះ មាន​បុរស​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ បាន​សុំ​ព្យាការី​ឲ្យ​ទៅ​ប្រសិទ្ធពរ​ដល់​កូន​ភ្លោះ​របស់​គាត់​ដែល​មាន​ចម្ងាយ​ប្រហែល​ពីរ​ម៉ាយ​ពី​ទីនោះ ។ « យ៉ូសែប បាន​និយាយ​ថា គាត់​មិន​អាច​ទៅ​បាន​ឡើយ ប៉ុន្តែ​គាត់​បាន​ឲ្យ​កន្សែងដៃ សូត្រ​ពណ៌​ក្រហម ឲ្យ​ទៅ​ វិលហ្វូឌ វូឌដ្រុព្វ ហើយ​បាន​ប្រាប់​លោក​ឲ្យ​ទៅ​ប្រសិទ្ធពរ​ដល់​ពួកគេ ដោយសន្យា​ថា​នៅពេល​លោក​ជូត​កន្សែង​នេះ​លើ​មុខ​របស់​ពួកគេ នោះ​ពួកគេ​នឹង​បាន​ជាសះស្បើយ » (Church History in the Fulness of Times, ទំព័រ ២១៩ ) ។ វិលហ្វូឌ បាន​ធ្វើ​តាម​ការណែនាំ​នោះ ហើយ​ក្មេងទាំង​ពីរ​នោះ​បាន​ជា​សះស្បើយ​មែន ។ វិលហ្វូឌ បាន​ហៅ​ថ្ងៃ​នោះ​ថា « ជា​ថ្ងៃ​នៃ​ព្រះចេស្តា​នៃ​ព្រះ » ( វិលហ្វូឌ វូឌដ្រុព្វ សៀវភៅ​ទិន្នានុប្បវត្តិថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ ១៨៣៩ ដែល​បាន​ដកស្រង់​នៅក្នុង Church History in the Fulness of Times, ទំព័រ ២១៨ ) ។

ទោះបី​ជា​មាន​សេចក្តី​ជំនឿ និង ព្រះចេស្តា​នៃ​ថ្ងៃ​នោះ ជំងឺ​នៅតែ​បន្ត​កើត​មានចំពោះ​ពួក​បរិសុទ្ធ​អស់រយៈ​ពេល​ជា​ច្រើន​ខែ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​បាន​បន្ត​ថែទាំ​គ្នា​ទៅវិញ​ទៅមក ហើយបាន​ធ្វើការសាងសង់​ផ្ទះ​ថ្មី​របស់​ពួកគេ ។ ពួកគេ​បាន​ជីក អណ្តូង​ដើម្បី​បង្ហូរ​ទឹក ចេញ​ពី​វាលភក់ល្បប់​ចូល​ទៅក្នុង​ទន្លេ ដែល​ធ្វើ​ឲ្យ​ដី​កាន់តែ​មាន​ប្រយោជន៍ ហើយ​កាត់​បន្ថយ​បញ្ហា​មូស ។ ទីបំផុត​ពួកគេ​បានសង់ ផ្ទះ និង សំណង់​ដទៃ​ផ្សេងទៀតជាច្រើនរួមទាំង ព្រះវិហារបរិសុទ្ធណៅវូដែលមានមនុស្ស​មួយ​ចំនួន​ចាត់​ទុកថាវាជាអគារដែលស្រស់ស្អាតជាងគេបំផុត​នៅក្នុង​ប្រទេស ។

  • តើ​« ថ្ងៃ​នៃ​ព្រះចេស្តា​នៃ​ព្រះ » នៅ​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ​១៨៣៩ ជួយ​អ្នក​ឲ្យ​មាន​សេចក្តីជំនឿ​កាន់តែ​ខ្លាំង​លើ​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

  • តើ​ពួក​បរិសុទ្ធ​បាន​ធ្វើ​ឲ្យ​ទីក្រុង​ណៅវូ​ជា​ទឹកដី​ដ៏ស្រស់ត្រកាល​របៀប​ណា ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​ពួកគេ ?

បន្ទាប់​ពី​សិស្ស​បាន​ពិភាក្សា​អំពី​គំរូ​របស់​ពួក​បរិសុទ្ធ​ដែល​ព្យាយាម​ធ្វើការសាងសង់​ទីក្រុង​ណោវូ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​មាន​អ្វីខ្លះ​អាច​កើតមានឡើង​នៅពេល​យើង​ព្យាយាម​កែលម្អ​បរិស្ថាន​ជុំវិញ​ខ្លួន​យើង ?

នៅពេល​សិស្ស​ឆ្លើយតប​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ព្យាយាម​កែលម្អ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​យើង នោះ​ខ្លួន​យើង​នឹង​រីក​ចម្រើន​កាន់តែ​ប្រសើរ ។ សូម​អញ្ជើញ​សិស្សឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​បង្ហាញ​នៅក្នុង​គោលការណ៍​នេះ ។ អ្នក​អាច​ចែកចាយ​បទពិសោធន៍ ឬ​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​នេះ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​រកមើល​ឱកាស​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​កែលម្អ​បរិស្ថាន​នៅជុំវិញ​ពួកគេ ។

សិស្ស​ដែល​ត្រូវ​បង្រៀន​ទី ២ ៖ សមាគមសង្គ្រោះ​ត្រូវបាន​បង្កើត

កំណត់ចំណាំ ៖ ពីមុន​ចាប់ផ្តើម​ថា្នក់ សូម​ឲ្យ​សមាជិក​ម្នាក់​នៃ​សមាគម​សង្គ្រោះ ( ដូចជា​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ ) ឲ្យ​ប្រាប់​អ្នក​អំពី​របៀប​មួយ​ចំនួន​ដែល​សមាគម​សង្គ្រោះ​បាន​ផ្តល់​ឱកាស​ដល់​គាត់​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​បាន​ប្រទាន​ពរ​ដល់​ជីវិត​គាត់ ។ សូម​គិត​ពី​ការសរសេរនូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គាត់ ។

សូម​អញ្ជើញ​សិស្សឲ្យ​គិត​អំពី​ស្ត្រី​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​ពេញចិត្ត ។ សូមឲ្យពួកគេប្រាប់ដៃគូម្នាក់អំពីស្ត្រី​នោះ និង មូលហេតុ​ដែល​ពួកគេ​កោតសសើរ​គាត់ ។ បន្ទាប់​ពី​ដៃគូ​និមួយៗ​មាន​ពេល​ពិភាក្សា សូម​ពន្យល់​ថា​ស្ត្រី​នៅក្នុង​ទីក្រុង​ណៅវូ​គឺ​ជា​កម្លាំង​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ការពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សូម​ពន្យល់​ថា​នៅក្នុង​ឆ្នាំ ១៨៤២ ស្ត្រី​មួយ​ចំនួន​នៅក្នុង​ទីក្រុងណៅវូ បានជួបជុំគ្នាពិភាក្សាពី របៀបដែល​ពួកគេ​អាច​ជួយ​ក្នុង​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។ ពួកគេ​បាន​បង្កើត​សមាគម​មួយ ហើយ​បាន​សរសេរ​ច្បាប់ និង ក្រឹត្យក្រម​ដើម្បី​គ្រប់គ្រងកិច្ចការ​របស់​ពួកគេ ។ ពួកគេ​បាន​បង្ហាញ​ច្បាប់់ និង ក្រឹត្យក្រម​នោះ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​មាន​ប្រសាសន៍​ថា​ច្បាប់​នេះ​ជា « ច្បាប់​ល្អ​បំផុត​ដែល​លោក​ធ្លាប់​បាន​ឃើញ » ។ ប៉ុន្តែ​ក្រោយម​ក​លោក​បាន​មាន​ប្រសាសន៍​ថា​ព្រះអម្ចាស់​មាន « អ្វី​មួយ​ដែល​ប្រសើរ​ជាងមុន​សម្រាប់​ពួកគេ​ជាង​ច្បាប់​ដែល​បាន​សរសេរ​នោះ » ។ លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ជួប​ជាមួយ​លោក​នៅ​សប្តាហ៍​បន្ទាប់ នៅពេល​លោក​នឹង « រៀបចំ​ស្ត្រី​នៅក្រោម​បព្វជិតភាព​តាម​គំរូ​នៃ​បព្វជិតភាព » ( សារ៉ា អិម ឃឹមបឹល « Auto-biography » Woman’s Exponent, ថ្ងៃ​ទី ១ ខែ​កញ្ញា ១៨៨៣ ទំព័រ ៥១ បាន​ដកស្រង់​ក្នុង Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ១២) ។ អង្គការ​នេះ​គឺ​ជា​សមាគម​សង្គ្រោះ ។

អិមម៉ា ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ដំបូង​គេ ។ អ៊ីឡៃស្សា អរ ស្នូ ជាលេខា​នៃ​សមាគម​សង្គ្រោះ​នៅ​ទីក្រុង​ណៅវូ ហើយ​ក្រោយ​មក​ក្លាយ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ទីពីរ​បាន​បង្រៀន​ថា « ថ្វីដ្បិត​តែ​ឈ្មោះ [ សមាគម​សង្រ្គោះ ] មាន​ភាពទំនើប​ក្តី ប៉ុន្តែ​ស្ថាបន​នេះ​មាន​ប្រភព​ដើម​ពី​បុរាណ ។ យើង​ត្រូវបាន​ប្រាប់​ដោយ ​[ ព្យាការី យ៉ូសែប ស៊្មីធ ] ថា​អង្គការ​ដូចគ្នា​នេះ​បាន​មាន​ក្នុង​សាសនាចក្រ​កាល​ពី​បុរាណ » ( « Female Relief Society » Deseret News, ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ១៨៦៨ ទំព័រ ១ សូមមើល​ផងដែរ Daughters in My Kingdom, ​ទំព័រ ៧) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​សមាគម​សង្គ្រោះ​ពី​សេចក្តីថ្លែងការណ៍​របស់ អ៊ីឡៃស្សា អរ ស្នូ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​សេចក្តីពិត​នេះ​នៅលើ​ក្តារខៀន ៖ សមាគម​សង្គ្រោះ​គឺ​ជា​ផ្នែក​ដ៏​បំផុស​គំនិត​មួយ​នៃ​ការស្តារ​ឡើង​វិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង​ឲ្យ​យល់​ពី​សេចក្តី​ពិត​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដែល​ទាក់ទង​នឹង​គោលបំណង​នៃ​សមាគម​សង្គ្រោះ ៖

« សមាគម​សង្គ្រោះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​រៀបចំ​បុត្រី​របស់​ព្រះ​ដើម្បី​ទទួល​ពរជ័យ​នៃ​ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច ។ គោលបំណង​នៃ​សមាគម​សង្គ្រោះ គឺ​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ និង​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន ពង្រឹង​ក្រុម​គ្រួសារ និង​គេហដ្ឋាន និង​ផ្ដល់​ការ​សង្គ្រោះ​ដោយ​ស្វែង​រក និង​ជួយ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ការ​ជំនួយ » (Daughters in My Kingdom,xi ) ។

សូម​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​អំពី​ការសន្ទនា​ដែល​អ្នក​មាន​ជាមួយ​សមាជិក​ម្នាក់​នៃ​សមាគម​សង្គ្រោះ រួម​ទាំង​គំនិត​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ។ សូម​បញ្ចប់​ដោយការ​ថ្លែងទីបន្ទាល់​អំពី​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​សរសេរ​លើ​ក្តារខៀន ។

កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សព្វផ្សាយ​ទូទាំង​ផែនដី

សូម​អរគុណ​ដល់​សិស្ស​ដែល​បាន​បង្រៀន ។ ដើម្បី​រៀបចំ​សិស្ស​ឲ្យ​រៀន​អំពី​ការរីកចម្រើន​នៃ​សាសនាចក្រ​អំឡុង​ពេល​នៅ​ណៅវូ សូម​សួរសំណួរ​ខាង​ក្រោម ៖

  • តើវត្ថុ​អ្វី​ខ្លះ​ដែលធ្វើឲ្យ​យើង​អាច​ពន្លត់​ភ្លើង​បាន ?

  • តើ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ឡើយ ?

  • យ៉ូសែប ស៊្មីធ បាន​ប្រៀបធៀប​កិច្ចការ​របស់​ព្រះអម្ចាស់​ទៅនឹង​ភ្លើង ។ តើ​អ្នក​គិត​ថា​ការបៀតបៀន​ដែល​ពួក​បរិសុទ្ធ​បាន​ជួប​នៅ​រដ្ឋ មិសសួរី ដូចជា​ទឹក​ដែលបានចាប់ផ្តើមពន្លត់​កិច្ចការ​របស់​ព្រះ ឬ ដូច​ជា​ប្រេង​សាំង​ដែល​ធ្វើ​ឲ្យ​កិច្ចការនោះកាន់តែរីកចម្រើន ? ហេតុអ្វី ?

សូមឲ្យសិស្សម្នាក់អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ទៅកាន់​អ្នក​បោះពុម្ព​កាសែត​ឈ្មោះ ចន វីនវ៉ស នៅថ្ងៃ​ទី ១ ខែ មិនា ឆ្នាំ ១៨៤២ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ការបៀតបៀន​ពុំ​បាន​បញ្ឈប់​ការរីកចម្រើន​នៃ​សេចក្តី​ពិត​ឡើយ ប៉ុន្តែ​វា​កាន់តែ​បន្ថែម​ប្រេងសាំង​ទៅលើ​ភ្លើង​ទៅវិញ ។…

«…បទដ្ឋាន​នៃ​សេចក្តីពិត​ត្រូវបាន​បង្កើត​ឡើង គ្មាន​ដៃ​ដែល​មិន​ស្អាតស្អំ​ណា អាច​បញ្ឈប់​កិច្ចការ​នេះ​ពីការរីកចម្រើន​ឡើយ ការបៀតបៀន​អាច​កញ្ជ្រោល​ឡើង ពួក​មនុស្ស​កំណាច​អាច​ប្រមូលផ្ដុំគ្នា ពួកទាហាន​អាច​ប្រជុំ​គ្នា ពួក​អ្នក​មួល​បង្កាច់អាចបង្ខូចកេរ្តិ៍ឈ្មោះ តែសេចក្ដីពិតនៃព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង ឯករាជ​រហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់​ប្រទេស និង បាន​ឮ​ដល់​គ្រប់​ត្រចៀក រហូតដល់​គោលបំណង​នៃ​ព្រះ​នឹងបានសម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​ហើយ » ( នៅក្នុង History of the Church, ៤:៥៤០ ) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពីសេចក្តីថ្លែងការណ៍​នេះ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​សេចក្តី​ពិត​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​គូស​បញ្ជាក់​ដូច​ខាង​ក្រោម​នេះ ៖ គ្មាន​អ្វី​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះ​ទូទាំង​ផែនដី​នេះ​មិន​ឲ្យ​រីកចម្រើនបាន​ឡើយ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ថា នៅពេល​យ៉ូសែប ស្ម៊ីធ បានកត់ត្រា​នៅក្នុង​ការព្យាករណ៍​នេះ នោះ​ព្រះអម្ចាស់​បាន​ចាប់ផ្តើម​ហៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្រៀន​ដំណឹង​ល្អ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ។ ជា​លទ្ធផល មនុស្ស​រាប់ពាន់​នាក់—ជាពិសេស​ចក្រភព​អង់គ្លេស—បាន​ជ្រមុជ​ទឹក ។ សមាជិក​ថ្មី​នោះ​បាន​ធ្វើ​ឲ្យ​សាសនាចក្រ​កាន់តែ​រឹងមាំ ហើយ​មានមនុស្សជាច្រើនបានធ្វើដំណើរ​មក​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​នៅក្នុង​ទីក្រុង​ណៅវូ ។

ដើម្បី​បង្ហាញ​ពី​សេចក្តី​ពិត​នៅលើ​ក្តារខៀន សូម​រក​អ្នក​ស្ម័គ្រ​ចិត្ត​បួន​នាក់​ដើម្បី​ចូលរួម​ដើរតួ​អំពី​បទពិសោធន៍​មួយ​ដែល វិលហ្វូឌ វូឌដ្រុព្វ បាន​មាន​ខណៈ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅក្នុង​ហៀហ្វតស្សើ ប្រទេស​អង់គ្លេស​នៅក្នុងឆ្នាំ ១៨៤០ ។ សូម​ចាត់តាំង​អ្នក​ស្ម័គ្រចិត្ត​នូវ​ផ្នែក​ខាង​ក្រោម ៖ វិលហ្វូឌ វូឌដ្រុព្វ អាចារ្យ ប៉ូលីស អ្នក​ពោល ។ សូម​ផ្ដល់​ច្បាប់​ចម្លង​នៃ នាដកថាដូច​ខាងក្រោម ដល់​អ្នក​ស្ម័គ្រចិត្ត​គ្រប់រូប​ដើម្បី​ប្រើ​ក្នុងការដើរ​តួ ៖

វិលហ្វូឌ វូឌដ្រុព្វ ( និយាយ​ម្នាក់​ឯងថា ) ៖ហ៊ឺ ។ នេះ​ជា​ការបង្រៀន​ទីពីរ​ដែល​ខ្ញុំ​បានបង្រៀន​ថ្ងៃ​នេះ ។ បន្ទាប់​ពី​ការប្រជុំ​នា​ល្ងាច​នេះ ខ្ញុំ​គិតថា​នឹង​មាន​មនុស្ស​ជិត​មួយ​ពាន់​នាក់​នឹង​បាន​ស្តាប់​ឮ​សារលិខិត​របស់​ព្រះអម្ចាស់​ថ្ងៃ​នេះ ។

អាចារ្យ ( ឈរ​នៅ​ជ្រុង​ម្ខាង​នៃ​ថ្នាក់​រៀន ដោយ​និយាយ​ទៅកាន់​ប៉ូលីស ) ៖លោក​ប៉ូលីស អ្នក​ផ្សព្វផ្សាយ​ពួក​មរមន​នេះ​ត្រូវតែ​ឈប់ ។ ខ្ញុំ​មាន​មនុស្ស​តែ​ដប់​ប្រាំ​នាក់ប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុង​ព្រះវិហារ​កាតូលិក​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ ។ តែដប់ប្រាំនាក់ ! ខ្ញុំ​គិត​ថា​មនុស្ស​ផ្សេង​ទៀត​នឹង​ត្រូវបាន​ដឹកនាំ​ទៅស្តាប់​ការបង្រៀន​របស់​វា ។ ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​ព្រះវិហារ​កាតូលិក​របស់​ខ្ញុំ​បន្ត​ខ្សត់​មនុស្ស​ឡើយ ខណៈ​ដែល​អ្នក​ស្តាប់​ពួក​មរមន​នេះ​បាន​កើន​ឡើង​នោះ ។ ខ្ញុំ​ចង់​ឲ្យ​លោក​ចាប់​វា ហើយ​បញ្ឈប់​កិច្ចការ​របស់​វា​ទៅ ។

ប៉ូលីស ៖ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ។

អ្នកអត្ថាធិប្បាយ ៖ពេល​អែលឌើរ វូឌដ្រុព្វ ក្រោក​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​នា​ល្ងាច​នោះ ប៉ូលីស​បាន​មកដល់​មាត់​ទ្វារ ។

ប៉ូលីស ( ឥឡូវ​និយាយ​ទៅកាន់ វិលហ្វូឌ វូឌដ្រុព្វ ) ៖សុំទោស​លោក ។ ខ្ញុំ​គឺ​ជា​ប៉ូលីស ហើយ​អាចារ្យ​ម្នាក់​នៃ​ព្រះវិហារ​កាតូលិក​ក្នុង​មូលដ្ឋាន​នេះ​បាន​ឲ្យ​ខ្ញុំ​មក​ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន​លោក ។

វិលហ្វូឌ វូឌដ្រុព្វ ៖តើ​ចាប់ពីបទឧក្រិដ្ឋអ្វីដែរ ?

ប៉ូលីស ៖ពី​បទផ្សព្វផ្សាយ​ដល់​ប្រជានជន ។

វិលហ្វូឌ វូឌដ្រុព្វ ៖ខ្ញុំ​អាច​ធានា​នឹង​លោក​ថា​ខ្ញុំ​មាន​អាជ្ញាប័ណ្ណ​ដើម្បីផ្សាយ​ដំណឹង​ល្អ​ដល់​ប្រជាជន ​ដូច​ជា​អាចារ្យ​ម្នាក់​នោះ​បាន​ផ្សាយ​ដែរ ។ បើសិនលោក​អង្គុយចាំ​ នោះ​ខ្ញុំ​នឹង​និយាយ​ជាមួយ​លោក​បន្ថែម​ទៀត​អំពី​បញ្ហា​នេះ​បន្ទាប់​ពី​ការប្រជុំ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ចាប់ផ្តើម​បង្រៀន​ឥឡូវ​នេះ​ហើយ ។. … ( សូម​ធ្វើ​ត្រាប់​ការនិយាយ​នោះ​ដល់​សិស្ស )

អ្នកអត្ថាធិប្បាយ ៖ប៉ូលីស​នោះ​បាន​យក​កៅអី​ដែល​អែលឌើរ វូឌដ្រុព្វ ​អង្គុយ​មក​ដាក់​អង្គុយ​ក្បែរ​អែលឌើរ វូឌដ្រុព្វ ខណៈ​ដែល​លោក​បានបង្រៀន​ដំណឹង​ល្អ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ។ វិលហ្វូឌ វូឌដ្រុព្វ បាន​និយាយ​អំពី​បទពិសោធន៍​នេះ ៖

វិលហ្វូឌ វូឌដ្រុព្វ ៖ព្រះចេស្តា​នៃ​ព្រះ​បាន​ស្ថិត​មក​លើ​រូប​ខ្ញុំ ព្រះវិញ្ញាណ​បាន​ស្ថិត​នៅពេញ​ផ្ទះ​នោះ ហើយ​មនុស្ស​ទាំងអស់​បាន​ប្រែចិត្ត​ជឿ ។

អ្នកអត្ថាធិប្បាយ ៖នៅពេល​ប្រជុំចប់ អែលឌើរ វូឌដ្រុព្វ បាន​អញ្ជើញ​ឲ្យ​ពួកគេ​ជ្រមុជទឹក ។

វិលហ្វូឌ វូឌដ្រុព្វ ៖ខ្ញុំ​សូម​អញ្ជើញ​អស់​អ្នក​ដែល​មាន​បំណងចង់​ឲ្យ​អំពើ​បាប​របស់​អ្នក​បាន​អត់ទោស​ឲ្យ ហើយ​ចូលរួម​ជាមួយ​នឹង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​បានស្តារ​ឡើង​វិញ ឲ្យ​ចុះ​ទៅក្នុង​ទឹកនៃ​បុណ្យ​ជ្រមុជទឹក​នា​ថ្ងៃ​នេះ ។

ប៉ូលីស ( បាន​ក្រោក​ចេញ​ពី​កៅអី ហើយ​និយាយ​ទៅកាន់ វិលហ្វូឌ វូឌដ្រុព្វ ) ៖លោក វូឌដ្រុព្វ ខ្ញុំ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។

អ្នកអត្ថាធិប្បាយ ៖ប៉ូលីស​នោះ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​នោះ ជាមួយ​នឹង​គ្រូ​ផ្សព្វផ្សាយ​បួន​នាក់ និង មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ។ ប៉ូលីស​បាន​ត្រឡប់​ទៅជួប​អាចារ្យ​នោះវិញ ហើយ​បាន​ពន្យល់​ប្រាប់​ពី​ស្ថានភាព​នោះ ។

ប៉ូលីស ( និយាយ​ទៅកាន់ អាចារ្យ ) ៖បើសិន​អ្នក​ចង់​ចាប់​ខ្លួន​លោក វូឌដ្រុព្វ អ្នក​ត្រូវតែ​ចាប់​គាត់​ដោយ​ខ្លួនឯង​ទៅ ដ្បិត​ខ្ញុំ​បាន​ឮគាត់​បង្រៀន​តែ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ប៉ុណ្ណោះ ដែល​ខ្ញុំ​បាន​ស្តាប់​ពេញ​មួយ​ជិវិត​ខ្ញុំ​មក​ហើយ ។

អ្នកអត្ថាធិប្បាយ ៖ក្រោយ​មក អាចារ្យ​នោះ​បាន​បញ្ជូន​ស្មៀន​ពីរ​នាក់​ទៀត​ឲ្យ​ចូលរូម​ក្នុងការ​ប្រជុំ​ហើយ​ស្វែងយល់​អំពី​អ្វី​ដែល​អែលឌើរ វូឌដ្រុព្វ កំពុង​បង្រៀន ។ ពួកគេ​ក៏​បាន​ប្រែចិត្ត​ជឿ​លើ​សេចក្តីពិត​នៃ​សារលិខិត​របស់​អែលឌើរ វូឌដ្រុព្វ ហើយ​បាន​ជ្រមុជទឹក ។ អាចារ្យ​នោះ​ពុំ​បាន​បញ្ជូន​នរណា​ទៀត​ឲ្យ​ទៅ ស្តាប់​ការបង្រៀន​របស់​អែលឌើរ វូឌដ្រុព្វ​ទៀត​ឡើយ ។

( កែសម្រួល​ពី វិលហ្វូឌ វូឌដ្រុព្វ, Leaves from My Journal [ ឆ្នាំ ១៨៨១ ] ទំព័រ ៨០–៨១ ) ។

បន្ទាប់​ពី​អ្នក​ស្ម័គ្រ​ចិត្ត​បាន​បញ្ចប់​ហើយ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​បទពិសោធន៍​របស់​អែលឌើរ វូឌដ្រុព្វ​បង្ហាញ​ពី គោលការណ៍​ដែល​ថា គ្មាន​អ្វី​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះ​ឲ្យ​រីកចម្រើន​ដោយ​របៀប​ណា ?

  • តើ​ការព្យាករណ៍​របស់​យ៉ូសែប ស៊្មីធ ទាក់ទង​នឹង​ការរីកចម្រើន​នៃ​កិច្ចការ​របស់​ព្រះ​ចាប់ផ្តើម​បំពេញ​នៅថ្ងៃ​នេះ​ដោយ​របៀប​ណា ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ អំពីការ​ចូលរួម​ក្នុង​កិច្ចការ​នេះ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ឲ្យ​កិច្ចការ​របស់​ព្រះ​បាន​ផ្សព្វផ្សាយ​ក្នុង​ចំណោម​ប្រជាជន​ទាំងអស់ ? ( អ្នក​អាច​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​នេះ​នៅក្នុង​សៀវភៅ​កត់ចំណាំក្នុងថ្នាក់ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​ពន្យល់​ថា​នៅមេរៀន​បន្ទាប់ សិស្ស​នឹង​រៀន​បន្ថែម​ទៀត​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើត​ឡើង និង គោលការណ៍​នានា​ដែល​ត្រូវបាន​បង្រៀន​ខណៈ​ដែល សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​បន្ត​រក្សា​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ទីក្រុង​ណៅវូ ពី ឆ្នាំ ១៨៣៩ ដល់ ១៨៤៦ ។ សូម​ថ្លែងទីបន្ទាល់​អំពី​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​ថ្នាក់​ថ្ងៃ​នេះ ហើយ​សូម​អញ្ជើញ​សិស្ស​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការធ្វើ​ដំណើរ​របស់​ពួក​បរិសុទ្ធ​ពី​រដ្ឋ មិសសួរី

« ប៉ុន្មាន​ខែ​បន្ទាប់​ពី​បរាជ័យ​នៃ ហ្វា វេស [ រដ្ឋ មិសសួរី ] គឺ​ជា​ការសាកល្បង​ដ៏ខ្លាំង​នៃ​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ ។ គណៈប្រធានទីមួយ​ទាំងមូល—គឺ​យ៉ូសែប ស្ម៊ីធ ស៊ីឌនី រិកដុន និង ហៃរុម ស្ម៊ីធ—នៅក្នុង​គុក ។ លំដាប់​ជួរ​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចុះ​ខ្សោយ ។ ដាវីឌ ដ័បុលយូ ប៉ាទិន ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​នៃ​ទន្លេ​គ្រូគ ប៉ាលី ភី ប្រាត្ត ជាប់​ក្នុង​គុក និង បងប្រុស​របស់​លោក អួរសុន នៅជាមួយ​ពួក​បរិសុទ្ធ​មួយ​ក្រុម​នៅសេន លូវីស ។ ថូម៉ាស ប៊ី ម៉ាស, វិលលាម ស្ម៊ីធ និង អួរសុន ហៃឌ​ បាន​ក្បត់​នឹង​សាសនាចក្រ ហើយ​ទីបំផុត​គ្មាន​ជំនួយ​ពីពួកគេ​ឡើយ ។ ហេតុដូច្នោះ​ហើយ ទំនួល​ខុសត្រូវ​នៃ​ការមើលថែទាំ​តម្រូវការ​សាសនាចក្រ​អំឡុង​ពេល​នៃ​រដូវ​រងា​ឆ្នាំ ១៨៣៨–៣៩ និង ការធ្វើ​ដំណើរ​ទាំង​មូល​ពី​រដ្ឋ មិសសួរី ទៅ​រដ្ឋ អិលលីណោយ ត្រូវបាន​ធ្លាក់​ទាំងស្រុង​លើ​ព្រិកហាំ យ៉ង់ និង ហ៊ើប៊ើរ ស៊ី គិមបុល ។ យ៉ូហាន ថេលើរ ត្រូវ​បាន​ហៅ​ជា​សាវក​នៅក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣៨ ។ វិលហ្វូឌ វូឌដ្រុព្វ និង ចច អេ ស្ម៊ីធ ត្រូវ​បាន​ហៅ​ជា​សាវក​នៅ​ខែ​មេសា​បន្ទាប់​នោះ ទាំង​ពីរ​នាក់​អាច​ផ្តល់​ជំនួយ​ដ៏​មាន​តម្លៃ​ក្នុងអំឡុង​ពេល​ដ៏​តឹងតែង​នោះ » (Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើក​ទី ២ [ Church Educational System student manual, ឆ្នាំ ២០០៣ ],ទំព័រ ២១១–១២ ) ។

នៅ​ថ្ងៃ​ទី ២៦ ខែ មករា ឆ្នាំ ១៨៣៩ ព្រិកហាំ យ៉ង់ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​រុះរើ​អគារ​ដើម្បី​ធ្វើ​ដំណើរ ។

« ពេញ​មួយ​សិសិររដូវ និង រដូវ​ផ្ការីក​ គណៈកម្មាការ​នេះ​បាន​រៀបចំ​អាហារ សម្លៀកបំពាក់ និង ការដឹក​ជញ្ជូន​ជន​ក្រីក្រ ។ តាមរយៈការ​យល់​ព្រម​ជា​ផ្លូវការ នោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជិតបួនរយ​នាក់ បាន​ចុះ​សេចក្តី​សញ្ញា​ថា​ទុក​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​ពួកគេ​ក្រោមការ​គ្រប់គ្រង​របស់​គណៈកម្មាការ​នេះ ‹ ក្នុង​គោលបំណង​ផ្តល់​ជា​មធ្យោបាយ​ដល់​ជន​ក្រីក្រ​សម្រាប់​ការរើចេញ​ពី​រដ្ឋ​នេះ និង ដល់​អស់​អ្នក​ដែល​ខ្វះខាត​ដែល​ចាត់ទុក​ថា​មាន​ភាពសក្តិសម​រហូត​ដល់​គ្មាន​នរណា​ម្នាក់​នៅសល់ ជា​អ្នក​ដែល​មាន​បំណង​ចាកចេញ​ពី​រដ្ឋ​នេះឡើយ › [ នៅក្នុង History of the Church,៣:២៥១ ] ។…

« នៅ​ពាក់​កណ្តាល​ខែ កុម្ភៈ​ពួក​បរិសុទ្ធ​បាន​ធ្វើ​អន្តោប្រវេសន៍​កាន់តែ​ច្រើន​ឡើងៗ ។ រទេះ​រុញ និង ក្រុម​នានា ទោះបី​ជា​ពុំ​មាន​គុណភាព​ល្អ​ក្តី​ត្រូវបាន​រៀបចំ អាហារ​បម្រុង​ដាក់​នៅតាម​ផ្លូវ​ធ្វើ​ដំណើរ ហើយ​រដូវ​រងា​នោះ​វា​មិន​ត្រជាក់​ណាស់​ណា​ទេ ។ បើមិន​ដូច្នេះ​ទេ ការចាកចេញ​ពី​រដ្ឋ មិសសួរី មិន​ងាយស្រួល​រក​ទីជម្រក​ឡើយ ។ មនុស្ស​ជា​ច្រើន​បាន​លក់​ទ្រព្យ​សម្បត្តិ និង ដី​ដ៏​មាន​តម្លៃ​ក្នុង​តម្លៃ​មួយ​ដ៏​ថោក​ដើម្បី​មាន​មធ្យោបាយ​ចាកចេញ​ពី​រដ្ឋ​នោះ » (Church History in the Fulness of Times, ទំព័រ ២១២ ) ។

បទពិសោធន៍​របស់​វិលហ្វូឌ វូឌដ្រុព្វ កាល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅប្រទេស​អង់គ្លេស

អំឡុងពេល​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អង់គ្លេស វិលហ្វូឌ វូឌដ្រុព្វ បាន​ទទួល​ការបញ្ជាក់​មួយ​មក​ពី ព្រះវិញ្ញាណ​ឲ្យ​ចាកចេញ​ពី​កន្លែង​ដែល​លោក​កំពុង​ផ្សព្វផ្សាយ ហើយ​ទៅ​កន្លែង​មួយ​ទៀត​នៃ​ប្រទេស​អង់គ្លេស ។ អែលឌើរ វូឌដ្រុព្វ បាន​ទៅដល់ ហៀហ្វតស្សើ ជា​កន្លែង​ដែល​លោក​បាន​រកឃើញ​មនុស្ស​ជាច្រើន​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។ « តាមរយៈ​ការខិតខំ​របស់ វិលហ្វូឌ វូឌដ្រុព្វ និង មនុស្ស​ដទៃ​ទៀត​ប្រមាណ​ដប់ប្រាំបី​រយ​នាក់​ផ្សេង​ទៀត​បាន​ប្រែចិត្ត​ជឿ​នៅក្នុង​តំបន់​ឃុំ​បី​គឺ ហៀហ្វត វ៉សឆេស្ទើរ និង ហ្គ្លុយឆេស្ទើរ ។… ដោយ​គិត​ពី​ពេល​ដ៏​អស្ចារ្យ​នេះ​នៃ​ជីវិត​ខ្លួន វិលហ្វូឌ វូឌដ្រុព្វ​បាន​សរសេរ ‹ ប្រវត្តិ​បេសកកម្ម​ទាំងមូល​នៅ ហៀហ្វតស្សើ នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការស្តាប់​តាម​សំឡេង​ដ៏​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង វិវរណៈ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មនុស្ស​ទាំង​នោះ​បាន​កំពុង​អធិស្ឋាន​សុំ​ពន្លឺ និង សេចក្តីពិត​ហើយ​ព្រះអម្ចាស់​បាន​បញ្ជូន​ខ្ញុំ​ទៅ​ជួប​ពួកគេ › [ នៅក្នុង Matthias F. Cowley, បាន​បោះពុម្ព, វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ ១៩៧៩ ), ទំព័រ ១២០ ] » (Church History in the Fulness of Times Student Manual, បានបោះពុម្ពលើកទី ២ [ Church Educational System student manual, ឆ្នាំ ២០០៣ ] ទំព័រ ២៣១ ) ។

ការរីកចម្រើន​នៃ​គោលលទ្ធិ​នៅក្នុង​ទីក្រុង​ណៅវូ និង តំបន់​ជុំ​វិញ​នោះ

ព្រះ​បាន​បើក​សម្តែង « នូវ​ការណ៍​ដ៏​ធំ និង សំខាន់ៗ​ជា​ច្រើន​ដែល​ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ » (មាត្រានៃសេចក្តីជំនឿ ១:៩) ខណៈ​ដែល​ពួក​បរិសុទ្ធ​បន្ត​រក្សា​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ទីក្រុង​ណៅវូ​ពី​ឆ្នាំ ១៨៣៩ ដល់ ១៨៤៦ ។ អំឡុង​ពេល​នៃ​វិវរណៈ​ដែល​មាន​បន្ត​បន្ទាប់​នេះ​បាន​កើតឡើង គឺនៅ​ដែល​ពួក​បរិសុទ្ធ​បាន​ធ្វើការ​ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដើម្បី​បើក​សម្តែង​ពិធីបរិសុទ្ធ និង ចំណេះ​ដឹង​ដែល « លាក់​ទុក​មុន​កំណើត​លោកិយ​មក​ម្ល៉េះ » (គ. និង ស. ១២៤:៤១) ។ អំឡុង​ពេលនោះ ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់ ពិធីអំណោយ​ទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង ការផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ ។ ទ្រង់​ក៏​បាន​បើកសម្តែង​បន្ថែម​ទៀត​ផងដែរ​អំពី​និស្ស័យ​នៃក្រុមព្រះ ( សូមមើល គ. និង ស.១៣០:២២) ។ ចាប់​ពី​ឆ្នាំ ១៨៤២ ដល់ ១៨៤៤ ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​សរសេរ​មាត្រា​នៃ​សេចក្តី​ជំនឿ ហើយ​បាន​បោះពុម្ព​ព្រះគម្ពីរ​អ័ប្រាហាំ ដែល​បាន​សម្រួល​ដល់​វគ្គ​ពិបាកៗ​នៃ​អត្ថបទ​របស់​គម្ពីរ​ផ្សេង​ទៀត និង បាន​បើក​សម្តែង​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ពុំ​ដែលស្គាល់ ឬ ពីមុនមានការយល់ដឹងតិចតួច ។ ព្យាការី​ក៏​បាន​ប្រគល់​កូនសោ​នៃ​នគរ​ដល់​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដូច្នេះ​ពួកគេ​អាច​ត្រូវបាន​រៀបចំ​ខ្លួន​ដើម្បី​ដឹកនាំ​សាសនាចក្រ​បន្ទាប់​ពីមរណភាព​របស់​លោក ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី​បាន​មាន​ប្រសាសន៍​អំពី​ការរីកចម្រើន​សំខាន់​មួយ​ផ្សេង​ទៀត ដែល​បាន​កើត​ឡើង​អំឡុង​ពេលនៃ​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« អគារ​នេះ [ ព្រះវិហារបរិសុទ្ធ​ណៅវូ ] គឺ​ទាក់ទង​នឹង​កិច្ចការ​អស់កល្ប​ជានិច្ច ។ វា​ឈរ​ជា​សាក្សី​មួយ​ដល់​អស់​អ្នក​ដែល​បាន​មើល​វា​ថា អស់​អ្នក​ដែល​បាន​កសាង​វា​បាន​ជំរុញ​សេចក្តី​ជំនឿ និង ចំណេះ​ដឹង​ជាក់លាក់​មួយ​ដែល​ថា ផ្នូរ​មិនមែន​ជា​ទីបញ្ចប់​ឡើយ ប៉ុន្តែ​ព្រលឹង​គឺ​អមត ហើយ​បន្ត​រស់នៅ ។ នៅក្នុង​ខែ​មិនា​ឆ្នាំ​នោះ​លោក​បាន​ស្លាប់—ឆ្នាំ ១៨៤៤—ព្យាការី​បាន​និយាយ​ពី​គោលលទ្ធិ​នេះ​នៅក្នុង​សុន្ទកថា​មួយ​ដ៏​អស្ចារ្យ ដែល​លោក​បានមានប្រសាសន៏​នៅ​ព្រៃ​ពិសិដ្ឋ​ដែល​នៅពីក្រោម​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​នោះ ។ អត្ថបទ​នៃ​សុន្ទកថា​នោះ បាន​ក្លាយ​ជា​ឯកសារ​គោលលទ្ធិ​សំខាន់​នៅក្នុង​សាសនាវិទ្យា​នៃ​សាសនាចក្រ ។ វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ទេសនាកថា​ឃីង ហ្វូលែត »​Nauvoo’s Holy Temple » Ensign, ខែ កញ្ញា ឆ្នាំ ១៩៩៤ ទំព័រ ៦២ ) ។

នៅក្នុង​ទេសនាកថា​ឃីង ហ្វូលែត ដែល​បាន​ផ្តល់​នៅពិធី​បុណ្យ​សព​របស់​បុរសម្នាក់ឈ្មោះ ឃីង ហ្វូលែតព្យាការី យ៉ូសែប ស៊្មីធបានពន្យល់​ថា យើង​បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ពីមុនយើងចុះមកលើផែនដីនេះ ហើយថាច្បាប់​របស់​ព្រះ​ធ្វើ​ឲ្យ​យើង​រីកចម្រើន ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ដោយ​ឃើញ​ថា​ទ្រង់​ស្ថិតនៅ​ក្នុង​ចំណោម​ពួក​វិញ្ញាណ និង សិរីល្អ ដោយ​សារ​ទ្រង់​មាន​បញ្ញាច្រើន​ជាង​ពួកគេ នោះ​ព្រះអង្គ​ទ្រង់​ផ្ទាល់​បាន​ទតឃើញ​ថាត្រឹមត្រូវ​ដើម្បី​បង្កើត​ច្បាប់​ ដែល​កូនចៅ​វិញ្ញាណ​ផ្សេងទៀត​អាច​មាន​ឱកាស​បាន​ក្លាយ​ដូចជា​ទ្រង់​ដែរ។ ទំនាក់ទំនង​ដែល​យើង​មាន​ជាមួយ​នឹង​ព្រះ បាន​ដាក់​យើង​នៅក្នុង​ស្ថានភាព​មួយ​ដើម្បី​បង្កើន​ចំណេះដឹង​របស់​យើង ។ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​បង្កើត​ច្បាប់ ស្ដីពី​ការណែនាំ​ដល់​អ្នក​ចេះ​ដឹង​តិចតួច ថា​ពួកគេ​អាច​ត្រូវ​បាន​តម្កើង​ឡើង​ដូច​ទ្រង់​ដែរ » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។

យ៉ូសែប ស៊្មីធ ក៏​បាន​ពន្យល់​ផងដែរ​អំពី​សក្តានុពល​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​នៃ​ព្រះ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ពេល​នោះ គឺជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​មួយ — ដើម្បី​ដឹង​ពី​ព្រះ​ដ៏​វាងវៃ និង​ពិត​តែមួយ​គត់ ហើយ​អ្នក​ត្រូវតែ​រៀន​ពី​របៀប​ដើម្បី​ក្លាយជាព្រះ​ដោយ​ខ្លួន​អ្នក ហើយ​ដើម្បី​ក្លាយជា​ស្ដេច និង​សង្ឃ​ចំពោះ​ព្រះ … ដោយ​ចេញ​ពី​កម្រិត​តូចមួយ​ទៅ​កម្រិត​មួយ​ទៀត ហើយ​ពី​សមត្ថភាព​តូច​មួយ​ទៅ​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ ពី​ព្រះ​គុណ​ទៅ​ព្រះគុណ ពី​ភាពតម្កើង​ឡើង​ទៅ​ភាពតម្កើង​ឡើង រហូតដល់​អ្នក​សម្រេចដល់​ការរស់ឡើងវិញ​របស់​មរណជន ហើយ​អាច​រស់នៅ​ក្នុង​ការដុត​ដ៏​អស់កល្ប និង អង្គុយ​នៅក្នុង​សិរីល្អ​ដូចជា​អស់​អ្នកដែល​គ្រងរាជ្យ​ដោយ​ព្រះចេស្ដា​ដ៏​អស់កល្បអស់កាលដែរ ។…

… [ ពួក​សុចរិត​ដែល​បាន​ស្លាប់ ] នឹង​រស់​ឡើងវិញ​ម្ដងទៀត ដើម្បី​នៅ​ចំពោះ​ការ​ឆេះ​ដ៏​នៅ​អស់កល្ប​អស់កាលជានិច្ច​ក្នុង​សិរី​ល្អ​ដ៏​អមតៈ គ្មាន​ព្រួយ គ្មាន​ការរងទុក្ខ ឬ ស្លាប់​ទៀតឡើយ ប៉ុន្តែ​ពួកគេ​នឹង​ក្លាយ​ជា​អ្នក​គ្រង​មរតក​នៃ​ព្រះ និង ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​ដែរ » ។ « តើ​វា​ជា​អ្វី ? » ដើម្បី​គ្រងមរតដ​នៃ​អំណាច សិរីល្អ និង ភាពតម្កើងឡើង​ដដែល​នោះ លុះត្រា​អ្នកធ្វើដំណើរ​មក​ដល់​ស្ថានីយ​របស់​ព្រះ ហើយ​ឡើង​ទៅលើ​បល្ល័ង​នៃ​អំណាច​ដ៏​អស់កល្ប ដូច​អស់​អ្នក​ដែល​បាន​ទៅ​ពីមុនៗ​ដែរ » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធ ២២១–២២) ។

ប្រវត្តិ និង កិច្ចការ​របស់​សមាគម​សង្គ្រោះ

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដែល​សមាគមសង្គ្រោះ​បាន​ជួយ​ក្នុង​ការកសាង​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ សូមមើល Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ។