ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៧; ១២៨:១–១១


មេរៀនទី ១៣៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១–១១

បុព្វកថា

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ មាន​លិខិត​មួយ​មក​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ចុះថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ១៨៤២ ដែល​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​រក្សា​កំណត់ត្រា​នៃ​បុណ្យ​ជ្រមុជទឹក​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​មរណជន ។ ប្រហែល​ជា​មួយ​សប្ដាហ៍​ក្រោយ​មក យ៉ូសែបបានសរសេរសំបុត្រមួយទៀតអំពីប្រធានបទនៃពិធីបុណ្យជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨អត្ថន័យក្នុង​លិខិត​នេះ​បង្រៀន​ពី​មូលហេតុ​ដែល​យើង​រក្សា​កំណត់ត្រា​នៃ​ពិធី​បរិសុទ្ធនៃសេចក្តី​សង្គ្រោះ​ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:១-៤

យ៉ូសែប ស្ម៊ីធ នៅតែអររីករាយ​ទោះមាន​ការបៀតបៀន និង សេចក្តីទុក្ខលំបាក

សូម​ចាប់ផ្តើម​ថ្នាក់ ដោយ​បង្ហាញ នូវក្រឡ​ធំ​ថ្លា​មួយ​ដែល​មាន​បិទ​ពាក្យ​ថា ជីវិត​មែងស្លាប់ និង ទឹក​មួយ​ថូរ​បិទ​ពាក្យ សេចក្តីទុក្ខលំបាក ។ សូម​សួរ​សិស្ស​ពី​អ្វី​ដែល​ជា​សេចក្តី​ទុក្ខលំបាក​របស់​ពួកគេ​ដែល​បាន​ធ្លាប់​ជួប ឬ បាន​ឃើញ​មនុស្ស​ដទៃ​បាន​ជួប​ ។ សម្រាប់​សេចក្តី​ទុក្ខលំបាក​និមួយៗ​ដែល​ពួកគេ​លើកឡើង សូម​ចាក់​ទឹក​ខ្លះ​ចេញ​ពី​ថូរ​ទៅក្នុង​ក្រឡ​ថ្លា​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧:១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម រកមើល​សេចក្តីទុក្ខ​លំបាក​អ្វីខ្លះ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ជួប​ប្រទះ​នៅក្នុង​ទីក្រុង​ណៅវូ ឆ្នាំ ១៨៤២ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា​នៅក្នុង​ខែ ឧសភា ឆ្នាំ ១៨៤២ លីលបឹន ដ័បុលយូ បកស៏ ដែល​ជា​អតីត​អភិបាល​នៃ​រដ្ឋ មិសសួរី​ដែល​បាន​ចេញ​បញ្ជា​ឲ្យ​សម្លាប់​ផ្តាច់​ពូជប្រឆាំង​នឹង​ពួក​បរិសុទ្ធ ត្រូវបាន​រងរបួស​ដោយ​ឃាតករ​មិន​ស្គាល់​មុខ​ម្នាក់ ។ អាជ្ញាធរ​រដ្ឋ មិសសួរី បាន​ចោទប្រកាន់​យ៉ូសែប ស្ម៊ីធ​ពី​ការរៀបចំ​មនុស្ស​ម្នាក់​នោះឲ្យ​មក​ធ្វើ​ឃាត លោក បកស៏ ហើយ​បាន​ព្យាយាម​នាំ​យក​ព្យាការី​ត្រឡប់​ទៅ​រដ្ឋ មិសសួរី​វិញ​ដើម្បី​កាត់ទោស ។ យ៉ូសែប ស្ម៊ីធ បាន​ចាកចេញ​ពី​រដ្ឋ មិសសួរី​ប៉ុន្មាន​ឆ្នាំមុន ហើយ​បាន​រស់នៅ​ក្នុត​តំបន់​នៃ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ​នៅពេល​នោះ ។ ដោយដឹង​ថា បើសិន​លោក​ត្រឡប់​ទៅ​រដ្ឋ មិសសួរី​វិញ​លោក​នឹង​ត្រូវ​គេ​សម្លាប់ នោះ​ព្យាការី​បាន​លាក់​ខ្លួន​ពី​អជ្ញាធរ​រដ្ឋ មិសសួរី​មួយ​រយៈ​ដើម្បី​ចៀសវាង​ពី​ការចាប់​ខ្លួន​ដោយខុស​ច្បាប់​នោះ ។ នៅក្នុង​ខែ មករា ឆ្នាំ ១៨៤៣ ដីកាចាប់​ខ្លួន​យ៉ូសែប ស្ម៊ីធ និង បត្យាប័ន​នាំ​ខ្លួន​លោក​មក​រដ្ឋ មិសសួរីគឺ​ខុសច្បាប់ ។

សូម​ពន្យល់ថា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧ គឺជាលិខិតមួយ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​សរសេរ​ទៅ​សមាជិក​នៃ​សាសនាចក្រ ខណៈ​ដែលលោកកំពុងប្តូរទីលំនៅដើម្បីគេចពីការចាប់ខ្លួនខុសច្បាប់ពីសំណាក់អជ្ញាធរ ​រដ្ឋ មិសសួរី ។ លិខិតនេះត្រូវបានអានឲ្យពួកបរិសុទ្ធ​នៅ​ទីក្រុង​ណៅវូ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ។

សូម​បង្ហាញ​បាល់​ពីរ​ដល់​សិស្ស​ ដែលបាល់​នោះ​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា បាល់​មួយ​អណ្តែតទឹក ហើយ​មួយ​ទៀត​លិច ។ ( ឧទាហរណ៍ អ្នក​អាច​ប្រើ​បាល់​វាយ​កូន​ហ្គោ​លផ្លាស្ទីក និង បាល់​វាយ​កូនហ្គោ​លធម្មតា ) ។ សូម​ដាក់​បាល់​ទាំង​ពីរ​នោះ​នៅក្នុង​ក្រឡ​ទឹក​នោះ ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​បាល់​ទាំងពីរ​នេះ អាច​តំណាង​ឲ្យវិធី​ផ្សេង​គ្នា​ដែល​មនុស្ស​ឆ្លើយតប​នឹង​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ដូចម្តេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧:២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប ដែល​យ៉ូសែប ស្ម៊ីធ​បាន​ឆ្លើយ​តប​ចំពោះ សេចក្តីទុក្ខលំបាក​នោះ ។

  • តើ​បាល់​មួយ​ណា​ដែល​តំណាង​ឲ្យ​ការឆ្លើយតប​ចំពោះ​សេចក្តី​ទុក្ខ​លំបាក​របស់​យ៉ូសែប ស្ម៊ីធ ? ហេតុអ្វី ?

  • តើ​យ៉ូសែប ស្ម៊ីធ បាន​ដឹង​ថា​លោក​នឹង​ឈ្នះ​លើ​សេចក្តី​ទុក្ខលំបាក និង គ្រោះថ្នាក់​របស់​លោក​ដោយ​របៀប​ណា ?

  • យោងតាម​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ទៅ​កាន់ពួក​បរិសុទ្ធ តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្តី​ទុក្ខ​លំបាកបាន ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សង្ខេប​ប្រយោគ​របស់​ពួកគេ ដោយ​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ការទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្តីទុក្ខ​លំបាក) ។

សូម​អញ្ជើញ​សិស្សឲ្យ​គិត​អំពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ( ឬ ធ្លាប់រៀនពីម្នាក់នោះ ) ដែល​អាច​ស៊ូទ្រាំ​សេចក្តី​ទុក្ខលំបាក ដោយសារ​គាត់​បាន​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ពន្យល់​ពី​មនុស្ស​ដែល​ពួកគេ​បាន​គិតដល់នោះ និង របៀប​ដែល​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ បាន​ជួយ​បុគ្គល​នេះ​ឲ្យ​ស៊ូទ្រាំ​ទុក្ខវេទនា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧:៣-៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ រកមើល​អ្វី​ដែល​ព្យាការី​បាន​ប្រាប់​ពួកបរិសុទ្ធ ។ សូមអញ្ជើញ​សិស្ស​ស្វែងរក ហើយ​ចែកចាយ​ឃ្លា​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  • យោង​តាម ខ ៣តើ​ហេតុអ្វី​ពួកបរិសុទ្ធ​គួរតែ​រីករាយ​អំឡុង​ពេល​នៃ​សេចក្តីទុក្ខលំបាក ?

  • នៅក្នុង ខ ៤, តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី ខ្លះ​ដល់​អស់​អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការបៀតបៀន ?

  • តើ​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​បាន​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​នឹង​ពេល​វេលា​លំបាកៗ​នៅក្នុង​ជីវិត​អ្នក​ដូចម្តេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥-១២

ព្យាការី​យ៉ូសែប ស្ម៊ីធ ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​រក្សា​កំណត់ត្រា​នៃ​បុណ្យ​ជ្រមុជទឹក​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​មរណជន

សូម​រំឭក​សិស្ស​ថា ប្រហែល​ជា​មួយ​ឆ្នាំ​កន្លះ​ពីមុន​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​លិខិត​នេះ ព្រះអម្ចាស់​បាន​ប្រាប់​ពួកបរិសុទ្ធ​ថា​ពិធី​បរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល គ. និង ស. ១២៤:៣០) ។ ទោះជាយ៉ាង​ណា ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន​នៅក្នុង​ទន្លេ និង ស្ទឹង​ដែល​នៅ​ក្បែរ​នោះ​សម្រាប់​មួយ​រយៈពេល​ខ្លី ។ ព្រះអម្ចាស់​បាន​ប្រាប់​ពួកគេ​ថា​នៅពេល​ព្រះវិហារ​បរិសុទ្ធសង់រួច​ស្រេចបាច់ ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់​អាច​ទទួល​យក​បាន​បើសិន​បាន​ធ្វើ​ឡើង​នៅតែ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ពួកបរិសុទ្ធ​បាន​ចាប់ផ្តើម​ធ្វើ​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ទីក្រុង ណៅវូ នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៤១ ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​ចុងក្រោយ​គេ​ដែល​ពួកគេ​បាន​ចូលរួម​នៅក្នុង​ពិធី​បុណ្យ​ជម្រុជទឹក​សម្រាប់​មរណជន ។ សូម​អញ្ជើញ​ពួកគេឲ្យ​ពិពណ៌នា​ពី​បទពិសោធន៍ រួមទាំង​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្បែរ​អាង​ជ្រមុជទឹក​អំឡុង​ពេល​បុណ្យជ្រមុជទឹក ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧:៥-៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​នរណា​ដែល​គួរតែ​មាន​វត្តមាន​នៅពេល​គេ​ធ្វើ​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម ខ ៧, ហេតុអ្វី​បាន​វា​សំខាន់​ថា​កំណត់ត្រា​គឺ​ជាសាក្សី​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ?

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ដែល​យើង​ធ្វើ​នៅ​លើ​ផែនដី នេះគឺ…

សូម​អញ្ជើញ​សិស្សឲ្យ​បំពេញ​សេចក្ដីថ្លែង​ការណ៍​យោង​តាម ខ ៥–៩ ។ ( សិស្ស​គួរតែ​បំពេញ​សេចក្តី​ថ្លែងការណ៍​នេះ ដែល​ឲ្យ​ស្រដៀង​ទៅនឹង​សេចក្តីពិត​ដូច​ខាង​ក្រោម ៖ ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​ដែល​យើង​ធ្វើ​នៅលើ​ផែនដី​នេះ​កំពុង​តែ​ចង​វា​នៅ​ក្នុង​ឋាន​សួគ៌ដែរ) ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ​នឹង​ត្រូវចង​ភ្ជាប់​នៅក្នុង​ឋាន​សួគ៌ ?

  • តើ​ការដឹង​ពី​សេចក្តី​ពិត​នេះ​អាច ជួយ​អ្នក​បំពេញ​ទំនួល​ខុសត្រូវ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់ « មរណជន​របស់​អ្នក » យ៉ាង​ដូចម្តេច ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១០–១២ ដោយ​ពន្យល់​ថា យ៉ូសែប ស៊្មីធ ចង់​បង្រៀន​ពួកបរិសុទ្ធ​បន្ថែម​ទៀត​អំពី​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់ ប៉ុន្តែ​ដោយសារ​លោក​កំពុង​លាក់​ខ្លួន​នោះ​លោក​ពុំ​អាច​បង្រៀន​ពួកគេ​បាន​ឡើយ ។ លោក​បាន​សន្យា​ថា​សរសេរលិខិត​បន្ថែម​ឲ្យ​ពួកបរិសុទ្ធ​អំពី​បុណ្យជ្រមុជទឹក​សម្រាប់​មរណជន និង ប្រធាន​បទ​សំខាន់​ដទៃទៀត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១-១១

យ៉ូសែប ស៊្មីធ ពន្យល់​ពី​មូលហេតុ​ដែល​យើង​រក្សា​កំណត់ត្រា​សម្រាប់​ពិធី​បរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ

ប្រហែល​ជា​មួយ​សប្តាហ៍​បន្ទាប់​ពីលោក​បានសរសេរលិខិត​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧, យ៉ូសែប បាន​សរសេរ​លិខិត​មួយ​ទៀត​ឲ្យ​ពួកបរិសុទ្ធ​ទាក់ទង​នឹង​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។ លិខិត​នេះ​មាន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១-៥ ដោយ​ពន្យល់​ថា យ៉ូសែប បាន​បង្រៀន​ថា​កំណត់ត្រា​ក្នុង​មូលដ្ឋាន​គួរតែ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ជា​សាក្សី និង កត់ត្រា​អំពី​ពិធី​បរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់ ។ លោក​ក៏​បាន​បង្រៀន​ថា​អ្នក​កត់ត្រាទូទៅ គួរតែ​ត្រូវបានតែងតាំង​ដើម្បី​ចងក្រង​កំណត់ត្រា​ក្នុង​មូលដ្ឋាន​ឲ្យ​ទៅជា​កំណត់ត្រា​សាសនាចក្រទូទៅ ។

សូម​បង្ហាញ​លិខិត​ឆ្លង​ដែន​មួយ ( ឬ រូបភាព​នៃ​លិខិត​ឆ្លងដែន ) ។ សូម​សួរ​ថា​តើ​ឯកសិទ្ធ​បែប​ណា​ដែល​អ្នក​កាន់​លិខិតឆ្លងដែន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ។

  • ហេតុអ្វី​បាន​ជា​អ្នកពុំ​អាចប្រើ​លិខិត​ឆ្លងដែនអ្នកដទៃ​ចូល​ទៅក្នុង​ប្រទេស​មួយ​ទៀត​បាន ?

  • តើ​នឹង​មាន​អ្វី​កើតឡើង​បើសិន​អ្នក​ព្យាយាម​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ទៀត ប៉ុន្តែ​ព័ត៌មាន​នៅក្នុង​លិខិត​ឆ្លងដែន​របស់​អ្នក​ពុំ​បាន​បំពេញ​ចប់​សព្វគ្រប់​នោះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:៦-៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ថា​តើ​កំណត់​ត្រា​អ្វី​ដែល​នឹង​ត្រូវបាន​ប្រើ​ប្រាស់​ដើម្បី​សម្រេច ថា​បើសិន​យើង​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ចង្អុល​បង្ហាញ​ថា យ៉ូហាន និង​យ៉ូសែប ស៊្មីធ បាន​និយាយ​ពី​កំណត់ត្រា​ជាច្រើន ៖ « បញ្ជី​បាន​បើកឡើង » ហើយ « បញ្ជី​មួយ​ទៀត…គឺ​ជា​បញ្ជី​ជីវិត » ។

  • យោង​តាម ខ ៧, តើ​បញ្ជី​ដំបូង​ដែល​បាន​និយាយ​ដោយ​យ៉ូហាន​នោះ​គឺ​ជា​បញ្ជី​អ្វី ? ( បញ្ជី​ទាំងឡាយ​ដែល​បាន​រក្សាទុក​នៅលើ​ផែនដី ) ។

  • តើ​បញ្ជី​ជីវិត​គឺ​ជា​អ្វី ? ( បញ្ជា​ដែល​បាន​រក្សាទុក​នៅលើ​ឋានសួគ៌ ) ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​បាន​កត់ត្រា​នៅក្នុង​បញ្ជី​ទាំង​នេះ ? ( កិច្ចការ​របស់​យើង ) ។

  • តើ​កិច្ចការ​អ្វី ខ្លះ​ដែល​ត្រូវតែ​កត់ត្រា​នៅក្នុង​បញ្ជី​នេះ ដើម្បី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះ​បាន ?

បន្ទាប់​ពី​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​ទាក់ទង​នឹង​សំណួរ​នោះ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ពិធីបរិសុទ្ធ និង សេចក្ដី​សញ្ញា ក្លាយ​ជា​ប័ណ្ណ​សម្គាល់​ខ្លួន​យើង​សម្រាប់​ការចូល​ទៅក្នុង​វត្តមាន [ វត្តមាន​របស់​ព្រះ ] (« Covenants »Ensign, ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ២៤ ) ។

  • យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ផាកកឺ តើ​អ្វី​នឹង​កើតឡើង​នៅ​ថ្ងៃ​នៃ​សេចក្តី​ជំនុំជម្រះ បើសិន​បញ្ជី​របស់​មនុស្ស​ម្នាក់​បង្ហាញ​ថា​គាត់​ពុំ​ធ្លាប់​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក​នោះ ?

សូម​សរសេរ​ឃ្លា​ខាងក្រោម​លើ​ក្តារខៀន ៖ មិន​ថា​អ្វី​ដែល​អ្នក​ចងភ្ជាប់​នៅ​លើ​ផែនដី​នេះ ​នោះ​នឹង​ត្រូវ​បាន​ចងភ្ជាប់​លើ​នៅ​ឋានសួគ៌​ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ពី​សេចក្តី​ថ្លែងការណ៍​នេះ​ទៅកាន់​ពួកបរិសុទ្ធ ។ នៅពេល​សិស្ស​រាយការណ៍​ពី​អារម្មណ៍​របស់​ពួកគេ សូម​ជំនួស​ពាក្យ ចង ជាមួយ​ពាក្យ បញ្ជី ដោយ​ពាក្យ បាន​ចង ដោយ​ពាក្យ បាន​កត់ត្រា នៅលើ​ក្តារខៀន ។

  • តើ​យើង​រៀន​អ្វីខ្លះ​ពី ខ ៨ អំពី​ការកត់ត្រា​ពិធី​បរិសុទ្ធ​ដែល​យើង​ទទួល​នោះ ? ( អ្នក​អាច​ពន្យល់​ថា​ឃ្លា « ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ » សំដៅ​លើ​មនុស្ស​ដែល​បាន​ជ្រមុជទឹក​សម្រាប់​ខ្លួន​ពួកគេ ហើយ​ឃ្លា « ភ្នាក់ងារ​របស់​គេ​ផ្ទាល់ » សំដៅ​លើ​អស់​អ្នក​ដែល​បាន​ជ្រមុជទឹក​ក្នុង​នាម​ជា​អ្នក​ជំនួស ) ។

សូម​សរសេរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖ នៅពេល​ពិធីបរិសុទ្ធ​មួយ​ត្រូវបាន​ធ្វើ​ឡើង​ដោយ ហើយ​បាន​រក្សា​យ៉ាង​ត្រឹមត្រូវ ពិធី​បរិសុទ្ធ​នេះ​ត្រូវបាន​ចង​នៅលើ​ផែនដី និង នៅលើ​ឋានសួគ៌ ។

  • យោង​តាម ខ ៨, តើ​អ្វី​ដែល​ចាំបាច់​ត្រូវតែ​កើត​មាន​ដើម្បី​ឲ្យ​ពិធី​បរិសុទ្ធ​ត្រូវបាន​ចង​នៅលើផែនដី និង នៅឋានសួគ៌ ? ( នៅពេល​សិស្ស​ឆ្លើយ សូមអញ្ជើញ​សិស្ស​ឲ្យបំពេញ​សេចក្តីពិត​នៅ​លើ​ក្តារខៀន​ដូចខាង​ក្រោម​នេះ ៖ នៅពេល​ពិធី​បរិសុទ្ធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ហើយ​កំណត់ត្រា​ត្រូវបាន​រក្សា​ត្រឹមត្រូវ នោះ​ពិធីបរិសុទ្ធ​នោះ​កំពុង​បាន​ចង​នៅលើ​ផែនដី និងនៅក្នុង​ឋានសួគ៌) ។

  • តើ​សេចក្តី​សង្ឃឹម​អ្វី​ខ្លះ​ដែល​គោលការណ៍​នេះ​ផ្តល់​ដល់​អស់​អ្នក​ដែល​បាន​ស្លាប់ទៅ ​ដោយ​ពុំមានចំណេះដឹង​អំពី​ដំណឹងល្អនោះ ?

  • តើ​ការទទួល​ខុសត្រូវ​អ្វីខ្លះ​ដែល​យើងត្រូវ​មាន​ដើម្បី​បំពេញ​គោលការណ៍​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល យ៉ូសែប ស៊្មីធ​បាន​ប្រសាសន៍​អំពី​គោលការណ៍​នេះ ។

  • តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វី​ខ្លះ​នៅក្នុង​គ្រប់​សម័យ​កាន់កាប់ត្រួតត្រា​ទាំងអស់​នៃ​បព្វជិតភាព ? ( ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិ​អំណាច​យ៉ាង​ហោច​ណាស់​ដល់​អ្នក​បម្រើ​របស់​ទ្រង់​ម្នាក់​ដើម្បី​កាន់ និង ប្រើប្រាស់​កូនសោ​នៃ​ការផ្សារភ្ជាប់​នៃ​បព្វជិតភាព ) ។

  • យោងតាម ខ ៩, តើ​អ្វី​កើត​ឡើង​នៅពេល​ពិធីបរិសុទ្ធ​មួយ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព និង បាន​រក្សា​កំណត់ត្រា​ត្រឹមត្រូវ​នោះ ? ( វា​ក្លាយ​ជា​ក្រឹត្យវិន័យ​មួយ​លើ​ផែនដី និង នៅក្នុង​ឋានសួគ៌ ហើយ​មិន​អាច​ក្លាយ​ជា​អសារឥតការឡើយ លុះត្រាតែបុគ្គល​នោះ​ដែល​ទទួល​វា​នោះ​រស់នៅ​ពុំ​សក្តិសម ) ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១០-១១ ដោយ​ពន្យល់​ថា គឺ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​កូនសោ​ផ្សារភ្ជាប់​នៃ​បព្វជិតភាព​ដល់​ពេត្រុស នោះ​ទ្រង់​បាន​ប្រទាន​កូនសោ​នោះ​ដល់​ជំនាន់​យើង​នេះ​ម្តង​ទៀត ។

សូម​បញ្ចប់​មេរៀន​ដោយ​សរសេរ សំណួរខាង​ក្រោម នៅលើ​ក្តារខៀន ហើយ សូម​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ទាំង​នោះ នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ ។

តើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន និង កូនសោ​នៃ​ការផ្សារភ្ជាប់​ទាក់ទង​គ្នា​យ៉ាង​ដូចម្ដេច ?

តើ​អ្នក​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ?

សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ការធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការចូលរួម​របស់​ថ្នាក់​ដឹកនាំ​ពី​សម័យ​មុនៗ​ជាមួយ​អង្គការ​ម៉ាសុន

ទោះបី​ជា​ព្យការី យ៉ូសែប ស៊្មីធ និង​សមាជិក​សាសនាចក្រ​ជា​ច្រើន​បាន​ចាកចេញ​ពី រដ្ឋ មិសសួរី​នៅ​ឆ្នាំ ១៨៣៩ ក៏ដោយ ការបៀតបៀន​ពី​ពួក​មិសសួរី​បាន​បន្ត​មក​តាម​ព្យាការី​នៅពេល​លោក​បាន​ធ្វើការ​ដើម្បី​កសាង​ទីក្រុង​ណៅវូ រដ្ឋ អិលលីណោយ ។ នៅដើម​ឆ្នាំ ១៨៤២ យ៉ូសែប ស៊្មីធ និង ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​នៃ​ទីក្រុង​ណៅវូ បាន​ចូលរួម​អង្គការ​មិត្តភាព​មួយ​ដែល​ហៅថា​ម៉ាសុន ។ ពួកគេ​បាន​ធ្វើ​ការណ៍​នេះ​ដើម្បី​ស្ថាបនា និង ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នក​ដឹកនាំ​រដ្ឋ និង អ្នកដឹកនាំប្រជាជននោះ ​ដែលស្គាល់ថា​ជា​ពួក​ម៉ាសុន និង ដែល​អាច​ជួយ​ការពារ​ពួកបរិសុទ្ធ​ប្រឆាំង ​និង​ការគម្រាមកំហែង​ជា​បន្តបន្ទាប់​មក​ពី​ពួក​អ្នក​បៀតបៀន​របស់​ខ្លួន​នៅក្នុង​រដ្ឋ មិសសួរី ។ ( សូមមើល Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ២៦៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥ ។ « ពិធីបុណ្យ​ជ្រមុជទឹក​ជំនួសមនុស្សស្លាប់ »

អែលឌើរ ដ័បុលយូ ហ្គ្រាន ប៊ែងហ្គើរធើរ នៃ​ពួក​ចិតសិប​នាក់ បាន​ពន្យល់​ថា​យើង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​អស់​អ្នក​ដែល​ស្លាប់​ខាង​រូបកាយ ប៉ុន្តែ​ជា​អស់​អ្នក​ដែល​មាន​វិញ្ញាណ​បន្ត​រស់នៅ ៖

រូបភាព
អែលឌើរ ដ័បុលយូ ហ្គ្រាន ប៊ែងហ្គើរធើរ

« សូម​ឲ្យ​យើង​ចងចាំ​ជានិច្ច​ពី​ការណ៍​នេះ​ថា យើង​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មនុស្ស មិនមែន​សម្រាប់​កេរ្ត៍ឈ្មោះ​ឡើយ ។ អស់​អ្នក​ដែល​យើង​ហៅ​ថា ‹ មរណជន › គឺ​ជា​អ្នក​ដែល​កំពុង​មាន​វិញ្ញាណ​រស់នៅ ហើយ​មាន​វត្តមាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » (« What Temples Are For, » Ensign, ខែ ឧសភា ឆ្នាំ ១៩៨២ ទំព័រ ៧២ ) ។