ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣-១៣៥ ( មេរៀន​ទី ២៩ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣-១៣៥ ( មេរៀន​ទី ២៩ )

ការរៀបចំ​មេរៀន​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​មេរៀន​សម្រាប់​សិស្ស​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣–១៣៥ ( មេរៀនទី ២៩ ) ។ សេចក្តីសង្ខេប​នេះ​មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​សម្រាប់​មេរៀន​ទី ២៩ ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបីនេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣៥)

នៅពេល​សិស្ស​បាន​សិក្សា​អំពីការបង្រៀន​របស់​ព្រះអម្ចាស់ ទាក់ទង​នឹង​ការយាងមក​ជាលើក​ទីពីរ​របស់​ទ្រង់ ពួកគេ​បាន​រៀន​ថា​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ នោះទ្រង់​នឹង​យាង​មក​នៅក្នុង​ការជំនុំជំម្រះ​ប្រឆាំងទាស់​នឹងពួកអាក្រក់ ។ សិស្សក៏​បាន​រកឃើញ​ផងដែរ​នូវ​របៀប​នានា​ដែល​យើង​អាច​រៀបចំខ្លួន​យើង និង​អ្នកដទៃ​សម្រាប់ការយាង​មកជា​លើក​ទីពីរ ។ ការរៀបចំ​ខ្លួន​នេះ​រួម​មាន​ការប្រែចិត្ត និង ពុំ​ត្រឡប់​ទៅរក​អំពើ​បាប​ពី​មុនៗ​របស់​ខ្លួន​វិញ​ឡើយ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៥-៧៤)

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​បន្ត​ការសិក្សា​របស់​ខ្លួន​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់ទាក់ទង​នឹង​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ។ ពួកគេ​បាន​រៀន​ថាក្នុងនាមជាអ្នកបម្រើរបស់ព្រះ ពួកគេអាចជួយ​មនុស្ស​ដទៃ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ តាមរយៈការចែកចាយដំណឹងល្អជាមួយពួកគេ ។ សិស្សក៏បានឃើញផងដែរថាព្រះអម្ចាស់បាន​រៀបចំ​ពរជ័យ​ដ៏​មហិមា​សម្រាប់​អស់​អ្នក​ដែល​រង់ចំ​ទ្រង់ ហើយ​ថា​អស់​អ្នក​ដែល​ប្រែចិត្ត ហើយ​ញែក​ខ្លួន​ពួកគេ​ចេញ​ជា​បរិ​សុទ្ធ​នឹង​បាន​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤)

នៅពេល​សិស្ស​បាន​សិក្សា​សេចក្តីប្រកាស​នេះ​អំពី​ជំនឿ​របស់​សាសនាចក្រ​ទាក់ទង​នឹង​រដ្ឋាភិបាល និង ក្រឹត្យវិន័យ​នានានោះពួកគេ​បានរកឃើញ​សេចក្តីពិតដូចតទៅ ៖ រដ្ឋាភិបាល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ​សម្រាប់​ជា​ប្រយោជន៍​នៃ​មនុស្ស ហើយ​រដ្ឋាភិបាល​មាន​ទំនួលខុសត្រូវ​ចំពោះ​ព្រះ ដើម្បី​ការពារ​សិទ្ធិរបស់​បុគ្គល​ម្នាក់ៗ រួមទាំង​សេរីភាព​សាសនា​ផងដែរ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា យើង​មាន​កាតព្វកិច្ចដើម្បីគាំទ្រ និង ទ្រទ្រង់​រដ្ឋាភិបាល​នៅក្នុង​កន្លែងដែល​យើង​រស់នៅ ហើយ​ថា​ព្រះ​នឹង​ឲ្យ​យើង​ទទួល​ខុសត្រូវ​ចំពោះ​ការរំលង​ក្រឹត្យវិន័យ​របស់​ទ្រង់ និង ច្បាប់​របស់​មនុស្ស ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥)

ជា​ផ្នែក​នៃ​មេរៀននេះ សិស្សបានរៀនអំពីព្រឹត្តិការណ៍នានាដែលទាក់ទងនឹងទុក្ករកម្មនៃ​ យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ហើយ​បាន​សិក្សា​ពី​សេចក្តីប្រកាស​មួយ​ដែល​បាន​សរសេរ​អំពី​មរណភាព​របស់​ពួកលោក ។ តាមរយៈ​ការធ្វើ​ដូច្នេះ នោះ​សិស្ស​បាន​ឃើញ​ថា​យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ បាន​ផ្សារភ្ជាប់​ទីបន្ទាល់​របស់​ពួកលោក​អំពី​ភាពពោរពេញ​នៃ​សេចក្តីពិត​នៃ​ដំណឹង​ល្អ ដែល​បាន​ស្តារ​ឡើង​វិញជាមួយ​ជីវិត​របស់​ពួកគេ ។

សេចក្តីផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​កិច្ចការ​មួយ​ចំនួន​ដែល​ព្យាការី យ៉ូសែប ស៊្មីធ​បាន​ធ្វើ​សម្រាប់​សេចក្តីសង្គ្រោះ​របស់​មនុស្ស​លោក ។ សិស្ស​នឹង​មាន​ឱកាស​ផងដែរ​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១-៧

ទុក្ករកម្ម​នៃ​ព្យាការី​យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ត្រូវបាន​ប្រកាស

ពីមុន​ថ្នាក់​រៀន សូម​បង្ហាញ​រូបភាព​របស់ យ៉ូសែប ស្ម៊ីធ ( សូមមើល សៀវភៅ​សិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៨៧ សូមមើល​ផងដែរ LDS.org) ។ អ្នក​អាច​គិត​ពី​ការឲ្យសិស្ស​ច្រៀង​បទ « សរសេរ​ដល់​លោក » (ទំនុក​តម្កើង, លេខ ១៦ ) សម្រាប់​ទំនុកតម្កើងការប្រជុំធម្មនិដ្ឋាន ។ ពីមុន​ការប្រជុំធម្មនិដ្ឋាន​សូម​ពន្យល់​ថា ដ័បុលយូ ដបុលយូ ហ្វែប្ស បាន​សរសេរ​ទំនុក​បទ​នៃ​ទំនុកតម្កើង​នេះ​ដើម្បី​រំឭកចាំ​ពី​យ៉ូសែប ស្ម៊ីធ​ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពីទុក្ករកម្ម​របស់​ព្យាការី ។

រូបភាព
យ៉ូសែប ស្ម៊ីធ

សូម​ចាប់ផ្ដើមមេរៀន​ដោយ​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​ជជែក​ជាមួយ​នរណា​ម្នាក់​ដែលមិនមែន​ជា​សមាជិក​សាសនាចក្រ​អំពី​ព្យាការី យ៉ូសែប ស៊្មីធ​ដែរ​ឬ​ទេ ? ប្រសិនបើ​បាន​ជជែក​គ្នា​មែន តើ​អ្នក​បាន​ជជែក​គ្នា​ពី​អ្វី ? ( ប្រសិន​បើ​គ្មាន​នរណា​ម្នាក់​ធ្លាប់​ជជែកគ្នាពីរឿងនោះ​ទេ សូម​សួរ​សិស្ស​នូវ​អ្វី​ដែល​ពួកគេ​ចង់​ប្រាប់​មនុស្ស​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ) ។

សូម​រំឭកសិស្ស​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥ មាន​នូវ​សេចក្ដីប្រកាស​នៃ​ទុក្ករកម្ម​របស់​យ៉ូសែប និង​ហៃរ៉ុម ស្ម៊ីធ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ប្រយោគ​ទីមួយ​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូមឲ្យ​សិស្ស​ផ្ទៀងតាម ។

  • តើ​សារលិខិត​នៃ​ខគម្ពីរ​នេះ​គឺ​ជា​អ្វី ? ( សិស្ស​គួរតែ​បង្ហាញ​ថា យ៉ូសែប ស៊្មីធ​បាន​ធ្វើ​កិច្ចការ​ច្រើន​ជាងគេ លើក​លែង​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ សម្រាប់​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​លោក​នេះ ជាង​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​រស់​នៅ​ក្នុងលោកនេះ) ។

  • តើ​ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សេចក្តីស​ង្គ្រោះ និង ភាពតម្កើងឡើង​របស់​យើង ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឃ្លា​ទាំងអស់​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពីអ្វី​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​សម្រាប់​សេចក្តីសង្គ្រោះ​របស់យើង ។ សូមឲ្យ​សិស្ស​ស្វែងរក​ចំណុច​បន្ថែម​ទៀត​ដើម្បី​បន្ថែម​លើ​បញ្ជី​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​ប្រធាន​យ៉ូសែប ហ្វែស ស៊្មីធ ។ សូម​ឲ្យ​សិស្ស​ស្តាប់រក​មើល​នរណា​ដែលត្រូវបានទទួល​រង​ឥទ្ធិពល​ តាមរយៈ​កិច្ចការ​នៃ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« កិច្ចការ​ដែល​យ៉ូសែប ស្ម៊ីធ បានចូលប្រឡូក​ពុំត្រូវបានកំណត់ចំពោះតែជីវិតនេះនោះទេ ប៉ុន្តែ​វាជាប់​ទាក់ទងនឹងជីវិត​ឯបរលោកនាយ និង ជីវិត​ដែល​ធ្លាប់មានផងដែរ ។ និយាយ​ម្យ៉ាង​ទៀត​ថា វា​ជាប់​ទាក់ទង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​រស់នៅ និង អ្នក​ទាំងឡាយ​ណា​ដែល​នឹង​មក​បន្ទាប់​ពី​យើង ។ វា​ពុំ​មែន​ជា​អ្វី​ដែល​គ្រាន់តែ​ទាក់ទង​នឹង​មនុស្ស ​អំឡុងពេលពួកគេរស់​នៅក្នុងរោង​ឧបោសថ​នៅក្នុង​សាច់ឈាម​នោះទេ ប៉ុន្តែ​គឺ​សម្រាប់​គ្រួសារ​មនុស្ស​ទាំង​អស់​ចេញ​ពី​ភាពអស់កល្ប​ទៅ​ភាពអស់​កល្ប » (Gospel Doctrine, ការបោះពុម្ពលើក​ទី ៥. [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៨១ ) ។

សូម​មើល​ការពិពណ៌នា​របស់​យ៉ូសែប ស្ម៊ីធអំពី​ការនាំចេញ​មក​នូវ​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​នៅក្នុង ខ ៣។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​កិច្ចការ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើលហេតុផល​ដែល​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​ត្រូវបាន​នាំ​ចេញ​មក ។

  • យោង​តាម ខ ៦, ហេតុអ្វី​បាន​ជា​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​ត្រូវបាន​នាំចេញ​មក ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​រកឃើញសេចក្ដីពិត​ខាង​ក្រោម​នេះ ៖ ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​ត្រូវបាន​នាំ​ចេញ​មក​សម្រាប់​សេចក្តី​សង្គ្រោះ​ដល់​ពិភពលោក) ។

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​ព្រះគម្ពីរ​ទាំង​នេះ​រួមចំណែក​ផ្តល់​សេចក្តីសង្គ្រោះ​ដល់​ពិភពលោក ?

  • យោង​តាម ខ ៦, តើអ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​មាន​តម្លៃ​ខ្លាំង​បំផុត​ក្នុង​ចំណោម​ព្រះគម្ពីរ​ដែល​អ្នក​មាន ?

សូម​ឲ្យ​សិស្ស​ពិចារណា​ពីអ្វី​ដែល​ពួកគេ​បាន​ធ្វើជាមួយ​ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​នៅក្នុងជីវិត​របស់​ពួកគេ ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​ការដឹង​គុណ​របស់​យើង​ចំពោះ​ការបូជា​របស់​យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធដើម្បី​នាំ​ចេញ​មក​នូវ​ព្រះគម្ពីរ​ទាំង​នេះ ?

សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុងសៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​នូវ​របៀប​ជាក់លាក់​មួយ ដែលពួកគេ​អាច​បង្ហាញ​ការដឹងគុណ​របស់​ខ្លួន​ចំពោះ​ការបូជា​ដែល​បានធ្វើ​ឡើង​ ដើម្បី​នាំចេញ​មក​នូវ​ព្រះគម្ពីរ​ទាំង​នេះ ។

សូមមើលបញ្ជី​ដែល​បាន​សរសេរ​លើ​ក្ដារខៀនពីពេល​ចាប់ផ្តើម​មេរៀន​ដំបូង ។ សូម​ថ្លែងទីបន្ទាល់​ថា​តាមរយៈ​ការជួយ​ស្តារព្រះគម្ពីរ គោលលទ្ធិ​ពិត សិទ្ធិ​អំណាច​នៃ​បព្វជិតភាព និង កូនសោ​ ពិធី​បរិសុទ្ធ និង រចនាសម្ព័ន្ធនៃ​សាសចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ នោះ​យ៉ូសែប ស្ម៊ីធ បាន​ជួយ​កូនចៅ​របស់​ព្រះ​ទាំងអស់​ទទួល​បាន​សិទ្ធិពេញលេញ​ ដើម្បី​ទទួល​ពរជ័យ​នៃ​ដង្វាយធួន ។

សូម​ពន្យល់​ថា​មនុស្ស​មួយចំនួន​អាច​យល់​ច្រឡំ​អំពី​អារម្មណ៍ ឬ ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចំពោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ស្តាប់​រកមើល​របៀប​ដែល​សមាជិក​សាសនាចក្រ​យល់​ឃើញ​ចំពោះ​យ៉ូសែប ស្ម៊ីធ​នៅក្នុង​ទំនាក់ទំនង​ចំពោះ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​អាច​ធ្វើ​បាន អ្នក​អាច​ផ្តល់ ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​នេះ​ដល់​សិស្ស​មួយ​ច្បាប់​ម្នាក់ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​មិន​ថ្វាយ​បង្គំ​ព្យាការី​ទេ ។ យើង​ថ្វាយ​បង្គំព្រះជាព្រះវរបិតា​សួគ​របស់​យើង និង ព្រះអម្ចាស់ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​យើង​ទទួល​ស្គាល់​ព្យាការី យើង​ប្រកាស​អំពី​លោក យើង​គោរព​លោក យើង​មានគារវភាព​ចំពោះលោក​ថា​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ​ដ៏​មានមហិទ្ធិរិទ្ធិ ក្នុង​ការស្តារ​ឡើង​វិញ​មក​លើ​ផែនដី​នូវ​សេចក្តីពិត​ពី​បុរាណ​នៃ​ដំណឹង​ល្អ​របស់​ព្រះ រួម​ជាមួយ​នឹង​បព្វជិតភាព​តាមរយៈ​សិទ្ធិ​អំណាច​របស់​ព្រះ​ គឺ​ត្រូវបាន​អនុវត្ត​នៅក្នុង​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ និង សម្រាប់​ពរជ័យ​នៃ​ប្រជា​រាស្ត្រ​របស់​ទ្រង់ » (Joseph Smith Jr.—Prophet of God, Mighty Servant » Ensign, ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៤ ) ។

  • ជាពាក្យ​របស់​អ្នក​ផ្ទាល់ តើ​អ្នក​នឹង​ពន្យល់​ពី​អារម្មណ៍​របស់​សមាជិក​សាសនាចក្រអំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ​យ៉ាង​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ឥទ្ធិពលនៃ ការបម្រើ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ មាន​នៅក្នុង​ជីវិត​របស់​ពួកគេ និង ក្នុងជីវិត​មនុស្ស​រាប់លាន​នាក់​ទូទាំង​ពិភព​លោក ។ សូម​សរសេរ សំណួរ​ដូចខាង​ក្រោម នៅលើ​ក្ដារខៀន ហើយ​សូមឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ទាំងនេះ ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

តើ​ជីវិត​របស់​អ្នក​អាច​ខុសគ្នា​យ៉ាង​ដូច​ម្តេច​ខ្លះ ប្រសិនបើ​គ្មាន​ការបម្រើ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ទេ​នោះ ?

តើ​ព្យាការី​យ៉ូសែប ស្ម៊ីធបាន​ជួយឲ្យ​ចំណេះ​ដឹង​របស់​អ្នកមាន​អនុភាព​យ៉ាង​ដូចម្តេច​ខ្លះ អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្សឲ្យ​ចំណាយ​ពេល​ដែល​សល់​នៅក្នុង​ថ្នាក់​ទាំង​ប៉ុន្មាន ដើម្បី​ចែកចាយអារម្មណ៍ និង ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​ការ​ប្រើប្រាស់​ចម្លើយ​របស់​ពួកគេ​ចេញ​ពី​សកម្មភាព​សរសេរ​ កាល​ពី​ចាប់ផ្តើម​ថ្នាក់​រៀន នៅពេល​ពួកគេ​បង្ហាញ​អារម្មណ៍ និង ទីបន្ទាល់​របស់​ខ្លួន ។

សូម​បញ្ជប់​មេរៀន​តាមរយៈការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​រកមើល​ឱកាស​នៅ​ពីរ​បី​ថ្ងៃ​ខាងមុខ​នេះ ដើម្បី​ចែកចាយ​ជាមួយ​នឹង​អ្នកដទៃ​អំពី​ទីបន្ទាល់​របស់​គេ​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ និង តួនាទី​របស់​លោក​ក្នុង​ការស្តារ​ដំណឹងល្អ​ឡើងវិញ ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ផងដែរ​ឲ្យ​កត់ត្រា​ពី​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ និង ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់របស់ពួកគេ ។

កំណត់ចំណាំ ៖ សូម​ទុក​ពេលគ្រប់គ្រាន់​ឲ្យ​សិស្សចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​នៅចុង​មេរៀន វាសំខាន់ជាងការប្រើ​សកម្មភាព​ខាង​ក្រោម​នេះ ។ ប្រសិនបើ​ទីបន្ទាល់​របស់​សិស្ស​ប្រើពេល​នៅសល់​នៃ​ម៉ោង​រៀន​របស់​អ្នក នោះអ្នកអាច​នឹង​ប្រើ​សកម្មភាព​នេះ​នៅថ្ងៃ​ផ្សេង នៅពេល​អ្នក​មាន​ពេល​ច្រើន ។

សូម​ឲ្យ​បញ្ជី​នៃ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខគម្ពីរទាំង ២៥ នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ​ដល់​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យពិចារណា​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ណាមួយ​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​បង្រៀន​នរណា​ម្នាក់ ​អំពី​ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សូម​ឲ្យ​សិស្ស​សរសេរ​មេរៀន​ ឬ ការនិយាយ​ខ្លី​មួយ​ដោយ​ប្រើប្រាស់​វគ្គចំណេះចំណាន ​ខគម្ពីរ​មួយ​ចំនួន​ដែល​ពួកគេ​បាន​រកឃើញ ។ ពួកគេ​អាច​សរសេរ​មេរៀន ឬ ការនិយាយ​លើ​ក្រដាស​ ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គិត​អំពី​ការអញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​បង្រៀន​មេរៀន​របស់​ខ្លួន ឬ អាន​ការនិយាយ​ដល់​សិស្ស​ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រជុំធម្មនិដ្ឋាន​នាពេល​ខាង​មុខ ។

មេរៀន​បន្ទាប់ ( ការធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច )

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា​ព្យាការី​បានសុំ​ពួកគេ​ឲ្យ​រៀបចំ​ឥវ៉ាន់​របស់​ពួកគេ ហើយ​ធ្វើ​ដំណើរ​ចំណាយ​រាប់រយ​គីឡូម៉ែត្រ​នៅក្នុង​រទះសេះ ឬ រុញ​រទេះទៅមុខ​ដោយ​គ្មាន​ទិសដៅ ។ សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ ពួកគេ​នឹង​រៀន​អំពី​ការធ្វើដំណើរទៅ​ទិស​ខាង​លិច​របស់​ពួក​បរិសុទ្ធ ។ ពួកគេ​ក៏​នឹង​រៀន​ផងដែរ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បន្ត​ដឹកនាំ​សាសាចក្រ រួម​ទាំង​ការបង្កើត​អ្នក​ដឹកនាំ​បន្តបន្ទាប់ ក្រោយពី​ការស្លាប់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។