ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤៧ ៖ ការ​ចាកចេញ​ពីទីក្រុង ណៅវូ


មេរៀនទី ១៤៧

ការចាកចេញពី​ទីក្រុង​ណៅវូ

បុព្វកថា

បន្ទាប់ពី​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវ​គេ​ធ្វើទុក្ករកម្ម នោះ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ នៅក្រោមការ​ដឹកនាំ​របស់ប្រធានកូរ៉ុម​ពួកគេ គឺ ព្រិកហាំ យ៉ង់ បានដឹកនាំ​សាសនាចក្រ ហើយ​បន្ដ​ធ្វើកិច្ចការ​របស់ព្រះអម្ចាស់ ។ ពួក​លោក​បាន​លើកទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​បញ្ចប់ការ​សាងសង់ព្រះវិហារបរិសុទ្ធ​ណៅវូ ។ ដោយសារ​តែ​មាន​ការបៀតបៀន​ឥតឈប់ឈរ នោះ​ពួក​លោក​បាន​ប្រឹក្សា​ដល់ពួក​បរិសុទ្ធ​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចេញដំណើរទៅ​ទិស​ខាង​លិច​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ពួកបរិសុទ្ធ​បាន​ធ្វើ​ការ​ដោយ​ឧស្សា​ហ៍​ព្យាយាម​ ដើម្បីទទួល​ពរជ័យ​នៃព្រះវិហារបរិសុទ្ធ

សូម​ឲ្យសិស្ស​គិត​អំពីគ្រា​មួយ ដែលពួកគេ​បាន​ធ្វើអ្វីមួយ​ដ៏លំបាក ដោយសារ​តែ​ពួកគេ​បានដឹង​ថា លទ្ធផល​នឹង​មានតម្លៃ​ក្នុងការ​ខិតខំ​នោះ ។ សូម​ពិចារណា​ធ្វើការ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់​មក​សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។

សូម​ពន្យល់​ថា បន្ទាប់ពី​ការ​ស្លាប់របស់ព្យាការី​យ៉ូសែប ស្ម៊ីធ នោះពួកបរិសុទ្ធ​មាន​ការ​ងារ​ដ៏លំបាក ដើម្បីបញ្ចប់​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ណៅវូ ។

  • ហេតុអ្វី​អ្នកគិត​ថា វា​មានការ​លំបាក​សម្រាប់ពួកបរិសុទ្ធ​ដើម្បី​បំពេញ​តាមបទបញ្ញត្តិ​មួយ​នេះ ដែលបាន​ផ្ដល់​ឲ្យ​តាមរយៈ យ៉ូសែប ស៊្មីធ ?

សូម​បង្ហាញ​រូបភាព ព្រះវិហារ​បរិសុទ្ធណៅវូ អិលលីណោយ ដល់​សិស្ស ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] លេខ ១១៨ សូមមើល​ផងដែរគេហទំព័រ LDS.org ) ។ សូម​ពន្យល់​ថា វា​ត្រូវការ​ពលិកម្ម​ដ៏​ខ្លាំង​ពីពួកបរិសុទ្ធ​ដើម្បីសាងសង់​ព្រះវិហារបរិសុទ្ធ​ណៅវូ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានកថាកណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យសិស្សក្នុង​ថ្នាក់​ស្ដាប់មើលអំពីការ​ពលិកម្ម​ទាំងឡាយ​ដែលពួក​បរិសុទ្ធ​បាន​ធ្វើ​ការលះបង់ ដើម្បីសាងសង់​ព្រះវិហារបរិសុទ្ធ​ដំបូង​នៅ​ទីក្រុង ណៅវូ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ

នៅសន្និសីទទូទៅខែតុលា ឆ្នាំ ១៨៤៤ ប្រធាន ព្រិកហាំ យ៉ង់ បានសុំ​ឲ្យពួកបរិសុទ្ធ​ថ្វាយ​ដង្វាយមួយភាគ​ក្នុង​ដប់​ និង​ដង្វាយ​ផ្សេងៗ​របស់ពួកគេ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​ការ​ឆ្លើយតប បងស្រី​សមាគម​សង្គ្រោះ​ម្នាក់ៗ បាន​បរិច្ចាគ​ប្រាក់​មួយសេន​រាល់សប្ដាហ៍​ ដើម្បី​ផ្គត់​ផ្គង់​ដល់ការ​សាងសង់ ។ បុរសជាច្រើន​បាន​ថ្វាយដង្វាយមួយភាគ​ដប់​ជា​ពេលវេលា​របស់ពួកគេ ដោយ​ការ​ធ្វើ​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​មួយ​ថ្ងៃ​ក្នុង​រយៈពេល​ដប់ថ្ងៃ ។ អ្នក​ផ្សេង​ទៀត​បាន​ថ្វាយ​ច្រើនជាង​មួយភាគ​ក្នុង​ដប់ទៅតាម​មធ្យោបាយ​របស់​ពួកគេផ្ទាល់ ។ យ៉ូសែប តូរ៉ុនតូ បាន​ប្រគល់​ដល់ ព្រិកហាំ យ៉ង់ នូវមាសដែលមានតម្លៃស្មើរនឹង​ទឹក​ប្រាក់​ចំនួន ២៥០០ ដុល្លា ហើយ​បាន​និយាយ​ថា គាត់ចង់​ថ្វាយអ្វីៗ​ទាំងអស់​ដែលគាត់មាន ដើម្បី​ស្ថាបនា​នគរ​នៃ​ព្រះ ។ (សូមមើល Church History in the Fulness of Times Student Manual, បាន​បោះពុម្ព​ជា​លើក​ទី ២ [Church Educational System manual, ២០០៣], ៣០២; Our Heritage [១៩៩៦], ៥៩–៦០ ) ។

  • ហេតុអ្វី​អ្នកគិត​ថា ពួកបរិសុទ្ធ​ស្ម័គ្រចិត្ត​លះបង់យ៉ាង​ច្រើន​ដើម្បីសាងសង់​ព្រះវិហារបរិសុទ្ធ​ដូច្នេះ ?

បន្ទាប់ពី​សិស្ស​ពិភាក្សា​សំណួរនេះ​ហើយ សូម​ពន្យល់​ថា ការ​បៀតបៀន​បាន​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ណៅវូ​ឲ្យ​ហើយ ។ មានមារសត្រូវ​របស់​សាសនាចក្រ​ជាច្រើន បានគិត​ថា កាលណា យ៉ូសែប ស៊្មីធ ត្រូវគេសម្លាប់ហើយ នោះសាសនាចក្រនឹងត្រូវរលំចុះ ។ តែទោះជាយ៉ាងណា នៅពេល​សាសនាចក្របន្ដ​រីកចម្រើន និងលូតលាស់ នោះ​ពួក​មារសត្រូវ​នៃ​សាសនាចក្រ​បានបង្កើននូវការ​ខិតខំ​របស់ពួកគេ​ដើម្បីបណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​រដ្ឋ អិលលីណោយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានកថាកណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​នូវអ្វី​ដែល​ពួក​មារសត្រូវ​នៃ​សាសនាចក្រ​បានធ្វើ ដើម្បី​ព្យាយាម​បំផ្លាញ​សាសនាចក្រ ។

នៅក្នុង​ខែ​កញ្ញា ឆ្នាំ ១៨៤៤ វរសេនីឯក លេវី វិលលាម ជា​មនុស្ស​ម្នាក់​នៃ​អ្នកទាំង​នោះ ដែល​ក្រោយមក​បានកាត់ទោស​ថាជា​អ្នកសម្លាប់ យ៉ូសែប និង ហៃរុម ស្ម៊ីធ បាន​រៀបចំ​បង្កើត​ក្រុម​កងទ័ព​មួយដ៏ធំ​ដើម្បីបង្ខំ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចេញពី​រដ្ឋ អិលលីណោយ ។ វា​ត្រូវបាន​ផ្សព្វផ្សាយសាសនាជា « ឆ្កែ​ចចក​ដ៏ធំ​ប្រមាញ់នៅក្នុង​ឃុំ ហែនខក » (David E. Miller and Della S. Miller,Nauvoo: The City of Joseph[ឆ្នាំ ១៩៧៤] ទំព័រ ១៨៦ ) ។ ពេលបាន​ឮ​អំពីរឿងនេះ អភិបាល ថូម៉ាស ហ្វត នៃ​រដ្ឋ អិលលីណោយ បាន​បញ្ជូន​ឧត្តមសេនី ចន ហាឌីន នៃ​កងចល័ត​រដ្ឋ​ឲ្យ​ទៅកាន់ឃុំនោះ ដើម្បីរក្សា​ភាព​សុខសាន្ដ ។ មួយ​ឆ្នាំ​ក្រោយមក នៅខែ​កញ្ញា ឆ្នាំ ១៨៤៥ វរសេនីឯក វិលលាម បាន​ដឹកនាំ​ក្រុមមនុស្ស​អាក្រក់​មួយក្រុម​ដែលមាន​មនុស្ស ៣០០​ នាក់ ទៅវាយប្រហារ​ដល់​ជម្រក​របស់ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅតំបន់​ជាយៗ ដោយការដុត​ផ្ទះជាច្រើនខ្នង និង​ដុតអគារ​កសិដ្ឋាន រោងកិនស្រូវ និង​ស្រូវអង្ករ​អស់​ជាច្រើន ។ នៅពាក់កណ្ដាល​ខែ​កញ្ញា ប្រធាន ព្រិកហាំ យ៉ង់ បាន​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ដើម្បីទៅជួយ​សង្គ្រោះ​ពួកបរិសុទ្ធ​ទាំងនោះ ។ ពួកបរិសុទ្ធ​នៅ​ទីក្រុង ណៅវូ បាន​ត្រៀម​រទេះសេះ​ចំនួន ១៣៤ ដើម្បីដឹក​ក្រុមគ្រួសារ​ដែល​រស់នៅ​តំបន់ឆ្ងាយដាច់ស្រយាលមកទីក្រុង ណៅវូ​ ដែលជាទីជម្រកមានសុវត្ថិភាព ។ ( សូមមើលHistory of the Church៧:៤៥-​៤៦Church History in the Fulness of Times Student Manual,ទំព័រ ៣០១ David E. Miller and Della S. Miller,Nauvoo: The City of Josephទំព័រ ១៨៥-៨៦ ) ។

  • តើ​ការ​វាយប្រហារ​ទាំងនេះ បានធ្វើ​ឲ្យ​វា​មានការ​លំបាក​ដើម្បីបន្ដ​ធ្វើការ​សាងសង់​ព្រះវិហារបរិសុទ្ធ​យ៉ាង​ដូចម្ដេច?

សូម​ពន្យល់​ថា មានប្រជាជន​រដ្ឋ អិលលីណោយ ជាច្រើន​រូប បានភ័យខ្លាច​ថា វត្តមានរបស់ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អាច​នាំ​ឲ្យ​កើតមានសង្គ្រាម​ស៊ីវិល ។​ ពួកគេ​បានសុំ​ឲ្យ​ពួកបរិសុទ្ធ​ចាកចេញពី​រដ្ឋ ។ នៅថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ ១៨៤៥ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានបោះពុម្ព​លិខិត​មួយ​សន្យាថា សាសនាចក្រ​នឹង​ចាកចេញ​នៅ​និទារឃរដូវ​ក្រោយ ។

  • ហេតុអ្វី​បាន​ជាព្រឹត្តិការណ៍​នេះក្លាយជា​ការសម្រេច​ចិត្ត​ដ៏លំបាក​យ៉ាងដូច្នេះ ?

  • តើ​អ្នក​គិត​ថា​ការសម្រេចចិត្ត​ចាកចេញ​ពី​ទីក្រុង​ណៅវូ អាច​ប៉ះទង្គិចដល់​ការខិតខំ​ប្រឹងប្រែង​របស់​ពួកបរិសុទ្ធ​ ដើម្បី​បញ្ចប់​ការសង់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពីសិស្ស​ពិភាក្សា​អំពីសំណួរ​នេះ ចូ​រពន្យល់ថា ទោះជា​ពួកបរិសុទ្ធ​បានដឹង​ថា ពួកគេ​ត្រូវតែ​ចាក​ចេញពី​រដ្ឋ អិលលីណោយ ក្ដី ក៏ពួកគេបានបន្ដធ្វើការសាងសង់ព្រះវិហារបរិសុទ្ធ ។

  • តើអ្នកគិត​ថា ហេតុអ្វីពួកបរិសុទ្ធបានបន្ដធ្វើការសាងសង់ព្រះវិហារបរិសុទ្ធ ថ្វីបើពួកគេ​បានដឹង​ថា ពួកគេ​នឹង​ចាកចេញ​ទៅ​ក្ដី ?

សូម​រំឭកសិស្ស​ថា នៅគ្រា​នោះពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ដែលចាំបាច់​សម្រាប់​ការ​លើក​តម្កើង ពុំទាន់​មាន​ចំពោះ​សមាជិក​ភាព​ទូទៅ​នៃ​សាសនាចក្រនៅឡើយ ។ នៅក្នុងវិវរណៈ​មួយក្នុងឆ្នាំ ១៨៤១ ព្រះអម្ចាស់​បានសន្យានឹង​ពួកបរិសុទ្ធ​ថា បើពួកគេ​សាងសង់​ព្រះវិហារបរិសុទ្ធ​ ណៅវូ នោះពួកគេ​អាច​នឹង​ទទួលបាន​ពិធីបរិសុទ្ធ​ទាំងនោះ ( សូម​មើលគ. និង ស. ១២៤:២៧-៤៤) ។

  • តើ​យើង​ម្នាក់ៗ​អាចរៀនដូចម្តេចខ្លះ អំពីដំណើរ​រឿង​នៃការ​ពលិកម្ម និងទុក្ខលំបាក​ទាំងឡាយ​របស់ពួកបរិសុទ្ធ​ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ​ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ​ដូច​ខាង​ក្រោម​នេះ ៖ ការទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​តម្លៃ​នឹងការខិតខំ និង​ពលិកម្ម​ដ៏​សុចរិត​ទាំងអស់​របស់​យើង ។ សូម​សរសេរ​គោលការណ៍នេះ​ និង​សេចក្ដីថ្លែង​ដទៃទៀត​ដែលសិស្ស​បាន​ប្រាប់នៅលើ​ក្ដារខៀន ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អានឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍ដូចខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស. ម៉នសុន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ស្ដាប់​រកមើល​ការ​ពលិកម្ម​របស់ពួកបរិសុទ្ធ​សម័យ​ទំនើប​មួយចំនួន​ ដែលពួកគេ​បានធ្វើ​ដើម្បី​ទទួលបានពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានអានអំពីក្រុមសមាជិកជាងមួយរយនាក់ ដែលបានចាកចេញពី មេណូស ដែល​ស្ថិត​នៅ​កណ្តាល​ព្រៃ​លិច​ទឹក​អាម៉ាហ្សូន ធ្វើដំណើរ​ទៅកាន់​ព្រះវិហារបរិសុទ្ធ​ដែល​នៅ​ជិត​បំផុត ស្ថិតនៅទីក្រុង សៅ ផាឡូ ប្រទេសប្រេស៊ីល -(ចម្ងាយប្រហែល ៤០០០ គីឡូម៉ែត្រ)ពី មេណូស។ ពួកបរិសុទ្ធស្មោះត្រង់ទាំងនោះ បានធ្វើដំណើរ​តាម​ទូកអស់​រយៈ​ពេលបួនថ្ងៃ តាម​ទន្លេ​អាម៉ាហ្សូន និង តាម​ដៃ​ទន្លេ អាម៉ាស្សូន ។ បន្ទាប់ពី​បាន​បញ្ចប់​ការធ្វើដំណើរ​តាម​ទឹក​នេះ ពួកគេ​បាន​ឡើង​ជិះឡាន​ក្រុង ធ្វើ​ដំណើរ​រយៈពេល​បី​ថ្ងៃ​ទៀត តាមផ្លូវ​រលាក់ ហើយ​មាន​អាហារ​បរិភោគ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​គ្មាន​កន្លែង​សម្រាក​ស្រួលបួល​នោះ​ទេ ។ ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ពួកគេ​បាន​មក ដល់​ព្រះវិហារ​បរិសុទ្ធ​នៅ សៅ ផាឡូ ដែល​នៅ​ទី​នោះ​ពិធីបរិសុទ្ធ​ដ៏​អស់កល្ប​ទាំងឡាយ​ត្រូវបាន​ធ្វើ​ឡើង ។ ប្រាកដ​ណាស់ ការធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​របស់​ពួកគេ មាន​ការលំបាក​ដូច​នឹង​ពេល​ធ្វើ​ដំណើរទៅដែរ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានទទួលពិធីបរិសុទ្ធ និងពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយទោះបីជា​ក្នុងសំពាយ របស់​ពួកគេគ្មាននៅសល់ប្រាក់​ក្តី ក៏ពួកគេបានពោរពេញទៅដោយអារម្មណ៍ នៃ​ព្រះវិហារបរិសុទ្ធ ហើយមានអំណរ គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួលផង​ដែរ » (The Holy Temple—a Beacon to the World,» Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៩១) ។

  • តើ ពួកបរិសុទ្ធ​មកពីមេណូសបានធ្វើ​ពលិកម្មអ្វីខ្លះ ដើម្បីទទួល​បាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ?

សូម​អញ្ជើញសិស្ស​បីនាក់​ឲ្យមក​ខាង​មុខ​សិស្ស​ក្នុងថ្នាក់ ហើយអាន​ដំណើរ​រឿង​ដូច​ខាង​ក្រោមឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​កិច្ចខិតខំ​ដ៏សុចរិត​របស់ពួកបរិសុទ្ធ​ ណៅវូ ដើម្បីទទួលបាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

  1. អ្នកដឹកនាំ​សាសនាចក្រ​បាន​ឧទ្ទិស​ឆ្លង​បន្ទប់​ទាំងឡាយក្នុង​ព្រះវិហារបរិសុទ្ធ នៅពេល​ដែលបាន​សាងសង់ចប់សព្វគ្រប់ ដើម្បី​កិច្ចការ​នៃពិធីបរិសុទ្ធ​អាច​ចាប់​ផ្ដើម​ឲ្យឆាប់​បំផុត​តាមដែលអាច​ធ្វើទៅបាន ។ បន្ទប់​ខាង​លើ​នៃ​ព្រះវិហារបរិសុទ្ធ ត្រូវ​បានឧទ្ទិស​ឆ្លង​សម្រាប់កិច្ចការ​នៃ​ពិធីបរិសុទ្ធ​នៅថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ១៨៤៥ ។ ពួកបរិសុទ្ធ​បានចាប់​ផ្ដើម​ទទួល​ពិធីអំណោយទាន​ពិសិដ្ឋ​របស់ពួកគេ​ នា​ពេល​ល្ងាច​ថ្ងៃទី ១០ ខែ ធ្នូ ដែលមាន​វគ្គ​ពិធី​អំណោយទានពិសិដ្ឋ​បាន​បន្ដ​រហូត​ដល់​ម៉ោង ៣ ព្រឹក​នៅថ្ងៃទី ១១​ ខែ​ធ្នូ ។ ( សូមមើល Church History in the Fulness of Times Student Manual Religion ទំព័រ ៣០៣ ) ។

  2. មកត្រឹម​ចុង​ឆ្នាំ ១៨៤៥ មានសមាជិក​ច្រើនជាង ១០០០ នាក់​បាន​ទទួលពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ ។ នៅ​ខែ​មករា ឆ្នាំ ១៨៤៦ ប្រធាន ​ព្រិកហាំ យ៉ង់ បានកត់ត្រា​ថា ៖ « ការណ៍​បែប​នោះ​បាន​បង្ហាញ​ឲ្យឃើញ​ថា​ពួកបរិសុទ្ធមានចិត្តអន្ទះសា ​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ [ នៃ​ព្រះវិហារ​បរិសុទ្ធ ] ហើយមាន​ចិត្ត​អន្ទះសា​ ក្នុងចំណែករបស់យើង ដើម្បី​បម្រើដល់​ពួកគេ រហូតដល់​ខ្ញុំ​បាន​លះបង់​ខ្លួន​ខ្ញុំ​ទាំងស្រុង​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ចូល​សម្រាក​ជា​មធ្យម​លើស​ពី​បួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទេ ហើយ​ទៅផ្ទះ​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ » ​( នៅក្នុងHistory of the Church៧:៥៦៧ ) ។ បុរស​ស្ត្រីជាច្រើនរូប បានចូលរួមចំណែក​ដោយការ​បោកគក់​សម្លៀក​បំពាក់​ព្រះវិហារបរិសុទ្ធ​រាល់​យប់ ដើម្បី​ឲ្យកិច្ចការ​អាច​បន្ដ​មាននៅ​ព្រឹក​ស្អែកឡើង​ដោយ​ពុំ​មានកា​រ​បង្អង់ឡើយ ។ ( សូមមើល Church History in the Fulness of Times Student Manual Religion ទំព័រ ៣០៣ ) ។

  3. នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ១៨៤៦ ប្រធាន យ៉ង់ បាន​ចាកចេញ​ពីព្រះវិហារបរិសុទ្ធ ដើម្បី​លោកអាច​ត្រៀម​ខ្លួន​ចាកចេញពី​ទីក្រុង ណៅវូ នៅថ្ងៃបន្ទាប់ ។ ប៉ុន្តែ​នៅពេល​លោក​បាន​ដើរចេញទៅខាង​ក្រៅ លោក​បាន​ឃើញ​មនុស្ស​មួយក្រុមធំ ដែលកំពុង​តែ​រង់ចាំ​ដើម្បីទទួលពិធីអំណោយទាន​ពិសិដ្ឋ​របស់ពួកគេ ។ ដោយ​មាន​អារម្មណ៍​អាណិតអាសូរ ចំពោះបងប្អូន​ពួកបរិសុទ្ធ​ទាំងនេះ លោក​បាន​ត្រឡប់​ទៅ​ក្នុងព្រះវិហារបរិសុទ្ធ​វិញ ដើម្បីបម្រើ​ពួកគេ ។ លោក​ពុំ​អាច​ចាកចេញពី​ទីក្រុង ណៅវូ​ បានទេ រហូត​ដល់​ពីរសប្ដាហ៍​ក្រោយមក ។ កំណត់ត្រា​ព្រះវិហារបរិសុទ្ធ​បានបង្ហាញថាមានពួកបរិសុទ្ធ​ចំនួន ៥៦១៥ នាក់​ត្រូវ​បាន​ទទួលអំណោយទាន​ពិសិដ្ឋ​មុនពេល​ធ្វើដំណើរ​ទៅ​ទិស​ខាង​លិច។ ( សូមមើល ទំព័រ ៣០៣-៤) ។

  • តើអ្វី​ដែល​ពិតជាធ្វើ​ឲ្យអ្នក​ចាប់​អារម្មណ៍ អំពី​កិច្ចខិតខំរបស់ពួកបរិសុទ្ធ​ដើម្បីទទួលពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ ?

ដើម្បីជួយសិស្ស​ដឹងពី​សេចក្ដីពិត និងសារៈសំខាន់​នៃគោលការណ៍ទាំងឡាយ ដែលអ្នកបាន សរសេរនៅលើក្ដារខៀន និងដើម្បីជួយពួកគេ​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុងជីវិត​របស់ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយតប​ចំពោះ​សំណួរ​ទាំងឡាយនៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់របស់ពួកគេឬសៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ របស់ពួកគេ ។ ( សូមសរសេរសំណួរនៅលើក្តារខៀន ) ។

តើការខំប្រឹងប្រែង និងពលិកម្ម​អ្វីខ្លះ ដែល​យើងត្រូវ​ធ្វើ ដើម្បីទទួលបាន​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ ?

ហេតុអ្វី​អ្នក​គិត​ថា ការ​ទទួលពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​គឺមានតម្លៃ​ឲ្យ​ខិតខំ និងធ្វើពលិកម្មយ៉ាង​ខ្លាំង​ដូច្នោះ ?

តើអ្នកចាំបាច់ត្រូវធ្វើ​ដូចម្តេចខ្លះ ដើម្បីអ្នកអាច​ទទួលបាន​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារ​បរិសុទ្ធ ? ( តើ​អ្នកចាំបាច់ត្រូវឈប់ ឬ​ចាប់​ផ្ដើម​ធ្វើអ្វីខ្លះ ? )

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​ពីរ​បីនាក់ស្ម័គ្រ​ចិត្ត​ចែកចាយ​ចម្លើយ​របស់ពួក​គេចំពោះ​សំណួរ​ទីពីរ ។

ពួកបរិសុទ្ធ​ចាកចេញពី​ទីក្រុង​ណៅវូ

សូមពន្យល់​ថា បន្ទាប់ពី​បាន​ទទួល​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​ហើយ ពួកបរិសុទ្ធ​បាន​ចាប់​ផ្ដើម​ចាកចេញ​ពី​ទីក្រុង ណៅវូ នៅខែកុម្ភៈ ឆ្នាំ ១៨៤៦ ។ ប៉ុន្មានខែក្រោយមក ពួកគេបានបន្ដចាកចេញ​ពីទីក្រុង ណៅវូ ហើយ​មានក្រុម​ផ្សេងៗ​ជាច្រើន បាន​បោះជម្រក​បណ្ដោះ​អាសន្ន​នៅ​ពេល​ឆ្លង​កាត់​រដ្ឋ អៃអូវ៉ា ។ មកដល់​ត្រឹម​ចុង​ខែ​មេសា ពួកបរិសុទ្ធ​ភាគច្រើនបាន​ចាក​ចេញ​ពី​ទីក្រុង ណៅវូ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពុំ​មែនសមាជិក​សាសនាចក្រ​ទាំងអស់​អាច​ចាកចេញ​ទៅបានទេ ។ មានមនុស្ស​មួយចំនួន​តូច បានបន្ដ​នៅក្នុងទីក្រុង ណៅវូ អំឡុង​រដូវ​ក្ដៅឆ្នាំ ១៨៤៦ ដោយសារ​តែ​ពួកគេ​ឈឺ​ធ្ងន់ពេក ក្រ​ខ្លាំង​ពេក ឬ​ខ្សោយ​ខ្លាំង​ពេក ពុំអាចធ្វើដំណើរ​ទៅបាន ។ មានមួយចំនួនតូច​ផ្សេងទៀត បានជ្រើសរើស​នៅទីនោះ ។

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអានឮៗ​នូវ​កថាកណ្ឌ​ដូចខាង​ក្រោម ដែល​ទាក់ទងនឹង​អ្វី​បានកើតឡើង​ចំពោះ​មនុស្ស​ជាច្រើន​ដែលមិនបានចាកចេញពីក្រុងនោះ ។

នៅ​ខែ​កញ្ញា ឆ្នាំ ១៨៤៦ មានមនុស្ស​ប្រហែលជា ៨០០ នាក់ បំពាក់ដោយ​កាំភ្លើងកាណុងធំ​ប្រាំមួយ បាន​រៀបចំ​មក​វាយប្រហារ​លើ​ទីក្រុង ណៅវូ ។ ពួកបរិសុទ្ធ​ដែល​នៅសល់ និង​ពលរដ្ឋ​ថ្មីៗ​មួយចំនួន ដែលមានបុរស​ចំនួន​ប្រហែលជា ១៥០ នាក់ បានត្រៀមខ្លួន​ដើម្បីប្រយុទ្ធការពារទីក្រុង ។ បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈ​ពេល​ពីរ​បីថ្ងៃ នោះ​ពួកបរិសុទ្ធ​ជាច្រើន​ត្រូវបាន​បង្ខំ​ឲ្យ​ចុះចាញ់ ហើយ​ត្រូវបាន​ប្រាប់​ថា ឲ្យ​ចាកចេញ​ពី​ទីក្រុង​ជា​បន្ទាន់ ។ បន្ទាប់មក ពួក​មនុស្ស​អាក្រក់ បាន​ចូល​មក​ក្នុង​ទីក្រុង ឆក់​ប្លន់​តាមផ្ទះ ហើយ​បាន​បំផ្លាញ​ព្រះវិហារ​បរិសុទ្ធ​ចោល ។ ពួកបរិសុទ្ធ​មួយចំនួន​ដែលពុំអាច​ភៀសខ្លួន​បាន​លឿន ត្រូវ​បានគេ​វាយធ្វើបាប ឬ​បោះ​ចូលទៅក្នុងទន្លេម៊ីស៊ីស៊ីពី ។ បន្ទាប់ពី​ពួកបរិសុទ្ធ​ដែលនៅសល់​ទាំងនេះ ត្រូវបាន​គេ​បង្ខំ​ឲ្យចេញ​ពីទីក្រុង ណៅវូ​ហើយ នោះពួកគេ​បាន​បោះ​ជំរុំ​ជនភៀសខ្លួន នៅតាម​ដង​ទន្លេរដ្ឋ​អៃអូវ៉ា ។ ពួកគេ​ពុំមានអាហារ​ សម្ភារ ឬ​កម្លាំង​ខាង​រាងកាយ​គ្រប់គ្រាន់​ដើម្បីទ្រទ្រង់​ខ្លួនទេ ។ ( សូមមើល Church History in the Fulness of Times Student Manual Religion ទំព័រ ៣១៨ ) ។

សូមពន្យល់ថា ពួកអ្នកដឹកនាំ​សាសនាចក្រ​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​រដ្ឋ អៃអូវ៉ា ត្រឡប់មក​ជួយ​ដល់​ពួកបរិសុទ្ធ​ដែលកំពុង​រងទុក្ខ ។

  • តើអ្នកគិតថា អ្នកអាច​មានអារម្មណ៍​យ៉ាងណា បើអ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ត្រឡប់ទៅកាន់ទីក្រុង ណៅវូ វិញនោះ ?

សូមអញ្ជើញសិស្ស​ម្នាក់​អាន​ឮៗ​នូវ​សាររបស់​ ព្រិកហាំ យ៉ង់ បាន​បញ្ជូន​ទៅ​ឲ្យបុរស​ៗ​ដែលគ្រប់គ្រង​ក្នុងការ​ជ្រើសរើស​ក្រុម​ជួយសង្គ្រោះ ៖​

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« សូម​ឲ្យ​ភ្លើង​នៃ​សេចក្ដី​សញ្ញា ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ បាន​ដុត​រោលរាល​ក្នុង​ដួងចិត្ត​អ្នក ដូចជា​អណ្ដាត​ភ្លើង​ដែល​ពុំ​អាច​ពន្លត់​បាន រហូត​ដល់​អ្នក​បាន … ជួយ​ដល់​មនុស្ស​គ្រប់​រូប… ដែល [ អាច​ចាកចេញ​មក​បាន ] ហើយ​ចែក​ភ្លើង​នោះ​ទៅ​ដល់​ព្រលឹង​របស់​គាត់ រហូត​ដល់​គាត់​អាច​ក្រោក​ឡើង… ហើយ​ចេញ​ទៅ​ភ្លាម ហើយ​នាំ​ក្រុម​មនុស្ស​ក្រីក្រ​ចេញ​ពី​ទីក្រុង ណៅវូ ។…

« … នេះ​គឺជា​ជំនាន់នៃ​ការ​ធ្វើសកម្មភាព » ( Journal History of The Church of Jesus Christ of Latter-day Saints, ថ្ងៃទី ២៨ ខែ​កញ្ញា ឆ្នាំ ១៨៤៦, ទំព័រ ៥–៦, Church History Library, Salt Lake City ) ។

  • តើសេចក្ដីថ្លែង​ការណ៍​របស់ព្រិកហាំ យ៉ង់ បង្រៀន​យើងអំពី​សេចក្ដីសញ្ញា​ដែលយើង​បានធ្វើ​អ្វីខ្លះ ? ( សូមប្រាកដ​ថា សិស្ស​យល់​ថា វា​ពុំ​គ្រប់គ្រាន់ទេ ដោយគ្រាន់តែ​ធ្វើសេចក្ដីសញ្ញានោះ-- តែ​យើងចាំបាច់​ត្រូវ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ។ សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​រស់នៅ​តាម​សេចក្ដីសញ្ញា​ទាំងឡាយ​ដែលយើង​ធ្វើ ) ។

សូម​សរសេរសំណួរ​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន ៖

តើពលិកម្មអ្វីខ្លះ​ដែលអ្នកបានធ្វើ ដើម្បី​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ?

តើពរជ័យអ្វី​ខ្លះ​ដែលអ្នកបាន​ដកបទពិសោធន៍ ដោយសារ​តែ​អ្នកបាន​រស់នៅ​ស្របតាម​សេចក្ដីសញ្ញា​ទាំងឡាយ​ដែលអ្នកបានធ្វើនោះ ?

សូម​បំបែក​សិស្ស​ជា​ក្រុមៗ ហើយអញ្ជើញ​ពួកគេ​ឲ្យជ្រើសរើស​សំណួរ​មួយ​នៃសំណួរ​ទាំងឡាយ ហើយពិភាក្សា​ចម្លើយ​របស់ពួកគេ​ជាមួយនឹង​ដៃគូ ។ ​អ្នកអាច​នឹង​ចង់​អញ្ជើញ​ឲ្យ​សិស្ស​ពីរបីនាក់​ ឲ្យ​ចែកចាយការ​ឆ្លើយ​តប​របស់ពួកគេ​ជាមួយសិស្ស​ក្នុង​ថ្នាក់ផងដែរ ។

សូមបញ្ចប់​ដោយការ​សុំ​ឲ្យសិស្ស​ពិចារណា​អំពីអ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវធ្វើ​ដើម្បីរស់នៅ​តាម​សេចក្ដីសញ្ញា​ទាំងឡាយ​ដែលពួកគេ​បានធ្វើ ។ សូម​ថ្លែងទីបន្ទាល់អំពី​ពរជ័យទាំងឡាយ​ចំពោះការ​រក្សា​សេចក្ដីសញ្ញា​របស់យើង ។