សន្និសីទទូទៅ
ភាពជា​សិស្ស​ដ៏​យូរ​អង្វែង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ភាពជា​សិស្ស​ដ៏​យូរ​អង្វែង

យើង​អាច​រកឃើញ​នូវ​ទំនុកចិត្ត និង​សេចក្តី​សុខសាន្ត​ខាងវិញ្ញាណ នៅពេល​យើង​ចិញ្ចឹម​បីបាច់​ទម្លាប់​បរិសុទ្ធ និង​ទម្លាប់​សុចរិត​នានា ដែល​អាច​ទ្រទ្រង់ និង​បង្កើតនូវ​សេចក្តី​ជំនឿ​របស់​យើង ។

ក្នុង​អំឡុង​រដូវ​ក្តៅ​កន្លង​មក​នេះ យុវវ័យ​របស់យើង​ជាង ១៥០,០០០ នាក់​នៅ​ទូទាំង​ពិភពលោក​បាន​រីកចម្រើន​ក្នុង​សេ​ចក្តីជំនឿ​ក្នុង​វគ្គ​មួយ​ក្នុង​ចំណោម​ការប្រជុំ​ជាច្រើន​សប្តាហ៍​នៃ​កម្មវិធី ដើម្បី​កម្លាំង​នៃ​យុវជន ឬ​សន្និសីទ FSY ។ ការចេញ​ពី​ភាព​ឯកោ​នៃ​ជំងឺ​រាតត្បាត ចំពោះ​មនុស្ស​ជា​ច្រើន វា​ជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ដើម្បី​ទៅ​ចូលរួម ។ អ្នក​ចូលរួម​វ័យក្មេង​ជាច្រើន​នាក់ ហាក់​ដូចជា​ធ្វើ​តាម​រង្វង់​នៃ​ការឆ្ពោះ​ទៅ​រក​ការប្រែចិត្ត​ជឿ​បន្តិច​ម្តងៗ និង​កាន់​តែ​ស៊ីជម្រៅឡើង ។ នៅ​ចុង​សប្តាហ៍​របស់​ពួកគេ ខ្ញុំ​ចង់​សួរដល់​ពួកគេ​ថា « តើ​វា​យ៉ាង​ម៉េច​ដែរ ? »

ពេលខ្លះ​ពួកគេ​និយាយពី​អ្វី​មួយ​ដូច​នេះ​ថា ៖ « មែនហើយ ​នៅ​ថ្ងៃ​ចន្ទ ខ្ញុំ​ធុញនឹង​ម្តាយ​ខ្ញុំ​ខ្លាំង​ណាស់ ពីព្រោះ​គាត់​បាន​បង្ខំ​ឲ្យ​ខ្ញុំ​មកទីនេះ ។ ហើយ​ខ្ញុំ​អត់​ស្គាល់​អ្នក​ណា​ម្នាក់​ទាល់តែ​សោះ ។ ហើយ​ខ្ញុំ​គិត​ថា កម្មវិធី​នេះ​មិន​ត្រូវ​នឹង​ខ្ញុំ​ទេ ។ ហើយ​ខ្ញុំ​នឹង​មិន​មាន​មិត្ត​នោះទេ ។ ប៉ុន្តែ​ឥឡូវ​ថ្ងៃសុក្រ​ហើយ​ខ្ញុំ​ចង់​នៅ​ទីនេះបន្តទៀត ។ ខ្ញុំ​ចង់​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ចង់​រស់នៅ​បែប​នេះ » ។

ពួកគេ​ម្នាក់ៗ​មាន​ដំណើរ​រឿង​រៀងៗ​ខ្លួន ដើម្បី​ប្រាប់​ពី​គ្រា​នៃ​ភាពច្បាស់លាស់ និង​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ពួកគេ​ទទួល​អារម្មណ៍ ហើយ​នាំ​ពួកគេ​ឲ្យ​ទៅ​តាម​រង្វង់​នៃ​ការរីក​ចម្រើន​នោះ ។ ខ្ញុំ​ក៏​ត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ FSY នៅ​រដូវ​ក្តៅ​នេះ​ដែរ ខណៈ​ដែល​ខ្ញុំ​បាន​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ​ឆ្លើយតប​ដោយ​ឥត​ឈប់ឈរ​ចំពោះ​សេចក្តីប្រាថ្នា​ដ៏​សុចរិត​នៃ​ដួងចិត្ត​បុគ្គល​ម្នាក់ៗ​នៃ​ក្រុម​ប្អូនក្មេងៗ​ទាំង​នេះ ដែល​បុគ្គល​ម្នាក់ៗ​បាន​រកឃើញ​ភាពក្លាហាន​ក្នុងការ​ទីពឹង​លើ​ទ្រង់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្នុង​ការមើល​ថែ​របស់​ទ្រង់ ។

ដូច​ជា​កប៉ាល់​ដែក​ដែល​មាន​តួ​ខ្លួន​ភ្លឺ​ចែងចាំង​នៅ​លើ​សមុទ្រ ឯ​យើង​រស់នៅ​ក្នុង​បរិយាកាស​ដែល​អាច​មាន​គ្រោះថ្នាក់ ខាងវិញ្ញាណ ដែល​ជំនឿ​ត្រូវ​តែ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង​បំផុត ឬ​ក៏​ទុក​វា​ឲ្យ​ច្រេះស៊ី ​ពុកផុយ ហើយ​បន្ទាប់​មកប្រែជា​​រលាយ​បាត់ទៅ​ ។

តើ​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​រក្សា​កំម្លាំង​នៃ​ជំនឿ​របស់​យើង​បាន ?

បទពិសោធន៍​ដូចជា​សន្និសីទ FSY បោះជំរុំ ការប្រជុំ​សាក្រាម៉ង់ និង​បេសកកម្ម អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​យើង​បាន ដោយ​នាំ​យើង​ឆ្លងកាត់​រង្វង់​នៃ​ការរីកចម្រើន និង​ការរកឃើញ​ខាង​វិញ្ញាណ​ដើម្បី​ទៅកាន់​កន្លែង​នៃ​សេចក្តី​សុខសាន្ត ។ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​នៅ​ទីនោះ និង​បន្ត​ដើម្បី « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២០ ) ជា​ជាង​ចុះអន់​ថយ​ទីបន្ទាល់ ។ យើង​ត្រូវតែ​បន្ត​ធ្វើ​រឿង​ទាំងនោះ​ដែលនាំ​យើង​ទៅទី​នោះ​តាំងពី​ដំបូង ដូចជា​ការអធិស្ឋាន​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ខ្លួន​យើង​ជ្រមុជ​ក្នុង​បទគម្ពីរ និង​ការបម្រើ​ដោយ​ស្មោះ ។

វា​អាច​ទាមទារ​ឲ្យ​ពួកយើង​មួយ​ចំនួន​មាន​ការអនុវត្ត​ការទុកចិត្តទីពឹង​លើ​ព្រះអម្ចាស់ សូម្បី​តែ​ការចូល​រួម​ការប្រជុំ​សាក្រាម៉ង់​ក្តី ។ ប៉ុន្តែ​នៅពេល​យើងនៅ​ទីនោះ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​នោះ ឥទ្ធិពល​នៃ​ការព្យាបាល​នៃ​សាក្រាម៉ង់​របស់​ព្រះអម្ចាស់ ការបញ្ចូល​គោលការណ៍​នៃ​ដំណឹងល្អ និង​ការចិញ្ចឹម​បីបាច់​នៃ​សហគមន៍​នៃ​ព្រះវិហារ​អាច​បញ្ជូន​យើង​ទៅផ្ទះ​ដោយ​មាន​ការបំផុស​គំនិត និង​ពង្រឹង​ខាងវិញ្ញាណ​បាន​ ។

តើ​សិទ្ធិអំណាច​នៅក្នុង​ការប្រមូលផ្តុំ​ជួបជុំគ្នា​​​បាន​មក​ពី​ណា ?

នៅ FSY យុវវ័យ​រាប់ពាន់​នាក់របស់​សាសនាចក្រ និង​ជាយុវវ័យជាច្រើន​ទៀងត​ចាប់ផ្តើម​ស្គាល់​ព្រះអង្គ​សង្រ្គោះកាន់តែ​បានប្រសើរ​ជាងមុន ដោយ​ការប្រើប្រាស់​រូបមន្ត​ងាយៗ​នៃ​ការមក​ជួបជុំ​គ្នា ដែល​មាន​ពួកគេ​ពីរ​នាក់ ឬ​ច្រើន​នាក់​ប្រមូល​ផ្តុំ​ក្នុង​ព្រះនាម​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ១៨:២០ចូលរួម​ក្នុង​ដំណឹងល្អ និង​ព្រះគម្ពីរ ច្រៀង​ជាមួយ​គ្នា អធិស្ឋាន​ជាមួយ​គ្នា និង​ស្វែងរក​សេចក្តី​សុខសាន្ត​ក្នុង​ព្រះ​គ្រីស្ទ ។ នេះ​គឺជា​របៀបដ៏​មាន​អានុភាព​សម្រាប់​ការដាស់​ខាងវិញ្ញាណ ។

ក្រុម​បង​ប្អូន​ប្រុស​ស្រី​ដ៏​ច្រើន​នេះ​ឥឡូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ឲ្យ​និយមន័យ​ពី​អត្ថន័យ​នៃ​ការ​នៅតែ « ទីពឹង​លើ​ទ្រង់ » ( សុភាសិត ៣:៥; បាវចនា​យុវវ័យ ឆ្នាំ​២០២២ )នៅពេល​ហ៊ុមព័ទ្ធ​ដោយ​ពិភពលោក​ដ៏​អ៊ូអរ មួយ​នេះ ។ វា​ជា​រឿង​មួយ​ដែល​ត្រូវ « ស្ដាប់តាម​ទ្រង់ »​( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១: ១៧ )នៅ​ទី​សញ្ជឹងគិត​ដោយ​ស្ងប់ស្ងាត់ ដែល​មាន​ព្រះគម្ពីរ​បើក​ចំហរ​យ៉ាងធំ ។ ប៉ុន្តែវា​ជា​រឿង​ផ្សេង​ទៀត​ក្នុង​អនុវត្ត​ភាព​ជាសិស្ស​របស់​យើង​ទៅ​ក្នុង​ភាព​ចលាចល​ពី​ការ​រំខាន​នានា ដែល​យើង​ត្រូវ​តែ​ខិតខំ « ស្ដាប់តាម​ទ្រង់ » ទោះជា​ពី​ខ្លួន​ឯង​មិន​សូវ​ច្បាស់ និង​ទំនុកចិត្ត​ធ្លាក់​ចុះ​ក្តី ។ សូម​កុំ​មាន​ការសង្ស័យ វា​ជា​ឥរិយាបទ​នៃ​វីរបុរស​ដែល​យុវវ័យ​យើង​មាន នៅពេល​ដែល​​ពួកគេ​ដាក់កាយ​ដាក់ចិត្ត និង​គំនិត​របស់​ពួកគេ​ឲ្យ​នៅ​រឹងមាំ​ប្រឆាំង​នឹង​សីលធម៌​ផ្លាស់ប្តូរ​នៅ​សម័យ​របស់​យើង ។

តើ​ក្រុមគ្រួសារ​អាច​ធ្វើ​អ្វីខ្លះ​នៅ​ផ្ទះ​ដើម្បី​ស្ថាបនា​នៅលើ​សន្ទុះ​ដែល​បាន​បង្កើត​ឡើង​នៅ​ឯ​សកម្មភាព​នានា​របស់​សាសនាចក្រ ?

នៅគ្រា​មួយ​ខ្ញុំ​ធ្លាប់​បាន​បម្រើ​ជា​ស្វាមី​របស់​ប្រធាន​យុវនារី​ស្តេក ។ នៅ​យប់មួយ ខ្ញុំ​ត្រូវ​ទទួល​ភារកិច្ច​ឲ្យ​រៀបចំ​នំ​ខូឃី​នៅ​ច្រកផ្លូវចូល​មួយ ខណៈ​ដែល​ភរិយា​របស់​ខ្ញុំ​កំពុង​ប្រជុំ​ពិសេស​មួយ​នៅក្នុងសាលាប្រជុំ​សម្រាប់​ឪពុកម្តាយ និង​កូនស្រី​របស់​ពួកគាត់​រៀបចំខ្លួន​ចូលរួម​ការបោះ​ជំរំ​ក្រុមយុវនារី នៅ​សប្តាហ៍​ក្រោយ ។ បន្ទាប់ពី​ពន្យល់​ពី​កន្លែង​ដែល​ត្រូវ​ទៅ និង​អ្វី​ដែល​ត្រូវ​យកមក គាត់​បាន​និយាយថា « ឥឡូវនេះ នៅ​ព្រឹក​ថ្ងៃអង្គារ ពេល​បងប្អូន​ជូន​កូនស្រី​ដ៏​ស្រស់ស្អាត​របស់​បងប្អូន​ទៅ​ដាក់​ឡានក្រុង សូម​បងប្អូន​ឱប​ពួកគេ​ឲ្យ​ណែន ។ ហើយ​សូម​បង​ប្អូន​ថើប​លា​ពួកគេ—ព្រោះ​ពួកគេ​នឹង​មិន​ត្រឡប់​មក​វិញ​ឡើយ » ។

​ខ្ញុំ​បាន​ឮ​នរណា​ម្នាក់​ដង្ហក់​រកខ្យល់ បន្ទាប់មក​ទើប​ដឹង​ថា​ជា​រូប​ខ្ញុំ ។ « មិន​ត្រឡប់​មក​វិញ ? »

ប៉ុន្តែ​បន្ទាប់មក​គាត់​បាន​ពន្យល់​ថា « នៅពេល​បង​ប្អូន​ជូន​កូន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នោះ ពួកគេ​នឹង​បោះ​បង់ចោល​នូវ​ការរំខាន​តូចតាច​ទាំងឡាយ​ហើយ​ចំណាយ​ពេល​មួយ​សប្តាហ៍​ជាមួយ​គ្នា​ដើម្បី​រៀន និង​រីកចម្រើន និង​ទីពឹង​លើ​ព្រះអម្ចាស់ ។ យើង​នឹង​អធិស្ឋាន​ជា​មួយ​គ្នា ហើយ​ច្រៀង និង​ចម្អិន​អាហារ ហើយ​បម្រើ​ជាមួយ​គ្នា ហើយ​ចែកចាយ​ទីបន្ទាល់​ជាមួយ​គ្នា ហើយ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ព្រះវរបិតាសួគ៌​ពេញ​មួយ​សប្តាហ៍​រហូត​ទាល់​តែវា​ជ្រាប​ចូល​ដល់​ក្រអៅ​បេះដូង​របស់​ពួកយើង ។ ហើយ​នៅ​ថ្ងៃ​សៅរ៍ កូនស្រី​ទាំង​នោះ​ដែល​បងប្អូន​ឃើញ​ចុះ​ពី​ឡាន​ក្រុង គឺ​ជា​មនុស្ស​ថ្មី​ម្នាក់​ដែល​មិន​មែន​ជា​កូន​ដែល​បងប្អូន​បាន​ជូន​ទៅ​ដាក់​ឡាន​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ឡើយ ។ ពួកគេ​នឹង​ជា​មនុស្ស​ថ្មី ។ ហើយ​ប្រសិនបើ​បងប្អូន​ជួយ​ពួកគេ​ឲ្យ​បន្ត​ពី​គុណសម្បត្តិ​ល្អ​នោះ ពួកគេ​នឹង​ធ្វើ​ឲ្យ​បង​ភ្ញាក់ផ្អើល​ជាខ្លាំង ។ ពួកគេ​នឹង​បន្ត​ផ្លាស់ប្តូរ ហើយ​រីកចម្រើន ។ ហើយ​គ្រួសារ​របស់​បងប្អូន​ក៏​ផ្លាស់ប្តូរ​ផងដែរ » ។

នៅ​ថ្ងៃ​សៅរ៍​នោះ គឺ​ដូច​ជា​គាត់​បាន​ទស្សន៍ទាយដូច្នោះដែរ ។ នៅពេល​ខ្ញុំរៀបចំតង់ ខ្ញុំ​បាន​ឮ​សំឡេង​ភរិយា​ខ្ញុំ​នៅក្នុង​រោង​មហោស្រព​ឈើតូច​មួយ ដែល​ក្មេង​ស្រីៗ​បាន​ជួបជុំ​គ្នា​មុន​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា « អូ​ ប្អូនៗ​នៅទី​នេះ​ទេឬ ។ ពួក​យើង​បាន​រកមើល​ប្អូនៗ​អស់ពេញ​មួយ​សប្តាហ៍ ។ មនុស្ស​ថ្មី​របស់​យើង » ។

យុវវ័យ​ដ៏​រឹងមាំ​នៃ​ទីក្រុង​ស៊ីយ៉ូន កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ពេលវេលា​ដ៏គួរ​ស្ងប់ស្ងែង ។ ស្វែងរក​អំណរ ក្នុង ពិភពលោក​នៃ​ការរំខាន​ដែល​បានព្យាករណ៍ ដោយ​គ្មាន​ការក្លាយ​ជា​ផ្នែក នៃ ពិភព​លោក​នោះ ដោយ​ពីរ​ចំណុច​ងងឹត​ឆ្ពោះទៅ​រក​បរិសុទ្ធភាព គឺ​ជា​ការទទួលខុស​ត្រូវ​ដ៏​ពិសេស​របស់​ពួកគេ ។ ប្រហែល​ជា​មួយរយ​ឆ្នាំ​ទៅហើយ ​ជី ខេ ឆេស្ទ័រតុន បាន​និយាយ​ស្ទើរ​តែ​ហាក់បី​ដូច​ជា​គាត់​បាន​ឃើញ​ការស្វែងរក​នេះ​ដូចជា​ការផ្តោត​នៅ​លើ​គេហដ្ឋាន និង​បាន​គាំទ្រ​ដោយ​សាសនាចក្រ នៅពេល​គាត់​មាន​ប្រសាសន៍​ថា « យើង​ត្រូវ​ចេញទៅ​រៀន​ស្គាល់​ពិភពលោក​នេះ​ឲ្យ​បាន​ច្រើន​ទោះបីជា​យើង​មិន​យល់ស្រប​ជាមួយនឹង​អ្វីៗ​ទាំងនោះ​ក្តី ក៏​យើង​នៅ​មានផ្ទះ​ដែល​យើង​អាច​ត្រឡប់​ទៅរក​ព្រោះ​ជា​ទីជម្រក​ដ៏​មាន​សុវត្ថិភាព » ( ជី ខេ ឆេស្ទ័រតុន Orthodoxy

អរគុណ​ណាស់​ដែល​ពួកគេ​មិន​បាន​ចេញទៅ​ក្រៅ​ទប់ទល់នឹងព្យុះភ្លៀង​តែ​ម្នាក់​ឯង ។ ពួកគេ​មាន​គ្នា ។ ហើយ​ពួកគេ​មាន​បងប្អូន ។ ហើយ​ពួកគេ​ធ្វើតាម​ព្យាការី​ដែល​នៅរស់ គឺ​ប្រធាន រ័សុល អិម ណិលសុន ដែល​ដឹកនាំ​ដោយ​ការដឹង​ដ៏​សុទិដ្ឋិនិយម​នៃ​អ្នក​មើល​ឆុត នៅក្នុង​ការប្រកាស​ថា ការខិតខំ​ដ៏​អស្ចារ្យ​នៃ​ពេលវេលា​ទាំងនេះ—ការប្រមូល​សាសន៍​អ៊ីស្រាអែល—នឹង​អស្ចារ្យ ហើយ​ខ្ពង់ខ្ពស់ ( សូមមើល « សង្ឃឹម​អ៊ីស្រាអែលl » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំងពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅ​លើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។

នៅ​រដូវក្តៅ​នេះ ភរិយា​ខ្ញុំ ខាលៀន និង​ខ្ញុំ​កំពុងផ្លាស់​ប្តូរ​ជើង​ហោះហើរ​នៅ​ទីក្រុង អាំស្ទែដាំ ដែល​ជា​កន្លែង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ថ្មី ។ ខ្ញុំ​បាន​នឹក​ចាំ​ពី​ការពុះពារ​រៀន​ភាសា​ហូឡង់​អស់​ជា​ច្រើន​ខែ ជើងហោះហើរ KLM របស់យើង​បាន​ចុះចត ហើយ​អ្នក​បើក​យន្តហោះ​បាន​ធ្វើ​ការប្រកាស​អ្វី​មួយ​ដែល​ស្តាប់​មិន​យល់​មួយ​តាម​ប្រព័ន្ធ PA ។ ដោយ​ស្ងាត់​មួយ​សន្ទុះ ដៃគូ​របស់​ខ្ញុំ​បាន​និយាយ​តិចៗ​ថា « ខ្ញុំ​គិត​ថា នោះ​គឺ​ជា​ភាសា​ហូឡង់ » ។ យើង​ក្រឡេក​មើល​មុខ​គ្នា​ហើយគិត​ថា ៖ ភ្លេច​អស់​ហើយ ។

ប៉ុន្តែ​អ្វីៗ​មិន​បាត់បង់​ទាំងអស់​ទេ ។​ នៅ​ពេល​ខ្ញុំ​កំពុង​ស្លុង​យ៉ាង​ខ្លាំង​លើ​ការពុះពារ​ចំពោះ​សេចក្តី​ជំនឿ​ដែល​យើង​បាន​ទទួល​កាល​ដែល​យើង​បាន​ដើរ​កាត់​អាកាស​យានដ្ឋាន​នេះ​ទៅកាន់​អព្ភូតហេតុ​ដែល​ស្រោច​មក​លើ​យើង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា កាល​ពេល​នោះ ស្រាប់​តែ​ខ្ញុំ​បាន​ឮ​សំឡេង​ហៅ​ដោយ​អ្នកផ្សព្វផ្សាយសាសនា​ម្នាក់​ដែល​កំពុង​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ គាត់​បាន​ណែនាំ​ខ្លួន​គាត់ ហើយ​ខ្ញុំ​បាន​សួរ​ថា « លោកប្រធាន ឡាន់ តើឥឡូវនេះ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដូចម្តេច ? » តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​នៅ​តែ​រឹងមាំ ?

នេះ​ជា​សំណួរ​ដូចគ្នា​ដែល​មាន​ក្នុង​ចិត្ត​យុវវ័យ​របស់​យើង នៅពេល​ពួកគេ​ចាក​ចេញ​ពី​សន្និសីទ FSY ជំរំ​យុវជន ធ្វើ​ដំណើរ​ទៅ ហើយ​ព្រះវិហារ​បរិសុទ្ធ និង​គ្រប់​ពេល​ដែល​ពួកគេ​ទទួល​បាន​នូវ​ព្រះចេស្តា​នៃ​ស្ថានសួគ៌ ៖« តើ​ការស្រឡាញ់​ព្រះ​អាច​ប្រែ​ក្លាយ​ភាពជាសិស្ស​ឲ្យ​នៅ​ដ៏​ស្ថិតស្ថេរ​បាន​ដោយ​របៀប​ណា ? » ។

ខ្ញុំ​ស្រឡាញ់កាន់តែ​ខ្លាំងឡើង​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនាដែល​មានភ្នែកភ្លឺថ្លា​ម្នាក់​នេះ​ដែល​កំពុង​បម្រើ​នៅ​នាទី​ចុង​ក្រោយ​នៃ​បេសកកម្ម​របស់​គាត់ ហើយ​នៅ​ក្នុង​ភាពស្ងប់ស្ងាត់​មួយ​សន្ទុះ​នៃ​ព្រះវិញ្ញាណ ខ្ញុំ​បាន​ឮ​សំឡេង​ខ្ញុំ​ក្តុកក្តួល​កាល​ខ្ញុំ​និយាយ​យ៉ាង​សាមញ្ញ​ថា « ប្អូន​មិន​ចាំបាច់​ពាក់​ស្លាក​ឈ្មោះ​នេះ​ដើម្បី​ថ្លែង​ពី​ព្រះនាម​ទ្រង់​នោះ​ទេ ។

ខ្ញុំ​ចង់​ដាក់​ដៃ​លើ​ស្មា​គាត់ ហើយ​និយាយ​ថា « នេះ​ជាអ្វី​ដែល​ប្អូន​ធ្វើ ។ ប្អូន​ទៅ​ផ្ទះ ហើយ​ប្អូន​គ្រាន់​តែ​ធ្វើ​ដូចនេះបាន​ហើយ ។ ប្អូន​ល្អ​ខ្លាំង​ណាស់ រស្មី​នៃ​សេចក្តី​ល្អ​របស់​ប្អូន​ស្ទើរ​តែ​មិន​ចាំបាច់​បើក​ភ្លើង​ក្នុង​បន្ទប់​ក៏​បាន​ដែរ ។ ការហាត់ពត់​លត់ដំ​នៅ​បេសកកម្ម និង​ការលះបង់​របស់​ប្អូន​បាន​ធ្វើ​ឲ្យ​ប្អូន​ក្លាយ​ជា​បុត្រា​ដ៏​អស្ចារ្យ​របស់​ព្រះ ។ សូម​បន្ត​ធ្វើ​នៅ​ផ្ទះ​ដូច​អ្វី​ដែល​វា​មាន​អានុភាព​ចំពោះប្អូន​នៅ​ក្នុង​បេសកកម្ម​នេះ ។ ប្អូន​បាន​រៀន​អធិស្ឋាន និង​អង្គ​ដែល​ប្អូន​អធិស្ឋាន​ទៅ និង​ភាសា​នៃ​ការអធិស្ឋាន ។ ប្អូន​បាន​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ចាប់ផ្តើម​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ ដោយ​ព្យាយាម​ធ្វើជា​ដូច​ទ្រង់ ។ ប្អូន​បាន​ស្រឡាញ់​ព្រះវរបិតាសួគ៌​ដូច​ជា​ទ្រង់​ស្រឡាញ់​ព្រះវរបិតារបស់ទ្រង់ បម្រើ​អ្នក​ដទៃ​ដូច​ជា​ទ្រង់​បាន​បម្រើ​អ្នក​ដទៃ ហើយ​រស់នៅ​តាម​ព្រះបញ្ញត្តិ​ដូច​ទ្រង់​បាន​រស់នៅ​តាម​ព្រះបញ្ញត្តិ​ដែរ—ហើយ​ពេល​ប្អូន​មិន​បាន​ធ្វើ នោះ​ប្អូន​បាន​ប្រែចិត្ត ។ ភាពជា​សិស្ស​របស់​ប្អូន​មិន​គ្រាន់តែ​ជា​ពាក្យ​ស្លោក​នៅលើ​អាវ​យឺត​នោះ​ទេ—វា​បាន​ប្រែ​ក្លាយ​ជាចំណែកមួយ​ក្នុង​ជីវិត​របស់​ប្អូន ហើយ​ដែល​រស់នៅ​ដោយមាន​គោលបំណងសម្រាប់​អ្នក​ដទៃទៀត ។ ដូច្នេះ សូមប្អូន​​ទៅ​ផ្ទះ ហើយ​ប្អូន​ធ្វើ​បែបនេះ​ទៀត​ចុះ ។ ធ្វើ​បែប​ហ្នឹង ។ សូម​បន្ត​សន្ទុះ​ខាង​វិញ្ញាណ​នេះ​ទៅក្នុង​ជីវិត​ដែល​នៅ​សេស​សល់​របស់​ប្អូន​រហូតទៅ ។

ខ្ញុំ​ដឹង​ថា តាមរយៈ​ការទីពឹង​លើ​ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ផ្លូវ​នៃ​សេចក្តី​សញ្ញា​របស់ទ្រង់ នោះ​យើង​អាច​រកឃើញ​នូវ​ទំនុកចិត្ត និង​សេចក្តី​សុខសាន្ត​ខាងវិញ្ញាណ នៅពេល​យើង​ចិញ្ចឹម​បីបាច់​ទម្លាប់​បរិសុទ្ធ និង​ទម្លាប់​សុចរិត​នានា ដែល​អាច​ទ្រទ្រង់ និង​បង្កើតនូវ​សេចក្តី​ជំនឿ​របស់​យើង ។ សូម​ឲ្យ​យើង​ម្នាក់ៗ​ខិតទៅ​ជិត​កម្លាំង​ពង្រឹង​ទាំងនោះ ហើយ​ទោះ​ជា​មាន​អ្វី​កើតឡើង​ក្តី សូម​នៅ​រឹងមាំ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕