សន្និសីទទូទៅ
កេរតំណែល​នៃ​ការលើកទឹកចិត្ត
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


កេរតំណែល​នៃ​ការលើកទឹកចិត្ត

ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​បន្ត​ខិតខំ​មាន​គុណសម្បត្តិ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​វិញ ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​ជួបជុំ​​បងប្អូន​ក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ យើងដឹង​ពី​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​បងប្អូន​មកពីគ្រប់​ទីកន្លែង​ ។ យើង​ត្រូវ​បាន​ស្អាង​ឡើង​ដោយ​ការ​បង្រៀន​ដ៏​បំផុស​គំនិត មកពី​ទីបន្ទាល់​ដ៏​មាន​អានុភាព និង​តន្ត្រី​ដ៏​អស្ចារ្យ ។

ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​បន្ត​ខិតខំ​មាន​គុណសម្បត្តិ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​វិញ ។ មិន​ថា​បងប្អូន​នៅ​កន្លែងណា​លើ​ផ្លូវ​នៃសេចក្ដី​សញ្ញា​ បងប្អូន​នឹង​ជួប​បញ្ហានឹង​ការសាកល្បង​ខាង​រូបកាយ​នៃ​ជីវិត​រមែងស្លាប់ ហើយការ​ផ្ទុយ​របស់សា​តាំង ។

ដូចដែល​ម្តាយ​ខ្ញុំ​បាន​ប្រាប់ខ្ញុំ ​នៅពេល​ខ្ញុំត្អូញ​ត្អែរ​ពីរឿងពិបាកថា « អូ៎ វាពិបាក​​ម្ល៉េះ ។ វា​ច្បាស់ជា​ពិបាកហើយ ។ ជីវិត​គឺ​ជា​ការសាកល្បង » ។

គាត់​អាច​និយាយ​បែប​នោះ​ដោយ​ស្ងប់ចិត្ត ទាំង​ញញឹម ពីព្រោះ​គាត់​បាន​ដឹង​រឿង​ពីរ​យ៉ាង ។ មិនថា​មាន​បញ្ហាអ្វី​នោះទេ រឿង​សំខាន់​បំផុត​របស់​គាត់ គឺ​ការ​ធ្វើ​ដំណើរ​ទៅកាន់​ផ្ទះ​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​ ។ ហើយ​គាត់​ដឹង​ថា គាត់​អាច​ធ្វើ​វា​បាន​តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ ។

គាត់​មានអារម្មណ៍​ថាទ្រង់​នៅជិត​គាត់ ។ នៅ​ថ្ងៃ​ដែល​គាត់​ដឹង​ថា​គាត់​ហៀបនឹង​ស្លាប់ គាត់​បាន​និយាយនឹង​ខ្ញុំ​អំពី​ព្រះអង្គ​សង្គ្រោះ ពេល​គាត់​សម្រាន្ត​នៅ​ក្នុង​បន្ទប់​​គាត់ ។ មានទ្វារចូលទៅ​បន្ទប់មួយទៀតនៅ​ជិត​គ្រែ​គាត់​ ។ គាត់​ញញឹម ​សម្លឹង​មើល​ទៅ​ទ្វារ​នោះ កាល​ថ្លែង​ដោយ​ស្ងប់​ចិត្ត​ថា គាត់​នឹង​បាន​ជួប​ទ្រង់​ឆាប់ៗ​នេះ ។ ខ្ញុំ​នៅ​ចាំ​ពីការ​សម្លឹង​មើល​ទៅ​ទ្វារ ហើយ​ស្រមៃ​ឃើញ​បន្ទប់​ដែល​នៅ​ម្ខាងទៀត ។

ឥឡូវនេះ​គាត់​នៅ​ក្នុង​ពិភព​វិញ្ញាណ ។ គាត់​អាច​សម្រច​គោលដៅ​ដ៏មាន​តម្លៃ​ ដែល​គាត់​ចង់បាន​តាមរយៈ​ការសាកល្បង​ខាង​រូបកាយ​ផ្ទាល់ខ្លួន​ជាច្រើន​ឆ្នាំ​មក​នេះ ។

កេរតំណែល​នៃ​ការលើក​ទឹកចិត្ត ដែល​គាត់​បាន​បន្សល់​ទុក​​បាន​ពិពណ៌នា​យ៉ាង​ល្អ​នៅក្នុង មរ៉ូណៃ ៧ ត្រង់កន្លែង​ដែល​មរមន​លើក​ទឹកចិត្ត​កូន​ប្រុស មរ៉ូណៃ និង​ប្រជាជន​របស់​លោក ។ វា​គឺ​ជា​កេរដំណែល​នៃ​ការលើក​ទឹក​ចិត្ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ ដូច​ម្តាយ​ខ្ញុំ​បន្ត​ដល់​ក្រុម​គ្រួសារ​​គាត់​ផងដែរ ។ មរមន​បាន​បន្ត​កេរដំណែល​នៃ​ការលើក​ទឹកចិត្ត​នោះ​ដល់​អស់​អ្នក​ដែលប្ដេជ្ញា​ចិត្ត​មាន​គុណ​សម្បត្តិ តាម​រយៈ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់ ដើម្បី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

មរមន​ចាប់ផ្តើម​នៅក្នុង​ខទីមួយ​នៃ មរ៉ូណៃ ៧ ជាមួយ​នឹង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ពួកទេវតា និង​​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ដែល​អាច​ឲ្យ​យើង​ដឹង​ល្អ និងអាក្រក់​ ហើយ​អាច​ជ្រើសរើស​ត្រូវ ។

លោក​បាន​ដាក់​ព្រះយេស៊ូវគ្រីស្ទ​ជាទីមួយ ដូច​​អស់​អ្នក​​ដែល​ជោគជ័យ​​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​អស់​អ្នក​ដែល​ពុះពារ​​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​ផ្ទះ​សួគ៌ា​របស់​ពួកគេ ៖

« ត្បិត​គ្មាន​អ្នក​ណា​អាច​បាន​សង្គ្រោះ​ឡើយ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ លើក​លែងតែ​ពួក​គេ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​ឈប់​មាន​ការណ៍​ទាំង​នេះ នោះ​សេចក្ដី​ជំនឿ​ក៏​ឈប់​មាន​ដែរ ហើយ​ស្ថានភាព​មនុស្ស​នោះ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ត្បិត​ពួក​គេ​ហាក់​បី​ដូច​ជា​គ្មាន​បាន​សេចក្ដី​ប្រោស​លោះឡើយ ។

« ប៉ុន្តែ​មើល​ចុះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​វិនិច្ឆ័យ​ថា​អ្នក​គ្រាន់បើ​ជាង​នេះ ត្បិត​ខ្ញុំ​វិនិច្ឆ័យ​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ដោយ​ព្រោះ​ភាព​ស្លូតបូត​របស់​អ្នក ត្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​សម​នឹង​បាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​នៃ​សាសនាចក្រ​របស់​ទ្រង់​ឡើយ » ។

មរមន​បាន​ឃើញ​ភាព​ស្លូតបូត​ ជា​ភស្តុតាង​នៃ​ភាព​រឹងមាំ​នៃ​សេចក្តី​ជំនឿ​របស់ពួកគេ ។ លោក​បាន​ឃើញ​ថា ពួកគេ​​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​យកចិត្ត​ទុកដាក់ លើ សេចក្តី​ជំនឿ ។ មរមន​បាន​បន្ត​​លើក​ទឹកចិត្ត​ ដោយ​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា សេចក្តី​ជំនឿ និង​ភាពស្លូតបូត​នឹង​ស្ថាបនា​ការអះអាង និង​ទំនុកចិត្ត​​ថា​ពួកគេនឹង​ជោគជ័យ​ក្នុង​ការពុះពារ ៖

« ហើយ​ម្យ៉ាង​ទៀត ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​សង្ឃឹម ។ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​សេចក្ដី​ជំនឿ លើក​លែង​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សង្ឃឹម ?

« ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ និង​អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា ។

« ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​មនុស្ស​ណាមួយ​មាន​សេចក្ដី​ជំនឿ នោះ​គេ​ត្រូវ​តែ​មាន​សេចក្ដី​សង្ឃឹម ត្បិត​អត់​ពី​សេចក្ដី​ជំនឿ​ទៅ នោះ​ពុំ​អាច​មាន​សេចក្ដី​សង្ឃឹម​ឡើយ ។

« ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​នោះ​ពុំ​អាច​មាន​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​ទេ លើក​លែងតែ​អ្នក​នោះ​ស្លូតបូត ហើយ​សុភាព​រាបសា » ។

បន្ទាប់​មក មរមន​បាន​លើកទឹក​ចិត្ត​ពួកគេ ដោយ​ការ​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​កំពុង​នៅលើ​ផ្លូវ​ដើម្បី​ទទួល​អំណោយ​ទានក្នុង​ដួងចិត្ត​ដែល​ពោរពេញ​ទៅដោយ​សេចក្តី​ស្រឡាញ់ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។ លោក​បាន​ចងក្រង​រួមគ្នា​សម្រាប់​ពួកគេ​នូវ​ទំនាក់​ទំនង​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ភាព​ស្លូត​បូត ការបន្ទាប​ខ្លួន ព្រះវិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​សង្ឃឹម​ដ៏​រឹងមាំ​ថា​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ លោក​លើក​ទឹកចិត្ត​ពួកគេ​តាម​វិធី​នេះ ៖

« គ្មាន​អ្នក​ណា​អាច​បាន​ទៅ​ជា​ទី​គាប់​ចំពោះ​ព្រះ​ឡើយ លើក​លែងតែ​មនុស្ស​ស្លូតបូត ហើយ​សុភាព​រាបសា​ប៉ុណ្ណោះ ហើយ​បើ​សិន​ជា​មនុស្ស​នោះ​ស្លូតបូត ហើយ​សុភាព​រាបសា ហើយ​ទទួល​ស្គាល់​ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា ព្រះ​យេស៊ូវ គឺជា​ព្រះ​គ្រីស្ទ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស ត្បិត​បើ​សិន​ជា​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ អ្នក​នោះ​គ្មាន​ជា​អ្វី​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស » ។

បើគិត​ត្រឡប់ទៅវិញ ឥឡូវ​នេះ​ខ្ញុំ​អាច​មើល​ឃើញ​ពីរបៀប​ដែល​អំណោយ​នៃ​សេចក្តី​សប្បុរស—ជា​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ—បានពង្រឹង ដឹកនាំ ទ្រទ្រង់ និង​ផ្លាស់ប្តូរ​ម្តាយ​របស់​ខ្ញុំ​ក្នុង​ការពុះពារ​នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​របស់គាត់ ។

« ហើយ​សេចក្ដី​សប្បុរស តែងតែ​អត់ធ្មត់ ហើយ​ចិត្ត​ល្អ ហើយ​ពុំ​ចេះ​ឈ្នានីស ហើយ​ពុំ​ចេះ​អួត​ខ្លួន ពុំ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ពុំ​រហ័ស​ខឹង ពុំ​គិត​ដល់​សេចក្ដី​អាក្រក់ ហើយ​ពុំ​ដែល​អរ​រីករាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ ប៉ុន្តែ​អរ​រីករាយ​តែ​នឹង​សេចក្ដី​ពិត​វិញ គឺ​ទ្រាំទ្រ​ការណ៍​ទាំង​អស់ ជឿ​ដល់​ការណ៍​ទាំង​អស់ សង្ឃឹម​ដល់​ការណ៍​ទាំង​អស់ ហើយ​ស៊ូ​ទ្រាំទ្រ​ការណ៍​ទាំង​អស់ ។

« ហេតុដូច្នោះ​ហើយ ឱបងប្អូន​ដ៏ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ បើសិន​ជា​អ្នករាល់​គ្នា​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​អ្នករាល់​គ្នា​គ្មាន​ជា​អ្វី​ទាំងអស់ ដ្បិត​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ ។ ហេតុ​ដូច្នោះ​ហើយ ចូរ​តោង​ជាប់​សេចក្ដី​សប្បុរស ដែល​ជា​សេចក្ដី​ដ៏មហិមា​បំផុត ដ្បិត​អ្វី​ផ្សេងៗទៀត​នឹង​ត្រូវ​ខូចបង់—

« ប៉ុន្តែ​សេចក្ដី​សប្បុរស​គឺ​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ហើយ​ស្ថិត​ស្ថេរ​នៅ​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ ។

« ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ ត្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិតប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូច​ជា ទ្រង់​បរិសុទ្ធ » ។​

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការ​លើក​ទឹកចិត្ត​អំពី​គំរូ និង​ការបង្រៀន​របស់​មរមន ។ ខ្ញុំ​ក៏​បាន​ទទួល​ពរ​ពី​កេរដំណែល​របស់​អ្នក​ម្ដាយ​ខ្ញុំ​ផង​ដែរ ។ ចាប់តាំង​ពី​ព្យាការី​អ័ដាម​រហូត​ដល់​ព្យាការី​សព្វ​ថ្ងៃ​នេះ ពួក​លោក​បាន​ពង្រឹង​​ខ្ញុំ​តាម​រយៈ​ការ​បង្រៀន និង​គំរូ​របស់​ពួក​លោក ។

ដោយ​ការ​គោរព​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ស្គាល់​ផ្ទាល់ និង​ចំពោះ​ក្រុមគ្រួសារ​ពួកលោក ខ្ញុំបាន​ជ្រើស​រើស​មិនព្យាយាមបញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​នៃ​ការ​ពុះពារ​ ឬ​និយាយ​អំពី​អំណោយ​ដ៏អស្ចារ្យ​របស់​ពួក​លោក​ជាសាធារណៈ​ទេ ។ ប៉ុន្តែ​អ្វីដែល​ខ្ញុំបាន​ឃើញ​គឺ​បានលើក​ទឹកចិត្ត​ខ្ញុំ និង​ផ្លាស់ប្តូរ​ខ្ញុំ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ។

ខ្ញុំ​សូម​លើក​​រឿង​ឯកជន​​របស់​ភរិយាខ្ញុំ​បន្តិច ខ្ញុំ​នឹង​រៀបរាប់​ដោយ​សង្ខេប​អំពី​ការលើក​ទឹកចិត្ត​របស់​គាត់ ។ ខ្ញុំ​នឹងប្រាប់​ដោយ​ប្រុង​ប្រយ័ត្ន ។ គាត់​ជា​មនុស្សមិនសូវចេញ​មុខ មិន​ស្វែង​រក​កិត្តិយស ឬ​ការ​សរសើរ​ឡើយ ។

យើង​បានរៀបការ​ ៦០​ឆ្នាំ ​ហើយ ។ ដោយសារ​តែ​បទពិសោធន៍​នោះ ពេល​នេះ​ខ្ញុំយល់​អត្ថ​ន័យ​នៃ​ពាក្យ​ក្នុង​ព្រះគម្ពីរទាំង​នេះ ៖ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម ភាពស្លូតបូត ការស៊ូទ្រាំ ការមិន​ស្វែងរក​ប្រយោជន៏​ផ្ទាល់ខ្លួន ការ​ត្រេកអរ​ក្នុង​សេចក្ដីពិត មិនគិត​អាក្រក់ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះគឺ​សេចក្ដី​សប្បុរស ។ ដោយ​ផ្អែក​លើ​បទពិសោធន៍​នោះ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​លោក​អាច​ទទួល​យក​អ្វី​ដ៏​អស្ចារ្យ​ទាំងនោះ​ដាក់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ពេល​ពួកគេ​លូតលាស់​ខាង​វិញ្ញាណ ។

បងប្អូន​ដែល​កំពុង​ស្តាប់​រាប់លាន​នាក់​អាច​ស្គាល់​មនុស្ស​បែប​នេះដែរ ។ បងប្អូន​ភាគច្រើន គឺជា មនុស្ស​បែបនេះ ។ យើង​ទាំង​អស់គ្នា​ត្រូវការ​គំរូ​ដែល​លើក​ទឹក​ចិត្ដ និង​មិត្ត​ជាទី​ស្រឡាញ់​បែប​នេះ ។

ពេល​បងប្អូន​អង្គុយ​ជាមួយ​នរណា​ម្នាក់​ក្នុង​នាម​ជា​អ្នក​ផ្តល់​ការងារ​បម្រើ​របស់ពួក​គេ នោះ​បង​ប្អូន​ជា​តំណាង​របស់​ព្រះអម្ចាស់ ។ សូម​គិត​អំពី​អ្វី​ដែល​ទ្រង់​នឹងធ្វើ ឬ​មាន​បន្ទូល ។ ទ្រង់​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​មក​រក​ទ្រង់ ។ ទ្រង់​នឹង​លើក​ទឹកចិត្ត​ពួកគេ ។ ទ្រង់​នឹង​កត់​សម្គាល់ ហើយ​សរសើរ​ដល់​ពួកគេ​ដែល​ចាប់​ផ្តើម​ផ្លាស់ប្តូរ ។ ហើយ​ទ្រង់​នឹង​ធ្វើ​ជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​ឲ្យ​ពួកគេ​ធ្វើតាម ។

គ្មាន​នរណា​ធ្វើ​បាន​ទាំង​ស្រុង​ទេ ប៉ុន្តែ​ពេល​ស្តាប់​សន្និសីទ​នេះ បងប្អូន​អាច​ដឹង​ថា​ខ្លួន​បងប្អូន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​នោះ ។ ព្រះអង្គ​សង្គ្រោះ​ជ្រាប​ពី​ការពុះពារ​គ្រប់​យ៉ាង​របស់​បងប្អូន ។ ទ្រង់​ជា្រប​ពី​សក្ដានុ​ពល​ដ៏អស្ចារ្យ​របស់​បងប្អូន​ដើម្បី​ចម្រើន​សេចក្ដី​ជំនឿ ក្ដីសង្ឃឹម និង​សេចក្ដី​សប្បុរស ។

ព្រះបញ្ញត្តិ និង​សេចក្ដី​សញ្ញា​ដែល​ទ្រង់​ផ្ដល់​ឲ្យ​បងប្អូន​ពុំ​មែនធ្វើ​សាកល្បង​ដើម្បី​គ្រប់គ្រង​បងប្អូន​នោះ​ទេ ។ វា​គឺជា​អំណោយ​ទាន​មួយ​ដើម្បី​លើកស្ទួយ​បងប្អូន​ឆ្ពោះ​ទៅ​កាន់​អំណោយទាន​របស់ព្រះ ហើយ​ត្រឡប់​ទៅផ្ទះ​វិញ ដើម្បី​ជួប​ព្រះវរបិតាសួគ៌ និង​ព្រះអម្ចាស់​ដែល​ស្រឡាញ់​បងប្អូន ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង ។ យើង​អាច​នឹង​ទាមទារ​ពរជ័យ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​បាន បើ​យើង​មាន​ជំនឿ​លើ​ទ្រង់​គ្រប់គ្រាន់​ដើម្បី​ប្រែចិត្ត ហើយ​ប្រែ​ក្លាយ​ដូច​កុមារ​ម្នាក់​ដែល​បរិសុទ្ធ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​អំណោយទាន​ដ៏​មហិមា​បំផុត​នៃ​ព្រះ ។

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ បងប្អូនទទួល​យក​ការ​អញ្ជើញ​របស់​ទ្រង់ ហើយ​​ផ្តល់​វា​ដល់​កូនចៅ​ដទៃ​ទៀត​របស់​ព្រះវរបិតាសួគ៌​នៃយើង ។

ខ្ញុំ​សូម​អធិស្ឋាន​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ទូ​ទាំង​ពិភព​លោក ។ សូម​ឲ្យ​ពួកគេ​បាន​បំផុសគំនិត ដើម្បី​លើក​ទឹកចិត្ត​មនុស្ស​ម្នាក់ៗ​ឲ្យ​ចង់​បាន ហើយ​ជឿថា​ការអញ្ជើញ​នេះ​គឺ​មក​ពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​អ្នកបម្រើ​របស់​ទ្រង់ ដែល​បាន​លើក​ដាក់​ខ្លួន​ពួកគេ​នូវ​ព្រះនាម​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ទ្រង់​បាន​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំជា​សាក្សី​របស់​ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​ដែល​នៅ​រស់​របស់​ព្រះ​នៅលើ​ផែនដី​ទាំងមូល ។ ខ្ញុំ​ដឹង​ថានោះ​គឺ​ជា​ការពិត ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕