សន្និសីទទូទៅ
ឱ !​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ឱ !​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង

យើង​ម្នាក់ៗ​គួរ​តែ​វាយតម្លៃ​ពីអាទិភាព​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​របស់​យើង​ដោយ​ស្មោះត្រង់ និង​ដោយ​ការអធិស្ឋាន ។

រឿង​ប្រៀប​ប្រដូច​គឺ​ជា​លក្ខណៈ​ពិសេស​នៃ​វិធីសាស្ត្រ​បង្រៀន​ដ៏​ជំនាញ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ អត្ថន័យ​ដ៏​សាមញ្ញ​នៃ រឿង​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​សង្រ្គោះ គឺ​ជា​រឿង​ដែល​ត្រូវ​បាន​ប្រើ ដើម្បី​ប្រៀបធៀប​សេចក្ដីពិត​ខាង​វិញ្ញាណ ទៅ​នឹង​បទពិសោធន៍​ជា​សម្ភារ និង​ជីវិត​រមែង​ស្លាប់ ។ ឧទាហរណ៍ ៖ ដំណឹងល្អ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី គឺ​ពោរពេញ​ទៅ​ដោយ​ការបង្រៀន ដែល​ប្រៀបធៀប​នគរ​ស្ថានសួគ៌​ទៅ​នឹង​គ្រាប់​ពូជ​ម្យ៉ាង ទៅ​នឹង​កែវមុក្តា​ដ៏​មាន​តម្លៃ​មហិមា ទៅ​នឹង​ម្ចាស់​ចម្ការ និង​ជើង​ឈ្នួល ដែល​ធ្វើ​ការ​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ​នឹង​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ និង​រឿង​ជា​ច្រើន​ទៀត ។ អំឡុង​ពេល​នៃ​ការងារ​បម្រើ​របស់​ព្រះអម្ចាស់​នៅ​កាលីឡេ ព្រះគម្ពីរ​បង្ហាញ​ថា « ទ្រង់​ពុំ​មាន​បន្ទូល​ទៅ​គេ ដោយ​ពុំមាន​រឿង​ប្រៀប​ធៀប​ឡើយ » ។

អត្ថន័យ ឬ​សារ​លិខិត​នៃ​រឿង​ប្រៀប​ប្រដូច​នោះ ពុំមែន​ដើម្បី​បង្ហាញ​ភាព​ច្បាស់លាស់​នោះ​ទេ ។ តែរឿង​នោះ​គឺគ្រាន់តែ​ជួយនាំ​សេចក្តីពិត​ដ៏ទេវភាព​ទៅ​កាន់​អ្នក​ទទួល តាម​រង្វាស់​នៃ​សេចក្តីជំនឿ​របស់គេ​លើ​ព្រះ ការរៀបចំ​ផ្ទាល់​ខ្លួន​ខាង​វិញ្ញាណ និង​ឆន្ទៈ​ដើម្បី​រៀន​សូត្រ​ប៉ុណ្ណោះ ។ ដូច្នេះ​ បុគ្គល​ម្នាក់​ត្រូវតែ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាងសីលធម៌ និង« សូម រក និង​គោះ » យ៉ាងសកម្ម ដើម្បី​បានរកឃើញ​សេចក្ដីពិត ដែល​បាន​បង្កប់​ក្នុងរឿង​ប្រៀបប្រដូច​នោះ ។

ខ្ញុំ​សូម​អធិស្ឋាន​ដោយ​ស្មោះ​សុំឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺ​យើង​ម្នាក់ៗ​ពេល​នេះ កាល​យើង​ពិចារណា​អំពី​សារៈសំខាន់​នៃរឿង​ប្រៀបប្រដូច​អំពី​ការបរិភោគ​ការនៃ​វិវាហ​មង្គលការ​របស់​ស្តេច ។

ការបរិភោគ​ការក្នុង​វិវាហ​មង្គលការ​របស់​ស្តេច

« ព្រះយេស៊ូវ … មាន​បន្ទូលរឿង​ប្រៀប​ប្រដូច​១​ទៀត​ទៅ​គេ​ថា

នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្តេច ១ អង្គ ដែល​រៀប​វិវាហមង្គល​ឲ្យ​ព្រះរាជបុត្រា ។

ទ្រង់​ចាត់​ពួក​មហាតលិក​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​មង្គលការ​នោះ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​ព្រម​មក​ទេ ។

ទ្រង់​ក៏​ចាត់​ពួក​មហាតលិក​ឯ​ទៀត​ឲ្យ​ទៅ​ ដោយ​បន្ទូល​ថា ចូរ​ឯង​ប្រាប់​ពួក​ភ្ញៀវ​ថា ឥឡូវ​គ្រឿង​ជប់លៀង​បាន​រៀប​ជា​ស្រេច​ហើយ គេ​បាន​សម្លាប់​គោ និង​សត្វ​បំប៉ន​យ៉ាង​ធាត់ៗ ហើយ​ក៏​រៀបចំ​គ្រប់​ទាំងអស់​រួច​ជា​ស្រេច ចូរ​មក​បរិភោគ​ការ​ចុះ ។

« តែ​អ្នក​ទាំង​នោះ​ធ្វេសប្រហែស​វិញ ម្នាក់​ក៏​ទៅ​ឯ​ចម្ការ​ខ្លួន ម្នាក់​ទៀត​ទៅ​ឯ​ការ​ជំនួញ » ។

នៅ​សម័យ​បុរាណ ឱកាស​ដ៏​រីករាយ​ក្នុង​ជីវិត​នៃ​ពួកសាសន៍​យូដា គឺ​ជា​ពិធី​មង្គលការ​នេះ​ឯង—ជា​ព្រឹត្តិការណ៍​មួយ​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍ ឬ​ពីរ​សប្តាហ៍​ឯណោះ ។ ព្រឹត្តិការណ៍​បែប​នេះ​តម្រូវ​ឲ្យ​មាន​ការរៀបចំ​ផែនការ​ច្រើន ហើយ​ភ្ញៀវ​ត្រូវ​បាន​ជូន​ដំណឹង​ទុក​ជា​មុនយ៉ាង​យូរ ដោយ​មាន​ការរំឭក​​ផ្ញើ​ទៅនៅថ្ងៃ​បើក​ពិធី​នេះ ។ ការអញ្ជើញ​ពី​ស្ដេច​ទៅ​កាន់​អនុរាស្ត្រ​របស់​ទ្រង់ មក​កាន់​ពិធី​មង្គលការ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​បញ្ញត្តិ​មួយ​យ៉ាង​សំខាន់ ។ ប៉ុន្តែ​ភ្ញៀវ​ជា​ច្រើន​ដែល​ត្រូវបាន​អញ្ជើញ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះមិន​បាន​មក​ទេ ។

« ការបដិសេធ​មិន​ចូលរួម​បរិភោគ​ការ​របស់​ស្ដេច គឺ​ជា​ទង្វើ​បះបោរ​ទាស់​នឹង​អំណាច​ស្តេច​ដោយ​ចេតនា និង​ជាការប្រមាថ​ផ្ទាល់​ខ្លួន​ទាស់​នឹង​អំណាច​សោយរាជ្យ និង​បុត្រា​របស់​ទ្រង់ ។ … ការងាក​ចេញ​ដែល​បុរស​ម្នាក់​ទៅ​ឯ​ចម្ការ​របស់​ខ្លួន និង​ម្នាក់​ទៀត​បាន​ទៅធ្វើ [ កិច្ចការ​ជំនួញ ] របស់​គាត់ »ឆ្លុះ​បញ្ចាំង​ពីពួកគេដាក់​អាទិភាព​ខុស និង​ពុំ​គោរព​តាមទាំង​ស្រុងចំពោះ​ព្រះរាជ​បំណង​របស់​ស្ដេច ។១០

រឿង​ប្រៀបប្រដូច​បន្ត​ថា ៖

« រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហាតលិក​ថា ការ​បាន​រៀបចំ​ជា​ស្រេច តែ​ពួក​ភ្ញៀវ​មិន​គួរ​នឹង​មក​បរិភោគ​ទេ ។

ដូច្នេះ ចូរ​ទៅ​ឯ​ផ្លូវ​ប្រសព្វ អញ្ជើញ​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ឲ្យ​គេ​មក​បរិភោគ​​វិញ ។

មហាតលិក​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ​ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់​ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប » ។១១

ទំនៀម​ទម្លាប់​នៅ​ជំនាន់​នោះ គឺ​ថា​ម្ចាស់​មង្គល​ការ​ដែល​អញ្ជើញ​ភ្ញៀវ​បរិភោគ​ការ—ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​គឺជា​ស្តេច—ត្រូវ​ផ្តល់​សម្លៀកបំពាក់​សម្រាប់​ភ្ញៀវ​ដែល​មក​មង្គល​ការ​នោះ ។ សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​បែប​នេះ ជា​អាវផា​យ​សាមញ្ញ​​ធម្មតា ដែល​អ្នក​ចូលរួម​ទាំងអស់​ស្លៀក​ពាក់ ។ តាម​របៀប​នេះ ឋានន្ដរសក្តិ និង​ឋានៈ​ត្រូវ​បាន​លុប​ចោល ហើយ​មនុស្ស​គ្រប់​គ្នា​នៅក្នុង​ពិធី​បរិភោគ​ការ​នោះ អាច​ជួបជុំ​ដោយ​ស្មើ​ភាព​គ្នា ។១២

អ្នក​ដែល​បាន​អញ្ជើញ​ពី​ផ្លូវ​ប្រសព្វ ដើម្បី​ចូលរួម​ពិធី​មង្គលការ​នេះ នឹង​គ្មាន​ពេលវេលា ឬ​មធ្យោបាយ ដើម្បី​ទិញ​សម្លៀកបំពាក់​សមរម្យ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នោះ​ទេ ។ ជា​លទ្ធផល ស្ដេច​ទំនង​ជា​ប្រទាន​សម្លៀក​បំពាក់​ពី​ទូ​ខោអាវ​របស់​ទ្រង់​ផ្ទាល់​ទៅ​ឲ្យ​ភ្ញៀវ​ទាំងនោះ ។ មនុស្ស​គ្រប់​គ្នា​ត្រូវបាន​ផ្តល់​ឱកាស​ឲ្យ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ដោយ​ស្លៀក​សម្លៀកបំពាក់​របស់​ស្តេច ។១៣

នៅពេល​ស្ដេច​បាន​យាង​ចូល​​សាល​មង្គល​ការ នោះ​ទ្រង់​បាន​ស្ទង់មើល​អ្នក​ចូលរួម​ទាំង​នោះ ហើយ​បាន​កត់​សម្គាល់​ឃើញ​មួយ​រំពេច​ថា ភ្ញៀវ​ដ៏​លេចធ្លោ​ម្នាក់​មិន​បាន​ពាក់​អាវ​ផាយ​ទេ ។ បុរស​នោះ​ត្រូវបាន​គេ​នាំ​ទៅ​មុខ​ស្តេច ហើយ​ទ្រង់​បាន​សួរ​ថា ៖ « សម្លាញ់​អើយ ដូចម្តេច​បាន​ជា​អ្នក​ចូលមក​ទីនេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ ? អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ » ។១៤ ដោយសារ​តែ​វា​សំខាន់ នោះ​ស្ដេច​បាន​សួរ​ថា « ហេតុអ្វី​អ្នក​មិន​ពាក់​អាវ​ផាយ​ដូច្នេះ សូម្បី​តែ​សម្លៀកបំពាក់​នោះ​បាន​ផ្តល់​ឲ្យ​អ្នក​ហើយ​ក៏​ដោយ ? »​១៥

ច្បាស់​ណាស់​បុរស​នោះ​មិន​បាន​ស្លៀកពាក់​សមរម្យ​សម្រាប់​ឱកាស​ពិសេស​នេះ​ទេ ហើយ​ឃ្លា​ដែល​ថា « អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ » បង្ហាញ​ថា បុរស​នោះ​គ្មាន​ពាក្យ​ដោះសារ​ទេ ។១៦

អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ផ្តល់​នូវ​ការណែនាំ​នេះ​អំពី​សារៈសំខាន់​នៃ​សកម្មភាព​របស់​បុរស​នោះ​ថា៖« ភ្ញៀវ​ដែល​មិន​បាន​ពាក់​អាវ​ផាយ​នោះ​មាន​ទោស ដោយសារ​ការធ្វេស​ប្រហែស មិន​គោរព​ដោយ​ចេតនា ឬ​មាន​ការ​ប្រមាថ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត វាបង្ហាញច្បាស់ក្នុង​បរិបទ​នោះ ។ ដំបូង​ស្តេច​បាន​ព្រះតម្រិះ​ដោយ​សប្បុរស ដោយ​សួរ​តែ​អំពី​របៀប​ដែល​បុរស​នោះ បាន​ចូល​ទៅ​ក្នុង​ពិធី ដែល​ពុំ​ពាក់​អាវ​ផាយ​ប៉ុណ្ណោះ ។ បើ​ភ្ញៀវ​នោះ​អាច​ពន្យល់​ពី​ការស្លៀកពាក់​ខុស​គេ​របស់​គាត់ ឬ​និយាយ​សម​ហេតុផល ដែល​គាត់​នឹង​និយាយ ប៉ុន្តែ​យើងត្រូវបាន​ប្រាប់​ថា គាត់​នៅតែ​មិន​និយាយ ។ ការកោះ​ហៅ​របស់​ស្ដេច​ត្រូវបាន​អញ្ជើញ​ដោយ​សេរី ដល់​អស់​អ្នក​ដែល​អ្នក​បម្រើ​របស់​ទ្រង់​បាន​រកឃើញ ប៉ុន្តែ​ពួកគេ​ម្នាក់ៗ​ត្រូវតែ​ចូល​ទៅ​ក្នុង​រាជ​វាំង​តាម​ទ្វារ ហើយ​មុន​នឹង​ទៅ​ដល់​បន្ទប់​ជប់លៀង​ដែល​ស្តេច​នឹង​បង្ហាញ​ព្រះកាយ​ផ្ទាល់ នោះ​បុគ្គល​ម្នាក់ៗ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ ប៉ុន្តែ​បុរស​ដែល​មិនបាន​ពាក់​អាវផាយ​នោះ បាន​ចូល​តាម​ផ្លូវ​ណាមួយ​ផ្សេង​ទៀត ដោយ​មធ្យោបាយ​ណា​មួយ ហើយមិន​បាន​ឆ្លង​កាត់​អ្នក​យាម​នៅ​ច្រក​ចូល​នោះទេ គាត់គឺជា​ជន​ល្មើស » ។១៧

អ្នក​និពន្ធ​គ្រីស្ទាន​ម្នាក់​ឈ្មោះ ចន អូ រេដ បាន​កត់​សម្គាល់​ថា ការបដិសេធ​របស់​បុរស​នោះ​ក្នុង​ការពាក់​អាវ​ផាយ បាន​បង្ហាញ​យ៉ាងស្ដែង​ពី​« ការមិន​គោរព​ចំពោះ​ស្ដេច និង​បុត្រា​របស់​ទ្រង់ » ។ គាត់​មិនមែន​ខ្វះ​អាវ​ផាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ជ្រើសរើស​មិន​ពាក់​អាវ​នោះ​តែ​ម្តង ។ គាត់​បាន​បដិសេធ​ទាំង​បះបោរ​ក្នុងការ​ស្លៀក​ពាក់​សមរម្យ​សម្រាប់​ឱកាស​នោះ ។ ប្រតិកម្ម​របស់​ស្ដេច​មាន​ភាពរហ័ស និង​មិន​រួញរា​ថា ៖ « ចូរ​ចង​ជើង​ចងដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅទីនោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ » ។១៨

ការវិនិច្ឆ័យ​របស់​ស្តេច​អំពី​បុរស​នោះ មិន​ផ្អែក​ចម្បង​លើ​ការខ្វះ​អាវ​ផាយ​នោះ​ទេ—តែ​« តាម​ពិត​ទៅ បុរសនោះ​បាន​តាំងចិត្ត​ថា មិន​ពាក់​វា​ទេ » ។ បុរស​…​នោះ​ចង់​បាន​កិត្តិយស​ចូលរួម​បរិភោគ​ការ ប៉ុន្តែ…​មិន​ចង់​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ស្ដេច​ ។ គាត់​ចង់​ធ្វើ​អ្វីៗ​តាម​ចិត្ត​ខ្លួនឯង ។ កង្វះ​ខាត​ក្នុង​​ការស្លៀកពាក់​សមរម្យ​របស់​គាត់ បាន​បង្ហាញ​ពី​ការបះបោរ​ក្នុង​ចិត្ត​របស់​គាត់ ប្រឆាំង​នឹង​ស្ដេច និង​ការណែនាំ​របស់​ទ្រង់ ។​១៩

ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែរើស​បាន​តិច​ទេ

បន្ទាប់មក​រឿង​ប្រៀប​ប្រដូច​នោះ បាន​បញ្ចប់​ដោយ​ខគម្ពីរ​ដ៏​ជ្រួតជ្រាប​នេះ​ថា « ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែរើស​បាន​តិច​ទេ » ។២០

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ យ៉ូសែប ស្ម៊ីធ បាន​​កែសម្រួល​ខក្នុង​គម្ពីរ​ម៉ាថាយនេះ ជាការបកប្រែ​ដ៏​បំផុស​គំនិត​របស់​លោក​អំពី​ព្រះគម្ពីរ​ប៊ីប ៖ « មាន​មនុស្សជា​ច្រើន​ដែល​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែ​បន្តិច​ទេ​ដែល ត្រូវបានរើស ហេតុដូច្នេះ​ហើយ មនុស្ស​ទាំងអស់​ពុំមែន​មាន​អាវ​ផាយ​ពាក់​ទាំងអស់​គ្នា​នោះ​ទេ២១

ការអញ្ជើញ​ទៅ​ បរិភោគ​ការ និង ជម្រើស​ដើម្បី​ទទួល​ទាន​អាហារ​ក្នុង ការបរិភោគ​ការ​នោះ វា​ទាក់ទង​គ្នា ប៉ុន្តែ​មាន​ភាព​ខុស​គ្នា ។ ការអញ្ជើញ​នោះ​គឺ​សម្រាប់​បុរស និង​ស្ត្រី​ទាំងអស់ ។ បុគ្គល​ម្នាក់​អាច​ទទួល​យក​ការអញ្ជើញ​នោះ ហើយ​អង្គុយ​នៅ​ឯ​ការបរិភោគ​ការ​នោះ—ប៉ុន្តែ​មិន​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទទួលទាន​ទេ ដោយសារ​តែ​គាត់​គ្មាន​អាវ​ផាយ​សមរម្យ ក្នុង​ការ​ប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូវ និង​ព្រះគុណ​ដ៏​ទេវភាព​របស់​ទ្រង់​នោះឡើយ ។ ដូច្នេះ យើង​មាន​ទាំង​ការហៅ​របស់​ព្រះ និង​ការ​តប​របស់​យើងផ្ទាល់​ចំពោះ​ការហៅ​នោះ ហើយ​មនុស្ស​ជា​ច្រើន​ត្រូវបាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តិច​ទេ ដែល​ត្រូវបាន​ជ្រើសរើស ។២២

ការ​ត្រូវបាន​ជ្រើសរើស ឬ​ក្លាយ​ជា​អ្នកដែល​ត្រូវបាន​ជ្រើសរើស ពុំមែន​ជា​ស្ថានភាព​ពិសេស​មួយ ដែល​បាន​ប្រទាន​ដល់​យើង​ឡើយ ។ តែ បងប្អូន និង​ខ្ញុំ​អាច​ជ្រើសរើស​ដើម្បី​ត្រូវបាន​ជ្រើសរើស​នៅ​ទីបំផុត តាមរយៈ​ការអនុវត្ត​សិទ្ធិ​ជ្រើសរើស​ផ្នែក​សីលធម៌​របស់​យើងដ៏​សុចរិត​ ។

សូម​កត់​សម្គាល់​ពី​ការប្រើ​ពាក្យ បាន​រើស នៅក្នុង​ខគម្ពីរ​ក្នុង​គោលលទ្ធិ និង សេចក្ដីសញ្ញា​ដូច​តទៅ​នេះ ៖

« មើល​ចុះ មាន​មនុស្ស​ជាច្រើន​ដែល​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែ​បន្តិច​ទេ​ដែល​ត្រូវ បាន​រើស ។ ហើយ​តើ​ហេតុអ្វី​បាន​ជាពួកគេ​មិន​ត្រូវ បាន​រើស

« ពីព្រោះ​ចិត្ត​របស់​ពួកគេ​ត្រូវ​បាន​ភ្ជាប់​ជា​ខ្លាំង​ទៅ​លើ​អ្វីៗ​ទាំងឡាយ​នៃ​លោកិយនេះ ហើយ​ប្រាថ្នា​ចង់​បាន​កិត្តិយស​នៃ​មនុស្ស​លោក » ។២៣

ខ្ញុំ​ជឿ​ថា អត្ថន័យ​នៃ​ខគម្ពីរ​ទាំង​នេះ​គឺ​មាន​ន័យ​ត្រង់ ។ ព្រះ​គ្មាន​បញ្ជី​នៃ​មនុស្ស​ដែល​ទ្រង់​សព្វ​ព្រះទ័យ ដែល​យើង​​សង្ឃឹម​ថា ឈ្មោះ​របស់​យើង​នឹង​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុងបញ្ជីនោះ​នៅ​ថ្ងៃ​ណា​មួយ​នោះទេ ។ ទ្រង់​ពុំ​បាន​កំណត់ « មនុស្ស​ជម្រើស » តែ​ពីរបី​នាក់​នោះទេ ។ ផ្ទុយ​ទៅ​វិញ ដួងចិត្ត របស់​យើងសេចក្ដី​ប្រាថ្នា របស់​យើងការគោរព​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដ៏​ពិសិដ្ឋ របស់​យើងការគោរព​តាម​បញ្ញត្តិ របស់​យើងហើយ​សំខាន់​បំផុត គឺ​ព្រះគុណ​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ជាអ្នក​កំណត់​ថា តើ​យើង​ត្រូវបាន​រាប់​ថា ជា​មនុស្ស​ជម្រើស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជម្រើស​របស់​ព្រះ​ដែរ​ឬ​អត់ ។២៤

« ដ្បិត​យើង​ព្យាយាម​ខំ​សរសេរ​ពាក្យ​ទាំង​នេះ ដើម្បី​បញ្ចុះ​បញ្ចូល​កូន​ចៅ​យើង និង​បងប្អូន​យើង​ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ ដ្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះ​គុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន » ។២៥

​ភាព​មមាញឹក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ និង​​ភាព​ជ្រួល​ច្របល់​នៃ​ពិភពលោក​បច្ចុប្បន្ន​ដែល​យើង​រស់នៅ​នេះ យើង​អាច​ត្រូវបាន​បង្វែរ​ចេញ​ពី​អ្វី​ដែល​អស់​កល្ប​ជានិច្ច ដែល​សំខាន់​បំផុត ព្រោះតែ​ការផ្គាប់​ចិត្ត​ខ្លួន​ឯង ភាព​ចម្រុង​ចម្រើន មាន​ប្រជាប្រិយភាព ហើយ​លេចធ្លោ​លើ​អាទិភាព​ចម្បង​របស់​យើង ។ ការបណ្ដោយ​ឲ្យ​ខ្លួនយើង​ជាប់​រវល់​ជាមួយ « អ្វីៗ​ទាំងឡាយ​នៃ​លោកិយ​នេះ » និង « កិត្តិយស​នៃ​មនុស្ស​លោក » អាច​នាំ​យើង​ឲ្យ​លក់អំណាច​មរតក​នៃ​កូន​ច្បង​ខាង​វិញ្ញាណ​របស់​យើង​ដូរ​យក​សម្ល​ធម្មតា​មួយ​ចាន​ដែល​មិន​សូវ​មាន​តម្លៃ​ទៅវិញ ។២៦

ការសន្យា និង​ទីបន្ទាល់

ខ្ញុំ​សូម​ថ្លែង​ឡើង​វិញ​អំពី​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់ ចំពោះ​រាស្ត្រ​​ទ្រង់ ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​ព្យាការី​ហាកាយ ក្នុង​គម្ពីរ​សញ្ញា​ចាស់​ថា ៖ « ឥឡូវ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។២៧

យើង​ម្នាក់ៗ​គួរតែ​វាយតម្លៃ​អាទិភាព​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​យើង​ដោយ​ស្មោះសរ និង​ដោយ​ការអធិស្ឋាន ដើម្បី​ស្គាល់​អ្វីៗ​​ដែល​អាច​រារាំង​​ពរជ័យ​ដ៏​ច្រើន​ក្នុង​ជីវិតយើង ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​មាន​ព្រះ​ឆន្ទៈ​ប្រទាន​ដល់​យើង ។ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​មើល​ឃើញ​ខ្លួន​ឯង ជា​បុគ្គល​បែប​ណា​ពិត​ប្រាកដ ។២៨

នៅពេល​យើង​ស្វែងរក​ដោយ​ត្រឹមត្រូវ​នូវ​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ដែល​ស្តាប់​ឮ ២៩នោះ​ខ្ញុំ​សន្យា​ថា យើង​នឹង​ទទួល​បាន​ពរជ័យ​ដើម្បី​មាន​សមត្ថភាព និង​ការវិនិច្ឆ័យ មក​ពង្រឹង​ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​របស់​យើង ជាមួយ​ព្រះអម្ចាស់​ដ៏មាន​ព្រះជន្ម​រស់ ។ យើង​ក៏​នឹង​ទទួល​បាន​អំណាច​នៃ​ព្រះ​ក្នុង​ជីវិត​របស់​យើង៣០ហើយ​នៅ​ទីបំផុត យើង​នឹង​ត្រូវបាន​ទាំង​ ហៅ និង​បានរើស សម្រាប់​ការបរិភោគការ​របស់​ព្រះអម្ចាស់ ។

« ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង » ។៣១

« ដ្បិត​ក្រុង​ស៊ីយ៉ូន​ត្រូវតែ​ពង្រីក​ខាង​លម្អ និង​ខាង​បរិសុទ្ធភាព​ព្រំដែន​ទំាងឡាយ​របស់​នាង ត្រូវតែ​ពង្រីក​ឡើង​ ស្តេក​ទំាងឡាយ​របស់​នាង ត្រូវបាន​ចម្រើន​កម្លំាង​ឡើង មែនហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ក្រុង​ស៊ីយ៉ូន​ត្រូវ​ក្រោក​ឡើង ហើយ​ប្រដាប់​ដោយ​សម្លៀកបំពាក់​ដ៏​រុងរឿង​របស់​នាង​ចុះ » ។៣២

ខ្ញុំ​សូម​ប្រកាស​ទីបន្ទាល់​របស់​ខ្ញុំ​ដោយ​អំណរ​អំពី​ទេវភាព និង​សេចក្ដីពិត​ដ៏​សកម្ម​របស់​ព្រះ ដែល​ជា​ព្រះវរបិតា​ដ៏​នៅ​អស់​កល្ប​របស់​យើង និង​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ហើយ​ខ្ញុំ​ក៏​សូម​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា បាន​បង្ហាញ​ព្រះកាយ​ដល់​យុវជន យ៉ូសែប ស្ម៊ីធ ហើយ​នោះ​គឺ​ជាការ​ចាប់ផ្ដើម​នៃ​ការស្ដារឡើង​វិញ នូវ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​នៅថ្ងៃ​ចុង​ក្រោយ​នេះ ។ សូម​ឲ្យ​យើង​ម្នាក់ៗ​ស្វែងរក និង​ទទួល​ពរ ដោយ​មាន​ភ្នែកដែល​មើល​ឃើញ និង​ត្រចៀក​ដែលស្តាប់​ឮ ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ៕