សន្និសីទទូទៅ
តើ​បងប្អូន​នៅ​តែ​ព្រម​ទេ ?
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


តើ​បងប្អូន​នៅ​តែ​ព្រម​ទេ ?

ការព្រម​របស់​យើង​មាន​សមាមាត្រ​ដោយ​ផ្ទាល់​ទៅ​នឹង​ចំនួន​ពេលវេលា ដែល​យើង​តាំង​ចិត្ត​ដើម្បី​នៅ​ក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ។

នៅ​ថ្ងៃ​អាទិត្យ​មួយ ពេល​កំពុង​រៀបចំ​ខ្លួន​ទទួល​ទាន​សាក្រាម៉ង់​បន្ទាប់​ពី​បាន​ទៅ​តាម​ការចាត់តាំង​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​ស្ដេក​បីបួន​សប្ដាហ៍​មក គំនិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ និង ពេញ​ដោយ​អានុភាព​បាន​ជ្រាប​ចូល​ក្នុង​ចិត្ត​ខ្ញុំ ។

កាល​សង្ឃ​ចាប់​ផ្ដើម​ផ្ដល់​ពរជ័យ​ដល់​នំប៉័ង នោះ​ពាក្យ​ពេចន៍​ដែល​ខ្ញុំ​បាន​ស្ដាប់​ឮ​រាប់សិប​ដង​មក​ហើយ បាន​ដក់​ក្នុង​ចិត្ត និង​គំនិត​ខ្ញុំ​យ៉ាង​ខ្លាំង ។ « ហើយ ធ្វើ​បន្ទាល់​ដល់​ព្រះអង្គ ឱ​ព្រះអង្គ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ ថា ពួកគេ​នឹង​ព្រម លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ ហើយ ចងចាំ​ទ្រង់​ជានិច្ច ហើយ កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ ប្រយោជន៍​ឲ្យ​ពួកគេ អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួកគេ​ជា​ដរាប » ។ តើ​យើង​ធ្វើ​ជា​សាក្សី​ដល់​ព្រះ​ថា យើង​ព្រម​ចំនួន​ប៉ុន្មាន​ដង​ហើយ ?

កាល​ខ្ញុំ​សញ្ជឹង​គិត​ពី​សារៈសំខាន់​នៃ​ពាក្យ​ពេចន៍​ដ៏​ពិសិដ្ឋ​ទាំងនោះ ពាក្យ​ថា ព្រម មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ បទពិសោធន៍​ដ៏​ផ្អែមល្ហែម និង​ពិសិដ្ឋ​ជា​ច្រើន​ស្រាប់​តែ​ធ្វើ​ឲ្យ​ចិត្ត និង​គំនិត​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​តួនាទី​ដ៏​សំខាន់​របស់​ទ្រង់​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​របស់​ព្រះវរបិតា សម្រាប់​គ្រួសារ​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់ ។ បន្ទាប់​មក ខ្ញុំ​បាន​ឮ និង​ទទួល​អារម្មណ៍​ពី​ពាក្យ​អធិស្ឋាន​សម្រាប់​ទឹក​ដែល​យើង​អាច​គិត​ដល់ ៖ « ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ធ្វើ​បន្ទាល់​ដល់​ព្រះអង្គ … ថា ពួកគេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច »។ នៅ​គ្រា​នោះ​ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ថា ការរក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ត្រូវ​តែ​លើស​ពី​ការមាន​បំណង​ល្អ​ទៅ​ទៀត ។

ការទទួលទាន​សាក្រាម៉ង់​មិនមែន​ជា​ពិធី​ខាង​សាសនា​អកម្ម ដែល​បង្កប់​ន័យ​ពី​ការយល់ព្រម​របស់​យើង​នោះ​ទេ ។ វា​គឺ​ជា​ការំឭក​ដ៏​មាន​អានុភាព​អំពី​ភាពពិត នៃ​ដង្វាយធួន​ដ៏​និរន្ដរ​របស់​ព្រះអង្គសង្គ្រោះ និង​ពី​តម្រូវការ​ដើម្បី​ចងចាំ​ដល់​ទ្រង់​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ការស្ម័គ្រចិត្ត​ផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ​គឺ​សំខាន់​ខ្លាំង​ណាស់ វា​គឺជា​សារលិខិត​ដ៏សំខាន់​នៃ​បទគម្ពីរ​ចំនួន​ពីរ​ដែល​មាន​គេ​ដកស្រង់​ច្រើន​បំផុត​នៅក្នុង​សាសនាចក្រ​នេះ ៖ការអធិស្ឋាន​សាក្រាម៉ង់ ។ ការយល់ដឹង​ពី​សេចក្ដីពិត​នៃ​អ្វី​ដែល​ព្រះវរបិតា​សួគ៌​ស្ម័គ្រ​ព្រះទ័យ​ប្រទាន​ដល់​យើង​ម្នាក់ៗ​ខ្លាំង​បំផុត តាមរយៈ​ព្រះរាជបុត្រា​បង្កើត​តែមួយ​គត់​របស់​ទ្រង់ គួរតែ​ធ្វើឲ្យ​យើង​ខិតខំ​ប្រឹង​យ៉ាង​ពេញ​ទំហឹង ដើម្បី​ស្ម័គ្រចិត្ត​ទៅទ្រង់​វិញ​ជានិច្ច ។

តើ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់​បាន​សង់​យ៉ាង​រឹងមាំ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ?

ប្រសិនបើ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​មិន​ជ្រៅ ឬ​រាក់ នោះ​យើង​អាច​ងាយ​នឹង​ផ្អែក​ការស្ម័គ្រចិត្ត​របស់​យើង​ទៅលើ​ការវិភាគ​បែប​ថ្លៃ‑ផលប្រយោជន៍​ខាង​សង្គម ឬ​លិបិក្រម​ផ្ទាល់ខ្លួន​ដែល​មិន​ស្រួល​មួយ ។ ហើយ​បើ​យើង​ឱប​ក្រសោប​យក​ការតំណាល​ថា សាសនាចក្រ​នេះ​មានតែ​គោលនយោបាយ​ខាង​សង្គម​ចាស់​គំរឹល ឬ​ដែល​មិន​ត្រឹមត្រូវ​តាម​នយោបាយ មាន​តែ​ការរឹតបន្ដឹង​ផ្ទាល់ខ្លួន​ដែល​មិន​ពិត​តាម​តថភាព​សង្គម ហើយ​​តាំងចិត្ត​ក្នុង​ពេលវេលា​កំណត់ នោះ​សេចក្ដី​សន្និដ្ឋាន​របស់​យើង​អំពី​ការព្រម​នេះ​នឹង​ខុស​ហើយ ។ យើង​មិន​គួរ​រំពឹង​ថា គោលការណ៍​នៃ​ការព្រម​នេះ​មាន​ភាពវិជ្ជមាន​ស្របតាម និង​តម្រូវ​តាម​អ្នក​មាន​ឥទ្ធិពល​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​អ្នកជក់​លេង TikTok នោះ​ទេ ។ ការបង្រៀន និង​គោលការណ៍​របស់​ពិភពលោក​នេះ​កម្រ​ត្រូវ​គ្នា​នឹង​សេចក្ដីពិត​របស់​ព្រះ​ណាស់ ។

សាសនាចក្រ​គឺ​ជា​ទី​ប្រមូលផ្ដុំ​នៃ​បុគ្គល​ទាំងឡាយ​ដែល​មិន​ល្អ​ឥតខ្ចោះ ដែល​ស្រឡាញ់​ព្រះ ហើយ​ដែល​ព្រម​ធ្វើ​តាម​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការព្រម​នោះ​ចាក់​ឫស​លើ​ភាព​ពិត​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ សេចក្ដីពិត​ដ៏​ទេវភាព​នេះ​អាច​ដឹង​បាន​តែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ហេតុ​ដូច្នេះ​ហើយ ការព្រម​របស់​យើង​មាន​សមាមាត្រ​ដោយ​ផ្ទាល់​ទៅ​នឹង​ចំនួន​ពេលវេលា ដែល​យើង​តាំង​ចិត្ត​ដើម្បី​នៅ​ក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ដែល​មាន​វត្តមាន​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើង​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការចំណាយ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការសន្ទនា​ប្រកប​ដោយ​អត្ថន័យ ពិភាក្សា​អំពី​កង្វល់​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌​ដែល​ប្រកប​ដោយ​សេចក្ដីស្រឡាញ់ និង​ចំណាយពេល​តិច​ក្នុង​ការស្វែង​រក​យោបល់​ពី​សំឡេង​ផ្សេង​ទៀត ។ យើង​ក៏​អាច​ជ្រើសរើស​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​យើង​ទៅ​ជា​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ និង​ទៅ​ជា​ពាក្យ​ព្យាករណ៍​របស់​ព្យាការី​ដែល​នៅរស់​របស់​ទ្រង់។ ។

សារៈសំខាន់​ដែល​យើង​ដាក់​ទៅ​លើ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ ការកាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ការចូល​ព្រះវិហារ​បរិសុទ្ធ និង​ការគោរព​តាម​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់​យើង គឺ​ជា​ការចង្អុល​បង្ហាញ​ដ៏​មាន​អានុភាព​ទាំងឡាយ ដែល​ប្រាប់​ពី​ការព្រម​ស្ម័គ្រចិត្ត​របស់​យើង និង​ភស្ដុតាង​នៃ​ការតាំងចិត្ត​របស់​យើង ។ តើ​យើង​ព្រម​ធ្វើ​ច្រើន​ជាង​ការគ្រាន់​តែ​ខំប្រឹង​រាក់​កំផែល ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ?

ព្រះវរបិតា​សួគ៌​ស្រឡាញ់​ពួក​យើង​យ៉ាង​ឥតខ្ចោះ ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​នោះ​មាន​អម​ដោយ​ការរំពឹង​ទុក​ដ៏​ធំ ។ ទ្រង់​រំពឹង​ឲ្យ​យើង​ព្រម​ដាក់​ព្រះអង្គ​សង្គ្រោះ​ជា​អាទិភាព​មុន​គេ​បង្អស់​នៅក្នុង​ជីវិត​យើង ។ ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង ស្ដី​ពី​ការព្រម​ចុះចូល​តាម​ព្រះវរបិតា​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ ទ្រង់​គឺ​ជា « ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ។ ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​របស់​យើង ។ ទ្រង់​ស្ម័គ្រ​ព្រះទ័យ​សម្រាល​បន្ទុក​យើង រម្ងាប់​ការភ័យ​ខ្លាច​របស់​យើង ផ្ដល់​កម្លាំង​ដល់​យើង ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ដ និង​ការយល់ដឹង​ដល់​ដួងចិត្ត​យើង​ក្នុង​គ្រា​ដែល​យើង​មាន​ទុក្ខព្រួយ និង​ទុក្ខសោក ។

ប៉ុន្ដែ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​នៅ​តែ​ជា​ជម្រើស​ដដែល ។ « បើសិនជា [ យើង ] រាល់គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏ដោយ ក្រៅ​ពី​ការចង់​ជឿ » តាម​ព្រះបន្ទូល​របស់​ទ្រង់ នោះ​យើង​មាន​ចំណុច​ចាប់​ផ្ដើម​មួយ​ដើម្បី​ចាប់ផ្ដើម ឬ​ដើម្បី​តម្រង់​ផ្លូវ​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។ ប្រសិនបើ​បាន​ដាំ​ក្នុង​ចិត្ត​យើង​ដូច​ជា​គ្រាប់ពូជ​មួយ ហើយ​ថែទាំ​ឲ្យ​បាន​ដិតដល់​ខ្លាំង នោះ​ព្រះបន្ទូល​របស់​ទ្រង់​នឹង​ចាក់​ឫស ហើយ​សេចក្ដី​ជំនឿ​របស់​យើង​នឹង​រីកចម្រើន​ឡើង​ទៅ​ជា​ការធានា​ជឿជាក់ ហើយ​ក្លាយ​ជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ ព្រះគម្ពីរ​មរមន​គឺ​ជា​ធនធាន​ដ៏​មាន​អានុភាព​ខ្លាំង​បំផុត​របស់​យើង​ដើម្បី​បណ្ដុះ និង​ស្តារ​សេចក្ដី​ជំនឿ​ឡើង​វិញ ។ ការព្រម​ស្ដាប់​តាម​ព្រះ​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​សេចក្ដី​ជំនឿ ។

តាម​ការរចនា​ពី​សួគ៌ា ជីវិត​រមែង​ស្លាប់​មិន​ងាយស្រួល​នោះ​ទេ ហើយ​ពេល​ខ្លះ​អាច​សន្ធប់​លើសលុប​ទៀត​ផង ។ ប៉ុន្ដែ « មាន [ យើង​រាល់គ្នា ] ដើម្បី​ឲ្យ [ យើង ] អាច​មាន​សេចក្ដី​អំណរ ! »ការផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​សញ្ញា​របស់​យើង​នាំ​មក​នូវ​អំណរ​ជា​រៀង​រហូត ! គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ដើម្បី​បញ្ជាក់​ពី​ការព្រម​ស្ម័គ្រចិត្ត​របស់​យើង ។ « កិច្ចការ​ដ៏​ធំ​ក្នុង​ជីវិត និង​ការលះបង់​ក្នុង​នាម​ជា​សិស្ស គឺ​ការរៀនសូត្រ​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ រួច​ហើយ​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ » ។ ភាព​ជា​សិស្ស​ដ៏​ពិត​នាំ​ទៅ​រក​អំណរ​ដ៏​ពោរពេញ ។ តើ​យើង​ព្រម​បង់​ថ្លៃ​នៃ​ភាពជា​សិស្ស​ដែរ​ឬ​ទេ ?

ផ្លូវ​នៃ​សេចក្ដី​សញ្ញា​មិនមែន​ជា​បញ្ជី​កិច្ចការ​ត្រូវ​ធ្វើ​សាមញ្ញ​មួយ​នោះ​ទេ វា​គឺ​ជា​ដំណើរការ​នៃ​ការរីក​ចម្រើន​ខាង​វិញ្ញាណ និង​ការតាំង​ចិត្ត​ឲ្យ​បាន​ស៊ី​ជម្រៅ​លើ ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលបំណង​ដ៏​សំខាន់​នៃ​រាល់​បទបញ្ញត្តិ គោលការណ៍ សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងអស់​គឺ ការស្ថាបនា​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​លើ​ព្រះគ្រីស្ទ ។ ហេតុ​ដូច្នេះ​ហើយ ការតាំងចិត្ត​របស់​យើង​ដើម្បី​ផ្ដោត​ជីវិត​របស់​យើង​លើ​ព្រះគ្រីស្ទ​ត្រូវតែ​មាន​ភាពខ្ជាប់​ខ្ជួន—មិនមែន​មាន​លក្ខខណ្ឌ តាម​ស្ថានភាព ឬ​សើៗ​នោះ​ទេ ។ យើង​ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​គ្រប់​ពេលវេលា​ដើម្បី « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង » យើង​មិន​អាច​ឈរ​ជា​សាក្សី​តាម​តែ​ពេល​ចិត្ត​យើង​ចង់​នោះ​ទេ ។ ភាព​ជា​សិស្ស​មិន​ធូរ​ថ្លៃ​ឡើយ ដោយសារ​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ។

ប្រាកដ​ណាស់ ព្រះអម្ចាស់​បាន​ព្រះតំរិះ​ពី​ជំនាន់​របស់​យើង ដូច​ដែល​ទ្រង់​បាន​បង្រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ដប់នាក់​ដែរ ។ ទ្រង់​មាន​បន្ទូល​អំពី​ស្ដ្រី​ព្រហ្មចារី​ប្រាំ​នាក់​ថា ពួកគេ « ​បាន​ទទួល​សេចក្ដីពិត ហើយ​បាន​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ទុក​ជា​អ្នកណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត »ឡើយ ខណៈ​ចង្កៀង​របស់​ស្ដ្រី​ល្ងង់ « ចង់​រលត់​ហើយ » ដោយសារ​អស់​ប្រេង ។ ប្រហែល​ពាក្យសម្ដី​របស់​នីហ្វៃ​ពិពណ៌នា​បាន​ល្អ​បំផុត​អំពី​អតីត​សមាជិក​ដ៏​ស្មោះត្រង់​ទាំងនេះ​នៃ​សាសនាចក្រ ៖ « ហើយ​ឯ​អ្នក​ផ្សេងទៀត វា​នឹង​បង្ក្រាប​ឲ្យ​សុខ ហើយ​បំពេ​ពួកគេ​ឲ្យ​បាន​សុខ​ខាង​រូបកាយ ដែល​ពួកគេ​នឹង​និយាយ​ថា ៖ អ្វីៗ​បាន​ស្រួល​ទាំងអស់​នៅ​ក្រុង​ស៊ីយ៉ូន » ។១០

ភាពសុខ​ខាង​រូបកាយ​គឺជា​ការស្វែងរក និង​ការទុកចិត្ត​លើ​រឿង​ខាង​លោកិយ ជាជាង​លើ​ព្រះគ្រីស្ទ—និយាយ​ម្យ៉ាង​ទៀត​ថា ការមើល​តាម​កញ្ចក់​ខាង​សាច់ឈាម ជាជាង​មើល​តាម​កញ្ចក់​ខាង​វិញ្ញាណ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​សមត្ថភាព​ឲ្យ​យើង​មើល​ឃើញ « រឿង​ទាំងឡាយ​តាម​ដែល​មាន​នៅ​ពេលនេះ ហើយ … តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ។១១ មាន​តែ « ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ [ ប៉ុណ្ណោះ ទើប​យើង​រាល់គ្នា ] អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ »១២ បាន ហើយ​មិន​ត្រូវ​គេ​បោក​បញ្ឆោត ។ យើង​ដាក់​ព្រះគ្រីស្ទ​ជា​ចំណុច​កណ្ដាល​ក្នុង​ជីវិត​របស់​យើង ហើយ​យើង​សន្យា​យល់ព្រម​គោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់​ទ្រង់ មិន​មែន​ដោយសារ​យើង​ខ្វាក់ភ្នែក​នោះ​ទេ ប៉ុន្ដែ​ដោយសារ​យើង​អាច​មើលឃើញ​ទៅវិញ​ទេ​តើ ។១៣

តើ​ចុះ​ពួកស្ដ្រី​ល្ងង់​វិញ​នោះ ? ហេតុអ្វី​បានជា​ពួកគេ​មិន​ព្រម​យក​ថូ​ប្រេង​ខាង​វិញ្ញាណ​តាម​ខ្លួន ? តើ​ពួកគេ​ចេះ​តែ​ពន្យារ​ឲ្យ​ហួស​ពេល​ឬ ? ពួកគេ​ប្រហែល​ជា​មិន​ខ្វល់​ពី​អ្វី​សោះ ដោយ​សារ​វា​មិន​ស្រួល ឬ​មើល​ទៅ​ដូចជា​មិន​ចាំបាច់ ។ មិន​ថា​មាន​ហេតុផល​អ្វី​ទេ ពួកគេ​យល់ខុស​ពី​តួនាទី​ដ៏សំខាន់​របស់​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​ការបោក​បញ្ឆោត​ដ៏​សំខាន់​របស់​អារក្ស​សាតាំង ហើយ​ជា​មូលហេតុ​ដែល​ចង្កៀង​ទីបន្ទាល់​របស់​ពួកគេ​អស់​ប្រេង​នៅ​ចុង​បញ្ចប់ ដោយសារ​ខ្វះ​ប្រេង​ខាង​វិញ្ញាណ ។ រឿង​ប្រៀប​ប្រដូច​នេះ​គឺ​ជា​ការប្រៀបធៀប​មួយ​សម្រាប់​ជំនាន់​របស់​យើង ។ មនុស្ស​ជាច្រើន​ឈប់​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​សញ្ញា​របស់​ពួកគេ មុនពេល​ពួកគេ​ចាកចេញ​ពី​សាសនាចក្រ​ទៅ​ទៀត ។

យើង​រស់នៅ​ក្នុង​ជំនាន់​ដ៏ថ្មី​ហើយ​ប្លែក ដែល​បាន​ព្យាករ​ទុក​មុន​យូរ​ហើយ​ដោយ​ព្យាការី​ពីបុរាណ ជា​ជំនាន់​មួយ​ដែល​សាតាំង​នឹង​ញាំញី « នៅក្នុង​ចិត្ត​ទាំងឡាយ​នៃ​កូនចៅ​មនុស្ស ហើយ​ចាក់រុក [ ឲ្យ ] ពួកគេ​មាន​កំហឹង​ទាស់​នឹង​អ្វី​ដែល​ជា​ល្អ​វិញ » ។១៤ ពួកយើង​ជាច្រើន​ក្រៃលែង រស់នៅ​ក្នុង​ពិភព​អនឡាញ​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ការកម្សាន្ដ និង​សារលិខិត​ដែល​ផ្ទុយ​ពី​អត្តសញ្ញាណ​ដ៏ទេវភាព និង​ជំនឿ​លើ​ព្រះគ្រីស្ទ ។

ឥទ្ធិពល​ខាង​វិញ្ញាណ​ដែល​មាន​អានុភាព​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​របស់​កុមារ​ម្នាក់ គឺជា​គំរូ​សុចរិត​របស់​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ ដែល​បាន​រក្សា​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​របស់​ពួកគាត់​យ៉ាង​ស្មោះត្រង់ ។ ឪពុក​ម្តាយ​ដែល​ជ្រើសរើស​ដោយ​សតិសម្បជញ្ញៈ បង្រៀន​កូនៗ​របស់​ពួកគេ​អំពី​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ពួកគេ « អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប​របស់​ពួកគេ »១៥ ។ ការរក្សា​សេចក្ដី​សញ្ញា​ដោយ​ចៃដន្យ និង​មិន​ខ្ជាប់ខ្ជួន​នាំ​ឲ្យមាន​ភាពទន់ខ្សោយ​ខាង​វិញ្ញាណ ។ ជារឿយៗ ការខូចខាត​ខាង​វិញ្ញាណ​ធ្លាក់​ទៅលើ​កូនៗ និង​ចៅៗ​របស់​យើង​យ៉ាង​ខ្លាំង ។ ឪពុក​ម្ដាយ និង​ជីដូន​ជីតា តើ​យើង​នៅតែ​ព្រម​ទេ ?

ប្រធាន រ័សុល អិម ណិលសុន បាន​ព្រមាន​ថា « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។១៦ នេះ​គឺជា​ការព្រមាន​ដ៏ច្បាស់ៗ និង​មិន​ខុស​ឡើយ ដើម្បី​រៀបចំ​ចង្កៀង​របស់​យើង ហើយ​បង្កើន​ប្រេង​បម្រុង​ខាង​វិញ្ញាណ​របស់​យើង ។ តើ​យើង​នៅតែ​ព្រម​ធ្វើតាម​ព្យាការី​ដែល​នៅរស់​ដែរ​ឬទេ ? តើ​កម្រិត​នៃ​ប្រេង​ខាងវិញ្ញាណ​ក្នុង​ចង្កៀង​របស់​បងប្អូន​គឺ​ជា​អ្វី ? តើ​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​បងប្អូន​នឹង​អាច​ធ្វើ​ឲ្យ​បងប្អូន​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ជានិច្ច​បាន ?

សព្វថ្ងៃ​នេះ ដូច​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​ដែរ នឹង​មាន​មនុស្ស​ដែល​ឈប់​ធ្វើតាម​ព្រះគ្រីស្ទ មិន​ព្រម​ស្ម័គ្រចិត្ត​ទទួល​យក​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ​ក្នុងនាម​ជា​សិស្ស ។ កាល​ដែល​ការរិះគន់​កាន់តែ​ខ្លាំង និង​ពេញ​ដោយ​ការស្អប់ កំពុង​កើនឡើង​មកលើ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្នក​ដែល​ដើរតាម​ទ្រង់ នោះ​ភាពជា​សិស្ស​របស់​យើង​នឹង​តម្រូវ​ឲ្យមាន​ការព្រម​ស្ម័គ្រចិត្ត​កាន់តែ​ខ្លាំង​ជាងមុន ដើម្បី​តម្រង់ និង​ពង្រឹង​ការតាំងចិត្ត​ខាង​វិញ្ញាណ​របស់​យើង​ដើម្បី​ដើរតាម​ព្រះយេស៊ូវ ហើយ​មិន​ធ្វើតាម​ការរិះគន់​នោះ ។១៧

ប្រសិនបើ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ស្ថាបនា​យ៉ាង​រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​មិន​ធ្លាក់​ឡើយ ហើយ​យើង​មិន​ចាំបាច់​ភ័យខ្លាច​ឡើយ ។

« មើល​ចុះ ព្រះអម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម ហើយ​ពួក​ដែល​ស្ម័គ្រ​តាម ហើយ​ស្តាប់​បង្គាប់​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ដែនដី​ស៊ីយ៉ូន​នៅ​គ្រា​ចុងក្រោយ​បង្អស់​នេះ » ។១៨

សូម​ឲ្យ​យើង​ព្រម​ស្ម័គ្រចិត្ត​ជានិច្ច ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕