២០១៩
ការជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ការព្យាបាល​របស់​ព្រះអម្ចាស់
ខែ មិថុនា ឆ្នាំ ២០១៩


ការជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ការព្យាបាល​របស់​ព្រះអម្ចាស់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

យើង​អនុវត្ត​ជំនាញ​នៃ​អង្គ​ព្យាបាល ពេល​យើង​ជួយ​នាំ​ពរជ័យ​នៃ​ការព្យាបាល​របស់​ព្រះអម្ចាស់ ដល់​អស់​អ្នក​ដែល​រងទុក្ខ​ខាង​រាងកាយ ផ្លូវ​ចិត្ត និង​ជំងឺ​ខាង​វិញ្ញាណ ។

រូបភាព
painting of woman with hands up

ដោះលែង ដោយ ជេនីឌី ផេច ហាម​ថត​ចម្លង

នៅ​ថ្ងៃ​អាទិត្យ​មួយ​ខ្ញុំ​បាន​អាន​ខគម្ពីរ « ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នេះ​ហើយ​ជា​ដំណឹង​ល្អ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ស្គាល់​ការណ៍​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​នៅ​ក្នុង​សាសនាចក្រ​របស់​យើង ដ្បិត​កិច្ចការ​ទាំង​ឡាយ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ » ( នីហ្វៃ​ទី ៣ ២៧:២១ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ខ្ញុំ​បាន​គិត​តែ​ឯង​ថា « តើ​កិច្ចការ​របស់​ព្រះ​គ្រីស្ទ​នៅលើ​ផែនដី​នេះ​មាន​អ្វី​ខ្លះ ? » ខ្ញុំ​បាន​គិត​ពី​កិច្ចការ​សំខាន់​ពីរ ៖ ការបម្រើ និង​ការព្យាបាល ។ ការបម្រើ​ខ្ញុំ​អាច​ធ្វើ​បាន ប៉ុន្តែ​ចុះ​ការព្យាបាល​វិញ​នោះ ? ប្រាកដ​ណាស់ ខ្ញុំ​គ្មាន​សមត្ថភាព​ដើម្បី​ព្យាបាល​មនុស្ស​ដទៃ​—ឬ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ឡើយ ?

ថ្មីៗ​នេះ ខ្ញុំ​កំពុង​នៅទទួល​ការជាសះស្បើយ​ពី​ការវះកាត់​មួយ ដែល​បាន​កើត​ឡើង​ដោយសារ​ប្រតិកម្ម​អាលែកស្ស៊ី​ធ្ងន់ធ្ងរ ។ រំភេច​នោះ ខ្ញុំ​បាន​គិត​អំពី​មនុស្ស​ដែល​បាន​ជួយ​ខ្ញុំ​នៅក្នុង​ដំណើរការ​នៃ​ការព្យាបាល​របស់​ខ្ញុំ ហើយ​ពួកគេ​មាន​ច្រើន​នាក់​ណាស់ ។ ប្រសិនបើ​ពួកគេ​អាច​ជួយ​ខ្ញុំ​ឲ្យ​ជាសះស្បើយ​បាន តើ​ខ្ញុំ​ពុំ​អាច​ធ្វើ​ការណ៍​នេះ​ចំពោះមនុស្ស​ដទៃទេ​ឬ ?

យើង​ម្នាក់ៗ​អាច​រៀន​ពី​ជំនាញ​នៃ​អង្គ​ព្យាបាល​បាន ។ យើង​មាន​មនុស្ស​ជាច្រើន​ដែល​រងទុក្ខ​ដោយ​ជំងឺ​ខាង​រូបកាយ សតិ​អារម្មណ៍ និង​ខាង​វិញ្ញាណ ជា​អ្នកដែល​នឹង​មាន​ពរ​ដោយ​សារ​ជំនួយ​របស់យើង ។

ការសួរសុខទុក្ខ​អ្នកឈឺ

ម៉ូសាយ ៤:២៦ បាន​ចែង​ថា « យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ ចែករំលែក​នូវ​ទ្រព្យ​របស់​ខ្លួន ដល់​ អ្នក​ទាល់​ក្រ មនុស្ស​ម្នាក់ៗ​ស្រប​តាម​អ្វី​ដែល​គេ​មាន ដូច​ជា​ឲ្យ​ អាហារ​ដល់​អ្នក​អត់ឃ្លាន ឲ្យ​សំលៀកបំពាក់​ដល់​អ្នក​អាក្រាត ទៅ​មើល​អ្នក​ឈឺ ហើយ​ជួយ​គាំទ្រ​ដល់​គេ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ » ។

ការមាន​ជំងឺ—ទោះ​ខាង​រូបកាយ ផ្លូវចិត្ត ឬ​ខាង​វិញ្ញាណ​ក្តី—អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឯកោ ។ មនុស្ស​ចំណាយ​ពេល​ជា​ច្រើនម៉ោង​តែ​ឯង​នៅលើ​គ្រែ​ដេក ឬ​នៅ​មន្ទីរពេទ្យ ដោយ​ព្យាយាម​ទទួល​ការព្យាបាល ហើយ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ពួកគេ​ទន់ខ្សោយ ។ ពេល​មាន​ក្តីព្រួយ​បានកើន​ឡើង ការសួរសុខទុក្ខ​ពី​មិត្ត​ភក្ដិ​ដែល​មាន​ចិត្ត​ខ្វាយខ្វល់ ឬ​ពី​សមាជិក​គ្រួសារ​ម្នាក់​អាច​នាំ​ពន្លឺ​មក​ក្នុង​ជីវិត​យើង ។

របៀប ដែល​យើង​សួរ​សុខទុក្ខ​អ្នក​ជំងឺ​ក៏​អាចជារឿង​សំខាន់​ផងដែរ ។ ស្ត្រី​មួយ​ចំនួន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ខ្ញុំ ដែល​បាន​សួរ​អំពី​របៀប​ដែល​មនុស្ស​ដទៃ​បាន​ជួយ​ពួកគេ​ឲ្យ​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ជាសះស្បើយ ។ ជូឌី​មក​ពី​រដ្ឋ​អារីហ្សូណា ស.រ.អា. បាន​ថ្លែង​ថា « ការស្តាប់ … [ គឺ ] ជា​ជំនួយ​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​គ្រា​លំបាក ។ គឺការស្តាប់ ពុំមែន ការវិនិច្ឆ័យ​នោះ​ទេ » ។ ការស្តាប់​ដោយ​អត់ធ្មត់ ដោយ​ស្មោះសរ និង​ដោយ​ក្តីស្រឡាញ់​គឺជា​ការជួយ​ជ្រោមជ្រែង​ដ៏​មាន​តម្លៃ ដល់​អស់​អ្នក​ដែល​កំពុង​ព្យាយាម​ឲ្យ​បាន​ជាសះស្បើយ ។

លីដា​មកពី​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. បាន​ចែកចាយ​របៀប​ដែល​ការសួរសុខទុក្ខ​របស់​មិត្ត​ម្នាក់​បាន​ជួយ​គាត់ ៖ « ខ្ញុំ​ចាំ​មនុស្ស​ពិសេស​ទាំង​នោះ​នៅក្នុង​ជីវិត​ខ្ញុំ—ជាពិសេស​អស់​អ្នកដែល​ពិតជា​បាន​ស្តាប់ ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ការទូន្មាន​ដ៏​ផ្អែមល្ហែម​ពី​ព្រះវិញ្ញាណ ។ បន្ទាប់ពី​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​នៅ​វ័យ ៣០ ឆ្នាំ ដោយមាន​កូន​ប្រាំ​នាក់មក ខ្ញុំ​មាន​អារម្មណ៍​ថា សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​កាន់តែ​ខ្លាំង​ឡើង ដោយសារ​មិត្តដ៏​ល្អរបស់​ខ្ញុំម្នាក់​ឈ្មោះ​ខារ៉ែន ។ គាត់​ដឹង​ពី​តម្រូវការ​ខ្ញុំ ហើយ​គាត់​ស្តាប់​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ឯកោ​ឡើយ ពេល​គាត់​រំឭក​ខ្ញុំ​ជាប់​ជានិច្ច​អំពី​ចំណង​ដ៏​ល្អ​ប្រពៃ​ដែល​ខ្ញុំ​មាន ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ » ។

ជាពិសេស​បងប្អូន​ប្រុសស្រី​ដែល​ផ្តល់​ការងារ​បម្រើ​អាច​ធ្វើ​ជំនាញ​នៃ​អង្គ​ព្យាបាល​នេះបាន ។ វា​មាន​សារៈសំខាន់ ដើម្បី​ដឹង​ពី​តម្រូវការ​របស់​អស់​អ្នក​ដែល​រងទុក្ខ ។ ជួនកាល ទៅ​សួរ​សុខទុក្ខ​ខ្លី​មួយ​ដ៏​សមរម្យ​ ដោយសារ​ពួកគេ​នឿយហត់ ។ ជួនកាល ពួកគេ​ឯកោ ហើយ​អផ្សុក ដូច្នេះ​ការទៅសួរទុក្ខ​រយៈពេល​យូរ​នឹង​បំពេញ​តម្រូវការ​របស់​ពួកគេ ។ វា​ក៏សំខាន់ផងដែរ ដើម្បី​ដឹង​ពី​បុគ្គលិលក្ខណៈ​របស់​ពួកគេ ។ អ្នក​ខ្លះ​ចូលចិត្ត​ភាពឯកជន និង​ភាពស្ងប់ស្ងាត់ ឯ​អ្នក​ផ្សេង​ទៀត​ចង់​បាន​ទំនាក់ទំនង និង​ការជួយ​ជ្រោមជ្រែង​ច្រើន ។ ដំបូង​យើង​គួរ​កំណត់​ពី​តម្រូវ​ការពួកគេ​សិន បន្ទាប់​មក​ឈោង​ទៅ​ជួយ​ពួកគេ​តាម​តម្រូវការ​នោះ ។

ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក

អាលម៉ា​បាន​ពិពណ៌​នា​យ៉ាង​ស្ទាត់ជំនាញ អំពី​ការតាំង​ចិត្ត​យើង​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ពេល​លោក​បាន​សួរ​ពួក​អ្នក​ជឿ​នៅក្នុង​ព្រះគម្ពីរ​មរមន ប្រសិនបើ​ពួកគេ​ចង់ « ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា ជា​រាស្ត្រ​របស់​ទ្រង់ ហើយ [ យល់ ] ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ( ម៉ូសាយ ១៨:៨ ) ។

យើង​ម្នាក់ៗ​រែក​បន្ទុក​ច្រើន​ប្រភេទ ។ បន្ទុក​ទាំង​នោះភាគច្រើន​មាន​ការលំបាក​ដើម្បី​ដោះស្រាយ ពេល​យើង​មាន​ជំងឺ ឬ​មាន​ជំងឺ​ខាង​ផ្លូវ​ចិត្ត ឬ​ការលំបាក​ខាង​វិញ្ញាណ ។ ជំនាញមួយ​នៃ​អង្គ​ព្យាបាល គឺ​ជួយ​រែក​បន្ទុក​របស់​មនុស្ស​ដទៃ ពេល​ពួកគេ​រងទុក្ខ ។

ស្សាណាន់​មក​ពី​រដ្ឋ យូថាហ៍ ស.រ.អា. បាន​ចែកចាយ​របៀប​ដែល​អ្នក​ជិត​ខាង​របស់​គាត់​បាន​ជួយ​គាត់ ៖ « នៅ​ថ្ងៃ​ដែល​យើង​បាន​កប់​សព​កូន​ប្រុស​របស់​យើង យើង​បាន​ត្រឡប់​មក​ពី​ទីកប់សព​វិញ ដោយ​ឃើញ​អ្នក​ជិតខាង​យើង​បាន​មក​ជួបជុំ​គ្នា​នៅ​ប៉ុន្មាន​ម៉ោង​នោះ ដើម្បី​រៀបចំ​ទីធ្លា​របស់យើង​ឲ្យ​បាន​ស្រស់​បំព្រង​ឡើង​វិញ​ទាំងស្រុង ខណៈ​យើង​នៅ​ពិធីបុណ្យសព​កូន​ប្រុស​ខ្ញុំ ។ ពួកគេបានដាំ​គុម្ពឈើ ដើមឈើ និង​ផ្កា ហើយ​ថែម​ទាំង​ដាំស្មៅថ្មី​ដ៏​ស្រស់ស្អាត​ទៀតផង ។ នៅក្នុង​ក្តីទុក្ខព្រួយ​ដែល​ពុំ​អាច​ពិពណ៌នា​បាន​របស់​យើង ការបង្ហាញ​សេចក្តីស្រឡាញ់ និង​ការជួយ​ជ្រោមជ្រែង​ដ៏​ចេះគិតគូរ​របស់ពួកគេ បានចាប់ផ្តើម​ដំណើរការ​នៃ​ការព្យាបាល​សម្រាប់​យើង ។ យើង​ត្រូវបាន​រំឭក​ថា សេចក្តីស្រឡាញ់ និង​ជីវិត​គឺ​ជាភាពអស់កល្ប​រៀងរាល់​ឆ្នាំ ពេល​ទីធ្លា​ផ្ទះ​ដ៏​ស្រស់ស្អាត​របស់យើង​បាន​ត្រឡប់​មក​រស់រាន​មាន​ជីវិត​វិញ ។ [ វា​ពិតជា​ ] បទពិសោធន៍​មួយ​ពិសិដ្ឋ និង​ជា​និមិត្ត​រូប ដែល​យើង​នឹង​ពុំ​ភ្លេច​វា​ទេ » ។

ពេលខ្ញុំ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​មហារីក​សុដន់ ខ្ញុំ​កំពុង​បម្រើ​ជា​ប្រធាន​សមាគមសង្គ្រោះ និង​កំពុង​ធ្វើ​ការសម្រាប់​ការ​បោះឆ្នោត​ឡើង​វិញ​នៅក្នុង​ក្រុម​ប្រឹក្សា​នៅ​ទីក្រុង​របស់យើង ។ ស្វាមី​ខ្ញុំ​បាន​បាត់បង់​ការងារ ហើយ​យើង​បាន​ជួប​នឹង​ការសាកល្បង​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត អំឡុង​គ្រា​នោះ ។ ទីប្រឹក្សា​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើតាម​ឃ្លា « រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក » ដោយ​ស្មោះសរ ហើយ​បាន​ជួយ​​រំលែក​បន្ទុក​ដែល​ខ្ញុំ​កំពុង​រែក ។ ប៊ីស្សព​របស់​ខ្ញុំ​បាន​យក​ការទទួលខុសត្រូវ​មួយ​ចំនួន​របស់​ខ្ញុំ ។ ស្វាមី​ខ្ញុំ​បាន​យក​កាតព្វកិច្ច​ជា​ច្រើន​ក្នុងការ​ចម្អិន​ម្ហូប និង​ធ្វើ​ការងារ​ផ្ទះ ។ ខ្ញុំ​ពិតជា​បាន​ឃើញ​ដោយ​រាបសា​ថា បន្ទុក​របស់​ខ្ញុំ​ពុំ​ត្រូវបាន​ដក​យក​ចេញ​នោះ​ទេ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​ជួយ​រែក​បន្ទុក​នោះ ជាអ្នក​ដែល​បាន​អនុវត្ត​ជំនាញ​នៃ​អង្គ​ព្យាបាល ។

ការលួងលោម

អាលម៉ា​ក៏​បាន​បង្រៀន​ថា អ្នក​ដើរ​តាម​ព្រះគ្រីស្ទ « ព្រម​ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក » ( ម៉ូសាយ ១៨:៩ ) ។

ការ​ផ្តល់​ការលួងលោម​រួមមាន ក្តីអាណិតអាសូរ សន្តានចិត្ត​ល្អ ចេះគិតគូរ ខ្វាយខ្វល់ ស្រឡាញ់ និង​មាន​ចិត្ត​សប្បុរស ។ វា​ជា​ការបង្ហាញ​ក្តីស្រឡាញ់​ដល់​អ្នក​ដែល​ឈឺ ឬ​រងទុក្ខ​ដោយ​ដៃ​នៃ​សេចក្តីស្រឡាញ់ ដើម្បី​ជួយ​ពួកគេ​ប្រឈម​មុខ​នឹង​ការរងទុក្ខ​របស់ពួកគេ ។

ឡោន ( ឈ្មោះ​ត្រូវ​បាន​ផ្លាស់ប្តូរ ) បាន​ប្រឈម​មុខ​នឹង​ការលំបាក​ខាង​វិញ្ញាណ និង​ខាង​សីលធម៌ ហើយ​បាន​សញ្ជឹង​គិត​ពី​បទពិសោធន៍​របស់​គាត់​ជាមួយ​មនុស្ស​ដទៃ​ដែល​បាន​លួងលោម​គាត់ ៖ « ពួកគេ​បាន​មើល​ខ្ញុំ​ហួស​ពី​អ្វី​ដែល​ជា​ខ្ញុំ​ក្នុងពេល​បច្ចុប្បន្ន​នេះ ហើយ​បាន​ឃើញ​ពី​សក្តានុពល​ដែល​បាន​សន្យា​របស់​ខ្ញុំ សក្តានុពល​ដែល​អាច​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រសើរ​ជាង ឆ្លាតជាង មាន​សន្តាន​ចិត្ត​ល្អ​ជាង ។ ខ្ញុំ​បាន​ក្រឡេក​មើលខ្លួន​ខ្ញុំ​កាលពីមុន ហើយ​ជួនកាល មាន​អារម្មណ៍មិន​ល្អ​ដោយ​មាន​ភាពអាម៉ាស់​បន្តិចបន្តួច​ពី​ភាពល្ងង់ខ្លៅ​របស់​ខ្ញុំ—ការខ្មាសអៀន​បន្តិចបន្តួច​ចំពោះ​របៀប​នៃ​ការរំលង និង​អំពើ​បាប​របស់​ខ្ញុំ ។ ប៉ុន្តែថ្នាំ​នៃ​ការព្យាបាល​ដូចជា ព្រះគុណ សេចក្តីមេត្តា​ករុណា ការអភ័យទោស និង​សេចក្តីស្រឡាញ់ តែងតែ​កើត​ឡើង​បន្ទាប់​ពី​ការឈឺចាប់​នៃ​ភាពអាម៉ាស់ និង​ការខ្មាសអៀន ។ ពេល​ខ្ញុំ​ឃើញ​មាន​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​បង្ហាញ​អ្វីៗ​ទាំង​នោះ​ដល់​ខ្ញុំ នោះ​ការឈឺចាប់នោះ​បាន​រសាត់​ចេញ​ទៅ ។ ហើយ​ខ្ញុំ​ឃើញ​ពួកគេ​កំពុង​ជួយ​ខ្ញុំ​ឲ្យ​បាន​ជាសះស្បើយ ។ ប្រហែល​វា​ត្រឹមត្រូវ​ជាង​ដើម្បី​និយាយ​ថា ពួកគេ​បាន​បង្កើត​បរិយាកាស​សុវត្ថិភាព​មួយ​នៅជុំវិញ​ខ្ញុំ—ប្រហែល​វា​ជាសសៃ​សូត្រ​នៃ​ព្រះគុណ—ដែល​នៅក្នុង​ព្រះអង្គ​សង្គ្រោះ​ជាអង្គ​ព្យាបាល​ដ៏​កំពូល​អាច​ព្យាបាល​ខ្ញុំបាន ។ ផ្លាស់ប្ដូរ​ខ្ញុំ ។ ផ្លាស់ប្ដូរ​ចិត្ត​ខ្ញុំ » ។

រូបភាព
painting of Christ with children

រូបភាព​លម្អិត​មកពី ប្រទាល​មុខសះ​នៅ​ស្រុក​កាឡាត ដោយ អានី ហ៊ែនរី ណាឌើរ

ផ្នែក​សំខាន់​មួយ​នៃ​ការលួងលោម​អ្នក​ឈឺ​គឺ បង្វែរ​ពួកគេ​ទៅរក​អង្គ​ព្យាបាល​ដ៏​កំពូល ។ សាព្រីណា​មកពី​រដ្ឋ​យូថាហ៍​បា​ននិយាយ​ថា « គ្មាន​ការព្យាបាល​ណា​ប្រសើរ​ជាង​នរណា​ម្នាក់​ដែល​ជួយ​អ្នក​ឲ្យ​ដឹងពី​តម្រូវការ ឬ​ត្រឡប់​ទៅ​កាន់​ព្រះ​វិញ​ឡើយ ។ វា​អាច​ជា​ការរំឭក​អំពី​អ្វី​ដែល​អ្នក​ដឹង​រួចហើយ—ថា​អ្នក​កំពុង​តែ​ព្យាយាម​ខ្លាំង​ឡើង​ជាង​ដែល​អ្នក​ត្រូវ​ធ្វើ ធ្វើ​អ្វីៗ​តែ​ម្នាក់​ឯង ហើយ​ពុំ​ពឹងផ្អែក​ពិតប្រាកដ​លើ​ព្រះ » ។

ការលួងលោម​អ្នក​ឈឺ និង​ការជួយ​ពួកគេ​ឲ្យ​មាន​ភាពវិជ្ជមាន តម្រូវ​ឲ្យ​មាន​ការស្តាប់​ព្រះវិញ្ញាណ ។ នៅក្នុង​គ្រា​មួយ​នៃ​ជីវិត​ខ្ញុំ ខ្ញុំ​ពុំ​បាន​ដេក​លក់​ស្កប់ស្កល់​អស់រយៈពេល​ជាច្រើន​ខែ ជាទូទៅ​ខ្ញុំ​ដេកបាន​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​រៀងរាល់​យប់ ដោយ​ការដេក​ពុំ​ស្កប់ ។ ខ្ញុំ​មាន​ជំងឺ​ថប់​បារម្ភ និង​នឿយហត់​ធ្ងន់ធ្ងរ ហើយ​ខ្ញុំ​បាន​ជួប​នឹង​វេជ្ជបណ្ឌិត​ជា​ច្រើន​រូប ប៉ុន្តែ​វា​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ ទីបំផុត មិត្ត​ភក្ដិ​ម្នាក់​របស់​ខ្ញុំ​បានណែនាំ​ខ្ញុំ​ឲ្យ​ជួប​វេជ្ជបណ្ឌិល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​វេជ្ជបណ្ឌិត​រូប​នោះបាន​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​មួយ​ដល់​ខ្ញុំ ។ ប៉ុន្តែ​អ្វី​ដែល​គាត់​បាន​និយាយ​បន្ទាប់​នោះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ៖ « មើរីលីរឿង​ដ៏​សំខាន់​បំផុត​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​បង្វែរ​ការថប់​បារម្ភ​របស់​អ្នក​ទៅ​កាន់​ព្រះ » ។ បន្ទាប់​មក​គាត់​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ពិចារណា​រៀងរាល់​ថ្ងៃ​អស់​មួយ​រយៈពេល​ខ្លី​ស្តីពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ។

ខ្ញុំ​បាន​ព្យាយាម​ពិចារណា​ពីរ​បី​ដង​ដោយ​គ្មាន​ជោគជ័យ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ការព្យាបាល​ជា​ខ្លាំង ។ នៅ​ថ្ងៃ​បន្ទាប់​មក ខ្ញុំ​បាន​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​អំពី​ពាក្យ​ដ៏​មាន​អនុភាព « យើង​សូម​ថ្វាយ​នូវ​ទីបន្ទាល់​របស់​យើង អំពី​សគុណភាព​នៃ​ការបូជា​ដ៏​មហិមា​របស់​ទ្រង់​ដែល​ធួន​នឹង​បាប » ។ ខ្ញុំ​មាន​អារម្មណ៍​រំជួលចិត្ត ពេល​ខ្ញុំ​បាន​ចាប់ផ្តើម​ពិចារណា​អំពី​ទីបន្ទាល់​របស់​អង្គ​ព្យាបាល​ដ៏​កំពូល ហើយ​បាន​ដឹង​ថា ខ្ញុំ​បាន​រកឃើញ​ការលួងលោម និង​ភាពសុខសាន្ត​ក្នុង​ព្រលឹង​ខ្ញុំ ។

ការយក​ចិត្ត​ទុក​ដាក់

ពេល​យើង​សិក្សា​ព្រះគម្ពីរ​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​នៅក្នុង​កិច្ចការ​នៃ​ការព្យាបាល​របស់​ទ្រង់ នោះ​យើង​អាន​អំពី​ព្រះយេស៊ូវ​​ធ្វើ​កិច្ចការ​មួយ​ម្តង​ហើយ​ម្តង​ទៀត ៖ ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ទ្រង់ ។

ព្រះគ្រីស្ទ​សង្កេត​មើល​មនុស្ស ។ ទ្រង់​មាន​បន្ទូល​ជាមួយ​ស្ត្រី​សាសន៍​សាម៉ារី ទោះបី​មាន​ការហាម​ឃាត់​ខាង​វប្បធម៌​ក្តី ។ ទ្រង់​ចំណាយ​ពេល​ដើម្បី​ប្រសិទ្ធពរ​កុមារ ។ ទ្រង់​បាន​សោយ​អាហារ​ជាមួយ​អ្នក​យកពន្ធ និង​មនុស្ស​មាន​បាប ព្រមទាំង​បាន​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ឃ្លង់ និង​មនុស្ស​ដែល​គេ​និរទេស្ទ​ចោល ។ ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​ដល់​បុគ្គល​ម្នាក់ៗ ។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​ព្យាយាម​រៀន​ពី​ជំនាញ​នៃ​ការព្យាបាល​របស់​ទ្រង់ យើង​អាច​ចាប់ផ្តើមមើល​ទៅ​មនុស្ស​ដោយ​ព្រះនេត្រ​របស់​ព្រះគ្រីស្ទ ។ យើង​អាច​ចំណាយពេល​និយាយ​សួស្តី ញញឹម ហើយ​សួរ​សុខទុក្ខ​ពួកគេ ។ យើង​ពុំ​អាច​ដឹង​ឡើយថា ឱសថ​ព្យាបាល​ដែល​យើង​បាន​ខិតខំ​ធ្វើ​អាច​មាន​ដល់​មនុស្ស​ជុំវិញ​ខ្លួន​យើង​ជាបុគ្គល​ដែល​ឯកោ បាក់​ទឹកចិត្ត ឈឺ ទន់​ខ្សោយ ឬ​រងទុក្ខ ។ សូម្បី​តែ​ទង្វើ​នៃ​សេចក្តីស្រឡាញ់​សាមញ្ញៗ​អាច​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​មួយ ។

ពេល​យើង​ធ្វើ​កិច្ចការ​របស់​ព្រះគ្រីស្ទ ហើយ​ចូលរួម​នៅក្នុង​ការ​ព្យាបាល​មនុស្ស​ដទៃ នោះ​ពរជ័យ​មហិមា​នឹង​កើត​មាន​ឡើង ។ ដូច​ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ថា « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ( ម៉ាថាយ ២៥:៤០ ) ។ ចំពោះ​ទ្រង់​ដែល​បាន​ព្យាបាល​ពួកយើង​ម្នាក់ៗ ចំពោះ​ទ្រង់​ដែល​បាន​ឱប​យើង​នៅក្នុង​ព្រះហស្ត​ដ៏​ពេញ​ដោយ​ក្តីស្រឡាញ់ ជា​ច្រើន​គ្រា​ជាង​យើង​ដឹង ចំពោះ​ទ្រង់​ដែល​បាន​ផ្តល់ដង្វាយធួន​របស់​ទ្រង់​ដែល ជា​ឱសថ​នៃ​ព្យាបាល នោះ​យើង​អាច​ថ្វាយ​កិច្ចខិតខំ​បន្តិចបន្តួច​របស់​យើង ដើម្បី​ជួយ​ព្យាបាល​បងប្អូន​ប្រុសស្រី​របស់​យើង ។ នេះ​គឺ​ជា​ជំនាញ​នៃ​អង្គ​ព្យាបាលពិតប្រាកដ ។

កំណត់​ចំណាំ

  1. សូមមើល « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ទំនុកតម្កើង លេខ ១៣៥ ។

  2. « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់នៃ​ពួកសាវក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ខាង​ក្នុង​គម្រប​ខាង​មុខ ។