២០១៩
រ៉ូដ្រីហ្គោ ឃ្វីន​តានីលឡា—ទីក្រុង វ៉ាលប៉ារ៉េសសូ ប្រទេស​ឈីលី
ខែ មិថុនា ឆ្នាំ ២០១៩


ការបង្ហាញ​អំពី​សេចក្តីជំនឿ​

រ៉ូដ្រីហ្គោ ឃ្វីន​តានីលឡា

ទីក្រុង វ៉ាលប៉ារ៉េសសូ ប្រទេស​ឈីលី

រូបភាព
Rodrigo with wife and granddaughter

ផលឡា​និយាយ​ថា « រ៉ូដ្រីហ្គោ​គឺជា​មនុស្ស​ល្អ​ម្នាក់ ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​ចំពោះ​គាត់ » បានថតរូប​ជាមួយ​រ៉ូដ្រីហ្គោ និង​ចៅស្រី​អេមីលី ។​ « ប៉ុន្តែ​នៅ​គ្រា​នោះ យើង​បាន​យល់​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង » ។

រូបភាព
Rodrigo working with tools

រ៉ូដ្រីហ្គោ​និយាយ​ថា « ខ្ញុំ​ត្រូវ​តែ​គិត​ពី​អ្វី​មួយ​ទៀត​ដើម្បី​ធ្វើ​ជា​មុខរបរ ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ការណែនាំ​ពី​ព្រះវិញ្ញាណ » ។ « ព្រះ​បាន​ឆ្លើយ​តប​នឹង​ខ្ញុំ » ។

រូបភាព
Rodrigos wife and granddaughter

ផលឡា​និយាយ​ជាមួយ​ចៅស្រី​អេមីលី​ថា « ខ្ញុំ​បាន​ប្រាប់​រ៉ូដ្រីហ្គោ​ជានិច្ច​ថា ខ្ញុំ​កោតសរសើរ​ចំពោះ​ភាពរឹងមាំ​របស់​គាត់ ។ ខ្ញុំ​គិតថា ខ្ញុំ​​នឹង​ពុំ​ក្លាហាន​ដូច​គាត់​ឡើយ » ។

រូបភាព
Rodrigo

រ៉ូដ្រីហ្គោនិយាយ​ទៅកាន់​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​គ្រោះថ្នាក់ ឬ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់ប្តូរ​ថា « សូម​បន្ត​នៅ​ជាប់​នឹង​ដំណឹង​ល្អ ។ ជីវិត​កាន់តែ​លំបាក​ឡើង​ប្រសិនបើ​គ្មាន​ដំណឹងល្អ​ទេ​នោះ » ។

រូបភាព
Rodrigo opening his store

ដោយ​មាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ជំនួយ​ពី​គ្រួសារ​គាត់ រ៉ូដ្រីហ្គោ​បាន​ចាប់ផ្តើម​អាជីវកម្ម​មួយ​នៅ​ផ្ទះ ។

នៅ​ពេល​គ្រោះថ្នាក់​ដោយ​ការសាងសង់​មួយ​បាន​បន្សុល​ទុកឲ្យ​គាត់​ពុំ​អាច​ដើរ​បាន រ៉ូដ្រីហ្គោ ឃ្វីន​តានីលឡា​ពុំ​អាច​ធ្វើ​ជា​ជាង​ផ្សារ​ដែក​ត​ទៅ​ទៀតទេ—ឬ​ធ្វើ​កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ឡើយ ។ ប៉ុន្តែ​គាត់​បាន​សម្រេ​ច​ចិត្ត​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​គាត់ និង​គ្រួសារ​គាត់ ។

ឡេសលី នីលសុន ជាង​ថត​រូប

រូបភាព
Rodrigo working with tools

ពេល​មាន​អ្វី​ពិតជា​អាក្រក់​កើត​ឡើង​ចំពោះ​យើង យើង​អាច​មាន​ប្រតិកម្ម​ពីរ​របៀប ។ យើង​អាច​ខឹង​សម្បារ​នឹង​ព្រះ ហើយ​ចាកចេញ​ពី​ព្រះវិហារ ដោយ​គ្មាន​អ្វី​ទៀត​នឹង​បន្ត​វា​ទេ ។ ឬ​យើង​អាច​លុតជង្គង់​ចុះ អធិស្ឋាន ហើយ​បន្ត​រីកចម្រើន ។

ខ្ញុំ​ពុំ​បាត់បង់​សេចក្តីជំនឿ​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏ពុំ​បាន​សួរ​ខ្លួន​ខ្ញុំ​ថា « ហេតុអ្វី​រឿងនេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​ដែរ ? » ខ្ញុំ​បដិសេធ​មិន​ដើរ​ផ្លូវ​នោះ​ឡើយ ។

ពេល​ការសាកល្បង​មួយ​កើត​ឡើង​ចំពោះ​យើង ខ្ញុំ​ដឹង​ថា ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ប្រទាន​ផ្លូវ​មួយ​ឲ្យ​ឆ្លង​កាត់​ការសាកល្បង​នោះ ។ ពេល​ខ្ញុំ​បាន​ធូរ​ស្បើយ​មក​វិញ ការមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​រឿង​សំខាន់ ។ ខ្ញុំ​ត្រូវ​តែ​គិត​ពី​អ្វី​មួយ​ទៀត​ដើម្បី​ធ្វើ​ជា​មុខរបរ ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ការណែនាំ​ពី​ព្រះវិញ្ញាណ ។ ព្រះ​បាន​ឆ្លើយ​តប​នឹង​ខ្ញុំ ។

បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​នោះ ខ្ញុំ​បាន​ចំណាយ​ពេលអស់​មួយ​ឆ្នាំ​ដើម្បី​បាន​ជា​សះស្បើយ និង​មាន​នីតិសម្បទា​ឡើង​វិញ ។ ខ្ញុំ​បាន​ចំណាយ​ពេល​នៅ​ឆ្នាំ​ទីពីរ​ដើម្បី​កំណត់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ខ្ញុំ​ត្រូវ​ស្វែងរក​អ្វី​មួយ​ដែល​យ៉ាង​ហោច​ណាស់​អាច​បំពេញ​តម្រូវការ​ចាំបាច់​របស់​គ្រួសារ​ខ្ញុំ—អ្វីមួយ​ដែល​ពុំ​ចំណាយ​កម្លាំង​ច្រើន ហើយ​ដែល​ខ្ញុំ​អាច​ធ្វើ​វា​បាន​នៅលើ​រទេះ​ជនពិការ ។

ដោយ​មាន​ជំនួយ​ពី​ផល​ឡា​ភរិយា​របស់​ខ្ញុំ និង​កូនៗ រីកាដូ និង​នីកូល នោះ​ខ្ញុំ​បាន​បើក​អាជីវកម្ម​មួយ​នៅ​ផ្ទះ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ដោយ​ការផ្តល់​សេវា​ធ្វើ​សោ ។ យើង​បាន​បន្ថែម​សេវាកម្ម​ផ្សេង​ទៀត​ដោយ​សន្សឹមៗ ។ ខ្ញុំ​បាន​ប្រមែលប្រមូល​ចំណេះ​ដឹង​ពី​នេះ​ពីនោះ ។ ខ្ញុំ​បាន​រៀន​ចេះ​ចេញ​ពី​ការអនុវត្ត​ជាក់ស្តែង ។ ឥឡូវ​នេះ ប្រាំបួន​ឆ្នាំហើយ យើង​បាន​ដំណើរការ​ហាង​ជាងសោ​មួយ និង​មជ្ឈមណ្ឌលផ្តល់​សេវាកម្ម​បោះពុម្ព និង​អ៊ុត​សម្ភារ ។

ពីមុន​ខ្ញុំ​ជួប​គ្រោះថ្នាក់ យើង​បាន​គិត​ថា យើង​នឹងត្រូវ​បាត់បង់​ផ្ទះ​យើង ។ សមាជិកគ្រួសារ​ដែល​ជា​ម្ចាស់​ផ្ទះ​ចង់​លក់​ផ្ទះ​នោះ ប៉ុន្តែ​យើង​ពុំ​ចង់​ប្តូរ​ទីលំនៅ​ទេ ។ យើង​ស្រឡាញ់វួដ​របស់យើង ។

បន្ទាប់​ពី​គ្រោះថ្នាក់​មក យាយ​របស់​ខ្ញុំ​បាន​និយាយ​ថា « យាយ​នឹង​ឲ្យ​ចំណែកយាយ​ក្នុង​ផ្ទះទៅ​ចៅ » ។ ឪពុក​ខ្ញុំ​ក៏​បាន​ធ្វើ​ដូច្នោះ​ផងដែរ ។ ម្តាយ​មីង​ម្នាក់​របស់ខ្ញុំ និង​បងប្អូន​ប្រុសស្រី​មួយ​ចំនួន​របស់​ខ្ញុំ​ក៏​ប្រគល់​សិទ្ធិ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​មក​ខ្ញុំ ។ ពួកគេ​បាននិយាយ​ថា « ប្អូន​អាច​បន្ត​នៅ​ទីនេះ​បាន​តាម​ដែល​ប្អូន​ពេញចិត្ត » ។ នេះ​គឺ​ជាពរជ័យ​មួយ​មក​ពី​ព្រះវរបិតាសួគ៌​យើង ។

ចំពោះ​អស់​អ្នក​ដែល​បាន​រងទុក្ខ​ដោយ​គ្រោះថ្នាក់ ឬ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់ប្តូរ ខ្ញុំ​ចង់​និយាយ​ថា « អ្វីៗ​អាច​មាន​ការលំបាក ប៉ុន្តែ​សូម​បន្ត​នៅក្នុង​សាសនាចក្រ ។ សូម​បន្ត​នៅ​ជាប់​នឹង​ដំណឹង​ល្អ ។ ជីវិត​កាន់តែ​លំបាក​ឡើង​ប្រសិនបើ​គ្មាន​ដំណឹងល្អ​នោះ ។ សូម​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់អ្នក ហើយ​ព្រះវរបិតាសួគ៌​នឹង​ធ្វើ​កិច្ចការ​ដែល​នៅ​សេសសល់ » ។