២០១៩
ការរង់ចាំ​អៀន
ខែ មិថុនា ឆ្នាំ ២០១៩


ការរង់ចាំ​អៀន

អៀន​បាន​សួរ​ថា « តើ​មាន​អ្វី​បាន​កើតឡើង​ចំពោះ​ខ្ញុំ ? » ។

« យើង​ចូលចិត្ត​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា យើង​រីករាយ​ដែល​អ្នក​បាន​មកចូលរួម​ដែរ » ( Children’s Songbook ទំព័រ ២៥៦ ) ។

រូបភាព
Waiting for Ian

ពេល​អៀនភ្ញាក់​ឡើង គាត់​ឮ​ម្តាយ​គាត់​ច្រៀង ។ វា​គឺ​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះអង្គ » ។ នោះគឺជា​បទ​ថ្នាក់​អង្គការ​បឋម​សិក្សា​ដែល​អៀន​ចូលចិត្ត ! គាត់បាន​ចាប់ផ្តើម​ច្រៀង​តាម​ម្តាយ​គាត់ ។

ម្តាយ​គាត់​បាន​និយាយ​ថា « កូន​ដឹងខ្លួន​​ហើយ ! » ម្តាយ​គាត់​ញញឹម ហើយ​យំ ។ អៀន​បាន​ឃើញ​ប៉ា​របស់​គាត់​នៅ​អង្គុយ​ក្បែរ​ម៉ាក់​របស់​គាត់ ។ មើល​ទៅ​គាត់​ក៏សប្បាយ​ចិត្ត​ដែរ ។

ម៉ាក់​បាននិយាយ​ថា « ម៉ាក់​បាន​ច្រៀង​ចម្រៀង​ដែល​កូន​ចូលចិត្ត​ឲ្យ​កូន​ស្តាប់​រៀងរាល់​ថ្ងៃ » ។

អៀន​បាន​ញញឹម—ប៉ុន្តែ​គាត់​ឈឺក្បាល ។ តាមពិតទៅ គាត់​ឈឺ​ខ្លួន​ប្រាណ​ទាំងមូល ជាពិសេស​ជើង​របស់​គាត់ ។

គាត់​បាន​មើល​បរិវេណជុំវិញ​ដោយ​យក​ចិត្ត​ទុកដាក់ ។ គាត់​មិន​នៅ​ផ្ទះ​ទេ ។ គាត់​កំពុង​ដេកនៅលើគ្រែ​ដែក​ក្នុង​បន្ទប់​ប្លែក​មួយ ។ បន្ទាប់​មក​គាត់​បាន​ឃើញ​គិលានុបដ្ឋាយិកា​ម្នាក់ និង​គ្រែជាច្រើន​នៅក្បែរនោះ ។ គាត់​បាន​គិតថា « នេះ​ច្បាស់​ជា​មន្ទីរពេទ្យ​ហើយ » ។

គាត់​បាន​សួរ​ថា « តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ ? »

ទឹកមុខ​ម៉ាក់​បាន​ប្រែ​ជាមានទុក្ខ ។ « កូនបាន​ជួប​គ្រោះថ្នាក់​អាក្រក់​មួយ ។ ទ្វារ​ដែក​មួយ​បាន​រលំ​លើ​កូន ។ កូន​បាន​នៅ​សម្រាកពេទ្យ​អស់ពីរ​សប្តាហ៍​ហើយ ប៉ុន្តែ​កូន​នឹង​មិន​កើត​អ្វីទេ » ។

ពីរ​សប្ដាហ៍ ! អៀន​បាន​គិតថា « អូ៎ វា​ជាការដេក​ដ៏​យូរ​មួយ » ។ រឿង​ចុងក្រោយ​ដែល​គាត់​បានចាំ​នោះ​គឺ គាត់​បាន​នៅ​អគារ​សាសនាចក្រ ហាត់សម​កម្មវិធី​សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ។ …

អូ៎ អត់​ទេ ! កម្មវិធី !

អៀន​បាន​សួរ « តើ​ខ្ញុំ​បាន​ខកខាន​មិនបាន​ចូលរួម​កម្មវិធី​ថ្នាក់​អង្គការ​បឋម​សិក្សា​ឬ ? » គាត់​បាន​ទន្ទឹង​រង់ចាំ​កម្មវិធី​នោះ​អស់​ពេល​ជា​យូរ​មកហើយ ! គាត់​ចូលចិត្ត​ច្រៀង​ជាមួយ​មិត្តភក្តិ​របស់​គាត់ ។

ម៉ាក់​បាន​ញញឹម ហើយ​គ្រវី​ក្បាល​របស់​គាត់ ។ « អត់ទេ កូន​មិន​បាន​ខកខាន​នឹង​កម្មវិធី​នោះ​ទេ ។ សមាជិក​វួដ​បាន​សម្រេច​ចិត្ត​ពន្យា​កម្មវិធី​នោះ រហូត​ដល់​កូន​ដឹង​ខ្លួន​ឡើង​វិញ ដើម្បី​កូន​អាច​ចូលរួម​កម្មវិធី​នោះដែរ » ។

« ពិតមែន​ឬ ? »

ប៉ា​បាននិយាយ​ថា « ពិតមែន​ហើយ ។ កុមារ​នៅ​ថ្នាក់​អង្គការ​បឋម​សិក្សា​ទាំងអស់​បានសូម​ប៊ីស្សព​ឲ្យ​រង់ចាំ​សិន ។ ពួកគេ​ចង់​ឲ្យ​កូន​ទៅ​កម្មវិធី​នោះដែរ ។ ពួកគេ​បាន​ដឹង​ថា កូន​រំភើប​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ចំពោះ​កម្មវិធី​នេះក្នុងឆ្នាំ​នេះ » ។

អៀន​មាន​ចិត្ត​រីករាយ​ដែល​គាត់​អាច​នៅតែ​ចូលរួម​កម្មវិធី​ថ្នាក់​អង្គការបឋម​សិក្សា ។ ប៉ុន្តែ​គាត់​ត្រូវតែ​បាន​ធូរ​ស្បើយ​ជាមុន​សិន ។ ហើយ​វា​ចំណាយពេល​ច្រើន ។ គាត់​ត្រូវ​បន្ត​ស្នាក់​នៅ​មន្ទីរពេទ្យ​មួយ​រយៈពេល​យូរ​ទៀត ។ ទីបំផុតពេល​គាត់​ត្រឡប់ទៅផ្ទះ​វិញ គាត់​នៅតែ​មិន​អាច​ដើរ ឬ​លេង​បាន ។

ប៉ុន្តែ​មិត្តភក្តិ​របស់​គាត់​ត្រូវ​មក​សួរ​សុខទុក្ខ​គាត់ ។ អៀន​បាន​សួរ​ពួកគេ​អំពី​សាលារៀន និង​ព្រះវិហារ ។ ហើយ​ពួកគេ​បាន​សួរ​គាត់​ថា តើពេល​ណា​ទើប​គាត់​អាច​ត្រឡប់​មក​វិញ​បាន ។

គាត់​បាន​ប្រាប់​ពួកគេ​ថា « ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ រហូត​ដល់​ជើង​របស់ខ្ញុំ​បាន​ធូរ​ស្បើយ​សិន ។ ខ្ញុំ​ពុំ​ទាន់​ដើរ​បាន​នៅឡើយ » ។

ខែតុលា​បាន​បន្ត​ចូល​ទៅ​ខែ​វិច្ឆិកា ហើយ​អៀន​បាន​ធូរស្បើយ​ដោយ​សន្សឹមៗ ។ ថ្ងៃ​មួយ មិត្តភក្ដិ​របស់​គាត់​បាន​អញ្ជើញ​គាត់​ឲ្យ​មក ហើយ​មើល​រឿង​ជាមួយ​ពួកគេ ។ ម៉ាក់ និង​ប៉ា​របស់​អៀន​បាន​ជួយ​យក​គាត់​ទៅ​ទីនោះ ។

សេសជាមិត្តរបស់​គាត់បាន​សួរ​គាត់​ថា « តើ​ជើងរបស់​ឯង​នៅតែ​ឈឺទៀត​ឬ ? »

សេស​បាន​សួរ​ថា « បាទ ។ ប៉ុន្តែ​វា​បាន​ធូរស្បើយ​ជារៀងរាល់ថ្ងៃ » ។

ម៉ារៀ​បាន​សួរ​ថា « តើ​ឯង​អាច​ដើរ​បាន​ហើយ​មែនទេ ? »

អៀនបានពោលថា « ខ្ញុំ​មិន​ដឹងទេ » ។

សេស​បាន​និយាយ​ថា « អញ្ចឹង​សាកល្បង​មើល » ។ នាង​បាន​ជួយ​អៀន​ឲ្យ​ក្រោកឈរ ។ អៀន​បាន​ដាក់ជើង​របស់​គាត់​ចុះ​ក្រោម​ដោយ​ប្រុងប្រយ័ត្ន ។ គាត់​បាន​រំកិល​ខ្លួន​គាត់​ទៅ​មុខ ។ គាត់​ឈរ​នៅ​ស្ងៀម​នៅឡើយ ! វា​ជាជំហាន​ដំបូង​របស់​គាត់​ក្នុង​រយៈពេល​ជាង​មួយ​ខែ ! មនុស្ស​គ្រប់​គ្នា​បាន​ទះដៃ ។

សេស​បាន​និយាយ​ថា « នេះ​មានន័យ​ថា ឯង​អាច​ត្រឡប់​មក​ព្រះវិហារ​វិញ​ហើយ ! »

ហើយ​នាង​ពិតជា​និយាយ​ត្រូវ​មែន ! នៅក្នុង​រយៈពេល​ពីរបី​សប្តាហ៍​ទៀត ទីបំផុត​ជើង​របស់​អៀន​បាត់​ឈឺ ។ វេជ្ជបណ្ឌិត​បាន​ដក​ប៉ង់​ស៊ីម៉ង់ត៍​ពី​ជើង​គាត់​ចេញ ហើយ​ដាក់​រណប​ជំនួស​វិញ ។ នៅពេលថ្ងៃ​អាទិត្យ​មក​ដល់ វា​ជាពេល​សម្រាប់​កម្មវិធី​ថ្នាក់​អង្គការ​បឋម​សិក្សា ។

អំឡុងពេល​ការប្រជុំ​សាក្រាម៉ង់ អៀន​បាន​ដើរ​ទៅ​ខាងមុខ​សាលា​ជំនុំ​ជាមួយ​មិត្ត​របស់គាត់ ។ គាត់​បាន​ក្រោកឈរ​យ៉ាង​ត្រង់​ខ្លួន ហើយ​ញញឹម​ដាក់​ម៉ាក់ និង​ប៉ា​របស់​គាត់ ។ អំឡុងពេល​ច្រៀង គាត់​បាន​ច្រៀងឮៗ​តាម​ដែល​គាត់​អាច​ធ្វើបាន ។ ពេល​ដល់​វេន​របស់​គាត់ គាត់​បាន​ឈរ​នៅ​លើ​វេទិកា ហើយ​ចែកចាយ​ទីបន្ទាល់​របស់​គាត់ ។ គាត់​មាន​អំណរគុណ​ចំពោះ​មិត្តភក្តិ​ថ្នាក់​បឋម​សិក្សា​របស់​គាត់ ។ ហើយ​គាត់​រីករាយ​ដែល​គាត់​អាច​ចូលរួម​កម្មវិធី​ថ្នាក់​អង្គការបឋម​សិក្សា បន្ទាប់​ពីអ្វីៗ​ទាំងអស់​បានកើត​ឡើង ។