២០១៩
ជំពូក​ថ្មី​មួយ
ខែ មិថុនា ឆ្នាំ ២០១៩


ជំពូកថ្មី​មួយ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា. ។

« ពរជ័យ​ជាច្រើន​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​មាន​អំណរគុណ​ជា​ខ្លាំង​ដើម្បី​ក្លាយ​ជា​ខ្លួន​ខ្ញុំ » ( Children’s Songbook ទំព័រ ១១ ) ។

រូបភាព
A New Chapter

សារ៉ា​បាន​បើក​ប្រអប់​មួយ​ពេល​ម្តាយ​នាង​បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់ ។

នាង​បាន​សួរ​ម៉ាក់​នាង​ថា « តើ​យើង​អាច​លាប​ជញ្ជាំង​ផ្ទះ​ពណ៌​លឿង​បាន​ទេ ? »

ពួកគេ​ទើប​តែ​ប្តូរ​មក​រស់នៅ​ផ្ទះ​មួយ​ផ្សេង​ទៀត ។ សារ៉ា​អាច​ជ្រើសរើស​ភួយ​មាន​ញាត់​សំឡី និង​វាំងនង​សម្រាប់​បន្ទប់​ថ្មី​របស់​នាង !

ម្ដាយ​ពោលថា « ម៉ាក់គិតថា​អាចលាប​បាន។ ពណ៌​លឿង​គឺ​ជាពណ៌​រីករាយ » ។

សារ៉ា​បាន​ដាក់​សៀវភៅ​មួយ​ចំនួន​នៅលើ​ធ្នើរ​ក្បែរ​គ្រែ​គេង​របស់​នាង ។ ម៉ាក់​នាង​ពុំ​មាន​អារម្មណ៍ រីករាយ ជានិច្ច​ទេ​មួយ​រយៈពេល​ក្រោយ​នេះ ចាប់​តាំង​ពីប៉ា​របស់​នាង​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មក ។ សារ៉ា​បាន​ដាក់​រូបថត​ប៉ា​របស់​នាង​ដែល​នាង​ចូលចិត្ត​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ជាប់​នឹង​សៀវភៅ​នោះ ជា​កន្លែង​ដែល​នាង​អាច​ឃើញ​រូបថត​នោះ​រៀងរាល់​ព្រឹក​ពេល​នាង​ភ្ញាក់​ពី​គេង ។

នាង​បាន​ឮ​សំឡេង​យំ​ខ្សឹកខ្សួល ហើយ​បាន​ឃើញ​ទឹកភ្នែក​នៅ​ក្នុង​ភ្នែក​របស់​ម៉ាក់នាង ។

សារ៉ា​បាន​និយាយ​ទាំង​ឱប​ចង្កេះ​ម្តាយ​នាង​យ៉ាង​ណែនថា « កូន​ស្រឡាញ់​ម៉ាក់ » ។

« ម៉ាក់​ស្រឡាញ់​កូន​ខ្លាំង​ណាស់ » ។

នៅ​ថ្ងៃ​សៅរ៍​ពី​មុន​ចាប់ផ្តើម​ចូលរៀន ម៉ាក់សារ៉ា និង​សារ៉ា​បាន​ស្លៀកពាក់​ខោអាវ​ចាស់ៗ រំកិល​គ្រឿង​សង្ហារិម​ទៅ​កណ្តាល​បន្ទប់​របស់​សារ៉ា ហើយ​ទាញរឡូ​លាប​ថ្នាំ​ជញ្ជាំង​នៅក្នុង​ថាស​លាបថ្នាំ​ពណ៌​លឿង​ដោយ​ប្រុងប្រយ័ត្ន ។ មួយ​សន្ទុះ​ក្រោយ​មក ជញ្ជាំង​បាន​លាប​ពណ៌​លឿងរួច—ហើយ​មុខ និង​ខោអាវ​ពួកគេ​ក៏​មាន​ប្រឡាក់​ថ្នាំ​ផងដែរ !

ម៉ាក់នាង​បាន​និយាយ​ទាំង​សើច​ថា « មើលទៅកូន ដូចជាត្រូវ​ពន្លឺ​ព្រះអាទិត្យ​ខ្ទាត​ប្រឡាក់​អញ្ចឹង » ។

សារ៉ា​បាន​សើច​កក្អឹក ។ « ហើយ​មើល​ទៅ​ម៉ាក់​ដូចជា​មាន​ចេក​មួយ​ដែល​ខ្ទាត​នៅ​ជាប់​ម៉ាក់​អញ្ចឹង ! »

ពួកគេ​នៅតែសើច ពេល​ពួកគេ​សម្អាត​ខ្លួន ។ ប៉ុន្តែ​ស្នាម​ញញឹម​របស់​សារ៉ាបាន​រសាយ​បាត់ ពេល​នាង​បាន​គិត​អំពី​ការទៅ​ថ្នាក់​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​ស្អែក និង​ទៅ​រៀន​នៅ​ថ្ងៃ​បន្ទាប់​នោះ ។

នាង​បាន​ប្រាប់​ម៉ាក់​នាង​ពេល​ពួកគេ​លាង​ជក់​លាប​ថ្នាំ​នៅ​កន្លែង​លាង​ដៃ « កូន​បារម្ភ​អំពី​ព្រះវិហារ និង​សាលា​ថ្មី​របស់​កូន ។ « កូន​មិន​ស្គាល់​គ្រូបង្រៀន ឬ​កុមារ ឬ​នរណា​ម្នាក់ទេ » ។

ម៉ាក់​បាន​បិទ​ទឹក ហើយ​ទាញ​សារ៉ា​ឱប ។

« កូន​នឹង​មាន​មិត្ត ។ កូន​មាន​សន្តាន​ចិត្ត​ល្អ នោះមនុស្ស​ដទៃ​នឹង​រាប់អាន​កូន​ហើយ ។ ចូរធ្វើ​ខ្លួន​ជា​ក្មេង​ល្អ​បំផុត ហើយ​កូន​នឹង​មាន​មិត្ត » ។

សារ៉ា​មាន​អារម្មណ៍​ល្អ​ជាង​មុន ប៉ុន្តែ​នាង​នៅតែ​ភ័យ​ខ្លាច ។

នាង​និយាយ​ថា « ខ្ញុំ​ចង់​ឲ្យ​ប៉ា​នៅ​ទីនេះ ដើម្បី​ផ្តល់​ការប្រសិទ្ធពរ​មួយ​ដល់ខ្ញុំ ។ ដូច​គាត់ធ្លាប់ធ្វើ​ជានិច្ច ពីមុន​ខ្ញុំ​ត្រឡប់​ចូលរៀន​វិញ » ។

ម៉ាក់​បាន​នៅ​ស្ងៀម​មួយ​សន្ទុះ ។ គាត់​បាន​និយាយ​ថា « ចុះ​លោក​ពូ​យ៉ាត់​នោះ ? ម៉ាក់​ប្រាកដ​ចិត្ត​ថា គាត់​រីករាយ​នឹង​ផ្តល់​ការប្រសិទ្ធពរ​មួយ​ដល់​កូន » ។

សារ៉ា​បាន​ងក់ក្បាល ។ ប្រហែលជា​ការប្រសិទ្ធពរ​មួយ​អាច​ជួយ​បាន ។

នៅ​យប់​នោះ ពូ​របស់​សារ៉ា​បាន​ដាក់​ដៃ​គាត់លើ​ក្បាល​របស់​នាង ហើយ​ផ្តល់​ការប្រសិទ្ធពរ​មួយ​ឲ្យ​នាង ។

គាត់​បាន​និយាយ​ថា « ពូ​សូម​ប្រសិទ្ធ​ពរ​ក្មួយ​ឲ្យ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ព្រះតម្រិះ​ពី​ក្មួយ ពេល​ក្មួយ​ចាប់ផ្តើម​ជំពូក​ថ្មី​នៅក្នុង​ជីវិត​នេះ ។ ទ្រង់​មិន​ចោល​ក្មួយ​ឲ្យ​នៅ​កំព្រា​ទេ » ។

សារ៉ា​បាន​ផ្តោត​ចិត្ត​ទុកដាក់​លើ​ពាក្យ ជំពូក​ថ្មី ។ នាង​ចូលចិត្ត​អាន ហើយ​មាន​ចិត្ត​រំភើប​ជានិច្ច ដើម្បី​ចាប់ផ្តើម​អាន​ជំពូកថ្មី​មួយ​ក្នុង​សៀវភៅ ។

នៅ​ថ្ងៃ​បន្ទាប់​សារ៉ា និង​ម៉ាក់​បាន​ទៅ​ព្រះវិហារ ។ បន្ទាប់​ពីការប្រជុំ​សាក្រាម៉ង់​រួច ម្តាយ​បាន​ជួយ​សារ៉ា​ស្វែងរក​បន្ទប់​ថ្នាក់​អង្គការបឋម​សិក្សា ។ ក្មេង​ស្រី​ម្នាក់​នៅក្នុង​ថ្នាក់​បាន​ញញឹម​ដាក់​នាង ហើយ​បាន​និយាយ​ថា​សួស្តី ។

ក្មេង​ស្រី​នោះ​និយាយ ដោយ​គោះដៃ​លើ​កៅអី​ទទេ​នៅ​ជាប់​នឹង​នាង​ថា « អ្នក​អាច​អង្គុយ​ទីនេះ​បាន ប្រសិនបើ​អ្នក​ចង់ » ។

សារ៉ា​បាន​ពោលថា « អរគុណ ។ ខ្ញុំ​ឈ្មោះ​សារ៉ា ។ ខ្ញុំ​ជា​អ្នក​ចំណូល​ថ្មី​នៅ​ទីនេះ » ។

« ខ្ញុំ​ឈ្មោះ​មេឡូឌី ។ ខ្ញុំ​ក៏ជា​អ្នក​ចំណូល​ថ្មី​ដែរ ! នេះ​គឺជា​សប្តាហ៍​ទី​ពីរ​របស់​ខ្ញុំ » ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មេឡូឌី និង​សារ៉ា​បាន​និយាយ​ជាមួយ​កុមារ​ដទៃទៀត​នៅ​ថ្នាក់​អង្គការ​បឋម​សិក្សា ។ គ្រូបង្រៀន​របស់​ពួកគេ​រីករាយ​រាក់ទាក់​ណាស់ ។

« ខ្ញុំ​សង្ឃឹម​ថា សាលា​រៀន​ក៏​មាន​សភាពល្អ​បែប​នេះ​ដែរ ! សារ៉ា​បាន​គិត ពេល​នាង​បាន​ចូលគេង​នៅយប់​នោះ ។

នៅ​ថ្ងៃ​បន្ទាប់​ សារ៉ា​បាន​ជិះ​ឡាន​ក្រុង​ទៅ​សាលា​រៀន​ថ្មី​របស់​នាង ។ នាង​មាន​ចិត្ត​រំភើប​ដើម្បី​ឃើញ​កុមារ​មួយ​ចំនួន​មកពី​ថ្នាក់​បឋម​សិក្សា រៀន​នៅ​ថ្នាក់​ទី​បី​ជាមួយនាងដែរ ។

សារ៉ា​បាន​អធិស្ឋាន​ដោយ​ស្ងាត់ៗ ពេល​នាង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្ត​ថ្មី​របស់​នាង​ថា « ឱ​ព្រះវរបិតាសួគ៌​អើយ សូម​អរព្រះគុណ​ទ្រង់ ។ នេះ​ប្រហែល​ជា​ជំពូក​ល្អ​មួយ​នៃ​ជីវិត បន្ទាប់​ពី​អ្វីៗទាំងអស់ » ។