២០១៩
និយាយ​សួស្តី​ទៅកាន់​ហាលីម !
ខែ មិថុនា ឆ្នាំ ២០១៩


និយាយ​សួស្តី​ទៅកាន់​ហាលីម !

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃដាហូ ស.រ.អា ។

« អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ » ( ម៉ាថាយ ១០:៨ ) ។

រូបភាព
Say Hello to Halim

នៅសាលា​រៀន​នា​ព្រឹកនោះ ម៉ាគើស​បាន​សង្កេត​ឃើញក្មេង​ប្រុស​ចំណូល​ថ្មី​ម្នាក់​ដើរ​ចូល​មក​ក្នុង​ថ្នាក់​រៀន ។

អ្នក​គ្រូ​ប៊ែកឃើរ​បាននិយាយ​ពេល​សិស្ស​គ្រប់​គ្នា​ស្ងាត់ស្ងៀម​ថា « អរុណសួស្តី​ប្អូនៗ ។ នេះគឺ​ហាលីម ។ គាត់​ជា​អ្នក​ចំណូល​ថ្មី​នៅ​សាលា​រៀន​យើង ។ តាម​ពិត​ទៅ គាត់​ជា​អ្នក​ចំណូល​ថ្មី​មក​ក្នុង​ប្រទេស​យើង ។

ហាលីម​បាន​ឱនមុខ​មើល​កម្រាល​ឥដ្ឋ​ពេល​គាត់​និយាយ​ថា​សួស្តី ។ ម៉ាគើស​បាន​គិតថា សំឡេង​របស់​គាត់​ដូចជា​មាន​សំឡេង​ខុស​ប្លែក ។ អ្នក​គ្រូប៊ែកឃើរ​បន្ត​និយាយ​ទៀត ។

« ពួកយើង​រីករាយ​ដែល​គាត់​នៅ​ទីនោះ ហើយ​គាត់​នឹង​ក្លាយ​ជា​សិស្ស​ក្នុង​ថ្នាក់​យើង ។ អ្នក​គ្រូ​សង្ឃឹម​ថា យើង​ទាំងអស់​គ្នា​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​កក់​ក្តៅ » ។

ពេល​អ្នក​គ្រូ​ប៊ែកឃើរ​បង្ហាញ​តុ​អង្គុយ​ឲ្យ​ហាលីម ម៉ាគើស​បាន​គិត​អំពី​ការភ័យ​ខ្លាច​របស់​គាត់ ប្រសិនបើ​គាត់​បាន​ប្តូរទៅ​ប្រទេស​ថ្មី​មួយ និង​សាលា​រៀន​ថ្មី​មួយ ។

បន្ទាប់​ពី​ម៉ោង​ញ៉ាំអាហារ​សម្រន់​រួច អ្នក​គ្រូ​ប៊ែកឃើរ​បាន​ប្រាប់​សិស្ស​គ្រប់​គ្នា​ថា គាត់​មាន​អ្វី​មួយ​ភ្ញាក់ផ្អើល​បង្ហាញពួកគេ ។ ម៉ាគើស​បាន​អង្គុយ​យ៉ាង​ត្រង់​ខ្លួន ដើម្បី​គាត់​អាច​មើលឃើញ​អ្វី​ដែល​អ្នក​គ្រូ​ដក​ចេញ​ពី​កាបូប​របស់គាត់ ។ វា​ជា​ធុង​តូចៗ ។ គាត់​បាន​ចាប់ផ្តើម​ហុច​ធុង​នោះ​តៗ​គ្នា​ទៅ​សិស្ស​ក្នុង​ថ្នាក់ ។

គាត់​បាន​និយាយ​ពេល​គាត់​ហុចធុង​ពណ៌លឿង​​ឲ្យ​ម៉ាគើស « យើង​ម្នាក់ៗ​មាន​ធុង​នៃ​ក្តីស្រមៃ​មួយ​នៅក្នុង​ចិត្ត​យើង​ម្នាក់ៗ ។ មនុស្ស​បំពេញ​ធុង​របស់យើង ពេលពួកគេ​ធ្វើ​រឿង​ល្អៗ​ដល់យើង ។ ហើយ​យើង​អាច​បំពេញ​ធុង​របស់​មនុស្ស​ដទៃ​តាមរយៈ​ការធ្វើ​ល្អ​ចំពោះ​ពួកគេ​ដែរ ។ ឧទាហរណ៍ ពេល​ម្តាយ​ប្អូន​ឱប​ប្អូន គាត់​កំពុង​បំពេញ​ធុង​របស់​ប្អូន ។ ពេល​ប្អូនៗ​និយាយ​អ្វី​មួយ​ល្អៗ​ទៅ​កាន់​នរណា​ម្នាក់ នោះ​ប្អូនៗ​កំពុង​បំពេញ​ធុង​របស់​ពួកគេ ។

ម៉ាគើស​បាន​មើល​ទៅមិត្ត​ជិតស្និទ​របស់​គាត់​ឈ្មោះ​កាលីប ។ គាត់​ក៏​បាន​ធុង​ពណ៌លឿង​ផងដែរ !

អ្នកគ្រូ​ប៊ែកឃើរ​បាន​និយាយ​ថា « សប្តាហ៍​នេះ យើង​នឹង​ទុក​ធុង​ទាំងនេះ​នៅលើ​តុ​របស់​យើង ដូច្នេះ​យើង​អាច​សរសេរ​កំណត់​ចំណាំ​ល្អៗ​សម្រាប់​គ្នា​ទៅវិញទៅមក » ។ គាត់​បាន​មូរ​ក្រដាស​តូច​មួយ ហើយ​ទម្លាក់​វា​ចូល​ក្នុង​ធុង​នោះ ។ « ហើយ​វា​នឹង​ជួយ​យើង​ឲ្យ​ចងចាំ​ពី​ធុង​នៃក្តីស្រមៃ ដែល​មនុស្ស​គ្រប់គ្នា​មាន​នៅក្នុង​ធុង​នោះ ។ យើង​ចង់​មាន​សន្តាន​ចិត្ត​ល្អ ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​អ្នក​បំពេញធុង​នោះ ។

ម៉ាគើស​បាន​ទាញយក​ក្រដាស​មួយ​សន្លឹក​មក ហើយ​បាន​គិត​អំពីអ្វីៗ​ដែល​គាត់អាច​សរសេរទៅ​កាន់​កាលីប ដូច​ជា​ថា​គាត់​ពូកែលេង​កីឡា ។ ប៉ុន្តែ​ក្រោយ​មកគាត់​បាន​មើលទៅ​ហាលីម ។ ស្មា​របស់គាត់​ហាក់ដូចកោង​ដោយ​កើត​ទុក្ខ ។

ម៉ាគើស​ឆ្ងល់​ថា តើហាលីម​មាន​កល្យាណមិត្ត​ម្នាក់ នៅកន្លែង​ដែល​គាត់​ធ្លាប់​រស់នៅដែរឬ​ទេ ។ វា​ប្រហែល​ជា​លំបាក​ណាស់​ដើម្បី​និយាយ​លា​ពួកគេ ហើយ​ភ័យ​ខ្លាច​ចំពោះ​ការប្តូរ​ទៅ​រស់នៅ​ឆ្ងាយ ។

ម៉ាគើស​បាន​មើល​ទៅ​ក្រដាស​សៀវភៅ​ទទេ​នៅលើ​តុ​របស់​គាត់ ។ គាត់​មាន​គំនិត​មួយ បន្ទាប់​មក​គាត់​បាន​សរសេរ​ថា

« ជូន​ចំពោះ​ហាលីម

សូម​ស្វាគមន៍​មក​សាលា​រៀន​របស់​យើង ។ ប្រសិនបើ​ឯង​ចង់ យើង​អាច​លេង​ជាមួយ​គ្នា​ពេលម៉ោង​ចេញលេង ។ ខ្ញុំ​នឹង​ធ្វើ​ជា​មិត្តភក្តិ​របស់​ឯង ។ ហើយ​ខ្ញុំ​គិត​ថា កាលីប​នឹង​ធ្វើ​ជាមិត្ត​របស់​ឯង​ដែរ ។

ពី​ខ្ញុំ ម៉ាគើស » ។

បន្ទាប់​មក​គាត់​បាន​មូរ​ក្រដាស​នោះ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ទម្លាក់​វា​ចូល​ក្នុង​ធុង​របស់​ហាលីម ។ ហាលីម​បាន​ញញឹម ។ ម៉ាគើស​បាន​ទទួល​អារម្មណ៍​កក់ក្តៅ និង​រីករាយ​ក្នុង​ចិត្ត ។ គាត់​ចូលចិត្ត​ធ្វើ​ជា​អ្នក​បំពេញ​ធុង !