២០១៩
តើ​ខ្ញុំ​គួរ​តែ​បន្ត​អាន​ទៀត​ឬ ?
ខែ តុលា ឆ្នាំ ២០១៩


តើ​ខ្ញុំ​គួរ​តែ​បន្ត​អាន​ទៀត​ឬ ?

រូបភាព
Should I Keep Reading

ឆ្នាំ​មុន ខ្ញុំ​បាន​រើស​សៀវភៅ​នៅ​បណ្ណាល័យ​ដែល​សរសេរ​អំពី​ក្មេង​ស្រីម្នាក់​ចាប់ផ្តើម​សរសេរ​កំណត់ហេតុ​បណ្តាញ​មួយ ។ ខ្ញុំ​បាន​គិត​ថា វា​ជា​សៀវភៅ​ដ៏​រីករាយ​មួយ ដោយសារ​តួអង្គ​សំខាន់នោះគឺ​មាន​អាយុ​ស្របាល​នឹង​ខ្ញុំ ហើយ​ម្តាយ​ខ្ញុំ​ក៏​ជា​អ្នក​សរសេរ​កំណត់ហេតុ​បណ្តាញ​ដែរ ។ ដូច្នេះ​ខ្ញុំ​បាន​គិត​ថា វា​ជា​សៀវភៅ​ដែល​ខ្ញុំ​អាច​អាន​បាន ។

ខ្ញុំ​បាន​អាន​តែ​ពីរបី​ទំព័រ​ប៉ុណ្ណោះ ពេល​ក្មេង​ស្រី​នោះ​បាន​ប្រើ​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​អសារ​ឥត​ការ ។ ខ្ញុំ​គ្មាន​អារម្មណ៍​ល្អ​សោះ បន្ទាប់​ពី​ខ្ញុំ​បាន​អាន​ផ្នែកនោះ ។ ប៉ុន្តែ​ខ្ញុំ​បាន​បន្ត​អាន​ទៀត ដោយ​សង្ឃឹម​ថា វា​គ្រាន់តែ​កើត​ឡើង​តែ​ម្តង​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​អាន​ពីរបី​ទំព័រ​បន្ថែម​ទៀត ហើយ​នាង​នៅ​តែ​និយាយ​ពាក្យ​នោះ​ដដែរ ។

ខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំអំពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ។ ខ្ញុំ​ពុំ​ដឹងថា តើខ្ញុំ​គួរ​បន្ត​អាន​សៀវភៅ​នោះ​ទៀត​ឬ​ក៏អត់​ទេ ។ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា វា​ជា​ជម្រើស​របស់​ខ្ញុំ ។ ប៉ុន្តែ គាត់​បាន​យល់​ស្រប​ថា វា​ប្រហែល​ជា​មិនមែន​ជារឿង​ល្អ​ដើម្បី​បន្ត​អាន​ឡើយ ប្រសិនបើ​ក្មេង​ស្រី​នោះ​និយាយ​ពាក្យ​ដែល​យើង​ដឹង​ថា វា​ខុស​នោះ ។ ម្តាយ​ខ្ញុំ​និយាយ​ថា ជាពិសេស​វា​អត់​ល្អ​ទេ ប្រសិនបើ​នាង​បាន​ប្រើ​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​អសារ​ឥត​ការ​នោះ ។

ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​មើល​ថា តើ​មាន​ពាក្យ​នោះ​ច្រើនដែរឬ​ទេ ដូច្នេះ​ខ្ញុំ​បាន​បើក​មើល​ពេញ​សៀវភៅ​នោះ ។ ខ្ញុំ​បាន​ឃើញ​ថា ការយក​ព្រះនាម​ព្រះ​ជា​អសារ​ឥត​ការ​ គឺ​ជា​របៀប​ដែល​ក្មេង​ស្រី​នោះ​និយាយ​ជារឿយៗ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​យកសៀវភៅនោះ​ទៅ​បណ្ណាល័យ​វិញ ដោយ​មិន​បន្ត​អាន​វា​ទៀត​ទេ ។

ខ្ញុំ​សោកស្តាយ​ដែល​អ្នក​និពន្ធ​សៀវភៅ​នេះ​បាន​ប្រើ​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​អសារ​ឥត​ការ ។ បន្ទាប់​ពី​ខ្ញុំ​បាន​យក​សៀវភៅ​នោះ​ទៅ​បណ្ណាល័យ​វិញ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ថា ខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​ត្រឹមត្រូវ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​តាម « បទដ្ឋាន​ដំណឹងល្អ​របស់​ខ្ញុំ » ដកស្រង់​មក​ពី​សៀវភៅ សេចក្ដី​ជំនឿ​លើ​ព្រះ ដែល​ចែង​ថា « ខ្ញុំ​នឹង​អាន ហើយ​មើល​តែ​អ្វី​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះវរបិតាសួគ៌​តែ​ប៉ុណ្ណោះ » ។ ខ្ញុំ​ដឹង​ថា យើង​ត្រូវ​ប្រើ​ព្រះនាម​របស់ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​គារវភាព និង​គោរព​ជានិច្ច ។