២០១៩
ពី​អ្នក​សម្លុត​គំរាម​ទៅ​ទទួល​បុណ្យ​ជ្រមុជទឹក
ខែ តុលា ឆ្នាំ ២០១៩


ពីអ្នក​សម្លុត​គំរាម​ទៅ​ទទួល​បុណ្យ​ជ្រមុជទឹក

មិត្តភាព និង​គំរូ​សុចរិត​របស់​អ្នក​នឹង​ផ្តល់​ពរ​ដល់​មិត្ត​ភក្តិ​របស់​អ្នក និង​ជំនាន់​ក្រោយៗ​ទៀត ។

រូបភាព
young men tempting Hugo to smoke

រចនារូបភាព​ដោយ ប្រូក ស្មាត

កាល​ខ្ញុំ​អាយុ ១៧ ឆ្នាំ ខ្ញុំ​បាន​ជួប​នឹង​សម្ពាធដ៏​ធ្ងន់ធ្ងរ​ពី​មិត្តភក្តិ​នៅ​វិទ្យាល័យ​ខ្ញុំ ។ ជា​មិត្តភក្ដិ​ដែល​ពុំ​ទទួល​យក​តម្លៃ​​ដូច​ខ្ញុំ​ទេ ។ មិត្តភក្ដិ​ខ្ញុំ និង​ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​សមរម្យ​ជា​ច្រើន​ជាមួយ​គ្នា ដូចជា​លេង​បាល់​បោះ ឬ​បាល់​ឱប ។ ប៉ុន្តែ​ពួកគេ​ក៏​ផឹក​ស្រា និង​ជក់​បារី​ផងដែរ—ជា​សកម្មភាព​ពីរដែល​ខ្ញុំ​មិន​ធ្វើ​ជាមួយ​ពួកគេ ។

ថ្ងៃ​មួយ ពួក​យើង​មួយ​ក្រុមបាន​នៅ​ក្រៅ​សាលា​រៀន​ដើម្បី​សិក្សា​សម្រាប់​ការប្រឡង​មួយ ដែល​យើង​នឹង​ប្រឡង​នៅ​ពេល​ក្រោយ​ទៀត​នៅ​ថ្ងៃ​ដដែល​នោះ ។ នៅជាមួយ​មាន​មិត្តភក្តិ​ជិត​ស្និទ្ធ​ខ្ញុំ​ពីរ​នាក់​ឈ្មោះ​ហួន និង​ហ្វ្រាន់​ស៊ីស្កូ ( ឈ្មោះ​ត្រូវបាន​ប្តូរ ) ។ នៅ​គ្រា​នោះ មាន​ពួកគេ​ម្នាក់​មាន​ដែក​កេះ និង​បារី ។ ខ្ញុំ​បាន​គិត​ថា មិត្តភក្ដិ​ខ្ញុំ​បាន​ធុញ​នឹង​ការសិក្សា ហើយ​បាន​ភ្លេច​ថា ខ្ញុំ​កំពុង​នៅជាមួយ​ពួកគេ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំបានយល់​ខុស ពេល​ពួកគេ​បាន​ងាក​មក​រក​ខ្ញុំ ហើយ​និយាយ​ថា « ឥឡូវ​នេះ​ដល់​ពេល​ដែលហ៊ូហ្គូ​ត្រូវ​រៀន​ជក់​បារី​ហើយ » ។

ពីមុន​ពេល​ដែល​ខ្ញុំ​មាន​ឱកាស​ដើម្បី​តប​វិញ ហួន និង​ហ្វ្រាន់​ស៊ី​ស្កូ​ បាន​លោត​មក​រក​ខ្ញុំ ហើយ​ចាប់​ដៃ​ខ្ញុំ​ម្ខាង​ម្នាក់ ។ ពួកគេ​បាន​ទាញ​ដៃ​ខ្ញុំ​ចុះ​ក្រោម ពេល​ម្នាក់​ទៀត​បាន​ញ៉ុក​បារី​ចូល​ក្នុង​មាត់​ខ្ញុំ ។ រំពិច​នោះ ខ្លួន​ប្រាណ​របស់​ខ្ញុំ​បាន​មាន​ប្រតិកម្ម​នឹង​វា ហើយ​ខ្ញុំ​បាន​ស្តោះ​បារី​​នោះ​ទៅ​លើ​ដី​​​ឆ្ងាយ​ពី​ខ្ញុំ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គេ​បាន​ច្របាច់​មាត់​ខ្ញុំ​ម្តង​ទៀត ។ ពួកគេ​គំរាម​ខ្ញុំ​ដោយ​និយាយ​ថា « យើង​នឹង​អុច​បារី​ម្តង​ទៀត ហើយ​ឯង​ត្រូវ​តែ​រៀន​ជក់​បារី​នេះ ។ កុំ​ខ្ជាក់​វា​ចោល​ទៅលើ​ដី​ទៀត ។ បើ​ឯង​ខ្ជាក់​វា​ចោល​ទៀត ឯង​នឹង​មាន​រឿង​ហើយ » ។

នៅ​គ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​មាន​បញ្ហា​ហើយ ។ ខ្ញុំ​បាន​បិទ​ភ្នែក ហើយ​អធិស្ឋាន​ខ្លី​មួយ​ទូល​សូម​​ជំនួយ​ពី​ព្រះ ។ ពេល​ខ្ញុំ​បញ្ចប់​ការអធិស្ឋាន​ភ្លាម ឡាន​គ្រូបង្រៀន​របស់​យើង​បាន​ចេញ​មក ហើយ​ចត​នៅ​ក្បែរ​យើង ។ គ្រូ​បង្រៀន​របស់​យើង​បាន​ដើរ​ចេញ​មក​ពី​ឡាន ហើយ​សួរ​ថា តើ​យើង​កំពុង​ធ្វើ​អ្វី ។ មិត្ត​របស់​ខ្ញុំ​បាន​លែង​ខ្ញុំ ។ ពួកគេ​បាន​ឆ្លើយ​ថា « យើង​កំពុង​រៀន​ដើម្បី​ត្រៀម​ប្រឡង » ។ យើង​បាន​ទៅ​ក្នុង​សាលា ហើយ​ប្រឡង ហើយ​ព្រឹត្តិការណ៍​នោះ​បាន​បញ្ចប់​ទៅ ។

ទោះបី​ជា​មាន​បទពិសោធន៍​ពិបាក​យ៉ាង​ណា​ក្តី ខ្ញុំ​បាន​អភ័យទោស​ដល់មិត្ត​ខ្ញុំ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ។ ខ្ញុំ​បាន​ដឹង​ថា ពួកគេ​ពុំ​យល់​ពី​បទដ្ឋាន និង​ការសម្រេច​ចិត្តរបស់​ខ្ញុំ ដើម្បី​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ដូច្នេះ​ខ្ញុំ​បាន​អភ័យទោស​ពួកគេ ហើយ​ជ្រើស​មិន​មាន​អារម្មណ៍​មិន​ល្អ​លើ​ពួកគេ​ឡើយ ។ ពេល​យើង​រៀន​ចប់ ខ្ញុំ​បាន​ចេញ​បម្រើ​បេសកកម្ម ប៉ុន្តែ​បាន​បន្ត​ទាក់ទង​ហួន និង​ហ្វ្រាន់​ស៊ីស្កូ ។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​ពួកគេ​ជារឿយៗ ដោយ​ចែកចាយ​ជាមួយ​ពួកគេ​អំពី​ដំណឹងល្អ និង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ចូលរួម​សាសនាចក្រ ។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ទៅ​ព្រះវិហារ ។

ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ខ្ញុំ​ទៅ​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ជា​ច្រើន​លើក​ពីមុនមក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ទទួល​យក​ការអញ្ជើញ​ឡើយ​រហូត​មក​ដល់​ពេល​នេះ ។ ទោះបីជា​ខ្ញុំ​ពុំ​អាច​ចូលរួម​ព្រះវិហារ​ជាមួយ​ហួន​ក្តី បងប្រុស និង​ឪពុក​ខ្ញុំ​បាន​នៅ​ទីនោះ​ដើម្បី​ជួយ​គាត់ ហើយ​ស្វាគមន៍​គាត់ ។ គ្រួសារ​ខ្ញុំ​បាន​ទទួល​គាត់ ហើយ​ហួន​មាន​អារម្មណ៍​ផាសុកភាព​នៅ​ព្រះវិហារ ។ គាត់​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ រហូត​ដល់​គាត់​បាន​សម្រេច​ចិត្តទទួល​បុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​រំភើប​ចិត្ត​ណាស់​ចំពោះ​គាត់ ហើយ​កាន់តែ​រំភើប​ចិត្ត​ថែម​ទៀត ពេល​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​រៀន​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ដោយសារសំបុត្រ​របស់ខ្ញុំ ។ ពេល​ខ្ញុំ​ត្រឡប់​ពី​បេសកកម្ម​វិញ ខ្ញុំ​ក៏​បាន​បន្ត​ទាក់​ទង​ជិតស្និទ្ធ​ជាមួយ​ហ្វ្រាន់ស៊ីស្កូ​ដែរ ហើយ​ពេល​ក្រោយ​មក គាត់ និង​ភរិយា​គាត់​ក៏​បាន​ជ្រមុជទឹក​ផងដែរ ។ បច្ចុប្បន្ន​នេះ ហួន និង​ហ្វ្រាន់​ស៊ីស្កូ គឺនៅ​តែ​ជា​មិត្ត​ពីរ​នាក់​ដ៏​ជិតស្និទ្ធ​នឹង​ខ្ញុំ ។

ព្រឹត្តិការណ៍​នេះ​បាន​ដក់​ជាប់​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ថា របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ដទៃ​នោះ​គឺ រស់នៅ​ដោយ​សុចរិត ស្រឡាញ់​មនុស្ស​ដទៃ ហើយ​ឈោង​ទៅ​ជួយ​ពួកគេ ។ សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ចែង​ថា « ដើម្បី​មាន​មិត្តភក្តិ​ល្អ ចូរ​ធ្វើ​ជា​មិត្ត​ល្អ ។ ចូរ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដ៏​ពិតប្រាកដ​ទៅ​ដល់​អ្នក​ដទៃ​ទៀត ចូរ​ញញឹម និង​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា​អ្នក​ខ្វល់ខ្វាយ​ពី​ពួកគេ » ។ នេះ​ជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រព្រឹត្ត​ជាមួយ​ហួន និង​ហ្វ្រាន់​ស៊ីស្កូ ។ ដោយសារ​រឿង​នេះ ខ្ញុំ​មាន​មិត្ត​ភក្តិ​ដ៏​អស្ចារ្យ​ពីរ​នាក់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ហើយ​ឥឡូវ​នេះ យើង​កំពុង​ធ្វើ​ការជាមួយ​គ្នា​ដើម្បី​ជួយ​ជួយ​ជ្រោមជ្រែង​នគរ​ព្រះ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ។

ចូរ​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​របស់​សាសនាចក្រ​ជានិច្ច ទោះ​បី​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​ដូច​ស្ថានភាព​ដែល​ខ្ញុំ​មាន​ផងដែរ ។ ដើម្បី​កម្លាំង​នៃ​យុវជន បង្គាប់​ថា « នៅពេល​ដែល​អ្នក​ព្យាយាម​ធ្វើជា​មិត្ត​នឹង​អ្នក​ដទៃ ចូរ​កុំ​បន្ទាប​បទដ្ឋាន​របស់អ្នកឡើយ ។ ប្រសិនបើ មិត្តភក្តិ​របស់​អ្នក​ទទូច​ឲ្យ​អ្នក​ធ្វើ​នូវ​អ្វី​ដែល​ខុស​ឆ្គង ចូរ​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​ក្រោក​ឈរ​ឡើង​សម្រាប់​ភាព​ត្រឹមត្រូវ ទោះបីជា​អ្នក​ត្រូវ​ឈរ​តែ​ម្នាក់​ឯង​ក៏​ដោយ » ។ ទោះបី​ជា​នរណា​ម្នាក់​ទៀត​កំពុង​ធ្វើ​អ្វី​មួយ​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​ក្តី សូម​បន្ត​រឹងប៉ឹង ដោយសារ​គំរូ​របស់​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ។ សូម​ធ្វើ​ជា​គំរូ​មួយ​ប្រភេទ​ដែល​មិត្ត​របស់​អ្នក​អាច​គិត​ដល់ អំឡុងគ្រា​ដែល​ពួកគេ​ត្រូវការ ។ នៅក្នុង​ករណី​ដូច​ខ្ញុំ មិត្តភាព​របស់​អ្នក​អាច​ជា​អ្វី​មួយ​ដែល​ជួយ​ពួកគេ​ឲ្យ​រៀន ប្រែចិត្ត ហើយ​ប្រែចិត្ត​ជឿ ។

កំណត់​ចំណាំ

  1. ​ដើម្បី​កម្លាំង​នៃ​យុវជន​ ( ឆ្នាំ ២០១១ ) ទំព័រ ១៦ ។

  2. ដើម្បីកម្លាំង​នៃ​យុវជន ទំព័រ ១៦ ។