២០១៩
ពុំ​ខ្លាច​ដើម្បី​ចែកចាយ​សេចក្ដី​ពិត
ខែ តុលា ឆ្នាំ ២០១៩


ពុំ​ខ្លាច ដើម្បី​ចែកចាយ​សេចក្ដី​ពិត

ដោយ​បាន​ប្រដាប់​ជាមួយ​នឹង​ទីបន្ទាល់ និង​ពរជ័យ​នៃ​ដំណឹងល្អ ហ្វាប៊ៀន​ពុំ​បាន​ទុក​ឲ្យ​ភាពវ័យ​ក្មេង​របស់​គាត់​បញ្ឈប់​គាត់​ពី​ការធ្វើ​ជា​សមាជិក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ឥទ្ធិពល និង​មិន​ភ័យ​ខ្លាច​ម្នាក់ ។

រូបភាព
Fabian with missionaries

ព្រះអាទិត្យ​បាន​ចាប់ផ្តើម​រះ​នៅ​ ឡាស តូម៉ាស ជា​ភូមិ​មួយ​ដែល​មាន​ទីតាំង​នៅ​លើ​វាល​ខ្សាច់​នៅ​ទីក្រុង​អែនតូហ្វាហ្គាស្តា ។​ ខាង​ក្រោម​នេះ ពន្លឺ​ភ្លើង​បាន​ចាប់ផ្តើម​បំភ្លឺ​ឡើង ពេល​ព្រះអាទិត្យ​រៀបលិច​នៅ​ផែ​នៃ​ទីក្រុង​ក្នុង​ប្រទេស​ឈីលី​ភាគ​ខាង​ជើង ។

វា​ជា​យប់​ថ្ងៃ​សៅរ៍ ហើយ ហ្វាប៊ៀន អេច ដែល​មាន​អាយុ ១៣ ឆ្នាំ អាច​រត់​លេង​ជាមួយ​មិត្តភក្តិ​របស់​គាត់ ។ ប៉ុន្តែ​ហ្វាប៊ៀន​ដែល​ជាសមាជិក​ថ្មី​នៅ​ព្រះវិហារ​បាន​ជ្រើស​ចំណាយ​ពេល​ល្ងាចនៅ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​វិញ ។ វា​ដល់​ពេល « ដើម្បី​ជួយ​ប្រមូល​ផ្តុំ​ពួក​សាសន៍​អ៊ីស្រាអែល​ហើយ » ។

ក្នុង​ចំណោម​សមាជិក​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ដែល ខេលិន វ៉ានណាធើរ និង យ័រដាន់ ស្សែតុន បាន​ធ្វើ​ការ​ជាមួយ​អំឡុងពេល​បេសកកម្ម​ពេញ​ម៉ោង​របស់​ពួកគេ​នៅ​ប្រទេស​ឈីលី នោះ​ហ្វាប៊ៀន​គឺ​លេច​ធ្លោរ​ជាង​គេ ។

ខេលិន​និយាយ​ថា « ប្រសិនបើ​គាត់​មាន​ពេល​ទំនេរ គាត់​ទៅ​ជាមួយ​ពួកយើង​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ពេល​វិស្សមកាល​រដូវ​ក្តៅ​ចប់ គាត់​កើត​ទុក្ខ មិនមែន​ដោយសារ​គាត់​ត្រូវ​ត្រឡប់​ទៅ​រៀន​វិញនោះ​ទេ តែ​ដោយសារ​គាត់ គ្មាន​ពេល​ច្រើន​ដើម្បី​ទៅ​ជាមួយ​យើង » ។

យ័រ​ដាន់​ដែល​បាន​ចំណាយ​ពេល​ច្រើន​ខែ​ធ្វើ​ជា​ដៃគូ​របស់​ខេលិន​បន្ថែម​ថា « ហ្វាប៊ៀនទៅ​បង្រៀន​ជាមួយ​យើង​បួន ឬ​ប្រាំដង​ក្នុង​មួយ​សប្តាហ៍—​រៀងរាល់​សប្តាហ៍—ពេល​យើង​បម្រើ​ជាមួយ​គ្នា​នៅ​អែនតូហ្វាហ្គាស្តា ។ គាត់គឺ​ជា​សមាជិក​ផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​បំផុត​ដែល​យើង​ធ្លាប់​ធ្វើ​ការជាមួយ » ។

តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​យុវជន​នេះ​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ទោះបី​មិត្ត​រួម​ថ្នាក់​មើល​ងាយ​គាត់ ហើយ​មនុស្ស​ដទៃ​ប្រើ​សម្តី​ទ្រគោះ​បោះបោក​ដាក់​គាត់​ដូច្នោះ ? សម្រាប់​ហ្វាប៊ៀន ចម្លើយ​នោះ​គឺ​មាន​នៅក្នុង​ពរជ័យ​ដែល​គាត់ និង​គ្រួសារ​គាត់​បាន​ទទួល ចាប់តាំង​ពី​បាន​ទទួល​យក​ដំណឹងល្អ​—ជាពរជ័យ​ដែល​គាត់​ចង់​ចែកចាយ​ជាមួយ​មនុស្ស​ដទៃ ។

រូបភាព
Fabian teaching with missionaries

« អំណរ​ដែល​មិន​អាច​ពន្យល់​បាន »

ហ្វាប៊ៀន​បាន​ចាប់ផ្តើម​រៀន​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​ភ្លាម បន្ទាប់​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​បាន​មក​គោះ​ទ្វារ​ផ្ទះ​គាត់ ។ គាត់​នៅ​តែ​ចាំ​ការប្រជុំ​សាក្រាម៉ង់​ដំបូង​របស់​គាត់ ។

គាត់​និយាយ​ថា « ខ្ញុំ​អត់​ស្គាល់​នរណា​ទេ ពេល​ខ្ញុំ​ដើរ​ចូល​ក្នុង​សាលា​ជំនុំ​នោះ ដូច្នេះ​ខ្ញុំ​រាង​ភ័យ​បន្តិច ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យអ្វី​ម៉្លេះ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​នៅ​ក្នុង​សាសនាចក្រ​នេះ​អស់​រយៈពេល​រាប់​ខែ ឬ​រាប់​ឆ្នាំ​អញ្ចឹង » ។

អំឡុងពេល​ពីរបី​សប្តាហ៍​បន្ទាប់​ពី​បុណ្យ​ជ្រមុជទឹក​របស់​គាត់​មក គាត់​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​នៃ​អំណរ​ដែល​ពុំ​អាច​ពន្យល់​បាន ពេល​ជ្រមុជ​ចូល​ក្នុង​ទឹក ហើយងើប​ចេញ​ពីទឹក​ឡើង​មក​វិញ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​មនុស្ស​ថ្មី​ម្នាក់ ដោយដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខិតខំ​អស់ពី​សមត្ថភាព​ខ្ញុំ​ដើម្បី​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ » ។

ក្នុង​នាម​ជាឪពុក​ម្តាយ​របស់​ហ្វាប៊ៀន​ដែល​ពុំ​បាន​រៀបការ លេអូណាដូ និង អែនជែលឡា បាន​ចូលរួម​អំឡុងពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ហ្វាប៊ៀន ពួកគេ​បាន​រៀន​អំពី​អាពាហ៍ពិពាហ៍​ព្រះវិហារ​បរិសុទ្ធ និង​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។ ហ្វាប៊ៀន​និយាយ​ថា « មួយ​សប្តាហ៍​ក្រោយ​មក ឪពុក​ខ្ញុំ​បាន​កំណត់​ថ្ងៃ​រៀប​ការ ។ ម្តាយ​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ » ។

បួន​ខែ​បន្ទាប់​ពី​ហ្វាប៊ៀន​បាន​ចូល​ជា​សមាជិក​សាសនាចក្រ អែនជែលឡា​បាន​ដើរ​តា​ម​គាត់​ចូល​ទៅ​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជទឹក ។ គាត់​និយាយថា « នោះ​គឺជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ » ។

ពរជ័យ​ផ្សេង​ទៀត​បាន​កើត​មាន​ភ្លាមៗ ។ លេអូណាដូ​ដែល​បាន​ជ្រមុជទឹក​តាំង​ពី​គាត់​នៅ​តូច បាន​ត្រឡប់​មក​សកម្ម​ក្នុង​សាសនាចក្រ​វិញ ។ ការសិក្សា​ដំណឹងល្អ​បាន​ក្លាយ​ជា​សកម្មភាព​ចាំបាច់​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ សមាជិក​គ្រួសារ​បាន​មាន​ភាព​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង ។ លេអូណាដូ​បាន​រក​ឃើញ​ការងារ​មួយ​ដែល​មាន​លំនឹង ។ ហ្វាប៊ៀន​បាន​ទទួល​បព្វជិតភាព​អើរ៉ុន ។

ហ្វាប៊ៀន​និយាយ​ថា « ខ្ញុំ​ចូលចិត្ត​ការកាន់​បព្វជិតភាព​ណាស់ ដូច្នេះ​ខ្ញុំ​អាច​ចែក​សាក្រាម៉ង់​ដល់​សមាជិក​ក្នុង​វួដ ហើយ​ជួយ​ពួកគេ​រំឭក​សេចក្តីសញ្ញា​របស់​ពួកគេ ។ ជាពិសេស​ខ្ញុំ​រីករាយ​ពេល​ខ្ញុំ​បាន​ចែក​វា​ទៅ​ឲ្យ​គ្រួសារ​ខ្ញុំ និង​ចែក​ទៅ​អែលឌើរ​ដែល​បាន​បង្រៀន​ខ្ញុំ ។ ឪពុក​ខ្ញុំ​មើល​មក​ខ្ញុំ​ដោយ​ការមោទនភាព ពេល​គាត់​ឃើញ​ខ្ញុំចែក​សាក្រាម៉ង់ វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ » ។

រូបភាព
Fabian with missionaries talking to a young man

« វា​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ »

ហ្វាប៊ៀន​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​នៃ​ការផ្សព្វផ្សាយ​សាសនា ពីមុន​គាត់​បាន​ជ្រមុជទឹក ។

គាត់​និយាយ​ថា « ខ្ញុំ​បាន​ប្រាប់​មិត្តភក្តិ​ខ្ញុំ​បី​នាក់ថា ខ្ញុំ​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។ ពួកគេ​ពីរ​នាក់​បាន​មក​ចូលរួម ។ ខ្ញុំ​ចូលចិត្ត​ចែក​ចាយ​ដំណឹងល្អ ដូច្នេះ​មិត្តភក្តិ​ខ្ញុំ​យល់​ពី​អ្វី​ដែល​យើង​ជឿ និង​អ្វី​ដែល​យើង​ធ្វើ​នៅ​ព្រះវិហារ ដូច្នេះ​ពួកគេ​អាច​រៀន​ពី​ដំណឹងល្អ ទទួលបុណ្យ​ជ្រមុជទឹក ហើយ​ដឹកនាំ​ទៅ​រក​ជីវិត​រីករាយ ។ ខ្ញុំសប្បាយ​ចិត្ត​ណាស់ ប្រសិនបើ​ពួកគេ​ណា​ម្នាក់​ជ្រមុជទឹក ហើយ​ក្លាយ​ជា​សមាជិក​ក្នុង​កូរ៉ុម​របស់​ខ្ញុំ ។ វា​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ » ។

ហ្វាប៊ៀន​បាន​ទុក​ព្រះគម្ពីរ​មរមន​ជាមួយ​គាត់​នៅ​សាលា​រៀន ហើយ​គាត់​បាន​យក​កូន​សៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ចែក​មិត្តភក្តិ​របស់គាត់ ។ គាត់​សប្បាយ​ចិត្ត​ក្នុង​ការ​ឆ្លើយ​សំណួរ​អំពី​សាសនាចក្រ ហើយ​អញ្ជើញ​មិត្ត​គាត់​ឲ្យ​ទៅ​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ និង​សកម្មភាព​យុវវ័យ​នា​ពេល​យប់ ។ ហើយ​គាត់​ពុំ​ខ្លាច​នឹង​ទៅ​ជួប​មនុស្ស​នៅ​តាម​ផ្លូវ​នៅពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​គាត់ ហើយ​គាត់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​រៀន​អំពី​សាសនាចក្រ និង​រៀបចំ​ខ្លួន​សម្រាប់​បុណ្យ​ជ្រមុជទឹក ។

ខេលិន​និយាយ​ថា « ហ្វាប៊ៀន​ពុំ​ខ្វល់​ថា គេ​ថា​គាត់​ជា​មនុស្ស​ចម្លែក​ដោយសារ​តែ​គាត់​ចែកចាយ​ទីបន្ទាល់​របស់​គាត់​ទេ ។ គាត់​ដឹង​ថា គាត់​កំពុង​ធ្វើ​កិច្ចការ​ត្រឹមត្រូវ ។ គាត់​ដឹង​ថា កិច្ចការ​ខាង​វិញ្ញាណ​មាន​សារៈសំខាន់​ជាង​អ្វីៗ​ផ្សេង​ទៀត​ទាំងអស់ » ។

ពេលហ្វាប៊ៀន​ចែកចាយ​ទីបន្ទាល់​របស់​គាត់ យ័រដាន់​និយាយ​ថា គាត់​ទាញ​យក​អំណាច​ពី​ការប្រែចិត្ត​ជឿ​ សេចក្ដី​ស្រឡាញ់​ចំពោះ​ដំណឹងល្អ និង​ពរជ័យ​របស់​គាត់ ។

យ័រដាន់​និយាយ​ថា « គាត់​បាន​ឃើញ​ពរជ័យ​ដែល​កើត​មាន​ដល់​គ្រួសារ​គាត់ ជា​អ្វី​ដែល​បំផុសគំនិត​គាត់​ឲ្យ​មាន​ភាព​ក្លាហាន ហើយ​មាន​ភាព​ស្មោះត្រង់​ក្នុងការ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្ត​របស់​គាត់ ។ ពេល​គាត់​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​សាសនាគន់ការី​ម្នាក់​អំពី​អ្វី​ដែល​ជា​ពរជ័យ​ធំ​សម្រាប់​ឪពុក​ម្តាយ​របស់​គាត់​នោះ​គឺ​ការរៀបការ ប៉ុន្តែ​វា​មាន​ការលំបាក​ចំពោះ​គាត់​ដែល​ត្រូវ​រង់ចាំ​បួន​ខែ បន្ទាប់​ពី​គាត់​ជ្រមុជទឹក​ហើយ ដើម្បី​ឲ្យ​ម្តាយ​គាត់​ជ្រមុជទឹក ។ គាត់​បាន​រំជួល​ចិត្ត​ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​យំ ។ ក្រោយ​មក​គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា ប្រសិនបើ​យើង​គោរព​តាម​បទបញ្ញត្តិ ព្រះ​នឹង​មើល​ថែ​យើង » ។

ខេលិន​បន្ថែម​ថា ទីបន្ទាល់​របស់​ហ្វាប៊ៀន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​សមាជិក​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏​មាន​ឥទ្ធិពល ។

« គាត់​ពុំ​និយាយ​អ្វី​ដូច​ជា ‹ អូ៎ ខ្ញុំ​បាន​ស្តាប់​ឮ​គេ​និយាយ​រឿង​នេះ​នៅ​ព្រះវិហារ › ទេ ។ ផ្ទុយទៅវិញ គាត់​តែងតែ​ចែកចាយ​បទពិសោធន៍ ផ្ទាល់ ខ្លួន​របស់​គាត់—ដូចជា​អារម្មណ៍​ដែល​គាត់​មាន ពេល​គាត់​ទៅ​ព្រះវិហារ​លើក​ដំបូង និង​អារម្មណ៍ពេល​គាត់​អាន​ព្រះគម្ពីរ​មរមន​ជាដើម ។ អារម្មណ៍​ទាំង​នោះ​ពិត​ប្រាកដ និង​ច្បាស់លាស់​ណាស់ » ។

« ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ជានិច្ច »

ចំពោះ​ហ្វាប៊ៀន​ការចែកចាយ​ដំណឹង​ល្អ​នាំ​មក​នូវ​ពរជ័យ​មួយ​ផ្សេង​ទៀត ។

គាត់​និយាយ​ថា « ជួនកាល​រឿង​អាក្រក់​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​សាលា​រៀន ប៉ុន្តែ​ក្រោ​យ​មក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​គោះ​ទ្វារ​ផ្ទះ​ខ្ញុំ ហើយ​សួរ ប្រសិនបើ​ខ្ញុំ​មាន​ចិត្ត​ចង់​ទៅ​ជួយ​ពួកគេ​បង្រៀន ។ បន្ទាប់​ពី​ទៅ​បង្រៀន​ជាមួយ​ពួកគេ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ។ ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង​ជា​និច្ច ពេល​ខ្ញុំ​ចេញ​ទៅបង្រៀន​ជាមួយ​ពួកគេ អាន​ព្រះគម្ពីរ​ជាមួយ​ពួកគេ និង​ជួយ​ពួកគេ​ចែកចាយ​ដំណឹងល្អ ។ ការចែកចាយ​ដំណឹង​ល្អ និង​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ​ពង្រឹង​ទី​បន្ទាល់​របស់ខ្ញុំ ។ ហើយ​ការបង្រៀន​ដំណឹងល្អ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ដទៃ រួមទាំង​ប្អូន​ស្រី​ខ្ញុំ​ផងដែរ » ។

វា​មិន​គួរ​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ដែល​គោលបំណង​ដ៏​ធំ​បំផុត​មួយរបស់​ហ្វាប៊ៀន​គឺ ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង បន្ទាប់​ពី​គាត់​រៀន​ចប់​វិទ្យាល័យ ។

គាត់​និយាយ​ថា « ខ្ញុំ​ចង់​ចែកចាយ​សេចក្តីពិត​នេះ​ជាមួយ​អ្នក​ដែល​ពុំ​ដឹង​ពី​វា ។ ខ្ញុំ​ចង់​អញ្ជើញ​ពួកគេ​ឲ្យ​លាង​ជម្រះ​អំពើ​បាប​របស់​ពួកគេ ។ ខ្ញុំ​ចង់​បង្រៀន​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​អាច​ក្លាយ​ជា​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ចង់​អញ្ជើញ​ពួកគេ​ឲ្យ​រីករាយ​ក្នុង​ពេល​នេះ ហើយ​រស់នៅ​ក្នុង​ស្ថានភាព​មួយ​នៃ​សុភមង្គល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ បន្ទាប់​ពី​ជីវិត​នេះ » ។

កំណត់​ចំណាំ

  1. សូមមើល​ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។