២០១៩
វិលសុន ឌី ផល្លា—ទីក្រុង សាន់ ហូសេ ប្រទេស​អ៊ុយរូហ្គាយ
ខែ តុលា ឆ្នាំ ២០១៩


ការបង្ហាញ​អំពី​សេចក្តីជំនឿ​

វិលសុន ឌី ផល្លា

ទីក្រុង សាន់ ហូសេ ប្រទេស​អ៊ុយរូហ្គាយ

រូបភាព
Wilson and his daughter sitting at home

គ្រោះថ្នាក់​ចរាចរណ៍ដោយ​ម៉ូតូ​មួយ​បាន​បន្សល់​ទុក​ឲ្យ​វិលសុន​ពិការ ។ មួយ​ឆ្នាំ​ក្រោយ​មក ភរិយា​របស់​គាត់​បាន​ស្លាប់ ។ ជា​កម្លោះ​ពោះម៉ាយ​ដែល​មាន​កូន​ស្រី​តូច​ពី​រនាក់ វិលសុន​ពុំ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះទេ ។ គាត់​ពុំបាន​ដឹង​ថា តើ​មាន​គោលបំណង​អ្វី​នៅ​ក្នុង​ជីវិត​នេះ​ទេ ។ វិលសុន​អាច​មាន​ភាព​ជូរចត់ ។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ចាប់ផ្តើម​ស្វែងរក​សេចក្តីពិត ។

ខូឌី ប៊ែល ជាង​ថត​រូប

បន្ទាប់​ពី​ខ្ញុំ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ ហើយ​ប្រពន្ធ​ខ្ញុំ​បាន​ស្លាប់​ទៅ នោះ​ខ្ញុំ​នៅមាន​កូនស្រី​តូច​ពីនាក់​ដើម្បី​ចិញ្ចឹម ។​ ខ្ញុំ​ពិតជា​ពុំ​ដឹង​ថា តើ​ខ្ញុំ​នឹង​ចិញ្ចឹម​កូន​ស្រី​របស់​ខ្ញុំ​ទាំង​ខ្លួន​ពិការ​នៅលើ​រទេះ​រុញ​បែប​នេះ​ដោយ​របៀប​ណា​នោះទេ ។ គ្រោះថ្នាក់​នេះ​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​ទាំងស្រុង ។

ខ្ញុំ​មាន​ចម្ងល់​ជា​ច្រើន ។ ហេតុអ្វី​រឿង​អាក្រក់​បាន​កើត​ឡើង ? ខ្ញុំ​បាន​ព្យាយាម​ធ្វើ​រឿង​ត្រឹមត្រូវ​រហូត​មក ហើយ​ភរិយា​ខ្ញុំ​បាន​ស្លាប់​ចោល​ខ្ញុំ ហើយ​ខ្ញុំ​ធ្លាក់​ខ្លួន​ពិការ​នៅលើ​រទេះ​រុញ ក្រោយ​មក​ទៀត​វេជ្ជបណ្ឌិត​ត្រូវ​វះកាត់​ក្បាល​កូនស្រី​របស់​ខ្ញុំ​ដើម្បី​ដក​យក​ដុំ​សាច់​ចេញ ។ ខ្ញុំ​បាន​ចាប់ផ្តើម​គិត​ថា គ្មាន​គោលបំណង​អ្វី​ឡើយ​នៅ​ក្នុង​ជីវិត​នេះ ។

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ស្វែងរក​ក្ដីពិត ។ ខ្ញុំ​បាន​រៀន​ពី​សាសនា​ជា​ច្រើន ហើយ​ខ្ញុំ​បាន​រកឃើញ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា សាសនាចក្រ​នេះ​ពិត ។

ខ្ញុំ​បាន​រៀន​ថា មាន​ជីវិត​មួយ​បន្ទាប់​ពី​ជីវិត​នេះ ហើយ​ពេល​យើង​ស្លាប់​ទៅ យើង​អាច​នៅជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​យើង​បាន ។ រឿង​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ ដោយសារ​ខ្ញុំ​បាន​រស់នៅ​យ៉ាង​រីករាយ​អស់ពេល ១០ ឆ្នាំ​ជាមួយ​ភរិយា​ខ្ញុំ ។

ការរកឃើញ​ដំណឹងល្អ​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ​ក្នុង​គ្រប់​ផ្នែក​ទាំងអស់ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​ភាព​សុខសាន្ត​ក្នុង​ចិត្ត និង​ភាពសុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ ។ សុភមង្គល​បាន​ចូល​មក​ក្នុង​គ្រួសារ​ខ្ញុំ ពេល​យើង​បាន​ទៅ​ព្រះវិហារ​រៀងរាល់​ថ្ងៃ​អាទិត្យ ។ យើង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ត្រូវបាន​ពង្រឹង ។ ពួកយើង​បាន​ជ្រមុជ​ទឹក ហើយ​ទីបំផុត​បាន​ផ្សារភ្ជាប់​សម្រាប់​ភាពអស់​កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាហ្សង់ទីន ។

ឥឡូវនេះ ខ្ញុំ​បន្ត​ឆ្ពោះ​ទៅមុខ​នៅ​ក្នុង​ព្រះវិហារ ។ ខ្ញុំ​ធ្លាប់​បាន​បម្រើ​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព ហើយ​ខ្ញុំ​ព្យាយាម​រៀន​ពី​បទពិសោធន៍​ទាំងអស់​របស់​ខ្ញុំ ពី​ការសាកល្បង​ទាំងអស់​នៃ​ជីវិត​របស់​ខ្ញុំ ។ ការណ៍​នេះ​ផ្តល់​ភាព​រឹងមាំ​ដល់​ខ្ញុំ ។ ដោយសារ​ខ្ញុំ​អង្គុយ​នៅលើ​រទេះរុញ​អស់​រយៈពេល​ច្រើន​ជាង ២០ ឆ្នាំ នោះ​ខ្ញុំ​បាន​រៀន​ថា សុភមង្គល​កើត​ចេញ​មក​ពី​ក្នុង​ចិត្ត ។ បុគ្គល​ម្នាក់​រៀន​កាន់តែ​ច្រើន​ជា​រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​រឿង​នោះ ។

ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា មាន​គោលបំណង​មួយ​សម្រាប់​ការ​មក​នៅលើ​ផែនដី​នេះ ។ យើង​មក​ផែនដី​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​អស់កល្ប​ជានិច្ច​របស់ព្រះវរបិតាសួគ៌ ។ យើង​មាន​ព្រះអង្គសង្គ្រោះ​ដែល​យក​ឈ្នះ​លើ​សេចក្តីស្លាប់ ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ​ការដឹង​ពី​រឿង​នេះ​ផ្តល់​ភាព​រឹងមាំ​ដល់​ខ្ញុំ ។ ឥឡូវនេះ ខ្ញុំ​ព្យាយាម​តស៊ូ ហើយ​បន្ត​ឆ្ពោះ​ទៅមុខ ។ ខ្ញុំ​មាន​គោលបំណង​មួយ ហើយ​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​ព្យាយាម​រស់នៅ​ក្នុង​ជីវិត​ស័ក្តិសម នោះ​ខ្ញុំ​អាច​មាន​ក្រុមគ្រួសារ​អស់កល្ប ។

រូបភាព
Wilson next to a window while Sofia looks on

ទោះបី វិលសុន និង​កូនស្រី​របស់​គាត់​សូហ្វីយ៉ា ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្តី ក៏​ដំណឹងល្អ​បាន​នាំ​ភាព​សុខសាន្ត សុភមង្គល និង​ភាពរឹងមាំ​ដល់​ពួកគេ​ដែរ ។ សូហ្វីយ៉ា​បាន​រស់នៅជាមួយ​ឪពុក​នាង​ក្រោយ​ពី​ការវះកាត់​របស់​នាង ។ វិលសុន​រកឃើញ​អំណរ​ក្នុងការបម្រើ​នៅក្នុង​សាសនាចក្រ ។

រូបភាព
Wilson in the kitchen

ពេល​គាត់​បង្វិល​រទេះរុញ​ជុំ​វិញ​ផ្ទះ​បាយ​ដើម្បី​ចម្អិន​អាហារ គឺ​ជា​ជំនាញ​មួយ​នៃ​ជំនាញ​ជា​ច្រើន​ដែលវិលសុន​បាន​អភិវឌ្ឍ ចាប់តាំង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បន្សល់​ទុក​ឲ្យ​គាត់​នៅពិការភាព​មក ។

រូបភាព
Wilson studying the scriptures

វិលសុន​រកឃើញ​សេចក្តីសង្ឃឹម និង​ភាព​រឹងមាំ​ពី​ព្រះអង្គសង្គ្រោះ ពេល​គាត់​សិក្សា​ព្រះគម្ពីរ ។

រូបភាព
missionaries praying with Wilson and his daughter at the table

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​គ្រួសារ ឌី ផល្លា ។ សេចក្តីស្រឡាញ់​របស់​វិលសុន​ចំពោះ​ដំណឹងល្អ​គឺ​ជា​កម្លាំង​មួយ​នៅក្នុង​គ្រួសារ​គាត់ និង​នៅក្នុង​សាសនាចក្រ ។

រូបភាព
Wilson looking out a window

បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​ប្រពន្ធ​គាត់​បាន​ស្លាប់​ទៅ នោះ​វិលសុន​បាន​មាន​ចម្ងល់​ពី​គោលបំណង​ក្នុង​ជីវិត​នេះ ។ គាត់​បាន​រកឃើញ​គោលបំណង​នោះ ពេល​គាត់​បាន​រកឃើញ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Wilson at the doorway while his daughter walks outside holding dogs

វិលសុន និង​សូហ្វីយ៉ា រកឃើញ​សេចក្តីសង្ឃឹម​នៅក្នុង​ដំណឹងល្អ ។ ការ​ចំណាយពេល​ជាង ២០ ឆ្នាំនៅលើ​រទេះ​រុញ ពុំ​បាន​បញ្ឈប់​វិលសុន​ពី​ការបម្រើ​ក្នុង​របៀប​មួយ​ប្រកប​ដោយ​អត្ថន័យ​ឡើយ ។

រូបភាព
Wilson smiling while daughter stands nearby

ស្នាម​ញញឹម​របស់​វិលសុន​គឺ​ជា​ភស្តុតាង​នៃ​ភាព​បរិបូរណ៍​ខាង​វិញ្ញាណ​ក្នុង​ជីវិត​គាត់ ។ វិលសុន​និយាយ​ថា « សុភមង្គល​កើត​ចេញ​ពី​ក្នុង​ចិត្ត ។ បុគ្គល​ម្នាក់​រៀន​កាន់តែ​ច្រើន​ជា​រៀង​រាល់​ថ្ងៃ » ។

រូបភាព
missionaries eating dinner with Wilson and his daughter

ពេល​ពួកគេ​បរិភោគ​អាហារ​ជាមួយ​គ្នា នោះ​គ្រួសារ ឌី ផល្លា ពុំគ្រាន់តែ​ចែកចាយ​អាហារ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏ចែកចាយ​សេចក្តីស្រឡាញ់ និង​អំណរគុណ​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ​ផង​ដែរ ។