ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៩-១០០


មេរៀនទី ១០៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៩-១០០

បុព្វកថា

យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៩ នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៨៣២ ។ នៅក្នុង​វិវរណៈ​នេះព្រះអម្ចាស់​បាន​ហៅ យ៉ូហាន មើដក់ ឲ្យ​បន្ត​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៨៣៣ ពេល​លោក និង​ ស៊ីឌនី រិកដុន នៅ​ទីក្រុង នូវ យ៉ោក បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅ​ក្នុង​វិវរណៈនេះព្រះអម្ចាស់​បាន​ធានា​ដល់​ពួកគេ​ថា ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​រដ្ឋ អូហៃអូ នឹង​សុខសប្បាយ ។ ព្រះអម្ចាស់​ក៏​បាន​លួងលោម​ពួកគេ​អំពី​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​កំពុង​រងទុក្ខ​ពី​ការ​បៀតបៀនផង​ដែរ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៩

ព្រះអម្ចាស់ បានហៅ យ៉ូហាន មើដក់ ឲ្យ​ប្រកាស​ដំណឹង​ល្អ

សូម​អញ្ជើញ​សិស្សឲ្យ​នឹក​ស្រមៃ​ថា មានមិត្ត​ម្នាក់​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ សួរ​ពួកគេ​ថា​ ហេតុអ្វី​បាន​ជា​មាន​នរណា​ម្នាក់​សុខចិត្ត​លះបង់​រយៈពេល ២ ឆ្នាំ​ក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​បម្រើ​បេសកកម្ម​យ៉ាង​ដូច្នេះ ។

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​នេះ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​អាន​ព័ត៌មាន​ខាង​ក្រោម អំពី​បុរស​ដែល​មាន ឈ្មោះ​ យ៉ូហាន មើដក់ ឲ្យ​ឮៗ ។ សូម​អញ្ជើញសិស្សឲ្យ​ស្ដាប់​មើល​ការ​លះបង់​ដែល​បងប្រុស មើដក់ បាន​ធ្វើ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

យ៉ូហាន មើដក់ ពិនិត្យសង្កេតមើលព្រះវិហារជាច្រើន​ ហើយ​បាន​សន្និដ្ឋានថា​ សាសនា​ទាំងអស់​បាន​វង្វេង​ផ្លូវ​ ។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ ១៨៣០ លោក​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​របស់​វា ។ លោក​បាន​ទទួល​បុណ្យជ្រមុជទឹក​នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៨៣០ ។ មិន​យូរប៉ុន្មាន​ក្រោយ​មក លោក​បាន​បម្រើ​បេសកកម្ម ហើយ​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ប្រហែល ៧០​ នាក់​ក្នុង​រយៈពេលបួន​ខែ ក្នុង​ទីក្រុង អូរ៉ែង រដ្ឋ អូហៃអូ និង​ទីក្រុង វ៉ារិនស្វីល រដ្ឋ អូហៃអូ ។

នៅ​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ១៨៣១ មិនយូរ​ប៉ុន្មាន​បន្ទាប់​បងប្រុស មើដក់ បាន​ត្រឡប់​មកពី​បេសកកម្ម​របស់​លោក​វិញ ភរិយា​របស់​លោក គឺ ជូលា បាន​ស្លាប់ បន្ទាប់​ពី​ផ្ដល់​កំណើត​ឲ្យ​កូន​ភ្លោះ ។ នៅ​ខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ហៅលោក​ឲ្យ​ទៅ​រដ្ឋ មិសសួរី ហើយ​ប្រកាស​ដំណឹងល្អ​នៅ​តាម​ផ្លូវ ( សូមមើល គ. និង ស. ៥២:៨-៩ ) ។ មុន​ពេល​លោក​អាច​ទៅ​បាន លោក​ត្រូវ​ធានា​ថា​កូន​ទាំង​ប្រាំ​នាក់​របស់លោក ដែល​មាន​អាយុ​ក្រោម​ប្រាំពីរ​ឆ្នាំ ត្រូវ​បាន​មើល​ថែទាំ ។ លោក​បាន​រៀបចំ​មនុស្ស​ពីរបី​នាក់​ឲ្យ​ថែទាំ​កូនៗ​ច្បង​របស់​លោក ហើយ​យ៉ូសែប នឹង​អិមម៉ា ស៊្មីធ ទទួល​ចិញ្ចឹម​កូន​ភ្លោះ​របស់លោក ។ ពេញ​ឆ្នាំ ១៨៣១ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ១៨៣២ យ៉ូហាន មើដក់ បាន​បង្រៀន​នៅ​រដ្ឋ ព្រំប្រទល់​រដ្ឋ មីឈីហ្គែន រដ្ឋ អ៊ិនឌីអាណា រដ្ឋ មិសសួរី និង​រដ្ឋ អូហៃអូ ។ នៅពេល​លោក​ត្រឡប់​ទៅ​ទីក្រុង​ហៃរ៉ុម រដ្ឋ អូហៃអូ វិញ​នៅ​ខែ​មិថុនា ឆ្នាំ ១៨៣២ លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ជាទម្ងន់ដោយសារជម្ងឺរាំរៃ ប្រចាំកាយ ។ លោក​បាន​ដឹង​ថា កូន​ភ្លោះ​របស់លោក​បាន​ឈឺ ហើ​បាន​ស្លាប់​ដោយសារ​ត្រូវ​ខ្យល់ត្រជាក់​នៅ​ពេល​មាន​ការ​វាយប្រហារ​មកលើ យ៉ូសែប ស៊្មីធ ។

  • តើ​ចំណុចណានៃរឿង​របស់​យ៉ូហាន មើដក់ ដែលលេចធ្លោចំពោះអ្នក ?

សូម​ពន្យល់​ថា ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៩ នៅ​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ១៨៣២ ប្រហែល​ពីរ​ខែ​បន្ទាប់​ពី​បងប្រុស​មើដក់ បាន​ត្រឡប់​មក​ផ្ទះ​ពី​បេសកកម្ម​ទី​ពីរ​របស់លោកវិញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៩:១ ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ហៅ​បងប្រុស មើដក់ ឲ្យ​ធ្វើ ។

  • តើ​ព្រះអម្ចាស់​បានហៅ​ឲ្យ យ៉ូហាន មើដក់ ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ការ​ហៅ​បម្រើ​បេសកកម្ម​នេះ អាច​សាកល្បង​សេចក្ដី​ជំនឿ និង​ការ​គោរព​របស់​បងប្រុស មើដក់ យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៩:២-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង យ៉ូហាន មើដក់ ។

  • តើ​គោលលទ្ធិ និង​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី ខ ២–៣ ? ( ចម្លើយ​របស់​សិស្ស​អាច​រួម​បញ្ចូល​ចំណុច​ដូច​ខាងក្រោម ៖ យើង​តំណាង​ឲ្យ​ព្រះអម្ចាស់ ពេល​យើង​បម្រើ​បេសកកម្ម ។ ពេល​យើង​ទទួល និង​ធ្វើតាម​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ នោះ​យើង​កំពុង​ទទួល និង​ធ្វើ​តាម​ទ្រង់ ) ។

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​យ៉ាងណា​ដែរ ពេល​ដែល​អ្នក​ធ្វើតាម​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៩:​៤ -៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា នឹង​កើតឡើង​ចំពោះ​អ្នក​ដែល​បដិសេធ​សារលិខិត​ដែល យ៉ូហាន មើដក់ នឹង​បង្រៀន​ពួកគេ ។

  • យោងតាម ខ​៤ តើ​អ្វី​ជា​លទ្ធផល​នៃ​ការ​បដិសេធ​សារលិខិត​ដំណឹងល្អ ដែល​បាន​បង្រៀន​ដោយ​អ្នកបម្រើ​របស់​ព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៩:​៦- ៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ភស្ដុតាង​ដែល​ព្រះអម្ចាស់ បានដឹង​ជាមុន​អំពី តម្រូវការ​របស់ យ៉ូហាន មើដក់ និង​ការ​លះបង់​ដែល​គាត់​បាន​ធ្វើ ។

  • តើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់ យ៉ូហាន មើដក់ បាន​បង្ហាញ​យើង​អ្វីខ្លះ ?

សូម​ពន្យល់​ថា បងប្រុស មើដក់ បាន​ធ្វើតាម​ដំបូន្មាន​របស់​ព្រះអម្ចាស់ ។ លោក​បាន​ធ្វើ​ការ​រៀបចំ​សម្រាប់​កូន​ច្បង​បីនាក់​របស់លោក ឲ្យ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ខុសៗ​គ្នា​ក្នុង​រដ្ឋ មិសសួរី ហើយ​លោក​បាន​ចាកចេញ​នៅ​ ខែ កញ្ញា ឆ្នាំ ១៨៣២ ដើម្បី​ប្រកាស​ដំណឹងល្អ ។ លោក​បាន​បម្រើ​ពីរបី​បេសកកម្ម​ទៀត ហើយ​បន្ទាប់​មកលោក​បាន​មក​ជួប​កូន​កូនៗ​ច្បង​របស់លោក​នៅ​រដ្ឋ មិសសួរី ។ លោក​បាន​បម្រើ​ព្រះអម្ចាស់​ដោយស្មោះត្រង់​ពេញ​មួយជីវិត​របស់លោក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១-១២

ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវការ​លួងលោម​ចិត្ត និង​ការ​បង្រៀន

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​ការ​ព្រួយបារម្ភ​អ្វី​ខ្លះ ដែល​អ្នក​ផ្សព្វផ្សាយ​អាច​មាន នៅពេល​ពួកគេ​ចាប់ផ្ដើម​បេសកកម្ម​របស់​ពួកគេ ? សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ធ្វើជា​ស្មៀន ហើយសរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ ( ចម្លើយ​របស់​សិស្ស អាច​រួម​បញ្ចូល​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​ខ្ញុំ​អាច​រក​មនុស្ស​ដើម្បី​បង្រៀនបាន​ដូចម្ដេច ? តើ​ខ្ញុំនឹងដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ​យ៉ាងដូចម្ដេច ? តើ​ខ្ញុំ​នឹង​ចុះសម្រុង​ជាមួយ​ដៃគូ​ខ្ញុំ​ឬក៏​អត់ ? តើ​គ្រួសារ​របស់​ខ្ញុំ​នឹង​សុខសប្បាយ​ទេ ពេល​ដែល​ខ្ញុំ​ទៅ​បាត់ ?

សូម​ពន្យល់​ថា នៅ​ខែមេសា ឆ្នាំ ១៨៣៣ បុរស​ម្នាក់​ឈ្មោះ ហ្វ្រីមែន នីកឃើសុន បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅ នូវ យ៉ោក ហើយ​បាន​មក​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ ពេល​ដែល​ហ្វ្រីមែន បាន​ជួប យ៉ូសែប ស៊្មីធ គាត់​បាន​សូម​ឲ្យ​ព្យាការី​ទៅលេង​គ្រួសារ​ នីកឃើសុន នៅ នូវ យ៉ោក និង​នៅ​កាណាដា ។ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​យល់ព្រម​ទៅ​នឹង​សំណើ​របស់​គាត់ ហើយ​ពួកគេ​បាន​ចាកចេញ​ពី ខឺតឡង់ ជាមួយ​គាត់​នៅ​ថ្ងៃ​ទី ៥ ខែ តុលា ឆ្នាំ ១៨៣៣ ។ ពួកគេ​បាន​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​តាម​ផ្លូវ ។ បន្ទាប់​ពី​ពួកគេ​មក​ដល់​ផ្ទះ​របស់​ នីកឃើសុន នៅ ផែរីស្បើគ នូវ យ៉ោក យ៉ូសែប បាន​ទទួល​វិវរណៈ ដែល​បានកត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០ ។

សូម​អញ្ជើញ​សិស្សឲ្យ​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០ ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​អ្វី​ដែល​ធ្វើ​ឲ្យ យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន មាន​ការ​ព្រួយបារម្ភ​ពី​ការ​មកដល់ នូវ យ៉ោក ។ បន្ទាប់​ពី​សិស្ស​បាន​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ​ហើយ សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ បាន​សរសេរ​ពីការ​ព្រួយបារម្ភ​របស់​លោក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​លោក ថា៖ « ខ្ញុំ​ដឹង​យ៉ាងច្បាស់​ក្នុង​គំនិត​ថា ព្រះអម្ចាស់​គង់​នៅ​ជាមួយ​យើង ប៉ុន្តែ​មាន​ការ​រសាប់រសល់​ជាខ្លាំង​អំពី​ក្រុមគ្រួសារ​របស់​ខ្ញុំ » ( Journals, Volume 1: 1832–1839,vol. 1 of the Journals series of The Joseph Smith Papers[ ឆ្នាំ ២០០៨ ],ទំព័រ ១៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០: ១​- ២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរ​ក​មើល​ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ​ទៅ​នឹង​ការ​ព្រួយបារម្ភ​របស់​ យ៉ូសែប ស៊្មីធ និង​ ស៊ីឌនី រិកដុន ។

  • តើ​ឃ្លា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ អាច​លុបចេញ​នូវ​ការ​ព្រួយបារម្ភ​របស់ យ៉ូសែប ស្ម៊ីធ និង​ ស៊ីឌនី រិកដុន ដែរឬ​ទេ ? តើ​ខគម្ពីរ​ទាំងនេះ អាច​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​សព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០: ៣– ៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ក្នុង​ការ​មាន « ទ្វារ​ដ៏សក្ដិសិទ្ធ » បាន​បើក​សម្រាប់​ការ​ចែកចាយ​ដំណឹងល្អ​នោះ ?

  • តើមានវិធី​មួយ​ចំនួន​ណា​ខ្លះ ដែល​ព្រះអម្ចាស់ « បើកទ្វារ »​សម្រាប់​ឲ្យ​យើង​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៥-៨ ដោយ​ស្ងាត់ស្ងៀម សម្រាប់​ការ​សន្យា​បន្ថែម​ពី​ព្រះអម្ចាស់ ។ បន្ទាប់​ពី​សិស្ស​បាន​រាយការណ៍​ពី​អ្វី ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ បើ នោះ .

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី ខ ៥– ៦ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​ពី​គោលការណ៍​ដូច​ខាងក្រោម ៖ បើ​យើង​នឹង​បន្លឺ​សំឡេង​យើង ដើម្បី​ចែកចាយ​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ) ។

  • យោង​តាម ខ ៧តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សាយដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

  • យោងតាម ខ ៨, តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី បើ​យើង​ផ្សាយ​ដំណឹងល្អ​ដោយ « នូវ​ចិត្ត​ម៉ឺងម៉ាត់ » និង « ដោយ​នូវ​វិញ្ញាណ​ស្លូតបូត » ? ( សិស្ស​គួរ​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​ដោយ​នូវ​ចិត្ត​ម៉ឺងម៉ាត់ និង​ដោយ​នូវ​វិញ្ញាណ​ស្លូតបូត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ជា​សាក្សី​នៃ​សារលិខិត​របស់​យើង ) ។

សូមអញ្ជើញ​សិស្សឲ្យ​គិត​អំពី​ពេល​មួយ ដែល​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ពេល​ពួកគេ​ចែកចាយ​ដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​គិត​អំពី​ពេល​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជា​សាក្សី​នៃ​អ្វី​ដែល​ពួកគេ​បាន​និយាយ​ផងដែរ ។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:​៩​–១២ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ការ​ណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ។

  • យោង​តាម ខ ១២តើ​ហេតុអ្វី​បាន​ជា យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន អាច « ឲ្យ​ចិត្ត​[ពួកគេ]​បាន​សប្បាយ​រីករាយ » ?

  • តើ​ការ​សន្យា​នៅ​ក្នុង ខ ១២ អាច​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក បើ​អ្នក​កំពុង​បម្រើ​បេសកកម្ម​នោះ ?

សូម​ពន្យល់​ថា ការ​ខិតខំប្រឹងប្រែង​ផ្សព្វផ្សាយ​សាសនា​របស់ យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន មាន​ឥទ្ធិពល​ដ៏​យូរអង្វែង​នៅ​ក្នុង​សាសនាចក្រ ។ ឧទាហរណ៍ យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន បាន​ផ្សាយ​ដល់​ក្រុម​ដ៏​ធំមួយ​នៅ​ផ្ទះ​របស់ នីកឃើសុន និង​ក្រុម​ផ្សេង​ទៀត​នៅ​កាណាដា ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ជ្រមុជទឹក​ឲ្យ​មនុស្ស​ជិត ២០​នាក់ រួម​ទាំង ម៉ូសេ នីកឃើសុន ហើយ​បាន​រៀបចំ​សាខា​នៃ​សាសនាចក្រ​មួយ ។ នៅ​ឆ្នាំ ១៨៣៦ ប៉ាលី ភី ប្រាត្ត បាន​ទៅ​សាខា​នោះ នៅពេលលោក​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​កាណាដា ។ ម៉ូសេ នីកឃើសុន បាន​ណែនាំ​អែលឌើ ប្រាត្ត ឲ្យ​ស្គាល់ យ៉ូហាន ថេលើរ ។ អែលឌើរ ប្រាត្ត បាន​ជ្រមុជទឹក​ឲ្យ យ៉ូហាន ថេលើរ ដែល​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ ហើយ​ក្រោយ​មក​ក្លាយ​ជា​ប្រធាន​នៃ​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១៣ - ១៧

ព្រះអម្ចាស់​បាន​លួងលោម​ចិត្ត យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ទាក់ទង​នឹង​ការ​សាកល្បង​របស់​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។

សូម​ពន្យល់​ថា ប្រហែល​ពីរខែ​មុនពេល យ៉ូសែប ស៊្មីធ បាន​ចេញ​ទៅ​បម្រើ​បេសកកម្ម អូលីវើរ ខៅឌើរី បាន​នាំ​ពាក្យ​មក​ពី​រដ្ឋ មិសសួរី ថា​សត្រូវ​របស់​សាសនាចក្រ​បាន​ប្រើ​អំពើ​ហឹង្សា​ប្រឆាំង​នឹង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យ៉ូសែប ស៊្មីធ បាន​បញ្ជូន អួរសុន ហៃឌ និង​យ៉ូហាន ហ្គូដ ឲ្យ​នាំ​ការ​ប្រឹក្សា​ពី​លោក​ទៅ​កាន់ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ ដំណើរ​នេះ​នឹង​អាច​មហន្តរាយ ព្រោះ​ពួកគេ​ធ្វើ​ដំណើរ​កាត់តាម​តំបន់​ពួក​មនុស្ស​កំណាច​ដែល​ប្រឆាំង​ពួក​មរមន ។ ព្យាការី​បាន​បារម្ភ​ពី​បងប្រុស ហៃឌ និង​បងប្រុស ហ្គូដ និង​ពួកបរិសុទ្ធ​ទាំងអស់​ដែល​ត្រូវ​បាន​បៀតបៀត​នៅ​រដ្ឋ មិសសួរី ។

សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:១៣​-១៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់ យ៉ូសែប ស៊្មីធ ។ សូម​ឲ្យ​សិស្ស​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ការ​សន្យា​អ្វី ដែល​អ្នក​ឃើញ​នៅក្នុង ខ ១៥-១៧ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ គ្រប់​ការណ៍​ទាំងអស់​នឹង​បាន​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ បើ​យើង​ដើរ​ដោយ​ទៀតត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់ ) ។

  • តើ​អ្នក​គិត​ថា « ដើរ​ដោយ​ទៀងត្រង់ » នៅចំពោះព្រះអម្ចាស់ មាន​ន័យ​យ៉ាងដូចម្តេច ?

  • តើ​ការ​សន្យា​នៅ​ក្នុង ខ ១៥-១៧ អាច​ជួយ​អ្នក​ក្នុង​ពេល​លំបាក យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ចែកចាយ​ឧទាហរណ៍​អំពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​ការ​សន្យា​នេះ​បាន​សម្រេច ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី​សេចក្ដី​ពិត​នេះ​ផងដែរ ។ សូម​អញ្ជើញ​សិស្សឲ្យ​គិត​ពី​រឿង​ជាក់លាក់​មួយ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី « ដើរ​ដោយ​ទៀងត្រង់ » នៅ​ចំពោះ​ព្រះអម្ចាស់ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១ ។ « យើង​នឹង​ប្រព្រឹត្ត​ដល់​ពួកគេ​តាម​តែ​យើង​ឃើញ​ថា​ល្អ »

អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« [ ព្រះអម្ចាស់ ] នឹង​ធ្វើ​ច្រើន​ជាង​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ទៅទៀត ។ ទ្រង់​នឹង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង និង​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទាំងអស់ ។… ព្រះអម្ចាស់​ទ្រង់​ជ្រាប​ច្រើន​ជាង​យើង​ដឹង ហើយ … ទ្រង់​នឹង​ឆ្លើយតប​ការ​អធិស្ឋាន​របស់​យើង​តាម​វិធី ដែល​ល្អបំផុត​សម្រាប់​យើង និង​សម្រាប់​កូនចៅ​ទាំងអស់ផ្សេងទៀត​របស់​ទ្រង់ (Faith in the Lord Jesus Christ »Ensign, ខែ ឧសភា ឆ្នាំ ១៩៩៤,ទំព័រ៩៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៣ ។ « ទ្វារ​ដ៏មាន​ផលប្រយោជន៍​នឹង​ត្រូវ​បាន​បើក​ចំហរ​ នៅ​ភូមិភាគ​ជុំវិញ »

នៅ​ឆ្នាំ ១៨៣៣ អ្នក​ផ្សព្វផ្សាយ​សាសនា​បានខិតខំ​រៀបចំ​តំបន់​នៅ​ជុំវិញ​ភាគខាង​លិច លេក អេរី និង​ភាគខាង​ត្បូង​ឈាង​ខាង​លិច លេក អនតារីយ៉ូ សម្រាប់​ការ​រីកចម្រើន​របស់​សាសនាចក្រ ។ នៅ​រដូវ​ក្ដៅ ក្នុង​ឆ្នាំ​នោះ ក្រុម​ហ៊ុន​កាសែត Evening and Morning Star បាន​បោះពុម្ព​សំបុត្រ​មក​ពីពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងៗ ដែល​បាន​ពិពណ៌នា​ពី​ការ​ខិតខំ​ប្រែចិត្ត​ដ៏​ជោគជ័យ នៅ​ក្នុង​តំបន់​ដែល យ៉ូសែប ស៊្មីធ និង​ ស៊ីឌនី រិកដុន បាន​ផ្សព្វផ្សាយ ។ ស៊ីលវែស្ទ័រ ស្ម៊ីធ បាន​រាយការណ៍​ថា មាន​ព្រះវិហារ​ចំនួន​ ១៥​ បាន​កសាងឡើង​នៅ​ចន្លោះ​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ និង​ ឆេណាំងហ្គូ នូវ យ៉ោក ដែល​សាខា​មួយ​ចំនួន​មាន​សមាជិក​ជិត ១០០ នាក់ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក៏​មាន​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ នូវ យ៉ោក ផងដែរ ។ អាម៉ាសា ឡាយមែន បាន​ធ្វើ​ដំណើរ​ទៅ​ជិត​ភូមិ កាតារោហ្គាស ខោនធី នូវ យ៉ោក ក្នុង​ឆ្នាំ ១៨៣៣ ។ នៅ​ទីនោះ​លោក​បាន​ធ្វើ​ការ​ប្រជុំ ១៥២ លើក ហើយ​បាន​ឃើញ​មនុស្ស ១០០​ នាក់​ បាន​ចូលរួម​ក្នុង​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៥-៨ ។ ព្រះ​អម្ចាស់​នឹង​ប្រទាន​ឲ្យ​យើង​នូវ​អ្វី​ដែល​ត្រូវនិយាយ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ការ​ខិតខំ​បង្រៀន​ដំណឹងល្អ​របស់​យើង​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​ដែល​ថ្លែង​ជាសាក្សី​ដល់​ពាក្យសម្ដី​របស់​អ្នក​នៅ​ពេល​អ្នក​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់ ។ ព្រះវិញ្ញាណបរិសុទ្ធ​នេះ ហើយគឺជា​អង្គ​ដែល​ដាក់នៅ​ក្នុង​ចិត្ត​អ្នក​នូវ​អ្វី​ដែល​អ្នក​គួរ​និយាយ ហើយ​បំពេញ​ការ​សន្យា​របស់ព្រះអម្ចាស់​ថា ‹ អ្នក​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស់​នៅ​ចំពោះ​មនុស្ស​លោក​ឡើយ › ( គ. និង ស. ១០០:៥The Power of Covenants »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៩,ទំព័រ ២២ ) ។