ឆ្នាំ ២០១០-២០១៩
វិរណៈ​ដែល​មាន​ជា​បន្តបន្ទាប់
១០ 2014


វិរណៈ​ដែល​មាន​ជា​បន្តបន្ទាប់

ការវិនិច្ឆ័យ​របស់​មនុស្ស និង​ការគិត​លើក​ហេតុផល​នឹង​ពុំ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ភាគ​ច្រើន​កើតឡើង​ក្នុង​ជីវិត​ឡើយ ។ យើង​ត្រូវការ​វិវរណៈ​ពី​ព្រះ ។

ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​នេះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់ និង​ពន្លឺ​ពី​ព្រះ ។ មាន​មនុស្ស​ជា​ច្រើន​កំពុង​ស្ដាប់​ថ្ងៃ​នេះ​ដែល​មាន​តម្រូវការ​ចាំបាច់​សម្រាប់​ពរជ័យ​នៃ​វិរណៈ​ផ្ទាល់ខ្លួន​ពី​ព្រះវរបិតាសួគ៌​ដ៏​ជា​ទីស្រឡាញ់​យើង ។

សម្រាប់​ប្រធាន​បេសកកម្ម វា​អាច​ជា​ការលុតជង្គង់​ចុះ​អធិស្ឋាន​ដើម្បី​ដឹង​ពី​របៀប​លើក​ទឹក​ចិត្ត​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​ពុះពារ​បម្រើ ។ សម្រាប់​ឪពុកម្ដាយ​ដែល​រស់នៅ​ក្នុង​តំបន់​មាន​សង្គ្រាម វា​នឹង​ជា​តម្រូវការ​បន្ទាន់​ដើម្បី​ដឹង​ថា​ត្រូវ​ផ្លាស់​លំនៅ​ទៅ​កាន់​ទីសុវត្ថិភាព ឬ​ត្រូវ​នៅ​កន្លែង​ដែល​គេ​នៅ​នោះ ។ ប្រធាន​ស្តេក និង​ប៊ីស្សព​អធិស្ឋាន​សព្វថ្ងៃ​នេះ​ដើម្បី​ដឹង​ពី​របៀប​ជួយ​ព្រះអម្ចាស់​សង្គ្រោះ​កូនចៀម​ដែល​បាត់ ។ ហើយ​សម្រាប់​ព្យាការី វា​នឹង​ជា​ការដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​មាន​ព្រះទ័យ​ឲ្យ​លោក​ថ្លែង​ទៅ​កាន់​សាសនាចក្រ និង​ពិភពលោក​ដ៏​ចលាចល ។

យើង​ទាំង​អស់​គ្នា​ដឹង​ថា​ការវិនិច្ឆ័យ​របស់​មនុស្ស និង​ការគិត​លើក​ហេតុផល​នឹង​ពុំ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ភាគ​ច្រើន​កើតឡើង​ក្នុង​ជីវិត​ឡើយ ។ យើង​ត្រូវការ​វិវរណៈ​ពី​ព្រះ ។ ហើយ​យើង​នឹង​ពុំ​ត្រូវការ​វិវរណៈ​តែ​មួយ​ក្នុង​ពេល​នៃ​ភាពតានតឹង​នោះ​ទេ តែ​ត្រូវការ​ជា​បន្ត​បន្ទាប់ ។ យើង​ពុំ​ត្រូវការ​ពន្លឺ និង​ការសម្រាល​ទុក្ខ​តែ​បន្តិច​នោះ​ទេ តែ​យើង​ត្រូវការ​ពរជ័យ​ដែល​មាន​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង​ជាមួយ​ព្រះ ។

ភាពស្ថិតស្ថេរ​នៃ​សាសនាចក្រ​កើតចេញ​ពី​ការយល់ដឹង​របស់​ក្មេងប្រុស​ម្នាក់​ថា​វា​ជា​ការពិត ។ យ៉ូសែប ស៊្មីធ ដ៏​ក្មេង​បាន​ដឹង​ថា​គាត់​ពុំ​អាច​ដឹង​ដោយ​ខ្លួន​គាត់​ថា​ត្រូវ​ចូលរួម​សាសនាចក្រ​ណា​មួយ​ឡើយ ។ ដូច្នេះ​គាត់​បាន​សូម​ដល់​ព្រះ​ដូច​គម្ពីរ​យ៉ាកុប​បាន​ប្រាប់​ថា​គាត់​អាច​ដឹង​បាន ។ ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ក្នុង​ព្រៃ ។ ទ្រង់​ទាំង​ទ្វេ​បាន​ឆ្លើយ​នឹង​សំណួរ​ដែល​លើស​ពី​ប្រាជ្ញា​គាត់​ដែល​អាច​យល់​បាន ។

ក្រោយ​មក​ពុំ​មែន​មាន​តែ​គាត់​នោះ​ទេ​ដែល​ត្រូវ​ហៅ​ដោយ​ព្រះ​ឲ្យ​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ពិត គឺ​ថែម​ទាំង​ក្នុង​សាសនាចក្រ​នោះ​មាន​អំណាច​ត្រូវបាន​ស្ដារឡើងវិញ​ដើម្បី​អំពាវនាវ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដើម្បី​ឲ្យ​វិវរណៈ​ពី​ព្រះ​អាច​នៅ​បន្ត​មាន ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​ពិពណ៌នា​អំពី​កំណត់​សម្គាល់​អត្តសញ្ញាណ​នៃ​សាសនាចក្រ​ដ៏​ពិត​ថា ៖ « វិវរណៈ​បន្ត​មាន​ក្នុង​សាសនាចក្រ ៖ ព្យាការី​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ ប្រធាន​ស្តេក ប្រធាន​បេសកកម្ម ឬ​ប្រធាន​កូរ៉ុម​ទទួល​វិវរណៈ​សម្រាប់ ស្តេក បេសកកម្ម កូរ៉ុម និង​វួដ ឪពុក និង​បុគ្គល​ទទួល​សម្រាប់​គ្រួសារ និង​ខ្លួនឯង​ផ្ទាល់ » ។1

នៅ​ពេល​យើង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ដំណើការ​អស្ចារ្យ​នៃ​វិវរណៈ​នោះ​ចាប់ផ្ដើម បញ្ចប់ ហើយ​បន្ត ។ សូម​មើល នីហ្វៃ ជា​កូនប្រុស លីហៃ ទុក​ជា​គំរូ ។ ឪពុក​លោក​បាន​មាន​សុបិន​មួយ ។ សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រូសារ​ចាត់ទុក​សុបិន​លីហៃ​ជា​ការភាន់ច្រឡំ​ខាង​សតិអារម្មណ៍ ។ សុបិន​នោះ​រួមមាន​បញ្ញតិ​ពី​ព្រះ​ឲ្យ​ពួក​កូនប្រុស​លីហៃ​ត្រឡប់​ទៅ​ក្រុង​យេរ៉ូសាឡិម​វិញ​ដោយ​ប្រថុយប្រថាន​ទៅ​យក​ផ្ទាំងចំណារ​ដែល​មាន​នូវ​ព្រះបន្ទូល​ព្រះ​ដើម្បី​ពួកគេ​អាច​នាំ​ផ្ទាំង​នោះ​ទៅ​ដែនដី​សន្យា​ជាមួយ​ពួកគេ ។

យើង​តែង​ដកស្រង់​ការប្រកាស​ដ៏​អង់អាច​របស់​នីហ្វៃ​កាល​ឪពុក​លោក​បាន​សុំ​ឲ្យ​កូនៗ​ត្រឡប់​ទៅ​ក្រុង​យេរ៉ូសាឡិម​វិញ ។ បងប្អូន​ស្គាល់​ប្រសាសន៍​ដែល​ថា ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។2

កាល​លីហៃ​បាន​ឮ​នីហ្វៃ​ពោល​ពាក្យ​ទាំងនោះ​ហើយ ព្រះគម្ពីរ​ប្រាប់​ថា​លោក « មាន​សេចក្ដី​ត្រេកអរ​ជា​អនេក » ។3 លោក​ត្រេកអរ​ព្រោះ​លោក​ដឹង​ថា​នីហ្វៃ​ត្រូវ​បាន​ប្រទានពរ​ដោយ​នូវ​វិវរណៈ​នៃ​ការយល់ដឹង​ថា​សុបិន​របស់​ឪពុក​លោក​ថា​ជា​ទំនាក់ទំនង​ពិត​ពី​ព្រះ ។ នីហ្វៃ​ពុំ​ថ្លែង​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ធ្វើ » នោះ​ទេ ។ តែ​លោក​ថ្លែង​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

ពី​បទពិសោធន៍​គ្រួសារ​បងប្អូន បងប្អូន​ក៏​ដឹង​ពី​មូលហេតុ​ដែល​លីហៃ « មាន​សេចក្ដី​ត្រេកអរ​ជា​អនេក » ដែរ ។ ក្ដី​អំណរ​លោក​បាន​មក​ពី​ការដឹង​ថា​នីហ្វៃ​ទទួល​បាន​វិវរណៈ​នៃ​ការយល់ដឹង ។

ឪពុកម្ដាយ​ច្រើន​រូប​ដាក់​វិន័យ​គ្រួសារ​នូវ​ម៉ោង​ដែល​កូន​វ័យ​ជំទង់​ត្រូវ​ចូល​ផ្ទះ​ពេល​យប់ ។ តែ​សូម​គិត​ពី​ក្ដី​អំណរ​ពេល​ឪពុកម្ដាយ​ដឹង​ថា ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ មាន​កូន​ម្នាក់​ដែល​ចេញ​ទៅ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ទៅ​ពុំ​គ្រាន់​តែ​កំណត់​ម៉ោង​ចូល​ផ្ទះ​ទេ ថែម​ទាំង​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទៀតផង​តាម​អ្វី​ដែល​នាង​បាន​រៀន​កាល​នៅ​ជាមួយ​ឪពុកម្ដាយ ។ វិវរណៈ​របស់​ឪពុកម្ដាយ​មាន​ឥទ្ធិពល​យូរ​អង្វែង​លើ​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​បន្ត​មាន​ដល់​កូន ។

ម្ដាយ​ខ្ញុំ​គួរតែ​យល់​ច្បាស់​ពី​គោលការណ៍​នៃ​វិវរណៈ​នេះ ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​តែង​បិទ​ទ្វារ​ក្រោយ​ផ្ទះ​ដោយ​ស្ងាត់ៗ​ពេល​ខ្ញុំ​ចូល​ផ្ទះ​ខក ។ ខ្ញុំ​ត្រូវ​ដើរ​កាត់​បន្ទប់​គេង​ម្ដាយ​ខ្ញុំ​ដើម្បី​ទៅ​ដល់​បន្ទប់​ខ្ញុំ ។ ទោះ​ជា​ខ្ញុំ​ដើរ​លបៗ​ក្ដី ពេល​ទៅ​ដល់​ទ្វារ​ដែល​ចំហ​ពាក់កណ្ដាល​នោះ ​ខ្ញុំ​បាន​ឮ​គាត់​ហៅ​ឈ្មោះ​ខ្ញុំ​តិចៗ​ថា « ហល ចូល​មក​នេះ​បន្តិច » ។

ខ្ញុំ​បាន​ចូល ហើយ​អង្គុយ​នៅ​គែម​គ្រែ​របស់​គាត់ ។ បន្ទប់​គឺ​ងងឹត ។ បើ​បងប្អូន​បាន​ស្ដាប់ បងប្អូន​នឹង​គិត​ថា​វា​គ្រាន់តែ​ជា​ការទូន្មាន​យ៉ាង​ស្រទន់​អំពី​ជីវិត ។ តែ​មក​ដល់​សព្វថ្ងៃ​នេះ ខ្ញុំ​នឹក​ឃើញ​អ្វី​ដែល​គាត់​បាន​ទូន្មាន ដោយ​នូវ​អានុភាព​ដូចគ្នា​ដែល​ខ្ញុំ​មាន​កាល​ខ្ញុំ​អាន​អត្ថបទ​នៃ​ពរ​របស់​លោក​អយ្យកោ​ខ្ញុំ ។

ខ្ញុំ​ពុំ​ដឹង​ថា​គាត់​បាន​អធិស្ឋាន​ថា​ដូចម្ដេច​ខ្លះ​ទេ​កាល​គាត់​កំពុង​រង់ចាំ​ខ្ញុំ​នៅ​យប់​នោះ ។ ខ្ញុំ​សន្និដ្ឋាន​ថា​គាត់​អធិស្ឋាន​ឲ្យ​ខ្ញុំ​មាន​សុវត្ថិភាព ។ តែ​ខ្ញុំ​ប្រាកដ​ថា គាត់​បាន​អធិស្ឋាន​ដូចជា​អយ្យកោ​នោះ​ដែរ ពីមុន​លោក​ផ្ដល់​ការប្រសិទ្ធពរ ។ លោក​អធិស្ឋាន​សូម​ឲ្យ​ពាក្យពេចន៍​ដែល​លោក​ថ្លែង​គឺ​ជា​ព្រះបន្ទូល​ព្រះ មិនមែន​ជា​សម្ដី​លោក​ឡើយ ។ ការអធិស្ឋាន​របស់​ម្ដាយ​ខ្ញុំ​សម្រាប់​ពរជ័យ​ដូចជា​លោកអយ្យកោ​នោះ ត្រូវបាន​ឆ្លើយ​ពេល​គាត់​ជួប​និយាយ​ជាមួយ​ខ្ញុំ ។ គាត់​បាន​ទៅ​ពិភព​វិញ្ញាណ​អស់​រយៈ​ពេល 40 ឆ្នាំ​ហើយ ។ ខ្ញុំ​ប្រាកដ​ថា​គាត់​មាន​សេចក្ដី​ត្រេកអរ​ជា​អនេក​ដែល​ខ្ញុំ​ត្រូវបាន​ប្រទានពរ​ដូច​អ្វី​ដែល​គាត់​ប្រាថ្នា​ឲ្យ​ខ្ញុំ​ស្ដាប់​តាម​ដំបូន្មាន​ធ្វើតាម​ព្រះបញ្ញត្តិ​ព្រះ ។ ហើយ​ខ្ញុំ​បាន​ព្យាយាម​ទៅ ហើយ​ធ្វើ​នូវ​អ្វី​ដែល​គាត់​សង្ឃឹម​ឲ្យ​ខ្ញុំ​ធ្វើ ។

ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​នៃ​វិវរណៈ​ដែល​មាន​ជា​បន្តបន្ទាប់​ដូចគ្នា​នេះ​ដែល​ប្រធាន​ស្តេក និង​ប៊ីស្សព​ក្នុង​សាសនាចក្រ​មាន ។ ជា​ការពិត​ក្នុង​វិវរណៈ​មាន​ចំពោះ​អ្នក​ដឹកនាំ​គ្រួសារ សារៈសំខាន់​នៃ​វិវរណៈ​អាស្រ័យ​ទៅ​លើ​កម្រិត​វិវរណៈ​នៃ​ការយល់ដឹង ដែល​សមាជិក​គ្រួសារ​ទាំងឡាយ​ទទួល​បាន​។

ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​នៃ​វិវរណៈ​ក្នុង​លទ្ធផល​នៃ​ការបាក់ទំនប់​ទន្លេ តេតុន រដ្ឋ អៃដាហូ ក្នុង​ឆ្នាំ 1976 ។ បងប្អូន​ជា​ច្រើន​ស្គាល់​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​នេះ ។ តែ​គំរូ​នៃ​វិវរណៈ​ដែល​មាន​ជា​បន្តបន្ទាប់​ដែល​មាន​តាមរយៈ​ប្រធាន​ស្តេក អាច​ប្រទានពរ​ដល់​យើង​ទាំងអស់​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ហេតុការណ៍​នោះ ។

មនុស្ស​រាប់​ពាន់​នាក់​ត្រូវបាន​ជម្លៀស​ព្រោះ​ផ្ទះ​ពួកគេ​បាន​បាក់​ខ្ទេចខ្ទាំ ។ ភារកិច្ច​ចាត់ចែង​កម្លាំង​សង្គ្រោះ​ធ្លាក់​ទៅ​លើ​ប្រធាន​ស្តេក​ប្រចាំ​មូលដ្ឋាន ជា​កសិករ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​គ្រោះមហន្តរាយ​នោះ ខ្ញុំ​បាន​នៅ​ក្នុង​ថ្នាក់​រៀន​មួយ​នៅ​សាកលវិទ្យាល័យ រីកស៍ ។ អ្នក​ដឹកនាំ​ម្នាក់​មក​ពី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​សហព័ន្ធ​បាន​មក​ដល់ ។ គាត់ និង​ជំនួយការ​នាយក​គាត់​បាន​ទៅ​បន្ទប់​មួយ​ដ៏​ធំ​ដែល​ប្រធាន​ស្តេក​ប្រជុំ​ពួក​ប៊ីស្សព និង​ថ្នាក់​ដឹកនាំ​សាសនា​ដទៃៗ​ទៀត​ក្នុង​មូលដ្ឋាន​នោះ ។ ខ្ញុំ​មាន​វត្តមាន​នៅ​ទី​នោះ​ព្រោះ​អ្នក​នៅ​មាន​ជីវិត​ជា​ច្រើន​នាក់​ត្រូវការ​ការថែទាំ និង​ផ្ដល់​ជម្រក​ក្នុង​សាកលវិទ្យាល័យ​ដែល​មាន​ខ្ញុំ​ជា​ប្រធាន ។

នៅ​ពេល​ការប្រជុំ​ចាប់ផ្ដើម អ្នកតំណាង​មក​ពី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ក្រោក​ឈរ​ឡើង ហើយ​ចាប់ផ្ដើម​ថ្លែង​ដោយ​សំឡេង​នៃ​អាជ្ញាធរ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ បន្ទាប់​ពី​បាន​រៀបរាប់​បាន​ប្រាំ ឬ​ប្រាំមួយ​ចំណុច​ដែល​សំខាន់​ហើយ ប្រធាន​ស្តេក​បាន​ឆ្លើយ​ដោយ​ធម្មតា​ថា « ពួកយើង​បាន​ធ្វើ​ការណ៍​ទាំងនោះ​ហើយ » ។

ប៉ុន្មាន​នាទី​ក្រោយ​មក បុរស​មក​ពី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នោះ​ពោល​ថា « ខ្ញុំ​គិត​ថា​ខ្ញុំ​គ្រាន់តែ​អង្គុយ ហើយ​ចាំមើល​បន្តិច​សិន​បាន​ហើយ » ។ ក្រោយ​មក​គាត់ និង​ជំនួយការ​គាត់​បាន​ស្ដាប់​ប៊ីស្សព និង​ប្រធាន​កូរ៉ុម​អែលឌើរ​រាយការណ៍​ពី​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ ។ ពួកគាត់​រៀបរាប់​ពី​ការដឹកនាំ​ដែល​ទទួល​បាន និង​ធ្វើតាម​ពី​ថ្នាក់ដឹកនាំ​ខ្លួន ។ ពួកគាត់​ក៏​រៀបរាប់​ពី​អ្វី​ដែល​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើ​កាល​កំពុង​ធ្វើតាម​ការណែនាំ​ឲ្យ​ស្វែងរក​គ្រួសារ ហើយ​ត្រូវ​ជួយ​ពួកគេ ។ វា​រៀង​យប់​បន្តិច​ហើយ​ថ្ងៃ​នោះ ។ ពួកគាត់​នឿយហត់​ណាស់​ទៅ​ហើយ​ដើម្បី​បង្ហាញ​ចេតនារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ។

ប្រធាន​ស្តេក​ផ្ដល់​ការដឹកនាំ​ចុងក្រោយ​ដល់​ប៊ីស្សព ហើយ​បាន​ប្រកាស​ពី​ពេល​ជួប​រាយការណ៍​លើក​ក្រោយ ។

នៅ​ព្រឹក​បន្ទាប់​អ្នក​ដឹកនាំ​ក្រុម​សហព័ន្ធ​បាន​មក​ដល់ 20 នាទី​មុន​ការប្រជុំ​រាយការណ៍ និង​ចាត់តាំង​ត្រូវ​ចាប់ផ្ដើម ។ ខ្ញុំ​បាន​ឈរ​នៅជិតនោះ។ ខ្ញុំ​បាន​ឮ​គាត់​និយាយ​តិចៗ​ទៅ​កាន់​ប្រធាន​ស្តេក​ថា « ប្រធាន តើ​ប្រធាន​ចង់​ឲ្យ​ខ្ញុំ និង​សមាជិក​ក្រុម​ខ្ញុំ​ធ្វើ​អ្វី » ?

អ្វី​ដែល​បុរស​នោះ​បាន​ឃើញ ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​កើតឡើង​ក្នុង​គ្រា​តានតឹង និង​សាកល្បង​ទូទាំង​ពិភពលោក ។ ប្រធាន ផាកកឺ មាន​ប្រសាសន៍​ត្រូវ ។ វិវរណៈ​ដែល​មាន​ជា​បន្តបន្ទាប់​កើតមាន​ចំពោះ​ប្រធាន​ស្តេក​ដើម្បី​លើក​ពួកគាត់​ឡើង​ឲ្យ​ខ្ពស់​ជាង​ប្រាជ្ញា និង​សមត្ថភាព​ផ្ទាល់ខ្លួន​ពួកគាត់ ។ លើស​ពី​នោះ​ទៅ​ទៀត ព្រះអម្ចាស់​ប្រទាន​ដល់​មនុស្ស​ដែល​ប្រធាន​នោះ​ដឹកនាំ​នូវ​សាក្សី​បញ្ជាក់​ថា ការបញ្ជា​របស់​គាត់​បាន​មក​ពី​ព្រះ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​ដល់​មនុស្ស​មិន​គ្រប់លក្ខណ៍​ម្នាក់ ។

ខ្ញុំ​មាន​ពរជ័យ​ដោយ​បាន​ហៅ​ឲ្យ​ធ្វើតាម​ថ្នាក់​ដឹកនាំ​ដ៏​បំផុស​គំនិត​ភាគច្រើន​ក្នុង​ជីវិត​ខ្ញុំ ។ កាល​ខ្ញុំ​នៅ​ជា​យុវជន ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​ប្រធាន​កូរ៉ុម​អែលឌើរ ។ ក្រោយ​មក​ជា​ទីប្រឹក្សា​គណៈប្រធាន​មណ្ឌល​ពីរ​រូប និង គណៈប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ទីប្រឹក្សា​ប្រធាន​សាសនាចក្រ​ទាំងពីរ​រូប ។ ខ្ញុំ​ធ្លាប់​ឃើញ​វិវរណៈ​ត្រូវបាន​ប្រទាន​ដល់​ពួកលោក ហើយ​បញ្ជាក់​ដល់​អ្នក​ដែល​ធ្វើតាម ។

វិវរណៈ​នៃ​ការអត់ធ្មត់​ផ្ទាល់ខ្លួន​សម្រាប់​អ្វី​ដែល​យើង​ចង់បាន ពុំ​កើតឡើង​ដោយ​ងាយៗ ឬ​សាមញ្ញ​ឡើយ ។ ព្រះអម្ចាស់​ប្រទាន​បទដ្ឋាន​នេះ​ដើម្បី​យើង​ទទួល​បាន​សាក្សី​ដូចនេះ​ពី​ព្រះ ។ វា​គឺ​ជា​ការណែនាំ​សម្រាប់​អ្នក​ដែល​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​យើង​ត្រូវតែ​ស្វែងរក ។

« ក៏​សូម​ឲ្យ​ចិត្ត​អ្នក​ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំងអស់ និង​ដល់​ពួក​អ្នក​ជឿ​ផង ហើយ​សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​គោលលទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​អ្នក​ដូចជា​ទឹកសន្សើម​ចុះ​ពី​លើ​មេឃ ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក​ជានិច្ច » ។4

ខ្ញុំ​សូម​យក​សារលិខិត​នេះ​មក​ទូន្មាន​បងប្អូន​ទាំងអស់​គ្នា ។ កុំ​មើលស្រាល​អារម្មណ៍​ដែល​បងប្អូន​មាន​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្យាការី​នៃ​ព្រះ ។ ទោះទីណា​ដែល​ខ្ញុំ​ទៅ​ក្នុង​សាសនាចក្រ ទោះ​អ្នក​ណា​ជា​ព្យាការី​នៅ​ពេល​នោះ សមាជិក​នឹង​ស្នើរ​ថា « ពេល​ប្រធាន​ត្រឡប់​ទៅ​ការិយាល័យ​កណ្ដាល​វិញ សូម​ប្រធាន​ប្រាប់​ព្យាការី​ផង​ថា​យើង​ស្រឡាញ់​លោក​ខ្លាំង​ណាស់​បាន​ទេ» ?

នោះ​គឺ​លើស​ពី​ការស្នេហា​វីរបុរស ឬ​អារម្មណ៍​ដែល​ពេល​ខ្លះ​យើង​មាន​សម្រាប់​ការសរសើរ​វីរបុរស​ទៅ​ទៀត ។ វា​ជា​អំណោយទាន​ពី​ព្រះ ។ ដោយ​មាន​វា បងប្អូន​នឹង​ទទួល​បាន​អំណោយទាន​នៃ​វិវរណៈ​នៃ​ការយល់ដឹង​កាន់តែ​ងាយ​កាល​លោក​ថ្លែង​ក្នុង​ការិយាល័យ​លោក​ក្នុង​នាម​ជា​ព្យាការី​របស់​ព្រះអម្ចាស់ ។ សេចក្ដី​ស្រឡាញ់​ដែល​បងប្អូន​មាន គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​អ្នក​ដែល​ជា​សារទូត​ទ្រង់ ។

វា​ពុំ​ងាយស្រួល​​ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​នោះ​ជានិច្ច​ទេ​ព្រោះ​ព្រះអម្ចាស់​តែង​ឲ្យ​ព្យាការី​ទ្រង់​ផ្ដល់​ដំបូន្មាន​ដែល​ពិបាក​ឲ្យ​មនុស្ស​ទទួល​យក ។ ខ្មាំង​សត្រូវ​នៃ​ព្រលឹង​យើង នឹង​ព្យាយាម​នាំ​យើង​ឲ្យ​ប្រព្រឹត្ត​ល្មើស ហើយ​សង្ស័យ​ពី​ការហៅ​របស់​ព្យាការី​ពី​ព្រះ ។

ខ្ញុំ​បាន​ឃើញ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បន្ទន់​ចិត្ត​ដើម្បី​ការពារ​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​រាបសា​ដោយ​នូវ​វិវរណៈ​នៃ​ការយល់ដឹង ។

ព្យាការី​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ប្រគល់​អំណាច​ផ្សារភ្ជាប់​ដ៏​ពិសិដ្ឋ​ទៅ​ឲ្យ​បុរស​ម្នាក់​រស់នៅ​​ក្នុង​ទីក្រុង​តូច​មួយ ។ មាន​តែ​ព្យាការី​នៃ​ព្រះ​តែ​ប៉ុណ្ណោះ​ដែល​មាន​កូនសោ​ដើម្បី​សម្រេច​ថា​អ្នក​ណា​ត្រូវ​ទទួល​អំណាច​ពិសិដ្ឋ​ដែល​ប្រទាន​ដោយ​ព្រះអម្ចាស់​ទៅ​ដល់ ពេត្រុស ជា​សាវក​ច្បង ។ ខ្ញុំ​បាន​ទទួល​អំណាច​ផ្សារភ្ជាប់​ដូចគ្នា​នោះ​ដែរ ប៉ុន្តែ​លើកលែង​តែ​មាន​ការដឹកនាំ​ពី​ប្រធាន​នៃ​សាសនាចក្រ​ប៉ុណ្ណោះ ទើប​ខ្ញុំ​អាច​ប្រគល់​វា​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​បាន ។

ដូច្នេះ ក្នុង​បន្ទប់​ថ្វាយបង្គំ​ឆ្ងាយ​ពី​ទីក្រុង សលត៍ លេក ខ្ញុំ​បាន​ដាក់​ដៃ​លើ​ក្បាល​បុរស​ម្នាក់​ដែល​បាន​ជ្រើស​ដោយ​ព្យាការី​ឲ្យ​ទទួល​អំណាច​ផ្សារភ្ជាប់​នេះ ។ ដៃ​របស់​គាត់​បង្ហាញ​ពី​ជីវិត​ជា​អ្នក​កាប់គាស់​ភ្ជួររាស់​ដី​សម្រាប់​ជីវភាព​ស្ដួចស្ដើង ។ ភរិយា​គាត់​បាន​អង្គុយ​ជិត​គាត់ ។ នាង​ក៏​បង្ហាញ​ពី​ជីវិត​នៃ​ការធ្វើការ​ដ៏​លំបាក​ដូចជា​ស្វាមី​នាង​ដែរ ។

ខ្ញុំ​បាន​ថ្លែង​ពាក្យ​ដែល​ផ្ដល់​ដោយ​ព្យាការី​ថា ៖ « ដោយ​មាន​ការអនុញ្ញាត​នៃ​សិទ្ធិអំណាច និង​ការទទួលខុសត្រូវមក​​ពី » បន្ទាប់​មក​ឈ្មោះ​ព្យាការី « ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​នៅ​លើ​ផែនដី​នៅ​ពេល​នេះ ខ្ញុំ​សូម​ប្រគល់​អំណាច​ផ្សារភ្ជាប់​ទៅ​ដល់ » ហើយ​ខ្ញុំ​ឲ្យ​ឈ្មោះ​គាត់ និង​​ឈ្មោះ​ព្រះវិហារ​បរិសុទ្ធ ​ដែល​គាត់ នឹង​ទៅ​បម្រើ​ជា​អ្នក​ផ្សារភ្ជាប់ ។

ទឹកភ្នែក​បាន​ស្រក់​នៅ​លើ​ថ្ពាល់​គាត់ ។ ខ្ញុំ​បាន​ឃើញ​ភរិយា​គាត់​កំពុង​យំ ។ ខ្ញុំ​បាន​ចាំ​ឲ្យ​ពួកគាត់​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន ។ នាង​បាន​ក្រោក​ឡើង ហើយ​ដើរ​សំដៅ​មក​ខ្ញុំ ។ នាង​ងើប​មុខ​ឡើង ហើយ​ពោល​មក​ខ្ញុំ​ដោយ​រាង​ញញើត​ថា នាង​សប្បាយ​ចិត្ត តែ​ក៏​កើតទុក្ខ​ដែរ ។ នាង​បន្លឺ​ថា នាង​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ស្វាមី​នាង តែ​ឥឡូវ​នាង​មាន​អារម្មណ៍​ថា នាង​មិន​គួរ​ទៅ​ជាមួយ​គាត់​ទៀត​ទេ​ព្រោះ​ព្រះ​បាន​ជ្រើស​គាត់​ដោយ​មាន​ទំនុក​ចិត្ត​ដ៏​រុងរឿង និង​ពិសិដ្ឋ ។ ក្រោយ​មក​នាង​ពោល​ថា នាង​មាន​អារម្មណ៍​ថា​នាង​ពុំ​សម​នឹង​ដៃគូ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ​ព្រោះ​នាង​មិន​ចេះ​អក្សរ ។

ខ្ញុំ​ធានា​ដល់​នាង​ថា​ស្វាមី​នាង​នឹង​មាន​កិត្តិយស​ដោយ​ការចូលរួម​របស់​នាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ព្រោះ​តែ​អានុភាព​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​របស់​នាង ។ តាម​កម្រិត​ដែល​ខ្ញុំ​អាច​និយាយ​ជា​ភាសា​នាង​បាន ខ្ញុំ​បាន​ប្រាប់​នាង​ថា ព្រះ​បើកសម្ដែង​ដល់​នាង​លើស​ជាង​ចំណេះដឹង​ខាង​លោកិយ​នាង​ទៅ​ទៀត ។

នាង​ដឹង​តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ថា តាម​រយៈ​ព្យាការី​ទ្រង់ ព្រះ​ទុក​ព្រះទ័យ​យ៉ាង​ខ្លាំង​លើ​ស្វាមី​ដែល​នាង​ស្រឡាញ់ ។ នាង​ដឹង​ដោយ​ខ្លួន​នាង​ថា កូនសោ​ដើម្បី​ប្រគល់​អំណាច​ផ្សារភ្ជាប់ ត្រូវ​បាន​កាន់​ដោយ​បុរស​ម្នាក់​ដែល​នាង​មិន​ដែល​ឃើញ ហើយ​នាង​ដឹង​ស្រេច​ហើយ​ថា​គាត់​ជា​ព្យាការី​ដែល​កំពុង​រស់នៅ​របស់​ព្រះ ។ នាង​ដឹង​ដោយ​មិន​បាច់​មាន​សាក្សី​កំពុង​រស់នៅ​ណាមួយ​មក​ប្រាប់​ថា ព្យាការី បាន​អធិស្ឋាន​ពី​ឈ្មោះ​ស្វាមី​នាង​ឡើយ ។ នាង​ដឹង​ដោយ​ខ្លួន​ឯង​ថា ព្រះ​បាន​ហៅ​ការបម្រើ​នេះ ។

នាង​ក៏​ដឹង​ថា គ្រប់​ពិធី​បរិសុទ្ធ​ដែល​ស្វាមី​នាង​នឹង​ធ្វើ អាច​ផ្សារភ្ជាប់​មនុស្ស​សម្រាប់​ភាពអស់កល្ប​ជានិច្ច​ក្នុង​នគរ​សេឡេស្ទាល​បាន ។ នាង​បាន​បញ្ជាក់​ទៅ​ដល់​ចិត្ត និង​គំនិត​ខ្លួន​ពី​ការសន្យា​ដែល​ព្រះអម្ចាស់​ធ្វើ​ដល់​ពេត្រុស នៅ​តែ​មាន​ក្នុង​សាសនាចក្រ​ថា ៖ « បើ​អ្នក​នឹង​ចងទុក​អ្វី​ៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ » ។5 នាង​ដឹង​រឿង​នោះ​ដោយ​ខ្លួន​ឯង​តាម​រយៈ​វិវរណៈ​ពី​ព្រះ ។

ចូរ​យើង​គិត​ពី​អ្វី​ដែល​ខ្ញុំ​លើកឡើង​ពី​ដំបូង ។ « វិវរណៈ​បន្ត​មាន​ក្នុង​សាសនាចក្រ ៖ ព្យាការី​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ ប្រធាន​ស្តេក ប្រធាន​បេសកកម្ម ឬ​ប្រធាន​កូរ៉ុម​ទទួល​វិវរណៈ​សម្រាប់ ស្តេក បេសកកម្ម កូរ៉ុម និង​វួដ ឪពុក និង​បុគ្គល​ទទួល​សម្រាប់​គ្រួសារ និង​ខ្លួនឯង​ផ្ទាល់ » ។6

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា​ការណ៍​នេះ​ពិត ។ ព្រះវរបិតាសួគ៌​ព្រះសណ្ដាប់​ការអធិស្ឋាន​របស់បងប្អូន ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់ ហើយ​ជ្រាប​ពី​ឈ្មោះ​បងប្អូន ។ ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង ជាព្រះប្រោសលោះ​នៃ​យើង ។ ទ្រង់​ស្រឡាញ់​បងប្អូន​លើស​ពី​ការយល់​របស់​បងប្អូន​ទៅ​ទៀត ។

ព្រះ​ប្រទាន​វិវរណៈ​ដល់​កូនចៅ​ទ្រង់​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្យាការី​ទ្រង់​លើ​ផែនដី ដែល​បច្ចុប្បន្ន​គឺ ថូម៉ាស  អេស ម៉នសុន ។ ខ្ញុំ​សូម​ធ្វើ​សាក្សី​ថា លោក​កាន់ ហើយ​ប្រើ​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​លើ​ផែនដី ។

ពេល​បងប្អូន​ស្ដាប់​ប្រសាសន៍​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ថ្លែង​ជំនួស​ទ្រង់ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​ទទួលបាន​វិវរណៈ​នៃ​ការយល់ដឹង​ដែល​បងប្អូន​ត្រូវការ​ដើម្បី​រកឃើញ​ផ្លូវ​ក្នុង​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ រស់នៅ​នឹង​ទ្រង់​ជា​គ្រួសារ​ដែល​បាន​ផ្សារភ្ជាប់​ជា​និរន្តរ៍ ។ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។