ឆ្នាំ ២០១០-២០១៩
តើ​បងប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ?
១០ 2014


តើ​បងប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ?

ការព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ជាង​ធ្វើតាម​ព្រះហឫទ័យ​ព្រះ​គឺ​ជា​ការប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ព្រះបញ្ញត្តិ​ធំៗ​ទី​មួយ និង ទី​ពីរ ។

«តើ​បងប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ?» ប្រធាន​ប៊យដ៍ ឃេ ផាកកឺ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ដោយ​សំណួរ​នេះ​ពេល​យើង​កំពុង​ធ្វើ​ដំណើរ​ទាំងអស់​គ្នា​ក្នុង​ការចាត់តាំង​ដំបូង​ខ្ញុំ​ក្នុង​នាម​ជា​ពួកចិតសិប​នាក់​ថ្មី ។ ដោយ​ពុំ​មាន​ការបកស្រាយ​ពី​សំណួរ​នេះ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់ ។ លោក​បន្ត​ថា «ពួកចិតសិបនាក់​ពុំ​ធ្វើ​ជា​តំណាង​រាស្ត្រ​ថ្លែង​ទៅ​កាន់​ព្យាការី​ឡើយ តែ​តំណាង​ព្យាការី​ថ្លែង​ទៅ​កាន់​រាស្ត្រ​ទៅ​វិញ» ។ សូម​លោក​កុំ​ភ្លេច​ថា​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ឲ្យ​សោះ!» វា​ជា​មេរៀន​ដ៏​មាន​អានុភាព ។

ការព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ជាង​ធ្វើតាម​ព្រះហឫទ័យ​ព្រះ​គឺ​ជា​ការប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ព្រះបញ្ញត្តិ​ធំៗ​ ទី​មួយ និង ទី​ពីរ (សូម​មើល ម៉ាថាយ 22:37–39) ។ វា​ជា​ការភ្លេច​ថា​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ។ ហើយ​យើង​ធ្លាប់​បាន​ធ្វើ​កំហុស​នោះ​ព្រោះ​យើង​ខ្លាច​មនុស្ស ។ ព្រះអម្ចាស់​បាន​ព្រមាន​យើង​ក្នុង​អេសាយ​ថា «កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះតិះដៀល​របស់​មនុស្ស​ឡើយ» (អេសាយ 51:7 សូម​មើល​ផងដែរ  2 នីហ្វៃទី2 8:7) ។ ក្នុង​ការនិមិត្ត​របស់​លីហៃ ការភិតភ័យ​នេះ​ផ្ដើម​ដោយ​ការចំអក​ ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្លេច​ពី​អ្វី​ដែល​ត្រូវ​ផ្ដោត​អារម្មណ៍ ហើយ​ដើរ​ចេញ​ពី​ដើមឈើ «មាន​ការខ្មាស់អៀន» (សូម​មើល 1 នីហ្វៃទី 1 8:25–28) ។

សម្ភាធ ពី​មិត្តភក្កិ​នេះ​ព្យាយាម​ផ្លាស់ប្ដូរ​ឥរិយាបថ​បុគ្គល​ម្នាក់​ដោយ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស ។ យើង​ព្យាយាម​ចុះសម្រុង​នឹង​មនុស្ស​ដែល​ចង្អុល​មក​នោះ តែ​កាល​ដែល​ខ្លាច​ចំពោះ​មនុស្ស​នាំ​ឲ្យ​មាន​បាប វា​ក្លាយ​ជា «អន្ទាក់» យោង​តាម​គម្ពីរ​សុភាសិត (សូម​មើល សុភាសិត 29:25) ។ អន្ទាក់​នេះ​ត្រូវ​បាន​ដាក់​ជា​នុយ​យ៉ាង​ប៉ិនប្រសប់​ដើម្បី​ទាក់ទាញ​ចំណង់​យើង​ឲ្យ​ចុះចូល ឬ​ពេញចិត្ត​នឹង​អ្វី​ដែល​ព្រះ​ពុំ​សព្វព្រះទ័យ ។ សម្រាប់​អ្នក​មាន​ជំនឿ​តិច វា​អាច​ជា​ថ្មជំពប់ ។ ឧទាហរណ៍ អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ខ្លះ​ខ្លាច​មនុស្ស​ក្នុង​បេសកកម្ម ហើយ​ពុំ​រាយការណ៍​ពី​ការធ្វើ​ខុស​ច្បាប់​របស់​ដៃគូ​ទៅ​ប្រធាន​បេសកកម្ម​ព្រោះ​តែ​គេ​ពុំ​ចង់​ធ្វើ​ឲ្យ​ដៃគូ​ខ្លួន​អន់ចិត្ត ។ ការកំណត់​ពី​អត្តចរិត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការចងចាំ​ពី​ការបញ្ជា​នៃ​ព្រះបញ្ញត្តិ​ធំៗ​ទី​មួយ និង​ទី​ពីរ (សូមមើល ម៉ាថាយ 22:37–39) ។ ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ដឹង​ថា គេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ ហើយ​មិនមែន​ជា​ដៃគូ​ខ្លួន​ទេ​នោះ វា​នឹង​ធ្វើ​ឲ្យ​គេ​មាន​ភាពក្លាហាន​ក្នុង​ការប្រឈម​មុខ

នៅ​អាយុ 22 ឆ្នាំ សូម្បី​យ៉ូសែប ស្ម៊ីធ បាន​ភ្លេច​ពី​អ្វី​ដែល​លោក​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​កាល​លោក​ទទូច​ដល់​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ ម៉ាទិន ហារីស ខ្ចី​ទំព័រ​សរសេរ​ដៃ 116 ទំព័រ ។ ប្រហែល យ៉ូសែប ចង់​ថ្លែង​អំណរគុណ​ដល់ ម៉ាទីន ចំពោះ​ការគាំទ្រ​លោក ។ យើង​ដឹង​ថា យ៉ូសែប អន្ទះសា​ក្រៃលែង​ចំពោះ​សាក្សី​ផ្សេង​ទៀត​ដែល​ឈរ​ឡើង​ជាមួយ​នឹង​លោក​ប្រឆាំង​នឹង​ភាពខុសឆ្គង និង​ពាក្យ​ចចាមអារ៉ាម​ដែលផ្សព្វផ្សាយ​អំពី​លោក ។

ទោះជា យ៉ូសែប លើក​យក​ហេតុផល​យ៉ាង​ដូចម្ដេច​ក្ដី ក៏​ព្រះអម្ចាស់​ពុំ​បាន​អធ្យាស្រ័យ​ដល់​ពួកលោក​ដែរ ហើយ​ហើយ​បាន​បន្ទោស​ដល់​លោក​ថា ៖ «អ្នក​តែងតែ​រំលង​ព្រះបញ្ញត្តិ … ហើយ​ទៅ​តាម​ការបញ្ចុះបញ្ចូល​ទាំងឡាយ​នៃ​មនុស្ស​លោក ។ ដ្បិត​មើល​ចុះ អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ» (គ. និង ស. 3:6–7 ការ​គូស​បញ្ជាក់​បាន​បន្ថែម) ។ បទពិសោធន៍​ដ៏​ឈឺចាប់​នេះ​បាន​ជួយ យ៉ូសែប ចងចាំ​ជានិច្ច​នូវ​អ្វី​ដែល​លោក​ត្រូវ​ផ្ដោត​អារម្មណ៍​លើ ។

ពេល​បុគ្គល​ម្នាក់ព្យាយាម​ទុកចិត្ត​លើ​មនុស្ស គេ​បាត់បង់​ទំនុក​ចិត្ត​លើ​ព្រះ ។ សូម​គិត​ថា​បុគ្គល​ម្នាក់​អាច​ធ្វើតាម​ព្រះហឫទ័យ​ព្រះ ហើយ​ទន្ទឹម​នឹង​នោះ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការលើ្មស​ក្រិតវិន័យ​របស់​មនុស្ស​នោះ​គឺ​មិន​ឯករាជ្យ​ទេ តែ​ជា​ការជិះ​ទូក​ពីរ ឬ​ព្យាយាម «បម្រើ​ចៅហ្វាយ​ពីរ» (ម៉ាថាយ 6:24;3 នីហ្វៃទី 3 13:24) ។

ពេល​វា​មាន​ភាពក្លាហាន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ សញ្ញាណ​នៃ​ភាពអង់អាច​ដ៏​ពិត​កំពុង​យក​ឈ្នះ​លើ​ការភ័យ​ខ្លាច​ចំពោះ​មនុស្ស ។ ឧទាហរណ៍ ការអធិស្ឋាន​របស់​ដានីយ៉ែល បាន​ជួយ​លោក​ប្រឈម​មុខ​នឹង​តោ តែ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​លោក​មិន​តក់ស្លុត​នោះ​គឺ​ការមិន​ព្រម​ចុះចាញ់​ស្ដេច​ដារីយុស (សូមមើល ដានីយ៉ែល  6) ។ ភាពក្លាហាន​នោះ​គឺ​ជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ចំពោះ​បុគ្គល​កោតខ្លាច​ព្រះ​ដែល​បាន​អធិស្ឋាន ។ ការអធិស្ឋាន​របស់​ព្រះនាង អេសធើរ ក៏​បាន​ជួយ​ឲ្យ​ព្រះ​នាង​ក្លាហាន​តតាំង​នឹង​ស្វាមី​ព្រះនាង​គឺ​ស្ដេច អ័ហាស៊ូរុស ដោយ​ដឹង​ថា​ព្រះនាង​ធ្វើ​ដូចនេះ​គឺ​ប្រថុយ​ជីវិត​ណាស់ (សូមមើល  នាង​អេសធើរ 4:8–16) ។

ភាព​ក្លាហាន​ពុំ​គ្រាន់តែ​ជា​គុណធម៌​គន្លឹះ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដូច​លោក ស៊ី អេស ល្វីស បាន​សម្គាល់​ឃើញ​ថា ៖ « ភាពក្លាហាន​គឺ​ជា…ទម្រង់​នៃ​រាល់​គុណធម៌​ក្នុង​ការសាកល្បង ។ …លោក​ពីឡាត់​មាន​ក្ដី​មេត្តា​រហូត​ដល់​មាន​ភាពប្រថុយប្រថាន» ។ 1ស្ដេច ហេរ៉ូឌ ព្រួយ​ព្រះទ័យ​ចំពោះ​សំណើ​ឲ្យ​កាត់​ក្បាល​យ៉ូហាន-បាទីស្ទ តែ​ចង់​ផ្គាប់​ចិត្ត «អ្នក​ដែល​អង្គុយ​នឹង​ទ្រង់» (ម៉ាថាយ 14:9) ។ ស្ដេច ណូអេ បាន​ត្រៀម​ខ្លួន​ដោះលែង អ័ប៊ីណាដៃ តែ​ដោយ​មាន​សម្ពាធ​ពី​ពួក​សង្ឃ​ទុច្ចរិត​បណ្ដាល​ឲ្យ​ទ្រង់​ប្រែ​ព្រះទ័យ (សូម​មើល ម៉ូសាយ 17:11–12) ។ ស្ដេច សូល បាន​រំលង​ព្រះបន្ទូល​ព្រះអម្ចាស់​ដោយ​ធ្វើ​តាម​ការបង្វក់​ព្រោះ​ទ្រង់ «ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្ដាប់​តាម​គេ​វិញ» (1 សាំយូអែលទី 1 15:24) ។ ដើម្បី​រម្ងាប់​ការបះបោរ​ពួក​អ៊ីស្រាអែល​នៅ​ជើង​ភ្នំ​ស៊ីណាយ អើរ៉ុន បាន​ឆ្លាក់​រូប​គោ​មាស​ដោយ​ភ្លេច​ពី​អ្វី​ដែល​លោក​ត្រូវ​ផ្ដោត​អារម្មណ៍ (សូមមើល និក្ខមនំ  32) ។ ពួកនាម៉ឺន​ក្នុង​សញ្ញា​ថ្មី​ជា​ច្រើន​នាក់ «បាន​ជឿ​ដល់ [ព្រះអម្ចាស់]​ដែរ តែ​ព្រោះ​ពួក​ផារីស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ ៖ ព្រោះ​គេ​ចូលចិត្ត​នឹង​សេចក្ដី​សរសើរ​របស់​មនុស្ស​ជាជាង​សេចក្ដី​សរសើរ​របស់​ព្រះ​វិញ» (យ៉ូហាន 12:42–43) ។ ព្រះគម្ពីរ​សម្បូរ​គំរូ​បែប​នេះ​ណាស់ ។

ឥឡូវ​នេះ​សូម​ស្ដាប់​ឧទាហរណ៏ដ៏​បំផុស​គំនិត​មួយ​ចំនួន ៖

  • ដំបូង មរមន ៖ «មើលចុះ ឪពុក​និយាយ​យ៉ាង​ក្លាហាន​ដោយ​បាន​សិទ្ធិអំណាច​ពី​ព្រះ ហើយ​ឪពុក​ពុំ​ខ្លាច​ អ្វី​ដែល​មនុស្ស​អាច​ប្រព្រឹត្ត​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ បណ្ដេញ​ការភ័យ​ខ្លាច​ចេញ​អស់​ទៅ »។​(មរ៉ូណៃ 8:16 ជា​ការបញ្ជាក់​បន្ថែម) ។

  • នីហ្វៃ ៖ «ហេតុដូច្នោះ​ហើយ អ្វីៗ​ដែល​ផ្គាប់​ចិត្ត​ដល់​មនុស្ស​លោក នោះ​ខ្ញុំ​មិន​សរសេរ​ទេ ប៉ុន្តែ​ខ្ញុំ​សរសេរ​អំពី​អ្វីៗ​ដែល​សព្វព្រះទ័យ​ដល់​ព្រះ ហើយ​គាប់​ចិត្ត​ដល់​អស់​អ្នក​ណា​ដែល​មិនមែន​ជា​របស់​ផង​លោកិយ​នោះ​វិញ» (នីហ្វៃទី 1 6:5) ។

  • មេទ័ព មរ៉ូណៃ ៖ «មើលចុះ ខ្ញុំ​ជា​មរ៉ូណៃ ជា​មេទ័ព​ឯក​របស់​អ្នក ។ ខ្ញុំ​មិន​ស្វែងរក​អំណាច​ទេ តែ​រក​ទាញ​ទម្លាក់​វា​ចុះ​វិញ ។ ខ្ញុំ​មិន​ស្វែងរក​កិត្តិយស​នៃ​លោកិយ​ទេ តែ​ស្វែងរក​សិរីល្អ​នៃ​ព្រះ​របស់​ខ្ញុំ និង​សេរីភាព និង​សុខុមាលភាព​របស់​ប្រទេស​ខ្ញុំ​វិញ» (អាលម៉ា 60:36) ។

មរ៉ូណៃ​ពេញ​ដោយ​ភាពក្លាហាន ក្នុង​ការចងចាំ​ពី​អ្វី​ដែល​លោក​ផ្ដោត​អារម្មណ៍​លើ ដូច​គេ​ថ្លែង​ពី​លោក​ថា ៖ «បើសិនជា​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់នៅ ហើយ​កំពុង​រស់នៅ ហើយ​នឹង​រស់នៅ​ដូច មរ៉ូណៃ មើលចុះ អំណាច​ទាំងឡាយ​របស់​ស្ថាននរក​នឹង​ត្រូវ​ញ័រ​រន្ធត់​រហូត​តទៅ មែនហើយ អារក្ស​នឹង​គ្មាន​អំណាច​ទៅ​លើ​ចិត្ត​នៃ​កូនចៅ​មនុស្ស​ឡើយ» (អាលម៉ា 48:17) ។

ពួក​ព្យាការី​គ្រប់​ជំនាន់តែង​មាន​ការវាយប្រហារ​ខាង​ការចំអក​ឡកឡឺយ​ជានិច្ច ។ ហេតុអ្វី ? យោង​តាម​ព្រះគម្ពីរ វា​ព្រោះ​តែ «អ្នក​ណា​ដែល​មាន​ទោស​រាប់​សេចក្ដីពិត​ទុក​ជា​ការពិបាក ព្រោះ​អី​សេចក្ដីពិត​កាត់ទំលុះ​គេ​រហូត​ដល់​ដួងចិត្ត» (1 នីហ្វៃទី 1 16:2) ឬ​ដូច​ប្រធាន ហារ៉ូល ប៊ី លី បាន​សម្គាល់​ថា «បក្សី​ត្រូវ​គេ​សំពង​ញ័រ​ចំប្រប់!» 2 សកម្មភាព​ចំអក​គេ​ក្នុង​ភាពជាក់ស្ដែង​គឺ​ជា​ទោស​ដែល​ព្យាយាម​ការពារ​ខ្លួន​តួយ៉ាង​គឺ កូរីហូរ ដែល​ទីបំផុត​ឆ្លើយ​ឡើង​ថា «ខ្ញុំ​បាន​ដឹង​ជា​រហូត​មក​ថា មាន​ព្រះ​មួយ​អង្គ​មែន» (អាលម៉ា 30:52() ។ កូរូហូរ បាន​លង់​ក្នុង​ការបញ្ឆោត​ខ្លួនឯង​រហូត​ដល់​គាត់​ជឿ​លើ​ការកុហក​របស់​គាត់ (សូម​មើល អាលម៉ា 30:53) ។

អ្នក​ចំអក​តែង​ចោទ​ពួកព្យាការី​ថា​ជា​មនុស្ស​មិន​ទាន់សម័យ​ក្នុង​សតវត្ស​ទី 21 ឬ តាំង​ខ្លួនឯង​ថា​គ្រាន់បើ ។ គេ​ព្យាយាម​បញ្ចុះបញ្ចូល ថែមទាំង​ដាក់​សម្ពាធ​ដល់​សាសនាចក្រ​ដើម្បី​បន្ទាប​បទដ្ឋាន​របស់ព្រះ ឲ្យ​ត្រូវ​នឹង​ទង្វើ​មិន​សមរម្យ​របស់​ខ្លួន ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល មានប្រសាសន៍​ថា « គេនឹង​អភិវឌ្ឍការផ្គាប់​ចិត្ត​ខ្លួន ជំនួស​ឲ្យការ​ព្យាយាមអភិវឌ្ឍន៏​ខ្លួន 3 និង​ការប្រែចិត្ត​នោះ» ។  ការបន្ទាប​បទដ្ឋាន​ព្រះអម្ចាស់​ ឲ្យ​ត្រូវ​នឹង​ទង្វើ​មិន​សមរម្យ​ គឺ​ជា​ការក្បត់សាសនា ។ សាសនាចក្រ​ជា​ច្រើន​ក្នងចំណោម​ពួក​សាសន៍​នីហ្វៃ​នៅ​បន្ទាប់​ពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ចាប់ផ្ដើម «កែសម្រួល» គោលលទ្ធិ យោង​តាម​ប្រសាសន៍​អែលឌើរ ហូឡិន ។4

ពេល​បងប្អូន​ស្ដាប់​វគ្គ​គម្ពីរ​ចេញ​ពី​នីហ្វៃ​ទី 4 សូម​រក​មើល​ភាពស្រដៀង​គ្នា​នៅ​សម័យ​យើង​នេះ ៖ «ហើយហេតុការណ៍​បាន​កើតឡើង​ថា កាល​ឆ្នាំ​ទី​ពីររយដប់ បាន​កន្លង​ផុត​ទៅ នោះ​មាន​សាសនាចក្រ​ជាច្រើន​នៅ​លើ​ផែនដី មែនហើយ មាន​សាសនាចក្រ​ជាច្រើន​បាន​អះអាង​ថា​ស្គាល់​ព្រះគ្រីស្ទ ក៏​ប៉ុន្តែ​គេ​បាន​បដិសេធ​ដំណឹងល្អ​ភាគ​ច្រើន​របស់​ទ្រង់​ដរាប​ដល់​បាន​ទទួល​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ព្រម​ទាំង​បាន​ប្រគល់​អ្វីៗ​ដែល​ពិសិដ្ឋ​របស់​ទ្រង់​ដល់​ទៅ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហាមឃាត់​ដោយ​មក​ពី​ភាពមិន​សក្ដិសម» (នីហ្វៃទី 4 1:27) ។

អ្វី​ស្រដៀង​នេះ​កំពុង​កើតឡើង​ក្នុង​សម័យ​នេះ! សមាជិក​ខ្លះពុំ​ដឹង​ថា​គេ​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​តែ​មួយ​នេះ​ទេ កាល​គេ​ទទួល​យក «សណ្ដាប់ [ទាំងឡាយ] នៃ​ពួក​អយ្យកោ​របស់​ពួកគេ» ដែល​មិន​ស្រប​ទៅ​នឹង​វប្បធម៌​នៃ​ដំណឹងល្អ (គ. និង ស. 93:39) ។ សមាជិក​ខ្លះ​ទៀត បំភាន់ ហើយ​បដិសេធ​ខ្លួនឯង ដោយ​ទទូច ឬ​អង្វរ​ដល់​ប៊ីស្សព​ឲ្យ​បន្ទាប​បទដ្ឋាន​ក្នុង​ការទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ លិខិត​គាំទ្រ​ចូល​សាលា ឬ​ពាក្យ​ស្នើ​សុំធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ការធ្វើ​ជា​ប៊ីស្សព​ដែល​មាន​សម្ពាធ​ដូចនេះ​ពុំ​ងាយស្រួល​ឡើយ ។ យ៉ាងណាក្ដី ដូច​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ភាពស្អាត (សូមមើល យ៉ូហាន 2:15–16) នោះ​ប៊ីស្សព​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​ហៅ​ឲ្យ​រក្សា​ភាពគង់វង្ស​នៃ​បទដ្ឋាន​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា «យើង​នឹង​សម្ដែង​កាយ​យើង​ដល់​រាស្ត្រ​របស់​យើង​ដោយ​សេចក្ដី​មេត្តា​ករុណា … បើសិនជា​រាស្ត្រ​យើង​នឹង​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង ហើយ​មិន​បង្ខូច​ដំណាក់​ដ៏​បរិសុទ្ធ​នេះ» (គ. និង ស. 110:7–8) ។

ព្រះអង្គសង្គ្រោះ​ជា​គំរូ​អស្ចារ្យ​​ទ្រង់តែង​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះវរបិតា​ទ្រង់​ជានិច្ច ។ ទ្រង់​ស្រឡាញ់ ហើយ​បម្រើ​មនុស្ស​ជុំវិញ តែ​មាន​បន្ទូល​ថា «ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ» (យ៉ូហាន 5:41) ។ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​មនុស្ស​ដែល​ទ្រង់​បង្រៀន​ដើរតាម​ទ្រង់ ពុំ​ចង់​បាន​ប្រជាប្រិយភាព​ពី​គេ​ឡើយ ។ កាល​ទ្រង់​បាន​សម្ដែង​ទង្វើ​សប្បុរសធម៌​ដូចជា​ប្រោស​អ្នក​ឈឺ ទ្រង់​តែង​ស្នើ «កុំ​ប្រាប់​អ្នក​ឯ​ណា​ឲ្យ​សោះ» (ម៉ាថាយ 8:4 ម៉ាកុស 7:36 លូកា 5:14 8:56) ។ ទ្រង់​ធ្វើ​បែប​នេះ​ដើម្បី​ចៀសវាង​ការឮសុះសាយ​ដែល​កើតមាន​ដែល​ទោះជា​ទ្រង់​ព្យាយាម​ចៀស​ឲ្យ​ផុត​យ៉ាងណានោះ​ក្ដី (សូមមើល ម៉ាថាយ 4:24) ។ ទ្រង់​បាន​ថ្កោល​ទោស​ដល់​ពួក​ផារីស៊ី​ដែល​ប្រព្រឹត្ត​ល្អ​ឲ្យ​តែ​មនុស្ស​មើល​​ឃើញ (សូមមើល ម៉ាថាយ 6:5) ។

ព្រះអង្គសង្គ្រោះ​ជា​អង្គ​គ្រប់​លក្ខណ៍​តែ​មួយ​អង្គ​គត់​ដែល​រស់នៅ​ដោយ​គ្មាន​ការភិតភ័យ ។ ក្នុង​ព្រះជន្ម​ទ្រង់ ទ្រង់​ត្រូវ​ប្រឈម​មុខ​នឹង​ការចំអក​ជា​ច្រើន តែ​ទ្រង់​ពុំ​ដែល​បណ្ដោយ​តាម​ការចំអក​នោះ​ឡើយ ។ ទ្រង់​ជា​អង្គ​តែ​មួយ​គត់​ដែល​ពុំ​ដែល​ភ្លេច​ពី​អ្វី​ដែល​ទ្រង់​ផ្ដោត​អារម្មណ៍​លើ​នោះ​ឡើយ ៖ «ខ្ញុំ​ចេះ​តែ​ ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ [ព្រះវរបិតា] ជា​ដរាប» (យ៉ូហាន 8:29 គូសបញ្ជាក់​បន្ថែម) ហើយ «ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក» (យ៉ូហាន 5:30) ។

ចន្លោះ​នីហ្វៃ​ទី 3 ជំពូក 11 និង នីហ្វៃ​ទី 3 ជំពូក 28 ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ងារ ព្រះវរបិតា យ៉ាងហោចណាស់ 150 ដង ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ពួកសាសន៍​នីហ្វៃ​ថា ទ្រង់​ជា​តំណាង​ឲ្យ​ព្រះវរបិតា​ទ្រង់ ។ ហើយ​ពី​យ៉ូហាន ជំពូក 14 ដល់  17 ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ពី​ព្រះវរបិតា​យ៉ាងហោចណាស់ 50 ដង ។ គ្រប់​ស្ថានភាព​ទាំងអស់ ទ្រង់​ជា​សិស្ស​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះវរបិតា​ទ្រង់ ។ ទ្រង់​ដើរ​តួ​តំណាង​ឲ្យ​ព្រះវរបិតា​ទ្រង់​បាន​យ៉ាង​ល្អ​ឥតខ្ចោះ ដែល​ការស្គាល់​ព្រះអង្គ​សង្គ្រោះ​ក៏​ដូច​ជា​ស្គាល់​ព្រះវរបិតា​ដែរ ។ ដែល​ឃើញ​ព្រះរាជបុត្រា នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ (សូម​មើល យ៉ូហាន 14:9) ។ ដែល​ឮ​ពី​ព្រះរាជបុត្រា នោះ​ក៏​បាន​ឮ​ពី​ព្រះវរបិតា​ដែរ (សូម​មើល យ៉ូហាន 5:36) ។ ទ្រង់​មាន​លក្ខណៈ​ដែល​មិន​អាច​បែងចែង​ចេញ​ពី​ព្រះវរបិតា​ទ្រង់​បាន​ឡើយ ។ ព្រះវរបិតា​ទ្រង់ និង​ទ្រង់​រួម​គ្នា​តែ​មួយ (សូមមើល យ៉ូហាន 17:21–22) ។ ទ្រង់​ជ្រាប​ដោយ​ឥត​ខ្ចោះ​ពី​អ្វី​ដែល​ទ្រង់​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ ។

សូម​ឲ្យ​គំរូ​ដ៏​បំផុសគំនិត​ទ្រង់​ពង្រឹង​យើង​ប្រឆាំង​នឹង​ជង្ហុក​នៃ​ពាក្យ​បញ្ជោរ​ពី​មនុស្ស​ដទៃ ឬ​ពី​ខ្លួនឯង ។ សូម​ឲ្យ​គំរូ​នេះ​ធ្វើ​ឲ្យ​យើង​ក្លាហាន​លើ​ភាពភ័យខ្លាច ឬ​បំពេញ​តាម​ការគំរាមកំហែង​ឡើយ ។ សូម​ឲ្យ​គំរូ​នេះ​បំផុសគំនិត​យើង​ឲ្យ​ចេញ​ទៅ​ប្រព្រឹត្ត​ល្អ​ដោយ​ពុំ​បញ្ចេញ​ឈ្មោះ ហើយ​កុំ «ប្រាថ្នា​ចង់​បាន​កិត្តិយស​នៃ​មនុស្ស​លោក» (គ. និង ស. 121:35) ។ ហើយ​សូម​ឲ្យ​គំរូ​គ្មាន​ពីរ​របស់​ទ្រង់​ជួយ​យើង​ឲ្យ​ចងចាំ​ជានិច្ច​នូវ អ្វី​ ដែល​ជា «ព្រះបញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ» (ម៉ាថាយ 22:38) ។ ពេល​មនុស្ស​ដទៃ​ទាមទារ​សិទ្ធិ​ប្រឆាំង​នឹង​បញ្ញត្តិ​ព្រះ សូម​ឲ្យ​យើង​ចងចាំ​ជានិច្ច​ថា​យើង​ជា​សិស្ស​ប្រភេទ​ណា និង​អ្វី​ដែល​យើង​ផ្ដោត​អារម្មណ៍​លើ ជា​ការអធិស្ឋាន​ខ្ញុំ​ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. ស៊ី  អេស ល្វីស The Screwtape Letters, rev. ed. (ឆ្នាំ 1982) ទំព័រ 137–38 ។

  2. ហារ៉ូល  ប៊ី លី ក្នុង Mine Errand from the Lord: Selections from the Sermons and Writings of Boyd K. Packer   (ឆ្នាំ 2008) ទំព័រ 356 ។

  3. នែល  អេ ម៉ាក់ស្វែល «ការប្រែចិត្ត» Ensign ខែ វិច្ឆិកា ឆ្នាំ 1991 ទំព័រ 32 ។

  4. ជែហ្វ្រី  អ័រ ហូឡិន “The Call to Be Christlike,” Ensign, ខែ មិថុនា ឆ្នាំ 2014 ទំព័រ 33; Liahona, ខែ មិថុនា ឆ្នាំ 2014 ទំព័រ 35 ។