ឆ្នាំ ២០១០-២០១៩
ពិធីសាក្រាម៉ង់ និង ដង្វាយធួន
១០ 2014


ពិធីសាក្រាម៉ង់ និង ដង្វាយធួន

ពិធីបរិសុទ្ធ​នៃ​​សាក្រាម៉ង់ ត្រូវ​តែ​ក្លាយ​ជា​ពិធី​ដ៏បរិសុទ្ធ ហើយ​ពិសិដ្ឋថែមទៀត​ចំពោះ​យើង​ម្នាក់ៗ។

នាពេល​ល្ងាច​ក្នុង​សួនច្បារ​គេតសាម៉ានី និង នៅលើ​ភ្នំកាល់វ៉ារី ព្រះយេស៊ូវ​បានហៅ​ពួកសាវក​ទ្រង់​មក​ជុំគ្នា ដើម្បី​ធ្វើ​ការ​ថ្វាយ​បង្គំ​ជាចុងក្រោយ។ ការ​ថ្វាយ​បង្គំនោះ​ធ្វើ​ឡើង​នៅ​បន្ទប់ខាង​លើ​ក្នុង​ផ្ទះ​របស់​សិស្ស​ម្នាក់​នៅ​ក្រុង​យេរូសាឡឹម ហើយ​វាជា​ពេល​នៃបុណ្យរំលង។​1

នៅ​ពីមុខពួកគេ​មាន​អាហារ​សម្រាប់​បុណ្យរំលង​តាម​ទំនៀមទម្លាប់ ដូចជា សាច់ចៀម​ដែល​បានធ្វើ​យញ្ញបូជា ស្រា និង​នំប៉័ង​គ្មាន​ដំបែ ជា​តំណាង​ឲ្យ​សេចក្ដីសង្គ្រោះ​ឲ្យ​រួច​ពី​ភាពជាទាសករ និងសេចក្ដីស្លាប់កាល​ពី​បុរាណ​របស់​ពួកអ៊ីស្រាអែល2 និង​នៃ​ការ​ប្រោសលោះដែល​នឹង​មក​ដល់​នាពេលខាង​មុខ។3 កាល​ការបរិភោគ​អាហារ​ហៀប​នឹង​បញ្ចប់ ព្រះយេស៊ូវ​បាន​យក​នំប៉័ង​មក​ប្រសិទ្ធពរ ហើយ​កាច់វា4 រួច​ហុច​ឲ្យ​ពួក​សិស្ស​ទ្រង់ ដោយ​មាន​បន្ទូល​ថា «ចូរ​យក​បរិភោគចុះ»។5 «នេះ​ហើយ​ជារូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់គ្នា ចូរធ្វើ​បុណ្យ​នេះដើម្បី​រំឭក​ពី​ខ្ញុំចុះ»។6 តាមរបៀប​ស្រដៀង​គ្នា​នេះដែរ ទ្រង់បាន​យក​ស្រា​មួយ​ពែង​មក​ប្រសិទ្ធពរ រួច​ហុច​ទៅ​អ្នកដែល​នៅ​ជុំវិញ​ទ្រង់ ដោយ​មាន​បន្ទូល​ថា ៖ «ពែងនេះ​ជា​សេចក្ដីសញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ​»7 «ដែល​បាន​ច្រួច​ចេញ...​ប្រយោជន៍​នឹង​ផ្តាច់​បាប»។8 «ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ»។9

តាម​របៀប​ដ៏​សាមញ្ញ តែ​ពោរពេញ​ដោយ​អត្ថន័យ​នេះ ព្រះយេស៊ូវ​បានណែនាំ​ពី​ពិធីបរិសុទ្ធ​ថ្មី​មួយ​ដល់​រាស្ត្រ​នៃសេចក្ដីសញ្ញាណ​របស់​ព្រះ។ ការ​បង្ហូរ​ឈាម​សត្វ ឬ​ការ​ដុតសាច់សត្វ​ដើម្បីចងចាំ​ពី​ពលិកម្ម​ដ៏​ប្រោសលោះ​របស់​ព្រះគ្រីស្ទ​ដែល​នឹង​យាង​មក​គឺគ្មាន​ទៀតឡើយ។10 ផ្ទុយទៅវិញ និមិត្តសញ្ញា​នៃការ​បំបែកសាច់ និង ការ​បង្ហូរ​លោហិត​របស់​ព្រះគ្រីស្ទ​ដែល​បាន​យាងមក​រួចហើយនោះ នឹង​ត្រូវបាន​គេទទួល​យក ហើយ​បរិភោគ​ដើម្បី​រំឭកចាំ​ដល់​ពលិកម្ម​ដ៏​ប្រោសលោះ​របស់​ទ្រង់វិញ។11 ការ​ចូល​រួម​នៅ​ក្នុង​ពិធីបរិសុទ្ធ​ថ្មី​នេះ​ នឹង​បញ្ជាក់​ដល់​មនុស្ស​ទាំងអស់​ពីការ​ទទួល​យក​​ព្រះយេស៊ូវដ៏​​មុតមាំ​មួយ ក្នុង​នាម​ទ្រង់​ជា​​ព្រះគ្រីស្ទ​ដែល​បានសន្យា និង​ពី​ចេតនាទាំងស្រុង​ដើម្បី​ធ្វើ​តាម​ទ្រង់ ហើយ​គោរព​បទបញ្ញត្តិ​ទ្រង់។ ចំពោះជន​ដែល​នឹង​បញ្ជាក់បែបនេះ ហើយ​រស់​នៅ​តាម​ការណ៍​នេះ នោះ​សេចក្ដីស្លាប់ខាង​វិញ្ញាណ​នឹង​ «រំលង» ពួកគេ ហើយ​ពួកគេ​នឹង​ទទួលបាន​ជីវិត​អស់កល្ប។

ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូវ​បាន​យាង​ចូល​ទៅ​ក្នុង​សួន​ច្បារ​គេតសាម៉ានី ត្រូវបាន​គេ​នាំ​ទៅលើ​ភ្នំកាល់វ៉ារី ហើយ​បាន​យាងចេញ​ពី​ផ្នូរ​របស់​អារីម៉ាធីន​ដោយ​ភាពជោគជ័យ។ បន្ទាប់ពី​ទ្រង់​យាង​ចេញ​ពី​ពួកគេទៅ ពួកសិស្ស​ដ៏ស្មោះត្រង់​របស់​ព្រះយេស៊ូវ​ទាំង​ក្នុង​ និង​ក្រៅ​ក្រុង​​យេរូសាឡឹម​ បាន​មក​ជួបជុំគ្នា​នៅ​ថ្ងៃទីមួយ​នៃសប្ដាហ៍ដើម្បី «កាច់​នំបុ័ង»12 ហើយ​បាន​ធ្វើ​ដោយ «ខ្ជាប់ខ្ជួន»។​13 ពិតណាស់ ពួកគេបាន​ធ្វើ​ដូច្នេះ ពុំមែន​គ្រាន់តែ​ដើម្បី​រំឭកចាំ​ដល់​ព្រះអម្ចាស់​របស់​ពួកគេ​ ដែល​បាន​យាងចេញ​ទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​សម្ដែង​ការ​ដឹងគុណ និង​សេចក្ដីជំនឿ​លើ​ការ​ប្រោសលោះ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​ពួកគេ​ផងដែរ។

ជាពិសេស កាល​ព្រះយេស៊ូវ​បាន​យាង​ទៅ​ជួប​ពួក​សិស្ស​ទ្រង់​នៅ​ទ្វីបអាមេរិក ទ្រង់​ក៏​បាន​ណែនាំ​ពិធីសាក្រាម៉ង់​ដល់​ពួកគេ​ដែរ។14ដោយ​ធ្វើ​ដូចនោះ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ហើយ​ការណ៍​នេះ​អ្នករាល់គ្នា​ត្រូវធ្វើជានិច្ច»15 ហើយ «ជាទីបន្ទាល់ដល់​ព្រះវរបិតា​ថា អ្នករាល់គ្នា​ចងចាំ​ដល់​យើង​ជានិច្ច»។16 ជាថ្មី​ម្ដងទៀត នៅ​គ្រាចាប់ផ្ដើម​នៃការ​ស្ដារឡើងវិញ ព្រះអម្ចាស់​បានណែនាំ​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ដោយ​ប្រទាន​ការ​ណែនាំ​ដល់​យើង​ស្រដៀងគ្នា​ដែល​ទ្រង់បានប្រទាន​ដល់​ពួកសិស្ស​ទ្រង់​កាល​ពី​មុន​ដែរ។17

ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់នេះ​ត្រូវបាន​ហៅថា ជា «ពិធី​បរិសុទ្ធ​មួយ​ដ៏បរិសុទ្ធ ហើយ​ពិសិដ្ឋ​បំផុត​នៅ​ក្នុង​សាសនាចក្រ»។18 វា​ត្រូវ​តែ​ក្លាយ​ជា​ពិធី​ដ៏​បរិសុទ្ធ ហើយ​ពិសិដ្ឋ​ថែមទៀត​ចំពោះ​យើង​ម្នាក់ៗ។ ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ ​បានណែនាំ​ពិធីបរិសុទ្ធ​នេះ​ដើម្បី​រំឭក​យើង​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ដើម្បី​ប្រោសលោះ​យើង ហើយ​បង្រៀន​យើង​ពី​របៀប​ដែល​យើង​អាច​ប្រើ​ការ​ប្រោសលោះ​ទ្រង់​ដោយ​ជោគជ័យ ហើយ​អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ម្ដងទៀត។

ជាមួយ​នឹង​នំប៉័ង​ដែល​បាន​កាច់ យើង​បញ្ជាក់​ថា យើង​ចងចាំ​ពី​ព្រះកាយ​របស់​ព្រះយេស៊ូវគ្រីស្ទ—ជា​រូបកាយ​ដែល​បាន​រងនូវ​ការ​ឈឺចាប់ ទុក្ខព្រួយ និង​ការ​ល្បួង​គ្រប់ប្រភេទ19 ជា​រូបកាយ​ដែល​ទ្រាំទ្រ​បន្ទុក​នៃ​ការ​ឈឺចាប់​រហូត​ដល់ចេញ​ឈាម​ពីគ្រប់​គល់រោម20 ជា​រូបកាយ​ដែល​សាច់ឈាម​ត្រូវរង​ការ​វាយដំ រីឯ​បេះដូងត្រូវ​ឈប់ នៅ​ពេល​គេឆ្កាងទ្រង់។21យើង​បញ្ជាក់​ពី​ជំនឿ​យើង​ថា កាល​ដែល​រូបកាយទ្រង់​នោះ​ ត្រូវបានគេ​ធ្វើគត នោះ​រូបកាយនោះ​​បាន​រស់​ឡើងវិញ​ចេញ​ពី​ផ្នូរ ហើយ​មិន​ចេះ​ឈឺ ស្អុយរលួយ ឬ​សេចក្ដីស្លាប់​ទៀត​ឡើយ។22 ហើយ​កាល​យើង​យក​នំប៉័ង​នោះ​មក​ទទួលទាន យើង​ទទួលស្គាល់​ថា រូបកាយ​យើង​​នឹង​ត្រូវ​បាន​ដោះលែង​ពី​ចំណង​នៃ​សេចក្ដីស្លាប់ ក្រោក​ចេញពី​ផ្នូរ​ដោយ​ភាពជោគជ័យ ហើយ​ត្រូវបាន​ផ្គុំ​ជាមួយ​នឹង​វិញ្ញាណ​ដ៏​អស់កល្ប​របស់​យើង​ ដូចជា​រូបកាយ​រមែងស្លាប់​របស់​ព្រះគ្រីស្ទ​ដែរ។23

ជាមួយ​នឹង​ទឹកមួយ​ពែងតូច យើង​បញ្ជាក់​ថា ​យើង​ចងចាំ​ដល់​លោហិត​ដែល​ព្រះយេស៊ូវ​បាន​ច្រួច និង​ការ​រងទុក្ខ​ខាង​វិញ្ញាណ​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​សម្រាប់​មនុស្ស​លោក។ យើង​ចងចាំ​ពី​ការ​ឈឺចាប់​ដែល​ធ្វើ​ឲ្យ​ដំណក់លោហិត​ជាច្រើន​បាន​ស្រក់​នៅ​ក្នុង​សួន​គេតសេម៉ានី។24 យើង​ចងចាំ​ពី​ការ​វាយដំ និង​ការ​ធ្វើ​ទុក្ខទោស​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​ក្នុង​កណ្ដាប់ដៃ​របស់​ពួកអ្នកដែល​ចាប់ចង​ទ្រង់។25 យើង​ចងចាំពី​លោហិត​ដែល​ទ្រង់បាន​ច្រួចចេញ​ពី​ព្រះហស្ដ​ ព្រះបាទា និង​ព្រះចំហៀង​ទ្រង់ កាល​នៅ​លើ​ភ្នំ​កាល់វ៉ារី។26 ហើយ​យើង​ចងចាំពី​ព្រះតម្រិះ​ទ្រង់​ផ្ទាល់ ​ពី​ការ​រងទុក្ខ​របស់​ទ្រង់​ថា ៖ «ឈឺដល់ណា​នោះ​អ្នកមិន​ដឹង​ទេ ជ្រួតជ្រាប​ដល់​ណានោះ​អ្នក​មិន​ដឹង​ទេ មែន​ហើយ ធ្ងន់ធ្ងរ​ដល់​ណា​នោះ​អ្នក​មិន​ដឹង​ទេ»។27 កាល​យើង​ផឹកទឹកនោះ យើង​ទទួល​ស្គាល់​ថា ព្រះលោហិត​ និង​ការ​រងទុក្ខ​របស់​ទ្រង់​ដែល​បាន​ធួន​សម្រាប់​អំពើបាប​យើង ហើយ​ថា​ទ្រង់​នឹង​បង់សង​ជំនួស​អំពើបាប​យើង កាលណា​យើង​ឱបក្រសោប ហើយ​ទទួល​យក​គោលការណ៍ និង ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ទ្រង់។

ដូច្នេះ ដោយ​មាន​នំប៉័ង និង ទឹក យើង​ត្រូវបាន​រំឭកចាំ​ពី​សេចក្ដីប្រោសលោះ​របស់​ព្រះគ្រីស្ទ​ដល់​យើង​ឲ្យ​រួចផុត​ពី​សេចក្ដីស្លាប់ និង​អំពើបាប។ លំដាប់​នៃនំប៉័ង និង​ទឹក​ គឺ​ជារឿង​ដ៏​សំខាន់។ ដោយ​ទទួលទាន​នំប៉័ងនោះ យើង​ត្រូវបាន​រំឭកចាំ​ពី​ការរស់ឡើងវិញ​របស់យើង​នាថ្ងៃខាង​មុខ ដែល​វា​លើស​ពី​ការ​ផ្គុំគ្នា​ឡើង​វិញ​រវាង​រូបកាយ និង​វិញ្ញាណ​ទៅ​ទៀត។ ដោយ​អំណាច​នៃ​ការ​រស់ឡើងវិញ យើង​ទាំងអស់​គ្នា​នឹង​ត្រូវបាន​នាំ​ទៅ​វត្តមាន​របស់​ព្រះ​វិញ។28 ភាព​ប្រាកដ​ប្រជា​នោះ​បាន​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​សំណួរ​ដ៏​សំខាន់​ក្នុង​ជីវិត។ សំណួរ​ដ៏​សំខាន់​ដែល​យើង​គ្រប់គ្នា​មាន គឺពុំមែន​ថា​តើ​យើង​នឹង​មានជីវិត​រស់​ដែរ​ឬ​អត់​នោះទេ ប៉ុន្តែ​ថាតើ​យើង​នឹង​រស់នៅ​ជាមួយ​នរណា​ ក្រោយ​ពេល​យើង​ស្លាប់​ទៅ។ កាល​យើង​គ្រប់គ្នា​នឹង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ ​ពុំ​មែន​មាន​ន័យ​ថា​យើង​ទាំង​អស់​គ្នា​បាន​រស់នៅ​នឹង​ទ្រង់​នោះ​ទេ។

នៅ​ក្នុង​ជីវិត​នេះ យើង​គ្រប់គ្នា​បាន​ប្រឡាក់​ដោយ​អំពើបាប និង​អំពើ​រំលង។29 យើង​នឹង​មាន​គំនិត ពាក្យសម្ដី ការងារ​ដែល​ខ្វះគុណធម៌។30 និយាយ​ឲ្យ​ខ្លីទៅ យើង​នឹង​ខ្វះ​ភាពស្អាតស្អំ។ ហើយ​លទ្ធផល​នៃ​ការ​ខ្វះភាពស្អាតស្អំ​នៅ​ក្នុង​វត្តមាន​របស់ព្រះ នោះ​ព្រះយេស៊ូវ​បាន​មានបន្ទូល​យ៉ាងច្បាស់​ថា៖ «គ្មានអ្វីដែល​មិន​ស្អាតអាច​អាស្រ័យនៅ​ ...ក្នុង​វត្តមាន​របស់ទ្រង់បានឡើយ»។31តថភាពនោះ បានធ្វើ​ឲ្យ​អាលម៉ា​ជា​កូន​ឃើញ​យ៉ាងច្បាស់ ថា​គាត់​ត្រូវបាន​ធ្វើ​បាប រងទុក្ខ ហើយ​ឈឺចាប់ដោយសារតែ​ភាពមិន​ស្អាតស្អំ​របស់​គាត់ កាលជួប​នឹង​ទេវតា​បរិសុទ្ធ រហូតដល់​គាត់មាន​បំណង​ចង់ «រលត់ទៅទាំង​ព្រលឹង​ទាំងរូបកាយ ដើម្បី[គាត់]មិន​អាច​នាំ​ទៅ​ឈរ​នៅ​វត្ត​មាន​នៃព្រះ»។32

ក្នុងការ​ទទួលទឹក​ក្នុង​ពិធីសាក្រាម៉ង់ យើង​ត្រូវ​បានបង្រៀន​ថា យើង​អាចនឹង​ត្រូវបាន​លាងជម្រះ​ពី​អំពើបាប និង​អំពើ​រំលង ហើយ​អាច​ឈរ​នៅ​ក្នុង​វត្តមាន​របស់ព្រះ។ តាមរយៈ​ការ​ច្រួច​នៃ​លោហិត​ដ៏ស្មោះត្រង់​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញតម្រូវការ​នៃសេចក្ដីយុត្តិធម៌​សម្រាប់​រាល់​អំពើបាប និង អំពើ​រំលង។ រួច​ទ្រង់​បានសន្យា​នឹងធ្វើ​ឲ្យ​យើង​បាន​ស្អាតស្អំ បើ​យើង​មាន​ជំនឿ​លើ​ទ្រង់ល្មម​គ្រប់គ្រាន់​ដើម្បី​ប្រែចិត្ត ទទួល​យក​រាល់​ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​នៃ​សេចក្ដីសង្គ្រោះ ដោយ​ចាប់ផ្ដើម​នឹង​បុណ្យជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ។ បន្ទាប់ពី​យើងទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ហើយ យើង​ត្រូវបាន​លាងសម្អាត ហើយ​បាន​បរិសុទ្ធ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​យ៉ាងច្បាស់​ពី​គោលលទ្ធិ​នេះ​ថា៖

«គ្មាន​អ្វីដែល​ពុំ​ស្អាត​ណា​អាច​ចូលទៅ​ក្នុង​នគរ​របស់ [ព្រះ] បាន​ឡើយ...គ្មាន​អ្នកណា​អាច​ចូលទៅក្នុង​ទីសម្រាក​របស់​ទ្រង់​បាន​ទេ លើកលែង​តែ​អ្នកនោះ​បាន​លាង​សំលៀកបំពាក់​របស់​ខ្លួន ដោយ​នូវ​លោហិត​របស់​យើង។ …

«ឥឡូវនេះ នេះគឺជា​បញ្ញត្តិ​ថា៖ « ចូរ​ប្រែ​ចិត្ត​ចុះ​ ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែន​ដីអើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​យើងចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែក​ចេញ​ជាបរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ដោយ​គ្មាន​ទោសនៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ »។33

នេះ​គឺជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ។34 ពេល​យើង​ទទួល​គោលលទ្ធិនេះ ហើយ​រស់នៅ​ឲ្យ​ស្រប​តាមវា​ យើង​នឹង​ត្រូវបាន​លាង​ដោយ​លោហិត​នៃ​ព្រះគ្រីស្ទ ហើយ​បាន​ស្អាតស្អំ។35

តាម​រយៈការអធិស្ឋាន​សាក្រាម៉ង់ យើង​បង្ហាញ​ការ​ទទួល​យក​របស់​យើង​ចំពោះ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​រស់នៅ​តាម​វា។ ក្នុង​ការអះអាង​របស់​យើង​ចំពោះ​ព្រះ​ដែល​ជា​ព្រះវរបិតា​យើង យើង​ប្រកាស​ថា យើងនឹង «ចងចាំ» ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់​ជានិច្ច។ ដំបូង យើង​ធ្វើ​ជាសាក្សី​ពី «ឆន្ទៈ» របស់​យើង​ដើម្បី​ចងចាំ។ រួចហើយ​យើង​ធ្វើ​សាក្សី​ថា យើង​ «ពិត» ជា​ចងចាំ​មែន។ ដោយ​ធ្វើដូច្នេះ យើង​កំពុងធ្វើ​ការតាំងចិត្ត​ដ៏មុតមាំ ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និងសេច​ក្ដីប្រោស​លោះរបស់​ទ្រង់​ ដើម្បីឲ្យ​យើង​រួចពីសេច​ក្ដីស្លាប់ និង​អំពើបាប។

យើង​ប្រកាស​ថែមទៀត​ថា យើង​នឹង​ «គោរព​បទញ្ញត្តិ​របស់​ទ្រង់»។ នោះ​គឺជា​ការតាំងចិត្ត​ដ៏​មុតមាំ​ដើម្បី​ប្រែចិត្ត។ បើ​គំនិត​ ពាក្យសម្ដី ឬ​ទង្វើ​យើងមិន​ដូចអ្វី​ដែល​គួរតែធ្វើ នោះ​យើង​តាំងចិត្ត​ជាថ្មី​ដើម្បី​តម្រង់​ជីវិត​យើង​ឲ្យ​ស្រប​នឹង​ផ្លូវ​ទ្រង់​នៅ​ថ្ងៃ​ខាងមុខ។

បន្ទាប់ទៀត យើង​ប្រកាស​ថា យើង «នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន [យើង] នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​»។​36 នៅ​គឺជា​ការ​តាំង​ចិត្ត​ដ៏មុតមាំ ដើម្បី​បន្ទន់ខ្លួន​យើង​ទៅ​រក​សិទ្ធិអំណាច​របស់​ទ្រង់ ហើយធ្វើ​កិច្ចការ​ទ្រង់ ដែលរួមបញ្ចូល​ទាំង ការ​ទទួល​នៅ​រាល់​ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់ខ្លួន​ឯង​ផងដែរ។​37

ពេល​យើង​តាំងចិត្ត​កាន់​តាម​គោលការណ៍​ទាំងនេះ យើង​ត្រូវបាន​សន្យា​នៅ​ក្នុង​ការអធិស្ឋាន​សាក្រាម៉ង់​ថា យើង​នឹង​ «មាន​ព្រះវិញ្ញាណរបស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [យើង]»។38 ការ​ទទួល​បានព្រះវិញ្ញាណ​ម្ដងទៀត គឺជា​ពរជ័យ​មួយ​ដ៏ខ្ពស់​បំផុត ដោយសារព្រះវិញ្ញាណ​គឺជា​ភ្នាក់ងារ​ដែល​លាងជម្រះ ហើយ​ធ្វើ​ឲ្យ​យើងបាន​ស្អាត​ពី​អំពើ​បាប និង​អំពើរំលង។39

បងប្អូន​ប្រុសស្រី ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​នៅ​ពេល​នេះ និង​ដ៏​អស់កល្ប​ជានិច្ច​គឺជា​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ។ ទ្រង់​ដែល​សម្រេច​បាន​នូវ​ដង្វាយធួន បាន​ប្រទាន​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ដល់​យើង​ ដើម្បី​ជួយ​យើង​ឲ្យ​ចងចាំ ហើយ​ក៏​ប្រកាស​យ​ក​នូវ​រាល់​ពរជ័យ​នៃ​ដង្វាយធួន​នេះ​ផងដែរ។ ការ​ចូល​រួម​នៅ​ក្នុង​ពិធីបរិសុទ្ធ​ដោយ​ទៀងទាត់ ហើយ​ស្មោះត្រង់ ជួយ​យើង​ឲ្យ​បន្ត​ឱប​ក្រសោប ហើយ​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ បន្ទាប់​ពីបុណ្យ​ជ្រមុជទឹក ហើយដោយ របៀប​នោះ យើងធ្វើតាម ហើយ​បំពេញ​ដំណើរការ​នៃ​ការ​ធ្វើ​ឲ្យ​បរិសុទ្ធ។ ការពិត ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ជួយ​​យើង​ឲ្យ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​ដោយ​ស្មោះត្រង់ ហើយ​ទទួល​ភាពពេញ​លេញ​នៃ​ព្រះវរបិតា​តាម​របៀប​ដូចគ្នា ដែល​ព្រះយេស៊ូវ​បាន​ទទួល ជា​ព្រះគុណ​ថែម​លើ​ព្រះគុណ។​40

ខ្ញុំ​សូម​ថ្លែង​ជាសាក្សីពី​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ប្រោសលោះ​យើង​ទាំងអស់គ្នា​ឲ្យ​រួច​ពី​សេចក្ដីស្លាប់ និង​អំពើបាប និងពី​អំណាច​នៃ​ពិធីបរិសុទ្ធ​នៃបព្វជិតភាព​របស់​ទ្រង់ រួមបញ្ចូល​ទាំង ពិធីសាក្រាម៉ង់​ផងដែរ ដើម្បី​រៀបចំ​យើងអាច «មើលឃើញ​ព្រះភ័ក្ត្រ​នៃ​ព្រះ ជាព្រះវរបិតា ហើយ​រស់នៅ»។41 សូម​ឲ្យ​យើង​ទទួល​សាក្រាម៉ង់​នៅ​សប្ដាហ៍​ក្រោយ និង​សប្ដាហ៍​ក្រោយៗ​ទៀត ដោយ​មាន​បំណង​ដ៏​ជ្រាលជ្រៅ ហើយ​មាន​គោលបំណង​ស្មោះ​ជាងមុន ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន។