ឆ្នាំ ២០១០-២០១៩
ច្បាប់​តមអាហារ ៖ ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​ដើម្បី​ខ្វល់ខ្វាយ​ពីជនក្រីក្រ និង​អ្នក​ខ្វះខាត
១០ 2014


ច្បាប់​តមអាហារ ៖ ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​ដើម្បី​ខ្វល់ខ្វាយ​ពីជនក្រីក្រ និង​អ្នក​ខ្វះខាត

ដោយ​ជា​អ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ យើង​មាន​តួនាទី​ផ្ទាល់ខ្លួន​ដើម្បី​ខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នក​ខ្វះខាត ។

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់ ខ្ញុំ​ស្រឡាញ់​បុព្វជិតភាព ហើយ​ចូលចិត្ត​មាន​វត្តមាន​ជាមួយ​បងប្អូន ។ ខ្ញុំ​មាន​អំណរគុណ​ជា​ខ្លាំង ដែល​យើង​អាច​បម្រើ​ជាមួយគ្នា​ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​នេះ ។

យើង​រស់នៅ​ក្នុង​គ្រា​ដ៏​គួរ​ឲ្យកត់សម្គាល់ ។ ភាពជឿនលឿន​ដ៏​អស្ចារ្យ​ខាង​វិជ្ជសាស្ត្រ វិទ្យាសាស្ត្រ និង​ បច្ចេកវិទ្យា​ បាន​ធ្វើ​ឲ្យ​គុណភាព​​ជីវិតដល់​មនុស្ស​ជាច្រើន​។ ប៉ុន្តែ ក៏​នៅ​តែ​មាន​ភស្ដុតាង​នៃ​ការឈឺចាប់ និង ទុក្ខព្រួយ​នៃ​មនុស្ស​ដ៏មហិមា។ បន្ថែម​ពី​លើ​សង្គ្រាម និង ពាក្យចចាមអារ៉ាម​អំពី​សង្គ្រាម មាន​ការកើនឡើង​នៃ​គ្រោះមហន្តរាយ—​រួមទាំង​ទឹកជំនន់ អគ្គីភ័យ រញ្ជួយផែនដី និង ជំងឺរាតត្បាត—ដែល​កំពុង​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​ដឹង ហើយ​ប្រុងប្រយ័ត្ន​អំពី​សុខុមាលភាព​កូនចៅ​របស់​ព្រះ​គ្រប់​ទិសទី ។ ពេលណា និង កន្លែង​ណា​ដែល​អាច ធនធាន​សង្គ្រោះ​បន្ទាន់​របស់​សាសនាចក្រ ត្រូវបាន​ផ្ដល់​ឲ្យ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ ។ ឧទាហរណ៍ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ព្យុះ​ទីហ្វុង ហៃយ៉ាន បាន​បោកបក់​មក​លើ​ប្រជាជាតិកោះ​នៃ​ប្រទេស​ហ្វីលីពីន ។

ព្យុះ ទីហ្វុង ហៃយ៉ាន ដ៏ ធំ ជាងគេ ប្រភេទ 5 បាន បន្សល់ទុក នូវ ការបំផ្លិចបំផ្លាញ និង ការរងទុក្ខ ដ៏ ធំ សម្បើម ។ ទីក្រុង​ជាច្រើន​ត្រូវបាន​បំផ្លាញ​ទាំងស្រុង មនុស្ស​ជា​ច្រើន​នាក់​បាន​បាត់បង់​ជីវិត ផ្ទះ​រាប់​លាន​ខ្នង​បាន​ខូចខាត​យ៉ាង​ដំណំ រឺ ត្រូវ​បំផ្លាញ​ទាំងស្រុង ប្រព័ន្ធ​ចាំបាច់​នានា​ដូចជា ទឹក លូ និង អគ្គីសនី​ត្រូវ​បាន​ផ្ដាច់ ។

ធនធាន​របស់​សាសនាចក្រ​ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ភ្លាម​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គ្រោះមហន្តរាយ​នេះ ។ សមាជិក​សាសនាចក្រ​រស់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​ពួតដៃ​គ្នា​ជួយ​សង្គ្រោះ​បងប្អូន​ប្រុសស្រី​របស់គេតាមរយៈ​ការផ្ដល់​ស្បៀងអាហារ ទឹក សំលៀកបំពាក់ និង កញ្ចប់​អនាម័យ​ផ្សេងៗ​ទៀត​ទៅ​ដល់​សមាជិក និង អ្នក​មិនមែន​ជា​សមាជិក​ផងដែរ ។

សាលាប្រជុំ​របស់សាសនាចក្រ​បាន​ក្លាយជា​កន្លែង​ជ្រកកោន​ដល់​ជន​បាត់បង់​ផ្ទះសម្បែង​រាប់​ពាន់​នាក់ ។ ក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​តំបន់​ និង ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន មនុស្ស​ជាច្រើន​អ្នក​​បាន​បាត់បង់​អ្វី​គ្រប់​យ៉ាង​ដែលពួកគេមាន ការវាយតំលៃត្រូវបាន​ធ្វើ​ឡើង​ដើម្បី​កំណត់​ពី​ស្ថានភាព និង សុវត្ថិភាព​នៃ​សមាជិក​ទាំងអស់ ។ ផែនការ​ដ៏​បំផុស​គំនិត​ផ្សេងៗ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​សមាជិក​ឲ្យ​មាន​ស្ថានភាព​រស់នៅ​សមរម្យ និង មាន​ភាពខ្លួនទីពឹងខ្លួន​ឡើងវិញ។

ធនធាន​សមល្មម​ត្រូវបាន​ផ្ដល់​ដល់​សមាជិក​សាសនាចក្រ​ដើម្បី​សាងសង់​ជម្រក និង ផ្ទះ​ពី​ឈើ​របស់​ពួកគេ ។ នេះ​មិន​គ្រាន់តែ​ជា​អ្វី​ដែល​ចែក​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ ។ សមាជិក​ទាំងឡាយ​ទទួល​បានការហ្វឹកហ្វឺន ហើយ​ធ្វើការ​សម្រាប់​ខ្លួន​គេ​ផ្ទាល់ រួច​សម្រាប់​អ្នកដទៃ ។

ពរជ័យ​មួយ​ដែល​ទទួលបាន​នោះ​គឺ នៅ​ពេល​សមាជិក​បង្កើន​ជំនាញ​ខាង​ជាងឈើ ជួសជុល​ប្រព័ន្ធ​លូ និង សំណង់​ផ្សេងៗ នោះ​ពួកគេ​អាច​រកបាន​ការងារ​ដ៏មានអត្ថន័យ​នៅ​ទីក្រុង និង សហគមន៍​ក្បែរ​ខាង​ដែល​ចាប់ផ្ដើម​កសាង​ឡើងវិញ ។

ការ​ខ្វល់ខ្វាយ​ពី​ជនក្រីក្រ និង អ្នកខ្វះខាត​គឺ​ជា​មូលដ្ឋាន​នៃ​គោលលទ្ធិ​នៃ​ដំណឹងល្អ និង ជា​ចំនុច​សំខាន់​មួយ​ក្នុង​ ផែនការ​សង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច ។

មុន​ការបម្រើ​របស់​ទ្រង់​ជាសាច់ឈាម ព្រះយេហូវ៉ា​បាន​ប្រកាស តាមរយៈព្យាការី​ទ្រង់​​ថា ៖ «ពី​ព្រោះ​ពួក​ទាល់​ក្រ​មិន​ចេះ​ដែល​ផុត​ពី​ក្នុង​ស្រុក​ឡើយ ហេតុ​នេះ​បាន​ជា​អញ​បង្គាប់​ដល់​ឯង​ថា ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត នៅ​ក្នុង​ស្រុក​ឯង​ជា​កុំ​ខាន​វិញ» ។1

ក្នុង​សម័យ​យើង ការខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នកខ្វះខាត គឺជា​តួនាទី​មួយ​ក្នុងចំណោម​តួនាទី​ទាំង​បួន​ដ៏ពិសិដ្ឋដែល​បាន​តែងតាំង​ដោយ​ព្រះ ដើម្បី​ជួយ​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ​ឲ្យ​មាន​ភាពសក្ដិសម​សម្រាប់​ភាពតម្កើងឡើង ។2

ការខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នកខ្វះខាត​សំដៅ​លើ​ការសង្គ្រោះ​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។ វា​រួមបញ្ចូល​ទាំង​ការបម្រើនៃ​សមាជិក​សាសនាចក្រ​មា្នក់ៗ ពេល​គេ​ខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នកខ្វះខាត​ដោយ​ខ្លួន​គេ​ផ្ទាល់ ក៏​ដូចជា​កម្មវិធី​សុខុមាលភាព​ជា​ផ្លូវការ​របស់​សាសនាចក្រ​ដែល​គ្រប់គ្រង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព ។

ចំណុចកណ្ដាល​នៃ​ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​ជនក្រីក្រ និង អ្នក​ខ្វះខាតគឺច្បាប់តមអាហារ ។ «ព្រះអម្ចាស់​បាន​បង្កើត​ច្បាប់​តមអាហារ​ និង ដង្វាយ​តមអាហារ​ដើម្បី​ប្រទានពរ​ដល់​រាស្ត្រ​ទ្រង់ និង មធ្យោបាយ​ឲ្យ​គេ​បម្រើ​ដល់​អ្នកខ្វះខាត» ។3

ដោយ​ជា​អ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ យើង​មាន​តួនាទី​ផ្ទាល់ខ្លួន​ដើម្បី​ខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នក​ខ្វះខាត ។ សមាជិក​សាសនាចក្រ​ស្មោះត្រង់​គ្រប់​ទីកន្លែង​រួម​ចំណែក​ដោយ​ការតមអាហារ​ជា​រៀង​រាល់​ខែ—ពី​ចំណីអាហារ និង ទឹក រយៈពេល 24ម៉ោង—ហើយ​បង់​ដង្វាយ​តមអាហារ​ជា​ប្រាក់​ដល់​សាសនាចក្រ ដែល​យ៉ាងហោចណាស់​ស្មើ​នឹង​តម្លៃ​អាហារ​ដែល​ពួកគេ​ធ្លាប់​តែបរិភោគ ។

ប្រសាសន៍​របស់​អេសាយ គួរតែ​ពិចារណា​ប្រកប​ដោយ​ការអធិស្ថាន ហើយ​បង្រៀន​នៅ​គ្រប់​ផ្ទះ ៖

«តើ​មិនមែន​ជា​ការតមអត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ព្រមទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង ?

«តើ​មិនមែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្សក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិនមែន​ឲ្យ​ឯង​បិទបាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ​អី» ? 4

បន្ទាប់មក អេសាយ បាន​បន្ត​រៀបរាប់​ពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​សន្យា​ដោយ​ព្រះអម្ចាស់​ទៅ​កាន់​អ្នក​ទាំងឡាយណា​ដែល​គោរព​តាម​ច្បាប់​តមអាហារ។ ទ្រង់​មាន​បន្ទូល​​ថា ៖

«យ៉ាងនោះ ទើប​ពន្លឺ​របស់​ឯង នឹង​លេច​មក ដូចជា​រស្មីអរុណ ហើយ​សេចក្ដី​សុខស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​ការពារ​ពី​ខាង​ក្រោយ​ឯង ។

«គ្រានោះ បើ​ឯង​អំពាវនាវ ព្រះយេហូវ៉ា ទ្រង់​នឹង​តបឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯណេះ​ហើយ ។ …

«ហើយ​បើ​ឯង​ផ្តល់​សេចក្តី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្តី​ងងឹត​របស់​ឯង​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់ ៖

«ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចំអែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួតហែង» ។5

ទាក់ទង​នឹង​បទគម្ពីរ​នេះ ប្រធាន ហារ៉ូល  ប៊ី លី​ បាន​មាន​ប្រសាសន៍​ថា ៖ «ពរជ័យ​យ៉ាង​ធំធេង​ដែល​មាន [ពី​ការតមអាហារ] ត្រូវបាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​គ្រប់​ជំនាន់​នៃ​ការត្រួតត្រា នេះហើយ​ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​ប្រាប់​យើង​តាមរយៈ​ព្យាការី​ដ៏​អស្ចារ្យ​ពី​មូលហេតុដែល​នាំ​ឲ្យ​មាន​ការតមអាហារ និង​ពរជ័យ​ដែល​មាន​ពី​ការតមអាហារ ។ បើ​បងប្អូន​វិភាគ ជំពូក​ទី 58 នៃ​គម្ពីរ​អេសាយ បងប្អូន​នឹង​រកឃើញ​មូលហេតុ​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យចង់​ឲ្យ​យើង​តមអាហារ ហើយ​បង់​ដង្វាយ​តមអាហារ ។ ព្រោះ​បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​អាច​ស្រែក​រក​ទ្រង់ ហើយ​ព្រះអម្ចាស់​នឹង​ឆ្លើយតប ។ យើង​អាច​ស្រែក​រក​ទ្រង់ ហើយ​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ» ។

ប្រធាន លី បន្ថែម​ថា ៖ «តើ​យើង​ធ្លាប់​ចង់​ស្ថិត​ក្នុង​ស្ថានភាព​ដែល​យើង​អាច​ស្រែក​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឬ​ទេ ? តើ​យើង​នឹង​ស្រែក​រក​ទ្រង់​ក្នុង​ភាពទុក្ខព្រួយ ហើយ​ទ្រង់​មិន​គង់​នៅ​ជាមួយ​យើង​ឬ ? ខ្ញុំ​គិត​ថា វា​ជា​ពេល​ដែល​យើង​គួរ​គិត​ពី​គោលការណ៍​សំខាន់​ទាំងនេះ​ព្រោះ​យើង​នឹង​ជួប​ប្រទះ​ថ្ងៃ​ទាំងនេះ​នា​ពេល​ខាង​មុខ គឺ​ពេល​ដែល​យើង​នឹង​ត្រូវការ​ពរជ័យ​បន្ថែម​ពី​ព្រះអម្ចាស់ ពេល​ការជំនុំជម្រះ​បាន​ចាក់​បង្ហូរ​មក​ដោយ​គ្មាន​ល្បាយ​លើ​ទូទាំង​ផែនដី​ទាំងមូល» ។6

ប្រធាន ថូម៉ាស  អេស ម៉នសុន ជា​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង បាន​ចែកចាយ​ទីបន្ទាល់​អំពី​គោលការណ៍​ទាំងនេះ—ដែល​ជា​ទីបន្ទាល់​មួយ​កើត​ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​លោក ។ លោក​បាន​ថ្លែង​ថា ៖ «គ្មាន​សមាជិក​ណា​ម្នាក់​​នៃ​សាសនាចក្រ ដែល​បាន​ជួយ​ផ្គត់ផ្គង់​ដល់​អស់​អ្នក​ដែល​ទ័លក្រហើយ បំភ្លេច ឬ សោកស្តាយ​ពី​បទពិសោធន៍​នេះ​ឡើយ ។ ភាព​ឧស្សាហ៍​ព្យាយាម ការសន្សំសំចៃ ខ្លួន​ទី​ពឹង​ខ្លួន និង ចែក​រំលែក​ជាមួយ​មនុស្ស​ដទៃ មិន​មែន​ជា​អ្វី​ប្លែក​សម្រាប់​យើង​នោះ​ទេ ។7

បងប្អូនប្រុសអើយ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជា​អ្នក​ធ្វើ​សេចក្ដី​សញ្ញា និង​ជា​អ្នក​រក្សា​បទបញ្ញត្តិ ។ ខ្ញុំ​មិន​អាច​គិត​ឃើញ​ពី​ច្បាប់ ឬ​បទបញ្ញត្តិ​ណា​មួយ ដែល​បើ​យើង​គោរព​ដោយស្មោះត្រង់ គឺ​មាន​ភាពងាយស្រួល​ជាង​ក្នុង​ការគោរព និង ដែល​ផ្ដល់​ពរជ័យ​ច្រើន​ជាង​ច្បាប់​តមអាហារ​នោះ​ទេ ។ ពេល​យើង​តមអាហារ ហើយ​បង់​ដង្វាយ​តមអាហារ​ដោយ​ស្មោះត្រង់ យើង​បរិច្ចាក​ទៅ​ឃ្លាំង​របស់​ព្រះអម្ចាស់ នូវ​តម្លៃ​នៃ​អាហារ ។ វា​មិន​តម្រូវ​ឲ្យ​មាន​ការលះបង់​ប្រាក់​លើស​ពី​អ្វី​ដែល​ធ្លាប់​ចំណាយ​ក្នុង​ពេល​ធម្មតា​នោះ​ទេ ។ ក្នុង​ពេល​តែ​មួយ យើង​ត្រូវបាន​សន្យា​នូវ​ពរជ័យ​ដ៏​អស្ចារ្យ ដូច​បាន​លើកឡើង​មុន​នេះ​បន្តិច ។

ច្បាប់​តមអាហារ​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​គ្រប់​រូប ។ សូម្បី​កុមារ​តូចៗ ក៏​អាច​ត្រូវ​បាន​បង្រៀន​ពី​ការតមអាហារ​ដែរ ចាប់ផ្ដើម​ជាមួយ​អាហារ​មួយ​ពេល រួច​មក​ពីរ​ពេល ដរាប​ពួកគេ​អាច​យល់ ហើយ​មាន​កាយសមប្បទា​រឹងមាំ​ដើម្បី​រក្សា​ច្បាប់​តមអាហារ​នេះ ។ ស្វាមី និង ភរិយា សមាជិក​នៅ​លីវ យុវវ័យ និង កុមារ គួរតែ​ចាប់ផ្ដើម​ការតមអាហារ​ដោយ​ការអធិស្ថាន ដោយ​ការដឹងគុណ​សម្រាប់​ពរជ័យ​ក្នុង​ជីវិត​ពួកគេ ខណៈពេល​ដែល​ស្វែងរក​ពរជ័យ និង​កម្លាំង​ពី​ព្រះអម្ចាស់​អំឡុង​ពេល​តមអាហារ ។ ការបំពេញ​ច្បាប់​តមអាហារ​យ៉ាង​ពេញលេញ កើត​ឡើង​ពេល​ដង្វាយ​តមអាហារ​ត្រូវបាន​បង់​ទៅ​ឲ្យ​អ្នក​តំណាង​របស់ព្រះអម្ចាស់ គឺ​ប៊ីស្សព ។

ប៊ីស្សព ចាត់ចែង​កម្មវិធី​សុខុមាលភាព​នៅក្នុង​វួដ ។ បងប្អូន​មាន​តួនាទី​ដ៏​ពិសិដ្ឋ​ដើម្បី​ស្វែងរក ហើយ​ខ្វាយខ្វល់​ពី​ជនក្រីក្រ ។ ដោយ​មាន​ការគាំទ្រ​ពី​ប្រធាន​សមាគមន៍​សង្គ្រោះ និង ថ្នាក់​ដឹកនាំ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក គោលដៅ​បងប្អូន​គឺ​ត្រូវ​ជួយ​សមាជិក​ឲ្យ​ចេះ​ជួយ​ខ្លួន​ឯង ក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ។ បងប្អូន​បម្រើ​ដល់​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​នៃ​សមាជិក​ដោយ​ប្រើប្រាស់​ដង្វាយ​តមអាហារ​យ៉ាង​ប្រុងប្រយ័ត្ន ទុក​ជាការផ្គត់ផ្គង់​បណ្ដោះអាសន្ន ដើម្បី​ពង្រីក​ធនធាន​ក្រុមគ្រួសារ និង សហគមន៍ ។ ពេល​បងប្អូន​ប្រើ​កូនសោ​បព្វជិតភាព​ប្រកប​ដោយ​ការអធិស្ថាន ហើយ​មាន​ការវិនិច្ឆ័យ​ល្អ​ក្នុង​ការជួយ​ដល់​ជនក្រីក្រ និង អ្នក​ខ្វះខាត បងប្អូន​នឹង​ដឹង​ថា ការប្រើប្រាស់​ដង្វាយ​តមអាហារ​ដ៏​ត្រឹមត្រូវ​គឺ​សម្រាប់​ទ្រទ្រង់​ជីវិត តែ​មិនមែន​ទ្រទ្រង់​របៀប​រស់នៅ​ទេ ។

ប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​អើយ ប្អូន​កាន់​កូនសោរ ហើយ​មាន​អំណាច​ចាត់ចែង​ពិធីបរិសុទ្ធ​ខាង​ក្រៅ​បាន ។ ប្អូន​ត្រូវ​ធ្វើការ​ជាមួយ​ប៊ីស្សព ហើយ​បង្រៀន​សមាជិក​កូរ៉ុម​អំពី​ករណីយកិច្ច​ខ្លួន​ចំពោះ​បព្វជិតភាព ហើយឲ្យ​ស្វែងរក​សមាជិក​សាសនាចក្រ​ដើម្បី​ផ្ដល់​ឱកាស​ដល់​គេ​រួមចំណែក​បរិច្ចាកដល់​ការតមអាហារ ។ ពេល​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​តម្កើងទំនួល​ខុស​ត្រូវ​​បព្វជិតភាព​ខ្លួន ហើយ​ផ្ដល់​ឱកាស​នេះ​ដល់​សមាជិក​សាសនាចក្រ​ទាំងអស់ នោះ​ជា​ញឹកញាប់​ពួកគេ​ជួយ​ឲ្យ​ពរជ័យ​នៃ​ការតមអាហារ​ដែល​បាន​សន្យា​កើត​មាន​ដល់​ជនទាំងអស់ណាដែល​ត្រូវការ​ពរជ័យ​នោះ​ជា​ចាំបាច់​បំផុត ។ ប្អូន​នឹង​ធ្វើ​ជា​សាក្សី​ថា ស្មារតី​នៃ​ការខ្វាយខ្វល់​ដល់​ជនក្រីក្រ និង អ្នក​ខ្វះខាត មាន​អំណាច​ក្នុង​ការបន្ទន់​ចិត្ត​រឹងទទឹង ហើយ​ប្រទានពរ​ដល់​ជីវិត​អ្នក​ដែល​ពុំ​សូវ​សកម្ម​ក្នុង​ព្រះវិហារ ។

ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ថា «ប៊ីស្សព​ដែល​រៀបចំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​របស់លោក​ឲ្យ​រួមចំណែក​ក្នុង​ការប្រមូល​ដង្វាយ​តមអាហារ នឹង​រកឃើញ​ភាពជោគជ័យ​ក្នុង​តួនាទី​ដ៏​ពិសិដ្ឋ​នេះ» ។8

ប៊ីស្សព សូម​ចាំ​ថា​កាលៈទេសៈ​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ។ ការទំនាក់ទំនង​ពី​ទ្វារ​មួយ​ទៅ​ទ្វារ​មួយ​ដោយ​សមាជិក​កូរ៉ុម​បព្វជិតភាព​អើរ៉ុន អាច​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ក្នុង​តំបន់​ដែលអ្នករស់នៅឡើយ ។ យ៉ាង​ណា​ក៏​ដោយ យើង​អញ្ជើញ​ប៊ីស្សព​ឲ្យ​ពិចារណា​ពី​ដំបូន្មាន​ព្យាការី​ដោយ​ការអធិស្ថាន ហើយ​ស្វែងរក​ការបំផុសគំនិត​សមស្រប ដែល​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ក្នុង​វួដ​ប៊ីស្សព​អាច​តម្កើង​បព្វជិតភាព​របស់​ពួកគេ​បាន​តាមរយៈ​ការរួមចំណែក​ក្នុង​ការប្រមូល​ដង្វាយ​តមអាហារ ។

ក្នុងជំពូកទី 27 នៃនីហ្វៃទី  3ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ មាន​បន្ទូល​សួរ​ថា «តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែបណា​ទៅ​» ? ទ្រង់​បាន​ឆ្លើយ​ថា «ត្រូវ​ឲ្យ​បាន​ដូចជា​យើង» ។9 ពេល​យើង​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ និង ព្យាយាម​ដើរតាម​ទ្រង់ នោះ​យើង​នឹង​ទទួលបាន​ព្រះភ័ក្ត្រ​ទ្រង់​នៅ​ក្នុង​ទឹក​មុខ​របស់​យើង ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ការខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នក​ខ្វះខាត គឺជា​ផ្នែក​មួយ​ក្នុង​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ។ វា​ស្ដែង​ចេញ​ក្នុង​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ធ្វើ ។ ទ្រង់​លាត​ព្រះ​ហស្ត​មក​លើក​យើង​ទាំងអស់​គ្នា​ឡើង ។ នឹម​ទ្រង់​ងាយ ហើយ​បន្ទុក​ទ្រង់​ស្រាល ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ តាមរយៈការខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នក​ខ្វះខាត ដោយ​ការរក្សា​ច្បាប់​តមអាហារ​ដោយ​ស្មោះត្រង់ ហើយ​ដោយ​ការបរិច្ចាគ​ដង្វាយ​តមអាហារ​ដ៏​សប្បុរស ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ចិត្តរាបទាប​ថា ការខ្វាយខ្វល់​ពី​ជនក្រីក្រ និង អ្នក​ខ្វះខាត​គឺ​ជា​ការឆ្លុះបញ្ចាំង​ពី​ភាពចាស់ទុំ​ខាង​វិញ្ញាណ ហើយ​នឹង​ប្រទានពរ​ដល់​ទាំង​អ្នក​ផ្ដល់ និង អ្នក​ទទួល ។ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. ចោទិយកថា 15:11

  2. សូម​មើល ក្បួនខ្នាតភាគ 2 ៖ ការគ្រប់គ្រង​សាសនាចក្រ (ឆ្នាំ 2010) ចំណុច 2.2 ។

  3. ក្បួនខ្នាត​ភាគ 2, 6.1.2

  4. អេសាយ 58:6

  5. អេសាយ 58:8–11

  6. ហារ៉ូល ប៊ី លី «ស្ដាប់ ហើយ​ធ្វើតាម» (កិច្ចប្រជុំ​សុខុមាលភាព​កសិកម្ម ថ្ងៃ​ទី  3 ខែ មេសា ឆ្នាំ​1971 ច្បាប់ចម្លង​នៃ​ឯកសារ​ដែល​ចម្លង​ដោយ​ម៉ាស៊ីន​អង្គុលីលេខ 14)​ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

  7. ថូម៉ាស អេស ម៉នសុន «តើ​យើង​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ» ? EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ 2014 ទំព័រ 4 ។

  8. ថូម៉ាស អេស ម៉នសុន ការប្រជុំ​ជាមួយ​គណៈប៊ីស្សព​ជា​អធិបតី ថ្ងៃទី  28 ខែ កុម្ភៈ ឆ្នាំ 2014 ។

  9. នីហ្វៃទី 3 27:27