ឆ្នាំ ២០១០-២០១៩
ការ​ស្វែង​រក​សេចក្តី​សុខសាន្ត​ដ៏​និរន្តរ៍ និង​ កសាង​ក្រុមគ្រួសារ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច
១០ 2014


ការ​ស្វែង​រក​សេចក្តី​សុខសាន្ត​ដ៏​និរន្តរ៍ និង​ កសាង​ក្រុមគ្រួសារ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច

វា​គឺ​ជា​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ផ្តល់​ជា​គ្រឹះ​ ដែល​យើង​អាច​ស្វែង​រក​សេចក្តី​សុខសាន្តដ៏​នៅ​អស់​កល្ប​ជា​និច្ច ហើយ​ស្ថាបនា​អង្គភាព​​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច។

ដំណើរ​ឆ្លងកាត់ឆាក​ជីវិត​យើង មាន​ពេល​ទាំង​ពេល​ល្អ និង​ពេល​អាក្រក់។ ពេល​នីមួយៗ​គឺ​មាន​នូវ​ឧបសគ្គ​ខុសៗ​គ្នា។ របៀប​ដែល​យើង​រៀន ​ដើម្បី​បត់​បែន​ស្របតាមការ​ផ្លាស់​ប្តូរដែល​កើត​មាន​ជាលំដាប់លំដោយ អាស្រ័យ​ទៅ​លើ​គ្រឹះ​ដែល​យើង​សង់​លើ។ ដំណឹង​ល្អ​របស់​ព្រះ​អម្ចាស់​ និង​ព្រះ​អង្គ​សង្រ្គោះ​យើងផ្តល់​​នូវ​គ្រឹះ​ដ៏ពិត​ប្រាកដ និង​រឹងមាំ។ គ្រឹះ​នេះ​សាង​សង់​ឡើង​មួយ​បំណែកម្តងៗ កាល​យើង​ទទួល​បាន​ចំណេះ​ដឹង​នៃ​ផែន​ការ​ដ៏​អស់​កល្ប​ជា​និច្ច​របស់​ព្រះ​អម្ចាស់​សម្រាប់​កូន​ចៅ​របស់​ទ្រង់។ ព្រះ​អង្គ​សង្រ្គោះ​គឺ​ជា​គ្រូ​ដ៏​ឈ្លាស​វៃ​ជាង​គេ​បំផុត។ យើង​ធ្វើ​តាម​ទ្រង់។

ព្រះ​គម្ពីរ​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ហើយផ្ដល់នូវគំរូនៃ​សេចក្តី​សុចរិត​ដ៏​ឥត​ខ្ចោះ សម្រាប់​យើង​ធ្វើ​តាម។ ខ្ញុំ​បាន​ចែក​ចាយ​ជា​មួយក្រុម​សមាជិក​នៃ​សាសនា​ចក្រ នៅ​ក្នុង​សន្និសីទ​មុន​ថា ខ្ញុំ​មាន​សៀវ​ភៅ​សរសេរ​ ដែល​ម្តាយ​ខ្ញុំ​បាន​កត់​ត្រា​នូវ​សម្ភារៈដែល​គាត់​បាន​ប្រើ​ប្រាស់​​ដើម្បី​រៀប​ចំ​មេរៀន​ក្នុង​ថ្នាក់​សមាគម​សង្រ្គោះ​របស់​គាត់។ កំណត់​ចំណាំ​នោះ​គឺ​រៀប​ចំ​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ។ ក្នុង​នោះ​មាន​សេចក្តីដក​ស្រង់​ដែល​សរសេរ​នៅ​ក្នុង​ឆ្នាំ 1908 ដោយ ឆាលីស អេឌវឺឌ​ ជែហ្វឺសុនពី​បុគ្គលិក​លណ្ខៈ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ វា​អាន​ថា៖

«ដើម្បី​ធ្វើ​​ជាគ្រីស្ទានម្នាក់ គឺ​ត្រូវស្ងើច​សរសើរ​ដល់​ព្រះ​យេស៊ូវ យ៉ាង​ស្មោះ​សរ និង​យ៉ាង​ក្លៀវក្លា​ ដែល​ជីវិត​ទាំង​មូលត្រូវ​លះ​បង់​សម្រាប់​ទ្រង់ ក្នុង​ការ​ប៉ងប្រាថ្នាយ៉ាងខ្លាំង​ឲ្យ​ប្រែ​ក្លាយ​ដូច​ទ្រង់។

« ...  យើង​អាច​ស្គាល់​​ទ្រង់​យ៉ាងជាក់ច្បាស់តាម​រយៈ​ព្រះ​បន្ទូលដែល​ទ្រង់​មាន​បន្ទូល តាម​រយៈ​ទង្វើ​ដែល​ទ្រង់​ធ្វើ ហើយ​នឹង​តាម​រយៈ​ភាព​ស្ងៀម​ស្ងាត់​របស់​ទ្រង់។ យើង​ក៏​អាច​ស្គាល់​ទ្រង់​ផង​ដែរ តាម​រយៈទង្វើនិងឥរិយាបទដំបូង ដែល​ទ្រង់​បានសំដែង ចំពោះ​មិត្តរបស់ទ្រង់ ទីពីរ​ចំពោះ​បច្ចាមិត្រ និង​ទីបី​ចំពោះ​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​ទ្រង់។  …

«ទិដ្ឋ​ភាព​មួយ​នៅ​ទសវត្សរ៍​ទីម្ភៃ ជីវិត​គឺ​ពុំ​រីករាយ​ទេ [ហើយ​ខ្វល់​ខ្វាយ]។  …

« …  ពិភព​លោក​ទាំង​មូល​ស្រែក​ទទូចអង្វរចង់បានអ្វីមួយ តែ​ពុំ​ដឹង​ថា​ខ្លួន​ចង់​បាន​អ្វី​នោះ​ទេ។ ទ្រព្យ​សម្បត្តិក៏បាន​​មក … [ហើយ] ពិភព​លោក​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​… ការប្រឌិត​ថ្មី​តាម​​ជំនាញ​របស់​មនុស្ស និង​ទេព​កោសល្យ តែ​…យើង [​នៅ​តែ] ​ចលាចល មិន​ស្កប់​ចិត្ត [ហើយ] ​ច្របូក​ច្របល់។ … [បើ​យើង​បើក​] គម្ពីរសញ្ញា​ចាស់ [យើង​ត្រូវ​បាន​ស្វាគមន៍​ដោយ​ពាក្យ​ទាំង​នេះ] ’ចូរ​មក​ឯខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ខ្ញុំ​ជា​នំបុ័ង​ជីវិត ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្ន​ក​នោះ​មក​ឯ​ខ្ញុំ ខ្ញុំឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា អ្នករាល់​គ្នា​​នឹងមាន​ចិត្ត​អរ​សប្បាយ’» (The Character of Jesus [ឆ្នាំ 1908], 7, 11, 15–16)។

មនុស្ស​ប្រុស​ស្រី​ទាំង​ឡាយ គឺ​ត្រូវ​បាន​ទទួល​ឥទ្ធិពល​ខ្លះៗ​ពីអ្នក​ដែល​គេ​ជ្រើស​រើស​រស់​នៅ​តាម។ អស់​អ្នក​ដែល​ពួក​គេ​ស្ងើច​សរសើរ ហើយ​ព្យាយាម​លើកតំកើងក៏​មាន​ឥទ្ធិពល​លើ​ពួក​គេ​ដែរ។ ព្រះ​យេស៊ូវ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​បំផុត។ វិធី​តែ​មួយ​គត់​ដើម្បី​​រកឃើញ​សេចក្តី​សុខ​សាន្ត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ការ​រស់​នៅ​ និង​ធ្វើ​តាម​ទ្រង់។

តើ​លក្ខណសម្បត្តិណាខ្លះ អំពីព្រះ​យេស៊ូវ​គ្រីស្ទ ដែលមាន​តម្លៃចំពោះការ​សិក្សា​របស់យើង?

«អ្នក​និពន្ធព្រះ​គម្ពីរ​សញ្ញា​ថ្មី… កុំ​ខ្វល់​ខ្វាយ​ពី​រូបរាង្គ​របស់​[ព្រះ​យេស៊ូវ] សំលៀក​បំពាក់ដែល​ទ្រង់​ពាក់ ឬ​ផ្ទះ​ដែល​ទ្រង់​រស់​នៅ​ឡើយ។ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​ចៀម ធ្វើ​ការ​នៅរោង​ជាងឈើ ទ្រង់​បាន​បង្រៀន​អស់រយៈពេល​បី​ឆ្នាំ បន្ទាប់​មក​ក៏​សុគតនៅ​លើ​ឈើ​ឆ្គាង… ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺ​ត្រូវ​បាន​សរសេរដោយ​មនុស្ស ដែល​បាន​សន្មត់​ថាយើង… ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​ [ទ្រង់]» (The Character of Jesus, 21–22) ដោយ​ការ​ជឿ​ជាក់​ថា ទ្រង់​ពិត​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ ជា​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះ​ប្រោស​លោះ​នៃ​ពិភព​លោក។

ខ្ញុំ​ជឿ​ថា មាន​រឿងប្រៀបធៀប​មួយ​របស់​ព្រះ​អង្គ​សង្រ្គោះ គឺ​អនុវត្ត​ចំពោះ​យើង​ជា​ពិសេស។

វា​មាន​នៅ​ក្នុង ម៉ាថាយ ជំពូក 13, យើង​​អាន​ថា៖

«ប៉ុន្តែកាល​មនុស្ស​ទាំង​អស់កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅ​កែ​នោះ ក៏​មក​ព្រោះស្រងែនៅ​ក្នុង​ស្រូវ​សាលី​ដែរ។

«លុះ​ ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​មក​ឲ្យ​ស្គាល់ដែរ។

«ពូកបាវ​របស់​ថៅ​កែ​នោះ គេ​មក​ជំរាប​ថា លោក​ម្ចាស់ តើ​លោក​មិន​បានព្រោះ​ពូជ​ល្អ នៅ​ស្រែ​លោក​ទេ​ឬ​អី ដូច្នេះ តើ​ស្រងែ​នេះកើត​ពី​ណា​មក។

«គាត់​ក៏​ឆ្លើយ​ថា នោះ​គឺ​ជា​ខ្មាំង​សត្រូវហើយ​ ដែល​បាន​ធ្វើ​ការ​នោះ។ រួច​ពួក​បាវ​សួរ​ថា ដូច្នេះ​តើ​លោក​ចង់ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ចេញ​ឬ​ទេ។

«គាត់​ឆ្លើយ​ថា កុំ ក្រែង​កាលណា​ដក​ស្រងែ​ចេញ នោះ​ស្រូវ​សាលី​ក៏រលើង​ទៅ​ដែរ។

«ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ ចាំ​ដល់​រដូវ​ចំរូត នោះ​អញ​នឹង​ប្រាប់ពួក​ចំរូត​ថា ចូរ​ច្រូត​សង្រែ​សិន ហើយ​ចង​ជា​កណ្តាប់ ទុក​សម្រាប់​ដុត ឯ​ស្រូវ​សាលី ឲ្យ​ប្រមូល​ដាក់​ក្នុងជង្រុក​អញ​វិញ » ។ (ខទី 25–30)។

សត្រូវ​ពី​ដើម​របស់​មនុស្ស​ទាំង​អស់​ បានរកឃើញមធ្យោបាយ​ជា​ច្រើន តាម​ដែល​វា​អាច​គិតដល់ដើម្បី​ព្រោះ​​ស្រងែ​ទាំង​ឆ្ងាយ ទាំង​ជិត។ វា​បាន​រក​ឃើញវិធី​ផ្សេងៗ ដើម្បីទំលុះ​ចូល​​សូម្បីតែ​ទី​បរិសុទ្ធ​នៃផ្ទះរបស់​យើង។ ផ្លូវ​ទុច្ចរិត និងផ្លូវ​ខាង​លោកិយ បាន​រីក​សុះ​សាយ វា​ហាក់​ដូច​ជា​គ្មាន​វិធី​ពិត​ប្រាកដ​ណា​មួយ ដើម្បី​ដក​វា​ចេញឡើយ។ អំពើ​ទាំង​នេះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនធើរណែត និង​រលក​អាកាសតាម​ឧបករណ៍​ដែល​យើង​បាន​បង្កើតទុក​សម្រាប់​ការ​អប់រំ និង​កំសាន្ត​សប្បាយ។ ស្រូវ​សាលី និង​ស្រងែបាន​ដុះ​ឡើង​ជា​មួយ​គ្នា។ ពួកបាវបម្រើចាត់ចែងវាល​ស្រែ​ ត្រូវតែបំប៉នអស់​ពី​សមត្ថភាព​គាត់​ ចំពោះ​អ្វី​​ដែល​ល្អ ហើយ​ធ្វើ​ឲ្យ​វារឹងមាំ ហើយ​ស្រស់​ស្អាត នោះ​ស្រងែ​នឹង​មិនទៅ​រក​ភ្នែក ឬ​ត្រចៀក​ឡើយ។ យើង​មាន​ពរជ័យ​ណាស់​ដែល​ធ្វើ​ជា​សមាជិក​នៃ​សាសនា​ចក្រ​របស់​ព្រះ​អម្ចាស់ ដែល​មាន​ដំណឹង​ល្អ​ដ៏​មាន​តម្លៃនៃ​ព្រះ​អម្ចាស់​ និង​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ជាគ្រឹះ​ដែល​យើង​អាច​ស្ថាបនា​ជីវិត​របស់​យើងបាន។

ដក​ស្រង់​ចេញ​ពីព្រះគម្ពីរ​មរមន នៅ​ក្នុង   នីហ្វៃ​ទី2 បាន​អាន​៖ «ត្បិត​មើល​ចុះ ខ្ញុំ​និយាយ​ទៅ​អ្នក​ទៀត​ថា បើ​សិន​ជា​អ្នក​រាល់​គ្នានឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំង​អស់ដែល​អ្នក​ត្រូវ​ធ្វើ»។ ( នីហ្វៃទី2 32:5)។

យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​សំឡេង​នៃ​លោកិយគ្រប​សង្កត់ និង​សន្ធប់លើ​សំឡេង​តូច​រហៀង​នោះ​ទេ។

យើង​នឹង​ត្រូវ​បាន​ព្រមាន​ប្រាប់យ៉ាងប្រាកដ​ពី​ហេតុការណ៍ដែល​យើង​នឹង​ជួប​ប្រទះ​នៅ​សម័យ​យើង​ ។ ឧបសគ្គ​យើងគឺ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើងរៀប​ចំ​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដែល​ព្រះ​អម្ចាស់​មាន​បន្ទូល​ថានឹង​កើត​ឡើងយ៉ាង​ប្រាកដ។

មនុស្ស​ជា​ច្រើន​ក្នុង​សង្គម​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​យល់​ថា ការ​បែក​បាក់​គ្រួសារ​គ្រាន់​តែ​នាំ​ឲ្យ​មាន​ការ​សោក​ស្តាយ និង​អស់​សង្ឃឹម​នៅ​ក្នុង​ពិភព​លោក​ដ៏​ស្មុគ​ស្មាញប៉ុណ្ណោះ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនា​ចក្រ យើង​មាន​កាតព្វកិច្ចក្នុង​ការ​រក្សា​ និង​ការពារ​ក្រុម​គ្រួសារ​ជា​កត្តា​​មូលដ្ឋានគ្រឹះ​នៃ​សង្គម និង​និរន្តរ៍​ភាព។ ព្យាការី​បាន​ព្រមាន ហើយ​ហាម​ទុ​ក​ជា​មុនអំពីលទ្ធផល​ និង​ការ​បំបាក់​បំបែកនៃ​តម្លៃ​គ្រួសារ​ដែល​មិន​អាច​ជៀស​រួច។

កាលណា​លោកិយ​បន្ត​សម្លឹង​មើល​មកយើង សូម​ឲ្យ​យើង​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួននូវ​គំរូ​ដែល​នឹង​គាំ​ទ្រ និង​លើក​ស្ទួយ​ដល់​ផែនការនៃ​ព្រះ​អម្ចាស់ដែល​បាន​រចនា​សម្រាប់​យើង ទាំង​នៅ​លើ​ផែន​ដី និង​អមតភាព។ ការ​បង្រៀន​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​ការ​បង្រៀន​ទាំង​ឡាយ គឺ​បាន​សម្រេច​បំផុត​តាម​រយៈ​គំរូ​នៃ​សេចក្តី​សុរិត។ គេហដ្ឋានរបស់​យើង​ត្រូវ​តែ​ជា​ទី​បរិសុទ្ធ ដើម្បី​អាច​ឈរ​ប្រឆាំង​នឹង​សំពាធ​នៃ​ពិភព​លោក។ សូម​ចងចាំ​ថា ពរជ័យ​ដ៏​អស្ចារ្យ​ជាង​គេ​បំផុតរបស់​ព្រះ​អម្ចាស់​ ទទួល​បាន​តាម​រយៈ និង​បាន​ប្រទាន​ឲ្យ​ក្រុមគ្រួសារ​ដែល​សុចរិត។

យើង​ត្រូវ​តែ​បន្ត​ ​​វាយ​តម្លៃ​ដោយ​ប្រុង​ប្រយ័ត្ន ទៅលើ​​ការ​ប្រព្រឹត្តិ​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្តាយ។ ការ​បង្រៀន​ដ៏​មាន​ឥទ្ធិពល​បំផុតដែល​កូនៗ​នឹងទទួល​បាន ​គឺ​នឹងមក​អំពី​ឪពុក និង​ម្តាយ​ដែលមាន​សេចក្តី​ព្រួយ​បារម្ភ និង​សុចរិត។ ចូរ​យើង​គិត​អំពី​តួនាទី​របស់​ម្តាយ​ជា​មុន​សិន។ សូម​ស្តាប់​សេចក្តី​ដក​ស្រង់​របស់​ប្រធាន​ ហ្គរដុន  ប៊ី ហ៊ិងឃ្លី ថា៖

«ស្រ្តី​ដែល​ធ្វើ​ឲ្យ​ផ្ទះ​នាង​ក្លាយ​​ជា​លំនៅដ្ឋាន​សួគា គឺ​ចូល​រួម​ចំណែក​ក្នុង​សង្គម​ច្រើន​ជាងអ្នក​ទាំងឡាយ​ណា​​ដែលបញ្ជា​កង​ទ័ព​ធំៗ ឬ​ឈរក្នុង​តំណែង​ធំៗ​ក្នុង​អាជីវកម្ម​ទៅ​ទៀត។ តើ​នរណា​​អាច​ផ្តល់ជាតម្លៃទៅ​នៅ​លើ​ឥទ្ធិពល​ដែល​ម្តាយ​មាន​ទៅ​លើ​កូនៗនាង ជីដូន​ទៅ​លើ​ចៅៗ ឬ​ម្តាយ​មីង និង​បងប្អូន​ស្រី​ទៅ​លើញាតិ​សណ្តាន​ទាំង​មូល​បាន?

«យើង​មិន​អាច​វាស់ ឬ​គណនា​ពី​ឥទ្ធិពល​នៃ​ស្រ្តី ដែល​ស្ថាប​នា​ជីវិត​គ្រួសារ​ដ៏​មាន​ស្ថេរភាព ហើយ​បីបាច់​សេចក្តីល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ចដែល​ជា​ជំនាន់​នៃ​អនាគត តាម​របៀប​របស់​នាង។ ការ​សម្រេច​ចិត្ត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ស្រ្តី​នៃ​ជំនាន់​នេះ​នឹង​មាន​លទ្ធផល​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ខ្ញុំ​សូម​ផ្តល់​យោបល់​ថា ម្តាយ​នៃ​សម័យ​នេះ ពុំមានឱកាស​ដែល​ធំ​ជាង​ និង​ឧបសគ្គ​ដែល​ស្មុគ​ស្មាញ​ ជាជាង​គេគឺ​ការ​ធ្វើ​អ្វីៗ​អស់​ពី​លទ្ធភាព​ខ្លួន ដើម្បី​ពង្រឹង [​គេហដ្ឋាន] បានឡើយ » ​(Standing for Something : 10 Neglected Virtues That Will Heal Our Hearts and Homes [ឆ្នាំ 2000], 152)។

ឥឡូវ ចូរ​យើង​សម្លឹងមើល​ពី​តួនាទី​របស់​ឪពុកដើរ​តួ​ក្នុង​ជីវិតរបស់យើង៖

ឪពុក​ផ្តល់​ពរជ័យ និង​អនុវត្ត​ពិធីការ​បរិសុទ្ធ​ទាំ​ង​ឡាយដល់​កូន​ចៅ​ខ្លួន។ ការណ៍​ទាំង​នេះ​នឹង​ក្លាយ​ជា​ទិដ្ឋភាព​ខាង​វិញ្ញាណ​ដ៏​សំខាន់​ក្នុង​ជីវិត​កូនៗ។

ឪពុក​គឺ​ជាអ្នក​ដឹកនាំ​ការអធិស្ឋាន​ក្នុង​​ក្រុម​គ្រួសារ ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ និង​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​ប្រចាំសប្តាហ៍ ដោយផ្ទាល់។

ឪពុក​បង្កើត​ទំលៀម​ទំលាប់​ក្នុង​គ្រួសារ ដោយ​ការ​ចូលរួម​ក្នុង​ការ​ជួយដាក់​ផែនការ​ទៅ​វិស្សមកាល និង​​​ដំណើរ​កំសាន្តដែល​នឹង​ទាក់ទាញ​សមាជិក​គ្រួសារ​ទាំង​មូល​ឲ្យចូល​រួម​។ អនុស្សាវរីយ៍​នៃព្រឹត្តិការណ៍​ពិសេស​​ជា​មួយ​គ្នា​ទាំង​នេះ នឹងដក់ជាប់ក្នុងចិត្តកូនៗរបស់ពួកគេជានិច្ច។

ឪពុកប្រឹក្សាជា​មួយ​កូនរបស់ខ្លួនម្នាក់ទល់នឹងម្នាក់​ ហើយ​បង្រៀន​ពួក​គេ​ពី​គោលការណ៍​ដំណឹង​ល្អ។

ឪពុក​ បង្រៀ​ន​ដល់​កូន​ប្រុស កូនស្រីនូវ​តម្លៃ​នៃ​ការ​ធ្វើការ ហើយ​ជួយពួកគេ​ស្ថាបនា​គោលដៅ​ដ៏​មាន​តម្លៃ​នៅក្នុង​ជីវិត​របស់​ពួក​គេ។

ឪពុក​ធ្វើ​ជា​គំរូនៃការ​បម្រើ​ខាងដំណឹង​ល្អ​យ៉ាងស្មោះ​ត្រង់។

បងប្អូន​ប្រុស សូម​ចងចាំថា ការ​ហៅ​ឲ្យ​បម្រើ​ដ៏​ពិសិដ្ឋ​របស់​អ្នក ក្នុងនាមជា​ឪពុក​នៃ​អ៊ីស្រាអែល—គឺ​ជា​ការ​ហៅ​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិតនៅ​លើ​ផែន​ដី និង​អស់​កល្ប​ជានិច្ច—​ដែល​អ្នក​នឹង​មិន​ត្រូវបាន​ដោះ​លែង​ឡើយ។

​ក្នុង​សន្និសីទ​ស្តេក ជាច្រើនឆ្នាំកន្លងមកនេះ យើង​នឹង​ចាក់​បង្ហាញ​វីដេអូ​ខ្លីៗ ដើម្បី​បង្ហាញ​ពី​បាវចនា​នៃ​សារលិខិត​ដែល​យើង​កំពុង​បង្រៀន។ ពេញ​ក្នុងអំឡុង​ឆ្នាំ​នោះ កាល​ដែល​យើង​ធ្វើ​ដំណើរ​ទូទាំង​សាសនា​ចក្រ ដើម្បី​ធ្វើ​ការ​ចាត់​តាំង​ទៅទស្សនកិច្ច​សន្និសីទ​ស្តេក យើង​បាន​ចាំ​ពីសាច់រឿងនៃ​វីដេអូ​នោះ​យ៉ាង​ច្បាស់។ យើង​ស្ទើរ​តែ​អាច​ដក​ស្រង់​មក​ដោយ​ការ​ចាំពីក្នុង​ចិត្ត។ សារលិខិត​នោះ​បានដក់ជាប់​ក្នុង​ខួរក្បាល​ខ្ញុំ អស់​ប៉ុន្មាន​ឆ្នាំ​នេះ។ ខ្សែ​វីដែអូ​នោះ​ ត្រូវ​បាន​និពន្ធ​ដោយ​ប្រធាន ហារ៉ូល  ប៊ី. លី ហើយប្រាប់​ពី​ដំណើរ​រឿង​ដែល​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​កូន​ស្រី​គាត់។ រឿង​នោះ​គឺ​ដូច​តទៅ​នេះ៖

នៅ​ល្ងាច​​មួយ ម្តាយ​ក្នុង​ផ្ទះនេះ​បាន​កំពុង​រវល់ដើម្បី​បង្ហើយចិត​ផ្លែ​ឈើ​ខ្លះ។ ទីបំផុត​កូនៗដល់​ម៉ោង​​ចូល​ដេកហើយ ។ ឥឡូវ​គាត់អាច​ទៅ​យក​​ផ្លែ​ឈើ​​បាន​ហើយ។ នៅ​ពេល​គាត់​ចាប់​ផ្តើម​ចិតសំបក​ផ្លែឈើ​ កូន​ប្រុសតូច​ពីរ​នាក់​បាន​ចូល​មក​ក្នុង​ផ្ទះ​បាយ កូនៗ​ទាំងពីរ​នោះ​ត្រៀមខ្លួនដើម្បី​អធិស្ឋាន​មុន​ចូល​ដេក។

ដោយ​ពុំ​ចង់​ឈប់​ចិត​ផ្លែ​ឈើ ម្តាយ​ក៏​ឆ្លើយ​ភ្លាមៗ​ទៅ​កូន​ប្រុស​ទាំង​ពីរ​នាក់​ថា «ហេតុ​អ្វី​ក៏​កូន​មិន​អធិស្ឋាន​តែ​ពីរ​នាក់​ទៅយប់​នេះ ហើយ​ម្តាយ​នឹង​បង្ហើយ​ចិត​ផ្លែ​ឈើ​នេះ?»

កូន​បង​បានឈរដោយច្រត់ចង្កេះ បាន​សួរ​ថា «តើ​ការ​អធិស្ឋាន និង​​ផ្លែ​ឈើ​ហ្នឹង មួយ​ណា​សំខាន់​ជាង?» ( សូមមើល Teachings of Presidents of the Church: Harold  B. Lee [ឆ្នាំ2000], 143–44) ។

ពេល​ខ្លះ យើង​ឃើញ​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​ស្ថានភាព ពេល​យើង​មាន​ឱកាស​ដើម្បី​បង្រៀន​កុមារ​តូចៗ​នូវ​មេរៀន​មួយ ដែល​នឹង​មាន​ឥទ្ធិពល​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ក្នុង​ជីវិត​វ័យ​ក្មេង​របស់​ពួក​គេ។ ពិត​ប្រាកដ​ណាស់ ការ​អធិស្ឋាន​គឺ​សំខាន់​ជាង​ផ្លែ​ឈើ។ ឪពុក​ម្តាយ​ដែល​ជោគ​ជ័យមិន​គួរ​តែ​រវល់​ពេក​រហូត​ដល់​គ្មាន​ពេល​បន្តិច​សម្រាប់​ជីវិត​កូន​ម្នាក់ នៅ​ពេល​ដែល​មេរៀន​សំខាន់​មួយ​​អាច​ត្រូវ​បាន​បង្រៀនឡើយ​។

ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំងក្លា​ថា គឺគ្មានពេលណាក្នុងរយៈ​ពេល​ជា​ច្រើន​​ឆ្នាំនៃ​ជីវិត​ខ្ញុំ នៅ​ពេល​ដែលកូនៗ​របស់​ព្រះ​វរបិតា​ដែលគង់​នៅ​ស្ថាន​សួគ៌​​ត្រូវ​ការ​ឥទ្ធិពល​ដឹកនាំ​ដ៏​ស្មោះ​ត្រង់ ពីឪពុក​ម្ដាយ​ច្រើន​ជាង​នេះ​ទេ ។ យើង​មាន​កេរមរតក​ដ៏​អស្ចារ្យ និង​ថ្លៃថ្នូរ​របស់​ឪពុកម្តាយ​ ក្នុង​ការ​លះបង់​ស្ទើរ​តែ​អ្វីៗ​គ្រប់​យ៉ាងដែល​ពួក​លោក​មាន ដើម្បី​ស្វែង​រក​កន្លែង​ដែល​ពួក​លោក​អាច​ចិញ្ចឹម​បីបាច់​ក្រុមគ្រួសារ​ខ្លួន​ដោយ​សេចក្តី​ជំនឿ និង​សេចក្តី​ក្លាហាន ដើម្បី​ឲ្យ​ជំនាន់​ក្រោយមាន​ឱកាស​ច្រើន​ជាង​ជំនាន់​ពួក​លោក។ យើង​ត្រូវ​តែ​ស្វែង​រក​ក្នុង​ខ្លួន​យើង​នូវវិញ្ញាណ​នៃការប្តេជ្ញា​ចិត្តដូច​គ្នា​នោះ ហើយ​យក​ឈ្នះ​លើ​ឧបសគ្គទាំង​ឡាយ​ដែល​យើង​ប្រឈម ជា​មួយ​នឹង​វិញ្ញាណ​នៃ​ការ​ពលិកម្ម​ដូច​គ្នា​។ យើង​ត្រូវ​តែ​បំពាក់​សម្រាប់​ជំនាន់​នា​អនាគត​នូវ​សេចក្តី​សង្ឃឹម​ដ៏​រឹងមាំអំពី​ការ​បង្រៀន​របស់​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​យើង។

« ចូរចងចាំចុះ ចូរចងចាំចុះថា គឺ​នៅលើ​សិលានៃព្រះដ៏ប្រោសលោះនៃ​យើង គឺព្រះ​គ្រីស្ទជា ព្រះ​រាជ​បុត្រានៃព្រះ ដែល​កូន​ត្រូវសង់គ្រឹះរបស់កូន ដើម្បី​កាលណាអារក្ស​បញ្ចេញខ្យល់​ដ៏​ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញ​របស់វា​នៅ​ក្នុង​ខ្យល់គួច មែន​ហើយ កាលណាព្រិល និង ខ្យល់​ព្យុះ​កំណាចទាំងអស់​របស់វា បោកបក់មកលើកូន នោះវា​នឹងគ្មានអំណាចមកលើកូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុងជង្ហុក​នៃ​សេចក្តី​វេទនា និងទុក្ខលំបាក ដ៏មិន​ចេះចប់​មិនចេះ​ហើយ ពីព្រោះ​មកពី​សិលាដែលកូន​បានសង់​នៅ​លើ​នោះ ដែលជា​គ្រឹះដ៏​ខ្ជាប់​ខ្ជួនមួយជាគ្រឹះ​មួយ បើសិន​ណាមនុស្ស​សង់នៅលើនោះ នោះពួកគេ មិនអាច​រលំ​បាន​ឡើយ» (ហេលេមិន 5:12)។

ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ បានផ្តល់​ឲ្យ​គ្រឹះ​នេះ ដែល​យើង​អាច​ស្វែង​រក​សេចក្តី​សុខសាន្តដ៏​នៅ​អស់​កល្ប​ជា​និច្ច ហើយ​ស្ថាបនាអង្គភាព​​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច។ ខ្ញុំ​សូម​​ថ្លែង​ទីបន្ទាល់​​ អំពី​ការណ៍នេះនៅ​ក្នុង​ព្រះនាម​នៃព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់​យើង ជា​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។