ឆ្នាំ ២០១០-២០១៩
យ៉ូសែប ស្ម៊ីធ
១០ 2014


យ៉ូសែប ស្ម៊ីធ

ព្រះយេស៊ូវ​គ្រីស្ទ​ បាន​ជ្រើសរើស​បុរស​បរិសុទ្ធ​ បុរសសុចរិតម្នាក់ ដើម្បី​ដឹកនាំ​ការស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។ ទ្រង់​បាន​ជ្រើសរើស​យ៉ូសែប ស្ម៊ីធ ។

នៅ​ក្នុង​ការ​យាង​មកជា​លើក​ដំបូងទៅជួប​ព្យាការី​យ៉ូសែប ស្ម៊ីធ​ ពេល​លោក​មាន​អាយុ 17 ឆ្នាំ ទេវតា​​​បាន​ហៅ​ឈ្មោះ យ៉ូសែប ហើយ​ប្រាប់​លោក​​ថា ទ្រង់​គឺ​ជា​ មរ៉ូណៃ ជា​សារទូត​ម្នាក់ ដែល​បាន​បញ្ជូន​មក​ពី​វត្តមាន​របស់ព្រះ ហើយ​ថា​ព្រះ​មាន​កិច្ចការ​មួយ​​ឲ្យ​លោក​​ធ្វើ ។ ចូរ​នឹកគិតនូវអ្វីដែលយ៉ូសែប​បានគិត ពេល​មាន​ទេវតា​មក​ប្រាប់​គាត់​ថា ឈ្មោះ​របស់គាត់ « នឹង​មាន​​ដើម្បី​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់​ក្នុង​គ្រប់​ទាំង​សាសន៍ គ្រប់ពូជ​មនុស្ស និង​គ្រប់​ទាំង​ភាសា» ។ 1 ប្រហែល​ជា​យ៉ូសែប​ស្រឡាំង​កាំង​ហើយ ទើប​បានជា​មរ៉ូណៃ និយាយ​ឡើង​វិញ​ម្ដង​ទៀតថា នឹង​មាន​ទាំងមនុស្ស​ទាំងអស់​នឹង​និយាយ​ទាំង​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់​អំពី​លោក ។ 2

ការនិយាយ​ល្អ​ពី យ៉ូសែប ស៊្មីធ បាន​មាន​ដោយ​សន្សឹមៗ តែការ​និយាយ​​រឿង​អាក្រក់ពីលោក បាន​​ចាប់​ផ្ដើម​មាន​មួយ​រំពេច ។ យ៉ូសែប សរសេរ​ថា « ចម្លែក​អ្វី​ម្ល៉េះ ហេតុអ្វី​ក៏​ក្មេង​ប្រុស​ម្នាក់​ដែល​មិន​សូវ​មាន​គេ​ស្គាល់ ... ម្ដ៉េច​ក៏​គេ​គិត​ថា ជា​មនុស្ស​គ្រាន់​បើ  … ទៅដល់​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​បៀតបៀន... នឹង​ប្រទេច​ផ្ដាសា​ដ៏ល្វីងជូរចត់​ដូច្នេះ » ។3

ខណៈ​ដែល​មាន​មនុស្ស​ស្រឡាញ់​យ៉ូសែប​កើនឡើង នោះ​ក៏​មាន​ការ​ប្រទុស្ដរ៉ាយ​ផងដែរ ។ នៅ​អាយុ 38 ឆ្នាំ លោក​ត្រូវ​​មនុស្ស​កំណាច 150 នាក់​ដែល​លាប​មុខ​ខ្មៅ មក​ធ្វើឃាត ។4 ខណៈ​ដែល​ជីវិត​របស់​យ៉ូសែប​បាន​បញ្ចប់ភ្លាម នោះ​ការ​និយាយ​ល្អ និង​និយាយ​អាក្រក់​ពី​យ៉ូសែប ក៏​បាន​ចាប់​​ផ្ដើម​ភ្លាម ។

តើ​យើង​គួរភ្ញាក់​ផ្អើល​នឹង​ការ​និយាយ​អាក្រក់​ទាស់​នឹង​លោក​ទេ ? សាវក​ប៉ុល ត្រូវ​បាន​ហៅ​ថា​ឆ្កួត។5 ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ព្រះរាជបុត្រា​នៃ​ព្រះ ត្រូវ​បានគេ​ហៅ​ថាមនុស្ស​លោភ មនុស្ស​ប្រមឹក និង​អារក្សចូល ។6

ព្រះអម្ចាស់ បាន​ប្រាប់​យ៉ូសែប ពី​ជោគ​វាសនា​របស់លោក​ថា ៖

« នៅ​គ្រប់​ចុង​ផែនដី​នឹង​សាក​សួរ​អំពី​ឈ្មោះ​របស់​អ្នក ហើយ​ពួក​ល្ងង់​ខ្លៅ នឹង​សើច​ចំអក​អ្នក ហើយ​ស្ថាននរក​ខ្ញាល់​ទាស់​នឹង​អ្នក

« ក្នុង​កាល​អ្នក​មានចិត្ត​បរិសុទ្ធ … អ្នក​មាន​ប្រាជ្ញា … និង​អ្នក​ដែល​មាន​គុណធម៌ នោះ​នឹង​ស្វែងរក​ … ព្រះពរ​ទាំងឡាយ​ជា​រៀង​រហូត​ពី​ក្រោម​ដៃអ្នក »។7

ហេតុអ្វី​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មាន​ការនិយាយ​អាក្រក់​ កើត​ឡើង​ព្រម​គ្នា​នឹង​ការ​និយាយ​ល្អ​ដូច្នេះ ? ការប្រឆាំងជំទាស់នឹងរឿង​ទាំងឡាយ​របស់ព្រះ ជម្រុញ​​អ្នក​ស្វែងរក​សេចក្ដី​ពិត​ឲ្យលុត​ជង្គង់​ពួកគេ​ចុះ​សុំ​សួរ​ចម្លើយ ។8

យ៉ូសែប គឺ​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ ។ កិច្ចការ​ខាង​វិញ្ញាណ​របស់​លោក បាន​ចាប់​​ផ្ដើម​ជាមួយ​នឹង​ការ​លេច​មក​របស់​ព្រះ​វរបិតា និង​ព្រះរាជបុត្រា នឹង​ការ​យាងមក​របស់​សារទូត​សួគ៌​ជា​ច្រើន​ទៀត ។ លោក​គឺ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់ព្រះ ក្នុង​ការ​នាំ​យក​គម្ពីរ​ពិសិដ្ឋ​ចេញមក បើក​សម្ដែង​គោលលទ្ធិដែលត្រូវបានបោះបង់ចោល និង​ស្ដារ​ឡើងវិញ​នូវ​បព្វជិតភាព ។ សារៈសំខាន់​នៃ​កិច្ចការ​របស់​យ៉ូសែប តម្រូវ​ឲ្យមានលើសពី​ការ​ពិចារ​ណាខាងបញ្ញា​ឈ្លាស​វៃ វា​តម្រូវ​ថា យើង « សូម​សួរ​ដល់ព្រះ » ដូចជា​យ៉ូសែប ។9 សំណួរ​ខាង​វិញ្ញាណ សម​នឹងទទួល​ចម្លើយ​ខាង​វិញ្ញាណ ។

មនុស្ស​ជា​ច្រើន​ដែល​ពុំ​ជឿ​លើ​កិច្ចការ​នៃ​ការ​ស្ដារឡើងវិញ ជា​ធម្មតា​ពុំ​ជឿ​ថា តួអង្គ​សួគ៌ា មាន​បន្ទូល​មក​កាន់​មនុស្ស​លើ​ផែនដី​ទេ ។ ពួកគេ​និយាយ​ថា វា​ពុំ​អាច​ទៅរួច​ទេ ដែល​ផ្ទាំង​ចំណារ​មាស ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយ​​ទេវតា​មួយអង្គ ហើយ​បាន​បក​ប្រែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​នោះ ។ ចេញ​មកពី​ការ​ពុំ​ជឿ​នោះ ពួកគេ​បដិសេធ​ទីបន្ទាល់​របស់​យ៉ូសែប ហើយ​មនុស្ស​មួយចំនួន​តូច​បាន​ប្រព្រឹត្ត​អំពើអាក្រក់​បង្ខូច​ដល់ជី​វិត​របស់​យ៉ូសែប ហើយ​និយាយ​​​កុហក​អំពី​ចរិយា​របស់លោក ។

យើង​មាន​ការសោកស្ដាយ​ ជាពិសេស​ពេល​នរណា​ដែល​ធ្លាប់​កោត​​​សរសើរ​ដល់​យ៉ូសែប ស្ម៊ីធពីមុន រួចបែ​រជាដើរ​ចេញ​ពី​ការ​ជឿស៊ប់​របស់​ពួកគេ ហើយ​មក​រិះគន់​ដល់ព្យាការីវិញ​នោះ ។10

« ការសិក្សា​អំពី​សាសនាចក្រ … តាមរយៈ​កែវភ្នែករបស់​មនុស្ស​ដែល​ដើរ​ចេញ​ពី​សាសនាចក្រ » អែលឌើរ នែល  អេ ម៉ាក់ស្វែល មានប្រសាសន៍​ថា « គឺ​ដូចជា​​និយាយ​ទៅ​​​ពួកយូដា​ឲ្យ​យល់​អំពី​ព្រះយេស៊ូវ​ដូច្នោះ​ដែរ ។ អ្នក​ដែល​ដើរ​ចេញ​ពី​សាសនាចក្រ តែងតែ​ប្រាប់​យើងជា​ច្រើន​​អំពីខ្លួន​​ពួកគេ ជាជាងប្រាប់​ពីសាសនាចក្រ ដែលពួកគេ​បាន​ដើរ​ចេញ​​នោះ » 11

ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា ... ត្រូវ​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នករាល់គ្នា​វិញ » ។ 12 ចូរ​យើង​ផ្ដល់​សណ្ដានចិត្តល្អ​ចំពោះ​អ្នកទាំងឡាយ​ដែល​រិះគន់​ដល់យ៉ូសែប ស្ម៊ីធ ដោយ​ដឹង​ក្នុង​ចិត្ត​របស់​យើង​ថា លោក​គឺ​ជា​ព្យាការី​របស់ព្រះ ហើយ​លួងលោម​ចិត្ត​ថា រឿង​ទាំងអស់​នេះ គឺ​មានតាំង​ពី​យូរ​មកហើយ ដូច​បាន​ព្យាករ​ដោយ​មរ៉ូណៃ ។

តើ​យើង​គួរ​ឆ្លើយ​តប​នឹង​អ្នក​សួរ​ដោយស្មោះ ដែល​បារម្ភ​អំពី​មតិអវិជ្ជមាន ដែល​ពួកគេ​បាន​ឮ ឬ​អាន​អំពីព្យាការី​យ៉ូសែប ស្ម៊ីធ​ដោយ​របៀប​ណា ? ពិត​ណាស់ យើង​​តែងតែ​ស្វាគមន៍ចំពោះ​សំណួរ​ស្មោះត្រង់ និង​ឆ្លាតវៃ ។

ចំពោះ​សំណួរ​អំពី​ចរិយាសម្បត្តិ​របស់យ៉ូសែប យើង​អាច​ចែក​ចាយ​នូវ​សម្ដី​របស់​មនុស្ស​​រាប់ពាន់​នាក់ ដែល​ស្គាល់​លោក​ផ្ទាល់ ហើយ​ដែល​បាន​ប្រគល់ជីវិត​របស់​ពួកគេ​​ដើម្បីកិច្ចការ​ដែល​លោក​បាន​ជួយ​ស្ថាបនា​នោះ ។ យ៉ូហាន ថេលើរ ដែល​ត្រូវ​បាន​បាញ់​បួន​ដង​ដោយ​ពួក​មនុស្ស​កំណាច ដែល​បានសម្លាប់​យ៉ូសែប ក្រោយ​មក​បាន​ប្រកាស​ថា ៖ « ខ្ញុំ​ថ្លែង​ទីបន្ទាល់ចំពោះ​ព្រះ ពួក​ទេវតា និង​មនុស្ស​ថា [យ៉ូសែប] គឺ​ជា​បុរស​ល្អ គួរ​គោរព [និង] ប្រកប​ដោយគុណធម៌— … [ហើយ] ថា​ចរិយា​របស់​លោក​ក្នុង​ទី​កំបាំង និង​​ទីសាធារណៈ គឺបរិសុទ្ធ— ហើយ​ថា លោក​បាន​រស់​នៅ និង​បាន​ស្លាប់​ទៅ ជា​បុរស​ម្នាក់​របស់ព្រះ » ។13

យើង​អាន​រំឭក​ដល់​អ្នក​សួរ​​ដោយ​ស្មោះ​នោះ​ថា ព័ត៌មាន​លើ​អ៊ិនធឺណែត ពុំ​បាន​ចម្រាញ់​ភាព​មិន « ពិត » ចេញ​ទេ ។ ទោះ​ជា​វា​ទាក់ទាញគួរឲ្យជឿប៉ុណ្ណាក៏ដោយ ព័ត៌មាន​មួយចំនួន ជា​ធម្មតា គឺ​មិនពិត​ទេ ។

ជា​ច្រើន​ឆ្នាំ​កន្លងទៅ ខ្ញុំ​អានអត្ថបទ​​ទស្សនាវដ្ដី ឈ្មោះ Time​ ដែល​រាយការណ៍​ពី​ការ​រកឃើញ​សំបុត្រ​មួយ ដែល​សន្និដ្ឋានថា​ត្រូវបាន​​សរសេរ​ដោយ ម៉ាទីន ហារីស ដែល​ស្តីជំទាស់នឹង​ដំណើរ​រឿង​របស់​យ៉ូសែប ស្ម៊ីធ ក្នុង​ការ​រក​ឃើញផ្ទាំង​គម្ពីរមរមន ។14

មាន​សមាជិក​មួយចំនួន បាន​ចាក​ចេញ​ពី​សាសនាចក្រ ដោយ​សារ​តែ​ឯកសារ​នោះ ។15

គួរ​ឲ្យ​សោក​ស្ដាយ ពួកគេ​ចាកចេញ​រហ័ស​ពេក ។ អស់​ជា​ច្រើនខែ​ក្រោយ​មក អ្នកជំនាញ​បាន​ស្រាវជ្រាវ ( ហើយអ្នក​ក្លែង​បន្លំ​បាន​សារភាព ) រក​ឃើញ​ថា សំបុត្រនោះ គឺ​ជា​ការ​បោក​បញ្ឆោត​ទាំង​ស្រុង ។​​16 អ្នក​គួរតែ​មាន​ចម្ងល់​អំ​​ពី​អ្វី​ដែល​អ្នក​បាន​ស្ដាប់​ឮ​ក្នុង​សារព័ត៌មាន ប៉ុន្តែ​អ្នក​​ពុំ​គួរ​សង្ស័យ​នឹង​ទីបន្ទាល់​របស់​ពួក​ព្យាការី​នៃ​ព្រះសោះ​ឡើយ ។

យើង​អាច​រំឭក​ដល់​អ្នក​សួរ​​ថា ព័ត៌មាន​មួយចំនួន​អំពី​យ៉ូសែប ថ្វីបើវា​ពិត មែនក្តី វា​ត្រូវ​បាន​បង្ហាញខុសទាំងស្រុងចេញពី​បរិបទ​ក្នុង​ជំនាន់​របស់លោក និង​ស្ថានភាព​របស់​លោក​ផ្ទាល់ ។

អែលឌើរ រ័សុល  អិម ណិលសុន បាន​បង្ហាញ​ចំនុច​នេះ​​ ។ គាត់​បាន​ប្រាប់​​​ថា ៖ « ខ្ញុំ​បម្រើ​ជា​អ្នក​ប្រឹក្សា​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​នៅ​ផ្នែក​​​មជ្ឈមណ្ឌល គ្រប់គ្រង​ជំងឺ​​ជាតិ នៅ​អាត្លង់តា ចចចារ ។ មាន​ម្ដង​នោះ​ ពេល​កំពុង​រង់ចាំ​ឡាន​តាក់ស៊ី ជិះ​​ទៅ​អាកាស​យានដ្ឋានវិញ​ បន្ទាប់ពី​ការ​ប្រជុំ​យើង នៅទីនោះ ខ្ញុំ​បាន​ទម្រេទ​ខ្លួន​​លើ​ស្មៅ​ដើម្បី​ទទួល​កម្ដៅ​ព្រះអាទិត្យ​មុន​ពេល​ទៅ​កាន់ រដូវ​ត្រជាក់ ​រដ្ឋ​យូថាហ៍វិញ ។ ... ក្រោយ​មក​ ខ្ញុំ​បាន​ទទួល​រូបថត​មួយ​ក្នុង​សំបុត្រ ដែល​អ្នក​ថត​រូប​បាន​ថត​យ៉ាងជិត ថត​យក​រូបនៃ​ការ​ដេក​លេង​លើ​ស្មៅ​របស់​ខ្ញុំ ។ នៅ​ខាង​ក្រោម​រូបថត​នោះ មាន​ចំណង​ជើង​ថា « អ្នក​ប្រឹក្សា​ខាង​រដ្ឋាភិបាល​នៅ​មជ្ឈមណ្ឌល​ជាតិ » ។ រូប​ថត​គឺ​ពិត ចំណង​ជើងក៏ពិត ប៉ុន្តែ​ភាព​ពិត​នោះ ត្រូវ​បាន​ប្រើ​ដើម្បីផ្សព្វផ្សាយ​ពីចំណាប់អារម្មណ៍​ខុស​ឆ្គង​មួយ » ។17 យើង​ពុំ​បដិសេធ​អ្វី​មួយ​ដែល​យើង​ដឹងថា ជា​អ្វី​មួយ​ដែល​យើង​ពុំ​ទាន់​យល់​នោះ​ទេ ។

យើង​អាច​រំឭក​ដល់​អ្នក​សួរ​ថា យ៉ូសែប ពុំ​នៅ​ម្នាក់​ឯង​ទេ ពេល​ពួក​ទេវតា​មក​ជួប​នោះ ។

សាក្សី​អំពី​គម្ពីរមរមន​បាន​សរសេរ​ថា ​« យើង​សូម​​ថ្លែង​ដោយ​ម៉ឺង​ម៉ាត់​ថា មាន​ទេវតា​នៃ​ព្រះបាន​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ... ​យើង​បាន​ទាំង​មើល និង​ឃើញ​ផ្ទាំង​ទាំងឡាយ » ។18 យើង​អាច​ដក​ស្រង់​ពាក្យ​អ្នក​ផ្សេង​ទៀតមក​ផងដែរ ។​19

អ្នក​សួរ​សំណួរ​ស្មោះត្រង់​ម្នាក់ គួរ​តែ​មើល​នូវ​ការ​រីកលូតលាស់​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ ដូចជាផល​ផ្លែ​នៃកិច្ចការ​របស់ព្រះអម្ចាស់ តាមរយៈ​ព្យាការី ។

ឥឡូវ មាន​ក្រុមជំនុំ​ច្រើន​ជាង 29,000 នាក់ ហើយ​អ្នក​ផ្សព្វផ្សាយសាសនា​ចំនួន 88000 នាក់​កំពុង​បង្រៀន​ដំណឹងល្អ​នៅទូទាំង​ពិភពលោក ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រាប់​លាន​នាក់ កំពុង​ព្យាយាម​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ រស់នៅ​ក្នុងជីវិត​ដ៏​គួរ​គោរព មើល​ថែ​ទាំជន​ក្រីក្រ ហើយ​​ផ្ដល់​ពេលវេលា និង​ទេពកោសល្យ​ក្នុង​ការ​ជួយ​អ្នកដទៃ ។

ព្រះយេស៊ូវ មាន​បន្ទូល​ថា ៖

« ធម្មតា ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់​ ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ ។ …

« ... ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ​គឺ​ដោយសារ​ផល​គេ​បង្កើត » ។20

ការ​ពន្យល់​ទាំង​នេះ គួរ​ឲ្យ​ជឿណាស់ ប៉ុន្តែ​អ្នក​សួរ​ដោយ​ស្មោះ ពុំ​គួរ​ពឹង​ផ្អែក​លើ​វា​ទាំង​ស្រុង ដើម្បី​បញ្ឈប់ការ​ស្រាវជ្រាវ​រក​សេចក្ដីពិត​របស់ពួកគេ​នោះ​ទេ ។

អ្នក​ជឿ​ម្នាក់ៗ ត្រូវការ​មាន​នូវការ​បញ្ជាក់​ខាង​វិញ្ញាណ អំពី​បេសកកម្ម​ដ៏​ទេវភាព និង​ចរិយា​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ រឿង​នេះ​គឺពិត​​​គ្រប់ជំនាន់ ។ សំណួរ​ខាង​វិញ្ញាណ សម​នឹង​ទទួល​ចម្លើយ​ខាង​វិញ្ញាណ​មកពី​ព្រះ ។

ថ្មីៗ​នេះ ពេល​ខ្ញុំនៅ​ប៉ែក​ឆ្នេរខាង​កើត​នៃ​សហរដ្ឋ អ្នកត្រឡប់មក​ពី​​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​និយាយ​នឹង​ខ្ញុំ​អំពី​មិត្ត​ម្នាក់ ដែល​បានធ្លាក់ខ្លួនភាន់​ច្រឡំ​ជាមួយ​នឹង​ព័ត៌មាន​ ដែល​គាត់​បាន​ទទួល​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ពួកគេ​បាន​និយាយ​គ្នា​ជា​ច្រើនដង ហើយ​អ្នក​ត្រឡប់មកពី​ផ្សាយសាសនា​នោះ ហាក់​ដូចជា​មាន​ការ​សង្ស័យ​ខ្លះៗក្នុង​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ពិភាក្សា ។

ទោះ​ជា​យ៉ាង​ណា ខ្ញុំ​សង្ឃឹម​ថា គាត់​អាច​ពង្រឹង​ដល់​មិត្តគាត់ តែ​ខ្ញុំ​បារម្ភ​អំពី​ទីបន្ទាល់​របស់​គាត់ ។ បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​ដាស់តឿន​អ្នក​ថា ៖ អ្នក​នឹង​ពុំ​អាច​ជួយ​អ្នកដទៃ​បាន​ច្រើន​ទេ បើ​ជំនឿ​ផ្ទាល់​ខ្លួន​របស់​អ្នក ពុំ​មានជំហររឹងមាំ​នោះ ។

ប៉ុន្មាន​សប្ដាហ៍​មុន ខ្ញុំ​បាន​ជិះយន្ដ​ហោះ​ទៅ​កាន់​អាមេរិក​ខាង​ត្បូង ។ អ្នកបម្រើ​តាម​យន្ដហោះ បានបង្វែរចិត្តរបស់​យើង​ទៅ​មើល​វីដេអូ​សុវត្ថិភាព ។ យើង​ត្រូវ​បាន​ព្រមានថា « វា​ប្រហែល​ជាមិនទំនង ប៉ុន្តែ​បើ​មានការ​ផ្លាស់ប្ដូរ​សម្ពាធខ្យល់​ក្នុង​យន្ដ​ហោះ​ នោះបន្ទះគំរប​នៅ​ខាង​លើ​កៅអី​របស់​អ្នក​នឹង​បើក ហើយ​ទម្លាក់​ម៉ាស​អ៊ុកស៊ីស្សែនមក ។ បើ​រឿង​នេះ​កើត​ឡើង សូម​ចាប់​យក​ម៉ាស​នោះមក ។ សូម​ដាក់ម៉ាស់​​គ្រប​​លើ​ច្រមុះ និង​មាត់​របស់អ្នក ។ សូម​ទាញ​ខ្សែមក​ទាក់​នឹង​ក្បាល​របស់អ្នក ហើយ​កែ​តម្រូវ​តាម​ចាំបាច់ ។​​ រួច​ហើយ​មាន​ការ​ព្រមាន​នេះ​ថា ៖ « សូម​ប្រាកដ​ថា កែ​សម្រួល​ម៉ាស​របស់​អ្នក​ជាមុន​សិន មុន​នឹង​ជួយ​ដល់អ្នកដទៃ » ។

មតិ​អវិជ្ជមាន​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ នឹង​បង្កើន​ឡើង នៅពេល​យើង​ខិត​ទៅ​ជិត​នឹង​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ ។ ការ​ពិត​ពាក់កណ្ដាល និង​ការ​បោក​បញ្ឆោត នឹង​ មិន​បន្ថយ​ឡើយ ។ នឹង​មាន​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​ជាច្រើន ដែល​នឹង​ត្រូវការ​ជំនួយពី​អ្នក ។ ឥឡូវ គឺ​ជា​ពេល​ដើម្បី​កែសម្រួល​ម៉ាស​អ៊ុកស៊ីស្សែន​ផ្ទាល់​ខ្លួន​របស់​អ្នក ដើម្បី​អ្នក​ត្រៀម​ខ្លួន​ជួយដល់អ្នកដទៃ​ដែល​កំពុង​ស្វែងរក​សេចក្ដីពិត ។21

ទីបន្ទាល់​មួយ​អំពី ព្យាការី​យ៉ូសែប ស្ម៊ីធ អាច​ជ្រៀតចូលមកក្នុងដួងចិត្ត​របស់​​យើង​ម្នាក់ៗ ខុសគ្នា។ វា​អាច​កើត​មក​ ពេល​អ្នក​លុតជង្គង់​ចុះ​អធិស្ឋាន សុំ​ព្រះ​ឲ្យ​បញ្ជាក់​ថា លោក​គឺ​ជា​ព្យាការីពិត ។ វា​អាច​កើតមក ពេល​អ្នក​អាន​ដំណើរ​រឿង​នៃការ​និមិត្ត​ដំបូង​របស់​ព្យាការី ។ ទីបន្ទាល់មួយ អាច​នឹង​ដក់ជាប់ទៅលើ​ព្រលឹង​របស់​អ្នក ពេល​អ្នក​អានគម្ពីរ​មរមន ម្ដង​ហើយ​ម្ដង​ទៀត ។ វា​អាច​កើតឡើង ពេល​អ្នក​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់អ្នក​អំពី​ព្យាការី ឬ​នៅ​ពេល​អ្នក​ឈ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​ដឹង​ថា តាមរយៈយ៉ូសែប ស្ម៊ីធ នោះ​អំណាច​នៃ​ការ​ផ្សាភ្ជាប់​ដ៏បរិសុទ្ធ ត្រូវ​បាន​ស្ដារឡើងវិញ​លើ​ផែនដី ។​22 ជាមួយ​ជំនឿ និង​បំណង​ពិត នោះ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ នឹង​បាន​ពង្រឹង ។ ការ​បាញ់​ទឹក​ច្រើន​ពី​កាំភ្លើង​បាញ់​ទឹក អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ទទឹក​ខ្លួន ប៉ុន្តែ​វា​ពុំអាច​ពន្លត់​ភ្លើង​នៃ​សេចក្ដីជំនឿ​របស់អ្នក ​ដែលកំពុងឆេះ​បាន​សោះឡើយ ។

​ចំពោះ យុវវ័យ​ដែល​កំពុង​ស្ដាប់នៅ​ថ្ងៃ​នេះ ឬ​ការ​អាន​ពាក្យ​ទាំងឡាយ​នេះ​នៅ​ថ្ងៃ​ក្រោយ ខ្ញុំ​សូម​ឲ្យ​សំណូម​​​ពរ​ជាក់លាក់​មួយ​ ៖ សូម​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​អំពី​ព្យាការី​យ៉ូសែប ស៊្មីធ ។ សូមឲ្យ​សំឡេង​របស់​អ្នក​ជួយ​បំពេញ​ពាក្យ​ព្យាករណ៍​​របស់មរ៉ូណៃ ដើម្បី​និយាយ​ល្អ​អំពី​ព្យាការី ។ នេះ​គឺ​ជា​គំនិត​ពីរ ៖ ទីមួយ រក​ខគម្ពីរ​ក្នុង​គម្ពីរមរមន ដែល​អ្នក​ដឹង និង​ជឿ​ថា​ពិត​ទាំង​ស្រុង ។ បន្ទាប់​មក​ចែកចាយ​វា​ជាមួយ​​គ្រួសារ និង​មិត្ត​ភក្ដិ​ក្នុង​រាត្រីជួបជុំ​ក្រុម​គ្រួសារ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​យុវជន និង​ថ្នាក់​យុវនារី​របស់អ្នក ដោយ​ទទួលស្គាល់ថា យ៉ូសែប គឺ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ថ​របស់ព្រះ ។ បន្ទាប់មក សូម​អាន​ទីបន្ទាល់​អំពីព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​គម្ពីរ​មុក្ដា​ដ៏មាន​តម្លៃ​មហិមា ឬ​នៅក្នុង​កូនសៀវភៅ​នេះ ដែល​ឥឡូវ​មាន​ជា 158 ភាសា ។ អ្នក​អាចរកវា​បាន​នៅ​លើ​អ៊ិនធើរណិត ​LDS.org ឬ​ជាមួយ​អ្នក​ផ្សព្វផ្សាយសាសនា ។ នេះ​គឺ​ជា​ទីបន្ទាល់​ផ្ទាល់​របស់​យ៉ូសែប អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពិតប្រាកដ ។ សូមអាន​វា​ឲ្យ​ញឹកញាប់ ។ ចូរ​ពិចារណាថត​សំឡេង​​​ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ ជា​ពាក្យ​សម្ដី​អ្នក​ផ្ទាល់ ស្ដាប់វា​ឲ្យ​ទៀងទាត់ រួច​ចែកចាយ​ជាមួយ​មិត្តភក្ដិ ។ ការ​ស្ដាប់​ពាក្យ​សម្ដី​របស់​ព្យាការី​ជា​សំឡេង​អ្នក​ផ្ទាល់ នឹង​ជួយ​អ្នក​ទទួលបាន​សាក្សី​ដែល​អ្នក​ស្វែងរក ។

មាន​ថ្ងៃ​ដ៏អស្ចារ្យ​ជា​ច្រើន​នៅ​ខាង​មុខ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ថា ៖ « បុព្វហេតុ​ដ៏អស្ចារ្យ​នេះ ... នឹង​បន្ដទៅ​មុខ ផ្លាស់ប្ដូរ និង​ប្រទាន​ពរ​ដល់ជីវិត​មនុស្ស ។ ... គ្មាន​កម្លាំង​ណា​ក្នុង​លោកិយទាំង​មូល​​នេះ​ អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះ​បាន​ឡើយ ។ មិន​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ បុព្វហេតុ​ដ៏​អស្ចារ្យ​នេះ នឹង​បន្ដ​បោះជំហាន​ទៅមុខ » ។23

ខ្ញុំ​សូម​ផ្ដល់​ជា​សាក្សីថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោស​លោះ​របស់យើង ។ ទ្រង់​បាន​ជ្រើសរើស​បុរស​បរិសុទ្ធ​ បុរសសុចរិតម្នាក់ ដើម្បី​ដឹកនាំ​ការស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។ ទ្រង់​បាន​ជ្រើសរើស​យ៉ូសែប ស្ម៊ីធ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ គឺ​ជា​បុរស​ស្មោះត្រង់ និង​ប្រកបដោយ​គុណធម៌ ជា​សិស្ស​ម្នាក់​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះ ជា​ព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​អង្គ​ដល់​លោក ។ លោក​បាន​បកប្រែ​គម្ពីរមរមន ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។

នៅក្នុង​សង្គម​យើង ហួស​ពី​វាំងនន​នៃ​សេចក្ដីស្លាប់ យើង​នឹង​យល់​យ៉ាង​ច្បាស់​អំពី​ការហៅ​ដ៏ពិសិដ្ឋ និង​បេសកកម្ម​ដ៏ទេវភាព​នៃ​ព្យាការី​ យ៉ូសែប ស៊្មីធ ។ ពេល​នោះ នឹង​មក​ដល់​យ៉ាង​ឆាប់ បងប្អូន ​និង​ខ្ញុំ និង« មនុស្ស​រាប់​លាននាក់ [ទៀត] នឹង​ស្គាល់ បងប្រុស យ៉ូសែប​ ម្ដង​ទៀត24 ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:33

  2. សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:29–46

  3. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:23

  4. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 135:1 ។

  5. សូមមើល កិច្ចការ 26:24 ។

  6. សូម​មើល ម៉ាថាយ 11:19; យ៉ូហាន 10:20

  7. គោលលទ្ធិ និង សេចក្តី​សញ្ញា 122:1–2

  8. ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា ៖ « ដំបូង សង្ស័យ​មន្ទិល​អ្នក​ពី​មុន​សង្ស័យ​សេចក្ដី​ជំនឿ​អ្នក ។ យើង​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ទិល​សង្ស័យចាប់​យើង​ជា​ឈ្លើយ ហើយ​បង្ខាំង​យើង​ពីសេច​ក្ដី​ស្រឡាញ់​ព្រះ ភាព​សុខសាន្ត និង​អំណោយ​ទាន ដែល​បាន​មក​ពីសេច​ក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ជា​ដាច់​ខាត » ។ (« Come, Join with Us,» Ensign Liahona, ខែ វិច្ឆិកា ឆ្នាំ 2013, 23) ។ អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា ៖ « នេះ​ជា​កិច្ចការ​ដ៏​ទេវភាព​ដែល​កំពុង​មានដំណើរការទៅមុខ ជាមួយ​នឹង​ការបង្ហាញ​ និង ​ពរជ័យ​ដែល​មាន​នៅ​គ្រប់​ទិសទី ដូច្នេះ​សូម​កុំ​បារម្ភ​ហួសពេក បើ​ពេល​ខ្លះ មាន​បញ្ហា​កើតឡើង ដែល​ត្រូវ​ពិនិត្យ ត្រូវ​យល់ និង ត្រូវ​ដោះស្រាយ​នោះ ។ ពិតជា​មាន​បញ្ហា ហើយ​នឹង​ត្រូវ​ដោះស្រាយ ។ នៅ​ក្នុង​សាសនាចក្រនេះ អ្វី​ដែល​យើង​ដឹង​ គឺ​តែងតែ​សំខាន់​ជាង​អ្វី​ដែល​យើង​មិន​ដឹង» ( « Lord, I Believe » Ensign Liahona, ឧសភា ឆ្នាំ 2013, 94) ។

  9. យ៉ាកុប 1:5; សូមមើល​ផងដែរ យ៉ូសែប ស្ម៊ីធ— ប្រវត្តិ 1:11–13

  10. ដានីយ៉ែល ថេលើ បាន​រំឭក​ថា ៖ « បងប្រុស អ៊ីសាក បេហូនីន និង​ខ្ញុំ [បាន​ជួប​ព្យាការី] នៅ​ក្នុង​ផ្ទះ​របស់​លោក ។ ការ​បៀតបៀន​របស់លោក គឺ​ជា​ប្រធាន​បទ​នៃ​ការ​សន្ទនា ។ លោក​​បាន​និយាយ​ច្រំដែលៗ​អំពី​សេចក្ដី​ថ្លែង​ការណ៍ក្លែងក្លាយ​ឥតខ្ជាប់ខ្ជួន​និងជំទាស់​ ដែល​បានប្រឌិតឡើង​ដោយ​ពួក​ក្បត់សាសនា ។ ... លោក​ក៏​បាន​ប្រាប់​អំពី​របៀប​ដែល​មន្ត្រី​ភាគ​​ច្រើន ដែល​នឹង... [ស្ម័គ្រ​ចិត្ត] ផ្ដាច់ជីវិត​លោក ពេល​លោក​ត្រូវ​ចាប់​ខ្លួន បែរ​ទៅ​ជាចង់ [ស្គាល់​លោក​កាន់​តែប្រសើរ ] ។ …« ... បងប្រុស បេហុនីន បាន​មានប្រសាសន៍​ថា ៖ « បើ​ខ្ញុំ​គួរ​ចាក​ចេញ​ពី​សាសនាចក្រ​នេះ ខ្ញុំ​នឹង​មិន​ធ្វើ​ដូចជា​បុរស​ទាំងនោះ​បាន​ធ្វើ​ទេ ៖ ខ្ញុំ​នឹង​ទៅ​កន្លែង​ដាច់ស្រយាល​ ដែល​ពួក​មរមន​ពុំ​ដែល​ឮ រស់នៅទីនោះ ហើយ​គ្មាន នរណា​ម្នាក់​នឹង​ដឹង​ថា ខ្ញុំ​បាន​ដឹង​អ្វី​អំពី​រឿង​នេះ ។»« [យ៉ូសែប] បាន​តប​ភ្លាម​ថា ៖ « បងប្រុស បេហុនីន បង​ពុំ​ដឹង​អ្វី​ដែល​បង​នឹង​ធ្វើ​ទេ ។ គ្មាន​សង្ស័យទេ​ថា បុរស​ទាំងនេះ ធ្លាប់​បាន​គិត​ដូច​បង ។ មុន​ពេល​បង​ចូលរួម​ក្នុង​សាសនាចក្រ​នេះ បងបាន​ឈនៅ​លើ​ដី​អព្យាក្រិត្យ ។ ... ពេល​បង​ចូលរួម​ក្នុង​សាសនាចក្រ បង​ចូលរួម​បម្រើ​ព្រះ ។ នៅពេល​បង​បាក​ចេញ​ពី​ដី​អព្យាក្រិត្យ នោះ​បង​ពុំ​អាច​ត្រឡប់ទៅ​វិញ​បាន​ទេ ។ បើ​​បង​គប្បី​លះបង់​ចោល​លោកចៅហ្វាយ ដែល​បង​បាន​ចូលរួម​បម្រើ នោះ​អារក្ស​វានឹង​​ញុះញ៉ង់ ហើយ​បង​នឹង​ដើរ​តាម​ការ​ដឹកនាំ​របស់វា ហើយ​ធ្វើ​ជា​អ្នក​បម្រើ​របស់វា » ( នៅក្នុងTeachings of Presidents of the Church: Joseph F. Smith [ឆ្នាំ 2007] ទំព័រ 324)។

  11. នែល អេ. ម៉ាកស្វែល « All Hell Is Moved » (Brigham Young University devotional, ថ្ងៃ​ទី  8 ខែ វិច្ឆិកា ឆ្នាំ 1977), 3; speeches.byu.edu

  12. ម៉ាថាយ 5:44

  13. Teachings of Presidents of the Church: John Taylor (ឆ្នាំ 2001), 83; សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា 135:3 ។

  14. សូមមើល Richard  N. Ostling, « Challenging Mormonism’s Roots,» Time, ថ្ងៃ​ទី  20 ខែ​ឧសភា ឆ្នាំ 1985, 44។

  15. សូមមើល Ostling « Challenging Mormonism’s Roots,» 44; សូមមើលផងដែរ ហ្គរដុន  ប៊ី ហ៊ិងគ្លី « Lord, Increase Our Faith,» Ensign, ខែ វិច្ឆិកា ឆ្នាំ 1987, 52; នែល អិល អាន់ឌើរសិន « Trial of Your Faith » Ensign Liahona, ខែ​វិច្ឆិកា ឆ្នាំ 2012, 41។

  16. សូម​មើល Richard  E. Turley  Jr., Victims៖ The LDS Church and the Mark Hofmann Case (ឆ្នាំ 1992) ។

  17. រ័សុល អិម ណិលសុន «Truth—and More,» Ensign ខែ មករា ឆ្នាំ 1986 ទំព័រ 71 ។

  18. « ទីបន្ទាល់​នៃ​សាក្សីបីនាក់ » ព្រះគម្ពីរ​មរមន ។

  19. សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:71, កំណត់ចំណាំ; សូម​មើលផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 76:23

  20. ម៉ាថាយ 7:18, 20

  21. ប្រធាន ហិនរី  ប៊ី អាវរិង ក្នុង​ការ​និ​យាយ​អំពី​អ្នកទាំងឡាយ​ដែល​មាន​ការសង្ស័យ បាន​មានប្រសាសន៍​ថា ៖ « ដោយ​ក្ដី​ស្រឡាញ់​របស់អ្នក​ចំពោះ​ពួកគេ អ្នក​អាច​សម្រេច​ចិត្ត​ព្យាយាម​ឲ្យ​ដល់ពួកគេ​នូវ​អ្វី​ដែលពួកគេ​សុំ ។ អ្នក​អាច​នឹង​ល្បួង​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ក្នុង​​ការសង្ស័យ​របស់ពួកគេ ដោយ​សង្ឃឹម​ថា អ្នកអាច​រក​បានភស្ដុតាង ឬ​មូលហេតុ​ដើម្បី​បំបាត់​ការ​សង្ស័យរបស់​ពួកគេ ។ មនុស្ស​ដែល​មាន​ការ​សង្ស័យ​ ជាញឹកញាប់​ចង់និយាយ​អំពី​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​កត្តាពិត ឬ​ការ​ឈ្លោះ​ប្រកែក ដែល​បាន​បណ្ដាល​ឲ្យ​គេ​មាន​ការ​សង្ស័យ ហើយ​ថា​វា​ឈឺ​ចាប់​ខ្លាំងប៉ុណ្ណា ។ …« អ្នក និង​ខ្ញុំ​អាច​ធ្វើ​ល្អ​ប្រសើរ បើ​យើង​ពុំ​នៅ​ជាប់​នឹង​អ្វី​ដែល​សិស្ស​របស់​យើង មើល​ឃើញថា​ជា​ប្រភព​នៃ​ភាព​សង្ស័យ​របស់ពួកគេ ។  … បញ្ហា​របស់ពួកគេ​គឺ​ពុំ​ស្ថិត​នៅក្នុង​អ្វី​ដែល​ពួកគេ​គិត​ថា ពួកគេ​មើលឃើញ​នោះ​ទេ ប៉ុន្តែ​វា​ស្ថិត​លើ​អ្វី​ដែល​ពួកគេ​ពុំ​អាច​មើល​ឃើញ​វិញ ។ ... យើង​ធ្វើ​បាន​ល្អ​បំផុត បើ​យើង​បង្វែ​ការ​សន្ទនា​ឲ្យ​ឆាប់​ទៅ​រករឿង​ខាង​ដួងចិត្ត ជា​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​នោះ​ហើយ ដែល​បើក​ភ្នែក​ខាង​វិញ្ញាណ » ( «And Thus We See’: Helping a Student in a Moment of Doubt» [address to Church Educational System religious educators, ថ្ងៃទី 5 ខែ កុម្ភៈ  ឆ្នាំ 1993], 34; si.lds.org) ។

  22. ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បានមាន​​ប្រសាសន៍​ថា ៖ « ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ពេល​ខ្ញុំ​មាន​អាយុដប់ពីរ​ឆ្នាំ ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​ឌីកុន ឪពុក​របស់​ខ្ញុំ ដែល​ជា​ប្រធាន​នៃ​ស្ដេក​របស់​យើង បាន​នាំ​ខ្ញុំ​ទៅ​ការ​ប្រជុំ​បព្វជិតភាព​ស្ដេក​ដំបូង​របស់ខ្ញុំ ។ ... [ទំនុក​ដំកើង​បើក គឺ « សរសើរ​ដល់​លោក » ] ។ ពួកគាត់​កំពុង​ច្រៀង​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​នៅពេល​ពួកគាត់​ច្រៀង នោះ​វា​បាន​ចាក់ចូល​ក្នុង​ចិត្ត​ខ្ញុំ​ឲ្យ​មាន​ក្ដី​ស្រឡាញ់​ដ៏​ធំ​ និង​ក្ដី​ជំនឿ​លើ​ព្យាការី ដ៏​អស្ចារ្យ​នៃ​គ្រា​កាន់កាប់ត្រួត​ត្រា​នេះ ។ ... ខ្ញុំ​បាន​ដឹង​​ពេល​នោះ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​នៃ​ព្រះ​ដ៏ពិត » ( « សរសើរ​ដល់​លោក » Ensign, ខែ​សីហា ឆ្នាំ 1983, 2; Tambuli, ខែ មករា ឆ្នាំ 1984, 12)។

  23. ថូម៉ាស  អេស ម៉នសុន «As We Gather Once Again,» Ensign Liahona, ខែ ឧសភា ឆ្នាំ 2012 ទំព័រ 4 ។

  24. « សរសើរ​ដល់​លោក » ទំនុក​តម្កើង ទំព័រ 27 ។