២០២០
សាសនាចក្រ​មួយ​សម្រាប់​ហ្សូលម៉ា
ខែ មេសា ឆ្នាំ ២០២០


សាសនាចក្រ​មួយ​សម្រាប់​ហ្សូលម៉ា

ប្រហែល​មាន​អ្វី​ច្រើន​ទៀត ដែល​ព្រះ​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ​ហ្សូលម៉ា​ដឹង ។

« ចូរ​រក នោះ​អ្នក​តែង​នឹង​ឃើញ » ( នីហ្វៃទី៣ ១៤:៧ ) ។

រូបភាព
A Church for Zulma

ហ្សូលម៉ា​បាន​អង្គុយ​នៅ​កៅអី​មួយ​នៅ​ព្រះវិហារ ហើយ​បាន​ពង្រាប​ស្នាមផ្នត់​សំពត់​ឯកសណ្ឋាន​សាលា​របស់​នាង ។ ពន្លឺ​ពណ៌​បាន​ចាំង​ឆ្លុះ​តាម​បង្អួច​កញ្ចក់ ហើយ​ឈើ​ឆ្កាង​មួយ​ឈរ​នៅ​ខាង​មុខ​នៃ​រោងជំនុំ ។ ហ្សូលម៉ា​ទៅ​សាលា​នៅ​ព្រះវិហារ ដូច្នេះ​នាង​បាន​ទៅ​ថ្វាយបង្គំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​សិស្ស​ដទៃ​ទៀត ។ ហ្សូលម៉ា​ចូលចិត្ត​ព្រះវិហារ​របស់​នាង ។ នាង​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​ចូលចិត្ត​រៀន​អំពី​ទ្រង់ ។

នាង​បាន​អង្គុយ​ដោយ​ស្ងៀមស្ងាត់ ពេលដែល​សង្ឃ​បាន​ចាប់ផ្ដើម​និយាយ ។ ប៉ុន្តែ​ថ្ងៃ​នេះ​មាន​អ្វី​មួយ​ខុសប្លែក ។ ភ្លាមៗ​នោះ​នាង​បាន​មាន​គំនិត​ថ្មីមួយ​ចូល​ក្នុង​ចិត្ត​នាង ៖ មាន​សេចក្ដី​ពិត​ថែម​ទៀត​នៅ​ក្រៅពី​ទីនេះ ។

ហ្សូលម៉ា​ជ្រួញ​ចិញ្ជើម​របស់​នាង ។ សេចក្ដី​ពិត​ថែមទៀត ? តើ​នោះ​មាន​ន័យ​យ៉ាង​ណា​ដែរ ?

គំនិត​បាន​មក​ម្ដង​ទៀត ។ មាន​សេចក្ដីពិត​ថែមទៀត ។

ហ្សូលម៉ា​បាន​បិទ​ភ្នែក​នាង ហើយ​បាន​ផ្ដោត​លើ​អ្វី​ដែល​នាង​បាន​មាន​អារម្មណ៍​នោះ ។ នាង​បាន​រៀន​អ្វីៗ​ដែល​ល្អ​ជា​ច្រើន​នៅ​ព្រះវិហារ ។ ប៉ុន្តែ​ឥឡូវ​នេះ នាង​ឆ្ងល់​ថា​បើ​មាន​ខ្វះ​អ្វី​មួយ ។ ប្រហែល​មាន​អ្វី​ច្រើន​ទៀត ដែល​ព្រះ​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ​នាង​ដឹង ។ ប៉ុន្តែ​តើ​នាង​អាច​ស្វែងយល់​រឿង​នោះ​ដោយ​របៀប​ណា ?

ក្រោយមក នាង​បាន​និយាយ​ទៅកាន់​បងប្រុស​របស់​នាង អាល់បឺតូ អំពី​គំនិត​របស់​នាង ។

« ប្អូន​គិត​ថា​មាន​សេចក្ដីពិត​ថែមទៀត​នៅ​ក្រៅពី​ទីនេះ​ឬ ? » អាល់បឺតូ​បាន​សួរ ។

ហ្សូលម៉ា​បាន​ងក់ក្បាល ។ នាង​បាន​និយាយ​ថា « ខ្ញុំចង់​រៀនពី​ព្រះវិហារ​ផ្សេងៗ​ទៀត » ។

អាល់បឺតូ​បាន​តបថា « យល់ព្រម ។ បង​នឹង​ទៅ​ជាមួយ​ប្អូន ! »

អស់​ជា​ច្រើន​ឆ្នាំ ហ្សូលម៉ា និង​អាល់បឺតូ​បាន​ទៅ​ព្រះវិហារ​ខុសៗគ្នា ។ បន្ទាប់​ពីទៅ​ព្រះវិហារ​មួយ អាល់បឺតូ​បាន​និយាយ​ថា « ព្រះវិហារ​នោះ​បាន​បង្រៀន​ការណ៍​ល្អៗ » ។

ហ្សូលម៉ា​បាន​យល់ស្រប ប៉ុន្តែ​ពួកគេ​នៅតែ​ពុំទាន់​មាន​អារម្មណ៍​ថា មាន​នៅ​ខ្វះ​អ្វី​មួយ ដូច្នេះ​ពួកគេ​បាន​បន្ត​ស្វែងរក​ទៀត ។

ថ្ងៃ​មួយ​អាល់បឺតូ​បាន​រត់ឡើង​ជណ្ដើរ​ផ្ទះ​របស់​ពួកគេ ។ « បង​បាន​រកឃើញ​ព្រះវិហារ​ដែល​ពួកយើង​កំពុង​ស្វែងរក​ហើយ ! » អាល់បឺតូ​បាន​និយាយ ។ គាត់​បាន​ឱប​ហ្សូលម៉ា​យ៉ាង​ណែន ។

ហ្សូលម៉ា​បើក​ភ្នែក​ធំៗ ។ « នៅ​កន្លែង​ណា ? ដោយ​របៀប​ណា ? »

អាល់បឺតូ​បាន​និយាយ​ថា « មិត្ត​របស់​បង​បាន​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ខ្លះៗ​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ « បង​បាន​ស្តាប់​ពួកគេ ហើយ​បង​ជឿ​លើ​អ្វី​ដែល​ពួកគេ​បាន​បង្រៀន ! »

ហ្សូលម៉ា និង​អាលបឺតូ សប្បាយ​ចិត្ត​ណាស់​រហូត​ដល់​ពួកគេ​បាន​រាំ​ជុំ​វិញ​ផ្ទះ ។ តែ​បន្ទាប់​មក ហ្សូលម៉ា​មាន​ដំណឹង​អាក្រក់​មួយ ។ ម៉ាក់​មិន​ចង់​ឲ្យ​នាង​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទេ ។ ម៉ាក់​បាន​និយាយ​ថា « កូន​ទើបតែ​អាយុ ១២ ឆ្នាំ » ។ « កូន​នៅក្មេង​ណាស់ » ។

ដោយសារ​អាល់បឺតូ​ចាស់​ជាង គាត់​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​បន្ត​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពីរបី​អាទិត្យ​ក្រោយមក គាត់​បានទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ហ្សូលម៉ា​បាន​បន្ត​សូម​ម៉ាក់​ម្ដងហើយ​ម្ដង​ទៀត ថាបើ​នាង​អាច​រៀន​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ដែរ​ឬ​ទេ ។ ទីបំផុត​ម៉ាក់​បានយល់ព្រម ។

ពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ហ្សូលម៉ា នាង​បាន​ទទួល​អារម្មណ៍​កក់ក្ដៅ​នៅក្នុង​ចិត្ត​នាង ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​មាន​ការលំបាក​ក្នុង​ការនិយាយ​ភាសា​អេស្ប៉ាញ ប៉ុន្តែ​វា​មិន​ជា​បញ្ហា​អ្វី​ទេ ។ អ្វី​ដែល​សំខាន់​គឺ​ថា​តើ​ហ្សូលម៉ា​មាន​អារម្មណ៍​ល្អ​យ៉ាង​ណា ។ ពេល​នាង​បានរៀន​អំពី យ៉ូសែប ស៊្មីធ និង​ព្រះគម្ពីរ​មរមន នាង​បានដឹង​ថា នាង​បាន​រកឃើញ​សេចក្ដីពិត​ដែល​នាង​កំពុង​ស្វែងរក !

ហ្សូលម៉ា​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។ ប៉ុន្តែ តើ​ម៉ាក់​នឹង​ថា​យ៉ាង​ណា ។ ហ្សូលម៉ា​រីករាយ​ណាស់​ពេល​ម៉ាក់​និយាយ​ថា​យល់ព្រម ! នៅថ្ងៃ​នៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​នាង ហ្សូលម៉ា​បាន​ស្លៀកពាក់​ពណ៌ស​ទាំងអស់ ។ នាង​បានដឹង​ថា ព្រះ​ស្រឡាញ់​នាង ។ នាង​បានដឹង​ថា ទ្រង់​ស្គាល់​នាង ។ ហើយ​នាង​បាន​ដឹង​ថា ទ្រង់​បានជួយ​នាង​ឲ្យ​រកឃើញ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ។

នេះ​ជា ហ្សូលម៉ា កាលពី​នៅ​ក្មេង ។ នៅខាង​ស្ដាំ ជា​រូបថត​របស់​នាង​ថ្ងៃ​នេះ ជាមួយ​ស្វាមី​នាង អែលឌើរ វ៉លធើរ អេហ្វ ហ្គន់ស្សាឡេស នៃ​ពួក​ចិតសិប​នាក់ ។

រចនារូបភាពដោយ ស្កត់ វ៉េកហ្វៀល