២០២០
ពួកគេ​មាន​ក្ដី​សង្ឃឹម​មួយ​អំពី​ការយាង​មក​របស់​ព្រះគ្រីស្ទ—ហើយ​យើង​អាច​មាន​ក្ដី​សង្ឃឹម​ផងដែរ
ខែ មេសា ឆ្នាំ ២០២០


ពួកគេ​មាន​ក្ដី​សង្ឃឹម​មួយ​អំពី​ការយាង​មក​របស់​ព្រះគ្រីស្ទ—ហើយ​យើង​អាច​មាន​ក្ដី​សង្ឃឹម​ផងដែរ

ពួកព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​បាន​មាន​ក្ដីសង្ឃឹម​ថា​ព្រះគ្រីស្ទ​នឹង​យាង​មក ។ ពេល​អាន​ពាក្យ​សម្ដី​របស់​ពួកលោក យើង​អាច​មាន​ក្ដីសង្ឃឹម​ដូចគ្នា​នោះ​សម្រាប់​ពេល​ដែល​ទ្រង់​យាង​មក​ម្តង​ទៀត​ ។

រូបភាព
Christ visiting the Americas

« ការយាងមកជួប » រូបគំនូរ​ដោយ ជរ័គី កូកូ សាន់​តាន​ហ្គេឡូ

តើ​មាន​ពាក្យ​អ្វី​ខ្លះ​ដែល​ចូល​ក្នុង​គំនិត​អ្នក ពេល​អ្នក​គិត​អំពី​ព្រះគម្ពីរ​មរមន ?

សាសន៍​នីហ្វៃ សាសន៍​លេមិន សាសន៍​ផ្សេង​ទៀត ?

សង្គ្រាម វាលរហោស្ថាន វេទនា ?

ការប្រែចិត្ត សេចក្ដីប្រោសលោះ សុចរិតភាព ?

ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ?

សេចក្តី​សង្ឃឹម ?

បុណ្យ​អ៊ីស្ទើរ​គឺជា​ពេលវេលា​ដ៏​ល្អ​ឥតខ្ចោះ ដើម្បី​សញ្ជឹង​គិត​ជា​ថ្មី​នូវសារដំណឹង​នៃ​ព្រះគម្ពីរ​មរមន ។ សំខាន់​បំផុត គឺ​សារដំណឹង​ដែល​ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ដោយសារ​ទ្រង់ យើង​អាច​បាន​សេរីភាព​ពី​ការឈឺចាប់​នៃ​រូបកាយ និង​ព្រលឹង ។ ពី​សេចក្ដី​ស្លាប់ និង​អំពើបាប ។ យើង​អាច​ឈ្នះ​គ្រប់​ការណ៍​អាក្រក់​ដែល​កើតឡើង​ចំពោះ​យើង​នៅក្នុង​លោកិយ​នេះ ។

និយាយ​ឲ្យ​សាមញ្ញ​ទៅ យើង​អាច​មាន​ក្ដីសង្ឃឹម ។

ក្ដីសង្ឃឹម—ក្ដីសង្ឃឹម​ដ៏​ពិត​គឺ​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ—បាន​បំផុស​ដល់​ពួកព្យាការី​ជំនាន់​ដើម​ឲ្យ​រក្សា​បញ្ជី​ទាំងឡាយ​នៅក្នុង​ផ្ទាំង​ចំណារ​មាស​ដែល​ក្លាយ​ជា​ព្រះគម្ពីរ​មរមន ។ យ៉ាកុប​ប្រាប់​យើង​ថា « ត្បិត​ព្រោះ​ដោយ​គោលបំណង​នេះ​ហើយ ដែល​យើង​បាន​សរសេរ​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​បាន​ដឹង​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​បាន​សង្ឃឹម​ដល់​សិរី​ល្អ​របស់​ទ្រង់​ជា​ច្រើន​រយ​ឆ្នាំ​មុន​ទ្រង់​យាង​មក​ម្ល៉េះ » ( យ៉ាកុប ៤:៤ ការគូស​បញ្ជាក់​ត្រូវបាន​បន្ថែម ) ។

យ៉ាកុប​ចង់​ឲ្យ​យើង​ដឹង​ថា លោក—និង​ពួកព្យាការី​ដែល​រក្សា​បញ្ជី​ផ្សេងៗ​ទៀត—​បាន​ដឹង​អំពី​ការយាង​មក​របស់​ព្រះគ្រីស្ទ ។ ជាច្រើន​រយ​ឆ្នាំ​ពីមុន​ទ្រង់​បាន​យាង​មក​ម៉្លេះ ! ហើយ​ពួកលោក​ត្រូវបាន​បំផុស​ឲ្យ​មាន​ក្ដីសង្ឃឹម​នោះ​ចេញពី​ពាក្យ​សម្ដី​របស់​ពួកព្យាការី ដែល​ពួកលោក​បាន​អាន ។ យ៉ាកុប​ពន្យល់​ថា « ហើយ​មិន​ត្រឹមតែ​ខ្លួន​យើង​បាន​សង្ឃឹម​ដល់​សិរី​ល្អ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ គឺ​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ក៏​បាន​សង្ឃឹម​មុន​យើង​មក​ដែរ។

« មើល​ចុះ ពួក​គេ​បាន​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ឯ​យើង​ក៏​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ដែរ ។…

« ហេតុ​ដូច្នោះ​ហើយ យើង​ពិចារណា​មើល​សេចក្ដី​ព្យាករ​នៃ​ពួក​ព្យាការី ហើយ​យើង​មាន​វិវរណៈ​ទាំង​ឡាយ និង​វិញ្ញាណ​នៃការ​ព្យាករ ហើយ​ដោយ​មាន​ទី​បន្ទាល់​អស់​ទាំង​នេះ ទើប​យើង​មាន​សេចក្ដី​សង្ឃឹម ហើយ​សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ » ( យ៉ាកុប ៤:៤–៦; សូមមើល នីហ្វៃទី១ ១៩:២១; យ៉ាកុប ៧:១១; ម៉ូសាយ ៣:១៣; ហេលេមិន ៨:១៦ ) ។

ក្ដីសង្ឃឹម​ដែល​ពួកលោក​បាន​ទទួល​ទាំង​ពី​បទពិសោធន៍​ផ្ទាល់​របស់​ពួកលោក​ផង និង​ពី​​ការព្យាករ​ដែល​ពួកលោក​បានអាន​នៅក្នុង​ព្រះគម្ពីរ​ផង បានរៀបចំ​ពួកលោក​សម្រាប់​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​យាង​មក ។ ដូចគ្នា​នេះ​ដែរ ពួកព្យាការី​សព្វថ្ងៃ​លើក​ទឹកចិត្ត​យើង​ឲ្យ​រៀបចំ​សម្រាប់​ពេល​ដែល​ព្រះគ្រីស្ទ​នឹង​យាង​មក​ម្ដង​ទៀត ។ ប្រសិនបើ​យើង​ត្រូវ​មាន​ក្ដីសង្ឃឹម​ដូច​គ្នា​នោះ​ដែរ នោះ​យើង​ក៏​ត្រូវតែ « ពិចារណា​មើល​សេចក្ដី​ព្យាករ​នៃ​ពួក​ព្យាការី ហើយ [ ព្យាយាម​ស្វែងរក ] វិវរណៈ​ទាំង​ឡាយ និង​វិញ្ញាណ​នៃការ​ព្យាករ »ផងដែរ ។ ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះយេស៊ូវគ្រីស្ទ​នឹង​មិនត្រឹម​តែ​ពង្រឹង​ទីបន្ទាល់​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​យើង​រៀបចំ​សម្រាប់​ការយាងមក​របស់​ទ្រង់​ផងដែរ ។

លីហៃ

« ហេតុ​ដូច្នោះ​ហើយ គឺជា​ការ​សំខាន់​បំផុត ដើម្បី​ធ្វើ​ឲ្យ​ការណ៍​ទាំង​នេះ​បាន​ដឹង​ដល់​បណ្ដាជន​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​ថា គ្មាន​សាច់ឈាម​ណា​អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ លើក​លែង​តែ​ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ ទ្រង់​បាន​ប្ដូរ​ជីវិត​របស់​ទ្រង់ ស្រប​តាម​សាច់ឈាម ហើយ​យក​មក​វិញ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ ដើម្បី​ទ្រង់​អាច​បណ្ដាល​ឲ្យ​មាន​ដំណើរ​រស់​ឡើងវិញ​ដល់​មនុស្ស​ស្លាប់ ដោយ​ទ្រង់​ជា​អ្នក​ទី​មួយ ដែល​ត្រូវ​បាន​ប្រោស​រស់​ឡើងវិញ » ។

នីហ្វៃ

« ហើយ​យើង​និយាយ​អំពី​ព្រះ​គ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ យើង​ព្យាករ​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​សរសេរ ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បានផ្ដាច់​បាប​របស់​ពួក​គេ » ។

ស្ដេច​បេនយ៉ាមីន

« ហើយ​ទ្រង់​នឹង​ត្រូវ​បាន​ហៅ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះ​រាជ​បុត្រា​នៃ​ព្រះ ។ …

« ហើយ​មើល​ន៏ ព្រះ​អង្គ​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​កូន​ចៅ​មនុស្ស ស្រប​តាម​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ … 

« ហើយ​ព្រះ​អង្គ​នឹង​មានព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ ។…

« ត្បិត​មើល​ចុះ ព្រះ​លោហិត​របស់​ទ្រង់​ក៏​នឹង​ធ្វើ​ឲ្យធួន​នឹង​បាប​នៃ​អស់​អ្នក​ណា​ដែល​ធ្លាក់ ដោយ​សារ​ការ​រំលង​របស់​លោក​អ័ដាម ហើយ​ស្លាប់​ទៅ​ដោយ​មិន​បាន​ដឹង​អំពី​ព្រះ​ហឫទ័យ​នៃ​ព្រះ​ចំពោះ​ពួក​គេ ឬ​ក៏​អស់​អ្នក​ណា​ដែល​មាន​បាប ដោយ​សារ​ឃភាព​ល្ងង់ខ្លៅ » ។

អាលម៉ា

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និងទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំង​ឡាយ ដែល​បាន​ចែង​ទុក​មក​ថា ទ្រង់​នឹង​លើកដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការ​ឈឺ​ចាប់ និង​ជំងឺ​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់។

« ហើយ​ទ្រង់​នឹង​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​សេចក្ដី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​នឹង​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺ​ចាប់​របស់​ពួក​គេ ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់ បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ។

អាមូលេក

« ឯ​ការ​បូជា​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់​នោះ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ មែន​ហើយ គឺ​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច ។

« ម្ល៉ោះ​ហើយ ទ្រង់​នឹង​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នេះ​គឺជា​គោលបំណង​នៃ​ការ​បូជា​ចុង​ក្រោយ​បង្អស់​នេះ​ឯង ដើម្បី​នាំ​មក​នូវ​ចិត្ត​ក្ដួល​មេត្តា​ដែល​មាន​អំណាច​លើ​សេចក្ដី​យុត្តិធម៌ ដើម្បី​នឹង​នាំ​មក​នូវ​មធ្យោបាយ​ទាំង​ឡាយ​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត ។

« ម្ល៉ោះ​ហើយ សេចក្ដី​មេត្តាករុណា​អាច​ធ្វើ​ឲ្យ​ស្កប់​ស្កល់​ដល់​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​ឱប​ក្រសោប​ពួក​គេ​នៅ​ក្នុង​ដៃ​នៃ​សេចក្ដី​សុខ នៅ​ពេល​ដែល​អ្នក​នោះ​ពុំ​អនុវត្ត​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត នោះ​ត្រូវ​លាតត្រដាង​នៅ​ក្នុង​ច្បាប់​ទាំង​មូល ចំពោះ​ការទាមទារ​នៃសេចក្ដី​យុត្តិធម៌ ហេតុ​ដូច្នេះ​ហើយ មាន​តែ​ដល់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ ចំពោះ​ការ​ប្រែ​ចិត្ត ទើប​នាំ​មក​នូវផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​មហិមា និង​អស់​កល្ប​ជានិច្ច​បាន » ។

រូបភាព
the Savior in Gethsemane

Gethsemane, by Jorge Cocco Santangelo

សាំយូអែល​ជា​សាសន៍​លេមិន

« ត្បិត​មើល​ចុះ ទ្រង់​ត្រូវ​តែ​សុគត​ជា​ប្រាកដ ដើម្បី​ឲ្យ​សេចក្ដី​សង្គ្រោះ​អាច​កើត​មាន​ឡើង មែន​ហើយ ការ​សុគត​នៃ​ទ្រង់ ជា​ការ​ចាំ​បាច់ ហើយ​ត្រឹម​ត្រូវ ដើម្បី​បណ្ដាល​ឲ្យ​មានដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ ដើម្បី​ដោយ​សារ​ការណ៍​នេះ មនុស្ស​អាច​បាន​នាំ​ទៅ​ឯ​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ។

« មែន​ហើយ មើល​ចុះ ការ​សុគត​នេះ​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ ហើយ​ប្រោស​លោះ​មនុស្ស​លោក​ទាំង​អស់​ពី​សេចក្ដី​ស្លាប់​ទី​មួយ — គឺ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ព្រោះ​មនុស្ស​លោក​ទាំង​អស់ ដោយ​មក​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម នោះ​បាន​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​ចាត់​ទុក​ថា ស្លាប់​ចំពោះ​អ្វីៗ​ខាង​សាច់ឈាម ព្រម​ទាំង​ចំពោះ​អ្វីៗ​ខាង​វិញ្ញាណ​ផង ។

« ប៉ុន្តែ​មើល​ចុះ ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រោស​លោះ​មនុស្ស​លោក មែន​ហើយ គឺ​មនុស្ស​លោក​ទាំង​អស់ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​កាន់​វត្ត​មាន​នៃ​ព្រះ​អម្ចាស់​វិញ » ។

រូបភាព
Christ with children

Blessing the Children, by Jorge Cocco Santangelo

មរមន

« ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ពួក​អយ្យកោ​របស់​អ្នក ហើយ​ប្រែ​ចិត្ត​ពី​អស់​ទាំង​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​អ្នក ហើយ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ថា​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​ពួក​សាសន៍​យូដា​ធ្វើ​គត ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វរបិតា នោះ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ហេតុ​នេះ​ហើយ ទ្រង់​មាន​ជ័យ​ជម្នះ​លើ​ផ្នូរ ហើយ​គឺ​នៅ​ក្នុង​ទ្រង់​ផង ដែល​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​បាន​លេប​ចូល ។

« ហើយ​ទ្រង់​បាន​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ ដោយ​ហេតុ​នេះ មនុស្ស​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ ដើម្បី​ឈរ​នៅ​ចំពោះ​វេទិកាជំនុំ​ជម្រះ​របស់​ទ្រង់ ។

« ហើយ​ទ្រង់​បាន​នាំ​មក​នូវ​សេចក្ដី​ប្រោស​លោះ​ដល់​ពិភពលោក ដោយ​ហេតុ​នេះ អ្នក​ណា​ដែល​ឃើញ​ថា ឥត​ទោស​នៅ​ចំពោះ​ទ្រង់​នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជម្រះ អ្នក​នោះ​ហើយ​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​នៅ​ក្នុង​នគរ​របស់​ទ្រង់ ដើម្បី​ច្រៀង​ដោយ​មិន​ឈប់​ឈរ ជាមួយ​នឹងក្រុម​ចម្រៀង​នៅ​ស្ថាន​លើ សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​ព្រះ​តែមួយ​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​សប្បាយរីករាយ ហើយ​គ្មាន​ទីបំផុត » ។